អ្នកគ្រូភូមិវិទ្យា (ភាគ២ចប់)
អ្នកទាំងបួនងើបឈរឡើងហើយចាប់ផ្ដើមស្វែងរកក្នុងផ្ទះបាយ, តាំងពីក្រោមតុ និងគន្លុកគន្លៀត។ ខ្ញុំពួនស្ងៀមនៅកន្លែងពួននេះ, ញ័រញាក់ដោយភិតភ័យខណៈខ្ញុំស្ដាប់ពួកគេហិតក្លឹនដូចសត្វ, ដើម្បីរកខ្ញុំ។
រំពេជនោះ, ទ្វារទូររបើកឡើងហើយខ្ញុំឃើញបុរសយាមទ្វារសាលានេះឈរនៅទីនេះ, ជុំវិញគឺប្រពន្ធទាំងបីរបស់គាត់។ គាត់ចំហរមាត់ហៀរទឹកមាត់កក្លាក់ឯភ្នែកសម្លឹងមកជើងទាំងគូររបស់ខ្ញុំ។
«សាច់ស្រស់!» គាត់ជំទាល់ខណៈដែលគាត់ទះទ្រូងខ្លួនឯងធ្វើដាច់ដាបដូចឆ្កែចចក។
«សាច់ស្រស់! សាច់ស្រស់!» ពួកនាងប្រពន្ធបន្ទរ។ ពួកគេសាទរដូចសត្វជ្រូក។
មនុស្សឃោរឃៅទាំងបួននាក់ទាញខ្ញុំចេញពីទូរហើយមើលមុខថ្លែរដោយសេចក្ដីស្រេកឃ្លានប្រៀបដូចជាសត្វឆ្កែដាច់បាយជាច្រើនខែមកអញ្ចឹង។
«ស្រស់បែបនេះ,» ស្ត្រីម្នាក់លាន់មាត់។ «បើបានឆាខ្ញីមិនដឹងឆ្ងាញ់យ៉ាងណា!»
ពីរបីនាក់ទៀតមកកៀកខ្ញុំហើយហឹតលិឍដៃខ្ញុំយ៉ាងគឃ្លើន។ ខ្ញុំព្យាយាមរើបម្រាស់ទាំងសង្ឃឹមដូចជាទៀនកណ្ដាលព្យុះភ្លៀង។
«រើណាស់តើ!» បុរសកំណាចនេះនិយាយ។ «យកកាំបិតម៉ោ! អារកសម្លាប់ផឹកឈាមឆៅ។»
និយាយរួច ប្រពន្ធគាត់រត់ទៅយកកាំបិតសស្ងាចមកឱ្យប្ដី ប្ដីទទួលកាំបិតហើយសើចយ៉ាងពឹសពុលមករកខ្ញុំរួចយារដៃបម្រុងកាប់បណ្ដាច់កខ្ញុំ។
ទាំងៗ...
សំឡេងមហិមារពីរដងធ្វើឱ្យហ៊ឹងត្រចៀកអ្នកទាំងពួងរកស្ដាប់អីមិនឮ។ ផ្សែងឈ្ងៀមពេញផ្ទះបាយដូចជាក្លឹនផាវ។ ប៉ូលីសបួននាក់ចូលមកឈូរឆរ កាំភ្លើងភ្ជង់ទៅនឹងក្បាលជនឧក្រឹដ្ឋទាំងបួន ឯខ្ញុំបានរួចជីវិតក៏រត់ទៅក្បែរប៉ូលីសស្រីម្នាក់ទាំងអំណរ។ ប៉ូលីសស្រីម្នាក់នោះស្ទាបទ្រូងខ្ញុំ ព្យាយាមសម្រួលខ្ញុំកុំឱ្យភ័យភិតតទៅទៀត ហើយងាកទៅរកប៉ូលីសប្រុសៗទាំងបីនាក់រួចស្រែកបញ្ជាយ៉ាងអំណាច, «បាញ់បំបែកក្បាលវាទៅ!»
ទាំងៗៗ...
ស្ថិតក្នុងភាពតក់ស្លុត, ខ្ញុំឃើញអ្នកគ្រូភូមិវិទ្យាទាំងបី និងប្ដីគាត់ដួលស្រឹបទៅលើឥដ្ឋការ៉ូ ឈាមហូរបាញ់ចេញពីក្បាល។
...
ខ្ញុំមកប៉ុស្ដិ៍ប៉ូលីសដើម្បីសួរចម្លើយស្រាយបំភ្លឺទាក់ទងនឹងពួកមនុស្សស៊ីសាច់មនុស្សនេះ ហើយខ្ញុំរ៉ាយរ៉ាប់ប្រាប់សេចក្ដីពិតតាមដំណើរដែលលើកមកពីវគ្គទី១។ ប៉ូលីសស្រីស្អាតចិត្តល្អម្នាក់នេះប្រាប់ខ្ញុំថា ក្រុមហ៊ុនដឹកប្រមូលសំរាមបានមកយកសំរាមនៅមុខផ្ទះគ្រូភូមិនោះ ដោយស្បោងសំរាមមានក្លឹនឈាមឆ្អាប ទើបបណ្ដាលចិត្តពួកគេឱ្យឆ្ងល់ បើកមើលក៏តក់ស្លុតជាខ្លាំងពេលឃើញគ្រឿងក្នុង សក់ និងសាច់មនុស្សទើបរាយការណ៍មកប៉ូលីស ក្រុមប៉ូលីសក៏ធ្វើអន្តរាគមន៍ភ្លាមៗ។
ពេលអ្វីៗប្រសើរហើយ, ខ្ញុំបម្រុងលាប៉ូលីសទាំងអស់ទៅផ្ទះវិញ តែត្រូវប៉ូលីសស្រីស្អាតម្នាក់នេះបង្អាក់ថាឱ្យទៅគេងផ្ទះគាត់មួយយប់ ដើម្បីធ្វើរបាយការណ៍កាន់តែលម្អិត កុំឱ្យពិបាកសួរនាំលើកក្រោយទៀត។ ខ្ញុំមិនប្រកែកក៏ងក់ក្បាលយល់ព្រម។
យើងទាំងពីរមកដល់ផ្ទះឈើបុរាណធំមួយដែលបងប៉ូលីសស្អាតម្នាក់នេះអះអាងថាជាផ្ទះគាត់។
អ្វីដែលខ្ញុំគិត មិននឹកស្មានដល់ឡើយ...
ក្នុងផ្ទះនេះមានបុរសម្នាក់ ទំនងជាប្ដីរបស់បងប៉ូលីស ចេញមករាក់ទាក់ភរិយា។ ពេលចូលដល់ក្នុងផ្ទះ បងប៉ូលីសនិយាយទៅប្ដីគាត់ថា, «ខ្ញុំបង្គាប់ឱ្យប៉ូលីសបាញ់សម្លាប់គ្រូភូមិភ្លោះបី និងប្ដីវា។»
ប្ដីគាត់ភ្ញាក់ផ្អើលណាស់ ហើយនិយាយទៅវិញ, «ហេតុអីអូនហ៊ានធ្វើបែបនេះ? យ៉ាងណាក៏គេជាបងប្អូនជីដូនមួយរបស់អូនដែរ។»
«ឱ្យវាស្លាប់ចុះ,» បងប៉ូលីសញញឹមលាក់គំនួចព្រមទាំងមើលមុខខ្ញុំមួយភ្លែត។ «ខ្ញុំទ្រាំវាមិនបានពេក។ ច្រើនដងហើយដែលវាបានសម្លាប់មនុស្សស៊ីសាច់។ ច្រើនដងហើយដែលវាបានសាច់ស្រស់ស៊ីមិនហៅខ្ញុំ។ ច្រើនដងហើយដែលវាស៊ីសាច់ក្មេងមិនចែកខ្ញុំ។ ពេលនេះប្លន់យកចំណីវាម្ដង។ បងសំលៀងកាំបិតហើយនៅ?»
«រួចរាល់ហើយ,» និយាយហើយជនទាំងពីរបង្ខំចាប់ទាញខ្ញុំចូលទៅក្នុងផ្ទះបាយព្រមទាំងយកកាំបិតដ៏មុតមកកាប់កញ្ចឹងកខ្ញុំបណ្ដាលឱ្យមានឈាមហូរជោគជាំ។ ខ្ញុំបានត្រឹមស្រែករហូតខ្សោយអស់សំឡេងដាច់ខ្យល់ស្លាប់ទៅ៕
ចប់
(សូមរង់ចាំអានរឿង ស្រមោលក្នុងអ័ព្ទនៅរាត្រីម៉ោង៨ស្អែកនេះ)
អ្នកគ្រូភូមិវិទ្យា (ភាគ២ចប់)
Reviewed by Unknown
on
8:00 PM
Rating: