>
  • ទំព័រដើម
  • រឿង សិស្សស្រីៗ


    ចាន់រីដែលជាស្រីក្រមុំឆ្នាស់ឆ្នើម តែគួរឱ្យរាប់រក, ដើរមកអង្គុយលើកៅអីមួយក្បែរខ្ញុំនៃអគារស្នាក់នៅជាន់ទី២របស់សិស្សនិស្សិត។

    «អេ!!! ហើយភ្លឹកនឹកអ្នកណាវ៉ើយ?» ចាន់រីម្នាក់នេះដើរមកចាក់ចង្កេះខ្ញុំឱ្យដាច់ពីការគិតដ៏វែងឆ្ងាយហូរហែរ។

    «មានគិតពីអី! នឹកផ្ទះនឹងណា!» ខ្ញុំតបទៅមិត្តរួមបន្ទប់ម្នាក់នេះវិញ។ «ចូលឆ្នាំខ្មែរក៏មិនដឹងជាបានទៅឬអត់ដែរ។» ខ្ញុំទម្លាក់ទឹកមុខទៅជាក្រៀមក្រំវិញ។

    «មិនគួរឱ្យជឿសោះ ធ្មេចបើកៗចូលឆ្នាំថ្មីបាត់,» នាងនិយាយយ៉ាងព្រងើយតាមចរិតធម្មជាតិ។ «សង្ឃឹមថាឆ្នាំថ្មីនេះ, អ្វីៗនឹងល្អជាងឆ្នាំមុន។»

    ខ្ញុំងក់ក្បាលស្របតាមតែមិនបានតបអ្វីទេ។ ដោយមិនចង់ឱ្យការសន្ទនាដាច់តែត្រឹមហ្នឹង, ចាន់រីក៏បន្ត៖

    «ហើយម៉េចមិននឹកផ្ទះសម្បែងទេអី?»

    «នឹកហួសពីនឹកទៅទៀត, នឹកម៉ែ នឹកពុក នឹកប្អូនៗ ថ្មើណេះមិនដឹងជាពួកគេកំពុងធ្វើអី សុខទុក្ខយ៉ាងណាទៅហើយទេ។» ខ្ញុំដកដង្ហើមធំជម្រុះទុក្ខដែលកប់ក្នុងចិត្តមិនព្រមទម្លាយចេញក្រៅ។ ពាក្យអ្នកផ្ទះនិយាយថា សុខសប្បាយហើយ មិនអីទេ ដូចជាមិនមានអ្វីឱ្យជឿជាក់សោះ។ ខ្ញុំងាកទៅចាន់រីវិញហើយនិយាយ។

    «គ្នាចង់ឆ្លៀតពេលចូលឆ្នាំនេះរកការងារក្រៅម៉ោងធ្វើ ក្រែងបានខ្លះអាចជួយសម្រាលបន្ទុកគ្រួសារដែរ។»

    «បើឯងអត់ទៅ គ្នាក៏អត់ទៅដែរ,» នាងតប។

    «ឯងកូនអ្នកមានទៅហើយទៅភ័យអី?» ខ្ញុំសួរបែបញញឹម។

    «ងាប់!!! ហើយបើគ្នាកូនអ្នកមាន មិនមែនមកនៅអន្តរោសម្រាប់អាហារូបករណ៍និស្សិតក្រីក្របែបនេះទេ។ ចេះតែនិយាយហ្មងឯងនេះ។ យើងរកការងារធ្វើជាមួយគ្នាល្អទេ?»

    «អ៊ឹម...តែចូលឆ្នាំចឹង បែបមិនមានកន្លែងណារកបុគ្គលិកទេមើលទៅ។»

    «កុំសូញសាញ ស៊ីសងនឹងដើររកតើ។» នាងញញឹមពព្រាយចេញសម្រស់ធម្មជាតិ។

    «ល្អ!» ខ្ញុំងក់ក្បាល។

    ព្រះអាទិត្យចាប់ផ្ដើមលិចចោលផែនពសុធាឱ្យងងឹតសូន្យសុង។ រាត្រីនៃទីក្រុងសៀមរាបនៅតែមានមនុស្សម្នាអ៊ូអរធ្វើដំណើរខ្វាត់ខ្វែងយ៉ាងមានសណ្ដាប់ធ្នាប់ ព្រោះអ្នកបរគ្រប់រូបសុទ្ធតែមានការប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍។ រាល់ពេលដែលភាពងងឹតគ្របដណ្ដប់បរិវេណសាលានេះ ជំនួសទៅដោយអំពូលភ្លើងអគ្គិសនីភ្លឺចិញ្ចាច សម្រាប់ជួយបំភ្លឺផ្លូវនិស្សិតធ្វើដំណើរ និងដើម្បីឱ្យនិស្សិតខ្លះបានអានសៀវភៅ ឬជជែកគ្នាមុនពេលចូលគេង តែពេលនេះវាបែរជាស្ងប់ស្ងាត់ យូរៗឃើញមានមនុស្សដើរកាត់ និងសំឡេងស្រែកហៅម្ដង។ បរិយាកាសបែបនេះអាចធ្វើឱ្យមនុស្សម្នាក់ដែលស្មុគស្មាញស្រាប់ កាន់តែមានអារម្មណ៍ស្រង៉េះស្រង៉ោចហើយធ្លាប់គិតទៅដល់ទុក្ខលំបាកផ្សេងៗដែលចេះតែបន្តមកជាហូរហែ។ ខ្យល់ត្រជាក់ធ្លាក់មកត្រសៀកៗធ្វើឱ្យរាងកាយនារីក្រមុំរងារសព្វប្រាណអង្គុយទៀតមិនបាន បែរកាយាដើរទៅបន្ទប់វិញ។

    «ធ្វើកិច្ចហើយទៅងូតទឹកទាំងអស់គ្នា!» ចាន់រីជាមិត្តរួមបន្ទប់បបួល។

    «អូខេ,» ខ្ញុំឆ្លើយទទួល។

    មួយសន្ទុះក្រោយ, យើងដើរទៅបន្ទប់ទឹកជាមួយគ្នា។ នៅទីនេះជាបន្ទប់ទឹករួមដ៏ធំ ចែកដាច់ឆ្ងាយពីបន្ទប់ទឹកបុរស ហើយនេះអាចត្រឹមតែងូតទឹកប៉ុណ្ណោះ។ តាមឥដ្ឋការ៉ូ និងជញ្ជាំងដាបពណ៌ដានក្រហមខ្មៅដែលមិនសូវមានអនាម័យបែបនេះជាធម្មតាទៅហើយសម្រាប់អ្នកនៅទីនេះ តែបើជាអ្នកស័ក្ដិយសអភិជន ប្រាកដជាមិនហ៊ានឈានជើងចូលបរិវេណកន្លែងងូតទឹកនេះទេ។ ជារឿយៗ, យប់ស្ងាត់ គូសង្សារច្រើនតែមករួមភេទនៅទីនេះ, ខ្ញុំទាន់ច្រើនដងមកហើយ គ្រាន់តែមិនដែលរាយការណ៍ប្រាប់គ្រូ ព្រោះខ្ញុំចង់នៅតែសុខប៉ុណ្ណោះ។

    នៅទីនេះ, ពេលនេះ រាល់ដងធ្លាប់តែអ៊ូអរតែបែរជាស្ងាត់ដោយសិស្សស្រីភាគច្រើននាំគ្នាទៅស្រុកអស់។ ខ្ញុំ និងចាន់រីងូតទឹកតាមទម្លាប់។ ស្រាប់តែ...

    ភ្លឹប...

    អំពូលបន្ទប់ទឹកទាំងមូលដាច់អស់ បន្សល់ឱ្យយើងឈរក្នុងសភាពងងឹតសូន្យសុង។ ខ្ញុំខ្លាច។ ពួកយើងនាំគ្នាស្រែកខ្លាំងៗ។ កន្លងមក, ធ្លាប់មានសិស្សស្រីម្នាក់បានបាត់ខ្លួននៅទីនេះ ដែលអ្នកឃើញនាងចុងក្រោយបង្អស់បានអះអាងថាឃើញនាងដើរមកបន្ទប់ទឹកនេះអ្ហែង ហើយក៏បាត់រហូតមកដល់ឥឡូវ។ ខ្ញុំគិតថាខ្ញុំដឹងខ្លះៗពីនាង តែខ្ញុំមិននិយាយ។

    «ងងឹតស្អីពេលនេះទៅវិញ?» ចាន់រីស្រែក។

    «កុំមាត់អី, អាប៉ិគ្រប់គ្រងភ្លើងប្រហែលស្មានថាបន្ទប់ទឹកអត់មានមនុស្សហើយ បានវាបិទចឹង។ ហើយណាវាយប់ជ្រៅហើយ។»

    យើងរាវរកស្លៀកពាក់ចងពុំដើរចេញមកវិញ។ តែ... នៅមាត់ច្រកចេញ… ដូចរាល់ដងដែរ ឱ្យតែមានអ្វីដែលមិនសូវស្រួល…

    បើក្រៅពីខ្ញុំ ហាក់ដូចជាគ្មាននរណាដឹង ឬឃើញ ឬក៏ស្រម៉ៃដល់អ្វីម្យ៉ាងនោះឡើយ។ ខ្ញុំសម្លឹងមើលខណៈដែលចាន់រីដើរក្បែរមាត់ច្រកចេញដោយមិនបានដឹងឡើយថានរណាម្នាក់កំពុងឈរក្បែរទ្វារនោះ។… នរណាម្នាក់ដែលខ្ញុំប្រហែលជាស្គាល់... តែមិនមែនទេ។

    ...

    យើងទាំងពីរដើរពីផ្សារត្រឡប់មកបន្ទប់វិញនៅល្ងាចមួយ។ ខណៈដើរតាមផ្លូវ, យើងឃើញមានស្លាកក្រដាសផ្សព្វផ្សាយជ្រើសរើសបុគ្គលិកនៃក្រុមហ៊ុនវិទ្យុឯកជនមួយកន្លែងដែលដាក់ភ្ជាប់នឹងបង្គោលភ្លើង។

    «ការងារក្រៅម៉ោង ស្ថានីយវិទ្យុ ថបសេវិន ជ្រើសរើសបុគ្គលិកភេទស្រី២នាក់ មានជំនាញនិយាយ សម្ដីពីរោះ ធ្វើការពីម៉ោង៧យប់ដល់ម៉ោង៩យប់។»

    «យី! គួរឱ្យចាប់អារម្មណ៍!» ចាន់រី និងខ្ញុំលាន់មាត់ព្រមគ្នាពេលអានក្រដាសផ្សព្វផ្សាយនោះចប់។

    «គេជ្រើសអ្នកនិយាយពីរោះនឹង? សំឡេងយើងទាំងពីរវាស្រដៀងក្របីរោទិ៍ទៅហើយ ដាក់ពាក្យក៏មិនជាប់ដែរ។» ខ្ញុំនិយាយទាំងអស់សង្ឃឹម។

    «សាកសិនមើល! គ្នាគិតថាសំឡេងយើងមានទៅអន់អី! ពីរោះល្មម ហើយក៏ពូកែនិយាយសម្ដីវោហាហូរហែ លែងអីដែលគេមិនពិចារណាយកយើងនោះ? ហើយការងារនេះក៏សង្ស័យមិនសូវមានអ្នកដាក់ពាក្យដែរ។»

    ខ្ញុំញញឹមងក់ក្បាលជំនួសការឆ្លើយតប។ ឃើញខ្ញុំមិនមាត់ នាងក៏និយាយបន្ត, «ប្រាក់ខែប៉ុន្មានមិនសំខាន់ទេ ធ្វើពិធីករវិទ្យុសប្បាយហើយសោះនឹងមិនខាតពេលអត់ប្រយោជន៍ផង។»

    «អឹម! ខ្ញុំយល់ស្រប។»

    នៅច្រកចូលអគារសាលា, ក្មេងប្រុសម្នាក់ស្លៀកពាក់ខោអាវប្រឡាក់ចាស់ រហែកខ្លះៗកំពុងអង្គុយដោយមានដាក់ផ្តិលនៅមុខវាបង្ហាញឱ្យដឹងយ៉ាងងាយថា វាជាអ្នកសុំទាន។

    គួរឱ្យអាណិតអ្វីម៉្លេះទេ…តែត្រូវតែចឹងទៅហើយ…



    យើងទាំងពីរទទួលបានការទាក់ទងទៅធ្វើការនៅវិទ្យុថបសេវិននោះ។ ទីតាំងស្ថានីយ៍គឺនៅម្ដុំផ្លូវចូលជ្រៅដាច់ឆ្ងាយពីប្រជុំជន, និយាយចំគឺនៅក្បែរកន្លែងវាលចាក់សំរាម។

    ខ្លោងទ្វារចូលមានដាក់ផ្លាកធំៗ ស្ថានីយ៍វិទ្យុកម្សាន្ត ថបសេវិន យ៉ាងចាស់គំរឹលប្រឡាក់ដីស្ទើរមើលអក្សរមិនដាច់។

    «ហើយឡើងចឹង!?» ចាន់រីលាន់មាត់។ «ម៉េចក៏ទ្រុធទ្រោមម៉្លេះ!?»

    «នៅក្បែរទីលានមហាសាគរសំរាមទៀត ធ្វើការកើតឬអត់ទេវ៉ី។»

    «ទៅ! ប៉ុណ្ណេះមិនជាបញ្ហាទេ កើតមកជាកូនអ្នកក្រ ត្រូវចេះអត់ទ្រាំនឹងភាពលំបាកចឹងហើយ។» នាងនិយាយលួងខណៈដើរចូលមកក្នុងការិយាល័យដែលបើកទ្វារចោល។

    «ឬឯងមិនពេញចិត្តធ្វើការទេ!?» នាងសួរព្រមទាំងមើលមុខខ្ញុំ។

    «ពេញចិត្តតើ!» ខ្ញុំតបទាំងមានអារម្មណ៍ថាក្លឹនឆ្អាបឆួលស្ទើរបែកក្អួតបានសាយភាយមកប៉ះច្រមុះ។ ក្លឹនឆ្អាបដូចជាត្រីឥតស្រកា… ឬដូចជា…

    «មកអង្គុយសិនមក!» ចាន់រីបបួលអង្គុយលើសាឡុងទទួលភ្ញៀវ រង់ចាំ។ នៅទីនេះ យើងអត់មានឃើញមនុស្សទេ តែដរាបណាទ្វារបើកចំហរ មនុស្សត្រូវតែមាន។

    “វិទ្យុថបសេវិន ទទួលស្វាគមន៍ និងបម្រើអារម្មណ៍ប្រិយមិត្តតាមកម្មវិធីកម្សាន្តនានាយ៉ាងសម្បូរបែប។”

    សំឡេងល្វើយតិចបំផុតបន្លឺឡើង។ ជាសំឡេងចេញពីបន្ទប់បិទជិតមួយដែលខាងក្រៅមានស្នាមប្រេះ សំបុកពីងពាង ធូលីកខ្វក់ និងធំក្លឹនឆ្អាប។

    «អរ! គេកំពុងផ្សាយផ្ទាល់ទេតើ!» ខ្ញុំលាន់មាត់។ មួយភ្លែតក្រោយការអង្គុយចាំដ៏ធុញទ្រាន់ និងគ្មានផាសុកភាព, យើងទាំងពីរក៏សម្រេចថាត្រឡប់ទៅវិញ តែគ្រាន់តែងើបពីសាឡុងភ្លាម, សំឡេងកំណាចបែបកាចឆ្នាស់ក៏បន្លឺឡើង។

    «មករកស្អី!?»

    ស្ត្រីអាយុប្រហែល៣០ឆ្នាំ ស្លៀកពាក់បែបឈុតធ្វើការការិយាល័យ ឈរក្បែរទ្វារបន្ទប់មួយផ្សេងទៀត, កំពុងសម្លក់មកយើងទាំងពីរ។

    «ឮសួរឬទេ ថាមករកស្អី!?»

    «ចាស ជំរាបសួរ យើងមកតាមការណាត់ឱ្យមកជួបធ្វើការជាពិធីករវិទ្យុ។» ចាន់រីឆ្លើយបែបទន់ភ្លន់។ កន្លងមក, នាងមិនងាយនឹងសម្របខ្លួនជាមួយមនុស្សដែលមានសម្ដីកោងកាចក្រអឺតក្រទមឡើយ។

    «អ្នកណាណាត់ពួកនាងឯងមក?»

    «គឺប្រធានដំណើរការវិទ្យុ,» ខ្ញុំឆ្លើយបែបមិនសូវទ្រ។ «គាត់ថាឈ្មោះ ឌីគ្រឹស្ទៀន ប៉េសាល់!»

    នារីនោះសម្លក់សម្លឹងមួយសន្ទុះ ទើបនិយាយតប, «ពួកនាងឯងស្រវឹងហើយទៅផ្ទះទៅ គ្មានគ្រឹស្ទៀនគ្រឹស្ទួយស្អីនៅទីនេះទេ! ហើយជននោះណាត់នាងមកក្នុងបំណងអ្វី!? ទាក់ទងគ្នាដោយរបៀបណាដំបូងបំផុត?»

    ចាន់រីតបយ៉ាងលឿនទៅវិញ។ «អត់ស្រវឹងស្អីទេ! ខ្ញុំមកជាន់ទីនេះដោយមានការទាក់ទងពីបុរសម្នាក់ដែលអះអាងថាជាប្រធានវិទ្យុនេះ ហើយគាត់ណាត់មកនិយាយការងារក្រោយដែលការដាក់ពាក្យរបស់យើងទាំងពីរបានជោគជ័យ។» ម្ដងនេះនាងលែងទន់ភ្លន់ដូចមុនហើយ ហើយបើតាមខ្ញុំស្មានមើល, ជម្លោះពាក្យសម្ដីនឹងកើតមានឆាប់ៗនេះ។

    «ចេញឱ្យឆ្ងាយភ្លាមទៅ!» ឮបែបនេះយើងក៏ដើរចេញយឺតៗយ៉ាងហួសចិត្ត។ នារីនោះនិយាយតិចៗម្នាក់ឯងក្រោយខ្នងយើង។ «កំពុងតែដាច់លុយផង…»។

    ខ្ញុំស្រាប់តែមានអារម្មណ៍សោកសៅ គិតថាខ្លួនឯងបានធ្វើអ្វីម្យ៉ាងដែលខុស។ ខ្ញុំឈប់ដើរ ហាក់ដូចជុំវិញខ្លួនខ្ញុំគឺជាវាលរហោដ្ឋានដាច់ស្រយ៉ាលដ៏ឯកា។ ខ្ញុំគ្មានចិត្តខឹងស្ត្រីសម្ដីអាក្រក់នោះបន្តិចសោះ។ មានអ្វីម្យ៉ាងទាក់ទងនឹងជនដែលខ្ញុំមិនធ្លាប់ស្គាល់ម្នាក់នេះ។ អ្វីម្យ៉ាងដែលមិនគួរនឹងដឹង។ ចាន់រីទហស្មាខ្ញុំតិចៗដាស់អារម្មណ៍។

    «តោះ! យើងទៅវិញ។»

    យើងដើរត្រឡប់មកផ្ទះវិញយ៉ាងស្ងៀមស្ងាត់។ ក្នុងរយៈពេលខ្លី, យើងញញឹមញញែមធម្មតាវិញ ល្ងាចព្រលប់ធ្វើម្ហូបដាំបាយញ៉ាំហើយបម្រុងចូលដេក។ ថ្ងៃនេះខ្ញុំចង់ចូលដេកលឿនខុសពីធម្មតា។ ខ្ញុំចូលដេកលក់យ៉ាងស្កប់ស្កល់។

    សំឡេងដាស់ខ្ញុំតិចៗបន្លឺឡើង។ ចាន់រីកំពុងកេះខ្ញុំឱ្យភ្ញាក់ដោយហៅឈ្មោះខ្ញុំផង។

    «ហើយមានការអី?» ខ្ញុំតបទាំងមិនទាន់ស្វាងងងុយ។

    «លោកឌីគ្រឹស្ទៀនបានទាក់ទងមកខ្ញុំម៉ិញនឹង។»

    «គាត់តេមកមែនទេ? ហើយតេមកធ្វើអី?» ខ្ញុំសួរខណៈដែលងើបអង្គុយ។

    «គាត់ថាឱ្យយើងទៅស្ថានីយវិទ្យុឥឡូវនេះ។ គឺទៅធ្វើការផ្សាយបន្តផ្ទាល់តែម្ដង។» នាងនិយាយទាំងញញឹមអរ។

    ខ្ញុំមើលមុខចាន់រីទាំងគ្មានអារម្មណ៍ភ្ញាក់ផ្អើល។ «ហើយនៅមានការទុកចិត្តគាត់ទៀតហ្អី?  ក្រែងថ្ងៃម៉ិញទៅហើយតើ ស្ត្រីនោះថាអត់មានរើសបុគ្គលិកអីផង។»

    «មិនដឹងទេ តែគាត់និយាយយ៉ាងប្រាកដប្រជា។» ឃើញខ្ញុំមិនតប នាងក៏បន្ត, «ទៅម្ដងទៀត លើកនេះបើថាមិនបានការទេ ឈប់ទៅជាន់កម្លែងនឹងទៀត អូខេ?»

    ខ្ញុំងក់ក្បាលជំនួសចម្លើយព្រម។ បន្ទាប់ពីសិតសក់ រៀបរយរួចហើយយើងក៏ធ្វើដំណើរដោយថ្មើជើងទៅទីតាំងស្ថានីយវិទ្យុថបសេវិននោះ។ នៅតាមផ្លូវ, យើងទាំងពីរជជែកគ្នាពីនេះពីនោះ ហើយគ្មានអារម្មណ៍ខ្លាចព្រឺក្រែងអ្វីសោះ តែពេលដើរកាច់ចូលមកច្រកផ្លូវតូចក៏ចាប់ផ្ដើមមានអារម្មណ៍ចម្លែកៗម្យ៉ាងដែលមិនអាចពន្យល់បាន។ ក្លិនសំរាមលែងរំខានខ្ញុំទៀតហើយ។ ក្លិនឆ្អាបឆ្អេះស្អុយក៏លែងជាបញ្ហា។ ស្នាមប្រេះដែលបង្ហាញលើជញ្ជាំងកខ្វក់ដាមដោយធូលីដីក៏ហាក់ដូចជាគួរឱ្យខ្លាចជាងមុន។ យើងចូលមកក្នុងបន្ទប់ទទួលភ្ញៀវដ៏ស្ងប់ស្ងាត់នេះ។ សំឡេងទារកយំស្រែក សំឡេងក្ដុងក្ដាំងប្រេវប្រាវដូចបែកអំបែងក៏បន្លឺឡើងចេញពីក្នុងបន្ទប់បិទជិតដែលមិនអាចឃើញថាមានអ្វីកំពុងកើតឡើង។ ទារកនោះយំដូចជានរណាកំពុងប្រើអំពើព្រៃផ្សៃដាក់វា។

    តើវាជាស្អីទៅ? ខ្ញុំគួរប្រញាប់ទៅផ្ទះវិញឬនៅរង់ចាំលោកឌឹគ្រឹស្ទៀនចេញមកទទួល? ពន្លឺអំពូលភ្លឺតិចៗពេកហើយ។...

    (សូមរង់ចាំអានភាគ២ជាភាគបន្ត)


    រឿង សិស្សស្រីៗ រឿង សិស្សស្រីៗ Reviewed by Unknown on 3:15 PM Rating: 5
    Loading...
    Powered by Blogger.