>
  • ទំព័រដើម
  • ឃាតករក្លែងកាយ

     

    ...អ្នកភូមិស្រុករោមអ៊ូអ៊ែជុំជិត និយាយគ្នារចេចរចូចបង្កើតជាសំលេងលាន់ទ្រហឹងនៅកណ្ដាលវាលស្រែ។ នេះជាសាកសពសិស្សទីពីរហើយដែលត្រូវរងគ្រោះយ៉ាងអនោចអធ័ម។

    «មិនមែនរន្ទះបាញ់ទេដឹង?មើលទៅបែបមិនសម។» ប៉ូលីសម្នាក់និយាយដោយទាញសាកសពឱ្យផ្ងារឡើង។ វាជាសាកសពក្មេងប្រុសដែលមានស្បែកខ្លោចខ្មៅដូចជាត្រូវបានដុតរោលរាប់រយអង្សារ ដៃជើងក្រញ៉ិងក្រញ៉ង់ សក់ឆេះខ្ទេចអស់ ផ្ទៃមុខដាច់រលួយមិនគួរឱ្យចង់មើលសោះ។ ជនណាដែលបានឃើញសភាពសាកសពដ៏អនោចអធ័មនេះកាលណា តែងតែខ្ទប់មាត់រកក្អួត ខ្លះរលីងរលោងទឹកភ្នែក ខ្លះភិតភ័យញាប់ញ័រព្រោះស្មារតីខ្សោយ ព្រោះសពមានធ្លាយពោះវៀនខ្លោចចេញមកក្រៅគួរឱ្យអានិត។ ស្ត្រីជាម្ដាយជនរងគ្រោះយំសោកបោកប្រាណប្រឹងអង្រួនរាងកាយឥតវិញ្ញាណថ្វីបើដឹងថា ទោះត្រូវអង្រួនយ៉ាងណាក៏កូននេះមិនងើបមកវិញដែរ ព្រោះគេទៅហើយ ទៅគ្មានថ្ងៃវិលវិញនឹងនឹកស្រណោះនូវសម្រែកយំស្រែកដ៏សោកសៅរបស់អ្នកម្ដាយឡើយ។ 

    «កូនខ្ញុំក៏តៃហោងកូនខ្សឿនក៏តៃហោង តើភូមិយើងមានខុសអីទៅទើបបានជាបែបនេះ ឱ ឱ្យចប់ត្រឹមកូនខ្ញុំ និងខ្សឿននេះចុះ។» ស្ត្រីជាម្ដាយជនរងគ្រោះទីមួយរ៉ាយរ៉ាប់ទាំងទឹកភ្នែករលីងរលោងព្រមទាំងលើកបួងដៃសំពះមេឃ។ កូនស្រីរបស់គាត់ទើបតែទាក់ កនឹងលួសដែកស្លាប់ថ្មីៗ ឥឡូវដល់វេនកូនមីងសឿនម្ដង។ អ្នកភូមិអន្លង់ជ្រោះនេះជឿរឿងរ៉ាវអបិយជំនឿអាគមមន្តអាបខ្មោចព្រាយស៊ុបតែម្ដង។ បន្ទាប់ពីប៉ូលីសភូមិឃុំធ្វើកោសល្យវិច្ឆ័យហើយ គាត់បានអះអាងថា ជនរងគ្រោះត្រូវបានឃាតកសម្លាប់រួចដុត មិនមែនរន្ទះបាញ់ទេ។ ការណ៍នេះធ្វើឱ្យអ្នកភូមិជាច្រើនខ្សឹបខ្សៀវនិយាយដើម រិះគន់ប៉ូលីសលាន់ថាសំលេងរន្ទះបាញ់ឡើងរង្គើរភូមិ បែរទៅនិយាយថាមានឃាតកដុតសម្លាប់ទៅវិញ ចំជាផ្ដាសមែនពួកអាប៉ូលីសចម្កួត។ កំលោះសង្ហារម្នាក់ពាក់អាវធំខ្មៅចូលទៅវែកហ្វូងមនុស្សដើម្បីឱ្យឃើញថាគេកំពុងតែរោមមើលអ្វី។ គ្រាន់តែក្រលេកឆាច់គាត់ដឹងបាត់ទៅហើយថាសាកសពនេះត្រូវជនល្មើសច្របាច់កសម្លាប់រួចចាក់សាំងដុត ដើម្បីបង្វែងដានប៉ូលីសថាជារន្ទះបាញ់។ 

    «ឃាតកនៅល្ងង់ណាស់ បង្វែងប៉ុណ្ណេះស្មានតែប៉ូលីសល្ងង់ហើយមើលទៅ!» នាយកំលោះស៊ើបក្ដីល្បីឈ្មោះទ្រេតទៅខ្សឹបដាក់ត្រចៀកអ្នកគ្រូក្រមុំដ៏សែនស្រស់ស្អាត ទាំងសម្រស់ទាំងចរិយា។ នាងងាកចេញបន្តិចរបៀបអឹមអៀនព្រោះនាយកំលោះលោរមកក្បែរនាងពេកណាស់។ ទឹកមុខនាងក្រៀមក្រំមានទឹកភ្នែកតិចៗ ព្រោះអ្នកណាក៏ដឹងដែរថាក្មេងដែលស្លាប់នេះជាសិស្សពូកែជាងគេ ជាសិស្សជំនិតជាងគេរបស់អ្នកគ្រូ។ នាងក្រលេកទៅឆ្ងាយហើយខ្សឹបទៅកាន់កំលោះយើងវិញ។

    «បើអ្នកសម្លាប់នេះឆ្លាត គាត់ក៏មិនធ្វើរឿងអមនុស្សអញ្ចឹងដែរ មើលចុះក្មេងនេះវាជាក្មេងដឹងខុសដឹងត្រូវ សុភាពរាបសារ ចេះរមទម្យរាក់ទាក់ តែមិនគួរសោះ ហេតុអីក៏ជួបរឿងបែបនេះទៅវិញ ណ្ហើយសូមបញ្ចប់តែត្រឹមនេះទៅចុះ កុំឱ្យមានអ្នកទីបី»។ អ្នកគ្រូក្រមុំលើកដៃសំពះដល់រុក្ខទេវតារក្សាភូមិនេះឱ្យជួយថែររក្សាប្រជាជន។ នាងបែរភ័ក្រមកអ្នកកំលោះវិញហើយសួរដោយខ្សឹកខ្សួល។ «ចុះរឿងក្ដីមុន ប៉ូលីសសម្រេចថាជារឿងឃាតកម្ម ឬជារឿងគ្រោះថ្នាក់ចៃដន្យ?»

    «តាមការពិនិត្យ និងធ្វើកោសល្យវិច្ឆ័យបណ្ដោះអាសន្ន ប៉ូលីសបានសម្រេចសន្និដ្ឋានថានេះជាករណីគ្រោះថ្នាក់ដោយខ្លួនឯងសិន តែការពិតនៅពីក្រោយរឿងនេះ នៅកំពុងស្ថិតក្រោមការស៊ើបអង្គេតនៅឡើយ។» ប៉ូលីសកម្លោះនីនត្រូវជាមិត្តនឹងអ្នកស៊ើបក្ដីលូកមាត់ចូលឆ្លើយដោយភាពជឿជាក់ជាទីបំផុត។

    «ចុះលោកគិតថានែក...អូលាសិនហើយ ខ្ញុំប្រញ៉ាប់ទៅធ្វើម្ហូប» នាងប្រុងតែសួរអ្វីមួយតែមានគំនិតមួយមកគ្របលើសំនួរនេះ។

    «ឈប់សិនសាណា!» បុរសស៊ើបក្ដីចាប់ដៃនាងជាប់ខណៈប៉ូលីសនីនចូលទៅជិតកន្លែងកើតហេតុ។ «សាណាមានសង្ស័យអ្នកណាក្នុងភូមិនេះទេ?» 

    អ្នកគ្រូនៅទ្រឹងមួយសន្ទុះហើយញញឹមបន្តិចទាំងមានទុក្ខអួលណែនក្នុងទ្រូង។

    «ចាំខ្ញុំប្រាប់ធានីឱ្យជួយរឿងនេះ នាងជាមេធាវីល្បីឈ្នះក្ដីច្រើប នាងប្រហែលជាអាចជួយលោកបាន»។

    «ក្ដីច្រើបនឹងមានន័យថាម៉េចអ្នកគ្រូស្អាត?» នាយយើងហ៊ាននិយាយលែបខាយ និងផ្ទួនពាក្យដែលនិយាយខុសទៀត ធ្វើឱ្យអ្នកគ្រូខឹងតិចៗតែនៅខំកាន់កិរិយាជាស្ត្រីក្រមុំរួសរាយ។ នាងញញឹមបន្តិចគ្រាន់តែរំសាយទឹកភ្នែក ហើយដើរចេញ។

    «នែក...ឈប់សិន...ខ្ញុំសុំលេខសាណាមួយបានទេ?»

    «យីស...ខូចម៉្លេះកូននេះ ស្គាល់គ្នាពីម្សឹលសោះមកសុំលេខគេ»។ នាងនិយាយឌឺដងទាំងញញឹមតិចៗឃើញហើយធ្វើឱ្យអ្នកប្រុសថ្លៃសែនក្នន់ក្នាញ់ជាពុនពេក។

    «កុំយល់ច្រលំអីណា ខ្ញុំគ្រាន់តែចង់ទាក់ទងពេលមានការសំខាន់»។

    «ចាស នេះលេខទូរស័ព្ទខ្ញុំ (នាងហៅលេខ) ខ្ញុំរីករាយនឹងជួយរឿងក្ដីឃាតកម្មនេះជានិច្ច»

    «អេ មិុចក៏អ្នកគ្រូដឹងថាវាជាឃាតកម្ម?»

    «ក្រែងលោកជាអ្នកប្រាប់ខ្ញុំទេតើ យីចំមែន!»។ អ្នកស៊ើបអង្គេតរឿងឃាតកម្មកំលោះសម្លឹងមើលដំនើរពីក្រោយដ៏ល្វត់ល្វម់មិនចាញ់អ្នកទីក្រុង ត្រាតែនាងដើរឆ្ងាយផុតពីភ្នែកមើលលែងឃើញ។ គាត់ និងក្រុមប៉ូលីសបានមកដល់ប៉ុស្តិ៍ និងពិភាក្សាពីរឿងនេះ។

    ល្ងាចម៉ោង៧ ក្រោយចេញពីរៀនគួរអង់គ្លេសនៅផ្ទះអ្នកគ្រូសាណាហើយ ក្មេងៗទាំងអស់ចេញទៅផ្ទះរៀងៗខ្លួន។ សៀនទម្លាប់យឺតយ៉ាវទៅផ្ទះក្រោយគេរហូត។ ផ្ទះនាងនៅឆ្ងាយពីផ្ទះអ្នកផង រាល់ពេលចេញពីរៀន នាងត្រូវជិះកង់ទៅផ្ទះជាមួយមិត្តនាងម្នាក់ តែចង្រៃថ្ងៃនេះមិត្តនាងម្នាក់នោះមិនបានមក។

    «សៀន! ដានីមិនមករៀនទេឯងទុកកង់ផ្ទះអ្នកគ្រូសិនហើយ ចាំអ្នកគ្រូឌុបម៉ូតូជូនឯងទៅ ហើយស្អែកឯងជិះកង់មកជាមួយដានីចុះ»

    «ចា អ្នកគ្រូ»។

    ម៉ូតូ010ជិះចូលផ្លូវស្ងាត់ងងឹតមួយ។ ក្រោយដាក់សិស្សនាងចុះហើយ សាណាជិះចេញមកវិញតែម្នាក់ឯង។...


    នាយកំលោះស៊ើបការ រតនៈជិះម៉ូតូចេញពីផ្ទះតម្រង់ទៅផ្ទះអ្នកគ្រូសាណាបំណងនិយាយពីរឿងឃាតកម្មនេះឱ្យបានក្បោះក្បាយជាងមុន ព្រោះពីម្សិលហាក់ដូចជាប្រញាប់ប្រញាល់ខ្លាំងពេក។ មកដល់ផ្ទះនាង នាយមិនហ៊ានចូលក៏ដើររេរាខាងមុខរបងហើយត្រូវមេធាវីធានីដែលនៅផ្ទះជាមួយសាណាឃើញ។ នាងហៅសួរតាមសុជីវធម៌ទទួលភ្ញៀវ។

    «បងរតនៈមែនទេ?មករកអ្នកណាទាំងយប់ហ្នឹង?»

    «មករកធានីហ្នឹងណា ហើយចុះសាណានៅទេ?បងចង់ជួបបន្តិច។»

    «មករកខ្ញុំតែចង់ជួបសាណាទៅវិញ រឿងបន្ទាន់ទេ?» នាងនិយាយទាំងញញឹម។

    «បងចង់ជួបទាំងពីរនាក់ហ្នឹង ទាក់ទងនឹងរឿងក្ដីរន្ទះបាញ់សិស្ស។»

    «ចាំស្អែកសឹមមកបានទេ? ពេលនេះយប់ហើយហ្នឹង! ហើយសាណារវល់ជូនសិស្សម្នាក់ទៅផ្ទះ» 

    នាងមិនចង់ឱ្យភ្ញៀវប្រុសចូលផ្ទះទាំងយប់ខ្លាចមិនសមភ្នែកអ្នកជិតខាង ព្រោះកើតជាស្ត្រីខ្មែរតោងប្រកាន់ទំនៀមទម្លាប់ខ្មែរ។ រតនៈយល់ក៏លាទៅវិញ។

    «ចឹងបងទៅវិញហើយ ស្អែកព្រឹកជាថ្ងៃអាទិត្យ បងនឹងមកពិភាក្សារឿងនេះម្ដងទៀត»។ នាងប្រុងនឹងឆ្លើយទៅវិញស្រាប់តែមានទូរស័ព្ទមួយខលមក។ រតនៈវិះតែនឹងជិះទៅវិញហើយក៏ត្រូវធានីឃាត់ដំនើរ។

    «បងរតនៈ ឈប់សិន!»

    «មានការអី ម៉េចស្លន់ស្លោរចឹង?» រតនៈសួរដោយការបារម្ភពិតៗ។

    «ប៉ូលីសឈឿនតេមកថាសាណាត្រូវឃាតកវាយសន្លប់»

    «មែនហ្អី?ឥឡូវយ៉ាងម៉េចហើយ?»

    «ខ្ញុំអត់ដឹងទេ បងជូនខ្ញុំទៅបន្តិច ទៅអណ្ដូងឬស្សី ក្បែរនេះទេបង» ។ ជនទាំងពីរជិះចេញពីទីនេះសម្ដៅទៅកន្លែងកើតហេតុដោយចិត្តតក់ក្រហល់។


    មកដល់កន្លែងកើតហេតុដ៏ងងឹត ឃើញតែពីពន្លឺនៃពិល និងពិលទូរស័ព្ទបន្តិចបន្តួច មានវត្តមានអ្នកស្រុកបួនដប់នាក់និយាយគ្នារចេចរចូចតាមមារយាទអ្នកភូមិ។ សាណាដេកសន្លប់មិនដឹងអីក្បែរម៉ូតូដែលដួលលើដី ហើយត្រូវធានីអង្រួន។

    «សាណាត្រូវឃាតកវ៉ៃក្បាល ប្រញ៉ាប់នាំទៅពេទ្យភូមិទៅ»។

    «ឈប់សិន!!! កូនខ្ញុំបាត់ហើយ ជួយផងលោក កូនខ្ញុំបាត់ហើយ»។ មីងម្នាក់រត់ចូលមកទាំងឆ្លេឆ្លាដូចមានអាសន្ន។

    «សៀនបាត់ខ្លួនឬមីង?» ធានីឧទានផ្ទួន។

    «វាបាត់ហើយ វាមិនដែលទៅណាយប់ស្មើណេះទេ!» គាត់និយាយផងយំផង។

    «ក្រែងធានីប្រាប់ខ្ញុំថាសាណាជូនសៀនមកផ្ទះ» រតនៈតប។ «ចឹងមានន័យថាឃាតកបានចាប់កូនមីងទៅបាត់ហើយ លោកប៉ូលីសត្រូវអន្តរាគមន៍រឿងនេះ វាមិនទាន់ទៅណាឆ្ងាយទេ។» 

    ធានីសម្លឹងមើលទៅមុខរតនៈដោយពេញចិត្ត។ ជនទាំងពីរប្រញ៉ាប់នាំជនរងគ្រោះទៅពេទ្យ។ អស់ពេលមួយសន្ទុះធំ សាណាបានដឹងខ្លួន។ នាងមើលជុំវិញឃើញតែរតនៈក៏សួរ៖

    «លោកជាអ្នកជូនខ្ញុំមកមែនទេ? ចុះធានីទៅណាហើយ?»

    «បាទខ្ញុំ និងធានីជូនអ្នកគ្រូមក ហើយ...ធានីទៅទិញរបស់ញ៉ាំមួយភ្លែត អ្នកគ្រូយ៉ាងម៉េចហើយ?» នាយសួរសុខទុក្ខអ្នកគ្រូស្រស់ដែលជាប់ទៅដោយស៊ឺរ៉ូមរតេយរតាយ។ សាណាមានកម្លាំងញញឹមតិចៗ។

    «ចាស ខ្ញុំនេះមិនអីទេ អរគុណខ្លាំងណាស់ រំខានហើយ លោកទៅវិញចុះ ចាំទូរស័ព្ទហៅធានីមកថែរ»

    «មិនអីទេ ខ្ញុំរីករាយនឹងជួយ ព្រោះរឿងនេះទាក់ទងនឹងការងារខ្ញុំដែរ»។

    អ្នកគ្រូស្រស់ចោលភ្នែកទៅជញ្ជាំងបិតការ៉ូដ៏ចាស់បែកប្រេះ និងក្លិនថ្នាំពេទ្យធំឆួលស្ទើរបែកក្អួតម្ដងៗ។

    «លោកមាន...»

    «ឈប់សិន! កុំហៅខ្ញុំថាលោក ហៅឈ្មោះខ្ញុំបណ្ដោយទៅ»

    «ចាស រតនៈក៏កុំហៅខ្ញុំថាអ្នកគ្រូទៀត ហៅឈ្មោះខ្ញុំក៏បានដែរ»។

    «សាណា! អំបាញ់ម៉ិញមានអីចង់សួរខ្ញុំមែនទេ?»

    «ចាសមាន គឺចង់សួរថាខាងប៉ូលីសមានតម្រុយខ្លះៗពីឃាតកហើយឬនៅ?»

    «ប៉ូលីសមិនទាន់កំនត់អត្តសញ្ញាណឃាតកបានទេ តែមានវត្ថុតាងខ្លះៗហើយ ខ្ញុំនឹងស៊ើបរឿងក្ដីនេះ រកយុត្តិធម៌ឱ្យអ្នកស្លាប់ទាំងពីរ ហើយ សៀន និងសាណាឱ្យបាន»។

    «សៀនយ៉ាងម៉េចហើយរតនៈ?»

    «នាង...» និយាយមិនទាន់អស់ផងស្រាប់តែមានលេខមួយខលមកអ្នកស៊ើបអង្គេតសម័យវ័យ២៥ឆ្នាំ។ «អាឡូលោកនាយ!»

    “អាឡូ រតនៈ! ក្មេងស្រីដែលម្ដាយគេមកប្ដឹងថាបាត់ខ្លួននោះរកឃើញហើយ នៅក្នុងចំការចេកតាងួន” សំលេងក្នងទូរស័ព្ទស្រែកតបខ្លាំងៗល្មមអាចឮចេញមកក្រៅបានប្រសិនបើព្យាយាមផ្ទៀងស្ដាប់។

    «រកឃើញហើយហ្អី?» រតនៈផ្ទួនពាក្យ ធ្វើឱ្យសាណាដឹងថាគាត់កំពុងនិយាយពីអ្នកណា។ នាងញញឹមដោយអំណរបង្ហាញស្នាមញញឹមស្រស់មិនអាចបំភ្លេចបាន ទៅកាន់កំលោះសង្ហារ។ ខាងខ្សែទូរស័ព្ទបន្ត ៖

    «រកឃើញហើយ តែគួរឱ្យស្ដាយ ក្មេងនេះបានក្លាយជាសាកសពបាត់ទៅ។»

    «ស្លាប់ហើយ?» រតនៈភ្លាត់មាត់ធ្វើឱ្យស្នាមញញឹមសាណារលាយទៅវិញ។

    «បាទមែនហើយ» ចុងទូរស័ព្ទតប។ «ពេលនេះយើងបានឃាត់ខ្លួនពូជ័យ ដែលយើងបានរកឃើញថាគាត់មានវត្តមាននៅកន្លែងកើតហេតុតែម្នាក់ឯង ខណៈដែលយើងទើបតែទៅដល់ទីនោះ។»

    ----------------

    ពូជ័យជាបុរសមាឌធំស្រវឹងប៉ោឡែដោយទឹកត្នោតជូររាល់ៗថ្ងៃ ពេលនេះត្រូវប៉ូលីសឃាត់ខ្លួនសាកសួរសំនួរជាច្រើន តែគាត់ប្រកែកថាគាត់មិនបានសម្លាប់ក្មេងៗទាំងនោះទេ។

    «ខ្ញុំពិតជាមិនបានដឹងរឿងសម្លាប់ស្អីទេ»

    «ចុះលោកពូនៅទីនោះធ្វើអី?ទីកើតហេតុហ្នឹងជាចំការតាងួន មិនមែនចំការពូជ័យឯងឯណា»

    «ឱ្យតែមកពីផឹក ខ្ញុំដើរកាត់ទីនោះតែសព្វដងហ្នឹង!» កំឡុងពេលសួរចម្លើយ អ្នកគ្រូសាណាបានទៅដល់ទីនោះដែរ ដោយមានសឺុរ៉ូមជាប់ដៃនៅឡើយ។

    «ដោះលែងពូជ័យទៅ គាត់មិនមែនជាឃាតកទេ។»

    «អ្នកគ្រូសម្អាងអីបានជាហ៊ានអះអាងថាតាជ័យមិនមែនជាឃាតក?» ប៉ូលីសកន្ធាត់ម្នាក់ចោតសួរអ្នកជំងឺ។

    «ព្រោះពេលហ្នឹងខ្ញុំបានឌុបកុមារីនោះចុះផ្លូវទៅផ្ទះរបស់នាង។ តែមិនទាន់ដល់ផ្ទះនាងផងស្រាប់តែមានបុរសម្នាក់អាយុប្រហែល២០ឆ្នាំរត់ចេញពីគម្ពោធព្រៃហើយវ៉ៃខ្ញុំពីក្រោយនឹងដំបងឈើមួយ ពេលនោះម៉ូតូខ្ញុំដួល ខ្ញុំក៏សន្លប់ មិនដឹងអីទៀតទេ សរុបទៅខ្ញុំហ៊ានធានាថាពូជ័យមិនមែនជាឃាតកទេ»។ ស្ដាប់សម្ដីអ្នកគ្រូស្រុកស្រែហើយ លោកអធិការរូបនេះសម្លឹងមុខអ្នកគ្រូដោយមិនទុកចិត្ត។

    «រួចចុះអ្នកគ្រូចំនាំមុខជនល្មើសនោះបានទេ?»

    «ចាស ខ្ញុំចាំមិនបានទេ ព្រោះមិនបានឃើញមុខផង។»

    «បើមិនបានឃើញមុខ ម៉េចក៏អ្នកគ្រូដឹងថាជនល្មើសអាយុប្រហែល២០ឆ្នាំ?»

    «ខ្ញុំឃើញតាមកញ្ចក់ម៉ូតូ!» អ្នកគ្រូឆ្លើយយ៉ាងលះគ្មានស្ទាក់ស្ទើរ។

    ------------------

    (សូមរង់ចាំអានភាគបន្តនៅរាត្រីម៉ោង៨ស្អែកនេះ)
    ឃាតករក្លែងកាយ ឃាតករក្លែងកាយ Reviewed by Unknown on 8:50 PM Rating: 5
    Loading...
    Powered by Blogger.