មូលហេតុដ៏គួរឱ្យខ្លាចនៃការលាក់មុខរបស់ Troll Khmer Tinfy
ប្រិយមិត្តជាច្រើន ជាពិសេសយុវវ័យប្រាកដជាធ្លាប់ស្គាល់ហើយពីទំព័រទំនាក់ទំនងពេញនិយម Facebook Troll Khmer Tinfy ដែលតែងបង្ហោះរូបភាព និងវីដេអូបញ្ចូលសំឡេងសំណើច ចេតនាចង់បង្កភាពសប្បាយរីករាយដល់ប្រិយមិត្តគ្រប់វ័យគ្រប់ថ្នាក់។ នៅពីក្រោយទំព័រនេះដូចដែលយើងធ្លាប់ដឹង គឺមានអ្នកកាន់ទំព័របង្កើតកំប្លែង (Troller) ពីរនាក់គឺ ទិនហ្វី និងទិនហ្វីលូ។ ជារឿយៗគាត់ក៏ធ្លាប់បង្ហោះរូបភាពរបស់គាត់ជាមួយនឹងម៉ាសមុខខ្មៅសផងដែរ ដែលទាក់ទាញបេះដូងនារីៗ និងខ្ទើយៗជាច្រើននាក់ឱ្យលង់នឹងពួកគាត់។ ប៉ុន្តែមានចម្ងល់ជាច្រើនសួរដដែលៗថាមូលហេតុអ្វីបានជាជនទាំងពីរមិនដែលបញ្ចេញមុខសោះ។
តើមូលហេតុអ្វីទៅបណ្ដាលឱ្យជីវិតអ្នកទាំងពីរស្ថិតក្នុងម៉ាសមុខពណ៌សខ្មៅ?
នារីលក់ពងទាកូនតាមចិញ្ចើមផ្លូវម្នាក់សុំមិនបញ្ចេញឈ្មោះ បានទម្លាយមូលហេតុទាំងស្រុងនៃអាថ៌កំបាំងពីក្រោយការលាក់មុខនេះថា កាលពីដើមខែមករាឆ្នាំ២០១១ លោក ទិហ្វីបានមានទំនងស្នេហាយ៉ាងលាក់លៀមជាមួយកូនស្រីឧកញ៉ាថ្នាក់ខ្ពស់ម្នាក់ ហើយប្រាថ្នាបានជាប្ដីប្រពន្ធ។ ប៉ុន្តែការប្រាថ្នារបស់លោកមិនបានសម្រេចឡើយ ដោយមានការបែកធ្លាយហើយត្រូវលោកឧកញ៉ាម្នាក់នោះចាប់ខ្លួនលោកមកវាយដំច្រំធាក់ជាដំណំ។ លោកបានបោះពាក្យទៅឧកញ៉ានោះថា អាទំពែកធ្វើឱ្យលោកឧកញ៉ាកាន់តែផ្ទុះកំហឹងធ្វេឡើង ក៏យកក្រែមលាបមាត់ពណ៌ក្រហមមកគូសវៀសមុខលោកទិនហ្វីបណ្ដាលឱ្យប្រឡាក់ពេញមុខ។ លោកឧកញ៉ាយកទឹកដូងមកជះលើមុខលោកទិនហ្វី លោកទិនហ្វីព្យាយាមរកល្បិចរត់គេចរហូតរួចខ្លួនហើយមកលាក់ខ្លួនពួនអាត្មានៅផ្ទះបវរកញ្ញាពិភពលោកម្នាក់ឈ្មោះសយ។ សយជាស្រីស្អាតពិតមែនតែនាងមិនដែលរើសអើងប្រកាន់ឋានៈអ្វីឡើយ នាងបានព្យាបាលរបួសឱ្យលោកទិនហ្វីព្រមទាំងជូតសម្អាតរាងកាយលោកទិនហ្វីទៀតផង។ ពេលងូតទឹកស្អាតបាតហើយ បវរកញ្ញាសយឃើញថា លោកទិនហ្វីពិតជាមានមុខមាត់រូបរាងសង្ហារខ្លាំងណាស់ នាងក៏ចូលទៅជិតហើយនិយាយថា លោកពិតជាសមជាទេវបុត្រក្នុងក្ដីស្រមៃរបស់ខ្ញុំមែន។ លោកទិនហ្វីរំភើបខ្លាំងមែនទែន ទើបតបទៅវិញទាំងរដាក់រដុបថា ខ្ញុំក៏លួចស្រឡាញ់អ្នកនាងដែរ។ ត្រង់នេះហើយដែលធ្វើឱ្យកញ្ញាសយខឹងឆួល ព្រោះមនុស្សដែលខ្លួនស្រឡាញ់បែរជាហៅនាងថា អ្នកនាង។ នាងទះកំភ្លៀងមួយដៃហើយជេរប្រទេចផ្ដាសាយ៉ាងដំណំ។ តែក្រោយមកនាងគិតថាកំហុសប៉ុណ្ណេះមិនគួរណាប្រកាន់ទោសពៃអ្វីឡើយ ទើបប្រាប់ទៅកម្លោះទិនហ្វីថា កុំហៅខ្ញុំថាអ្នកនាងអី ហៅខ្ញុំថាកញ្ញាសយបានហើយចា។
និយាយដល់ត្រឹមនេះ មានអ្នកមកទិញពងទាកូន អ្នកលក់ពងទាកូនម្នាក់នេះក៏ផ្អាកការនិយាយមួយសន្ទុះរួចបន្តថា ក្រោយមកអ្នកទាំងពីររស់នៅដោយភាពសុខដុមរមនាក្នុងផ្ទះដ៏ស្គឹមស្កៃ ហើយស្រាប់តែមានថ្ងៃមួយ លោកហ្វីលូ ដែលជាស្វាមីរបស់កញ្ញាសយ បានចូលមកក្នុងផ្ទះកញ្ញាសយ ស្រាប់តែឃើញកញ្ញាសយ និងលោកទិនហ្វីកំពុងតែនិយាយផ្អែមល្ហែមដាក់គ្នាក៏ចេញទៅវិញទាំងទឹកភ្នែក។ លោកហ្វីលូខូចចិត្តណាស់ មិនគួរណាភរិយារបស់ខ្លួនហ៊ានក្បត់ចិត្តខ្លួនទៅស្រឡាញ់អ្នកផ្សេងសោះ។ រឿងរ៉ាវគឺចប់ត្រឹមប៉ុណ្ណឹងឯង។
ខាងយើងខ្ញុំក៏សួរទៅអ្នកលក់ពងទាកូនថា តើរឿងដែលរៀបរាប់ខាងលើមានទាក់ទងអីជាមួយនឹងការលាក់មុខទៅ? អ្នកលក់ពងទាកូននិយាយថា ខ្ញុំមិនដឹងទេ ខ្ញុំរវល់លក់ណាស់ឈប់សួរខ្ញុំទៅ។ ថាហើយក៏ដេញក្រុមការងារយើងចេញអស់ទៅ។
ទន្ទឹមនឹងព័ត៌មាននេះយើងខ្ញុំក៏បានទាក់ទងទៅលោកទិនហ្វី និងទិនហ្វីលូភ្លាមៗ អ្នកទាំងពីរក៏ប្រាប់ថា ការលើកឡើងខាងលើមិនពិតនោះទេ តាមពិតទៅពួកយើងបិទមុខព្រោះធ្លាប់ទៅញ៉ាំពងទាកូនតូបស្ត្រីម្នាក់ហ្នឹងហើយរត់គេចមិនឲ្យលុយថ្លៃពងទាកូន ទើបបិទមុខខ្លាចគាត់រកមុខឃើញ។ ហើយប្រហែលជាគាត់ខឹងនឹងយើងដែលបោកស៊ីពងទាកូនគាត់ហើយបានជាគាត់ប្រឌិតព័ត៌មានផ្ដេសផ្ដាសបែបនេះ៕
មូលហេតុដ៏គួរឱ្យខ្លាចនៃការលាក់មុខរបស់ Troll Khmer Tinfy
Reviewed by Unknown
on
11:14 AM
Rating: