ម្ដាយឆ្គួត
មាននារីម្នាក់ឈ្មោះទីតា បានលង់ស្រលាញ់បុរសសង្ហាម្នាក់ហើយ, បន្ទាប់ពីពួកគេរៀបការរួច, ពួកគេបានសង់ផ្ទះនៅជើងភ្នំ។
ពួកគេនៅជាមួយគ្នាយ៉ាងមានសុភមង្គលអស់ជាច្រើនឆ្នាំហើយក្រោយមក, ទីតាក៏មានផ្ទៃពោះ។ មិនយូរទេ, សង្គ្រាមដណ្ដើមឯករាជ្យបានផ្ទះឡើង ហើយស្វាមីរបស់ទីតាត្រូវតម្រូវឱ្យចូលរួមកងទ័ពក្នុងសង្គ្រាមនោះ។ ពេលគាត់ចេញទៅ, គាត់បានថើបប្រពន្ធគាត់ហើយលាទាំងអាឡោះអាឡ័យ និងសន្យាត្រលប់មកវិញពេលចប់សង្គ្រាម។
ពេលវេលាកន្លងទៅយ៉ាងឆាប់រហ័ស, ទីតាសម្រាលបានកូនប្រុសម្នាក់។ នាងទន្ធឹងរង់ចាំការវិលត្រលប់របស់ប្ដី, តែសង្គ្រាមដូចជាមិនចេះចប់ទាល់តែសោះ។ ច្រើនឆ្នាំកន្លងទៅ, សង្គ្រាមក៏បញ្ចប់, កូនប្រុសរបស់ទីតាមានអាយុ១១ឆ្នាំ។ គ្រប់គ្នាតែងនិយាយថាកូននោះមានមុខមាត់កាត់ទៅប៉ាវាខ្លាំងណាស់។ ទីតាមើលថែរកូនប្រុសនាងយ៉ាងល្អបំផុត, តែនាងដាច់លុយជាញឹក។
ប្ដីជាទីស្រលាញ់របស់នាងនៅតែមិនត្រលប់មកវិញ ហើយទីតាតែងយំសោករៀងរាល់ល្ងាច។ ពេលវេលាកន្លងទៅ, នាងចាប់ផ្ដើមអស់សង្ឃឹម។ ពួកគេគ្មានលុយសោះ ហើយស្ថានភាពពេលនេះយ៉ាប់យ៉ឺនខ្លាំងណាស់។ នាងជាញឹកញាប់ដើម្បីឱ្យកូនប្រុសបានហូបឆ្អែត នាងសុខចិត្តមិនហូប។
ក្រោយមក, ក្រោមជំងឺផ្លូវចិត្ត និងភាពឯការ, ទីតាចាប់ផ្ដើមកើតរោគចិត្ត។ នាងនៅតែរង់ចាំប្ដីនាងវិលវិញ ហើយមិនព្រមទទួលថាប្ដីនាងស្លាប់ឡើយ។ ការស្រមើស្រម៉ៃរបស់នាងមានកាន់តែខ្លាំង ហើយនាងក្លាយជាមនុស្សវិកលចរិត។ នារីកម្សតលនេះប្រាកដក្នុងចិត្តថាប្ដីនាងបានបោះបង់នាង និងកូនចោល ហើយរត់ទៅនៅជាមួយស្រីថ្មី។ វាជាហេតុផលតែមួយគត់សម្រាប់អវត្តមានរបស់គាត់។
ទីតាចាប់ផ្ដើមស្រម៉ៃឃើញប្ដីនាងដើរកាត់តាមផ្លូវ ឬមើលតាមបង្អួចពួកគេនៅពេលយប់។ ដោយអាការៈឆ្គួតរបស់នាងកាន់តែខ្លាំងពេក, ការស្អប់ទៅលើប្ដីនាងមានកាន់តែខ្លាំងឡើងៗបន្តិចម្ដងៗ។
ថ្ងៃមួយ, កូនប្រុសនាងត្រលប់មកផ្ទះពីសាលារៀនហើយនិយាយថា, «សួស្ដី, កូនត្រលប់មកវិញហើយម៉ាក់!»
ទីតារត់ចេញពីបន្ទប់ដេករបស់នាង, ភ្នែកនាងពោរពេញទៅដោយកំហឹង។
កូនប្រុសនាងមើលទៅកាន់នាងដោយមិនយល់។
«ម៉េចក៏ម៉ាក់សម្លឹងមកខ្ញុំដោយក្រសែភ្នែកបែបនេះ?» គាត់សួរ។
ទីតាមិនឆ្លើយ។ អ្វីដែលនាងធ្វើគឺសម្លក់ទៅកាន់គាត់ដោយទឹកភ្នែក។
ទីបំផុត, នាងស្រែកឡើង, «ហេតុអីក៏ឯងធ្វើបែបនេះមកខ្ញុំ? ខ្ញុំរង់ចាំឯងទីនេះរាល់ថ្ងៃរាល់ខែឆ្នាំ, រង់ចាំសង្ឃឹមថាឯងនឹងត្រលប់មកវិញ។ ឥឡូវមីប្រពន្ធចុងរត់ចោលឯងមែនទេ ទើបឯងវិលក្បាលមករកខ្ញុំ? ខ្ញុំមិនទទួលយកឯងទៀតទេ! ងាប់ទៅ ងាប់ទៅ ងាប់ទៅ!»
ទីតាមានកំហឹងឆ្គួតឡប់។ មុនពេលដែលកូនប្រុសនាងមានឱកាសរត់គេច, នាងទាញកាំបិតបាំងតោធំមួយហើយកាប់ចំពោះកូនប្រុសនាង។ នាងស្រែកដោយកំហឹង ហើយកាប់គាត់ម្ដងហើយម្ដងទៀត។ ជញ្ជាំងនៃផ្ទះតូចនេះប្រឡាក់ជោគដោយឈាមបាចសាច ហើយពេលនោះនាងភ្ញាក់ខ្លួនឡើងវិញ។
ជាមួយដង្ហើមចុងក្រោយរបស់គាត់, កូនប្រុសនោះស្រែកថា, «ម៉ាក់ឆ្គួតហើយ! ហេតុអីបានជាម៉ាក់ធ្វើបែបនេះ? ខ្ញុំបានធ្វើអីម៉ាក់ទៅ? ខ្ញុំស្រឡាញ់ម៉ាក់!»
ពេលនាងត្រលប់ដឹងខ្លួនឡើងវិញ, ទីតាឃើញរាងកាយឥតវិញ្ញាណនៃកូនប្រុសនាងនៅនឹងរនាប, នាងលុតជង្គង់ស្រែកយំ។
«ពុទ្ធោអើយ!» នាងស្រែកយំបោកប្រាណ។ «អ្នកមិនមែនជាប្ដីខ្ញុំទេ! អ្នកជាកូនប្រុសខ្ញុំ!»
ដោយគិតថាខ្លាចជាប់ទោស, ទីតាសម្រេចចិត្តលាក់បាំងឃាតកម្មនេះ ហើយកប់កូនប្រុសគាត់ក្រោយផ្ទះ។
តែ, អ្នកជិតខាងម្នាក់បានឃើញនាងចេញទៅជាមួយនឹងដៃ និងមុខប្រឡាក់សុទ្ធតែឈាម។ ដោយភាពឆ្គួតឡប់របស់នាង, ទីតាដាក់សពកូនប្រុសនាងលើដីហើយជីកផ្នូរដោយអ្នកជិតខាងនោះឃើញយ៉ាងពេញភ្នែក។
អ្នកជិតខាងនោះរត់តាមភូមិហើយស្រែក, «ទីតាគឺជាឃាតក! នាងសម្លាប់កូនរបស់នាងផ្ទាល់ដើម្បីកុំឱ្យអស់លុយចិញ្ចឹម!»
អ្នកភូមិទាំងហ្វូងចាប់ផ្ដើមស្រែកទៅកាន់ម្ដាយឆ្គួតម្នាក់នេះ។
«ខ្ញុំគ្មានខុសអីទេ!» ទីតាស្រែក។ «គាត់ជាអ្នកធ្វើវា! គាត់ក្បត់ចិត្តខ្ញុំ!»
ហ្វូងមនុស្សស្រែកឡើង «ឃាតករ!ឃាតករ!» បន្ទាប់មក, ពួកគេរើសដុំថ្មហើយចាប់គប់ទៅលើទីតាន។ ទីតានស្រែកយំដោយឈឺចាប់ហើយដួលទៅលើដី។
«ខ្ញុំមិនខុសទេ!» នាងស្រែក។ «ខ្ញុំមិនខុសទេ!»
ឆាប់ៗនោះ, នាងក៏ខ្សោយទៅៗហើយដេកស្លាប់ក្នុងថ្លុកឈាម។ អ្វីៗស្ងប់ស្ងាត់ឡើងវិញ ហើយប្រុសៗមួយចំនួនយកសពទីតាទៅលើកំពូលភ្នំ។ នៅទីនោះ, ពួកគេបានជីករណ្ដៅជ្រៅមួយ, ហើយបោះនាងចូលរួចកប់ដីព្រមទាំងដាក់ផ្លាកព្រលឹងថ្មមួយពីលើផ្នូរ។ កូនប្រុសជាទីស្រឡាញ់របស់នាងត្រូវអ្នកភូមិចាត់ចែងធ្វើបុណ្យឱ្យ, ហើយសពគាត់ត្រូវគេបញ្ចុះនៅវាលកប់ខ្មោចដ៏ប្រពៃមួយក្បែរភូមិ។
ពួកគេនិយាយថា, ចាប់តាំងពីថ្ងៃនោះមក, ខ្មោចទីតាមិនបានទៅចាប់ជាតិឡើយ។ សូម្បីាេសព្វថ្ងៃនេះ, ច្រើនឆ្នាំកន្លងមកហើយពីហេតុការណ៍អាក្រក់នោះ, គេនិយាយថានាងតែងចេញមកដើរតាមភ្នំចុះទៅវាលកប់ខ្មោចហើយស្រែកយំរកកូន។
ផ្នូរនាងគឺនៅលើភ្នំសៀរ៉ាម៉ាដឺរេនៃប្រទេសម៉ិចសិចកូ, ក្បែរអូរតូចមួយ។ គេនិយាយថាបើអ្នកទៅលេងទីនោះ, អ្នកត្រូវយកដុំថ្មគប់ផ្នូររបស់នាង, ព្រោះបើមិនចឹងទេ, ពេលអ្នកដើរកាត់ផ្នូរនោះ, ខ្មោចនាងនឹងគប់អ្នករហូតដល់ស្លាប់៕
ចប់
ម្ដាយឆ្គួត
Reviewed by Unknown
on
8:00 PM
Rating: