បុរសរោគចិត្ត
សួស្ដី, ខ្ញុំឈ្មោះសាណា ហើយខាងក្រោមនេះគឺជារឿងពិតដែលបានកើតឡើងលើខ្ញុំ។ វាចាប់ផ្ដើមពេលដែលខ្ញុំមានអាយុ១៣ឆ្នាំ។ ដូចជាក្មេងស្រីអាយុប៉ុនខ្ញុំដ៏ទៃដែរ, ខ្ញុំទៅរៀន, ខ្ញុំធ្វើកិច្ចការផ្ទះ, ខ្ញុំលេងកីឡា ហើយដើរលេងខាងក្រៅជាមួយមិត្តភក្ដិ។ ខ្ញុំគឺរីករាយ និសេរីភាព, គ្មានខ្វល់អ្វីឡើយ។
ផ្ទះដែលជាប់នឹងផ្ទះយើងនេះគឺទុកចោលអស់ជាច្រើនខែ, តែក្រោយមក, មានអ្នកជិតខាងថ្មីម្នាក់មករស់នៅផ្ទះនេះ។ គាត់មកលេងផ្ទះយើងហើយនិយាយលេងជាមួយម៉ាក់ខ្ញុំ ហើយគាត់ដូចជាបុរសល្អម្នាក់។ គាត់ប្រាប់ថាគាត់ឈ្មោះបឿន។ គាត់មានអាយុ៣៥ឆ្នាំហើយ, តែគាត់មិនរៀបការ មិនមានប្រពន្ធកូនឡើយ។
គាត់ជាមនុស្សល្អហើយមិនសូវចេះនិយាយច្រើនទេ។ ពេលខ្លះគាត់ជួយធ្វើការក្នុងផ្ទះយើងទៀតផង។ ពេលដែលប៉ាខ្ញុំមិននៅ, មានការងារច្រើនណាស់ក្នុងផ្ទះដែលត្រូវជួសជុល ដូច្នេះម៉ាក់ខ្ញុំត្រូវសុំជំនួយពីគាត់។
គាត់ជួយយើងច្រើនណាស់។ មានពេលខ្លះ, គាត់មកនិយាយលេងជាមួយខ្ញុំទៀតផង។ ខ្ញុំគិតថាគាត់កំប្លែងណាស់ និយាយគួរឱ្យចាប់អារម្មណ៍។
ខ្ញុំបាត់ភួយ មិនដឹងជាទៅទីណា នៅសុខៗក៏បាត់ទៅដូចជាចម្លែកណាស់។
បន្ទាប់មក, ព្រឹកមួយ, គឺមុនពេលដែលខ្ញុំចេញពីរៀន, ម៉ាក់ខ្ញុំបានផ្ដាំខ្ញុំថា «ម៉ាក់មិនចង់ឱ្យកូននិយាយជាមួយបឿនទៀតទេ។ បើកូនឃើញគាត់នៅខាងក្រៅពេលម៉ាក់មិននៅផ្ទះ, ម៉ាក់ចង់ឱ្យកូនចូលក្នុងផ្ទះហើយចាក់សោរ។»
ពេលខ្ញុំសួរម៉ាក់ថាមូលហេតុអី, គាត់អត់ឆ្លើយនឹងខ្ញុំទេ។ អ្វីដែលគាត់និយាយគឺ, «ម៉ាក់មានអារម្មណ៍ថាគាត់មិនគួរឱ្យទុកចិត្ត...»។
ខ្ញុំគិតថាគាត់ប្រហែលព្រួយពីសុវត្ថិភាពខ្ញុំ, តែខ្ញុំតែងធ្វើតាមម៉ាក់, ដូច្នេះទើបខ្ញុំតែងនៅឆ្ងាយពីពូបឿន។
រដូវប្រាំងនោះ, មិត្តៗខ្ញុំ និងខ្ញុំបានលេងនៅខាងក្រោយផ្ទះខ្ញុំ។ យើងលេងក្នុងខ្ទមឈើមួយហើយយើងដាក់របស់របរលេងក្នុងខ្ទមនោះ។
ថ្ងៃមួយ, ខ្ញុំមកពីរៀនហើយឃើញថានរណាម្នាក់បានជួសជុលខ្ទមនេះយ៉ាងប្រសើរជាងមុន។ វាមានបង្អួចមានទ្វារដូចជាកូនផ្ទះមួយ។ វាថែមទាំងមានប្រអប់សំបុត្រដែលមានឈ្មោះខ្ញុំផងដែរនៅពីមុខខ្ទម។ ក្នុងនោះមានសំបុត្រមួយ ហើយពេលខ្ញុំបើកមើល, ខ្ញុំឃើញថាវាជាសំបុត្ររបស់បឿន។
«សាណាជាទីស្រឡាញ់,» ក្នុងសំបុត្រនោះ។ «ខ្ទមអូនមើលទៅដូចបាក់បែកអស់ហើយ ចឹងបងត្រូវតែជួសជុលវាឱ្យអូន។ សង្ឃឹមថាអូនចូលចិត្តវា។ បងគិតថាម៉ូដខ្ទមនេះនឹងដូចជាម៉ូដផ្ទះដែលយើងនៅជាមួយគ្នា។ ពីបង, បឿន។»
ខ្ញុំគិតថាវាពិតជាល្អណាស់ហើយខ្ញុំក៏សរសេរតបទៅគាត់ភ្លាមៗរួចយកវាទៅដាក់ក្នុងប្រអប់សំបុត្ររបស់គាត់។ ថ្ងៃបន្ទាប់, មានសំបុត្រមួយទៀតពីបឿនក្នុងប្រអប់សំបុត្រមុខខ្ទមតូចខ្ញុំ។
វាវែងខ្លាំងហើយចម្លែកខ្លាំងណាស់។ គាត់ថាគាត់ចង់ធ្វើជាមិត្តល្អរបស់ខ្ញុំរៀងរហូតហើយរង់ចាំឱ្យខ្ញុំគ្រប់អាយុ១៨ឆ្នាំទើបខ្ញុំអាចផ្លាស់ទៅនៅជាមួយគាត់បានហើយយើងអាចនៅជាមួយគ្នា។ គាត់ថែមទាំងនិយាយថាម៉ាក់ខ្ញុំជាមាឈ្នានីសហើយព្យាយាមបំបែកទំនាក់ទំនងពួកយើង។
អ្វីដែលចម្លែកបំផុតនោះគឺគាត់ប្រាប់ថាគាត់នឹងមិនធ្វើបាបខ្ញុំ ហើយមិនឱ្យនរណាធ្វើឱ្យខ្ញុំឈឺចាប់ឡើយ។ ខ្ញុំមិនយល់ថាគាត់ចង់មានន័យថាម៉េចសោះ។
ខ្ញុំចំណាយពេលអានអស់មួយសន្ទុះដែរទម្រាំចប់ ហើយម៉ាក់ខ្ញុំត្រលប់មកពីធ្វើការល្មម។ ម៉ាក់ចាប់យកសំបុត្រពីដៃខ្ញុំ ហើយពេលគាត់អានវា, គាត់ថាវាធ្វើឱ្យគាត់ព្រឺសម្បុរយ៉ាងខ្លាំង។
«ស្អីមនុស្សប្រុសក្បាលកញ្ចាស់អាយុ៣៥ឆ្នាំហើយផ្ញើសំបុត្របែបនេះមកក្មេងស្រីអាយុ១៣ឆ្នាំ?» ម៉ាក់ស្រែក។
ម៉ាក់ភ្លាមៗនោះបានតេទៅអ៊ុំខ្ញុំដែលជាប៉ូលីសហើយពេលអ៊ុំមកដល់ហើយអានសំបុត្រនោះ, គាត់ប្រាប់ថាបឿនទើបតែចេញពីគុកថ្មីៗនេះឯង។ ថ្ងៃបន្ទាប់ គាត់ត្រូវប៉ូលីសចាប់ខ្លួនហើយឃុំខ្លួនក្នុងគុក។ ម៉ាក់ប្រាប់ខ្ញុំថាគាត់ត្រូវឃុំខ្លួនរយៈពេល១ឆ្នាំ។
មិនយូរពីនោះ, ម៉ាក់ខ្ញុំចាប់ផ្ដើមទទួលសំបុត្រពីបឿន។ វាទាំងអស់ជាសំបុត្រនៃកំហឹងហើយសុទ្ធតែពាក្យជេរប្រមាថ។ គាត់សួរថាហេតុអីបានជាកុហកប៉ូលីសថាគាត់ស្រលាញ់ខ្ញុំ? ពេលម៉ាក់ខ្ញុំបង្ហាញសំបុត្រនោះទៅប៉ូលីស, ពួកគេបានបន្ថែមទោសឱ្យគាត់ទៀត។ បន្ទាប់ពីនោះ, យើងក៏ឈប់ទទួលបានសំបុទ្រពីគាត់ទៅ។
ពេលវេលាកន្លងផុតទៅ, ខ្ញុំបានភ្លេចពីបឿនទាំងស្រុងហើយជីវិតខ្ញុំពោរពេញទៅដោយក្ដីរីករាយ។
ថ្ងៃមួយ, ខ្ញុំចេញពីរៀនហើយពេលខ្ញុំដើរតាមផ្លូវ, ខ្ញុំឃើញគាត់ឈរនៅនឹងរ៉ង់ដារមុខផ្ទះគាត់, សម្លឹងមកចំខ្ញុំ។ ខ្ញុំពិតជារន្ធត់ណាស់ហើយខ្ញុំក៏រត់ទៅផ្ទះរួចបិទទ្វារ។ បេះដូងខ្ញុំលោតញាប់ហើយខ្លួនខ្ញុំញ័រដូចកូនចាបធ្លាក់ទឹក។
សុបិនអាក្រក់បានចាប់ផ្ដើមទៀតហើយ។ រៀងរាល់ថ្ងៃ, គាត់តែងសម្លឹងមើលខ្ញុំក្នុងទឹកមុខយ៉ាងគួរឱ្យខ្លាច។ រាល់ពេលដែលខ្ញុំចេញក្រៅ, គាត់តែងនៅមុខទីធ្លាដីគាត់, សម្លក់មកខ្ញុំ, ជាមួយស្នាមញញឹមដ៏ចម្លែកលើផ្ទៃមុខគាត់។ វាជាអារម្មណ៍ដ៏ព្រឺព្រួច។ រាល់ពេលយប់ និងថ្ងៃ, គាត់មិនដែលនិយាយមកកាន់ខ្ញុំមួយម៉ាត់ណាឡើយ។ អារម្មណ៍ដែលមិនដឹងថាគាត់នឹងមានបំណងអ្វីធ្វើឱ្យខ្ញុំព្រួយគ្រប់ពេល។ សកម្មភាពរបស់គាត់សម្ដែងថាគាត់នឹងមិនបញ្ឈប់បំណងជាក់លាក់អ្វីមួយឡើយ។
---
កាលខ្ញុំអាយុ១៦ឆ្នាំ, ខ្ញុំមានទូរស័ព្ទបត់មួយគ្រឿង។ វាជាទូរស័ព្ទដំបូងបំផុតសម្រាប់ខ្ញុំ។ ពេលនេះហើយដែលខ្ញុំទទួលបានសារដំបូងបំផុតតាមទូរស័ព្ទ, តែខ្ញុំមិនខ្វល់។
គាត់ : បងស្រលាញ់អូន
ខ្ញុំ : លោកច្រលំលេខហើយ, សុំទោស។
គាត់ : ទេ, បងស្រលាញ់អូន
ខ្ញុំ : មែនហ្អី? ហើយ...លោកជានរណា?
គាត់ : ជាស្នេហាពិតរបស់អូន
ខ្ញុំយកសារទាំងនេះបង្ហាញលីយ៉ាមិត្តខ្ញុំ។ នាងមើលហផយសើចឡើងញ័រស្មារ។ ខ្ញុំឈប់ឆ្លើយតបនឹងសាររបស់បុរសមិនធ្លាប់ស្គាល់នោះហើយបំភ្លេចពីវាចោល។ ប្រហែលជាគាត់បានញ៉ែសុំលេខទូរស័ព្ទស្ត្រីណាម្នាក់ ហើយនាងឱ្យលេខក្លែងក្លាយដើម្បីគេចវេសពីគាត់ហើយមើលទៅ។
ពេលខ្ញុំអាយុ១៧ឆ្នាំ, ខ្ញុំបានទិញទូរស័ព្ទBlack Berryថ្មីមួយទៀត ហើយមានសង្សារដំបូងម្នាក់ឈ្មោះ ធា។
ថ្ងៃមួយ, កំពុងតែរៀនសុខៗស្រាប់តែទូរស័ព្ទញ័រមួយទ្រើត។ ខ្ញុំទាញទូរស័ព្ទចេញ ហើយដាក់ក្នុងថតតុដើម្បីកុំឱ្យគ្រូឃើញរួចបើកអានសារ។
គាត់ : ម៉េចហើយ?
ខ្ញុំ : ណាគេនឹង?
គាត់ : បងនឹកអូនណាស់អូនសម្លាញ់។ អូនមាននឹកបងអត់?
ខ្ញុំ : សុំទោស ច្រលំលេខហើយ
គាត់ : កុំលេងសើចពេក, អូនសម្លាញ់!
ខ្ញុំ : លោកពិតជាច្រលំលេខហើយ។ ខ្ញុំមានសង្សារហើយ, លាហើយ។
គ្មានការឆ្លើយតប។ ពីរថ្ងៃក្រោយមក, ខ្ញុំទទួលបានសារមួយទៀត:
គាត់ : សាណា?
គាត់ស្គាល់ឈ្មោះខ្ញុំ!!!! ខ្ញុំមិនដឹងថាគាត់ស្គាល់ដោយរបៀបណាទេ, តែគាត់ពិតជាស្គាល់ឈ្មោះខ្ញុំមែន!!!!។ ខ្ញុំបង្ហាញសារនោះទៅមិត្តប្រុសខ្ញុំ។ ធាយកទូរស័ព្ទពីដៃខ្ញុំហើយតបសារទៅគាត់ទាំងកំហឹង។
“កុំសាំពេកលោក!!!!នេះជាទូរស័ព្ទសង្សារខ្ញុំ។ នាងមិនស្គាល់លោកទេ ហើយក៏មិនចង់ស្គាល់លោកដែរ។ បើលោកនៅតែផ្ញើមករំខានទៀត, យើងនឹងប្ដឹងប៉ូលីសហើយ។ ឈប់ផ្ញើមកនាងទៀត!!!!!”
ពេលនឹងដូចជាបានផលខ្លះដែរ។ បុរសនោះលែងតបមកទៀត ហើយខ្ញុំគិតថារឿងវាចប់ប៉ុណ្ណឹងហើយ។
ពេលខ្ញុំអាយុ១៨ឆ្នាំ, ខ្ញុំបានទិញ iPhone មួយគ្រឿង ហើយបែកគ្នាជាមួយសង្សារទៀតផង។ ប៉ុន្មានថ្ងៃក្រោយពេលដែលខ្ញុំបែកគ្នាជាមួយធានឹងហើយ, មានសារមួយផ្ញើរមកទៀត។
គាត់ : បងនឹកអូនណាស់
ខ្ញុំសម្លឹងទៅលេខដែលនៅលើអេក្រង់ទាំងអារម្មណ៍មិនស្រួល។ តើវាអាចជាមនុស្សតែមួយកាលពីលើកមុនទេ? ហើយឬក៏គ្រាន់តែជាល្បិចបន្លាចរបស់ធា?
ខ្ញុំ : ណាគេនឹង?
គាត់ : អូនស្គាល់ស្រាប់ហើយ។ បងរីករាយណាស់ដែលអូនបែកគ្នាជាមួយគាត់
ខ្ញុំ : នរណា?
គាត់ : បងឈឺចាប់ណាស់ពេលអូនហៅគាត់ថាសង្សារពេញៗមាត់។ បងឈឺចាប់ណាស់ពេលឃើញអូនជាមួយគាត់ដើរលេងជាមួយគ្នា
ខ្ញុំ : ស្ដាប់ខ្ញុំ ! ឈប់ផ្ញើសារមកខ្ញុំទៀត! ខ្ញុំមិនស្គាល់ថាលោកឯងជានរណាទេឬក៏លោកឯងលេងសើចជាមួយខ្ញុំទេ? សម្រាកទៅ!!!
គាត់ : ទេ!!ស្ដាប់បងសិន! អូនជារបស់បង។ កុំឱ្យបងឃើញអូនជាមួយប្រុសផ្សេងទៀតឱ្យសោះ។ ហើយពេលនេះអូនបើកវាំងននឱ្យបងមើលឃើញអូនអត់?
ពេលខ្ញុំកំពុងអានសារនេះ, ខ្ញុំកំពុងអង្គុយលើគ្រែក្នុងបន្ទប់។ ខ្ញុំរន្ធត់ជាខ្លាំងហើយក្រលេកទៅបង្អួចកញ្ចក់។ បន្ទប់នេះនៅជាន់ផ្ទាល់ដី បើមាននរណាឈរនៅទីធ្លាខាងមុខ នឹងមើលខ្ញុំឃើញយ៉ាងងាយស្រួលបំផុត។ ខ្ញុំស្ទុះទៅទាញវាំងននបិទ។ បន្ទាប់មក, ខ្ញុំតេទៅលីយ៉ាមិត្តរបស់ខ្ញុំរួចប្រាប់នាងពីរឿងគ្រប់យ៉ាងដែលកើតឡើងម៉ិញៗនេះ។ នាងជិះមកផ្ទះខ្ញុំភ្លាមៗហើយបបួលខ្ញុំឱ្យប្ដឹងប៉ូលីស។
យើងមកដល់ប៉ុស្តិ៍ប៉ូលីស។ ពួកគាត់ខ្នះខ្នែងធ្វើការណាស់។ ខ្ញុំយកទូរស័ព្ទប្រគល់ឱ្យពួកគាត់ ហើយពួកគាត់ថានឹងស៊ើបពីលេខទូរស័ព្ទបុរសនោះ។ ពួកគាត់បានរកឃើញទូរស័ព្ទBlack Berryចាស់មួយនៅក្នុងផ្ទះដែលគេទុកចោលនៅរំលងផ្ទះខ្ញុំបីបួនផ្ទះ។ វានៅប្រើការបានម៉ាចប់ត្រូវគេទុកចោលនៅលើដី។ ទូរស័ព្ទនេះត្រូវបានបុរសម្នាក់ប្រើ តែគាត់បាត់ខ្លួនប៉ុន្មានខែមកហើយ មកទល់ពេលនេះនៅតែគ្មានតម្រុយពីគាត់។
ខ្ញុំសម្រេចចិត្តប្ដូរលេខទូរស័ព្ទសង្ឃឹមថាពេលវេលាកន្លងទៅនឹងល្អប្រសើរឡើងវិញ។
យប់មួយ, ខ្ញុំបានចូលរួមពិធីជប់លៀងមួយនៅផ្ទះមិត្តភក្ដិ។ ភ្ញៀវជាច្រើនផឹកស្រវឹងជោគជាំ ផឹកមិនឈប់រហូតអ្នកខ្លះសន្លប់ងើបមិនរួច អ្នកខ្លះរត់ទៅក្អួតនៅបន្ទប់ទឹក។ យប់ជ្រៅទៅហើយ, ខ្ញុំបានដឹងខ្លួនថាខ្លួនឯងបាត់កាបូបយួរដៃ។ ខ្ញុំខំស្វែងរកជុំវិញបរិវេណ និងក្នុងផ្ទះ,តែ នៅតែរកមិនឃើញសោះ។
ពេលនោះដានេដើរចេញពីបន្ទប់ទឹកល្មម ដូច្នេះខ្ញុំក៏ពឹងវាឱ្យជួយរក។ យើងចាប់ផ្ដើមរកដល់ខាងក្រៅផ្ទះហើយទីបំផុតបានឃើញកាបូបនៅខាងក្រោយផ្ទះ។ អ្វីៗក្នុងនោះទាំងអស់ត្រូវរាត់រាយចេញពីកាបូបពាសពេញលើស្មៅ។ យើងប្រមូលវាមកវិញហើយជាភ័ព្វសំណាងណាស់ដែលកាតធនាគារ និងលុយខ្ញុំនៅទីនេះទាំងអស់។ តែ, របស់តែមួយគត់ដែលបាត់រកមិនឃើញនោះគឺក្រែមលាបមាត់របស់ខ្ញុំ តែទៅខ្វល់អីរឿងប៉ុណ្ណឹង ប្រហែលជាមានស្ត្រីម្នាក់ស្រវឹងហើយចង់ខ្ចីក្រែមលាបមាត់ខ្ញុំតែស្រវឹងតត្រេតត្រូតធ្វើឱ្យជ្រុះរបស់របររាត់រាយ។
ដានេ និងខ្ញុំបានសម្រេចហៅតាក់ស៊ី តែពេលយកទូរស័ព្ទបម្រុងតេ, ខ្ញុំឃើញថានរណាម្នាក់យកទូរស័ព្ទខ្ញុំផ្ញើសារសន្ទនាគ្នាយ៉ាងវែងអន្លាយ។ សារចុងក្រោយរញ៉េរញ៉ៃដូចកូនក្មេងចេះតែវ៉ៃផ្ដេសផ្ដាសអានមិនយល់។ ខ្ញុំចាប់ផ្ដើមមានអារម្មណ៍មិនស្រួលព្រួចមួយរំពេចនៅពេលscrollឡើងលើដើម្បីអានការសន្ទនាមួយនេះ។
ខ្ញុំគិតត្រូវហើយ គឺមានមនុស្សស្រីស្រវឹងម្នាក់យកទូរស័ព្ទទៅលេងសារ។ នាងបន្លំធ្វើជាខ្ញុំ។ ក្នុងការសន្ទនាទាំងអស់គឺ :
គាត់ : សួស្ដីអូនសម្លាញ់។ ខានchatគ្នាយូរហើយ
នាង : ត្រូវហើយបងសម្លាញ់
គាត់ : សុខសប្បាយអត់?
នាង: ចាសសុខណាស់ចុះបងវិញ?
គាត់ : បងអង្គុយគិតពីអូន។ បងនឹកអូនណាស់ ចុះអូនមាននឹកបងអត់?
នាង : ហាហាបងឯងកំប្លែងមែន។ ហើយនៅណានឹង?
គាត់ : បងមិនអាចប្រាប់អូនបានទេព្រោះអូនធ្លាប់ទៅប្ដឹងប៉ូលីស
នាង : ប្ដឹងប៉ូលីស?
គាត់ : ស្មានតែបងមិនដឹងមែនទេ? បងត្រូវទៅកន្លែងស្ងាត់ដើម្បីលើកលែងទោសឱ្យអូន។ ហើយបងត្រូវចំណាយពេលយ៉ាងយូរដើម្បីស្គាល់លេខថ្មីរបស់អូន។ មាននឹកបងទេ?
នាង : នឹកណាស់LOL
គាត់ : បងឃើញថាអូនមិននៅផ្ទះទេយប់នេះ។ ហើយអូននៅណា?
នាង : បងអាចឃើញខ្ញុំ?
គាត់ : អត់ទេសាណា។ បងមើលតាមGPSដាក់ថាអូនមិនកំពុងនៅផ្ទះទេ
នាង : នៅផឹកស៊ីផ្ទះមិត្តភក្ដិ
គាត់ : អូនស្រវឹងអត់?ចាំនឹងហើយ ចាំបងទៅយកតិចទៀត
---
៩នាទីក្រោយឃើញស្ត្រីនោះតបវិញ។
នាង : OK សុំទោសផងខ្ញុំគ្រាន់តែលេងសើចទេ។ នេះមិនមែនជាសាណាទេ ខ្ញុំយកទូរស័ព្ទនាងមកលេង
គាត់ : ឯងលួចទូរស័ព្ទសាណាមែនទេ?
នាង : ទេ, ខ្ញុំខ្ចីតើ
គាត់ : ខ្ញុំកំពុងទៅរកឯងហើយ!!!ឯងបានធ្វើអីដាក់សាណាខ្លះ?
នាង : គ្មានអីទេ កុំមកទីនេះអី លោកឯងគួរឱ្យខ្លាចណាស់
គាត់ : ខ្ញុំនឹងសម្លាប់ឯងបើឯងធ្វើអីនាង
គាត់ : ឆ្លើយមក ឯងបានធ្វើអីសាណាខ្លះ?
គាត់ : ស្រីចង្រៃងាប់ហើយនៅ?
នាង : ម្នាក់នៅក្នុងឡានក្រហមនោះជាលោកឯងមែនទេ?
នាង : លោកឯងគួរឱ្យខ្លាចណាស់។ ខ្ញុំចូលក្នុងផ្ទះហើយ
នាង : ស្អីគេនឹង????នោះជាលោកឯងមែនទេ?
នាង : ឈប់ទៅ។ នេះខ្ញុំទុកទូរស់កសកស ា្ាបបពាបាាបពឋនឋណ្ា្ឆ្ឆានា្$-$/$-$1)1??ហ្
មានសារបែបនឹងបីទៀតឡើងរវៀមដូចនរណាម្នាក់រើបម្រះប៉ះkeyboard។ ពេលខ្ញុំអានចប់អស់ហើយ, មានសារថ្មីមួយមកទៀត :
គាត់ : សាណា! សង្ឃឹមថាទូរស័ព្ទ និងកាបូបអូននៅល្អទៅចុះ។ បងបានចាត់ការស្រីចង្រៃដែលចង់លួចកាបូបអូននោះហើយ។ កុំព្រួយ, នាងលែងរំខានអូនទៀតហើយ។ ហើយក្រែមលាបមាត់អូនមានក្លិនក្រអូបណាស់។ បងចង់លាបមាត់ឱ្យអូនឆាប់ៗនេះ
ខ្ញុំស្រក់ទឹកភ្នែកច្រោកដោយរន្ធត់ហើយទូរស័ព្ទទៅលេខអាសន្នបន្ទាន់ដោយព្យាយាមពន្យល់ពួកគាត់ពីស្ថានការណ៍ដែលកំពុងតែកើតឡើងមកលើខ្ញុំ។ ១០នាទីក្រោយមក, រថយន្តស៊ីរ៉ែនបានមកដល់ហើយមន្ត្រីប៉ូលីសដើរសំដៅមករកខ្ញុំដែលកំពុងអង្គុយញ័រដោយភ័យ។ ដានេព្យាយាមសម្រួលខ្ញុំឱ្យបាត់តក់ស្លុតហើយមនុស្សម្នារដែលចូលរួមពិធីជប់លៀងទាំងប៉ុន្មានមករោមអ៊ូឯជុំជិតហើយចង់ដឹងថាមានរឿងអីកើតឡើង។
មានប៉ូលីសប្រុសម្នាក់ស្រីម្នាក់ ហើយប៉ូលីសប្រុសចាស់ជាងប៉ូលីសស្រី តែប៉ូលីសស្រីមានទឹកមុខព្រួយបារម្ភយ៉ាងខ្លាំង។ ខ្ញុំព្យាយាមពន្យល់គាត់ពីរឿងដែលកើតឡើងអម្បាលម៉ាន តែបានត្រឹមតែថា៖
«គាត់...គាត់ផ្ញើសារមកខ្ញុំតាំងពីខ្ញុំអាយុ១៦ឆ្នាំ...ហើយ...គាត់ធ្លាប់ប៉ូលីសចាប់....»។
គ្រាន់តែប៉ូលីសយល់រឿងហេតុភ្លាម, ពួកគេរត់ទៅរថយន្តវិញហើយទូរស័ព្ទទៅគ្នាគាត់។
ពីរម៉ោងក្រោយមក, ដោយពឹងផ្អែកតាមប្រព័ន្ធ GPS, ពួកគាត់បានកំណត់បានទីតាំងទូរស័ព្ទរបស់ជនអនាមិកម្នាក់នោះ។ វានៅក្នុងបឹងមួយដាច់ពីទីប្រជុំជន។ ប៉ូលីសបានស្រង់សាកសពនារីស្រវឹងម្នាក់ចេញពីទឹក។ ទូរស័ព្ទមួយនឹងត្រូវឃាតកញាត់ចូលមាត់នាងឡើងលិចដល់បំពង់ក។ ពេលប៉ូលីសកំណត់អត្តសញ្ញាណស្ត្រីនោះបាន, ខ្ញុំទើបតែចាប់ភ្លឹកនឹកឃើញថាយើងធ្លាប់ជួបគ្នាម្ដងហើយយើងមានមិត្តរួមគ្នាម្នាក់។
ទោះជាខ្ញុំមិនស្គាល់នាងក៏ដោយ, ក៏ខ្ញុំបានទៅចូលរួមពិធីបុណ្យនាង ហើយស្ដាប់ពាក្យពេជន៍សាច់ញាតិនិយាយពីនាងកាលនាងនៅរស់ឃើញថាមានមនុស្សជាច្រើនស្រលាញ់រាប់អាននាងណាស់។ ខ្ញុំមានមានអារម្មណ៍ថាធ្វើខុសខ្លាំងពីរឿងដែលកើតឡើងនេះព្រោះវាធ្ងន់ធ្ងរពេកហើយ អាយុជីវិតថ្លៃណាស់, តែទោះជាគ្រប់គ្នាព្យាយាមប្រាប់ខ្ញុំថាវាមិនមែនជាកំហុសរបស់ខ្ញុំ ក៏ខ្ញុំនៅតែបន្ទោសខ្លួនឯង។
ជនអនាមិកនោះធ្វើឱ្យអារម្មណ៍ខ្ញុំស្រៀវឆ្អឹងខ្នង និងគ្មានសុវត្ថិភាពសោះ។ ខ្ញុំខ្លាច, ខ្លាចគាត់នៅតែតាមខ្ញុំទៀត។ សុបិនអាក្រក់នៅតែតាមលងបន្លាចមិនឈប់។
ខ្ញុំអង្គុយគិតពីរឿងដែលកន្លងទៅស្រាប់តែភ្ញាក់ព្រើតនឹងអតីតកាលដ៏អាក្រក់ បានផុសអណ្ដែតឡើងដាស់ប្រសាទឱ្យព្រឺព្រួចមួយរំពេជ។
ខ្ញុំប្ដូរលេខទូរស័ព្ទម្ដងទៀត, ហើយប្ដូរផ្ទះ។ មិត្តភក្ដិប្រុសរបស់ខ្ញុំម្នាក់ឈ្មោះ ណាក់, មានផ្ទះជួយបន្ទប់ដេកពីរហើយកំពុងរកអ្នកនៅជាមួយ។ បន្ទប់ដាច់ដោយឡែកពីគ្នា ដូច្នេះកុំព្រួយថាប្រុសស្រីមើលទៅមិនសមភ្នែកញាតិអី។ ខ្ញុំគិតថាវាមានសុវត្ថិភាពជាងនៅម្នាក់ឯងច្រើនណាស់ហើយកន្លងយូរបន្តិចមក, ខ្ញុំមានអារម្មណ៍ថាជីវិតខ្ញុំកំពុងវិលទៅរកសភាពធម្មតាវិញ។
តែ...មិនដូចការគិត...ពីរបីសប្ដាហ៍ក្រោយមក, សារចង្រៃនោះបានចាប់ផ្ដើមម្ដងទៀត។ វាហាក់ដូចជាព្យាយាមតាមលងជីវិតខ្ញុំឱ្យរស់ក្នុងភាពភ័យខ្លាច ព្រួយបារម្ភ និងអសុវត្ថិភាព។ នៅព្រឹកព្រលឹមនោះ, ទូរស័ព្ទខ្ញុំរោទិ៍ឡើងបង្ហាញសារនៅលើកញ្ចក់អេក្រង់។ ខ្ញុំប្រញាប់បើកសារនោះមើលទាំងអារម្មណ៍មិនស្រួល។
គាត់ : រកឃើញអូនហើយ!
ខ្ញុំសម្លឹងទៅលើកញ្ចក់អេក្រង់ទាំងសារពាង្គកាយស្ងៀមមិនកម្រើក។
គាត់ : អូនមិនរីករាយសួស្ដីបងទេឬ?
ទឹកភ្នែកហូរកាត់ថ្ពាល់ខ្ញុំ។ មិនមឹកស្មានថាគាត់តស៊ូបន្លាចខ្ញុំដល់ថ្នាក់នេះទេ ហើយក៏មិនយល់ពីវត្ថុបំនងរបស់គាត់ទាល់តែសោះ។
គាត់ : អូនដឹងទេ បងមិនចង់ឃើញអូនយំទេ
ខ្ញុំនៅស្ងៀមដូចកក។ បន្តិចក្រោយមក, ខ្ញុំមិនដកដង្ហើម មិនព្រិចភ្នែក ហើយបែរក្បាលទៅបង្អួចកញ្ចក់ខ្ញុំយឺតៗទាំងរន្ធត់។ ខាងក្រៅ, នៅកន្លែងសម្រាប់គេចអគ្គីភ័យឬអាសន្ន មានបុរសម្នាក់កំពុងឈរនៅទីនោះ។ គាត់ស្លៀកពាក់ខ្មៅពីក្បាលដល់ចុងជើងហើយឈរនឹងថ្កល់។ អ្វីដែលខ្ញុំអាចឃើញគឺបាតដៃគាត់រុញផ្អឹបនឹងបង្អួច។ ដង្ហើមគាត់ធ្វើឱ្យអ័ព្ទជាប់កញ្ចក់។
ខ្ញុំមិនចង់ឃើញអ្វីដែលប្រុងនឹងកើតឡើងទេ។ ដោយលោតចេញពីគ្រែ, ខ្ញុំរត់ទៅក្រោមទៅរកបន្ទប់របស់ណាក់, ស្រែកហៅគាត់ហើយឱ្យគាត់ទូរស័ព្ទទៅរកជំនួយ។ គាត់ពិតជាតក់ស្លុតដែរ។
«សាណា, មានរឿងអី?» គាត់សួរ។
«បុរសដែលខ្ញុំបាននិយាយប្រាប់!» ខ្ញុំស្រែកដោយរន្ធត់។ «គាត់នៅទីនោះ! នៅក្រៅបង្អួចខ្ញុំ! តេទៅប៉ូលីសទៅ!»
គាត់ឈរនឹងថ្កល់ដោយតក់ស្លុត។ ខ្ញុំទាញទូរស័ព្ទពីដៃគាត់ហើយតេទៅអ៊ុំខ្ញុំដែលជាប៉ូលីសដោយខ្លួនឯង។ ពេលខ្ញុំពន្យល់ពីអ្វីដែលកើតឡើង, មិត្តខ្ញុំបើកភ្នែកធំៗ។ គាត់ដោះអាវក្រៅគាត់ចេញ, ទាញដំបងវាយកូនបាល់មួយ, ហើយរត់ទៅបន្ទប់ខ្ញុំ។ ខ្ញុំព្យាយាមស្រែកហៅឱ្យគាត់ត្រលប់មកវិញ, តែគាត់មិនស្ដាប់ឡើយ។
ជំហានជើងគាត់ឈប់ហើយខ្ញុំឮសំលេងកំហឹងពុះកញ្ជ្រោល។ បន្ទាប់មក, ខ្ញុំតក់ស្លុតស្ទើលស់ព្រលឹង! វាដូចជាសំលេងវាយតប់នឹងអ្វីរឹងម្យ៉ាង។ សំលេងថ្ងួចថ្ងូរស្រែកហៅឈ្មោះខ្ញុំ។ ខ្ញុំមិនប្រាកដថាជានរណាទេ។ ខ្ញុំឮសម្រែកដោយក្ដីឈឺចាប់លាន់យ៉ាងឮ។ បន្ទាប់មក, ផ្ទះជួលទាំងមូលស្ងាត់ឈឹង។
«ណាក់?» ខ្ញុំស្រែក។ គ្មានអ្នកឆ្លើយតប។ ខ្ញុំលបចេញពីបន្ទប់គាត់យ៉ាងស្ងៀមស្ងាត់តាមដែលអាចធ្វើបាន, ហើយតម្រង់ទៅផ្ទះបាយ។ ខ្ញុំចាប់កាន់កាំបិតប៉ាំងតោមួយពីរានដាក់កាំបិត, ហើយផ្អែកខ្នងខ្ញុំទៅនឹងជញ្ជាំងព្យាយាមមិនបង្កសំលេង។
នៅក្រៅទ្វារ, ខ្ញុំឃើញស្រមោលមួយបង្ហាញខ្លួនឡើង។ វាគឺជាស្រមោលបុរសម្នាក់ តែគាត់មាឌធំជាងណាក់។
«តើលោកចង់បានអី?» ខ្ញុំស្រែក។ «ខ្ញុំបានទាក់ទងទៅប៉ូលីសហើយ! ពួកគេកំពុងធ្វើដំណើរមកហើយ!»
បុរសនោះដកដង្ហើមធំ។ បន្ទាប់មកគាត់ចាប់ផ្ដើមដើរមករកខ្ញុំ ហើយខ្ញុំឮសំលេងគាត់ខ្សឹបហៅឈ្មោះខ្ញុំម្ដងហើយម្ដងទៀត។
«សាណា, សាណា, សាណា, សាណា...»
ខ្ញុំមិនកម្រើក។ គ្មានផ្លូវសម្រាប់ឱ្យខ្ញុំរត់គេចឡើយ។ គាត់ដើរមកក្បែរខ្ញុំហើយមុខគាត់ជតកិបនឹងមុខខ្ញុំ។
ខ្ញុំកំពុងតែកាន់កាំបិតពីក្រោយខ្នងខ្ញុំ។ ពេលដៃគាត់ចាប់កខ្ញុំ, ខ្ញុំស្រែកខ្លាំងៗហើយប្រើកម្លាំងកាប់មួយទំហឹង។ គាត់ថយក្រោយបន្តិច, ហើយធ្វើមុខតក់ស្លុត។ កាំបិតកំពុងលិចជាប់នឹងទ្រូងគាត់។
ខ្ញុំរុញគាត់ចេញហើយរត់ចេញទៅក្រៅផ្ទះបាយ។ គាត់ព្យាយាមដេញតាមខ្ញុំ, តែពេលខ្ញុំងាកទៅមើលគាត់, គាត់ដួលទន់ជងង្គង់ទៅហើយ។ បន្ទាប់មក, មុខគាត់ផ្កាប់នឹងកម្រាលជូតជើង។ ខ្ញុំមិនប្រាកដថាគាត់រស់ឬស្លាប់ទេ តែខ្ញុំមិនឱ្យខាតពេលឡើយ។
ខ្ញុំរត់ឡើងទៅបន្ទប់ដេកខ្ញុំហើយចាក់សោរទ្វារក្រោយខ្នងខ្ញុំ។ ណាក់ដេកសន្លប់ស្ដូកស្ដឹងជាប់នឹងបង្អួច, ថ្ងាសគាត់ជាំស្វាយយ៉ាងធំ។ គាត់សន្លប់បាត់ស្មារតីហើយ។ ខ្ញុំប្រញាប់ទៅក្បែរគាត់ហើយអង្រួនគាត់ឱ្យភ្ញាក់ ពេលរង់ចាំប៉ូលីសមកដល់។ ខ្ញុំប៉ះមុខរបស់ណាក់ថ្នមៗ ហើយយំផ្អែកទ្រូងគាត់។ បន្ទាប់មក, ខ្ញុំឮសំលេងឡានបើកចូលមក ហើយពន្លឺចង្កៀងឡានបាញ់ចាំងចូល។
អ៊ុំខ្ញុំ និងប៉ូលីសម្នាក់ទៀតស្រែកហៅខណៈដែលចូលមកក្នុងផ្ទះជួលនេះ ហើយខ្ញុំឮពួកគេកំពុងជជែកគ្នានៅខាងក្រៅបន្ទប់ខ្ញុំ។ ពួកគេគាស់ទ្វារចូលបន្ទប់ខ្ញុំ ហើយខ្ញុំងើបមុខឡើងដោយអំណរ។
«តើមានរឿងអីកើតឡើងនៅបន្ទប់ទទួលភ្ញៀវ?» ប៉ូលីសម្នាក់សួរ។
«គាត់ចូលមកតាមបង្អួចបន្ទប់ដេកខ្ញុំ ហើយវាយមិត្តខ្ញុំ។ បន្ទាប់មកគាត់មករកខ្ញុំ, ទើប...ទើបខ្ញុំកាប់គាត់។»
ប៉ូលីសមិនយល់ហេតុការណ៍។
«នៅបន្ទប់ទទួលភ្ញៀវគ្មានស្អីទេ មានតែឈាមជោគជាំ។»
ខ្ញុំដើរទៅបន្ទប់កណ្ដាលជាមួយគាត់ហើយចាប់ផ្ដើមស្រែក។ ខ្ញុំទាញទូរស័ព្ទចេញហើយគប់វាទៅនឹងជញ្ជាំងយ៉ាងខ្លាំងតាមដែលខ្ញុំអាចធ្វើបាន, ដើម្បីឱ្យវាបែកខ្ទេច។ ពួកគេយកណាក់ទៅមន្ទីរពេទ្យហើយនាំខ្ញុំទៅប៉ុស្ដិ៍ប៉ូលីសដើម្បីសួរចម្លើយ។ កំពុងតែសួរចម្លើយ, ប៉ូលីសនោះត្រូវគ្នាគាត់ហៅចេញពីបន្ទប់។ ពេលគាត់ត្រលប់មកវិញ, គាត់ប្រាប់ថាសាកសពបុរសនោះត្រូវរកឃើញនៅផ្លូវមិនឆ្ងាយប៉ុន្មានពីផ្ទះកើតហេតុ។ គាត់ត្រូវស្លាប់ដោយរបួសនៃការកាប់។
ពួកគេកំណត់អត្តសញ្ញាណបុរសនោះហើយរកឃើញថាគាត់មានករណីមួយគឺបន្លាចសេចក្ដីសុខផ្ទាល់ខ្លួនអ្នកដ៏ទៃ, ចាប់ជំរឹត និងគំរាមសម្លាប់។ គាត់គឺជាបឿន!!!! ពួកគាត់បំបែកចូលទៅក្នុងផ្ទះគាត់ហើយមានបន្ទប់មួយធ្វើឡើងដើម្បីខ្ញុំ។ ប៉ូលីសបង្ហាញរូបថតដែលគាត់ថតមក។ បង្អួចគឺពោរពេញទៅដោយរូបថតខ្ញុំពាសពេញពិដាន និងជញ្ជាំង។ រូបខ្លះគឺកាលខ្ញុំអាយុ១៣ឆ្នាំ, ហើយនឹងរបស់របរច្រើនទៀត។ ខ្ញុំឃើញភួយរបស់ខ្ញុំដែលខ្ញុំបានបាត់វាទៅជាយូរហើយ។
ពួកគេក៏ថែមទាំងបានរកឃើញសាកសពក្មេងស្រីម្នាក់នៅក្នុងទូរទឹកកកគាត់, ជាក្មេងស្រីដែលបានបាត់ខ្លួនជិត២០ឆ្នាំហើយ។ នាងជាជនរងគ្រោះដំបូងគេ។ គាត់ចាស់ជាងខ្ញុំ៤០ឆ្នាំឯណោះ។ គាត់រស់នៅក្នុងជីវិតបែបនេះស្ទើពេញមួយជីវិតហើយ។
ណាក់ចេញពីមន្ទីរពេទ្យនៅមួយអាទិត្យក្រោយមក។ គាត់បែកឆ្អឹងក្បាល ហើយបាក់ឆ្អឹងស្មារ។ យើងផ្លាស់ទៅរស់នៅផ្ទះជួលថ្មី, គឺមានប្រព័ន្ធអាសន្ន និងបង្អួចគេចខ្លួនពេលមានអាសន្ន។ យើងថែមទាំងមានសង្សាររៀងខ្លួន។ ខ្ញុំគ្មានទូរស័ព្ទទេ ហើយក៏មិនគិតថានឹងទិញថ្មីមួយទៀតដែរ។
រាល់ពេលដែលខ្ញុំឮសំលេងទូរស័ព្ទរបស់ណាក់រោទិ៍, វាតែងធ្វើឱ្យខ្ញុំរន្ធត់ព្រោះនឹកឃើញរឿងចាស់៕
ចប់
បុរសរោគចិត្ត
Reviewed by Unknown
on
8:00 PM
Rating: