>
  • ទំព័រដើម
  • រូងងងឹត (ភាគ២) : បំបែកអាថ៌កំបាំង

     
    ស្ត្រីជាប្រពន្ធមានចិត្តសប្បាយជាខ្លាំង តែនឹកស្ដាយប្ដីដែរ តែណ្ហើយ ប្ដីគំរក់បែបនេះ ស្លាប់ទៅក៏ល្អដែរ។ នាងមិនប្រាកដឡើយថានៅក្រោមនោះមានអ្វីខ្លះ, ដឹងត្រឹមថានាងអាចទទួលយកមាសពេជ្រទ្រព្យសម្បត្តិជាច្រើនដោយការដោះដូរនឹងម្ហូបអាហារ។ នាងទម្លាក់ក្បាលជ្រូក សាច់មាន់ទាចូលទៅក្នុងរូងនោះបីយប់ជាប់គ្នា ហើយពេលនាងគិតថាគ្រឿងមានតម្លៃទាំងនោះច្រើនល្មមគ្រប់គ្រាន់ចាយមួយជីវិតបានហើយ, នាងក៏ឈប់ធ្វើសកម្មភាពនោះទៅ។ នាងមិនដែលនិយាយប្រាប់នរណាពីអាថ៌កំបាំងដែលបានក្លាយជាអ្នកមានដោយសាររូងងងឹតនោះឡើយ។

    តែ, អាថ៌កំបាំងនេះត្រូវបងស្រីបង្កើតរបស់នាងដឹង។ គាត់ជីកសួរឬសគល់ពីប្អូនស្រី រហូតនាងប្រាប់សព្វគ្រប់ តែនាងអង្វរបងស្រីខ្លួនឱ្យឈប់ទាក់ទងជាមួយរូងនោះទៀត។ បងស្រីរបស់នាងបានបើករថយន្តមកផ្ទះនាង, គាត់ភ្ញាក់ផ្អើលជាខ្លាំងពេលចូលក្នុងផ្ទះនាង ឃើញសុទ្ធតែរបស់មានតម្លៃចាំងរំលេចបណ្ដាលចិត្តឱ្យកើតតម្រេកលោភលន់មួយរំពេជ។ បងស្រីចិត្តតិរច្ឆានបានចូលទៅក្នុងផ្ទះបាយ ទាញកាំបិតប៉ាំងតោហើយកាប់ប្អូនស្រីគាត់បណ្ដាលឱ្យដាច់កស្លាប់មួយរំពេជ។ បន្ទាប់មក, ស្ត្រីម្នាក់នេះរៀបចំចងសពប្អូនជាប់នឹងខ្សែពួរហើយទម្លាក់ចូលទៅក្រោមរូងងងឹតនោះ។ មួយសន្ទុះក្រោយមក, ទាញឡើងក៏ត្រេកអរយ៉ាងខ្លាំងពេលដែលបានឃើញទ្រព្យសម្បត្តិមានតម្លៃមួយធុងដែក។ ប៉ុណ្ណេះមិនគ្រប់គ្រាន់ នាងរត់ទៅយកធុងសាំងធំមួយដែលនៅក្បែរនេះមកចងខ្សែ រួចជិះរថយន្តចេញទៅក្រៅ សម្លាប់បានអ្នកដំណើរម្នាក់ហើយប្រញាប់មកក្បែររូងនេះវិញ ដាក់សពអ្នកដំណើរនោះក្នុងធុងសាំងហើយទម្លាក់ចូលទៅក្នុងរូងងងឹត។

    មួយសន្ទុះ, ដូចមុនដែរ, គាត់ទាញខ្សែឡើង តែក៏មានអារម្មណ៍ថាវាធ្ងន់ជាខ្លាំង រហូតទាញមិនរួចក៏របូតដៃធ្លាក់ទាំងខ្លួនគាត់ចូលទៅក្នុងរូងនោះទៅ។

    ---

    ដំណឹងនៃអាថ៌កំបាំងរូងងងឹតនេះបានក្លាយជាប្រធានបទក្ដៅគគុកពាសពេញបណ្ដាផ្ទៃប្រទេស និងខ្ជរខ្ជាយពេញពិភពលោក ព័ត៌មានចេញផ្សាយទ្រហឹងអើងកង។

    មានមនុស្សជាច្រើនបានមកដល់ផ្ទះនេះ ហើយមានទូរទស្សន៍ផ្សាយបន្តផ្ទាល់ផងដែរ។ គេឱ្យមនុស្សប្រុសបីនាក់ចងខ្សែជាប់ចង្កេះហើយគេបន្ទាបគាត់ទាំងបីចូលទៅក្នុងរូងងងឹត។ មួយសន្ទុះក្រោយ គេទាញខ្សែឡើងវិញ ហើយភ្ញាក់ផ្អើលជាខ្លាំងពេលឃើញមាសប្រាក់ដាក់ភ្ជាប់ជាមួយក្បាលខ្មោចឈាមរឡេះ។ អ្នកមើលការផ្សាយផ្ទាល់នោះទូទាំងប្រទេសកើតការឆ្ងល់គ្រប់ៗគ្នា។ 

    រដ្ឋាភិបាលបានបិទដាច់ខាតមិនអនុញ្ញាតិឱ្យនរណាម្នាក់មកក្បែររូងនេះ ឬសូម្បីចូលបរិវេណផ្ទះនេះទោះក្នុងគោលបំណងណាមួយក៏ដោយ។

    ខ្ញុំអានព័ត៌មាននេះហើយឆ្ងល់ជាខ្លាំងថាតើមានទាក់ទងអីជាមួយនឹងរូងងងឹតនោះ។ ទោះជាយ៉ាងណានេះជាការពិត ព័ត៌មានពិត មិនមែនជាការបំផុសបំផុសផ្សាយតែផ្ដាសឡើយ។

    «លីរ៉ាស់?» មិត្តភក្ដិខ្ញុំម្នាក់ស្រែកហៅ។ «ភ្លឹកអីហ្នឹង? ចូលរៀនហើយ។»

    ខ្ញុំដើរចូលរៀនទាំងខួរក្បាលនៅតែគិតពីរូងងងឹតនោះមិនឈប់។ ក្នុងម៉ោងរៀន ម្នាក់ៗជជែកគ្នាទ្រហ៊ឹង តែសម្រាប់ខ្ញុំនៅតែមិនអាចឈប់គិតពីរូងនោះទាល់តែសោះ។ ឬមួយក៏មានអ្នកជីករ៉ែបាក់ដីជាប់ក្នុងនោះ?

    «លីរ៉ាស់?»

    ខ្ញុំមិនយល់ថាតើខាងក្នុងរូងនោះមានមនុស្សរោគចិត្ត ឬយ៉ាងណាបានជាទម្លាក់ម្ហូប បានមកវិញនូវរបស់មានតម្លៃ ទម្លាក់មនុស្សចូលទៅក៏មិនដែលឃើញឡើងមកវិញសោះ គួរឱ្យខ្លាចណាស់។

    «ស៊ីលីរ៉ាសាដេវី? ឮអ្នកគ្រូហៅទេ? ខួរក្បាលរវល់គិតស្លើតទៅណា?»

    ខ្ញុំភ្ញាក់ព្រើតពេលអ្នកគ្រូហៅឈ្មោះខ្ញុំពេញបែបនេះ។ គាត់បង្គាប់ឱ្យខ្ញុំឡើងធ្វើលំហាត់ដ៏ពិបាកចាក់ស្រេះ ហើយពេលខ្ញុំធ្វើវាមិនចេញ, គាត់ស្ដីបន្ទោសខ្ញុំជាខ្លាំង។ វាជាធម្មតាទៅហើយដែលខ្ញុំមិនចេះធ្វើលំហាត់ទាំងឡាយ ហើយមិត្តរបស់ខ្ញុំក៏មិនប្រសើជាងខ្ញុំប៉ុន្មានដែរ។

    យប់ឡើង...

    ខ្ញុំអង្គុយ chat លេង Facebook ជាមួយមិត្តភក្តិជាក្រុម ដែលពួកយើងទាំងអស់សុទ្ធតែចាប់អារម្មណ៍នឹងរូងងងឹតនោះដូចគ្នា។ 

    អាន់កាក់ : គ្នាគិតថា ប្រាកដជាមានមនុស្សជាច្រើនអង្គុយចាំចំណីក្នុងរូងនោះទេដឹង?

    អូទីកូ : ផ្ដាសមែនកាក់ៗ!! មិនដែលណាអង្គុយចាំចំណីក្នុងរូងងងឹតចឹងទេ? ម៉េចគាត់មិនចេញមកក្រៅ?

    ស៊ីនឌីន : បើចឹងប្រហែលមិនមែនជាមនុស្សទេដឹង?

    អាន់កាក់ : ប្រាកដជាមនុស្សហើយ ព្រោះឮគេថាគាត់ចេះសរសេរសំបុត្រឆ្លើយឆ្លងថែមទៀតផង។

    ខ្ញុំ : ខ្ញុំគិតថាយើងគួរតែសាកល្បង...

    គ្រាន់តែខ្ញុំតបបែបនេះ ម្នាក់ៗភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយខំសួរបញ្ជាក់។ ខ្ញុំតម្អក់មួយសន្ទុះទើបសរសេរតបទៅពួកវាវិញ។

    ខ្ញុំ : សាកល្បងចុះទៅរូងនោះ មើលឱ្យផ្ទាល់ភ្នែក។

    ស៊ីនឌីន : កុំអីលីរ៉ាស់! ខ្ញុំសុំ។

    អាន់កាក់ : មីក្រាស់! កុំផ្ដេសផ្ដាសវ៉ើយ ប្រយ័ត្នមិនសល់ឆ្អឹង។

    អូទីកូ : ឡប់មែនទែនចែរ៉ាស់នេះ កុំបន្លាចឯងណា!

    ខ្ញុំចុចបិទ chat ហើយដាក់ខ្លួនដេកលើគ្រែដ៏ទន់ល្មើយតែដូចជារឹងជាងផ្លូវថ្នល់ទៀត ដោយសារតែចិត្តមិនស្ងប់។ ទឹកភ្នែកខ្ញុំស្រាប់តែហូរចុះមកដោយមិនដឹងខ្លួន។ បើខ្ញុំចុះទៅក្នុងរូងនោះ ហើយត្រូវស្លាប់មែន, ម៉ាក់ខ្ញុំនឹងនៅឯកា ហើយមិត្តខ្ញុំទាំងបីនាក់នេះយំសោកប៉ុណ្ណាទៅ? ខ្ញុំដឹង។

    ស៊ីនឌីន ជាក្មេងប្រុសជំទង់រាងធាត់បន្តិច អាយុស្របាលនឹងខ្ញុំដែរ គេហៅវាថាអាមោឃ ព្រោះវាមិនសូវឆ្លាត តែវាហាក់ព្រួយបារម្ភនឹងខ្ញុំច្រើនណាស់ រហូតអ្នកក្នុងសាលាចោតថាយើងជាសង្សារនឹងគ្នាទៀតផង។ ខ្ញុំបានត្រឹមមិនខ្វល់ ឱ្យគេថាអីថាទៅ, សំខាន់យើងស្រឡាញ់គ្នាពិតមែន ស្រឡាញ់គ្នាបំផុត...ក្នុងនាមជាមិត្ត, ហើយគ្មានគិតថានឹងបែកគ្នាទេ។ អូទីកូឆ្លាតវាងវៃ ក្លាហានហើយសង្ហា ខ្ញុំដឹងច្បាស់ថាវាស្រឡាញ់ពួកយើងទាំងបីណាស់ ព្រោះយើងចេះយល់ចិត្តវា ហើយយើងតែងជួយវាទាក់ទងជាមួយស៊ុការីកា ជាស្រីស្អាតដាច់គេក្នុងថ្នាក់ យើងដឹងថាវាស្រឡាញ់នាងណាស់ ថ្វីបើពេលខ្លះវាបដិសេធ។

    ខ្ញុំបិទភ្នែកប្រឹងដេក, តែទឹកភ្នែកដែលបន្តហូរ ប្រៀបដូចជាការលុបបំបាត់ពីភាពងោកងុយឱ្យអង្គុយសំកុកលើគ្រែទាំងអារម្មណ៍សោកសៅជាខ្លាំង។ ខ្ញុំពិតជារសាប់រសល់ខ្លាំងណាស់ ភាពចង់ដឹងចង់ឮដូចជាឈាមច្រាលពុះកញ្ជ្រោលនៅមិនសុខ។

    «អាសសសសសសស»...

    ខ្ញុំស្រែកមួយទំហឹង ធ្វើបែបនេះជួនកាលប្រហែលជាបានធូរស្បើយច្រើន។ សង្ឃឹមចឹងទៅចុះ ហើយយ៉ាងណាក៏មិនបានធ្វើឱ្យម៉ាក់ខ្ញុំភ្ញាក់ដែរ។

    «ខ្ញុំត្រូវតែដឹង...ត្រូវតែទៅមើលផ្ទាល់ក្នុងរូងនោះ...» ខ្ញុំនិយាយតែម្នាក់ឯង តាមទម្លាប់នារាល់ពេលដែលមានអារម្មណ៍ស្មុកស្មាញ។

    «បំភ្លេចវាចោលទៅ...» ចិត្តរបស់ខ្ញុំប្រឆាំងគ្នា តែចិត្តដែលខ្លាចមានតិចជាងក្លាហាន។ ខ្ញុំទាញទូរស័ព្ទមកបើក chat ឃើញមិត្តទាំងបីក្បាលនៅតែ online ក៏សរសេរ៖

    ខ្ញុំ : ស្អែកនេះគ្នាទៅផ្ទះនៃរូងងងឹតនោះហើយ។

    បន្តិចក្រោយមកក៏មានការតបមកវិញ៖

    អូទីកូ : អីគេចែ? ស្មានតេជិតណាស់ហ្អ? យ៉ាងហោចណាស់ក៏៥គីឡូដែរ ហើយម៉ាក់ចែឯងឱ្យទៅដែរ?

    ស៊ីនឌីន : កុំទៅអី អត់ប្រយោជន៍ទេ ហើយកន្លែងគេហាមឃាត់ផង បើគេចាប់បាន លីរ៉ាស់ពិតជាមានទោសមិនខាន។

    អាន់កាក់ : អីយ៉ាស់អាមោឃចេះដឹងច្រើនផងអាឡូវ!

    ស៊ីនឌីន : គេឆ្លាតយូរហើយ មកពីចែកាក់ឯងមិនដឹង :)

    ខ្ញុំ : រាត្រីសួស្ដី ពួកកំសាក។

    មិនរង់ចាំការឆ្លើយតបរបស់វា, ខ្ញុំក៏ដាក់ទូរស័ព្ទចុះហើយដេក, ទោះជាត្រូវបង្ខំបិទភ្នែកដេក យ៉ាងណាគង់តែលក់មិនខានទេ ខ្ញុំជឿ។

    ---

    ព្រឹកឡើង, បរិវេណសាលារញ៉េរញ៉ៃដូចរាល់ដង។ សិស្សានុសិស្សជាច្រើនដើរច្រវែងច្រវ៉ាត់និយាយគ្នាពីនេះពីនោះបង្កជាសំឡេងឡើងទ្រហ៊ឹងអើងកង។ ខ្ញុំធ្វើមុខមាំដើរចូលក្នុងថ្នាក់ដោយគ្មានអារម្មណ៍ញញឹម។ 

    ម៉ោងសិក្សាពិតជាគួរឱ្យធុញមែន បើសិនជាអាចឱ្យពេលវេលាដើរទៅមុខឱ្យលឿន មិនដឹងជាល្អយ៉ាងណាទេ។ បន្ទាប់ពីអង្គុយសំកុកមិនស្ដាប់គ្រូអស់ជាច្រើនម៉ោង, ទីបំផុតក៏ដល់ម៉ោងចេញ។

    ខ្ញុំមកដល់ផ្ទះក្នុងសភាពស្ងៀមស្ងាត់។ មុននឹងម៉ាក់ចេញទៅខេត្តផ្សេង, គាត់បានរៀបចំម្ហូបអាហារឱ្យខ្ញុំរួចស្រេច។ ខ្ញុំទម្លាក់កាតាបរៀនចុះហើយសំកុកនៅតុបាយ។ ខ្ញុំស្អប់ភាពឯកា ខ្ញុំស្អប់ការចង់ដឹង និង...អារម្មណ៍នឹក។

    គិតទៅជីវិតដូចគេនិយាយមែន, រៀនហើយដេកៗហើយស៊ី ស៊ីហើយរៀន រៀនហើយធ្វើការ ធ្វើការហើយស្លាប់ ជីវិតអើយជីវិតពិតជាមានន័យមែន។ 

    ពេលវេលារហ័សណាស់ នៅល្ងាចនោះ, បន្ទាប់ពីចេញពីរៀនគួរបន្ថែមហើយ ម៉ោង៧ទៅហើយ ព្រះសូរិយាបានលិចចុះផ្ដល់ឱ្យផែនដីនូវភាពងងឹត តែមនុស្សម្នាបើកភ្លើងអគ្គិសនីតាមផ្ទះ និងភ្លើងបង្គោលធំៗតាមផ្លូវថ្នល់។ ខ្ញុំជិះម៉ូតូក្នុងល្បឿនលឿនល្មមក្នុងហ្វូងចរាចរដ៏រញេរញ៉ៃ។ មួយសន្ទុះធំ ខ្ញុំជិះផុតហ្វូងមនុស្សហើយកាច់ចូលផ្លូវដីដ៏ស្ងាត់ និងងងឹតបានពន្លឺតែពីអំពូលខាងមុខនៃម៉ូតូ។ ផ្លូវស្ងាត់នេះផ្ដល់ឱ្យខ្ញុំនូវភាពស្រង៉េះស្រង៉ោច។ វាមិនមែនជាផ្លូវទៅផ្ទះខ្ញុំទេ, តែជាផ្លូវទៅផ្ទះនោះ...ផ្ទះដែលគេនិយាយនោះ...គឺផ្ទះដែលមានរូងងងឹត។ ផ្លូវនេះគ្មានអ្នកជិះកាត់ច្រើនខែមកហើយ បានជាមានស្មៅដុះស៊ុបទ្រុបយ៉ាងដូច្នេះ។ សំឡេងចង្រឹតយំឆ្លងឆ្លើយជាមួយនឹងសំឡេងឆ្កែលូល្វើយពីចម្ងាយ ច្នៃអារម្មណ៍ឱ្យខ្ញុំនឹកខ្លាចព្រួច មិនសមណាក្មេងស្រីអាយុ១៦ឆ្នាំម្នាក់នេះចង់ដឹងចង់ឮរឿងដែលគេហាមឃាត់ សុខចិត្តជិះម៉ូតូមកមើលតែម្នាក់ឯងសោះ, តែអ្វីដែលខ្ញុំចង់ដឹង គឺត្រូវតែដឹង ជាទម្លាប់តាំងពីកុមាររបស់ខ្ញុំទៅហើយ។

    ខ្ញុំមិនដែលមកទីនេះទេ, តែមើលតាមព័ត៌មានអាចឱ្យស្គាល់ទីតាំងនៃផ្ទះនោះបាន ព្រោះគេថាផ្ទះនោះមានតែមួយដាច់ពីគេ មិនពិបាកនឹងច្រឡំឡើយ។

    ទម្រាំមកដល់ទីនេះ ចំណាយពេលស្ទើកន្លះម៉ោងទៅហើយ ខ្ញុំឈប់ម៉ូតូនៅមុខផ្ទះនេះ ហើយរាវយកពិលពីក្នុងកាតាប។ បន្ទាប់ពីរាវពិលបានហើយ ខ្ញុំតាំងចិត្តក្លាហានដើរចូលបរិវេណផ្ទះដែលបោះបង់ចោលនេះទាំងអារម្មណ៍មិនស្រួល។ ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលបញ្ចាំងពិលទៅឃើញម៉ូតូបីទៀតនៅទីនេះ។

    «មកហើយឬ?» សំឡេងមួយសួរ។

    «ធ្វើតាមអ្វីដែលចង់ធ្វើទៅ!!!» សំឡេងមួយទៀតនិាយត ហើយក៏លេចរូបមិត្តទាំងបីរបស់ខ្ញុំដើរតម្រង់មករកខ្ញុំ។ ខ្ញុំដកដង្ហើមធំធូរទ្រូងរួចញញឹមទៅកាន់ពួកគេ។

    «ខំតែភ័យ ស្មានតែខ្មោច!» ខ្ញុំនិយាយព្រមទាំងសើច។ «ហើយលោកលោកស្រីទាំងបីនាក់ឯងមកទីនេះធ្វើអីដែរ? ក្រែងឃាត់នាងខ្ញុំដាច់អហង្កាណាស់ហ្អី ថាកុំឱ្យមកទីនេះ!»

    «មកពីឃាត់មិនបានហ្នឹងហើយទើបមក,» ស៊ីនឌីននិយាយ។ «យើងជាមិត្តល្អនឹងគ្នា បើមានរឿងអីត្រូវមានជាមួតគ្នា។»

    «បើស្លាប់ សូមស្លាប់ជាមួយគ្នា,» អាន់កាក់និយាយ។

    «បើមានកូន សូមមានជាមួយគ្នា,» អូទីកូនិយាយបែបនេះធ្វើឱ្យយើងទាំងអស់គ្នាសើច។ មិត្តសង្ហាម្នាក់នេះតែងនិយាយកំប្លែងឱ្យបានសើចរហូត។

    «ហើយពួកឯងមិនខ្លាចស្លាប់ទេអី?» ខ្ញុំសួរទៅពួកគេ។

    «ប្រាប់ហើយតើ បើស្លាប់ត្រូវស្លាប់ទាំងអស់គ្នា... យី!»

    មិនបង្អង់យូរ ពួកយើងក៏នាំគ្នាដើរទៅក្រោយផ្ទះតម្រង់ទៅកន្លែងដែលមានរូងជ្រៅនោះ។ នៅទីនេះ មានផ្ទាំងស៊ីម៉ង់ធំមួយបិទខាងលើមាត់រូងដើម្បីការពារកុំឱ្យមានមនុស្សចូលទៅ។ ពួកយើងនាំគ្នាលើកផ្ទាំងនោះចេញ ហើយឃើញរូងងងឹតនោះជ្រៅចុះទៅក្រោម។ 

    «ដូចជាមិនគួរឱ្យចុះសោះ!» អាន់កាក់ចាប់ផ្ដើមរួញរា។

    «បើយើងចុះទៅយើងគ្មានថ្ងៃអាចឡើងមកវិញឡើយ,» ស៊ីនឌីនបន្ទរ។ ពួកយើងគិតមួយស្របក់។ ខ្ញុំចាប់ផ្ដើមនិយាយ៖

    «សម្រាប់ខ្ញុំ គ្មានអីត្រូវខ្លាចទេ។ ជីវិតខ្ញុំចាប់ផ្ដើមសោកសៅ ខ្ញុំរស់គ្មានន័យស្រាប់ទៅហើយ។ ហើយពួកយើងក៏ជិតបែកគ្នាទៀត។ អាន់កាក់ឯងត្រូវផ្លាស់ទៅរៀននៅបរទេស ស៊ីនឌីនឯងត្រូវឈប់រៀនទៅកត់ឈ្មោះភ្ញៀវនៅផ្ទះសំណាក់ម៉ាក់របស់ឯង, អូទីកូក៏ត្រូវទៅនៅជាមួយយាយតានៅជប៉ុនទៀត ចឹងខ្ញុំនៅតែឯងឯកាដដែល ណ្ហើយស្លាប់ដោយអស់ចម្ងល់ វាប្រសើជាងរស់ដោយជីវិតគ្មានន័។»

    ពួកយើងឱបគ្នាយ៉ាងណែន។ ខ្ញុំនិយាយសុទ្ធតែជាការពិត។ ប៉ុន្មានខែខាងមុខទៀតយើងទាំងបួនត្រូវបែកគ្នា ហើយមានតែខ្ញុំម្នាក់ដែលនៅបន្តរៀន ខ្ញុំគ្មានពួកម៉ាកណាក្រៅពីវាទេ ចឹងនៅរស់ក៏គ្មានន័យអ្វីឡើយ។

    «គ្នាត្រូវចុះទៅហើយ ឯងនៅខាងលើបើចាំគ្នា១០នាទី ត្រូវទាញគ្នាឡើង បើមិនឃើញគ្នាទេ ពួកឯងទៅផ្ទះវិញចុះ។»

    «ធ្វើចឹងអត់ត្រូវទេ,» ម្នាក់ៗបដិសេធ។ ទីបំផុត យើងសម្រេចថាចុះទៅរូងនោះទាំងអស់គ្នា។ តែយើងបានទុកស៊ីនឌីនឱ្យនៅ ព្រោះវាត្រូវសម្រូតយើងចុះ និងជាអ្នកទាញយើងឡើងវិញផងដែរ។ យើងរាល់គ្នាក៏យល់ព្រម។ ក្រោមពន្លឺពីព្រះចន្ទ្រា, ពួកយើងចងធុងសាំងនឹងចុងខ្សែពួរយ៉ាងជាប់, វ័ធវាភ្ជាប់នឹងបង្គោលសសរមួយដែលនៅក្បែរនេះ ហើយយើងទាំងបីឡើងអង្គុយលើធុងសាំងនោះ។

    «តោះ! ស៊ីនឌីន! សម្រូតយើងចុះទៅ។»

    ខណៈដែលយើងកំពុងត្រូវបានបន្ទាបចុះទៅក្នុងរូងងងឹតនោះដោយមានកាន់ពិលមួយម្នាក់នៅក្នុងដៃ, យើងទាំងបីនាក់ចាប់ដៃគ្នាយ៉ាងណែន។ មុខម្នាក់ៗពោរពេញដោយភាពភ័យព្រួយ, ខ្ញុំក៏ភ័យដែរ។

    នៅក្នុងនេះ, ពេលខ្ញុំបញ្ចាំងពិលមើលឃើញថារូងនេះមិនមែនតូចទេ គឺធំល្មមអាចទម្លាក់ដំរីមួយចុះមកបាន, ហើយដីមានលក្ខណៈរឹង។ មួយសន្ទុះ, ដោយទម្ងន់យើងធ្ងន់ពេក, ខ្សែស្រាប់តែដាច់, ពួកយើងក៏ធ្លាក់ចុះក្រោមក្នុងល្បឿននៃការធ្លាក់យ៉ាងលឿន។ របូតដៃពីពិល យើងធ្លាក់ចុះលឿនខ្លាំងរហូតងងឹតឈឹងមើលអ្វីមិនឃើញ។

    យើងស្រែកខ្លាំងណាស់ព្រោះភ័យ, មិនដឹងថាត្រូវធ្លាក់បុកនឹងអ្វីនោះទេ។

    «យើងនឹងស្លាប់ឆាប់ៗនេះហើយ!» អូទីកូស្រែកស្របនឹងខ្ញុំដែរ។

    ព្រឹប...

    សំឡេងមួយព្រឹបលាន់មុនសំឡេង ប៉ូក អូយ... ដែលត្រូវពិលធ្លាក់ត្រូវក្បាល។ យើងធ្លាក់មកលើចំបើងក្រាស់ជាច្រើនដែលមិនធ្វើឱ្យយើងស្លាប់ឡើយ។

    «អូយ...ស្មានតែងាប់ហើយតើ...» អាន់កាក់និយាយ សំឡេងឡើងលាន់ពេញរូង។ ខ្ញុំលើកពិលបញ្ចាំងមើលជុំវិញខ្លួន។ នៅត្រង់នេះជាបរិវេណធំល្មម នៅនឹងជញ្ជាំងដីមានគំនូរចារឹកជាច្រើនរវីមរវាម ហើយក្រោមនេះក៏មានផ្លូវដើរមួយផងដែរ។ វាដូចជាមាននរណាមកធ្វើផ្ទះក្រោមដីយ៉ាងអ៊ីចឹង។

    «តើទីនេះជាអ្វី?» អាន់កាក់ងើបឈរ បោសចំបើងដែលជាប់នឹងខោអាវ និងសក់របស់នាង។ «អាយុថ្លៃ ធ្លាក់ពីទីខ្ពស់ហើយមិនស្លាប់។»

    «ទីនេះជារូងងងឹតនឹងណាចែ,» ប្រុសស្អាតអូទីកូនិយាយយ៉ាងព្រងើយ ដូចជាមិនខ្លាចអ្វីសោះ។

    «មើលគំនូរលើជញ្ជាំងនោះចុះ។» ខ្ញុំចង្អុលទៅជញ្ជាំងម្ខាង។ ពិលទាំងបីរបស់យើងជាជំនួយបញ្ចាំង មិនឱ្យទីនេះងងឹតឡើយ។ នៅទឹសម្ខាងទៀត មានផ្លូវមួយតូចល្មមមាឌមនុស្សដើរចូល។ យើងកំពុងតែឆ្ងល់នឹងកន្លែងហ្នឹង ស្រាប់តែមានអ្វីម្យ៉ាងរត់មករកយើង។ អ្វីម្យ៉ាងនោះគឺជាយាយចាស់ម្នាក់ សក់ក្បាលសំព្រីងសំព្រោង ស្លៀកពាក់ខោអាវដាច់រយេយរយ៉ៃ ប្រឡាក់ធូលី គួរឱ្យខ្លាច។ គាត់បញ្ចេញចង្គូមស្រួចៗគួរឱ្យព្រឺព្រួចខ្លាំងណាស់។

    «ឈប់សិន!!! ខ្ញុំមកមិនធ្វើអីអាក្រក់ទេ!»

    «ពួកយើងគ្មានបំណងអាក្រក់ឡើយ,»

    យាយចាស់នោះហាក់ស្ដាប់ភាសាយើងបាន គាត់នៅស្ងៀមមើលមកយើងដោយក្រសែភ្នែកមិនទុកចិត្ត។

    «ពួកឯងទាំងបីជានរណា?»

    «ពួកខ្ញុំជាសិស្សណាលោកយាយ!» អូទីកូដ៏ក្លាហានជាសុភាពបុរសនិយាយជំនួសយើងទាំងពីរ។ «ពួកខ្ញុំគ្រាន់តែចង់ចូលមកមើលក្នុងនេះប៉ុណ្ណោះ គ្មានបំណងអាក្រក់ឡើយ។»

    លោកយាយនោះប្រែទឹកមុខទៅជាក្រៀមក្រំគួរឱ្យអានិត។

    «ពួកឯងខ្លាចខ្ញុំទេ?» យាយសួរ។

    «អត់មានអីគួរឱ្យខ្លាចទេ!» ខ្ញុំនិយាយព្រមទាំងព្យាយាមចូលទៅជិតគាត់បន្តិចម្ដងៗ។

    «ខ្ញុំស៊ីសាច់មនុស្សជាអាហារ តើពួកឯងស្អប់ខ្ពើមខ្ញុំទេ?»

    «មិនស្អប់ទេ ព្រោះលោកយាយប្រាកដជាមានហេតុផល។»

    លោកយាយចាស់សំព្រោងនោះទម្លាក់ទឹកមុខទៅជាក្រៀមក្រំម្ដងទៀតគួរឱ្យស្រងេះស្រង៉ោច។ គាត់បក់ដៃជាសញ្ញាឱ្យយើងទៅតាមគាត់ កាត់តាមផ្លូវមួយនោះ។ យើងក៏កាន់ពិលដើរតាមគាត់មួយសន្ទុះក៏មកដល់ល្អាងធំល្មម នៅទីនេះយើងឃើញមានសាកសពមនុស្សស្វិតក្រជីវ និងសត្វពពែស្នែងវែងមួយក្បាល។ គាត់អង្គុយចុះទៅលើដី អង្អែលក្បាលពពែហើយយំ។

    ខ្ញុំចូលទៅក្បែរគាត់ គាត់និយាយតិចៗថា៖

    «បីឆ្នាំមកហើយ ដែលខ្ញុំនៅក្នុងរូងនេះ...បីឆ្នាំហើយដែលទ្រាំស៊ីសត្វកណ្ដុរកន្លាតជន្លេន...បីឆ្នាំហើយដែលមិនដែលជួបទាក់ទងនឹងមនុស្ស។...បីឆ្នាំហើយដែលសម្រស់របស់ខ្ញុំត្រូវរលាយក្លាយជាសម្រស់មេធ្មប់...បីឆ្នាំមកហើយដែលខ្ញុំត្រូវរស់ចិញ្ចឹមសត្វពពែចង្រៃមួយក្បាលនេះ ក្នុងជីវិតលំបាកលំបិនជាទីបំផុត...»

    ពួកយើងអង្គុយស្ដាប់យ៉ាងអានិត និងមិនយល់។ គាត់ដើររញីរញ័រទៅបើកទ្វារឈើមួយជាប់នឹងជញ្ជាំងដី គ្រាន់តែបើកភ្លាមយើងភ្ញាក់ផ្អើលជាខ្លាំង។ នៅក្នុងនោះជាបន្ទប់ដែលដាក់ពេញទៅដោយមាសពេជ្រដុំដែលមិនទាន់ច្នៃ ជាច្រើនរយដុំ ពេញបន្ទប់ដីធំនោះ។ 

    «ខ្ញុំអរគុណណាស់ដែលពួកឯងទាំងបីមិនខ្លាចខ្ញុំ។ អ្នកឯទៀតដែលចុះមកទីនេះជាច្រើននាក់តែងខ្លាចខ្ញុំ ហើយព្យាយាមវាយខ្ញុំ ទើបខ្ញុំបង្ខំចិត្តត្រូវតែសម្លាប់ និងស៊ីសាកសពពួកគេ និងដើម្បីចិញ្ចឹមសាកសពស្វិត និងសត្វពពែមួយក្បាលនេះ។ ចូរអ្នកទាំងអស់គ្នាយកទ្រព្យតាមសប្បាយ និងឡើងទៅវិញចុះ។»

    «ទេ!» ខ្ញុំបដិសេធភ្លាមៗ។ «ពួកខ្ញុំមិនចង់បានទ្រព្យរបស់ឡើយ បើសិនជាអាច, ពួកខ្ញុំសុំសួរលោកយាយបានទេ? ហេតុអីបានជាមកនៅក្នុងរូងដ៏សែនជ្រៅជាមួយនឹងសត្វពពែ និងសាកសពសង្វិតនេះទៅវិញ?»

    លោកយាយនោះចាប់ផ្ដើមយំម្ដងទៀត។ មួយសន្ទុះគាត់ងើបមុខឡើង ហើយនិយាយ៖

    «តាមពិតទៅ ឆ្នាំនេះត្រូវខ្ញុំមានអាយុស្មើអ្នកទាំងបីដែរ ហើយសម្រស់ខ្ញុំក៏ស្រស់ស្អាតដូចអ្នកទាំងបីដែរ, តែមូលហេតុដែលខ្ញុំក្លាយជាយាយចាស់ និងត្រូវមកនៅក្នុងរូងជាមួយសាកសពស្វិត និងសត្វពពែបែបនេះដោយសារតែទាក់ទងនឹងរឿងទឹកអប់ ដែលខ្ញុំនឹងនិទានឱ្យអ្នកទាំងអស់គ្នាស្ដាប់...»។

    (សូមរង់ចាំអានរឿង ទឹកអប់ ជាភាគ៣នៃរឿង រូងងងឹត នារាត្រីម៉ោង៨ស្អែកនេះ)
    រូងងងឹត (ភាគ២) : បំបែកអាថ៌កំបាំង រូងងងឹត (ភាគ២) : បំបែកអាថ៌កំបាំង Reviewed by Unknown on 7:33 PM Rating: 5
    Loading...
    Powered by Blogger.