រូងងងឹត : រូងដ៏សែនរន្ធត់
មានបុរស និងនារីម្នាក់រស់នៅក្នុងកសិដ្ឋានដាច់ស្រយាលមួយកន្លែង។ បុរសជាប្ដីមានចិត្តអាក្រក់ ហើយឆេវឆាវ ដែលតែងតែគំហ៊ក និងប្រើហិង្សាពាក្យសម្ដីដាក់ភរិយារបស់គាត់។ គាត់មិនងាយនិយាយរកនាងទេ ហើយរាល់ពេលនាងនិយាយអ្វីសូម្បីបន្តិច, គាត់នឹងស្រែកកុំឱ្យនាងនិយាយតទៀត។
យប់ខែភ្លឺមួយ, បុរសនោះកំពុងជីកអណ្ដូងមួយដោយមានជំនួយពីប្រពន្ធរបស់គាត់ផង។ ភ្លាមៗនោះ, បាតដីស្រាប់តែបាក់ចុះក្រោមបណ្ដាលឱ្យឃើញរូងដ៏ជ្រៅមួយ។ បុរសនោះឆ្ងល់ខ្លាំងណាស់ហើយចង់ដឹង, ទើបប្រាប់ប្រពន្ធគាត់ឱ្យទៅយកពិលមកពីក្នុងផ្ទះ។
ពេលនាងរត់ត្រឡប់មកវិញជាមួយពិលមួយ, គាត់ទទួលយកពិលហើយបើកវា, ចងវាភ្ជាប់ជាមួយនឹងខ្សែមួយរួចបន្ទាបវាទៅក្នុងរូងជ្រៅនោះ។ បន្ទាបចុះក្រោមៗ, តែទោះជាតខ្សែចុះទៅវែងយ៉ាងណាក៏មិនដល់បាតដីដែរ។
បុរសនោះចាប់ផ្ដើមទាញខ្សែឡើងមកវិញ, តែវាដូចជាទាក់ជាប់អ្វីម្យ៉ាង។ គាត់ទាញវាឡើង, តែដូចជាអ្វីម្យ៉ាងប្រឹងទាញចុះ។ បុរសនោះខឹងណាស់, ចាប់ទាញខ្សែមួយទំហឹងហើយខ្សែវិះតែនឹងរបូតពីដៃគាត់ទៅហើយ។
ទីបំផុត, គាត់អាចទាញខ្សែឡើងមកវិញបានហើយ, តែពេលគាត់ពិនិត្យមើលចុងខ្សែ, ពិលបានបាត់ហើយ។ ជំនួសឱ្យនោះ, វាគឺជាក្រដាសសតូចមួយ។ គាត់បើកវាទាំងដៃញ័រទទ្រើក និងអារម្មណ៍ភ្ញាក់ផ្អើល, ហើយក្នុងក្រដាសនោះគឺជាអក្សរដៃដែលសរសេរក្នុងពណ៌ទឹកមាស។
គាត់ព្យាយាមអានអក្សរនោះដែរ, តែវាសរសេរដោយភាសាផ្សេងដែលគាត់មិនអាចអានដាច់ឡើយ, ដូច្នេះគាត់ក៏បោះវាចោល។ គាត់ប្រាប់ប្រពន្ធគាត់ថាគាត់នឹងទៅទីក្រុងដើម្បីទៅទិញពិលបន្ថែមទៀត ហើយបង្គាប់ឱ្យនាងនៅមើលរូងនោះឱ្យជាប់ខណៈដែលគាត់ចេញទៅ។
គ្រាន់តែគាត់ចេញទៅភ្លាម, នាងប្រញាប់ចូលក្នុងផ្ទះហើយដើរចូលមកទូដាក់សៀវភៅដើម្បីរកវចនានុក្រម។ បន្ទាប់មក, នាងបានបេះចំណិតនំមួយដុំធំពីទូដាក់ម្ហូប។ នាងថែមទាំងទាញប៊ិកមកសរសេរលើក្រដាសមួយ។ ពេលនាងត្រឡប់មកកន្លែងរូងនោះវិញ, នាងដាក់របស់ទាំងនេះចូលក្នុងកន្ត្រកមួយ, រួចចងវាភ្ជាប់នឹងចុងខ្សែរួចបន្ទាបវាចុះទៅក្រោម។
ស្ត្រីនោះរង់ចាំមួយសន្ទុះហើយបន្ទាប់មកនាងទាញខ្សែឡើងមកវិញ។ វាដូចជាធ្ងន់ជាងមុនពីរដង ដែលនាងប្រឹងទាញយ៉ាងខ្លាំង។ ពេលនាងទាញកន្ត្រកឡើងមកដល់ខាងលើហើយ, នាងភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលឃើញថាកន្ត្រកពេញទៅដោយគ្រឿងអលង្ការចាំងរន្ទាលមានតម្លៃ។ វាមានក្រដាសតូចមួយទៀត តែពេលនេះវាសរសេរជាភាសាដែលអាចឱ្យនាងអានយល់។
វាសរសេរថា, «ផ្ញើអាហារថែមទៀតមក»។
នាងប្រញាប់ចូលទៅក្នុងផ្ទះដើម្បីលាក់គ្រឿងអលង្កាទាំងឡាយដោយប្រាកដចិត្តថាប្ដីនាងមិនអាចរកវាឃើញឡើយ។
ពេលបុរសនោះត្រឡប់មកវិញ, ខាងក្រោយឡានភីកអាប់របស់គាត់ពេញទៅដោយពិល។ គាត់យកពិលពីរបីមកដាក់ក្នុងកន្ត្រកហើយទម្លាក់ចូលទៅក្រោមរូង, តែពេលគាត់ទាញខ្សែឡើងមកវិញ, គាត់ខឹងយ៉ាងខ្លាំងពេលឃើញថាកន្ត្រកមិនមានពេញដោយគ្រឿងអលង្កាឡើយ, គឺមានពិលខូចពីរបីប៉ុណ្ណោះ។
គាត់ផ្ទុះកំហឹងជាខ្លាំង, ទៅយកពិលមួយមកពាក់ពីលើក្បាលគាត់។ បន្ទាប់មក, គាត់រត់ទៅផ្ទះគាត់វិញហើយយកកាំភ្លើងខ្លីមក។
គាត់ប្រាប់ប្រពន្ធគាត់ថាគាត់នឹងចុះទៅក្នុងរូងងងឹតនោះដើម្បីប្រដៅវាម្ដង។ នាងអង្វរកុំឱ្យគាត់ចុះទៅអី តែគាត់ខឹងខ្លាំងណាស់ គាត់មិនស្ដាប់នាងឡើយ។ គាត់ចងខ្សែភ្ជាប់នឹងស្គរចាស់មួយ រួចគាត់ចូលទៅក្នុងស្គរនោះ ហើយបញ្ជាឱ្យប្រពន្ធគាត់បន្ទាបខ្សែឱ្យគាត់ចុះទៅក្នុងរូងនោះ, ហើយ១០នាទីក្រោយត្រូវទាញគាត់ឡើងវិញ។ នាងក៏ធ្វើតាមពាក់របស់គាត់ដោយបន្ទាបខ្សែចងស្គរនោះចុះទៅក្រោមតិចៗ។
នារីនោះសម្លឹងមើលទៅនាឡិការបស់នាង ដោយ១០នាទីកន្លងផុតហើយ, ទើបនាងទាញស្គរឡើងមកលើវិញ។ នាងមើលទៅក្នុងស្គរ, តែប្ដីរបស់នាងមិននៅក្នុងនោះឡើយ គឺបែរជាមាសប្រាក់ និងដុំពេជ្រជាច្រើន។ នៅខាងលើស្គរជាក្រដាសមួយសរសេរថា : “អរគុណសម្រាប់សាច់ស្រស់មួយនេះ”។
(សូមរង់ចាំអានភាគទី២ តើខាងក្នុងរូងងងឹតនោះគឺជាអ្វី?)
រូងងងឹត : រូងដ៏សែនរន្ធត់
Reviewed by Unknown
on
8:00 PM
Rating: