>
  • ទំព័រដើម
  • រូងងងឹត (ភាគ៣) : ទឹកអប់លោហិតព្រលឹង

     
    បងស្រីខ្ញុំ, សារ៉ា, បានបាត់ខ្លួនមួយសប្ដាហ៍ហើយ។ ម៉ាក់ខ្ញុំមិនបានទៅប្ដឹងប៉ូលីសទេ។ យើងមិនបានដាក់ដំណឹងបាត់ខ្លួននៅតាមផ្លូវទេ។ យើងមិនតាមរកនាងទាល់តែសោះ។ គឺដោយសារតែយើងដឹងថានាងនៅកន្លែងណា។

    អ្នកជិតខាងយើងគិតថាយើងមិនខ្វល់ពីសារ៉ា។ ពួកគេគិតថាយើងព្រងើយកន្តើយមិនតាមរកនាង។ អ្នកខ្លះថែមទាំងបង្កើតពាក្យចចាមអារាមថាយើងបានសម្លាប់នាង និងកប់នាងនៅកន្លែងណាមួយទៀតផង។ អ្នកខ្លះសង្ស័យថាយើងលាក់នាងក្នុងបន្ទប់ក្រោមដី។

    ពួកគេគិតខុសទាំងអស់។ វាគ្មានទេ ហើយនាងក៏មិនមែនកំពុងលាក់ខ្លួនដែរ, តែគ្មាននរណាអាចរកនាងឃើញឡើយ។ ខ្ញុំចង់ប្រាប់ពួកគេពីរឿងដែលកើតឡើងដែរ, តែគ្មាននរណានឹងជឿខ្ញុំឡើយ។

    វាតែងតែមានដបទឹកអប់ទទេមួយនៅលើតុដាក់គ្រឿងសម្អាងក្នុងបន្ទប់គេងម៉ាក់ខ្ញុំ។ ខ្ញុំមិនដែលដឹងឡើយថាមូលហេតុអីបានជាគាត់ទុកវានៅទីនោះ។ បើតាមដែលខ្ញុំចាំបាន, វានៅតែនៅទីនោះ។ 

    ម៉ាក់ខ្ញុំធ្លាប់ជារាជ្ជនីកំពូលសម្រស់។ គាត់បានទទួលម្កុដិបវរកញ្ញាពិភពលោកនៅឆ្នាំ១៩៩០។ គាត់បានចាក់វីដេអូនោះឱ្យយើងមើលជាច្រើនដង។ គាត់មានសម្រស់ស្អាតដាច់គេ, ឈរនៅលើឆាកជាមួយសក់វែងពណ៌ត្នោត, ភ្នែកធំៗ, ធ្មេញសស្គុសតម្រៀបស្មើជួរ ហើយនឹងរ៉ូបវែងចែងចាំង។

    គាត់ច្រៀងបទ “នារីកំពូលសម្រស់»។ គាត់ពិតជាលេចធ្លោខ្លាំងណាស់។ គាត់ឆ្លើយរាល់សំណួររបស់គណកម្មការជាមួយនឹងចម្លើយដ៏ប្រពៃ និងស្នាមញញឹមដ៏មានមន្តស្នេហ៍។

    «ក្ដីប្រាថ្នាតែមួយគត់របស់នាងខ្ញុំគឺ, សូមឱ្យេះិភពលោកទាំងមូលមានសន្តិភាព,» គាត់និយាយ។ «ខ្ញុំចង់ឱ្យពិភពលោកចាប់ដៃគ្នា, ព្រោះយើងមិនបែកបាក់សាមគ្គីទេបើយើងចាប់ដៃគ្នាឱ្យជាប់។»

    គាត់មើលទៅស្អាតដាច់បេក្ខជនទាំងឡាយ។ 

    ម៉ាក់ឱ្យយើងមើលវីដេអូនោះម្ដងហើយម្ដងទៀតរហូតដល់យើងចងចាំគ្រប់វិនាទីទាំងអស់។ ម៉ាក់ខ្ញុំដឹងពីរបៀបក្លាយជាស្រីស្អាត ហើយចង់ឱ្យយើងរៀនក្លាយជាស្រីស្អាត។

    គាត់ឈ្នះការប្រកួតនោះ ហើយក្លាយជាម្ចាស់ម្កុដិបវរកញ្ញាឆ្នាំនោះ, ហើយត្រូវគេដាក់រហ័សនាមឱ្យថា រាជ្ជនីកំពូលសម្រស់។

    ពីរឆ្នាំក្រោយពីនោះមក, គាត់ជួបនឹងប៉ាខ្ញុំ។ មួយឆ្នាំក្រោយ, ពួកគេក៏រៀបការជាមួយគ្នា។ ក្រោយមកទៀត, សារ៉ាក៏កើត។ ពីរឆ្នាំក្រោយនោះទៀត, គ្រាន់តែខ្ញុំកើតបានប៉ុន្មានថ្ងៃ, ប៉ាខ្ញុំក៏ចាកចេញទៅគ្មានថ្ងៃវិលត្រឡប់ឡើយ។ សារ៉ាមិនចាំមុខរបស់គាត់ឡើយ។ ខ្ញុំមិនដែលទាំងឃើញគាត់ផង។ ម៉ាក់ខ្ញុំដុតរូបថតគាត់ចោលទាំងអស់។

    សារ៉ាមានអាយុច្រើនជាងខ្ញុំ២ឆ្នាំ។ នាងក៏ជាស្រីស្អាតដែរ។ នាងពេញនិយមណាស់។ នាងមានសក់ទង់ដែងវែង និងភ្នែកទាំងគូភ្លឺថ្លា។ ស្បែកនាងសដូចទឹកដោះគោ ហើយពណ៌ដែលនាងចូលចិត្តគឺពណ៌ផ្កាឈូក។ នាងតែងមានស្នាមញញឹមជានិច្ចនៅលើមុខ។ ម៉ាក់ខ្ញុំមានគម្រោងការធំមួយទៅលើសារ៉ា។ គាត់ចង់ឱ្យនាងក្លាយជារាជ្ជនីកំពូលសម្រស់ម្នាក់ ដូចជាគាត់ដែរ។

    វាចាប់ផ្ដើមក្នុងថ្ងៃកំណើតអាយុ១៣ឆ្នាំរបស់សារ៉ា។ នាងផ្លុំទានហើយកាត់នំ។

    «កូនឯងចាប់ផ្ដើមធាត់ហើយ,» ម៉ាក់ខ្ញុំប្រាប់នាង។ «យើងត្រូវតែកំណត់អាហារសម្រាប់កូនឯង។»

    សារ៉ាមិនញ៉ាំនំខេកឡើយនាថ្ងៃនោះ។ បន្ទាប់ពីនោះ, នាងចំណាយពេលសម្លឹងមើលខ្លួនឯងក្នុងកញ្ចក់បន្ទប់ទឹក។

    «មើលថ្ពាល់ធាត់របស់ឯងចុះ,» ម៉ាក់ខ្ញុំតែងនិយាយ។ «កូនឯងត្រូវតែសម្រកទម្ងន់។»

    ខ្ញុំគិតថាសារ៉ាមិនធាត់សោះ, តែខ្ញុំមិនហ៊ាននិយាយតជាមួយម៉ាក់ឡើយ។ នាងនឹងក្លាយជារាជ្ជនីកំពូលសម្រស់នាថ្ងៃមុខមិនខាន។

    «មើលភ្លៅឯងចុះ,» ម៉ាក់ខ្ញុំនិយាយដាក់នាង។ «អាក្រក់មើលណាស់។ កូនឯងកំពុងក្លាយជាមនុស្សកន្ធាត់ម្នាក់ហើយ។»

    ពីរបីសប្ដាហ៍ក្រោយមក, ម៉ាក់ខ្ញុំប្រាប់សារ៉ាឱ្យឈប់បរិភោគអាហារទាំងអស់។ បងស្រីខ្ញុំយល់ព្រមទាំងក្រៀមក្រំ។ កូនស្រីត្រូវតែស្ដាប់បញ្ជាម្ដាយ។
     
    ម៉ាក់ខ្ញុំគ្រប់គ្រងរបបអាហាររបស់បងស្រីខ្ញុំ។ គាត់ចាប់ផ្ដើមឱ្យបងស្រីខ្ញុំញ៉ាំចាហួយពណ៌ផ្កាឈូកមួយស្លាបព្រារាល់ពេលម៉ោងបាយ។ គាត់ថាចាហួយផ្ទុកស្ទើតែ០នៃភាពធាត់។

    សារ៉ាចាប់ផ្ដើមស្រកទម្ងន់បន្តិចម្ដង។ ពីរបីខែក្រោយមក, នាងពិតជាស្គមស្គាំងខ្លាំងណាស់ ហើយឃ្លានខ្លាំងមែនទែន។ រាងកាយនាងធ្វើការអីលែងបាន។ នាងរញីរញ័ររាល់ពេលដែលនាងព្យាយាមងើបឈរ។ របបអាហារចាហួយកន្លងទៅមួយខែទៀត, រហូតដល់សារ៉ាខ្សោយយ៉ាងខ្លាំងដែលនាងមិនអាចសូម្បីតែងើបចេញពីគ្រែ។

    រហូតដល់ថ្ងៃមួយដែលខ្ញុំមិនឃើញនាងឡើយក្នុងបន្ទប់ដេករបស់នាង។ ខ្ញុំសួរម៉ាក់តែគាត់បានត្រឹមតែញញឹមមួយសន្ទុះហើយតប, «ឯងនៅក្បែរម៉ាក់ចឹងក្រអូបអត់?»

    ខ្ញុំធំក្លឹនក្រអូបឈួល ស្ទើតែបែកក្អួត។

    «ក្រអូបខ្លាំងពេកហើយម៉ាក់,» ខ្ញុំតប។ «តើសារ៉ាទៅណាហើយ?»

    «សារ៉ាគឺជាក្លឹនក្រអូបនេះហើយ។» គាត់តបហើយក៏ដើរឡើងទៅបន្ទប់ដេកគាត់បាត់។ ខ្ញុំមិនយល់ពីសម្ដីរបស់គាត់ឡើយ។ តែក្រោយមក, ខ្ញុំក៌បានដឹង...

    រៀងរាល់ថ្ងៃ, ខ្ញុំលបចូលមកក្នុងបន្ទប់ម៉ាក់ខ្ញុំហើយសម្លឹងមើលដបទឹកអប់។ វាស្អាតណាស់។ ទឹកពណ៌ក្រហមឈាមវិលវល់យ៉ាងបំព្រង។ បើខ្ញុំសម្លឹងកាន់តែយូរ, ខ្ញុំអាចស្រមៃឃើញមុខដ៏ស្រស់ស្អាតរបស់បងស្រីខ្ញុំវិលវល់ក្នុងទឹកក្រហមនោះ។

    «បែបនេះវាល្អហើយ,» ម៉ាក់ខ្ញុំនិយាយ។ «ឥឡូវនេះ, នាងនឹងនៅតែក្មេងហើយមានសម្រស់ស្រស់ត្រកាល...»

    ព្រឹកនេះ, ខ្ញុំចូលទៅក្នុងបន្ទប់ម៉ាក់ខ្ញុំដើម្បីមើលទៅទឹកអប់ដែលនៅសល់, តែមានដបទឹកអប់ទទេមួយដបទៀតនៅលើតុសម្អាង។

    ខ្ញុំគិតថាវាដល់វេនដែលខ្ញុំត្រូវក្លាយជារាជ្ជនីកំពូលសម្រស់ហើយ...

    ដូចអ្វីដែលបានទាយ, ម៉ាក់ខ្ញុំបានចាប់ផ្ដើមឱ្យខ្ញុំញ៉ាំចាហួយ តែមួយស្លាបព្រាគត់ក្នុងមួយថ្ងៃ។ ទោះបីជាខ្ញុំព្យាយាមប្រកែកតវ៉ា តែបាននូវតែការស្ដីបន្ទោស, ម៉ាក់ដូចជាកាច និងឃោរឃៅខ្លាំងជាងអ្វីដែលខ្ញុំស្គាល់។

    «វានឹងជួយឱ្យឯងក្លាយជាស្រីស្អាត,» ម៉ាក់តែងនិយាយបែបនេះរាល់ពេលដែលគាត់បញ្ចុកចាហួយក្រហមមកខ្ញុំ។ មួយខែក្រោយមក, ខ្ញុំចាប់ផ្ដើមស្គម អស់កម្លាំងល្ហិតល្ហៃ តែស្មារតីខ្ញុំនៅតែមានជានិច្ច។

    រហូតដល់ថ្ងៃមួយ, ខ្ញុំបានប្រឹងដើរចូលក្នុងបន្ទប់របស់ម៉ាក់ទាំងរញីរញ័រស្ទើដួល។ គាត់កំពុងដេកលក់ ដូច្នេះខ្ញុំត្រូវតែចូលទៅក្នុងបន្ទប់នេះដោយការប្រុងប្រយ័ត្នជាទីបំផុត។ ខ្ញុំលបទាញទ្វាទូដាក់ខោអាវរបស់គាត់, ហើយក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលឃើញសាកសពស្វិតក្រញ៉ងមួយនៅទីនេះ។ ភ្លាមនោះ, ស្រាប់តែមានដៃប៉ះស្មាររបស់ខ្ញុំ។ គឺម៉ាក់, គាត់ភ្ញាក់ពីដេកយ៉ាងរហ័សដោយសំឡេងបើកទូរបស់ខ្ញុំ។ កែវភ្នែករបស់គាត់សម្លក់មកខ្ញុំដូចជាចង់ស៊ីសាច់...

    (សូមរង់ចាំអានរឿង សាកសពស្វិត ជាភាគ៤នៃរឿងរូងងងឹត នៅរាត្រីម៉ោង៨ស្អែកនេះ)
     
    រូងងងឹត (ភាគ៣) : ទឹកអប់លោហិតព្រលឹង រូងងងឹត (ភាគ៣) : ទឹកអប់លោហិតព្រលឹង Reviewed by Unknown on 8:00 PM Rating: 5
    Loading...
    Powered by Blogger.