គំនុំប្រុសស្អាត (ភាគ៤)
ពិធីបុណ្យសពរបស់លោកស្រីម៉ាឡានី ក៏បានចប់ទៅយ៉ាងអធិកអធ័មបំផុត តាមដែលកិត្តិយស របស់លោកវិរៈយុទ្ធ។ ម្នាក់ៗនៅតែស្រងេះស្រងោច ដូចជាមិនដាច់អាល័យពីលោកស្រីសោះ ជាពិសេសគឺស័កភព, នាយយើងនៅតែស្រងូតស្រងាត់ មិនមាត់មិនក បាយមិននឹកទឹកក៏មិនស្រេក បែរជាទៅស្រេកឃ្លានស្រាឯណាឯណោះទៅវិញ ទោះបីជាលោកប៉ាអ្នកមីងព្យាយាមនិយាយហាមឃាត់យ៉ាងណាក៏មិនស្តាប់ ព្រោះគេគិតថា មានតែស្រាទេដែលអាចធ្វើឱ្យគេបំភ្លេចទុក្ខសោកដែលមាននៅក្នុងចិត្តរបស់គេ។ បែបនេះក៏ល្អម្យ៉ាងដែរ កុំឱ្យគេទៅចងគំនុំជាមួយគ្រួសាររបស់រតនាទៀត ព្រោះរតនា គ្នាពិតជាមិនបានដឹងអីមែន។
ក្រលេកមើលទៅលោកវិរៈយុទ្ធវិញ, ក្រោយពេលដែលលោកស្រីចែកឋានទៅ, លោកក៏ពិបាកចិត្តណាស់ដែរ ហើយមើលទៅកូនប្រុសទៀតសោតដូចជាពិបាកចិត្តជ្រុលហួសហេតុពេក រហូតដល់បំផ្លាញខ្លួនឯងដោយយកស្រាជាត្រីមុខ ទោះបីជាលោកឱ្យយោបល់យ៉ាងណាក៏នាយយើងមិនស្តាប់, វារឹតតែធ្វើឱ្យលោកតប់ប្រមល់ខ្លាំងលើសដើម។ រហូតដល់អស់វិធីនឹងកែកូនម្នាក់នេះ ក៏បែកគំនិតចង់យកគ្រួសាររបស់រតនីមកនៅលើផ្ទះធំ។
«អ្នកមីង! ខ្ញុំគិតថាចង់យកគ្រួសាររបស់អ្នកមីងទៅនៅលើផ្ទះធំរបស់ខ្ញុំ ហើយខ្ញុំក៏មានបំណងចង់រៀបចំរតនីឱ្យមានឋានៈជាភរិយាពេញច្បាប់របស់ខ្ញុំដែរ។ តើអ្នកទាំងអស់គ្នាមានយោបល់អ្វីទេ?»
«លោកក្មួយបានគិតច្បាស់លាស់ហើយមែនទេ? លោកស្រីម៉ាឡានីទើបតែបែកទៅមិនទាន់បានប៉ុន្មានផង បើលោកប្រញាប់រៀបចំបែបនេះ ក្រែងលោមិនសមភ្នែកញាតិទេដឹង? ហើយម្យ៉ាងវិញទៀត មីងគិតថាលោកស័កក៏មិនយល់ព្រមជាដាច់ខាត។»
«ចំពោះភ្នែកញាតិ, ខ្ញុំមិនបានខ្វល់ខ្វាយអីច្រើនទេ អ្នកណាចង់គិតយ៉ាងណាជារឿងរបស់គេទៅ អ្វីដែលខ្ញុំបារម្ភ គឺកូនស័ក មួយរយៈក្រោយមកនេះ គេដូចជាងប់ងល់ជាមួយនឹងទុក្ខសោកពេកហើយ រហូតដល់យកស្រាជាត្រីមុខ ទោះខ្ញុំខំនិយាយយ៉ាងណា គេក៏មិនយកត្រចៀកស្តាប់ដែរ។ ខ្ញុំពិបាកចិត្តណាស់។»
«ចឹង តើលោក… មានគំនិតយ៉ាងណាវិញ? ខ្ញុំនៅតែមិនយល់។ រឿងមួយនេះ វាមិនបានធ្វើឱ្យអ្វីៗ ប្រសើឡើងទេ, មានតែធ្វើឱ្យលោកស័ករឹតតែយុងចិត្តជាងមុនទៅទៀត។»
«មែនហើយលោកបង! តើលោកបងមានគំនិតអ្វីគិតផ្សេងពីនេះមែនទេ?»
រតនីក៏បានលូកមាត់ ក្រោយពីនាងអង្គុយស្តាប់អ្នកទាំង២ អស់មួយសន្ទុះ, ឯរតនាវិញ, នាយយើងគ្មានយោបល់អីទេ មានតែអង្គុយស្តាប់យ៉ាងសុភាពរាបសារ តែក្នុងចិត្តក៏មិនយល់ស្របជាមួយលោកវិរៈយុទ្ធដែរ មិនដឹងសោះថាលោកកំពុងតែគិតពីអ្វី។ ឮសម្ដីរបស់រតនីនិយាយបែបនោះ, លោកវិរៈយុទ្ធរេភ្នែកសម្លឹងមើលគ្រប់ៗគ្នា, រួចដកដង្ហើមធំមួយ ដូចជាពិបាកចិត្តណាស់ រួចក៏និយាយបន្ត៖
«ហ៊ឺយ… បងមិនបានគិតថានេះ ជាផ្លូវដ៏ល្អដែរ តែ បងចង់លើកកិត្តិយសអូន និងគ្រួសារឱ្យជាភរិយាស្របច្បាប់ មិនចង់ឱ្យគេមាក់ងាយ តទៅទៀតទេ។ ឯរឿងរបស់កូនស័កថា យល់ព្រម ឬមិនយល់ព្រម បងមិនខ្វល់ទេ យ៉ាងណាគេត្រូវតែទទួលយករឿងនេះឱ្យបាន ហើយមួយវិញទៀត បងជឿថា គ្រួសាររបស់អូនសុទ្ធតែជាមនុស្សល្អ។ អំពើល្អរបស់ពួកអូន ប្រហែលជាអាចកែប្រែស័កឱ្យក្លាយជាមនុស្សល្អវិញ។ បងជឿយ៉ាងមុតមាំថា សេចក្ដីសុខក្នុងគ្រួសារនឹងបំផ្លាញចិត្តអគតិរបស់គេ។
ក្រោយពីស្តាប់លោកវិរៈយុទ្ធបកស្រាយបែបនេះហើយ, ម្នាក់ៗគ្មានយោបល់អ្វីតបតទៅវិញទេ មានតែសម្លឹងមុខគ្នា៣នាក់ម្តាយកូន ហើយគិតថាវាជារឿងដែលពិបាកបំផុត។ តែយ៉ាងណាក៏ពួកគេមិនរួញរាដែរ ព្រោះគិតថាស័កគ្រាន់តែវង្វេងផ្លូវមួយគ្រាក្នុងពិភពខ្វះភាពកក់ក្តៅយល់តែចិត្តខ្លួនឯង។
ការរើមកនៅលើវិមានដ៏ធំស្កឹមស្កៃរបស់គ្រួសាររតនាក្រោមការសំណូមពររបស់លោកវិរៈយុទ្ធ, ត្រូវបានទទួលស្វាគមន៍ពីសំណាក់អ្នកប្រុសតូចយ៉ាងចាស់ដៃ។
«លោកប៉ា! លោកប៉ាកំពុងតែគិតអីហ្នឹង?»
ស័កគេមិនចាំបាច់ឱ្យលោកប៉ារបស់គេបកស្រាយទាន់ទេ ក៏ស្រែកយ៉ាងគំហ៊កទៅគ្រួសាររតនា៖
«ពួកឯងឆាប់ចេញពីផ្ទះរបស់យើងភ្លាម!»
គំហ៊កបានតែប៉ុណ្ណេះ ក៏ស្ទុះទៅចាប់វ៉ាលីខោអាវរបស់ពួកគេគ្រវែងទៅខាងក្រៅផ្ទះ។ ឃើញដូច្នោះ លោកវិរៈយុទ្ធមិននៅស្ងៀមទេ ក៏ស្រែកកាត់ទៅវិញ៖
«ស័ក! កូនឯងមិនគួរធ្វើបែបនេះទេ។ ឱ្យមានហេតុផលបន្តិចទៅមើល!»
«ហេតុផល? ម៉ាក់មិនទាន់ស្លាប់បានប៉ុន្មានថ្ងៃផង, លោកប៉ាក៏យកពួកវាមកនៅលើផ្ទះ តើហេតុផលមួយណាដែលលោកប៉ាគិតថាសម?»
លោកវិរៈយុទ្ធមិនបានឆ្លើយនឹងសំណួររបស់ស័កភ្លាមទេ ក៏បញ្ជាឱ្យពូសុខ និងមីងសយ ដែលជាអ្នកបម្រើទៅយកវ៉ាលីដែលស័កគ្រវែងចោលនោះមកវិញ, តែត្រូវលោកស័កស្រែកជំទាស់។
«ពូសុខ! មិន…»
មិនទាន់ទាំងបានស្រែកឃាត់ផង, លោកវិរៈយុទ្ធក៏ស្រែកកាត់៖
«តើអ្នកណាជាម្ចាស់ផ្ទះឱ្យប្រាកដទៅ? យើងបញ្ជាអី ពួកឯងលែងស្តាប់ហើយឬ?»
និយាយបានតែប៉ុណ្ណេះ ពូសុខ និងមីងសយត្រង់ជើងភ្លឹង, រត់ទៅរើសអីវ៉ាន់យកមកទុកខាងក្នុង រីឯ ស័កវិញឮឪពុកថាបែបនេះ, រឹតតែខឹងខ្លាំងណាស់ ក៏គំហ៊កទៅលោកប៉ាគេម្តងទៀត៖
«តែ…លោកប៉ា…?»
«គ្មានតែ គ្មានស្ករអីទេ! រតនី និងគ្រួសារនឹងមកនៅ ទីនេះ ក្នុងនាមជាប្រពន្ធរបស់ប៉ាពេញច្បាប់ ពួកគេក៏ដូចជាគ្រួសាររបស់ឯងម្នាក់ដែរ សង្ឃឹមថាឯងនឹងមិនផ្តល់បញ្ហាច្រើនជាងនេះទេ។»
«គ្មានថ្ងៃហ្នឹងទេ!»
ថាហើយ ស័កក៏រត់ឡើងទៅលើបន្ទប់យ៉ាងលឿន តែត្រូវទុចដំណើរបន្តិចដោយសារសម្ដីរបស់លោកវិរៈយុទ្ធ។
«ឈប់! បើឯងនៅតែធ្វើខ្លួនដូចជនអន្ធពាលនៅទីនេះ យើងនឹងដឹងសខ្មៅនឹងគ្នាហើយ។»
ស្តាប់សម្ដីលោកចប់, ស័កភពក៏បោះជំហានទៅក្នុងបន្ទប់ទាំងអារម្មណ៍តានតឹងជាទីបំផុត មិនដឹងថា តើគេនឹងគោរពតាមសម្ដីរបស់លោកយុទ្ធ ឬក៏អត់ទេ។
ក្រោយពីស័កបានទៅផុតហើយ, លោកយុទ្ធក៏បែរមកញញឹមរករតនី និងម្តាយរបស់នាង ហើយក៏ និយាយបន្ថែម៖
«ឱ្យខ្ញុំសូមទោសជំនួសស័កផងណា គេដូចជាឆេវឆាវបន្តិចហើយ តែយ៉ាងណាគួរកុំទុកក្នុងចិត្តអី ព្រោះពួកយើងសុទ្ធតែជាគ្រួសារតែមួយហើយ។»
«លោកបងកុំគិតច្រើនពេក, សង្ឃឹមថាអ្វីៗនឹងប្រសើរឡើងជាមិនខាន។»
ក្រោយពីរតនីនិយាយចប់ លោកយុទ្ធក៏បញ្ជាឱ្យពូសុខ និងមីងសយយកឥវ៉ាន់ទៅទុកនៅជាន់ខាងលើ ដែលមានបន្ទប់ស្អាតៗជាច្រើនបន្ទប់ ហើយលោកក៏អញ្ជើញរតនី និងគ្រួសារអង្គុយនិយាយគ្នាសិន ហើយក៏ងាកទៅហៅម្តាយមីងរបស់ស័កដែលកំពុងតែឈរយ៉ាងស្ងៀមស្ងាត់ មិនបានបញ្ចេញសម្ដីអ្វីសូម្បីមួយម៉ាត់ តែក្នុងចិត្តក៏មិនពេញចិត្តនឹងគ្រួសាររតនីដែរ។
«មកម៉ាល័យ! អង្គុយសិនមក។ បងមានរឿងចង់និយាយជាមួយ។»
ក្រោយពីកញ្ញាម៉ាល័យអង្គុយរៀបរយហើយ រតនីក៏លើកដៃសំពះតាមការសមគួរ ឯរតនាក៏ជំរាបសួរតាមក្រោយ តែកញ្ញាមិនបានសំពះតបទៅវិញទេ បែរជាអង្គុយធ្វើព្រងើយ។
«ម៉ាល័យ! បងចង់ឱ្យប្អូនបើកចិត្តឱ្យទូលាយ ទទួលយករតនី និងគ្រួសារមកធ្វើជាគ្រួសារថ្មីរបស់យើង។ ដូចប្អូនបានដឹងហើយថា ពួកគេមិនមែនជា អ្នកដែលបំបែកបំបាក់សុភមង្គលរបស់គ្រួសារយើងទេ គឺបង និងបងស្រីឯងផ្ទាល់ ដែលបំផ្លាញគ្រួសារ ដ៏សុខដុមរមនាមួយនេះ។ បងព្យាយាមខំស្រោចស្រង់វាដែរ តែបងធ្វើមិនបាន រហូតដល់ស័កគេក្លាយជាក្មេងបែបនេះ។ ឥឡូវបងចង់ឱ្យប្អូនរួបរួមដៃជាមួយគ្រួសារថ្មីរបស់យើង ដើម្បីកែប្រែចរិតរឹងមានះរបស់ស័កឱ្យក្លាយជាក្មេងដែលគួរឱ្យស្រលាញ់ដូចពេលមុនវិញ។ បងដឹងថា ប្អូនស្រលាញ់ក្មួយខ្លាំងណាស់ ដូច្នេះប្អូនពិតជាមិនចង់ឃើញក្មួយបែបនេះដែរ មែនទេ?»
«ច៎ាស លោកបង។»
«បងចង់ឱ្យប្អូនចេះគិតច្រើនជាងនេះ ហើយព្យាយាមធ្វើល្អដាក់រតនី និងគ្រួសារ។ បងជឿថាមានតែការធ្វើល្អដាក់គ្នាទៅវិញទៅមកទេ ដែលជាវិធីងាយស្រួលក្នុងការបង្កើតសុភមង្គល។»
«មែនហើយ អ្នកស្រីម៉ាល័យ! ខ្ញុំជឿថា ការយកចិត្តទុកដាក់របស់យើងនឹងធ្វើឱ្យលោកស័កមើលពិភពលោកក្នុងផ្លូវល្អវិញ ខ្ញុំនឹងព្យាយាមឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីឱ្យគ្រួសាររបស់យើង មាន ក្តីសុខដូចអ្វីដែលអ្នកស្រីចង់បាន។»
ក្រោយពីលោកយុទ្ធ និងរតនីព្យាយាមពន្យល់ដល់អ្នកស្រីម៉ាល័យរួចមក, មើលទៅអ្នកស្រីក៏ទន់ចិត្តបន្តិច ហើយគិតថា រតនី និងគ្រួសារ មិនមែនជាអ្នកដែលចូលមកដណ្តើមក្តីសុខក្នុងគ្រួសារនេះទេ តែអ្វីៗមិនមែននិយាយតែមាត់ហើយម្នាក់ៗមិនធ្វើនោះទេ ដូចពាក្យចាស់ពោលថា និយាយវាងាយស្រួលណាស់ តែការប្រព្រឹត្តិមិនមែនងាយស្រួលដូចនិយាយទេ។ ប៉ុន្តែ, អ្វីៗទាំងអស់ បើយើងអំណត់ព្យាយាមខំប្រឹងតស៊ូជំនះគ្រប់ឧបសគ្គនោះ ក្តីសម្រេចដូចបំណងនឹងឈរនៅខាង យើងជាមិនខាន។»
រតនី និងគ្រួសារក៏បានមករស់នៅលើវិមានដ៏ស្កឹមស្កៃ យ៉ាងពេញមុខពេញមាត់ក្នុងគម្រោងនឹងរៀបចំពិធីមង្គលការយ៉ាងអធិកអធម តែត្រូវបានស័កភពជំទាស់យ៉ាងដាច់អហង្ការ។ តែទោះជាយ៉ាងនេះក្តី ក៏លោកវិរៈយុទ្ធមិនយល់ស្របតាមការជំទាស់នេះដែរ លោកនៅតែបន្តពិធីមួយនេះដដែល រហូតដល់ស័កគេសុខចិត្តលុតជង្គង់អង្វរប៉ា របស់គេអោយយល់ពីអ្នកម្តាយដែលទើបតែស្លាប់។
«កូនស័ក! កូនកុំធ្វើបែបនេះបានទេ? ប៉ារៀបការជាមួយរតនីមិនមែនដើម្បីបញ្ឈឺចិត្តកូនទេ ហើយក៏មិនមានន័យថា ប៉ាមិនស្រលាញ់ម៉ាក់របស់កូនដែរ, តែប៉ាចង់ឱ្យកូនយល់។ ប៉ា និងរតនីស្រលាញ់គ្នាដោយស្មោះ, ប៉ាគួរតែផ្តល់កិត្តិយសឱ្យគេ។»
«កិត្តិយស? តើពួកវាមានកិត្តិយសដែរឬ? បើមានកិត្តិយសមែន, មិនមែនមកដណ្ដើមប្តីគេទេ។»
«ស័ក! ឈប់និយាយមើលងាយគេទៀតទៅ ប៉ានិយាយស្រួលជាមួយកូនហើយ។ ឈប់បង្កបញ្ហាទៀតទៅ។»
ឃើញឪពុកកូននិយាយមិនចូលគ្នាបែបនេះ, អ្នកស្រីម៉ាល័យក៏ចូលមកលើកគ្រាស័កឱ្យក្រោកឡើង ហើយនិយាយទៅកាន់ក្មួយសំលាញ់។
«ស័ក! កូនក្រោកសិនមក។ មីងមិនចង់ឃើញកូនធ្វើបែបនេះដាក់លោកប៉ាទេ។»
«ទេអ្នកមីង! ខ្ញុំមិនក្រោកជាដាច់ខាត ដរាបណាលោកប៉ាមិនបញ្ឈប់ពិធីការមួយនេះ។»
«កុំធ្វើចឹងអីកូន!»
«ស័ក! ទោះជាកូនធ្វើយ៉ាងណាក៏ពិធីមង្គលការរបស់ប៉ានៅតែបន្ត។ ឯងជាកូនរបស់យើង ឯងមិនមែនជាឪរបស់យើងទេ។»
ថាហើយ, លោកយុទ្ធក៏ដើរឡើងទៅបន្ទប់បាត់ ទុកឱ្យស័កលុតជង្គង់តទៅទៀតយ៉ាងស្ងៀមស្ងាត់ ឯអ្នកស្រីម៉ាល័យ ដោយឃើញក្មួយមានចិត្តមានះមិនព្រមស្តាប់អ្នកណាបែបនេះ ក៏ក្រោកដើរចេញពីស័ក ទាំងដកដង្ហើមធំដូចជាតានតឹងនៅក្នុងចិត្តណាស់។
រយៈពេលមួយយប់ទល់ភ្លឺដែលស័កទ្រាំអង្គុយលុតជង្គង់ តែម្នាក់ឯង ក្នុងចិត្តមិនដឹងជាគិតអ្វីខ្លះទេ។ ក្រលេកមើលជ្រុងជញ្ជាំងខាងណោះ គេឃើញរតនាកំពុងតែឈរមើលស័កទាំងទឹកមុខស្រងូតស្រងាត់ដូចជាយល់ចិត្តរបស់ស័កខ្លាំងណាស់ តែចង់ជួយស្អីក៏ជួយមិនកើត, ចង់ឱ្យយោបល់ ក៏គិតថាស័កយ៉ាងណាក៏មិនស្តាប់ មានតែលួចមើលស័កតទៅទៀត តើពេលណា ទើបគេយល់?
ក្រលេកមើលទៅស័កវិញ គេប្រាកដជាមិនដឹងទេថា នៅជុំវិញខ្លួនគេសុទ្ធតែមនុស្សល្អ ចាំជួយចាំបារម្ភពីរូបគេ ម្នាក់ៗសុទ្ធតែមានបំណងល្អ តែប្រហែលជាស័កមើលមិនឃើញគិតមិនយល់ទេមើលទៅ បើក្នុងចិត្តគេនៅតែអគតិជាមួយ ពិភពលោកយ៉ាងនេះ។
ស័កគេខឹងនឹងគ្រួសាររបស់រតនីខ្លាំងណាស់ ហើយគេគិតថាទោះជាគេលុតជង្គង់នៅទីនេះ រហូតដល់ ស្លាប់ ក៏លោកប៉ារបស់គេមិនអើពើនឹងគេដែរ ក៏ស្ទុះ ក្រោកឡើង ហើយជិះឡានចេញទៅក្រៅបាត់ មិនប្រាប់ដំណឹងទៅអ្នកណាមួយមាត់សោះឡើយ។…
ភាគបន្តយ៉ាងណានោះ សូមរង់ចាំអាននៅរាត្រីម៉ោង៨ស្អែកនេះ។ សូមជួយគាំទ្របងដង្កូវផងណា។
(សូមរង់ចាំអានភាគ៥នៅម៉ោង៨យប់ស្អែកនេះ)
គំនុំប្រុសស្អាត (ភាគ៤)
Reviewed by Unknown
on
7:12 PM
Rating: