>
  • ទំព័រដើម
  • គំនុំប្រុសស្អាត (ភាគ៥)

     
    រយៈពេល៣ថ្ងៃមកហើយ ដែលស័កចេញពីផ្ទះ ហើយក៏មិនត្រលប់មកផ្ទះវិញសោះ ថែមទាំងមិនផ្តល់ដំណឹងឱ្យអ្នកផ្ទះដឹងទៀត សូម្បីតែអ្នកមីងរបស់គេក៏ដោយ។ ម្នាក់ៗចាប់ផ្តើមឆោឡោ ព្រោះកន្លងមកស័កមិនដែលបែបនេះឡើយ ទោះបីជាគេជាក្មេងដែលមានះរឹងរូសក៏ដោយ។ លោកវិរៈយុទ្ធ និងអ្នកឯទៀត បានចាត់ជាកម្លាំងស្វែងរកគ្រប់មន្ទីរពេទ្យ និងសាកសួរគ្រប់ប៉ុស្តប៉ូលីសទាំងអស់ ក្រែងបានដំណឹងពីស័ក តែគ្មានតម្រុយមួយណាដែលប្រាប់ថាស័កជួបគ្រោះថ្នាក់ឡើយ។ ដល់ពេល យូរៗទៅ, លោកវិរៈយុទ្ធក៏បែកគំនិតគិតថា ការបាត់ខ្លួនរបស់ស័ក មិនមែនមកពីការជួបគ្រោះថ្នាក់ ឬក៏មានអ្នកចាប់ជំរឹតអីទេ ព្រោះថាបើមានគ្រោះថ្នាក់មែន ច្បាស់ជាបានឃើញរូបគេនៅមន្ទីរពេទ្យណាមួយ ឬក៏ឃើញសាកសពនៅតាមវត្តអារាមហើយ ឯការចាប់ជំរឹតទៀតនោះ ក៏មិនអាចទៅរួចដែរ ព្រោះរយៈពេល៤ទៅ៥ថ្ងៃទៅហើយ បើមានអ្នកចាប់ជំរឹត វិញនោះ ប្រាកដ ជាពួកវា តេ មកទារជំរឹតរកប្រាក់ហើយ។ មូលហេតុទាំងអស់នេះហើយ ដែលធ្វើឱ្យលោកគិតថាការបាត់ខ្លួនរបស់ស័ក ប្រហែលមកពីរូបគេផ្ទាល់ចង់បញ្ឈប់អាពាហ៍ពិពាហ៍របស់លោកវិរៈយុទ្ធ ទើបគេធ្វើឱ្យអ្នកផ្ទះ ភ័យឆោឡោបែបនេះទៅ។ លោកយុទ្ធគាត់នឹកឃើញថា បើដោយសារតែការបាត់ខ្លួនរបស់ស័ក ធ្វើឱ្យបញ្ឈប់ការរៀបអាពាហ៍ពិពាហ៍របស់លោកដូចជា ធ្វើឱ្យស័ករឹតតែបានចិត្ត តែបើបិទគណនីអេធីអឹមរបស់ស័កវិញនោះគេនឹងគ្មានលុយចាយ ហើយមិនយូរមិនឆាប់ គេច្បាស់ជាត្រលប់មកផ្ទះវិញជាក់ជាមិនខាន។ ហើយបើទោះបីជាស័កនៅមិនត្រលប់មកផ្ទះទៀត លោកក៏មិនខ្វល់ដែរ ហើយក៏រឹតតែមិនអាចបញ្ឈប់ពិធីមង្គលការរបស់ខ្លួន ដោយសារតែកូនមានះម្នាក់នេះដែរ។

    លោកធ្វើបែបនេះ ក៏មិនមែនមានន័យថាលោកមិនខ្វល់ពីការបាត់ខ្លួនរបស់កូនទេ គឺលោកនៅតែចាត់កម្លាំងឱ្យស៊ើបរកស័កដដែល។ លោកធ្វើនេះ គ្រាន់តែព្រមានដល់កូនក្បាលខូចមួយនេះប៉ុណ្ណោះ។

    និយាយពីស័កវិញ គឺគេពិតជាមិនបានជួបគ្រោះថ្នាក់អីមែនហើយក៏មិនបានត្រូវគេចាប់ជំរឹតអីដែរ, អ្វីដែលឪពុកគេបានគិត គឺមិនខុសសូម្បីតែមួយចំនុចឡើយ។  ការពិតដែលគេធ្វើបែបនេះដើម្បីឱ្យឪពុក និងអ្នកផ្ទះរបស់គេព្រួយបារម្ភពីគេ ហើយរំសាយការរៀបមង្គលការមួយនោះចោល។ ការគេចខ្លួនរបស់ស័ក គឺមិនទៅណាឆ្ងាយពីការផឹកស៊ី ស្រីញីអូនបង ជាមួយពួកម៉ាកបនភឿនយ៉ាងសប្បាយភ្លឺតភ្លឺននោះឡើយ។ ហើយឥឡូវនេះកាតអេធីអឹមក៏ដកប្រាក់មិនចេញ ថែមទាំងឮដំណឹងទៀតថា លោកវិរៈយុទ្ធនៅតែបន្តអាពាហ៍ពិពាហ៍របស់ខ្លួនដដែល ដោយមិនខ្វល់ពីការបាត់ខ្លួនរបស់គេឡើយ ហើយថែមទាំងចាត់ក្រុមអង្គរ័ក្សឱ្យតាមរកគេទៀតផង។ ម្តងនេះ លុយក៏បង់ថង់ក៏ដាច់ហើយ មិនដឹងថាបានលុយឯណា​មកចាយវាយទៀតទេ មានតែពឹងពួកម៉ាកឱ្យយកឡានដែលមានតម្លៃខ្ពស់របស់ខ្លួនយកទៅលក់ ហើយមកទិញរថយន្តចាស់ៗដែលមានតម្លៃថោកៗមកប្រើបណ្តោះអាសន្នសិន។ មិនយូរប៉ុន្មានលុយនោះក៏ចាយអស់ទៀត ហើយត្រូវក្រុមអង្គរ័ក្សរបស់លោកវិរៈយុទ្ធបិះតែចាប់បានទៀតផង នេះកុំតែគេឆ្លាតដឹងជើងព្រួលមុន… កុំអីស៊យធំ។

    រយៈពេលមួយសប្តាហ៍ទៀត ពិធីមង្គលការរបស់លោកវិរៈយុទ្ធ បានប្រព្រឹត្តទៅតាមគម្រោងហើយលោកវិរៈយុទ្ធ មិនខ្វល់ទេថា ពេលនោះមានកូនប្រុសរបស់ខ្លួនចូលរួម ឬក៏អត់ទេ។ ហើយបើទោះជាមានការអង្វរកពីក្រុមគ្រួសាររបស់រតនីឱ្យផ្អាកមង្គលមួយនេះមួយរយៈសិន ក៏លោកមិនព្រមដែរ ដោយលោកគិតថាមង្គលសិរីសួរស្តីទាំងមូលមានរឿងអីដែលត្រូវរំសាយដោយសារតែស័កភពនោះ។ គាត់គឺជាឪពុក ហើយគាត់ក៏មានហេតុផលគ្រប់គ្រាន់ សម្រាប់ពន្យល់ស័កដែរ តែនេះមកពីគេរឹងរូសមានះយកតែចិត្តខ្លួនឯង ហើយបើគាត់ព្រមរំសាយពិធីនេះចោលដោយសារតែស័កនោះគេនឹងរឹតតែបានចិត្តខ្លាំងឡើង។

    មើលទៅស័កវិញ គេដូចជាដឹងថាគម្រោងការរបស់គេមួយនេះ មិនបានសម្រេចទេ តែគេក៏មិនព្រមចុះចាញ់ឡើយ យ៉ាងណាក៏គេមិនចង់ឱ្យគ្រួសាររបស់រតនីបានឡើងធ្វើជាលោកស្រីជំនួសម្តាយរបស់គេឡើយ។ គេក៏នឹកឃើញវិធីមួយទៀតដែលមិនអាចឱ្យមង្គលការមួយនោះ ប្រព្រឹត្តទៅបាន។ គឺគេត្រូវទៅចាប់ខ្លួនរបស់រតនាជំនួសវិញ។ បើសិនជាគ្មានរតនាទេ តើរតនីនៅតែរឹងទទឹងចង់រៀបការជាមួយលោកប៉ាគេទៀតឬអត់?

    ពុទ្ធោអើយ...ស័ក ហេតុអីក៏គិតបែបនេះ? ស័កមិនបានដឹងទេថា គ្រួសាររបស់រតនីមិនចង់ឱ្យមង្គលការមួយនេះ កើតឡើងនៅពេលនេះទេ។ ហេតុអីក៏ស័កតែងតែគិតអ្វីក្នុងផ្លូវអាក្រក់ក្នុងផ្លូវអវិជ្ជមានបែបនេះទៅវិញ? ហើយគេរឹតតែដើរផ្លូវខុសដែលមិនអាចបកក្រោយបានឡើយ។

    ស័កគេបានពឹងពាក់ពួកម៉ាករបស់គេប៉ុន្មាននាក់ ឱ្យមកជួយចាប់រតនាយកទៅ តែគ្មានអ្នកណាម្នាក់គេយល់ព្រមទេ។ មើលទៅស័កតាំងពីធ្លាក់ខ្លួនគ្មានលុយចាយមួយរយៈនេះ គេបាត់បង់មិត្តភក្តិដើរលេងផឹកស៊ីស្រីញីអូនបងច្រើនណាស់។ មែន! ដូចពាក្យចាស់លោកថាមិនខុសមែន មិត្តភក្តិស្គាល់យើងតែពេលមានលុយទេ ពេលដែលអស់លុយគេទុកយើងដូចសំរាមចឹង។ តែទោះជាគ្មានមិត្តភក្តិណាម្នាក់ជួយគេ ក៏ស័កនៅតែមិនបោះបង់គំនិតមួយនេះចោលដែរ គឺគេនៅតែចេញគម្រោងការមួយនេះឱ្យខានតែបានដដែល។ រយៈពេល៣ថ្ងៃមកនេះ ស័កគេបានស៊ើបដឹងមកហើយថា រតនាតែងតែចេញពីរៀននៅម៉ោង៨ និង៣០នាទីយប់ ហើយត្រលប់មកផ្ទះវិញតែម្តងមិនទៅណាទៀតទេ។ ហើយពេលដែលមកដល់ផ្ទះ គឺរតនាមិនបានចូលតាមទ្វាររបងធំទេ គឺគេចូលតាមទ្វារតូចនៅជាប់នឹងរបងធំដែរ។ ហើយគេតែងតែចុះទៅបើកទ្វារ រួចទើបគេបណ្តើរម៉ូតូចូលផ្ទះ គឺឱកាសនេះហើយដែលជាឱកាសល្អសម្រាប់ស័ក។ យប់នេះ, ស័កគេបើកឡានតាមរតនាតាំងពី សាលារៀនរហូតដល់ផ្ទះ តែរតនាគ្នាមិនដឹងខ្លួនឡើយ។ ពេលមកដល់ផ្ទះ គេបានចុះមកបើកទ្វាររបងតាមធម្មតា ឱកាសល្អមកដល់ ស័កក៏យកកូនកន្សែងដែលបានដាក់ថ្នាំសណ្ដំរួចជាស្រេច មកខ្ទប់មាត់រតនាលុះពេលរតនាសន្លប់ហើយ, ស័កក៏អូសគេទៅដាក់គូទឡាន ហើយបើកចេញទៅយ៉ាងសុវត្ថិភាព។

    និយាយពីអ្នកនៅក្នុងវិមានដ៏ស្កឹមស្កៃនោះវិញ មិនដឹងទេថា មានគេប៉ងអាក្រក់លើគ្រួសាររបស់ខ្លួនឡើយ។ គឺម្នាក់ៗមមាញឹកក្នុងការពិភាក្សាអំពីការរៀបមង្គលការមិនដឹងសោះថារតនាត្រូវគេចាប់យកទៅ។ លុះដល់ម៉ោងជិត១០យប់ទៅហើយ ក៏នៅតែមិនឃើញប្អូនមកពីសាលាវិញទៀត រតនីក៏ដាច់ចិត្តតេទៅ តែទោះជាតេយ៉ាងណាក៏តេមិនចូល ព្រោះទូរស័ព្ទប្រាប់ថានៅក្រៅតំបន់សេវារហូត។ ដំបូងឡើយ, នាងគ្រាន់តែខឹងប្អូនស្រីថា ហេតុអីក៏រតនាចាំបាច់បិទទូរស័ព្ទ? ទោះជាចង់ដើរលេង ឬក៏រវល់ជាមួយមិត្តភក្តិក៏គួរណាស់ប្រាប់អ្នកផ្ទះឱ្យដឹងផង ហើយក៏មិនចាំបាច់បិទទូរស័ព្ទបែបនេះដែរ។ តែដល់ពេលគិតយូរៗទៅ ក៏នឹកបារម្ភពីប្អូន ព្រោះរតនាមិនដែលបែបហ្នឹងទេ ក៏ចាប់ផ្តើមឆោឡោ ហើយយករឿងនេះទៅប្រាប់លោកវិរៈយុទ្ធ។

    «លោកបង!! រតនាតិចលោមានរឿងអីទៅ? ខលទៅ៤ទៅ៥ដងហើយ នៅតែខលមិនចូលទៀត អូនបារម្ភណាស់។»

    «កុំអាលគិតអីក្នុងផ្លូវអាក្រក់បែបនេះ! ចាំមើលសិនទៅមើល។»

    «តែរតនាមិនដែលចឹងទេណា តិចលោ…»

    «អូនគិតថាស័ក គេលួចឆ្មក់ចាប់រតនាតាមផ្លូវមែនទេ?»

    «អូនមិនហ៊ានគិតចឹងទេ តែ…តែ…ហ៊ឺយ!»

    «អូនឈប់បារម្ភទៅចាំមើលបងឱ្យពួកហ្នឹង ជិះឆ្វែលមើល ក្រែងលោបានឃើញគេ។»

    កំពុងតែឆោឡោនៅក្នុងផ្ទះ ស្រាប់តែពូសុខរត់មកប្រាប់ថា៖

    «លោកប្រុស… ខ្ញុំបានឃើញម៉ូតូរបស់នាងរតនានៅខាងក្រៅរបង តែមិនបានឃើញនាងទេ។»

    ឮបែបនេះ ម្នាក់ៗស្ទុះទៅក្រៅផ្ទះគ្រប់ៗគ្នា ទាំងទឹកមុខតក់ស្លុតមែនទែន។ មែន, ពិតជាមិនបានឃើញម្ចាស់មែន គឺឃើញតែម៉ូតូនៅចតចោលមុខរបង ហើយសៀវភៅសិក្សាក៏នៅក្នុងកន្ត្រកម៉ូតូយ៉ាងមានសណ្តាប់ធ្នាប់។ មិនបង្អង់យូរ, លោកវិរៈយុទ្ធក៏ប្តឹងប៉ូលីសតែម្តង មួយសន្ទុះធំ, ប៉ូលីសក៏មកដល់កន្លែងកើតហេតុ ហើយបានស៊ើបរកមើលភ័ស្តុតាងនៅជុំវិញនោះ តែដូចជាគ្មានបានតម្រុយអីសោះ។ តួនាទីនេះ គឺលោកវិរៈយុទ្ធទុកឱ្យប៉ូលីសស៊ើបរកការពិត តែលោកក៏មិនភ្លេចឱ្យអង្គរ័ក្សរបស់លោកតាមរកមួយកម្លាំងទៀតដែរ។

    ម្តងនេះ ពិធីមង្គលការរបស់លោកយុទ្ធ ត្រូវរំសាយមែនទែនហើយ ព្រោះទោះជាលោកចង់រៀបការខ្លាំងយ៉ាងណា ក៏ស្ថានភាពនៅពេលនេះ មិនអំណោយផលដល់ពួកគេឡើយ។ ម្នាក់ៗភ័យស្លន់ស្លោគ្រប់ៗគ្នា មិនដឹងថាតើអ្នកណាមានគំនិតអាក្រក់បែបនេះ។ តែក៏មិនហ៊ានគិតថាស័កមានពាក់ព័ន្ធក្នុងរឿងនេះដែរ តែសម្រាប់ការគិតរបស់លោកយុទ្ធវិញ គឺគិតថា អាចជាស័ក គ្រាន់តែលោកមិនបាននិយាយវាចេញមកតែប៉ុណ្ណោះ ព្រោះហាទៅវាស្លាក់ខ្ជាក់ទៅវាស្លែង។

    និយាយពីស័កភពវិញម្តងចុះ, ពេលដែលចាប់រតនាបានហើយ គេក៏បើកឡានទាំងយប់យករតនាទៅដល់​ដីឡូត៍មួយកន្លែងដែលមានខ្ទមជរាចំណាស់មួយ ហើយក៏គ្មានមនុស្សរស់នៅថែរក្សារដែរ។ នៅបរិវេណជុំវិញទៀតសោតសុទ្ធតែដើមឈើហូបផ្លែធំៗ តែដោយទីនេះគ្មានមនុស្សរស់នៅធ្វើឱ្យមានស្មៅដុះក្រាស់ឃ្មឹកពាសពេញទាំងផ្ទៃដីទាំងអស់ មើលទៅដូចជាព្រៃស្មរសានយ៉ាងគួរឱ្យញញើត។ តែ... ដូចពាក្យចាស់លោកថាមិនខុសទេ គឺកន្លែងណាដែលមានគ្រោះថ្នាក់ច្រើន គឺកន្លែងនោះហើយជាកន្លែងដែលមានសុវត្ថិភាពបំផុតដូចគ្នា។ និយាយទៅ ដីនេះគឺម៉ាក់របស់ស័កបានទិញជាយួរណាស់មកហើយ តាំងពីស័កគេនៅវ័យជំទង់មកម៉្លេះ តែដោយគ្មានអ្នកនៅចាំដី ហើយគ្រួសាររបស់ស័កតែងតែរកាំរកូសបែបនេះទៀត ធ្វើឱ្យដីនេះ ទៅជាដីដែលគ្មានអ្នកណាខ្វលខ្វាយ ហើយម្នាក់ៗសឹងតែភ្លេចថា ពួកគេនៅមានដីនៅទីនេះមួយកន្លែងទៀតផង។ សំណាងហើយដែលស័កគេនៅចាំបាន ហើយតែងតែគិតថា ទោះជាឪពុកគេតាមរកយ៉ាងណា ក៏មិននឹកស្មានថា គេមកពួននៅទីនេះដែរ។

    ស័កបានចាប់រតនាចងផ្អឹបហ្នឹងកៅអីដែកមួយយ៉ាងម៉ាំ ទាំងរតនានៅសន្លប់នៅឡើយ ហើយគេក៏មកអង្គុយលើកៅអីមួយទៀត ទល់មុខរតនាទាំងទឹកមុខញញឹមខ្ជិប របៀបមនុស្សបៀមទុកគំនុំនៅក្នុងខ្លួនយ៉ាងក្រាស់ក្រែល។ មួយសន្ទុះធំ, ក្រោយពីរតនាស្វាងពីសារជាតិសណ្ដំហើយ, ភ្នែករបស់គេក៏បើកទាំងសឺៗនៅឡើយ តែដោយសារដៃជើងរបស់គេត្រូវជាប់ចំណងបែបនេះ ទើបរតនាកាន់តែរើ ហើយក៏កាន់តែដឹងខ្លួនច្បាស់ជាងមុន ព្រោះគេដឹងថា គេកំពុងនៅក្នុងភាពអាសន្ន តែក្រមុំយើងមិនទាន់ដឹងទេថា តើអ្នកណាមានបំណងអាក្រក់មកលើខ្លួនបែបនេះ?

    ក្រោយពីបើកភ្នែកឃើញពិភពលោកច្បាស់ហើយ, មនុស្សដែលរតនាឃើញមុនគេ គឺស័កភព។ នាងស្រស់ក៏ដឹងច្បាស់ភ្លាមថា អ្វីៗគឺជាស្នាដៃរបស់ស័កទាំងអស់។ នាងមិននៅស្ងៀមទេ គឺគេខំរើយករួចខ្លួន ម៉ាអស់ទំហឹងហើយភ្នែករបស់នាងខំសម្លឹងមើលទៅស័កទាំងមិនប៉ព្រិចភ្នែក ហើយក៏មិននិយាយអ្វីជាមួយស័កភ្លាមៗដែរ។ ឯកំលោះចិត្តស្លុយរបស់យើងវិញ, ពេលដែលដឹងថាសត្រូវរបស់គេដឹងខ្លួនច្បាស់ហើយ គេក៏និយាយទៅកាន់រតនាទាំងទឹកមុខញញឹមយ៉ាងលាក់គំនួច។

    «ហ្អាស..ហ្អា.. ដឹងខ្លួនហើយមែនទេ? មិនចាំបាច់សួរទេមែនទេ ថាហេតុអីបានជាយើងចាប់ឯងមក។»

    ទោះបីជាឮសំនួរបែបនេះ ក៏រតនាគេមិនឆ្លើយទៅស័កវិញដែរ ព្រោះគេដឹងច្បាស់ថាមកពីហេតុអីហើយ។ នាងក្រមុំនៅតែសម្លឹងមើលមុខរបស់ស័កទាំងទឹកមុខម៉ាំដដែល។ ស័កក៏បន្តនិយាយតែម្នាក់ឯង៖

    «មែនហើយ, មនុស្សឆ្លាតដូចជារូបនាងពិតជាមិនឆ្ងល់នឹងសំនួររាក់ៗចឹងទេ មែនទេ?»

    ថាហើយ, ស័កក៏ងើបទៅដាល់រតនាមួយដៃ ធ្វើឱ្យនាងក្រមុំយើងហូរឈាមចេញពីមាត់ តែរតនាគេរ៉ឹងប៉ឹងណាស់ គេនៅតែមិននិយាយអ្វីដដែល។ ស័កក៏និយាយបន្តទៀត៖

    «មាត់រឹងគ្រាន់បើ… នាងមិនគិតថាអង្វរយើងឱ្យដោះលែងនាងទៅវិញទេមែនទេ?»

    «ខ្ញុំជារបស់ឯងហើយ… ឯងចង់ធ្វើអីក៏ធ្វើទៅ…! ប្រើទារុណកម្ម ឬក៏សម្លាប់ក៏ស្រេចតែចិត្ត។»

    «សម្ដីថ្លោសណាស់តើ យកមួយដៃទៀតទៅ!!!»

    និយាយសឹងមិនទាន់ចប់ប្រយោគពីមាត់ផង រតនាបានទទួលកណ្តាប់ដៃរបស់ស័កជាលើកទី២ទៅហើយ។ ម្តងនេះ ឈាមហូរពីមាត់រតនាកាន់តែច្រើនឡើយហើយ។ តែរតនានៅតែមិនថ្ងូរថាឈឺទេ ឯស័កវិញ ក៏ហួសចិត្តណាស់ដែរ ដែលរតនាមិនចុះញ៉មនឹងគេបែបនេះ។

    «ហ៊ឺយ….ថ្ងៃនេះលេងប៉ុណ្ណឹងសិនចុះ! យើងទៅរកបាយទឹកសិនហើយ។ អ្ហេស ភ្លេចសួរ! តើនាងចង់ញ៉ាំម្ហូបអីដែរ? ហាសហាសហា»

    ស័កគេសួរហើយក៏ដើរចេញទៅទាំងសើចចំអករតនាយ៉ាងសប្បាយចិត្តជាទីបំផុត។ ពេលដែលគេចេញទៅបាត់, ក្រមុំតូចរបស់យើងក៏សម្លឹងមើលឆ្វេង មើលស្តាំ ក្រែងលោមានវត្ថុអ្វីអាចប្រើការបានក្នុងការរំដោះខ្លួនឱ្យផុតពីទីនេះ។ តែមើលទៅដូចជាគ្មានអីទេ ហើយគេក៏មិនចំណាយកម្លាំងស្រែករកជំនួយដែរ ព្រោះគេដឹងថាស័កមិនរុំមាត់របស់យើង គឺគេប្រាកដហើយថានៅជុំវិញនេះគ្មានអ្នកណាអាចមកជួយយើងបានទេ។

    មិនដឹងជាយ៉ាងណាយ៉ាងណីទេ រតនាអើយ! ជាស្រីស្អាតផង។ ស័កគេលេងមួយក្បាច់នេះ មិនដឹងថា អាចបកក្រោយរួចឬ មិនរួចទេ។…

    រង់ចាំអានភាគបន្តទៀតចុះណា។

    (សូមរង់ចាំអានភាគ៦ ជាភាគបញ្ចប់ នៅរាត្រីម៉ោង៨ស្អែកនេះ)

    គំនុំប្រុសស្អាត (ភាគ៥) គំនុំប្រុសស្អាត (ភាគ៥) Reviewed by Unknown on 6:45 PM Rating: 5
    Loading...
    Powered by Blogger.