>
  • ទំព័រដើម
  • គំនុំប្រុសស្អាត (ភាគ៣)

     

    ផាច់….! 

    នេះជាសំលេងដែលចេញពីបាតដៃរបស់លោក វិរៈយុទ្ធទៅលើថ្ពាល់ដ៏សហ្មត់រលោងរបស់កំលោះ ស័កភពធ្វើឱ្យថ្ពាល់របស់នាយយើងឡើង ក្រហមច្បាស់ លេចជារាងស្នាមបាតដៃពេញទាំងផែនថ្ពាល់។

    ក្រលេកមើលទៅផ្ទៃមុខលោក វិរៈយុទ្ធវិញពោរពេញទៅដោយកំហឹងយ៉ាងខ្លាំងមហិមាដែលជាហេតុធ្វើឱ្យស័កភព និងលោកស្រីម៉ាឡានី ព្រមទាំងអ្នកបម្រើនៅក្បែរៗនោះ ស្រឡាំងកាំងស្ទើរតែគ្រប់ៗគ្នា ហើយអ្នកដែលផ្ទុះសំលេងមុនគេគឺ ស័កភពព្រោះទាំងឈឺ និងទាំងឆ្ងល់នឹងលោកប៉ា។

    «លោកប៉ា? មាន…» និយាយបានតែប៉ុណ្ណេះ លោកស្រីម៉ាឡានី ក៏និយាយកាត់។

    «លោកបង? ថ្ងៃនេះលោកបងកើតអីបានជាមកវាយកូនទាំងកម្រោលចូលបែបនេះ?»

    មិនចាំបាច់លោកវិរៈយុទ្ធឆ្លើយទាន់ ស័កភពក៏ស្រែកយ៉ាងសន្ធាប់ទៅលោកវិរៈយុទ្ធម្តងទៀត។

    «ខ្ញុំបានធ្វើអីខុស បានជាលោកប៉ាគ្មានហេតុផល យ៉ាងនេះ?»

    «ឯងចេះដឹងថាគ្មានហេតុផលដែរឬ? ចុះអារឿងដែលឯងលើកគ្នាទាំងហ្វូងទៅជិះឡានដេញបុកធ្វើបាបគេតែម្នាក់ ហើយគ្នាជាស្រីផងនោះ តើវាមានហេតុផលអីដែរ? ហើយគេបានទៅប៉ះពាល់អីឯង?»

    សម្ដីមួយម៉ាត់នេះ ធ្វើឱ្យស័កហើបមាត់លែងចេញព្រោះគេដឹងថាលោកយុទ្ធកំពុងតែនិយាយពីរឿងអី តែដោយនាយកំលោះយើងជាមនុស្សដែលរឹងមានះមិនព្រមចាញ់អ្នកណា សូម្បីតែកំហុសខ្លួនឯងក៏មើលមិនឃើញ, នាយយើងក៏ស្រែកគំហកទៅលោកប៉ាម្តងទៀត។

    «នាងត្រូវប៉ុណ្ណេះ គឺខ្ញុំគិតថា វាតិចផង បើនាងនៅតែមិនរាង នាងនឹងស្គាល់ថ្នាំខ្លាំងច្រើនជាងនេះទៅទៀត។»

    លោកវិរៈយុទ្ធឮសម្ដីដ៏ពាលបែបនេះ, លោកខឹងខ្លាំងណាស់ ក៏ទះកំផ្លៀងស័កមួយដៃទៀត ហើយស្រែកទៅវិញថា៖

    «ឯងក្លាយជាក្មេងពាលបែបនេះតាំងពីពេលណាមក, ហ្អាស ស័ក? ហើយឯងថាមិនរាង តើបានន័យថាម៉េច? ចុះរតនា, គេទៅធ្វើអីខុសលើឯង ទើបគេចាំបាច់ត្រូវរាង?»

    ម្តងនេះ លោកស្រីម៉ាឡានីយល់ពីសាច់រឿងហើយ គាត់មិនអាចឈរស្ងៀមទៀតបានទេ ក៏និយាយកាត់ឪពុកកូនគេទាំងពីរ។

    «លោកបង! លោកបងដូចជាជ្រុលពេកហើយ… ដោយសារតែពួកមីថោកទាបអស់នោះ លោកបង ហ៊ានលើកដៃវាយកូន?»

    ឮសម្ដីនេះភ្លាម កំហឹងរបស់លោកយុទ្ធ កាន់តែឆេះឡើងថែមមួយកម្រឹតទៀត ក៏ប៊ិះនឹងយារដៃវាយលោកស្រីម៉ាឡានី ទៅហើយតែគាត់បែរជាមិនហ៊ាន ក៏ទំលាក់ដៃចុះមកវិញហើយក៏ត្រូវលោកស្រីនិយាយផាឌឺដងទៅឱ្យលោកវិញ។

    «ទះមក! ទះមក! ម៉េចក៏មិនហ៊ានទះ? ថ្នាក់កូនបង្កើត លោកបងនៅហ៊ានវាយ លោកបងលើកពួកវាឱ្យខ្ពស់ជាងពួកយើងហើយមែនទេ? លោកបងនេះ អាក្រក់ណាស់។»

    លោកស្រីនិយាយសឹងមិនទាន់ចប់ផង ក៏ស្រែកជំទាលពេញតែផ្ទះ ព្រោះតែគ្រឺតនឹងលោកវិរៈយុទ្ធខ្លាំងពេក។ បែរមើលទៅស័កវិញ ក្រោយពីត្រូវ២កំផ្លៀងរបស់លោកឪពុក ដោយសារតែអាមុខងាប់មួយនោះ ក៏រឹតតែមានកំហឹងខ្លាំងឡើងជាងមុនទៅទៀតទៅលើគ្រួសាររបស់រតនាហើយនៅពេលនេះ ដោយនិយាយអ្វីមិនកើតក៏មានបំណងរត់ឡើងទៅលើបន្ទប់ តែត្រូវលោកយុទ្ធ ស្រែកឱ្យឈប់។

    «ឈប់! ឯងចង់ទៅណា? យើងមិនទាន់និយាយជាមួយឯងចប់ទេ។»

    ទោះបីជាឮសម្ដីលោកយុទ្ធប្រាប់ឱ្យឈប់, ក៏ស័កគេមិនស្តាប់ដែរ គេនៅតែចចេសឡើងទៅលើឱ្យខានតែបាន។ ឡើងបាន ២ ទៅ៣កាំ លោកយុទ្ធក៏ស្រែកបង្អាក់ម្តងទៀត។

    «ឈប់! ឯងមិនឮយើងប្រាប់ឱ្យឈប់ទេឬ? ដោយសម្ដីលើកក្រោយនេះ ដូចជាឮខ្លាំងជាងមុន ហើយសង្កត់ន័យឱ្យស័កឈប់ លុះត្រាតែបាន។ កំលោះដ៏ចចេសរបស់យើង ក៏ឈប់នៅមួយកន្លែង តែនាយយើង មិនខ្ចីងាកមុខមករកលោកប៉ាឡើយ។ ឃើញបែបនោះ លោកយុទ្ធក៏ព្រមនិយាយទៅកាន់ស័កទាំងតប់ប្រមល់។

    «យើងប្រាប់ឯងជាលើកចុងក្រោយណា! បើឯងនៅតែចងអាឃាត ឬក៏ធ្វើទុក្ខបុកម្នេញទៅលើ គ្រួសាររតនី ក៏ដូចជាជិះឡានដេញបុករតនាទៀត កុំថាយើងកាចណា។ យើងនឹងបិទគណនីធនាគាររបស់ឯង មិនឱ្យឯងចាយសូម្បីតែមួយរៀល ហើយមួយវិញទៀត ប្រទេសមានច្បាប់ទម្លាប់ត្រឹមត្រូវ បើឯងនៅតែធ្វើអំពើពាលាអាវ៉ាសែបែបនេះទៀត ហើយត្រូវគេប្តឹងចាប់ឯងញាត់គុកនោះ កុំថាយើងចិត្តអាក្រក់មិនជួយឯងឱ្យសោះ។»

    ចប់សម្ដីរបស់លោកវិរៈយុទ្ធភ្លាម, ស័កមិនខ្វល់នឹងតមាត់អ្វីទៅលោកវិញទេ ក៏បន្តឡើងកាំជណ្តើរទាំងទឹកមុខមាំខាំមាត់យ៉ាងណែនទឹកភ្នែករមៀលចុះពីកែវភ្នែកដ៏មុតស្រួច ក្នុងន័យខឹងខ្លាំងណាស់មិនគួរណាលោកប៉ារបស់ខ្លួនមើលឃើញអ្នកដទៃល្អជាងកូនរបស់ខ្លួនឯងយ៉ាងនេះសោះ។ ឯចំណែកលោកស្រីម៉ាឡានីវិញ ខឹងនឹងលោកវិរៈយុទ្ធខ្លាំងណាស់ ក៏ស្រែកជំទាលយ៉ាងឮ ទៅលោកវិរៈយុទ្ធ។

    «លោកបង! លោកបងដូចជាជ្រុល…»

    និយាយបានតែប៉ុន្មានម៉ាត់នេះ ក៏ត្រូវលោកយុទ្ធស្រែកគំហកមកវិញ។

    «បានហើយ! បានហើយ! លោកស្រីហើយនឹងខ្ញុំក៏ត្រូវមានរឿងត្រូវនិយាយគ្នាដែរ។ រឿងរបស់ពួកយើង គឺត្រូវចប់តាំងពីយូរណាស់មកហើយ។»

    និយាយមិនទាន់ចប់ប្រយោគផង លោកស្រីក៏ស្រែកកាត់ទៀតហើយ។

    «លោកបងចង់មានន័យថាម៉េច?»

    «លោកស្រីកុំទាន់កាត់បានទេ? ស្តាប់ឱ្យចប់សិនទៅ។ គឺពួកយើងបាននិយាយគ្នាដឹងរឿងតាំងពីយូរណាស់ហើយ មែនទេ? ថាយើងនឹងនៅបែកគ្នា ហើយរង់ចាំឱកាសដែលសមស្រប យើងនឹងលែងលះគ្នាតាមផ្លូវច្បាប់។ ឥលូវខ្ញុំគិតថាពេលវេលានោះ បានមកដល់ហើយយើងគួរតែទុកផ្លូវឱ្យគ្នាដើរតាមសម្រួលទៅ។»

    «តែខ្ញុំមិនយល់ស្របទេណា លោកបង! លោកបងចង់លែងខ្ញុំហើយទៅយកមីព្រៃមួយនោះឬ?»

    ម្តងនេះ, លោកស្រីខឹងខ្លាំងណាស់ ខឹងខ្លាំងរហូតដល់សសៃឈាមឡើងមកផ្ទប់ដល់បេះដូង ហើយបានបាញ់ហួសទៅដល់ខួរក្បាល ធ្វើឱ្យលោកស្រីវិលមុខដួលព្រួស ដួលទាំងជំហ៊នៅហ្នឹងកន្លែង ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់លោកវិរៈយុទ្ធ និងប្អូនស្រីរបស់លោកស្រី។ នាងក៏ស្រែកយ៉ាងភ្លាត់មាត់៖

    «បងស្រី! បងស្រី! បងកើតអីនឹង? បងស្រី? កូនស័ក….! កូនស័ក …! ចុះមកជួយអ្នកម៉ាក់ផង កូន…  លោកយុទ្ធ! លោកយុទ្ធជួយបងនីផង… បងនីប្រហែលជាឡើងឈាមហើយលោក… ម៉េចក៏លោកនៅស្ងៀមចឹង?»

    លោកវិរៈយុទ្ធ ដល់ពេលព្រឹត្តិការណ៍ប្រថុចញុចពេក លោកបែរជាស្រលាំងកាំងមិនដឹងថាត្រូវធ្វើអី ឬទុកអីទេ។ ឯចំណែកស័កភពវិញ ដោយឮម្តាយមីងស្រែកយ៉ាងសន្ធាប់បែបនោះ ក៏ស្ទុះមកពីលើដូចផ្លេកបន្ទោរមកត្រកងម្តាយ ហើយស្រែកទៅលោកយុទ្ធទាំងកំហឹង។

    «លោកប៉ា...! លោកប៉ា… ធ្វើអីអ្នកម៉ាក់ លោកប៉ាមានដឹងខ្លួនទេ?»

    «កូនស័កកុំអាលនិយាយអីកូន ឆាប់នាំអ្នកម៉ាក់ទៅពេទ្យសិនទៅ លោកយុទ្ធ ប្រញាប់ទៅចេញឡានមកឆាប់ឡើង!»

    «ឥលូវប៉ាទៅយកឡាន កូនស័កឆាប់គ្រាម៉ាក់ឯងតាមមក»

    លោកស្រីម៉ាឡានី ក៏បានបញ្ជូនមកដល់មន្ទីរពេទ្យ។ ក្រោយពីចូលបន្ទប់សង្រ្គោះបន្ទាន់ មិនទាន់ទាំងបានប៉ុន្មានផង លោកគ្រូពេទ្យក៏ចេញមកវិញ ហើយបានពាំនាំនូវដំណឹងដ៏អកុសលមួយនេះ ជូនដល់គ្រូសារលោកវិរៈយុទ្ទ គឺថាលោកស្រីម៉ាឡានីបានផុតដង្ហើមបាត់ទៅហើយ ព្រោះថា លោកស្រីឡើងឈាមមួយរំពេច។ ហើយឈាមក៏បានបុកពីបេះដូងឡើងទៅដល់ខួរក្បាលធ្វើឱ្យដាច់សសៃឈាមខួរក្បាលបាត់ទៅហើយ។ លោកគ្រួរពេទ្យក៏គ្មានសមត្ថភាពជួយលោកស្រីឡើយ…
     
    ព្រឹត្តិការណ៍នេះ បានធ្វើឱ្យស័កភពរន្ធត់ចិត្តជាទីបំផុតហើយនាយយើងមិនអាចទទួលយកបានទេ នាយយើងបានស្រែកយ៉ាងទ្រហឹងពេញទាំងមន្ទីរពេទ្យ ធ្វើឱ្យលោកវិរៈយុទ្ធ និងអ្នកមីងរបស់ស័ក ស្ទុះទៅអោបស័ក ក្នុងបំណងសំរួមចិត្តរបស់ស័កមកវិញ កុំឱ្យនាយយើងឈឺចាប់ ខ្លាំងពេក។ ចំពោះអ្នកមីងរបស់គេ គឺអាចអោបលួងលោមស័កបាន តែចំណែកលោកវិរៈយុទ្ធវិញ ត្រូវនាយយើងរុញឱ្យចេញឆ្ងាយពីគេ ដោយសម្អាងថាមកពីលោកប៉ាបានជាអ្នកម៉ាក់ត្រូវស្លាប់។…

    លោកវិរៈយុទ្ធក៏មិនបាននិយាយអ្វីទៀតឡើយ ព្រោះលោកក៏ដូចជាដឹងកំហុសខ្លួនឯង ហើយនឹកព្រួយបារម្ភពីស័កដោយខ្លាចនាយយើង ទទួលយក ព្រឹត្តិការណ៍នេះមិនទាន់បាន។ តែលោកពិតជាធ្វើអ្វី មិនបានទេ ព្រោះមើលទៅកូនប្រុសរបស់លោកដូចជាខឹងនឹងលោកខ្លាំងណាស់… មានតែបណ្តោយទៅតាមនឹងចុះ។

    ពិធីបុណ្យសពរបស់លោកស្រីម៉ាឡានីបានប្រព្រឹត្តទៅយ៉ាងអធិកអធម។ ភ្ញៀវកិត្តិយសអ្នកខ្ពង់ខ្ពស់ជាច្រើននាក់ បានមកចូលរួមរំលែកទុក្ខលោកវិរៈយុទ្ធ។

    លោកវិរៈយុទ្ធ និងប្អូនស្រីបង្កើតរបស់លោកស្រីម៉ាឡានី ខំរាក់ទាក់ទទួលភ្ញៀវយ៉ាងមមាញឹក ចម្លែកអីតែស័កភព នាយយើងដូចជាមិនបានខ្វល់ពីភ្ញៀវពន្លឺអីសោះ គឺនាយយើងនៅសំកុកមុខមឈូស លោកស្រីម៉ាឡានីដោយមិនមាត់មិនកអ្វីមួយមាត់សោះ ទឹកមុខស្រងូតស្រងាត់តែមិនបានយំទួញសោកបោកខ្លួនអីទេ គ្រាន់តែមានទឹកភ្នែកដក់ក្នុងកែវភ្នែកបន្តិចបន្តួចដូចជានៅអាឡោះអាល័យអ្នកម្តាយខ្លាំងណាស់។

    ពិធីដំណើរការទៅជាធម្មតា មួយស្របក់ក៏ឃើញ គ្រួសាររបស់រតនាមកចូលរួមក្នុងពិធីនេះដែរ។ ក្រោយពីបានជួបសំណេះសំណាលជាមួយលោកវិរៈយុទ្ធបន្តិចមក លោកក៏នាំពួកគេទាំង៣នាក់ចូលទៅគោរពសពរបស់លោកស្រី។ មិនទាន់ទាំងបានធ្វើអ្វីផង, ស័កភពក៏ស្ទុះមករកពួកគេ ហើយស្រែកសម្លុតយ៉ាងខ្លាំងៗ ដូចជាមិនក្រែងញញើតអ្នកណាម្នាក់ឡើយ។

    «អ្នកណាឱ្យពួកឯងចូលមកទីនេះ?»

    លោកវិរៈយុទ្ធ ក៏ឆ្លើយកាត់៖

    «ស័កកូន កុំធ្វើបែបនេះបានទេរតនី និងគ្រួសារគ្រាន់តែមកជួយរំលែកទុក្ខពួកយើងតែប៉ុណ្ណោះ។»

    «យើងមិនត្រូវការការអាណិតរបស់ពួកឯងទេ ហើយម្តាយយើងក៏មិនចង់ឃើញមុខពួកឯងដែរ ឆាប់ចេញឱ្យផុតទៅ…»

    «ស័កកូនកុំជ្រុលហួសហេតុពេកណា!»

    «អ្នកណាក៏មិនបាច់និយាយដែរ… ឆាប់ចេញឱ្យឆ្ងាយទៅ មុននឹងយើងប្រើធម៏ក្តៅលើពួកឯង។»

    ស័កនិយាយពាក្យនេះហើយគេក៏ចាប់ផ្តើមរុញទាំង៣នាក់ទាំងកម្រោល តែត្រូវរតនាមកពាំងម្តាយ និងបងស្រីក្រែងលោអ្នកទាំង២ដួលដោយគ្មានជំហ ហើយក៏ស្រែកកាត់ទៅស័កវិញ៖

    «បានហើយ មិនបាច់ដេញដល់ថ្នាក់នេះទេ យើងក៏ជាមនុស្សដែរ។ តោះអ្នកម៉ាក់! យើងទៅវិញ ពួកខ្ញុំសូមលាសិនហើយលោកយុទ្ធ។»

    «ពួកឯងហ្នឹងអីជាមនុស្សស្មានថាជាឆ្កែឆ្មាតើ?»

    «កុំជ្រុលពេកណាលោកស័ក!»

    «អើ បើយើងធ្វើជ្រុលតើឯងចង់ធ្វើអីយើង? នាងមុខងាប់!»

    នាងក្រមុំឮហើយខាំមាត់ទ្រាំស្រាប់តែ...

    (សូមរង់ចាំអានភាគបន្តនៅរាត្រីថ្ងៃសុក្រសប្ដាហ៍ក្រោយ)
    គំនុំប្រុសស្អាត (ភាគ៣) គំនុំប្រុសស្អាត (ភាគ៣) Reviewed by Unknown on 7:40 PM Rating: 5
    Loading...
    Powered by Blogger.