>
  • ទំព័រដើម
  • គំនុំប្រុសស្អាត (ភាគ៦ចប់)

     
    ពេលដែលស័កត្រលប់មកពីខាងក្រៅវិញ, គេបានបោះបាយមួយកញ្ចប់ក្បែរជើងរបស់រតនាហើយនិយាយថា៖

    «ណេះ…បាយ និងត្រីងៀត! ស៊ីគ្រាន់តែយកកម្លាំងទៅ។ យើងមិនដឹងថានាងចូលចិត្តអីទេ ចឹងហើយមានតែក្រៀមក្រោះហ្នឹងទៅ។ យើងទៅដេកហើយ។»

    ថាហើយ នាយយើងក៏ដើរត្រលប់ទៅឡានវិញ ហើយដេកក្នុងឡានយ៉ាងមានសេចក្តីសុខ, ទុកឱ្យរតនាអង្គុយជាប់ចំណងទាំងហួសចិត្ត។ បោះឱ្យធ្វើអី បើដៃជើងជាប់ចំណងដដែលហ្នឹង។ រយៈពេលមួយព្រឹកដល់ថ្ងៃរសៀលនេះ រតនាគ្មានអ្វីចូលពោះសូម្បីតែបន្តិច។ មើលទៅរតនាគួរឱ្យអាណិតណាស់ តែយ៉ាងណាក្នុងចិត្តគេក៏មិនខឹងនឹងស័កដែរ គឺគេមានតែបារម្ភពីស័កដែលកំពុងតែដើរលើផ្លូវខុស ហើយក៏មិនដឹងថា តើអាចបកក្រោយវិញបានឬអត់ទេ។ ចំពោះជីវិតរបស់រតនាវិញ គឺគេពិតជាមិនខ្វាយខ្វល់ឡើយ ទោះបីជាគេស្លាប់ក្នុងដៃស័កមែន ក៏រតនាព្រមដែរ ព្រោះដើម្បីកាត់បន្ថយគំនុំដែលមាននៅក្នុងចិត្តស័ក។ តើរតនាគួរតែធ្វើយ៉ាងណា ទើបស័កគេឈប់មានគំនុំនៅក្នុងចិត្ត? ព្រោះគំនុំនេះមិនបានធ្វើឱ្យអ្នកណាម្នាក់ទទួលបានក្តីសុខទេ មានតែក្តីទុក្ខក្តីសោកស្តាយរាប់មិនអស់។

    ព្រះអាទិត្យរៀបនឹងអស្តង្គត, ក៏ឮសំលេងឡានរបស់ស័ក បញ្ឆេះចេញទៅក្រៅបាត់ទៀត ទុកឱ្យក្រមុំដ៏កំសត់របស់យើងអត់បាយក្រហាយក្រពះ សូម្បីតែទឹកមួយតំណក់ក៏មិនបានផ្សើមមាត់ផង តែ រតនានៅតែខំប្រឹងតស៊ូជំនះឱ្យផុតពីគ្រាលំបាកមួយនេះ។ តែទោះជាខំទាល់តែអស់កម្លាំង, ក៏ចំណងមួយនេះមិនរំសាយឡើយ វាប្រៀបដូចជាគំនុំដែលដក់នៅក្នុងចិត្តរបស់ស័កដែរ ដែលចងរឹតរូបគេ មិនឱ្យរួចផុតពីគំនុំមួយនេះឡើយ។ 

    មួយសន្ទុះធំ, ឡានរបស់ស័កក៏ត្រលប់មកវិញ ស្បៃរាត្រីបានគ្របដណ្តប់ផ្ទៃលោកទាំងមូលបាត់ទៅហើយ។ កំលោះស័កបានចុះពីលើឡានជាមួយនឹងពន្លឺចង្កៀងម៉ាំងសុងភ្លឺច្រាល ចាកភាពងងឹតដោយក្នុងដៃមានកាន់ស្រាបៀរ និងគ្រឿងក្លែមខ្លះៗមកជាមួយផង ពេលចូលមកដល់ខាងក្នុង ឃើញ រតនារាងដូចជាល្វើយខ្លាំងណាស់ ក៏ធ្វើជាពោលពាក្យឌឺដង។

    «អីយ៉ា! មិនត្រឹមតែមាត់រឹងទេ ថែមទាំងចិត្តខ្លាំងទៀត បាយក៏ពុំព្រមស៊ី។ តើអាចទ្រាំបានប៉ុន្មានថ្ងៃហ្នឹង? ហាសហាសហា។»

    រតនាគេមិនតបអ្វីទៅវិញទេ។ ស័កក៏បន្តទៀតថា៖

    «យប់នេះយើងគ្មានបាយម្ហូបឱ្យនាងទេ យើងមានតែបស្រាបៀរ និងគ្រឿងក្លែម។ យើងគិតថានាងប្រហែលជាមិនចូលចិត្តគ្រឿងអស់នេះទេចឹងឯងមានតែអង្គុយកំដរយើងផឹកទៅ។»

    ស័កក៏លើកកំប៉ុងស្រាបៀរមកអកសឹងតែដាច់មួយកំប៉ុង ហើយលូកសាច់ក្លែមដាក់ចូលមាត់រួចធ្វើមុខដូចជាឆ្ងាញ់ណាស់ ហើយនិយាយឌឺទៅរតនាទៀត។

    «អីយ៉ាស់!?! សាច់នៅទីនេះផុយល្អណាស់ហើយមានរសជាតិឆ្ងាញ់ទៀត។ គួរសមផស់គេ… ស្មានថាស៊ីមិនកើតហើយតើ។ នាងចង់សាកមួយម៉ាត់ទេ?»

    រតនានៅតែមិនតបដដែល ទោះបីជាក្នុងពោះរបស់គេស្រែកមកថា ដាក់មួយម៉ាត់ទៅ សាកមួយដុំទៅក៏ដោយ ព្រោះនាងដឹងថា ទោះជាគេពោលថាឃ្លាន, ក៏ស័កមិនមានចិត្តល្អដែរ ព្រោះគេចាប់យើង យកមកទីនេះ មិនមែនយកមកឱ្យសោយសុខទេ។ រតនាក៏បែរជានិយាយថា៖

    «តើលោកស័កស្អប់ខ្ញុំណាស់មែនទេ?»

    ឮសំនួរបែបនេះ, ស័កក៏ដាក់សាច់ក្លែមចុះ ហើយលើកកំប៉ុងស្របៀរដែលនៅសល់ យកមកបង្ហើយឱ្យអស់ពីកំប៉ុង រួចក៏ងើបដើរទៅជិតរតនាហើយក្របួចកអាវរតនាស្ទើរតែរហែក រួចនិយាយទាំងមុខ ម៉ាំ។

    «មិនត្រឹមតែនាងទេ គឺគ្រួសាររបស់នាងទាំងអស់ក៏យើងស្អប់ខ្លាំងណាស់ដែរ។»

    «បើខ្ញុំស្លាប់, តើលោកអាចលើកលែងទោសអោយពួកគាត់បានទេ?»

    ចប់សម្ដីនេះ, ស័កក៏បន្ធូរដៃពីកអាវរតនា ហើយបែរទៅរើសយកកំប៉ុងបៀរថ្មីមួយទៀត មកគាស់ផឹកដូចជាមិនបានឮថា រតនានិយាយពីអីទេ។ រតនាឃើញបែបនោះក៏បន្ត៖

    «លើកលែងឱ្យពួកគាត់ទៅ ព្រោះស្នេហាមិនអាចបង្ខំបានទេ។ លោកគិតថាពួកខ្ញុំពេញចិត្តធ្វើបែបនេះណាស់មែនទេ?»

    គ្រាន់តែឮប្រយោគមួយនេះ, ស័កក៏ស្ទុះមកដាល់រតនាមួយដៃចំក្បាលពោះ ធ្វើឱ្យក្រមុំយើងចុកឆ្អល់ពោះ ស្ទើរតែប្រកាច់ដាច់ខ្យល់នៅហ្នឹងកន្លែង។  ហើយស័កក៏និយាយទាំងកំហឹង។

    «បិទមាត់ដ៏គំរករបស់នាងទៅ! ពួកនាងមិនពេញចិត្តទេមែនទេ? តែម្តាយរបស់យើងបានស្លាប់ដោយសារការមិនពេញចិត្តរបស់ពួកនាងឯងរួចទៅហើយ។»

    «ចឹងលោកសម្លាប់ខ្ញុំចោលទៅ ជីវិតមួយសងជីវិតមួយ គួរតែរួចគ្នាហើយ។»

    «មិនទាន់ដល់ពេលទេនាង!!! យើងនឹងធ្វើឱ្យគ្រួសាររបស់នាងយល់ពីអារម្មណ៍មួយនេះ។ តើការ បាត់បង់នរណាម្នាក់… តើវាឈឺចាប់ប៉ុណ្ណា?»

    ថាហើយ, ស័កក៏ទៅអង្គុយផឹកដូចធម្មតាវិញ ព្រោះ រតនាមិនបានតមាត់អីទៀតទេ។ ក្រោយពីផឹកបាន២កំប៉ុងដាច់អស់ទៀតហើយ, ស័កក៏លូកបារីពីហោប៉ៅអាវ មកជក់ហើយបានលូកយកស្លាបព្រាដែកមកដាក់ម្ស៉ៅសម្យ៉ាងទៅលើវា ហើយយកវាទៅកម្ដៅលើភ្លើងទានដែលកំពុងតែឆេះ ឱ្យម្ស៉ៅនោះក្លាយទៅជាទឹកខាប់ៗ រួចក៏យកសេរ៉ាំងមកបឺតយកទឹកនោះចូលទៅ ហើយស័កក៏យកមកចាក់បញ្ចូលក្នុងដៃរបស់គេ។ ឃើញទិដ្ឋភាពបែបនោះ, រតនាខ្លោចចិត្តខ្លាំងណាស់, ក៏និយាយទៅកាន់ស័ក៖

    «លោកធ្លាប់គិតថា ពួកយើងគឺជាអ្នកដែលបំផ្លាញសុភមង្គលរបស់គ្រួសារលោក? ខ្ញុំទទួលស្គាល់ថា វាជាការពិត តែលោកមិនដឹងទេថា សុភមង្គលពិតរបស់លោក គឺស្ថិតនៅលើអ្វី? លោកកំពុងតែបំផ្លាញសុភមង្គលពិតរបស់លោកហើយ មិនមែនពួកខ្ញុំទេ។»

    ស័កគេមិនបានខ្វល់នឹងសម្ដីឥតបានការរបស់រតនាទេ គឺគេកំពុងតែទទួលយកសេចក្តីសុខពីថ្នាំញៀន។ អារម្មណ៍របស់គេនៅពេលនេះមិនដឹងជាហោះហើរទៅដល់ទីណាទេ ព្រោះឃើញទាំងញញឹម និងបិទភ្នែកស្រឹមៗ ដូចជាមានក្តីសុខណាស់។ មួយសន្ទុះ, គេក៏ក្រោកមកគាស់ស្រាបៀរ មួយកំប៉ុងទៀត ហើយភ្នែករបស់គេក៏សម្លឹងមើលមករតនា ដូចជាចង់ស៊ីសាច់ទាំងរស់។ ទឹកមុខរបស់គេ ប្រែពីញញឹមបែរទៅជាក្រេវក្រោធ។ រួចហើយក៏ស្ទុះទៅក្របួចកអាវរតនាម្តងទៀត។ ម្តងនេះ, គេអង្រួនរតនាតាមតែកម្លាំងដៃរបស់គេ ហើយស្រែកយ៉ាងសន្ធាប់ថា៖

    «សងម៉ែយើងមកវិញមក។ សងម៉ែយើងមកវិញមក… ពួកនាងឯងបំផ្លាញក្តីសុខរបស់យើងអស់ហើយ។»

    ស័កគេអស់ពីស្រែកទៅរតនាយ៉ាងសន្ធាប់ហើយ ក៏ដាល់ក្បាលពោះរតនាថែម២ ទៅ៣ដៃទៀត ដូចជា ខឹងនឹងនាងខ្លាំងណាស់។ ឯរតនាវិញ, ខ្លួនប្រាណទាំងមូលក៏ជាប់ចំណង បាយទឹកក៏មិនបានប៉ះ, ហើយថែមទាំងត្រូវកណ្តាប់ដៃរបស់ស័កយ៉ាងទម្ងន់ទៀត ធ្វើឱ្យនាងយើងស្ទើរតែដាច់ខ្យល់។ ដោយកម្លាំងទប់ទល់លែងជាប់, រតនាក៏សន្លប់បាត់ទៅ ទុកឱ្យតែស័កនៅស្រែកជំទាលតែម្នាក់ឯង។ អស់ពីជំទាលក៏ចូលដល់តួកម្សត់ស្រែកយំរកម្តាយរបស់គេ ហើយត្អូញត្អែរថា៖

    «លើលោកនេះ! គ្មានអ្នកណាម្នាក់ស្រលាញ់យើងទេ សូម្បីតែឪពុករបស់យើងក៏មើលឃើញអ្នកក្រៅល្អជាងកូនខ្លួនឯងដែរ។»

    ស័កគេទួញសោកម្នាក់ឯងរហូតដល់លង់លក់មិនដឹងតាំងពីពេលណា។ លុះដល់ពេលព្រឹកឡើង, ស័កក៏ដឹងខ្លួនឡើងវិញ តែអភ័ព្វអីតែរតនា គឺគ្នាមិនដឹងថា ស្លាប់ ឬក៏រស់ទេ។ ពេលដែលស័កឃើញបែបនោះ, ក្នុងចិត្តគេក៏រាងភ័យបន្តិចដែរ។ គេក៏ស្ទុះទៅអង្រួនរតនាឱ្យដឹងខ្លួន តែដោយរតនាគ្មានកម្លាំងទាល់តែសោះ ធ្វើឱ្យរាងកាយរបស់គេមិនអាចដឹងខ្លួនភ្លាមៗឡើយ នេះវារឹតតែធ្វើឱ្យស័កគេស្លុតចិត្តជាងមុនទៅទៀត ដោយគិតថា រតនាស្លាប់បាត់ទៅហើយ។ ស័ករឹតតែអង្រួនរតនាខ្លាំងជាងមុន ខ្លាំងរហូតដល់រតនាដឹងខ្លួនឡើងវិញ ហើយមមើមមាយស្រែករកទឹក។

    «ទឹក…ទឹក…» ជាប់ហ្នឹងមាត់។ ស័កឮបែបនោះ គេក៏ចិត្តមិនដាច់ដែរ ក៏យកទឹកទៅបញ្ច្រកចូលមាត់ រតនាតិចៗ។ ក្រោយពីបានទឹកមកផ្សើមបំពង់កហើយ មើលទៅរតនាដូចជាមានកម្លាំងច្រើនជាងមុន ហើយក៏មិនភ្លេចនិយាយអរគុណទៅស័កដែរ។

    «អរគុណហើយលោកស័ក…»

    ស័កដូចជាមិនចង់ឮពាក្យនេះទេ ក៏ដើរចេញទៅឡានបាត់ ហើយសំលេងបញ្ឆេះឡានក៏រោទ៍ឡើងម្តងទៀត សំលេងម៉ាស៊ីនឡានក៏បើកចេញទៅរហូតដល់ស្ងាត់បាត់សំលេងឈឹង នៅសល់តែសំលេងដង្ហើមរបស់រតនាដែលលោតផ្តឹកៗ ដូចជាខ្សោយណាស់។ ឯសំលេងខាងក្រៅផ្ទះក៏នៅតែស្ងាត់ជ្រៀបដដែល គ្មានតម្រុយណាមួយថាមានអ្នកណាម្នាក់ឆ្លងកាត់ទីនេះទេ។ ក្តីសង្ឃឹមរបស់រតនាថាបានរួចខ្លួន កាន់តែធ្លាក់ចុះទៅៗសឹងតែគ្មានសង្ឃឹម។ ហើយបើសង្ឃឹមថាស័ក គេដោះលែងទៀតនោះ គឺរឹតតែគ្មានទៀត… សឹងតែស្មើសូន្យ។ តែមើលទៅស័ក គេក៏ទន់ចិត្តបន្តិចដែរ គឺគំនុំរបស់គេមិនបានគ្របសង្កត់ពេញខ្លួននោះទេ បើមិនចឹងគេក៏មិនមែនបារម្ភពីការស្លាប់របស់រតនាទេ។ តែចំពោះរតនាវិញ គេពិតជាចង់ឱ្យស័កលះបង់គំនុំមួយនេះ ហើយធ្វើខ្លួនជាមនុស្សល្អវិញណាស់ តែពិតជាមិនដឹងធ្វើយ៉ាងណាឱ្យស័កយល់ទេ។ កំពុងតែគិតរកវិធី, សំលេងឡានរបស់ស័កក៏មកដល់។ ម្តងនេះ, ស័កគេចុះមកមានទាំងបាយកញ្ចប់ និងទឹកក្រូចមកជាមួយផង។ ចូលមកដល់ក្នុងផ្ទះ, ស័កគេសប្បាយចិត្តណាស់និយាយទាំងសប្បាយចិត្តតែម្នាក់ឯង តែក៏ក្នុងបំណងឱ្យរតនាឮ។

    «ហាសហាសហា!! ថ្ងៃនេះយើងសប្បាយចិត្តណាស់ តែប្រហែលជាមិនមែនដំណឹងល្អសម្រាប់ឯងទេ ហាសហាសហា។ ដំណឹងរំសាយការរៀបការរបស់ប៉ាយើងជាមួយបងស្រីឯង, ហាសហាសហា ទីបំផុត, បងស្រីឯងមិនបានក្លាយជាលោកស្រីនៅផ្ទះធំទេ។ ហាហាហា ថ្ងៃនេះយើងមានម្ហូបឆ្ងាញ់ៗណាស់សម្រាប់ឯង។ ឯងស៊ីឱ្យសប្បាយចិត្តចុះ។ អ្ហេសច្រលំមាត់ ព្រោះនេះមិនមែនជាដំណឹងល្អសម្រាប់ឯងផង។ តែ, យ៉ាងណាក៏ឯងគួរតែស៊ីឱ្យសប្បាយចិត្តទៅ ព្រោះអត់បាយ២ថ្ងៃមកហើយ។»

    ថាហើយ, ស័កក៏ទុកបាយនៅលើភ្លៅរបស់រតនា ហើយក៏ទៅស្រាយចំណងដៃឱ្យរតនាសម្រាប់ទុកញ៉ាំបាយ តែមិនបានស្រាយចំណងជើងទេ គឺជើងរបស់គេនៅតែជាប់ជាមួយកៅអីដដែល។ ពេលនេះ រតនាមិនបានគិតអីច្រើនទេ គឺក្រៅពីញ៉ាំបាយនោះឱ្យអស់ និងថែមទឹកចូលទៅក្នុងខ្លួន ដើម្បីយកកម្លាំងខ្លះៗមកវិញ។ ស័កគេមិនខ្វល់ពីទង្វើរបស់រតនាដែលធ្វើដូចជាមនុស្សអត់ឃ្លានមករាប់ឆ្នាំចឹងនោះទេ, គេបែរជាមករៀបចំអាហារ និងស្រាដើម្បីជប់លៀងជាមួយព័ត៌មានដ៏ល្អមួយនេះ។

    បន្ទាប់ពីរតនាបានបាយចូលពោះឆ្អែតហើយ, ស័កក៏ទៅចងដៃរបស់រតនាវិញ។ ឯរតនាក៏មិនបានប្រកែកអីដែរ ព្រោះគេដឹងថាគេនឹងស្រាយគំនុំរបស់ស័កឱ្យអស់នៅពេលនេះ ទោះបីជាស្លាប់ក៏គេព្រមដែរ។ បន្ទាប់ពីស័កចងចំណងរួចរាល់ហើយ, គេក៏ទៅអង្គុយផឹកយ៉ាងសប្បាយវិញ។ រតនាក៏ផ្តើមសំនួរ។

    «ស័ក! តើលោកសប្បាយចិត្តណាស់មែនទេ ដែលពិធីមង្គលការរបស់ប៉ាលោកស័កត្រូវរំសាយបែបនេះ?»

    ស័កគេមិនឆ្លើយតបនឹងសំនួរល្ងង់ៗរបស់រតនាទេ គេបែរជាបន្តការផឹកដោយឥតខ្វល់ឡើយ។ រតនាដឹងថា ទោះបីជាស័កមិនឆ្លើយក៏គេដឹងថា ចម្លើយគេ គឺសប្បាយចិត្តណាស់,  ដូច្នេះរតនាក៏បន្តនិយាយតទៅទៀត។

    លោកស័កច្បាស់ជាសប្បាយចិត្តខ្លាំងណាស់ហើយ  ព្រោះអ្វីៗដែលលោកបានធ្វើ គឺសមតាមបំណងរបស់លោកហើយ។ តែលោកមិនបានគិតទេថា តើបេះដូងរបស់លោកវិរៈយុទ្ធត្រូវធ្លុះធ្លាយយ៉ាងណា? ម្ខាងជាក្តីស្នេហា ម្ខាងជាកូន។ បានមួយ ត្រូវតែបាត់បង់មួយ។ ហេតុអីបានជាតម្រូវឱ្យទៅជាបែបនេះទៅវិញ?»

    «ត្រូវហើយ! តែលោកប៉ាគាត់រើសយកបងស្រីរបស់នាង គាត់សុខចិត្តបោះបង់ចោលយើង។ នាងមានដឹងទេថា​យើងតូចចិត្តប៉ុណ្ណា?»

    «លោកគិតខុសហើយលោកស័ក។ លោកយុទ្ធគាត់មិនបានបោះបង់ចោលលោកទេ គឺលោកទៅវិញទេដែលបោះបង់គាត់ចោលនោះ។ គ្មានឪពុកណាមើលឃើញអ្នកក្រៅល្អជាងកូនខ្លួនឯងទេ។ តែគាត់សុំត្រឹមតែការយល់ចិត្តបន្តិចបន្តួចពីលោក។ មនុស្សយើង អ្នកណាក៏ចង់បានស្នេហាមួយដែលខ្លួនឯងចង់បានដែរ។ ទោះបីជាវាខុសបន្តិចមែន ហើយវាក៏មិនល្អក្នុងក្រសែភ្នែកអ្នកដទៃបន្តិចមែន, តែអ្វីដែលលោកចង់បាន គឺការជួយជ្រោមជ្រែងពីបងប្អូនសាច់ញាតិ។ តែលោកជាកូនប្រុសរបស់គាត់ តើលោកមានយល់ពីចំនុចមួយនេះទេ?»

    «សម្ដីរបស់នាង ស្តាប់ទៅដូចជាពិរោះស្តាប់ណាស់។ បើសាកយកចិត្តនាងមកដាក់ចិត្តរបស់យើងវិញ តើនាងនៅតែគិតចឹងទៀតអត់?»

    «ខ្ញុំប្រាកដជាគិតដូចលោកហើយ ព្រោះគ្មានអ្នកណាចង់ឱ្យមានអ្នកទី៣ ចូលមកជ្រៀតជ្រែកសុភមង្គលរបស់យើងទេ។ តែលោកសាកគិតបន្តិច ទៅមើលថា បើគ្មានអ្នកទី៣ដូចជាបងស្រីរបស់ខ្ញុំទេ តើគ្រួសាររបស់លោកមានសេចក្តីសុខប៉ុណ្ណាទៅ? ឪពុកទៅផ្សេង ម្តាយទៅផ្សេង ឯកូនទៅផ្សេង តើសុភមង្គលកើតឡើងនៅពេលណា?»

    សំនួររបស់រតនានៅពេលនេះ ធ្វើឱ្យស័កមិនព្រមទទួលយកការពិតទេ បែរជាច្រលោតតោតតូងមួយរំពេច។ គេគប់កំប៉ុងស្រាបៀរចំក្បាលរតនាឮសូរតែ ប៉ែស!!! ហើយស្រែកឡើងថា៖

    «បានហើយ ទុកសម្ដីល្អៗចឹង ទៅប្រដៅបងស្រីរបស់នាងវិញទៅ។»

    ឯរតនាវិញ ទោះបីជាត្រូវមួយកំប៉ុងហើមថ្ងាសហើយក៏ដោយ ក៏គេនៅតែមានះនិយាយទៅកាន់ស័កទៀត។

    «ទោះជាលោកច្រលោតខឹង ហើយវាយខ្ញុំដល់ស្លាប់ ក៏ខ្ញុំនៅតែចង់ពន្យល់ឱ្យលោកយល់នូវការអធ្យាស្រ័យ ព្រោះសុភមង្គលវាកើតឡើងមកពីមនុស្ស២នាក់ចេះយល់ចិត្តគ្នា។ មិនមែនយកកំហឹងមកយកឈ្នះរៀងៗខ្លួនចឹងទេ។ លោកដឹងទេ ? ដំបូងឡើយ, ពេលដែលខ្ញុំឮបងស្រីនិយាយថា មានបុរសវ័យចំណាស់មានប្រពន្ធមានកូនហើយ មកស្រលាញ់គាត់ គឺខ្លួនខ្ញុំ និងអ្នកម៉ាក់មិនយល់ស្របទេ គឺមិនយល់ស្របទាល់តែសោះ។ តែដោយឪពុករបស់លោក យកទឹកចិត្តមកនិយាយ យកទឹកចិត្តមកពន្យល់ ទើបពួកខ្ញុំយល់ ហើយក៏មិនពាក់ព័ន្ធអីនឹងទ្រព្យសម្បត្តិរបស់លោកយុទ្ធដែរ។ ទើបខ្ញុំ និងម៉ាក់មិនចង់បំបែកបំបាក់ពួកគាត់ ទោះជាវាមិនសមនឹងភ្នែកញាតិក៏ដោយ។»

    និយាយមកដល់ត្រឹមនេះ, ស័កគេដូចជាក្រពល់មុខមែនទែនហើយ។ ស័កក៏បានលូកយកថ្នាំញៀន មកចាក់ដូចសព្វដង។ រីឯរតនាវិញ, ឃើញបែបនោះ ក៏ខំប្រវេប្រវា ទាំងខ្លួនជាប់ចំណង និងកៅអី ហើយគ្រវាសស្លាបព្រាដែលកំពុងតែកម្ដៅនៅលើភ្លើង ឱ្យកំពប់ខ្ចាយទៅលើដី​ ហើយថែមទាំងយកជើងដែលជាប់ចំណងនឹងជើងកៅអីមកជាន់បំផ្លាញវាទៀត។ ម្តងនេះ, ស័កគេខឹងខ្លាំងណាស់ ទាំងកំហឹង និងសារជាតិញៀនធ្វើទុក្ខ ធ្វើឱ្យគេកម្រោលចូលដូចខ្មោចសណ្ឋិត ហើយវាយទៅលើរតនាឡើងហើមមុខហើមមាត់ចេញឈាម ស្ទើរតែគ្រប់កន្លែងហើយ ទោះបីជារតនាដួលទៅលើដីទាំង ខ្លួនជាប់ចំណងនៅកៅអីក៏ដោយ ក៏ស័កនៅតែទាត់ធាក់ ស្ទើរតែក្អួតឈាមចេញថ្លើមបេះដូងមកខាងក្រៅទៅហើយ។

    «ហេតុអីក៏នាងធ្វើបែបនេះ? ហេតុអីក៏នាងធ្វើបែបនេះ? នាងមានដឹងទេថាថ្នាំនោះ វាមានតម្លៃថ្លៃប៉ុណ្ណា? យើងកំពុងតែអត់លុយផង តើថ្មើណេះហើយ ទៅរកឯណាមាន?»

    និយាយបណ្តើរ, ស័កទាត់ធាក់រតនាបណ្តើរ គេដូចជាខឹងខ្លាំងណាស់មើលទៅ សារជាតិញៀនរបស់គេកើនឡើងដល់កម្រឹតហើយ គេរត់ស្ទុះទៅក្រៅ ស្រែកយ៉ាងសន្ធាប់ហើយក៏រត់ចូលមកវិញ មកទាត់ធាក់រតនាបន្តទៀត។ មិនអស់ចិត្ត, គេទៅដាល់ជញ្ជាំងលាន់សូរម៉ាំងៗទាំងឈាមហូររហាចពេញដៃ។ បន្ទាប់មកក៏ប្រ៉ះននៀលពេញទាំងដី ដូចជាឈឺចាប់អ្វីម្យ៉ាង។ ពេលនេះ, គេនៅមិនសុខទេ សារជាតិញៀនធ្វើទុក្ខពិតជាពិបាកមែន។ ធ្មេញរបស់គេសង្គ្រឺតរហូត ដូចជារកកលនិងស្លាប់។ បែរមកមើលរតនាវិញ ក៏ទទួលការវាយប្រហារពីស័កមិនតិចដែរ មិនដឹងថាស្លាប់ ឬក៏នៅមានដង្ហើម នៅឡើយទេ ព្រោះឃើញបាត់មាត់ស្ងាត់ឈឹងនៅនឹងដី។…


    ស័កដឹងខ្លួនមកវិញ នៅក្នុងភពងងឹតឈឹង… ងងឹតចាក់ភ្នែកមិនយល់។ ខ្លួនគេទាំងមូលញ័រដូចកូនសត្វ នឹកឆ្ងល់ថាទីនេះជាកន្លែងណា? ហេតុអីពន្លឺតែបន្តិចក៏គ្មាន? គេភ័យណាស់ ខំស្រែកឱ្យគេជួយយ៉ាងអស់ទំហឹង។ តែដូចជាគ្មានឮសំលេងអ្វីឆ្លើយតប មកគេវិញឡើយ។ មួយសន្ទុះក៏ឃើញមានពន្លឺព័ណ៌សឆ្វាច ជះមកពីលើក្បាលរបស់គេ។ ស័កខំប្រឹងសំលឹងមើលពន្លឺនោះ ទាំងមិនប៉ព្រិចភ្នែកឡើយ។ ស្រាប់តែឃើញមានដៃមួយស្ទង់ៗ លាមករកគេ ហើយស្រែកមកថា «តោងដៃខ្ញុំមក! តោងដៃខ្ញុំមក…» ស័កក៏ប្រឹងចាប់ដៃរបស់គេ ហើយប្រវេប្រវាតោងឡើងឱ្យផុតពីទីងងឹតនេះ។ តែដោយទម្ងន់របស់គេរឹតតែធ្ងន់ទៅៗ ដូចជាមានអ្វីមកចងជើងគេជាប់ ធ្វើឱ្យគេតោងឡើងទៅលើមិនរួច មានតែធ្វើឱ្យអ្នកដែលខំជួយគេ ធ្លាក់មកជាមួយគេដែរ។ លុះមើលឱ្យច្បាស់ទើបដឹងថាម្នាក់នោះគឺជារតនា។ ស័កគេខឹងណាស់បំណងនឹងវាយរតនាថែមទៀត ក៏ស្រាប់តែមានស្រមោលខ្មៅហោះឆ្វែលចុះឆ្វែលឡើងជុំវិញខ្លួនរបស់ពួកគេទាំង២នាក់។ ម្នាក់ៗភ័យស្លន់ស្លោខ្លាំងណាស់ ភ្នែកទាំងគូខំប្រឹងបាញ់ទៅស្រមោលខ្មៅនោះ។

    មួយសន្ទុះ, ពួកវាក៏ប្រែទៅជាបណ្ដុំឆ្អឹងខ្មោចដែលឆេះដោយអណ្តាតភ្លើងយ៉ាងសន្ធោរសន្ធៅ, ពួកខ្មោចនោះ នៅតែហោះទៅហោះមកជុំវិញពួកគេដដែល រកឱកាសល្អនឹងចាប់យកពួកគេទៅ។ ស័ក ដោយភ័យពេក គេក៏បានយករតនាមកពាំងមុខគេ ទើបខ្មោចនោះ មានឱកាសចាប់យករតនា ហើយហោះទៅ ធ្វើឱ្យខ្លួនរបស់រតនាទាំងមូលត្រូវភ្លើងឆាបឆេះរលាយបាត់សូន្យទៅ។ ស័កគេសោកស្តាយខ្លាំងណាស់ នូវទង្វើដ៏អាត្មានិយមរបស់គេ។ ដើម្បីតែរួចខ្លួន សុខចិត្តយកគេទៅប្តូរបែបនេះសោះ។ គេខំស្រែកហៅ រតនា... រតនា… រតនា រហូតដល់ដឹងខ្លួនឡើងម្តងទៀត។ 

    ដឹងខ្លួនម្តងនេះ ទើបស័កដឹងថា អំបាញ់ម៉ិញជាការយល់សប្តិទេ តែក្នុងខ្លួនគេក្តៅអន្ទះអន្ទែងខ្លាំងណាស់ ដូចមានភ្លើងកំពុងតែឆេះគ្រឿងក្នុងគេដូច្នេះដែរ។ មិនបង្អង់យូរ, ស័កក៏ប្រញាប់ទៅបើកគូទឡានយកទឹកសុទ្ធ៣ទៅ៤ដប ដែលគេទិញទុក មកស្រោចលើខ្លួនទាំងខោអាវឡើងទទឹកខ្លួនជោគ។ ធ្វើបែបនេះហើយ គេដូចជាមានអារម្មណ៍ថាស្វាងមកវិញបន្តិច។ មើលទៅនាឡិកាទើបដឹងថា ម៉ោង៨យប់ទៅហើយ។ ស័កក៏ប្រញាប់ដើរចូលមកក្នុងផ្ទះ ព្រោះគេដឹងថាខ្លួនឯងទើបតែធ្វើអ្វីម៉្យាងបាត់បង់ម្ចាស់ការ។ ពេលទៅដល់ខាងក្នុង គេឃើញរបស់របររប៉ាត់រប៉ាយពេញទាំងក្នុងខ្ទម ហើយគេក៏ឃើញរតនាដេកផ្ទាល់នៅនឹងដី។ ដៃ និងជើងជាប់ជាមួយកៅអីដដែល ហើយអ្វីដែលស្ទើរតែមិនជឿលើភ្នែកខ្លួនឯងនោះ គឺផ្ទៃមុខ និងដងខ្លួនរបស់រតនៈពោរពេញទៅដោយស្នាមឈាមប្រលាក់ពាសពេញទាំងអស់ មិនបង្អង់យូរនាយយើងក៏ស្ទុះយ៉ាងប្រញាប់ទៅស្រាយចំណងឱ្យរតនា ហើយឆ្លៀតស្ទាបមើលដង្ហើមរបស់គេ តែសំណាងល្អដែរ ដែលរតនានៅមានជីវិតនៅឡើយ។ ម្តងនេះ, ស័កគេសប្បាយចិត្តណាស់ដែលដឹងថារតនាមិនទាន់ស្លាប់។ គេក៏ប្រញាប់ទៅយកកន្សែងមកជ្រលក់ទឹក ហើយជូតខ្លួនជូតឈាម ទាំងផ្ទៃមុខ និងដងខ្លួនឱ្យរតនាយ៉ាងយកចិត្តទុកដាក់ រួចក៏បានប្តូរខោអាវថ្មីឱ្យគេ ដែលខោអាវនោះ ជារបស់ស័កទុកនៅក្នុងគូទឡាន។ ពេលនេះ, រតនាដឹងខ្លួនវិញបន្តិចបន្តួចហើយ តែគេនៅតែរវើរវាយ ស្រែកថារងារណាស់ៗ។ កម្ដៅក្នុងខ្លួនរបស់គេ ក្តៅដូចជាភ្លើងចឹងប្រហែលជាគ្រុនក្តៅហើយមើលទៅ។ ស័កភ័យណាស់គេមិនដឹងថាធ្វើយ៉ាងណាទេ មានតែយកអាវពាក់ឱ្យរតនាមួយជាន់ទៀត។ តែរតនានៅតែថ្ងូរថា រងារដដែល ដោយមិនដឹងជាធ្វើម៉េច ស័កក៏គេងក្បែររតនា ហើយអោបគេយ៉ាងតឹងណែនសង្ឃឹមថា កម្ដៅខ្លួនរបស់គេ អាចកាត់បន្ថយភាពរងាររបស់ស័កទៅចុះ។ មែន ប្រហែលជាបានការហើយមើលទៅ ព្រោះលែងឮសូររតនា គេថ្ងូរថារងារទៀតហើយ។ ដោយយប់កាន់តែជ្រៅទៅហើយ ហើយម្នាក់ៗដូចជាគ្មានកម្លាំងកំហែងផងនោះ ទាំង២នាក់ក៏លង់លក់ក្នុងស្បៃរាត្រីទាំងឱបគ្នាយ៉ាងស្អិតរមួត។

    លុះព្រឹកឡើង, កំលោះតូចរបស់យើងដឹងខ្លួនមុនស័កម្តង តែគេមិនទាន់ក្រោកភ្លាមទេ ព្រោះកំពុងតែឆ្ងល់ថា តើមានរឿងអីខ្លះបន្ទាប់ពីស័កគេវាយធ្វើបាបខ្លួនឱ្យសន្លប់? ហើយពេលនេះ ម៉េចក៏គេមកគេងក្នុងរង្វង់ដៃរបស់ស័កទៅវិញ? ហើយគេរួចពីចំណងតាំងពីពេលណា? ម៉េចក៏គេមិនចាំអីសោះយ៉ាងនេះ? រតនាសម្លឹងមើលមុខស័កដោយមិនដាក់ភ្នែកឡើយ។ កំពុងតែមើលមុខស័កទាំងមានចម្ងល់, ស័កក៏ភ្ញាក់ដឹងខ្លួនមកល្មម។ ពេលដែលបើកភ្នែកមកក៏ប៉ះចំកែវភ្នែករបស់រតនាដែលកំពុងតែមើលគេ។ ស័កក៏ភ្ញាក់ក្រញ៉ាង ហើយគ្រវាសដៃចេញពីខ្លួនរបស់រតនាជាប្រញាប់ ដូចជាខ្មាស់អៀនក្នុងរឿងអីមួយ។ មួយសន្ទុះ, ស័កក៏នឹកចង់ដឹងថា តើរតនាបាត់ក្តៅខ្លួន ឬនៅ? គេក៏ងាកមកស្ទាបថ្ងាសរបស់រតនា ហើយនិយាយបែបធូរចិត្តថា៖

    «អន់ក្តៅខ្លួនហើយ…»

    រតនាមិនបាននិយាយអ្វីទេ មានតែញញឹមយ៉ាងស្រស់ ទៅកាន់ស័ក ក្នុងន័យអរគុណគេ ដែលបារម្ភ។ ស័កក៏និយាយបន្ត៖

    «នាងត្រលប់ទៅផ្ទះវិញចុះ។»

    ឮសម្ដីបែបនេះ, រតនាគួរតែសប្បាយចិត្ត តែមើលទៅទឹកមុខគេ បែរជាមានចម្ងល់ទៅវិញ។ ដោយទប់នឹងចម្ងល់មួយនេះមិនបាន, គេក៏សួរទៅស័កវិញ៖

    «ចុះលោកវិញ?»

    «យើងគ្មានផ្ទះទេ។»

    «ម៉េចក៏លោកគិតបែបនេះ?»

    «នាងចង់ឱ្យយើងចូលគុកមែនទេ?»

    «ហេតុអីក៏លោកចាំបាច់ចូលគុក?»

    និយាយបែបនេះ ធ្វើឱ្យស័កសម្លឹងមើលទៅរតនាទាំងដឹងខ្លួនខុស។ រតនាក៏បន្តឱ្យស័កគេបានស្បើយចិត្ត៖

    «គ្មានអ្នកណាគេដឹងថា លោកស័កចាប់ខ្ញុំមកទីនេះទេ។ បើខ្ញុំមិនប្រាប់ តើមានអ្នកណាដឹងហើយលោកក៏មិនបានធ្វើកំហុសអ្វីដែរ មានរឿងអីដែលលោកយុទ្ធចាប់កូនខ្លួនឯងដាក់់គុកនោះ? លោកត្រលប់ទៅវិញទៅ ឈប់ធ្វើឱ្យលោកប៉ា និងអ្នកឯទៀតគេបារម្ភពីលោកទៀតអី។»

    «ដោយសារតែយើងមិនចង់ឱ្យពួកគាត់បារម្ភនឹងហើយ បានជាយើងមិនចង់ចូលផ្ទះ ព្រោះ មិនចង់ឱ្យលោកប៉ាដឹងថាយើងញៀនថ្នាំនោះទេ។ ហើយរឹតតែមិនចង់ឱ្យបងស្រីរបស់នាង មកមើលងាយយើងទៀតផង។»

    «ចំពោះគ្រួសាររបស់ខ្ញុំ, ប្រាកដជាមិនមើលងាយលោកស័កជាដាច់ខាត ខ្ញុំហ៊ានធានាដោយចិត្តស្មោះរបស់ខ្ញុំ។»

    «យ៉ាងណាក៏យើងមិនចង់ទៅផ្ទះវិញដែរ។»

    «តើលោកចង់នៅទីនេះឬ? ហើយលោកនៅតែចង់ប្រើប្រាស់វាទៀតឬ?»

    «មិនដឹងទេ… ប៉ុន្តែយើងចង់ផ្តាច់វា…»

    «លោកចង់ផ្តាច់វាដោយខ្លួនឯងមែនឬ? មិនមែនជាការងាយទេ។»

    «យើងមិនដឹងទេ… នាងឈប់សួរយើងទៅ។ ហើយនាងគួរតែទៅផ្ទះទៅ សុំតែម្យ៉ាងគឺ កុំប្រាប់អ្នកណាថានាងត្រូវយើងចាប់មកទីនេះ… ព្រោះនេះជាសម្ដីរបស់នាងនិយាយខ្លួនឯងទេ។»

    «រឿងនេះ, លោកមិនចាំបាច់បារម្ភទេ។ រឿងសំខាន់គឺថា បើលោកចង់នៅទីនេះ, ខ្ញុំនឹងកំដរលោកហើយក៏ព្យាយាមជួយលោកឱ្យផ្តាច់វាឱ្យទាល់តែបាន។»

    «ច្បាស់ហើយមែនទេ ថាឯងចង់ជួយយើង? ឯងមិនខ្លាចដូចយប់ម៉ិញទេឬ?»

    «រឿងយប់ម៉ិញប្រាកដជាអត់កើតឡើងទៀតទេ បើលោកស័កព្យាយាមអត់ធ្មត់ ហើយខ្ញុំក៏ដឹងដែរថា លោកអាចធ្វើបាន។»

    «បើនាងចង់ជួយយើងសប្បាយចិត្តណាស់ ហើយក៏អរគុណនាងដែរ។ តែឥឡូវមើលទៅនាងដូចជាមិនទាន់ជាស្រួលបួលទេ យើងគិតថាទៅរកទិញអីមកឱ្យនាងញ៉ាំសិន។»

    ឮបែបនេះ រតនាសប្បាយក្នុងចិត្តណាស់ លួចញញឹមក្នុងចិត្តតែម្នាក់ឯង។ រតនាសម្រេចចិត្តហើយថា នៅមើលថែស័កឱ្យអស់ពីកម្លាំងកាយ និងកម្លាំងចិត្ត។ តែអ្វីដែលរតនាត្រូវតែធ្វើមុនគេនោះ គឺផ្តល់ដំណឹងឱ្យអ្នកផ្ទះបានដឹងពីសុវត្ថិភាពរបស់គេ ហើយក៏មិនបរិយាយពីការបាត់ខ្លួនដោយគ្មានមុលហេតុរបស់គេដែរ រឹតតែមិនប្រាប់ថា គឺជាស្នាដៃរបស់ស័កទៀត។ រតនាគ្រាន់តែឱ្យបងស្រីទុកចិត្តលើគេថាគេពិតជាមិនដើរផ្លូវខុសឡើយ។

    ហើយរតនានៅប្រាប់បងស្រីទៀតថា មួយរយ:ទៀតទើបគេត្រលប់ទៅផ្ទះវិញ។ សាររបស់រតនា ធ្វើឱ្យអ្នកនៅក្នុងផ្ទះមិនអស់មន្ទិលឡើយ តែរតនីដូចជាយល់ពីចិត្តប្អូនស្រីច្បាស់ជាងគេ ហើយព្យាយាមពន្យល់អ្នកម្តាយ និងលោកវិរៈយុទ្ធឱ្យយល់ដូចជារូបនាងដែរ។ ពួកគេក៏ទុកពេលឱ្យរតនានៅខាងក្រៅមួយរយ:សិន។ រតនាចង់ប្រាប់ពីដំណឹងរបស់ស័កថាមិនមានគ្រោះថ្នាក់អីដែរ តែស័កគេមិនយល់ស្របទេ ព្រោះគេនៅតែរអៀសខ្លួនដែលធ្វើទង្វើខុសកន្លងមក។ រតនាក៏យល់ពីស័ក ហើយទុកឱកាសឱ្យគេមួយរយៈសិន។

    បន្ទាប់ពីដោះស្រាយជាមួយអ្នកផ្ទះរួចរាល់ហើយ, ពួកគេទាំងពីរនាក់ក៏បានចេញទៅទិញរបស់ប្រើប្រាស់ខ្លះៗមកទុកជាពិសេស គឺថ្នាំសង្កូវហើយអ្វីដែលពិសេសទៅទៀតនោះ គឺគេស៊ើបសួរពីវិធីទប់ស្កាត់ការញៀនថ្នាំកម្រឹតស្រាលពីបញ្ជរលក់ថ្នាំពេទ្យតូចៗតាមផ្ទះ។

    ពួកគេទាំង២នាក់មានតួនាទីដែលត្រូវបំពេញរៀងៗខ្លួន គឺស័កមានតួនាទីកាប់ឆ្កាព្រៃដែលដុះស៊ុបទ្រុបជុំវិញបរិវេណផ្ទះ តែក៏មិនបង្ខំឱ្យធ្វើការបាក់កម្លាំងពេកដែរ ធ្វើតែល្មមៗដូចជាការហាត់ប្រាណតែប៉ុណ្ណោះ ព្រោះនេះក៏ជាវិធីមួយដែលធ្វើឱ្យស័កណាយពីគ្រឿងញៀនដែរ។ ចំពោះរតនាវិញ, តួនាទីរបស់គេ គឺរៀបចំសម្អាតខាងក្នុងផ្ទះ ហើយក៏រៀបចំម្ហូបចំណីផងដែរ។ មើលទៅពួកគេទាំង២នាក់ពិតជាសហការគ្នាបានល្អណាស់ ឯស័កវិញ ក៏បានរំសាយគំនុំអស់រលីងដែរ ពេលនេះ, ផ្លូវចិត្តរបស់គេបានធូរស្បើយច្រើនណាស់ ពិភពលោករបស់ស័កនៅពេលនេះ គឺព័ណ៌បែតងស្រស់បំព្រងតែម្តង។ ផ្ទៃដីដែលពីមុនមានដុះស្មៅព្រៃយ៉ាងក្រាស់ក្រែល ដែលប្រៀបប្រដូចទៅនឹងព្រៃស្មសាននោះ ឥឡូវក្លាយជាទីវាលដែលមានតែ សួនផ្កាសួនដំណាំ ហើយផ្តល់តែផលល្អៗឱ្យម្ចាស់របស់វា។ ស័កសប្បាយចិត្តណាស់ គេប្រៀបប្រដូចដីឡូត៍មួយនេះ ទៅនឹងជីវិតរបស់គេ។ ដំបូងឡើយ, ជាព្រៃដែលគេបោះបង់ចោលទេ តែត្រឹមមួយប៉ព្រិចភ្នែក, ដីមួយនេះ ក៏ក្លាយទៅជាទីកន្លែងដែលគួរឱ្យចង់រស់នៅ។ នេះក៏ដោយសារតែការខិតខំព្យាយាមរបស់គេផ្ទាល់ដែរ។ តែក៏មានការជួយលើកទឹកចិត្តពីអ្នកនៅក្បែរខ្លួនដ៏ល្អដូចជារតនាដែរ។ និយាយពីការញៀនថ្នាំរបស់ស័កវិញ ដំបូងឡើយពិតជាធ្វើទុក្ខណាស់ ហើយរាល់ការធ្វើទុក្ខម្តងៗ, ស័កសម្រេចចិត្តឱ្យរតនាចាប់គេចងជាប់នឹងកៅអីដែកមួយនោះ ហើយឱ្យរតនាយកកូនកន្សែងញុកមាត់របស់គេ ដើម្បីកុំឱ្យធ្មេញវាសង្គ្រឺតដាក់គ្នា ធ្វើឱ្យប៉ះពាល់ដល់អណ្តាត ហើយក៏ជាវិធីកាត់បន្ថយការឈឺចាប់ដែរ។ រាល់លើកដែលគេធ្វើទុក្ខ គឺតែងតែមានរតនានៅក្បែរ, ចាំជូតញើស និងយកទឹកមកលុបមុខ ហើយជាពិសេសនោះ គឺពាក្យសម្ដីលួងលោមឱ្យប្រឹងឡើង។ ឱ្យតស៊ូឡើង… ជ័យជំនះជិតមកដល់ខាងយើងហើយ។ ទីបំផុត, អ្វីៗដែលជាការព្រួយបារម្ភខ្លាចស័កដើរផ្លូវខុស ហើយបកក្រោយមិនកើតនោះ លែងមាននៅក្នុងខួរក្បាលរបស់រតនាទៀតហើយ។ គឺពេលនេះ មានតែចំនុចល្អៗដែលចេញពីកាយវិការស្មោះត្រង់របស់ស័កតែប៉ុណ្ណោះ។

    ពួកគេនៅខាងក្រៅផ្ទះក៏យូរណាស់ដែរហើយ។ ហើយអាការៈរបស់ស័កក៏បានធូរស្បើយច្រើនសឹងតែជាដាច់តែម្តង។ ពួកគេក៏សម្រេចចិត្តថា ត្រលប់ទៅផ្ទះវិញ។ តែស័កមិនឱ្យដំណឺងទៅអ្នកផ្ទះមុនទេ ព្រោះស័កនៅមិនទាន់ប្រាកដក្នុងចិត្ត ហើយបើទៅដោយមិនបានប្រាប់មុន ទោះបីជាលោកយុទ្ធទប់កំហឹងមិនបាន ស្ទុះមកវាយគេហើយដេញគេចេញ ពីផ្ទះវិញក៏តាមនឹងចុះ។ 

    ពួកគេទាំង២នាក់ ត្រូវជិះតាក់ស៊ី ត្រលប់ទៅផ្ទះវិញ  ព្រោះឡានកញ្ចាស់ដែលជាកេរ្ត៍ចុងក្រោយរបស់ស័កក៏ត្រូវលក់ដើម្បីដោះទាល់មួយរយៈពេលមកនេះដែរ។

    ទម្រាំតែពួកគេទាំង២នាក់ទៅដល់ផ្ទះ គឺពេលថ្ងៃរសៀលល្មម។ តែសំណាងដែរ ដែលថ្មើរនេះលោកយុទ្ធមិនទាន់ត្រលប់មកពីធ្វើការវិញទេ ពួកគេក៏ដើរចូលទៅក្នុងផ្ទះ។ ពូសុខបានឃើញមុនគេ ក៏ស្រែកយ៉ាងភ្ញាក់ផ្អើល ហើយក៏សប្បាយចិត្តណាស់ដែរ។

    «លោកប្រុសតូចត្រលប់មកវិញហើយ… លោកប្រុសតូចមកវិញហើយ…!»

    មីងសយឮបែបនោះ ក៏រត់មកមើល ហើយរត់យ៉ាងប្រញ៉ាប់ទៅខាងក្នុងវិញ ជម្រាបដំណឹងដ៏រីករាយនេះ ឱ្យអ្នកស្រីម៉ាល័យ និងអ្នកឯទៀតដឹងដែរ។ ឮបែបនោះ, រតនី និងអ្នកស្រីម៉ាល័យក៏រត់មកទទួលស័ក ទាំងក្នុងចិត្តរីករាយបំផុត។ លោកស្រីម៉ាល័យក៏រត់ទៅឱបក្មួយបណ្តូលចិត្តយ៉ាងណែនដៃ, ព្រមជាមួយទឹកភ្នែករលីងរលោងដោយក្តីនឹករលឹកជាទីបំផុត។ ឯរតនីវិញ ក៏សប្បាយចិត្តណាស់ដែរ គិតថាទោះបីជាលោកស័កនៅតែមិនចូលចិត្តគាត់ ក៏ដោយតែដោយក្តីស្រលាញ់ និងបារម្ភពីស័ក, នាងក៏រត់មកទទួលយ៉ាងត្រហេបត្រហបដែរ តែអ្វីដែលធ្វើឱ្យនាងកាន់តែសប្បាយចិត្តថែមទៀតនោះ គឺនាងបានឃើញប្អូនស្រីសំណព្វចិត្តរបស់នាងនៅទីនោះដែរ ធ្វើឱ្យនាងរត់ទៅឱបនាងក្រមុំ ទាំងមិនបានគ្រោងទុកជាមុន។ ក្រោយពីការឱបថើបដោយក្តីនឹករលឹកហើយ, ពួកគេក៏ដើរចូលផ្ទះយ៉ាងសប្បាយចិត្ត តែក៏មិនភ្លេចសួរទៅអ្នកទាំង២។

    «អ្ហេ… ហើយម៉េចពួកឯងមកជាមួយគ្នាចឹង? បង ដូចជា មិនយល់ទេនេះ?»

    «មិនអីទេ បងស្រី! អង្គុយសិនមកចាំខ្ញុំពន្យល់។»

    ក្រោយពីអ្នកទាំងអស់អង្គុយលើសាឡុងរៀបរយអស់ហើយ, រតនីបានទម្លាយដំណឹងព្រមទាំងចង្អុលទៅរូបថតមួយផ្ទាំង។

    «កាលពីរសប្ដាហ៍មុន, លោកវិរៈយុទ្ធដើរឆ្លងថ្នល់ត្រូវក្មេងស្ទាវបែកស្លុយបុកស្លាប់។»

    ---

    ប៉ុន្មានថ្ងៃនេះ, ស័កទទួលអារម្មណ៍ខុសៗ, មិនយល់ខ្លួនឯងថាខ្លួនជាអ្វី។ នាយស្រមៃទៅដល់ថ្ងៃនោះ, យប់ដែលទៅទិញបាយ ជិះឡានកញ្ចាស់បុកបុរសម្នាក់ ដែលពេលនេះអាចល្មមសម្គាល់ថាបុរសនោះជាឪពុកបង្កើតរបស់ខ្លួនសោះ។

    នាយធ្វើចិត្តទទួលយកដោយមានការលួងលោមពីសមាជិកផ្ទះគ្រប់គ្នាមិនបានប៉ុន្មានផង, រតនាក៏ស្លាប់ដោយគ្រាំក្នុងដោយការវាយប្រហាររបស់ស័កនាយប់នោះ។

    ស័កស្ទើរក្លាយជាមនុស្សឆ្គួតទៅហើយ មួយថ្ងៃៗនាយអង្គុយសំកុកតែម្នាក់ឯង ជីវិតលែងមានន័យអ្វីទៀតហើយ។ នាយអង្គុយគិតថាគ្រប់យ៉ាងគឺដោយសារតែអ្នកនិពន្ធ បានតាក់តែងរឿងនេះឱ្យជីវិតគេកម្សត់បែបនេះ។ នាយមានគម្រោងថាថ្ងៃណាមួយនឹងទៅជួបអ្នកនិពន្ធ ដើម្បីទូទាត់គំនុំដែលអ្នកនិពន្ធបានសរសេររឿងឱ្យគេជួបតែភាពកម្សត់ព្រាត់ប្រាស់៕

    ចប់ដោយបរិបូណ៌
    ____________________

    (សូមរង់ចាំអានរឿង ឃាតកចេក នៅរាត្រីម៉ោង៨ថ្ងៃព្រហ័ស្បត្តិ៍)
     
    គំនុំប្រុសស្អាត (ភាគ៦ចប់) គំនុំប្រុសស្អាត (ភាគ៦ចប់) Reviewed by Unknown on 6:46 PM Rating: 5
    Loading...
    Powered by Blogger.