អាថ៌កំបាំងថ្ងៃសុក្រទី១៣ជាថ្ងៃមរណៈ
ជំនឿដិតជាប់ក្នុងខួរក្បាលតាំងពីតូចៗមកថា ថ្ងៃសុក្រ ដែលត្រូវនឹងថ្ងៃទី១៣ ជាថ្ងៃមិនល្អ ជាប្រផ្នូលអាក្រក់ និងជាថ្ងៃដែលមានខ្មោចដើរចេញ មករាតត្បាតលងបន្លាចមនុស្សលោក ដែលជំនឿបែបនេះកើតមាននៅក្នុង បណ្តាប្រទេសប្រើប្រាស់ភាសាអង់គ្លេសទាំងអស់ តាមរយៈការនិយាយតគ្នាពីមាត់មួយទៅមាត់មួយ និងតាមរយៈភាពយន្តរឿងខ្មោចផ្សេងៗ(Friday 13 th)។ មិនតែប៉ុណ្ណោះ អគារធំៗខ្ពស់ៗជាច្រើនកន្លែងលើពិភពលោក បែរជាមិនសូវមានជាន់ទី១៣ទៅវិញ គឺមានត្រឹមជាន់ទី១២ ហើយក៏ ផ្លោះទៅដល់ជាន់ទី១៤តែម្តង។ តែមនុស្សភាគតិចណាស់ដែលបានដឹងពីហេតុផលនៃរឿងនេះ ហើយក៏មិនសូវមាននរណាដឹងពីអត្ថន័យពិតរបស់ថ្ងៃសុក្រទី១៣ដែរ ថាវាជាថ្ងៃដែលគួរឲ្យខ្លាច ដូចពាក្យចចាមអារាមនេះឬអត់?
ប្រភពនៃជំនឿរឿងថ្ងៃសុក្រទី១៣នេះ ទាក់ទងទៅនឹងជំនឿដែលថា មានមនុស្ស១៣នាក់ចូលរួមទទួលទានអាហារថ្ងៃចុងក្រោយជាមួយព្រះយេស៊ូគ្រិស្ត(The Last Supper)មុននឹងព្រះអង្គត្រូវនាំខ្លួនទៅចងស្នឹងនៅលើឈើឆ្កាងក្នុងថ្ងៃសុក្រដ៏បវរ(Good Friday) ដោយមនុស្សមានជំនឿតៗគ្នា តាំងពីពេលនោះមកថា ថ្ងៃណាក៏ដោយឲ្យតែមានមនុស្ស១៣នាក់ បរិភោគអាហាររួមតុគ្នា អ្នកដែលក្រោកចេញមុនគេនោះ គឺជាមនុស្សដំបូងដែលត្រូវស្លាប់។
នេះចាត់ទុកជារឿងមួយ ដែលមនុស្សភាគច្រើនបានដឹងឮ ពីប្រភពនៃការជឿរឿង ថ្ងៃសុក្រទី១៣ ដែលមើលទៅដូចជាមិនពាក់ព័ន្ធអ្វីនឹងហេតុផលដែលថា មានខ្មោចចេញមករាតត្បាតលងបន្លាចមនុស្សលោក ឬជីវិតនឹងជួបសំណាងអាក្រក់នៅក្នុងថ្ងៃនេះក៏ទេដែរ។ តែទោះជឿឬមិនជឿ គឺអាស្រ័យទៅលើវិចារណញ្ញាណរបស់ម្នាក់ៗ ព្រោះអ្នកស្រាវជ្រាវផ្នែកចិត្តវិទ្យាបានរកឃើញថា អ្នកខ្លះដែលច្រើនតែឈឺ ឬជួបគ្រោះថ្នាក់នៅក្នុងថ្ងៃសុក្រទី១៣នេះ គឺបណ្តាលមកពីអ្នកនោះមានអារម្មណ៍រវើរវាយ និងភ័យខ្លាចជ្រុលពេក រហូតកើតជាស្លន់ស្លោធ្វើអ្វីមិនត្រូវ នៅពេលដឹងថា ខ្លួនឯងកំពុងប្រឈមក្នុងថ្ងៃគ្រោះអាក្រក់ ឬថ្ងៃអថ័នបែបនេះ។
ត្រឡប់មកមើលប្រទេសថៃ ដែលជាប្រទេសជិតខាងរបស់យើងវិញ ក៏បានទទួលឥទ្ធិពលនៃជំនឿនេះដែរ។ ប៉ុន្តែយុវវ័យភាគច្រើនបែរជាចាត់ទុកថ្ងៃសុក្រទី១៣នេះ ជាថ្ងៃលេងកម្សាន្តដ៏សែនសប្បាយរីករាយទៅវិញ។ ពួកគេតែងយកថ្ងៃគ្រោះអាក្រក់នេះមកបន្លាចគ្នាលេង តាមរយៈការដើរកម្សាន្តផ្សងព្រេងនៅតាមសំណង់បាក់បែក ឬផ្ទះដែលគេបោះបង់ចោល ឬកន្លែងដែលល្បីថាមានខ្មោចលងសាហាវជាដើម។ មិនតែប៉ុណ្ណោះនៅតាមស្ថានីយ៍វិទ្យុ និងទូរទស្សន៍ផ្សេងៗ ក៏មានការអញ្ជើញអ្នកជំនាញផ្នែកអបិយជំនឿរឿងវិញ្ញាណ មកចែករម្លែកបទពិសោធន៍របស់ខ្លួន ដល់ទស្សនិកជនដែរ។ ក្រៅពីនេះ នៅតាមតំបន់ទេសចរណ៍ផ្សេងៗ ក៏មានការរៀបចំបោះជំរុំ ដោយឲ្យអ្នកចូលរួមតែងខ្លួនធ្វើខ្មោច មកប្រកួតប្រជែងគ្នាយករង្វាន់ទៀតផង។
លេខ១៣ មិនមែនសុទ្ធតែជាលេខគ្រោះអាក្រក់ សម្រាប់ជនជាតិទាំងអស់ នៅលើពិភពលោកនោះទេ ព្រោះជនជាតិអេស៊ីបជឿថា លេខ១៣ជាលេខនាំលាភរបស់ពួកគេ។ តាមរយៈរឿងនិទានក្នុងសម័យផារ៉ាអុង ជឿថា ជីវិតនិងវិញ្ញាណមានបែងចែកជាជាន់ ជាថ្នាក់ គឺបែងចែកចេញជា១២ថ្នាក់ ដោយថ្នាក់ទី១៣នោះ ជាជីវិតដែលអមតៈក្រោយពេលស្លាប់។ ជំនឿនេះជាកុសលឧបាយរបស់ជនជាតិអេស៊ីបដើម្បីកុំឲ្យមនុស្សមើលឃើញសេចក្តីស្លាប់ ថាជារឿងដែលគួរឲ្យភ័យខ្លាច និងគ្រប់ជីវិតទាំងអស់មិនអាចគេចផុតពីសេចក្តីស្លាប់បានទេ។
លេខ១៣ ជាលេខអថ័ន ឬមិនមែននោះ គ្មាននរណាអាចពិសោធបានទេ តែមនុស្សភាគច្រើនមាត់និយាយថាមិនជឿ តែបើឲ្យទៅជួលផ្ទះល្វែង ឬដេកក្នុងសណ្ឋាគារដែលមានជាន់ទី១៣ នោះ ត្រឡប់ជាមិនហ៊ានទៅវិញ :)៕
អត្ថបទ : ផ្កាយNovel*