>
  • ទំព័រដើម
  • រឿង ទឹកនៃសម្រស់

     
    ដោយ : អូ ស៊ុងដេ / Line Webtoons
    “ជំរាបសួរចា! ថ្ងៃនេះនាងខ្ញុំសូមណែនាំទឹកថ្នាំមួយប្រភេទសម្រាប់ប្រើលើការកែសម្រស់មុខមាត់របស់អស់លោកអ្នក។ ដោយសារបច្ចុប្បន្ននេះមានមនុស្សជាច្រើនត្រូវឆ្លងកាត់ការកែសម្ផស្សដោយធ្វើការវះកាត់, ជាមួយនឹង - ទឹកនៃសម្រស់ Beauty Water - លោកអ្នកអាចក្លាយជាមនុស្សស្អាតម្នាក់ដោយមិនបាច់ទៅកែសម្ផស្សនៅមន្ទីរពេទ្យឡើយ គឺថា, ចង់មានន័យថាអាចកែសម្ផស្សបាននៅផ្ទះដោយខ្លួនឯង។ នៅពេលនេះនាងខ្ញុំសូមណែនាំពីវិធីងាយៗបំផុតដើម្បីប្រើផលិតផលទឹកនៃសម្រស់របស់យើងខ្ញុំ។ 
     
    លោកអ្នកត្រូវមានសម្ភារៈដូចជា ផើងមួយ កូនកាំបិតមួយ ស្រោមដៃជ័រ អេប៉ុងទន់ និងម៉ាស៊ីនផ្លុំសក់មួយ។ វិធីប្រើគឺសាមញ្ញបំផុតគឺគ្រាន់តែលាងមុខដ៏អាក្រក់របស់លោកអ្នក (ជាឧទាហរណ៍នេះគឺមុខប្អូនស្រីនាងខ្ញុំ ហេហេ^_^)
     
     បន្ទាប់មកបើកគម្របដបហើយចាក់ទឹកនៃសម្រស់ចូលក្នុងផើង ហើយបន្ទាប់មកទៀតត្រូវត្រាំមុខរបស់លោកអ្នកចូលទៅក្នុងផើងទឹកនោះរយៈពេល៣០នាទីចា! លោកអ្នកត្រូវដាក់ម៉ោងរោទិ៍ផងដែរដើម្បីកុំឱ្យលើសនាទី។ អូ! ភ្លេចប្រាប់! លោកអ្នកត្រូវមានបំពង់អុកស៊ីសែនដើម្បីដកដង្ហើមផងដែរក្នុងអំឡុងពេលត្រាំមុខក្នុងទឹកនោះ តែបើមិនមានទេអាចប្រើទុយោធម្មតាៗក៏បាន។
     
    ចា! បន្ទាប់ពីប្អូនស្រីខ្ញុំត្រាំមុខអស់ពេល៣០នាទីដូចការណែនាំហើយ ពេលនេះមើលទៅមិនមានអីខុសពីមុនទេ ប៉ុន្តែស្បែកមុខនាងកំពុងជ្រាយដូចដីឥដ្ឋហើយចា។ លោកអ្នកត្រូវឱ្យជំនួយការ ឬមិត្តរបស់លោកអ្នកពាក់ស្រោមដៃជ័រហើយសូន្យមុខលោកអ្នកតាមទម្រង់ទាំងឡាយណាដែលលោកអ្នកចង់បាន។ 

     
    សម្រាប់ប្អូនស្រីនាងខ្ញុំ គឺមុខនាងដូចជាធាត់ ដូច្នេះនាងខ្ញុំត្រូវយកកូនកាំបិតចៀរសាច់ក្រោមចង្ការរបស់នាងចោលខ្លះ។ ការងារនេះលោកអ្នកត្រូវមានការប្រុងប្រយ័ត្នផងដែរ។ កែបបូរមាត់ លើកខ្ទង់ច្រមុះឱ្យខ្ពស់បន្តិច, ហើយវះត្របកភ្នែកមួយស្រទាប់ថ្មីទៀត។ បើលោកអ្នកមានប្រជ្រុយលើមុខនោះងាយបំផុតគ្រាន់តែឆ្កឹះប្រជ្រុយចេញហើយជូតឱ្យស្មើវិញ។ បន្ទាប់ពីទាញតាមទម្រង់ដែលលោកអ្នកពេញចិត្តហើយត្រូវជូតមុខឱ្យស្មើគ្នាដោយប្រើអេប៉ុង ដើម្បីមើលទៅដូចជាធម្មជាតិពិតៗ រួចរាល់អស់ហើយ ជំហានចុងក្រោយនោះគឺត្រូវប្រើម៉ាស៊ីនផ្លុំសក់របស់លោកអ្នក ផ្លុំត្រង់បរិវេណមុខរបស់លោកអ្នក។ ខណៈពេលដែលផ្លុំគឺត្រូវដាក់កម្ដៅតិចៗបំផុត ហើយត្រូវមានការប្រុងប្រយ័ត្នផងដែរព្រោះបើផ្លុំហើយ មុខលោកអ្នកនឹងជាប់ជាទម្រង់តាមបែបដែលលោកអ្នកកែច្នៃនោះហើយ។ រួចរាល់ហើយ។
     
    អីយ៉ា! ស្អាតម៉្លេះប្អូនស្រីខ្ញុំ!! ប្រសិនបើលោកអ្នកចាប់អារម្មណ៍អាចកម៉្មង់ទិញបានតាមរយៈលេខទូរស័ព្ទខាងក្រោមនេះ មានសេវាកម្មដឹកជញ្ជូនដល់គេហដ្ឋានផងដែរ បើមានចម្ងល់នានាទាក់ទងនឹងផលិតផលយើងខ្ញុំនេះអាច comment ខាងក្រោមនេះ សូមអរគុណ!”

     
    នារីរាងធាត់មុខមាត់អាក្រក់ម្នាក់សម្លឹងមើលទៅវីដេអូពាណិជ្ជកម្មលើ Facebook នោះតាំងពីដើមរហូតដល់ចប់ក្នុងបន្ទប់របស់នាងតែម្នាក់ឯង។ នាងមានការចាប់អារម្មណ៍ទៅនឹងផលិតផលនេះយ៉ាងខ្លាំង។ ពេញចិត្តស្ដូកតែម្ដង។ នាងក្រមុំចុចមើល comment នានាដែលអតិថិជនទាំងឡាយសួរ។

    - សួស្ដីបង! តើខ្ញុំអាចប្រើទឹកនៃសម្រស់ដោយមិនបាច់អ្នកណាជួយបានទេ? ខ្ញុំមិនសូវមានមិត្តភក្ដិទេ ហើយក៏មិនចង់ទៅហាងបងឱ្យបងជួយកែមុខឱ្យខ្ញុំនោះដែរ - 
    - ចាបានអូន តែវាពិបាក និងមិនមែនជាជម្រើសល្អនោះទេ។ ការធ្វើវាដោយខ្លួនឯងគឺពិបាកដូចជាការកាត់សក់ដោយខ្លួនឯងអ៊ីចឹងដែរ។ យកល្អប្អូនគួរពឹងអ្នកណាដែលជំនាញខាងសូនរូបដើម្បីជួយកែមុខរបស់អូន។ ជម្រើសល្អបំផុតគឺត្រូវរកអ្នកណាដែលប្អូនទុកចិត្តដើម្បីជួយប្អូន ឬបើមិនដូច្នោះទេប្អូនអាចមកហាងបងផ្ទាល់ក៏បាន។ -

    - តើទឹកនេះអាចប្រើដើម្បីសម្រកទម្ងន់ទេ? ខ្ញុំរាងធាត់ណាស់ -
    - ចាបានតើ តែត្រូវប្រើទឹកនៃសម្រស់ប្រហែល7ដប ចាក់ចូលអាងទឹកហើយចូលត្រាំ។ ត្រូវមានជំនាញសូនបន្តិចទើបអាចចៀស្បែកដើម្បីបានរាងស្វែលតាមការប្រាថ្នាឱ្យបានល្អ។ -

    - តើទឹកនៃសម្រស់ពិតជាមានប្រសិទ្ធភាពដូចក្នុងវីដេអូនេះមែនដែរទេ? -
    - ចាស ពិតមែនណា បងពីមុនក៏មុខអាក្រក់ដូចប្អូនដែរ បងធានាសងប្រាក់វិញបើមិនមានប្រសិទ្ធភាព -

    នាងកាម៉ាប់អាន comment ផង ទំពារនំស្រួយក្នុងមាត់ផង។ នៅមាន comment ជាច្រើនទៀត តែពេលនេះអ្វីដែលស្រីកាម៉ាប់ឈ្មោះលីងកាម្នាក់នេះសម្រេចគឺ, ត្រូវកម៉្មង់ទិញទឹកនៃសម្រស់ឥឡូវនេះហើយ។

    «ខ្ញុំអាចធ្វើវាដោយខ្លួនឯងបាន។»

    នាងនិយាយតិចៗតែម្នាក់ឯង។ តាមពិតទៅលីងកាចង់ក្លាយជាស្រីស្អាតយូរមកហើយ តែនាងគ្មានជម្រើសអីគេចចេញពីភាពធាត់ដែលបណ្ដាលពីការខ្ជិលហាត់ប្រាណ និងញ៉ាំច្រើននេះឡើយ។

    រាត្រីនោះ, លីងកាបិទភ្នែកដេកលឿនជាងធម្មតា។ អ្វីដែលនាងចងចាំគឺព្រឹកស្អែក។

    ព្រឹកស្អែកឡើង, ដូចជាការរំពឹងទុក, បុរសពីរនាក់ដែលមានការងារជាអ្នកដឹកជញ្ជូនផលិតផលទឹកនៃសម្រស់បានមកដល់មុខផ្ទះរបស់នាង។ ពួកគេហុចដបទឹកនៃសម្រស់មកឱ្យលីងកាក្រោយពេលបានទទួលលុយ $100 នៃថ្លៃផលិតផលនោះរួចហើយ។

    «ស្អីគេ?! លីងកា? ហើយនេះឯងចង់ចំណាយលុយលើផលិតផលអត់ប្រយោជន៍ទៀតហើយមែនទេ?» ស្ត្រីជាម្ដាយស្រែកដាក់កូនស្រីព្រោះស្ដាយលុយដែលលីងកាតែងចំណាយលើផលិតផលរក្សាសម្រស់នានាដែលរាល់ដងដូចមិនបានផលអីសោះ។

    «តែខ្ញុំសាកល្បងផលិតផលមួយនេះតែម្ដងទៀតទេម៉ាក់។»

    «ឈប់ចំណាយលុយអត់ប្រយោជន៍ ហើយទៅហាត់ប្រាណខ្លះទៅ!» ប៉ារបស់នាងក៏ចូលមកស្ដីឱ្យដល់ក្នុងបន្ទប់នាងដែរ។

    «មែនហើយឈប់បានឈប់ទៅ!» ម៉ាក់នាងត។

    លីងកាខឹងយ៉ាងខ្លាំង។ នាងដាក់ដបទឹកនៃសម្រស់ទាំងពីរលើតុហើយស្រែកតប, «ឈប់និយាយទៅ!! លុយខ្ញុំសោះទើសអីទើសម៉េះ?!» រួចស្ទុះរុញប៉ាម៉ាក់នាងឱ្យចេញពីបន្ទប់ ហើយបិទទ្វាររួចក្រឡេកទៅដបទាំងពីរហើយនិយាយតិចៗតែម្នាក់ឯង, «សង្ឃឹមថាមិនអត់ប្រយោជន៍ទៅចុះ។»

    យប់នោះ, លីងកាចាប់ផ្ដើមការងារមួយនេះ, បន្ទាប់ពីរៀបចំសម្ភារៈរួចរាល់ហើយ, នាងអង្គុយនឹងតុមួយដោយញ៉ាំនំស្រួយផង យកដីឥដ្ឋមកសូនរូបទម្រង់មុខដែលនាងចង់បានផង។ តាមពិត, ទោះជាគ្មាននរណាដឹង, តែនាងពូកែខាងសូនរូបណាស់ ដូច្នេះការងារសូនមុខខ្លួនឯងប្រាកដជាមិនសូវពិបាកទេសម្រាប់នាង។

     
    លីងកាចាប់បើកគម្របដបទឹកនៃសម្រស់ព្រមទាំងនិយាយតិចៗម្ដងទៀត, «សង្ឃឹមថានឹងមានប្រសិទ្ធភាព!»

    ---

     
    ព្រឹកឡើង, ប៉ាម៉ាក់លីងកាកំពុងមើលទូរទស្សន៍ និងចិតសំបកផ្លែឈើហូប ស្រាប់តែពួកគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលដែលឃើញលីងកាដែលធ្លាប់តែមានមុខធាត់អាក្រក់ ពេលនេះមានទម្រង់មុខតូចភ្នែកធំច្រមុះដុះគួរឱ្យស្រឡាញ់។ 
     
    តែ… នាងស្អាតតែមុខប៉ុណ្ណោះ, តែរាងនាងនៅតែធាត់ដដែល។…
     

    លីងកាគិតក្នុងចិត្តថា ទឹកនេះមានប្រសិទ្ធភាពអស្ចារ្យពិតមែន, នាងនឹងប្រើវាបន្ថែមទៀតសម្រាប់ការសម្រករាង…

    លីងកាអង្គុយចុចកុំព្យូទ័ររបស់នាង ឆែក Facebook ដ៏គួរឱ្យធុញទ្រាន់របស់នាង។ តែលើកនេះប្រែជាគួរឱ្យភ្ញាក់ផ្អើលទៅវិញ។ 

     
    កាលពីយប់ម៉ិញ, លីងកាបានដូររូប Profile របស់នាង ជារូបមុខនាងយ៉ាងស្រស់ស្អាត ហើយមានអ្នកចុច Like រាប់ពាន់នាក់ និងសរសើរពីសម្រស់ដ៏ត្រកាលរបស់នាងផងដែរ។

    - ពិតជាស្អាតមិនចាញ់តារាម៉ូឌែលទេ! -
    - ហើយឡើងស្អាត! លង់ស្នេហ៍ហើយ -
    - សុំណាត់ជួបបានទេ? -

    និង Comments ជាច្រើនរយទៀត តែនាងបែរជាខឹងឆេវពេលអូសមកដល់ comment មួយ៖

    - ប្រាកដជាវះកាត់កែសម្ផស្សហើយ -

    «ចង្រៃយក៍!» លីងកាលាន់មាត់តែម្នាក់ឯងខណៈដែលចុចលុប comment ដែលធ្វើឱ្យនាងខឹងនោះ។ គិតទៅក្នុងចំណោមមនុស្សជាច្រើន តែងមានប្រភេទមនុស្សបែបនេះដែលចាំតែរិះគន់ ច្រណែននិន្ទា។

    «ទឹកនៃសម្រស់ពិតជាផ្លាស់ប្ដូរជីវិតឯការបស់ខ្ញុំឱ្យក្លាយជាស្រស់បំព្រងមែន,» លីងកាគិតក្នុងចិត្តម្នាក់ឯងខណៈបើកមើល messages រាប់រយ។ «ខ្ញុំនឹងប្រើទឹកនៃសម្រស់បន្ថែមទៀត! ខ្ញុំនឹងស្អាតជាងនេះទៀត, ចាំតែមើលទៅ។»

     

    គិតហើយក៏ចូលទៅកម្ម៉ង់ទិញទឹកនៃសម្រស់៥ដបទៀត សរុបជាទឹកប្រាក់ $250។ 

    ពេលការដឹកជញ្ជូនបានមកដល់, លីងកាចាក់ទឹកនៃសម្រស់ទាំង៥ដបដាក់ក្នុងផើងហើយត្រាំជើងទាំងពីររបស់នាងចូលក្នុងផើងនោះ។ ប៉ាម៉ាក់នាង, ដូចមុនទៀតហើយ តែងខឹងនឹងការចំណាយនេះជានិច្ច តែលើកនេះម៉ាក់នាងដូចជាព្យាយាមសម្រួលច្រើនជាង។

    «ចំណាយលុយទៀតហើយ!! ចុះបើឯងទៅហាត់ប្រាណសម្រកទម្ងន់តាមបែបធម្មជាតិមិនចំណេញលុយទេឬ?»

    «ប៉ាវា! កុំថាឱ្យវាអី ថាឱ្យវាបានត្រឹមតែធ្វើឱ្យវាក្ដៅក្រហាយប៉ុណ្ណោះ។» ម៉ាក់នាងសម្រួល។

    «ឯងឈប់ធ្វើអីដែលអត់ប្រយោជន៍ខ្លះទៅ!» ប៉ានាងបន្តស្ដីឱ្យនាងទៀតហើយនាងក៏តបយ៉ាងឈ្លើយ,

    «ប៉ាទេដែលគួរឈប់ធ្វើអីអត់ប្រយោជន៍។ ប៉ាបង្កើតខ្ញុំមកឱ្យមានរូបរាងអាក្រក់បែបនេះហើយមិនដែលជួយឱ្យខ្ញុំកាន់តែស្អាតម្ដងណាឡើយ។ ដូច្នេះកុំរារាំងខ្ញុំឱ្យសោះ។»

    និយាយចប់ក៏ដេញអ្នកទាំងពីរឱ្យចេញពីបន្ទប់នាងបាត់ទៅ។

    «សាំណាស់! ពិតជាគួរឱ្យធុញមែនទែន!»

     
    មួយសន្ទុះនាងត្រជាក់ចិត្តឈប់ខឹងហើយអង្គុយចាំគម្រប់នាទីនៃការត្រាំជើង។

    នាងចៀសាច់ជើងចោលខ្លះ ជាមួយនឹងជំនាញស្មូនរបស់នាង ធ្វើឱ្យជើងដែលធ្លាប់តែធាត់ ប្រែក្លាយជាជើងដ៏ស្រឡូនខ្ពស់ដែលនារីៗទាំងឡាយប្រាថ្នា។

    បន្ទាប់ពីរួចរាល់អស់ហើយ, លីងកាយកផើងទឹកដែលមានខ្លាញ់ និងសាច់រលាយអណ្ដែតត្រៀបត្រាទៅក្រៅបំណងចាក់ចោល តែម៉ាក់នាងឃើញក៏សួរកាត់, 

    «ហើយស្អីគេនឹង? លីងកា?»

    «ខ្លាញ់នៃភាពធាត់របស់ខ្ញុំណាម៉ាក់!» នាងតបដោយមិនឈប់ដើរ។

    «អើយ?! គគ្រិចណាស់ យកទៅចាក់ចោលទៅ!»

    «ចុះខ្ញុំកំពុងតែយកទៅចាក់ចោលហើយតើ!» នាងលើកផើងចាក់ទៅក្នុងលូមុខផ្ទះទាំងមុខក្រញ៉ូវ។ «សាំតាប៉ែគ្មានគូរប្រៀប។»



    លីងកាស្ទាបករបស់នាងហើយនិយាយតិចៗម្នាក់ឯង, «ខ្ញុំត្រូវយកសាច់ធាត់ត្រង់កនេះចេញ។ រាងកាយខ្ញុំ នៅមានចំណុចជាច្រើនដែលត្រូវយកចេញ។ ដូច្នេះផលិតផលនោះត្រឹមបួនប្រាំដបមិនគ្រប់គ្រាន់ទេ ប្រហែលត្រូវទិញមកដាក់មួយអាងហើយចូលត្រាំ។… ទោះជាវាថ្លៃក៏ដោយ…»

    ---

    នៅខាងក្រៅ, មនុស្សប្រុសពីរនាក់ដែលធ្វើការខាងប្រមូលសំរាមដាក់ឡានដឹកយកទៅចោល, កំពុងជជែកគ្នាពីទឹកថ្នាំនៃសម្រស់នោះ។

    «ឯងដឹងទេ? ទឹកនាំនៃសម្រស់នោះកំពុងពេញនិយមណាស់សម្រាប់ស្រីៗយុវវ័យ។»

    ម្នាក់ទៀតចង្អុលទៅធុងសំរាមធំដែលពេញទៅដោយដបទឹកនៃសម្រស់នោះ។ «មើលចុះ អ្នកនៅម្ដុំនេះក៏ប្រើវាដែរ។»

     
    ខណៈនោះ, លីងកាដែលពេលនេះមានរាងស្វែលស្អាតល្អឥតខ្ចោះដើរកាត់។ បន្ទាប់ពីនាងដើរទៅឆ្ងាយល្មម, ពីរនាក់នោះក៏បន្តខ្សឹបខ្សៀវគ្នា, «ស្រីស្អាតម្នាក់នេះដូចជាប្លែកមុខ? មិនដែលឃើញសោះពីមុនមក។»

    លីងកាគ្មានពេលផ្ទៀងស្ដាប់ពីរនាក់នេះទេ ព្រោះការដែលនាងស្លៀកពាក់ថ្មីៗយ៉ាងទាន់សម័យសមនឹងរាងដ៏ស្រស់ស្អាតនេះគឺទៅតាមការណាត់របស់បុរសសម្បូរស្នេហ៍ទាំងឡាយដែលណាត់ជួបគ្នាតាម Facebook។

    នៅក្នុងភោជនីយដ្ឋានថ្លៃមួយ។

    «លីងកា! បងពិតជាមានចិត្តស្នេហាប្រតិព័ត្រទៅលើអូនក្រៃលែង។ អូនពិតជារាជនីកំពូលសម្រស់ក្នុងបេះដូងបង។»

    “ចេញមកភ្លាវតែម្ដងអាប៉ិនេះ។ មិនមែនជាបុរសដែលខ្ញុំប្រាថ្នានោះទេ។” លីងកាគិតក្នុងចិត្តតែម្នាក់ឯងតែក៏មិនបានសម្ដែងការមិនពេញចិត្តនោះទេ ហើយក៏មិនបង្ហាញថាពេញចិត្តដែរ។

    និងថ្ងៃបន្ទាប់ជាមួយបុរសវ័យក្មេងកូនអ្នកមានទ្រព្យម្នាក់ទៀត, «បងជាកូនថៅកែផ្ទះល្វែង បងមានឡាន Mazda សេរ៊ីថ្មីអាចដឹកអូនដើរលេងទៅទីណាក៏បានតាមប្រាថ្នា។»

    “ស្អី? ចង់យកទ្រព្យមកបង្វិលក្បាលខ្ញុំឬ? សុំទោសផង លីងកាអត់ចូលចិត្តទេអាអួត។” នាងគិតតែក្នុងចិត្តមិនចេញស្ដី។

    សរុបមក, ស្រីស្អាតលីងកាបានណាត់ជួបបុរសច្រើនណាស់តែដូចជាគ្មានប្រុសណាដែលគួរជាទីពេញចិត្តសម្រាប់នាងសោះ។ ឬមកពីនាងរើសពេក?

    លីងកាត្រឡប់មកផ្ទះ ហើយអង្គុយឆែក Facebook ក្នុងបន្ទប់របស់នាងដូចរាល់ដង។ មាន comment ញ៉ែញ៉ងច្រើនណាស់ តែពេលនេះនាងដូចជាមិនសូវភ្ញាក់ផ្អើលទៀតទេ ហើយមានអារម្មណ៍ថានាងល្បីណាស់ក្នុង Facebook។ នាងក្រមុំអង្គុយលេង Facebook ព្រមទាំងញ៉ាំនំក្រៀមៗ ភ្លៅមាន់បំពង និងកាហ្វេទឹកដោះកូ តែក្រូចឆ្មា ជាចំណីដែលនាងចូលចិត្ត។ តែនាងស្រាប់តែទទួលអារម្មណ៍ថា, ឡើងគីឡូទៀតហើយ…
     
    លីងកាឈរមើលរាងខ្លួនឯងមុខកញ្ចក់។

    «តើខ្ញុំចាប់ផ្ដើមធាត់តាំងពីពេលណា? នេះហើយលទ្ធផលស៊ីមិនចេះគិត។ ស្អែកនេះត្រូវទៅហាត់ប្រាណមែនទែនហើយ។ យ៉ាងណាខ្ញុំមិនបណ្ដោយឱ្យរាងធាត់ដូចមុនជាដាច់ខាត។»

    លីងកាគិតក្នុងចិត្ត ពាក្យ “ដាច់ខាត” របស់នាងគឺជាការពិត តែការដែលសន្យាថានឹងទៅហាត់ប្រាណ មិនគួរឱ្យទុកចិត្តជឿជាក់ឡើយ។

    មែនហើយ, នាងបែរជាកម៉្មង់ទិញទឹកនៃសម្រស់ទៀតហើយ។ ម្ដងនេះទិញ១៨ដប សរុបជាទឹកប្រាក់ $900 ហើយការដឹកជញ្ជូនមកដល់ផ្ទះពិតជាលឿនរហ័សដូចរាល់ដង។

    លីងកាប្រញាប់យកដបទឹកនៃសម្រស់ចូលបន្ទប់ទឹករបស់នាងហើយចាក់វាទាំងអស់ទៅក្នុងអាងទឹករបស់នាង។ នាងត្រូវប្រញាប់ធ្វើវាឱ្យទាន់មុនពេលដែលម៉ាក់ប៉ានាងត្រឡប់មកពីធ្វើការវិញ, ព្រោះបើពួកគាត់ដឹងប្រាកដជាស្ដីឱ្យនាងទៀតហើយ។ បន្ទាប់ពីដោះសម្លៀកបំពាក់ហើយនាងក៏ចូលត្រាំក្នុងអាងដោយដាក់ទូរសព្ទក្បែរខ្លួននាងហើយដាក់ម៉ោងរោទិ៍កំណត់៣០នាទី។ រួចហើយនាងក៏រង់ចាំយ៉ាងស្ងៀមស្ងាត់។

    ជាសំណាងអាក្រក់, ដោយសារនាងមិនបានបញ្ចូលថ្មទូរសព្ទ, ទូរសព្ទក៏អស់ថ្មហើយរលត់បាត់។ លីងកាដេកលក់មិនដឹងខ្លួនអស់២ម៉ោង។ ពេលនាងភ្ញាក់ឡើងមានអារម្មណ៍ថាខ្សោះខ្លួន។

    «យី! ដេកលក់មិនដឹងខ្លួនសោះខ្ញុំ។ តែ! ម៉ោងមិនទាន់រោទិ៍ផង។ តែដូចជាយូរដែរហើយ? ឬមួយក៏មិនទាន់៣០នាទីទេ? យ៉ាងម៉េចអញ្ចេះ?»

    ដោយឆ្ងល់, លីងកាក៏ងើបឡើង តែស្រាប់តែល្ហិតល្ហៃ ដូចជាធ្ងន់ខ្លួនងើបហើយបែរជាដួលទៅក្នុងទឹកវិញ។ នាងស្រែកខណៈដែលសាច់នាងរបេះចេញពីគ្នាអណ្ដែតត្រៀបគួរឱ្យខ្លាច។
     
    «ម៉ាក់... ប៉ា... ជួ... យជួយខ្ញុំផង!»

    សាច់ដាច់របេះខ្ទេចអស់ដាច់ចេញពីគ្នាដូចក្រមួនរលាយ សម្រែកក៏កាន់តែខ្សោយ ប៉ាម៉ាក់នាងក៏មិនទាន់មកផ្ទះ។…
     
    សូមអានបន្ត
    រឿង ទឹកនៃសម្រស់ រឿង ទឹកនៃសម្រស់ Reviewed by HeNa on 6:00 PM Rating: 5
    Loading...
    Powered by Blogger.