>
  • ទំព័រដើម
  • រឿង ទឹកនៃសម្រស់ (ភាគ២)

     
    ប៉ាម៉ាក់របស់លីងកាទើបតែមកដល់ផ្ទះ។ ម៉ាក់នាងស្រែកហៅនាង, «លីងកា! នៅឯណា?»

    តែមិនមានការឆ្លើយតប គាត់ក៏ដើរចូលបន្ទប់របស់នាង។ មិនឃើញនាងទាល់តែសោះ។ 

    «កូននេះ វាទៅណាវា? សង្ស័យនៅក្នុងបន្ទប់ទឹកទេដឹង?»

    ស្ត្រីជាម្ដាយបើកទ្វារបន្ទប់ទឹកហើយមើល តែក៏មិនឃើញនៅក្នុងនោះ ឃើញតែខ្លាញ់អណ្ដែតពេញអាងទឹក។ 
     
    «យី? ប្រើអាផលិតផលនោះទៀតហើយអត់បង្ហូរទឹកចោលសោះ។ យ៉ាប់មែនកូននេះ!» គាត់រអ៊ូតិចៗតែម្នាក់ឯងខណៈលូកដៃដកឆ្នុកបង្ហូរទឹកចេញ។ ពេលទឹកហូរចេញអស់ពីអាង គាត់តក់ស្លុតភ័យរន្ធត់ជាខ្លាំងនិយាយអីមិនចេញពេលឃើញគ្រោងឆ្អឹងជាប់សាច់បន្តិចបន្តួចរបស់កូនស្រីគាត់។ គាត់ភ័យរហូតដួលសន្លប់ក្បែរនោះ។
     
    .

    «ម៉ាក់វា? ម៉ាក់វាយ៉ាងម៉េចហ្នឹង?» ប៉ាលីងកាព្យាយាមដាស់ប្រពន្ធរបស់គាត់ឱ្យដឹងខ្លួនវិញ។

    «គឺ…គឺ...» ស្ត្រីជាម្ដាយយំខ្លាំងៗព្រមទាំងចង្អុលទៅអាងទឹក។ «គឺលីងកា... កូនស្រីយើងវា... វាស្លាប់ហើយ វាដាច់សាច់ខ្ទេច!»

    «ថាម៉េច? ពិតមែនហ្អេស?» ថាហើយគាត់ក៏មើលទៅក្នុងអាងទឹក ឃើញកូនស្រីគាត់ក្នុងសភាពដាច់ដោចខ្ទេចខ្ទាំយ៉ាងអនោចអធ័មមិនគួរនឹងមើលសោះ។ «ពុទ្ធោអើយកូនយើង!»
     
    «ខ...ឃឹ...» លីងកាកម្រើកបបូរមាត់ព្យាយាមនិយាយ តែនិយាយអ្វីមិនចេញ ព្រោះគ្រប់យ៉ាងដូចជាការវង្វេងវង្វាន់អស់ហើយ។

    «កូនយើងនៅរស់ទេតើម៉ាក់វា!!!»

    ---

    ល្ងាចមួយ, ប្ដីប្រពន្ធទាំងពីរកំពុងអង្គុយក្នុងផ្ទះយ៉ាងស្ងៀមស្ងាត់ទាំងទឹកមុខក្រៀមក្រំ សម្លឹងមើលទៅកូនស្រីដាច់ដោចសាច់ឆ្អឹងដែលពួកគាត់បានដាក់ក្នុងចានដែកមួយ។ 
     
    «បើវាស្លាប់, វាប្រសើរជាងនេះ...» ម៉ាក់លីងកានិយាយទាំងយំរហេមរហាមព្រោះខ្លោចចិត្តអាណិតកូនស្រីខ្លាំងពេក។

    «យើងគួរនាំកូនដើរលេងខាងក្រៅខ្លះហើយម៉ាក់វា,» ប៉ាលីងកាតប។

    នៅខាងក្រៅ, លើស្ពានឆ្លងទីព្រំប្រទល់, មនុស្សមិនច្រើនប៉ុន្មានឡើយថ្វីបើជាថ្ងៃឈប់សម្រាកក៏ដោយ។ បុរសនេះពិបាកគ្រាំចិត្តខ្លាំងណាស់តែភាពជាប្រុសមិនយំសោកខ្លាំងៗដូចប្រពន្ធគាត់ឡើយ។ គាត់ដើរមើលទេសភាពទាំងអារម្មណ៍មិនល្អនៅខាងចុងស្ពាន, ក្រឡេកមើលប្រពន្ធគាត់ដែលនៅកណ្ដាលស្ពានឃើញកំពុងតែចាក់សាច់កូនស្រីទៅក្នុងទឹកទាំងទឹកភ្នែកហូរ គាត់ក៏ស្រែកឃាត់,
     
    «ម៉ាក់វា!! ឈប់សិន! កុំធ្វើបែបនេះ!!!» ថាហើយក៏ស្ទុះទៅកញ្ឆក់ចានដែកពីដៃកុំឱ្យជ្រុះកូនស្រីទាំងមូលទៅក្នុងទឹក។

    «ទេ ប៉ាវា, ខ្ញុំមិនអាចទ្រាំមើលកូនយើងក្នុងសភាពបែបនេះបានទេ ឱ្យខ្ញុំចាក់វាចោលទៅក្នុងទឹកទន្លេទៅ...»

    «មានវិធីមួយដែលអាចឱ្យកូនយើងក្លាយជាដូចដើមវិញ,» គាត់និយាយលួងភរិយាបន្ទាប់ពីបានស្វែងយល់វិធីខ្លះៗទាក់ទងនឹងអ្នកមានបញ្ហាជាមួយទឹកនៃសម្រស់។

    «វិធីអីទៅ? ប៉ាវាប្រាប់ខ្ញុំផង។ តើពិតជាបានផលទេ?»

    «ខ្ញុំមិនអាចប្រាប់នៅទីនេះបានទេ។ តោះទៅផ្ទះវិញ។»

    និយាយហើយក៏ឡើងឡានជិះត្រឡប់មកផ្ទះវិញ។

    នៅផ្ទះគាត់…

    «មើលកូនយើងចុះ! ស្ថានភាពបែបនេះមិនគួរឱ្យជឿថានាងនៅរស់ឡើយ។» 

    «ម៉ាក់វាស្ដាប់ខ្ញុំ។ ខ្ញុំបានស្វែងយល់ពីការដាច់របេះសាច់ និងឆ្អឹងដែលបណ្ដាលពីការប្រើប្រាស់ទឹកនៃសម្រស់ខុសបច្ចេកទេសនោះឃើញថា ដើម្បីឱ្យជនរងគ្រោះមានរូបរាងត្រឡប់ជាធម្មតាវិញ គឺត្រូវការសាច់!»

    «សាច់?»

    «មែនហើយ!» គាត់សម្លឹងទៅកូនស្រីក្នុងចានដែកហើយនិយាយបន្ត, «កាលដែលវាបានរលាយដាច់ដោចក្នុងទឹកនៃសម្រស់នោះ វាបានបាត់បង់សាច់ច្រើនណាស់។ យើងត្រូវទាក់ទងទិញសាច់មនុស្សពីទីផ្សារងងឹតខុសច្បាប់។ ពេលទិញបានហើយយើងយកសាច់មកលាយនឹងទឹកនៃសម្រស់នោះហើយបិទសូនឱ្យក្លាយជារូបរាងមនុស្សវិញ។ តែយើងត្រូវការជំនាញសូនរូបផងដែរ។ ខ្ញុំនឹងព្យាយាម។»

    «ចឹងកូនយើងនឹងមកក្នុងសភាពដើមមែនទេ?»

    «អាចដែរតែកុំទាន់អរ! បញ្ហានោះគឺសាច់មនុស្សខ្លះមានផលប៉ះពាល់ច្រើន។ ផលប៉ះពាល់នៃសាច់អ្នកដទៃដែលមិនត្រូវគ្នាជាមួយសាច់កូនយើង (ប្រភេទសាច់មនុស្សកម្រិតអន់) អាចផ្ដល់ផលប៉ះពាល់រហូតដល់អាយុជីវិតក៏មានដែរ។ តែសាច់កម្រិតខ្ពស់មានផលប៉ះពាល់តិចតួចដែរតែវាថ្លៃ ហើយសាច់កម្រិតអន់គឺផ្ទុយពីនេះ។ គ្មាននរណាធានាថាសាច់កម្រិតខ្ពស់គ្មានផលប៉ះពាល់សោះនោះទេ មានដែរតែគ្រាន់តែមានតិច។ មានវិធីមួយដែលអាចរកសាច់ដែលស្ទើតែគ្មានផលប៉ះពាល់សោះសម្រាប់កូនស្រីយើង។»…

    ---

    មិនដឹងថាយូរប៉ុណ្ណានោះទេ, តែលីងកាបើកភ្នែកមកឃើញប៉ាម៉ាក់របស់នាងនៅក្បែរនាង។ នាងភ្ញាក់ផ្អើលភ័យរន្ធត់ពេលឃើញប៉ាម៉ាក់នាងស្ថិតក្នុងសភាពដ៏ស្គមស្គាំងសល់តែស្បែកដណ្ដប់ឆ្អឹង។ 
     
    នាងប្រហែលជាមិនដឹងទេឬថាប៉ាម៉ាក់នាងបានចំណាយសាច់របស់ពួកគាត់ដើម្បីឱ្យនាងមានរូបរាងមកវិញ, តែមិនមែនរូបរាងដូចដើមនោះទេ។
     
    លីងកាឃើញខ្លួនឯងក្នុងសភាពដ៏អាក្រក់ ដៃទាំងពីររបស់នាងគឺជាជើងរបស់នាង ហើយនាងគ្មានជើងទាំងពីរ។

    «ដឹងខ្លួនហើយហ្អីកូន?»

    «ហេតុ? ហេតុអីបានជាខ្ញុំទៅជាបែបនេះ? មិនពិតទេ!!!!»

    «យើងបានជួយកូនអស់លទ្ធភាពហើយ។»

    លីងកាស្ទុះងើបក៏ងើបមិនរួចព្រោះគ្មានជើង ហើយខំប្រវេប្រវាផ្លាស់ទីបានបន្តិចក៏ដួលទៅលើកម្រាលក្ដាររួចយំសោកយ៉ាងឈឺចាប់។
     


    លីងកា, ដែលពេលនេះជាមនុស្សដៃគ្មានម្រាម មុខមត់អាក្រក់ អត់មានចិញ្ចើម, អត់មានជើង, កំពុងអង្គុយចុចកុំព្យូទ័ររបស់នាងឆែករកពួកសង្គមលក់សាច់មនុស្ស។
     
    មានប្រភេទសាច់កម្រិតខ្ពស់ជាច្រើនដែលលក់យ៉ាងលួចលាក់លើ Internet តែប្រភេទសាច់ខ្លះដូចជាមិនគួរឱ្យទុកចិត្តទេ។ រហូតលីងកាអូសមកដល់ផ្ទាំងពាណិជ្ជកម្មមួយ,

    “នាងខ្ញុំមានទទួលកែសម្រស់សម្រាប់អ្នកដែលគ្រោះថ្នាក់ដោយទឹកនៃសម្រស់។ មានបិទសាច់ និងសូនរាងកាយមុខមាត់ឱ្យស្អាតតាមចិត្តប្រាថ្នា សាច់ប្រភេទកម្រិតខ្ពស់ ពិនិត្យហើយទើបបិទសាច់លើរាងកាយលោកអ្នក។ នាងខ្ញុំជាអ្នកជំនាញកែសម្រស់វ័យក្មេងតាមបែបទឹកនៃសម្រស់។ ចាប់អារម្មណ៍សូមអញ្ជើញមកហាងនាងខ្ញុំដែលនៅអស័យដ្ឋានដែលបានបង្ហាញ។”
     
    លីងកាចាប់អារម្មណ៍ទៀតហើយ...

    ពេលល្ងាច, មនុស្សម្នារធ្វើដំណើរត្រឡប់ទៅផ្ទះវិញអស់ ទីក្រុងប្រជុំជនទាំងមូលលែងសូវអ៊ូអរ, អ្នកកែសម្រស់វ័យក្មេងក្រមុំដ៏ស្រស់ស្អាតម្នាក់នេះបិទត្វារហាងហើយអង្គុយមុខកញ្ចក់រួចយកម្សៅផាត់មុខរបស់នាងតាមទម្លាប់មុនចូលគេង។ ស្រាប់តែឮសំឡេងគោះទ្វារមុខ, នាងដើរទៅបើកមើលទាំងឆ្ងល់ ក៏ភ្ញាក់ផ្អើលជាខ្លាំងពេលបើកទ្វារឡើងឃើញមនុស្សម្នាក់នៅលើដៅ អត់មានជើង ពាក់ម៉ាស់ពាក់អាវធំ កំពុងងើយមុខសម្លឹងមកនាង។
     
    «ខ្ញុំមកកែសម្រស់!» 

    «ចូលក្នុងសិនមក!»

    «ចាស!»

    បន្ទាប់ពីលីងកាចូលមកក្នុងហាងនេះហើយ ម្ចាស់ហាងនោះក៏បិទទ្វារហាងវិញ។ 

    «ឯងមកទីនេះដោយរបៀបណា? បើឯងអត់មានជើងផងនឹង!»

    «ខ្ញុំជិះតាក់ស៊ីមក ហើយឱ្យតាក់ស៊ីឈប់ត្រង់មុខហាងនេះ។»

    «ចាស ល្អណាស់!»

    បន្ទាប់ពីពីរនាក់នេះនិយាយគ្នាមួយសន្ទុះ លីងកាក៏ហុចលុយនាងឱ្យអ្នកកែសម្រស់ម្នាក់នោះ។ ហើយក្រោយដែលរាប់លុយហើយ នាងម្ចាស់ហាងនោះក៏គិតក្នុងចិត្តថា, “$5000? ពិតជាច្រើនមែន!”

    រួចហើយក៏និយាយទៅកាន់លីងកា, «ដោយយល់ពីការលំបាកដែលឯងមកដល់ទីនេះ, ខ្ញុំថែមជូនការកែត្រង់ករបស់ឯងផងដែរ សរុបគឺកែមុខឯងផង កែកឯងផង។ តែឆ្ងល់ណាស់ថាម៉េចបានជាឯងទៅជាបែបនេះ? ជួបគ្រោះថ្នាក់មែនទេ?»

    «អាចថាគ្រោះថ្នាក់ក៏បាន ពីមុនមកខ្ញុំក៏មានរូបរាងស្អាតដែរ។»

    «អ!!! បើសិនជាធ្វើឱ្យឯងមិនសប្បាយចិត្ត, មិនបាច់និយាយតទៀតទេ។ ហើយចុះឯងចង់បានមុខដូចអ្នកណា? ឱ្យរូបថតមក។»

    លីងកាយករូបថតកាលដែលនាងនៅស្អាតចេញពីហោប៉ៅហើយហុចឱ្យស្រីម្នាក់នេះ។ 
     
    នាងយករូបថតមកមើលហើយលាន់មាត់, «ស្អីគេ? នាងលីងកាស៊ីណាឡា ដែលគេហៅរាជនីកំពូលសម្រស់ប្រចាំ Facebook នឹង? ហើយឯងចង់បានមុខដូចនាងនឹង? និយាយត្រង់ចុះ ស្រីៗលើលោកនេះគ្មាននរណាអាក្រក់ដូចនាងនឹងទេ។»

    នាងនិយាយបែបនេះព្រោះធ្លាប់ច្រណែននឹងសម្រស់លីងកា ហើយក៏មិនដឹងថាស្រីអត់ជើងដែលអង្គុយក្បែរនាងនេះជាលីងកាដែរ។ លីងកាខឹងឆួលតែប្រឹងទប់អារម្មណ៍ហើយតបទាំងមិនសូវសុភាព៖

    «ស្អីក៏ដោយ គឺជាមុខរបស់ខ្ញុំ។»

    «អរ!!! អូខេ។ សម្រេចថាកែយកមុខនាងលីងកាលីងកួយនឹងក៏បាន។ ចាំមួយភ្លែតណាខ្ញុំទៅយកសាច់លាយនឹងទឹកនៃសម្រស់សិន។»

    ថាហើយ នាងនោះក៏ទៅរៀបចំផើងទឹក ទឹកនៃសម្រស់ និងសម្ភារៈដទៃផ្សេងៗទៀតហើយបង្គាប់ឱ្យលីងកាផ្កាប់មុខនឹងទឹកនៃសម្រស់ដោយដកដង្ហើមតាមទុយោ។ 
     
    នាងម្ចាស់ហាងប្រើជំនាញរបស់នាងកែប្រែមុខមាត់លីងកាអស់មួយសន្ទុះធំ ពីមុខមាត់ដ៏អាក្រក់ទៅជា…

    …អាក្រក់លើសដើម។

    «ណេះមើលកញ្ចក់ទៅ!»
     
    គ្រាន់តែឃើញមុខខ្លួនឯងក្នុងកញ្ចក់ភ្លាម, លីងកាស្រែកខ្លាំងៗ និងផ្ទុះកំហឹងជាខ្លាំងដាក់នាងម្ចាស់ហាងនោះ។

    «ហេតុអីក៏ឯងធ្វើបែបនេះ!? ខ្ញុំចង់បានមុខខ្ញុំដូចក្នុងរូបថតនោះ!!!!»

    «ឈប់សិនណា ត្រជាក់ចិត្តសិនទៅ! នេះមិនទាន់រួចរាល់ទេ!»

    «ម៉េចក៏យកមុខខ្ញុំទៅលេងសើចបែបនេះ?»

    «កុំទាន់ខឹងអី ខ្ញុំកែឱ្យស្អាតឥឡូវនេះហើយ។»


     
    មួយសន្ទុះក្រោយពីកែមុខមាត់របស់លីងកាបន្ថែមទៀត, ម្ដងនេះមុខលីងកាពិតជាស្អាតមែនហើយ ស្អាតដូចកាលនាងពីមុន។ នាងមើលកញ្ចក់ដោយអររីករាយក្នុងចិត្តតែក្រោយពីនាងម្ចាស់ហាងនិយាយថា,

    «ខ្ញុំទៅលាងដៃសិនហើយណា! ឯងអាចត្រឡប់ទៅផ្ទះវិញបានហើយ ហើយបើមានលុយគ្រប់ចាំមកម្ដងទៀត ខ្ញុំនឹងធ្វើសុដន់របស់ឯង ឱ្យអ្នកផងគេដឹងថាខាងណាខាងក្រោយ ខាងណាខាងមុខ ហាហាហាហា។» សើចហើយងើបឡើងបម្រុងចូលទៅបន្ទប់ទឹកព្រមទាំងបន្ត, «ហើយខ្ញុំនៅតែហួសចិត្តដែលឯងចង់បានមុខដូចជានាងព្រាយ លីងកាតារា Facebook នោះ។ ជ្រេញទ្រលាន់ណាស់។»
     
    ម្ដងនេះធ្វើឱ្យលីងកាខឹងខ្លាំងមែនទែន ទ្រាំលែងបាននាងស្ទុះហក់ទៅតោងនាងម្ចាស់ហាងពីក្រោយហើយប្រើដៃរឹតកញ្ចឹងករបស់នាងម្ចាស់ហាង។
     
    «នាងឯងហ៊ានថាឱ្យមុខមាត់អញដល់ម្លឹងផងឬ?» លីងកានិយាយដោយសំឡេងកំណាច។

    «ទេៗ លែងភ្លាមទៅ! លែងទៅ!»

    «នាងឯងដឹងទេថាអញនេះហើយជាលីងកា ហើយដៃអញនេះគឺជាជើងអញ! ងាប់ទៅ!»
     
    លីងកាប្រើកម្លាំងនៃកំហឹងរឹតកសម្លាប់នាងម្ចាស់ហាងមួយរំពេជ។

    «នាងនេះដង្ហើមខ្លីមែន!» 

    នាងប្រញាប់អូសសាកសពនាងម្ចាស់ហាងទៅក្នុងបន្ទប់ទឹក ហើយមករកមើលនៅនឹងទូសម្អាងឃើញសុទ្ធតែដបទឹកនៃសម្រស់។

    «ល្អណាស់! ខ្ញុំកំពុងតែខ្វះសាច់ និងឆ្អឹងស្រាប់ផង។»…

    លីងកាប្រើជំនាញសូនរាងកាយរបស់នាងធ្វើការនេះអស់ពេលជាច្រើនម៉ោង រហូតទីបំផុតនាងមានដៃមានជើងមានរាងកាយស្រស់ស្អាតអាចងើបឈរបានហើយ។
     
    លីងកាក្រឡេកទៅក្នុងអាងទឹកដែលមានស្បែក សាច់ ឆ្អឹង ក្បាលរបស់នាងម្ចាស់ហាងដាច់ដោចគួរឱ្យខ្ពើម។ ខណៈដែលនាងលូកដៃដកឆ្នុងកអាងទឹក, នាងនិយាយតិចៗតែម្នាក់ឯង, «អញនឹងជួយបញ្ជូនឯងឱ្យទៅលូទឹកស្អុយទៅចុះ នាងម្ចាស់ហាងចង្រៃ។»

    ...

    នៅផ្ទះ, ប្ដីប្រពន្ធស្គមស្គាំងមុខផតគ្មានកម្លាំងកំហែងនេះប្រញាប់ចេញមកបើកទ្វារក្រោយពីឮសំឡេងគោះទ្វារ ហើយបន្ទាប់ពីបើកទ្វារ, ទាំងពីរនាក់ភ្ញាក់ផ្អើលផង ត្រេកអរផង នៅពេលដែលឃើញកូនស្រីខ្លួនឈរនៅនឹងមុខដោយមានមុខមាត់ស្អាតបាត រាងស្វែលមានគ្រប់កាយសម្បទារ។
     
    «ម៉ាក់! ប៉ា!»

    «កូនម៉ាក់មកវិញហើយ មានទាំងជើងទៀតផង ហើយរាងស្អាតទៀត ម៉ាក់សប្បាយចិត្តរកប្រៀបពុំបានទេកូន។» ស្ត្រីជាម្ដាយឱបលីងកាដោយក្ដីនឹករឮក និងត្រេកអរ។

    «ប៉ាស្មានថាកូននឹងចាកចោលយើងហើយ!»

    ---

    ២ខែក្រោយមក...

    ជីវិតលីងកាក្លាយជាស្រស់បំព្រង និងថ្មីស្រឡាង។ នាងបំភ្លេចចោលអតីតកាលអាក្រក់ៗទាំងអស់ ឈប់ប្រើទឹកនៃសម្រស់ហើយចាប់ផ្ដើមមកហាត់ប្រាណជាប្រចាំនៅកន្លែងហាត់ប្រាណមួយក្នុងក្រុងនោះ។ ភាពធាត់មិនអាចរំខានរាងកាយនាងបានជា “ដាច់ខាត”។

    កំពុងតែរត់លើម៉ាស៊ីនទាំងបែកញើស, មានបុរសពីរនាក់ខ្សឹបខ្សៀវគ្នា,

     

    «នោះមែនទេជារាជនីសម្រស់?» បុរសរាងស្គមសួរទៅមិត្តរបស់គាត់។

    «មែនហើយ! អញលួចស្រឡាញ់យូរហើយហ្អា!»

    «កុំប្រាប់ថានេះជាមូលហេតុដែលហែងមកហាត់ប្រាណរាល់ថ្ងៃ?»

    «ហាហា មានហេតុផលណាទៀតដែលសាកសមជាងនេះទៅ?»...

    លីងការត់ហត់ល្មមហើយក៏ឈប់រត់ ហើយមកញ៉ាំទឹកបរិសុទ្ធត្រជាក់។ ក្រឡេកភ្នែកស្រាប់តែឃើញបុរសសង្ហាម្នាក់ឈរក្បែរនោះធ្វើឱ្យទាក់ចិត្តនាងជាខ្លាំង។
     
    «សង្ហាណាស់! មិនគួរឱ្យជឿថាមានប្រុសសង្ហាបែបនេះ!» នាងគិតក្នុងចិត្តម្នាក់ឯង។…
     
    (សូមរង់ចាំអានភាគ៣ជាភាគបន្ត នៅរាត្រីម៉ោង៨ស្អែក!)

    រឿង ទឹកនៃសម្រស់ (ភាគ២) រឿង ទឹកនៃសម្រស់ (ភាគ២) Reviewed by HeNa on 8:09 PM Rating: 5
    Loading...
    Powered by Blogger.