>
  • ទំព័រដើម
  • កូនខ្ញុំចម្លែក


    មីងអិនដើរយ៉ាងលឿនសំដៅវង់បាយ។ 
    «មានរឿងអីមីង?» ស្វាមីខ្ញុំសួរ «ម៉េចក៏ដើរប្រញ៉ាប់ម៉្លេះ?»
    «ងាប់ទៀតហើយ» មីងអិននិយាយខ្លាំងៗដោយកំហឹង «ងាប់បួនក្បាលទៀតហើយ បើតែយ៉ាងនេះរាល់ថ្ងៃច្បាស់ជាត្រូវកាត់ពងម្ចាស់លក់ហើយ ព្រោះទាមួយពាន់ក្បាលសល់តែ៤០០ក្បាល គិតទៅមើលសមអត់?»។ គាត់ដកដង្ហើមធំហើយអង្គុយចុះលើកៅអីផ្ដៅចាស់ដែលមានតែគាត់ម្នាក់ជាកម្មសិទ្ធ។ សាកសពទាត្រូវប្រទះរាល់ៗព្រឹក។ បើមិនចាត់វិធានការទេ ច្បាស់ជាអស់រលីងមែនហើយ។ ប៉ុន្មានខែមកនេះមិនត្រឹមតែងាប់ទាទេ សូម្បីតែមានលមួយចំនួនក៏ត្រូវបាត់ខ្លះៗដែរ។ ខ្ញុំស្ទាបពោះកំប៉ោងគ្រប់ខែរបស់ខ្ញុំ ទាំងអារម្មណ៍មិនសូវល្អ។ ដោយសារតែកូនដំបូងទើបមិនដឹងថាអ្នកផ្សេងគេពិបាកដូចខ្ញុំឬអត់? សម្រាប់ខ្ញុំវិញគ្រប់ពេលដែលកម្រើកខ្លួន ហាក់ដូចជាមានអ្វីមកចាក់ពីក្នុងពោះមកអីុចឹង តែមិនដែលត្អូញប្រាប់អ្នកណាទេសុខចិត្តពួនយំតែម្នាក់ឯង។ បើអត់ពីមាន់ទាជ្រូកទៅ តើគ្រួសារខ្ញុំបានចំនូលឯណា? តើប្រាក់ខែបន្តិចបន្តួចរបស់ប្ដីខ្ញុំអាចបង់ថ្លៃបាយម្ហូប និងចាយវាយប្រចាំថ្ងៃបានដែរហ្អែស? កាន់តែគិតរឹតតែព្រួយ។ ទាដែលងាប់ទាំងប៉ុន្មានមានសណ្ឋានដូចគ្នា គឺត្រូវធ្មេញអ្វីម្យ៉ាងខាំស៊ីបឺតឈាម ហើយបន្សល់សាកសពចោល។
    «អូយ» ខ្ញុំលាន់មាត់តិចៗដោយឈឺចាប់ពាវទ្រាំមិនបាន។
    «អូនកើតអីហ្នឹង?» ប្ដីខ្ញុំសួរដោយការព្រួយបារម្ភ។ ខ្ញុំងក់ក្បាលយឺតៗជាសញ្ញាថាមិនអីទេ។ គ្មាននរណាដឹងទេថារាល់រាត្រីមានបញ្ហាអ្វីខ្លះមកលើខ្ញុំ តែយ៉ាងណាក៏ខ្ញុំមិនឱ្យកូនប្រុសក្នុងពោះមានគ្រោះថ្នាក់អីជាដាច់ខាត់។ 
    «អូយ» ខ្ញុំលាន់មាត់ម្ដងទៀតទាំងប្រឹងអត់។ ប្ដីខ្ញុំលូកដៃស្ទាបពោះប៉ោង ស្រាប់តែគាត់ភ្ញាក់ក្រញ៉ាងរហូតដកដៃចេញវិញយ៉ាងលឿន...គាត់ប៉ះទៅនឹងអ្វីម្យ៉ាងដែលមានដូចជាស្នែងស្រួចៗសំងំនៅក្នុងពោះខ្ញុំ។

    ------------------------------------------

    ខ្ញុំ និងមីងអិន (មីងបង្កើតរបស់ប្ដីខ្ញុំ) បានចូលហ៊ុនបើកកសិដ្ឋានធំមួយដែលទទួលចំនូលកាក់កបរាល់ៗថ្ងៃ ល្មមនឹងអាចដោះស្រាយជីវភាព និងបើកប្រាក់ខែដល់ពួកកម្មករើសពងមាន់ពងទា និងមើលជ្រូកដែរ។ តាមពិតទៅខ្ញុំមិនចង់ជួលពួកវាមកទេ តែដោយប្ដីខ្ញុំក៏រវល់ធ្វើការ ហើយមីងអិនក៏ចាស់ បើខ្ញុំទូលរែកការងារទាំងនេះ យល់ថាមិនកើត ទើបជួលពួកវាមកបណ្ដោយទៅ ព្រោះបានពួកវាហ្នឹងហើយធ្វើបាយទឹក និងបោសជូតផ្ទះមួយចប់។

    រាត្រីកាលក៏ចូលមកដល់ ជាពេលដែលខ្ញុំត្រូវឃើញនូវអ្វីដែលមិនគួរឃើញទៀតហើយ។ ពោះខ្ញុំចាប់ផ្ដើមកូដូចគេក្រឡុកគ្រាប់ឡុកឡាក់ ឬហាក់ដូចជាមានអ្វីម្យ៉ាងកំពុងប្រយុទ្ធគ្នាក្នុងផ្ទៃអីុចឹង។ 

    «អូយ...ឈឺណាស់...»

    ខ្ញុំខាំមាត់ប្រឹងអត់ ទាំងក្នុងអារម្មណ៍ឈឺស្ទើស្លាប់ទៅហើយ។ 

    “ ព្រឹប ព្រឹប ” សំលេងនរណាម្នាក់ដើរនៅខាងក្រៅលាន់ឡើងកណ្ដាលរាត្រីដ៏សែនស្ងាត់ជ្រងំ។ ខ្ញុំក្រលេកភ្នែកទៅក្រៅបង្អួច ព្រះអើយ វាគឺជាស្រមោលខ្មៅធំនោះទៀតហើយ។ អ្នកក្នុងផ្ទះនេះប្រហែលមិនដែលឃើញស្រមោលខ្មៅនោះទេ មានតែខ្ញុំតែម្នាក់ប៉ុណ្ណោះ។ រាល់ពេលដែលខ្ញុំឃើញស្រមោលខ្មៅនោះ ព្រឹកឡើងដឹងតែទា ឬមាន់ត្រូវងាប់។

    ...

    ហេតុការណ៍ទាំងនេះកើតឡើងដដែលៗរៀងរាល់យប់ រហូតរឿងរាប់សាកសពទាវាជារឿងសាមញ្ញធម្មតាទៅហើយសម្រាប់ពួកយើង។

    ...

    ខ្ញុំពពោះ១២ខែទៅហើយ នៅមិនទាន់កើតទៀត។ ការណ៍នេះធ្វើឱ្យប្ដីខ្ញុំរករឿងខ្ញុំជារឿយៗដោយចោតខ្ញុំថាខ្ញុំពពោះមុនមកហើយ មុននឹងរៀបការជាមួយគាត់ បើទោះជាខ្ញុំលើកហេតុផលយ៉ាងណាក៏គាត់មិនព្រមស្ដាប់ដែរ។ គ្មានអ្នកណាដឹងទេថាខ្ញុំឈឺចាប់ប៉ុណ្ណា ឈឺចាប់ផ្លូវកាយពីការធ្វើទុក្ខបុកម្នេញពីកូនក្នុងផ្ទៃហើយ នៅឈឺចាប់នឹងប្ដីរករឿងទៀត។ តើខ្ញុំត្រូវស្លាប់ទើបខ្ញុំអស់កម្មមែនទេ? កូនម្ដាយកើតមកកូន កុំធ្វើបាបម្ដាយពេក ម្ដាយរាល់ថ្ងៃទៅណាក៏គេមើល ទៅណាក៏គេខ្សឹបខ្សៀវ...

    កូនខ្ញុំចម្លែក ភាគ២

    ... ខ្ញុំពិតជាប្រាកដខ្លួនឯងថាកូនក្នុងផ្ទៃពិតជា១២ខែពិតមែន ដែលខ្ញុំមិនបានមានផ្ទៃពោះមុនការស្អីទេ។
    «បើខ្ញុំខូចខ្លួនមុនការ តើឯងយកខ្ញុំធ្វើអី?» ខ្ញុំក្លាហានតវ៉ាជាមួយប្ដី ដែលខំអត់ជាយូរមកហើយ។ គាត់គំហ៊កមកវិញ
    «ឯងថ្លោះធ្លោយមានកូនទើបម៉ែឪឯងប្រញ៉ាប់លើកឯងឱ្យខ្ញុំ ចង់បញ្ឆោតឱ្យកូនគេហៅខ្ញុំថាឪផងហ្អែស? ខ្ញុំមិនមែនល្ងង់មិនដឹងស្អីសោះទេវ៉ើយ។» ពាក្យគាត់ទាំងអស់ហាក់ដូចជាបន្លាអូសកាត់បេះដូងខ្ញុំអញ្ចឹង។ វាឈឺណាស់ ខ្ញុំឈឺចាប់ណាស់ដែលមិនអាចបញ្ឈប់ទឹកភ្នែកឱ្យហូរកាត់ផែនថ្ពាល់ដោយក្ដីឈឺ។
    «ឯងអីក៏មិនចេះគិតម្ល៉េះ? បើខ្ញុំមានកូនមុនការគួរតែកើតមុនខែ មិនមែនលើសខែអីុចឹងទេ» ខ្ញុំដើរយឺតៗស្រាប់តែទទួលអារម្មណ៍ចុកយ៉ាងខ្លាំងនៅក្នុងពោះ។
    «អូយ ឈឺខ្លាំងណាស់» ខ្ញុំភ្លាត់មាត់ទាំងមិនចង់។ គាត់ដើរមកជិតហើយគំហ៊កខ្លាំងៗ «ស្រីស្អីក៏មាយាម៉្លេះ?គេផ្សេងគេមានកូនដែរម៉េចមិនឃើញងាប់? ឱ្យតែថាអីបន្តិចតាំងយកពោះធ្វើលេស»។


    ---


    រាត្រីកាលចូលមកជាមួយនឹងភាពងងឹតដ៏គួរឱ្យខ្លាច។នៅពេលដែលមនុស្សក្នុងផ្ទះដេកលក់ស៊ុបអស់ហើយ ស្រមោលខ្មៅបានដើរលបៗចេញពីបន្ទប់ទៅរកមាន់ទាស៊ីទៀត ទោះជាមាន់ទាត្រូវចាក់សោរទុកក្នុងទ្រុងអស់ហើយក៏នៅតែស្រមោលខ្មៅដ៏គួរឱ្យខ្លាចនោះអាចយកមាន់ទាស៊ីបានទៀតព្រោះ...វាមានកូនសោរ។

    ------------------------------------------

    ទា៦ក្បាលងាប់ដោយធ្លាយពោះវៀនពោះតាំងចេញក្រៅ។

    គាត់តែងស្ដីបន្ទោសឱ្យខ្ញុំជារឿយៗ។ ដោយមួរម៉ៅនឹងមាន់ទាជ្រូកងាប់រាល់ថ្ងៃ និងរកលុយមិនសូវបាន គាត់បានឈប់ជួលកម្មក ហើយផ្ទេរការងារនេះទាំងអស់ឱ្យមីងអិន និងខ្ញុំ។ ខ្ញុំមិនចង់លែងលះទេ ដូច្នេះក៏សុខចិត្តធ្វើនូវអ្វីដែលគាត់បញ្ជាគ្រប់បែបយ៉ាង។ 

    គាត់ត្រលប់មកពីធ្វើការ ស្របពេលដែលខ្ញុំរៀបបាយហើយល្មម។ 
    «ឯងហូបបាយជាមួយខ្ញុំមួយពេលទៅ» គាត់បបួលខ្ញុំហូបជាមួយទាំងដឹងថាខ្ញុំនឹងបដិសេធ។
    «ខ្ញុំហូបរួចហើយ ឯងហូបចុះ»។ គ្រាន់តែខ្ញុំឆ្លើយភ្លាម គាត់ទះតុបាយ បាំង ដោយកំហឹងនៃភាពកម្រោលចូល។
    «វាមិនដែលប្ដីប្រពន្ធការជាមួយគ្នាជិតមួយឆ្នាំហើយ មិនដែលស៊ីបាយរួមគ្នាម្ដងណាទេវ៉ី? ឱ្យតែបបួលស៊ីដឹងតែថាស៊ីហើយ ចុះបើចាំស៊ីទាំងអស់គ្នាទៅវារន្ទះបាញ់ងាប់ហ្អី?»
    ខ្ញុំមិនតមិនគាត់ បានត្រឹមខ្ទប់មុខយំ។

    -------


    កូនក្នុងផ្ទៃខ្ញុំបាន១៣ខែ មីងអិន និងប្ដីខ្ញុំចាប់ផ្ដើមឈ្លោះគ្នា។ ពួកគាត់ទាំងពីរឃើញតែឈ្លោះគ្នាពីនេះពីនោះមិនចេះចប់។ បន្ទាប់មក ជម្លោះតូចបានប្រែក្លាយជាធំ។ រឿងទាមាន់ត្រូវងាប់ច្រើនកាន់តែជាប្រធានបទចោតគ្នា។ ខ្ញុំឮអ្នកទាំងពីរស្រែកដាក់គ្នាខ្លាំងៗជាងរាល់ដង ដូច្នេះខ្ញុំក៏បម្រុងទៅសម្រួលគ្នា តែពេលទៅដល់ ខ្ញុំឃើញស្វាមីខ្ញុំរឹត-កមីងអិននឹងខ្សែក្រវ៉ាត់។ គាត់ប្រឹងរើប្រកាច់ប្រកិនហើយមួយសន្ទុះក្រោយគាត់នៅនឹង ឈប់រើទៀត។ ប្ដីខ្ញុំទះកំភ្លៀងគាត់ខ្លាំងៗហើយប្រាប់ឱ្យឈប់ធ្វើពុតទៀត តែមីងគាត់បានស្លាប់ទៅហើយ។ ប្ដីខ្ញុំងាកមុខមករកខ្ញុំហើយស្រែក
    «នៅឈរអីទៀត? ម៉េចមិនឆាប់មកជួយគ្នា?» ដោយអានិតប្ដី មិនចង់ឱ្យប្ដីមានរឿង ខ្ញុំបានជួយធ្វើកិច្ចការទាំងនេះរហូតចប់ចុងចប់ដើម។ ការណ៍នេះមិនសូវធ្វើឱ្យខ្ញុំតក់ស្លុតប៉ុន្មានទេ។

    ...

    ១៥ខែហើយដែលទារកនៅសំងំក្នុងផ្ទៃខ្ញុំទៀត។ មាន់ទាជ្រូកត្រូវងាប់អស់។ ជំលោះរវាងខ្ញុំនិងស្វាមីកម្រោលក៏កាន់តែខ្លាំងឡើង។ មិនដឹងថាពេលណាទើបអស់កម្មទេខ្ញុំ។ ជាតិនេះជីវិតពិតជាអភ័ព្ទ រស់ដើម្បីតែស្លាប់។ 

    «ពេលមេឃស្រទុំអូនយំស្រណោះ ដួងចិត្តក្រៀមក្រោះ អស់ហើយសេចក្ដីសង្ឃឹម...ព្រឹលអស់កែវភ្នែក ដូចភ្លៀងរលឹម ប្ដីក៏លែងញញឹម ដូចគ្នាដើមទៀតហើយ។...ប្ដីអើយដឹងទេថាមកពីអ្វី បានជារូបស្រី បីដូចជាទូកគ្មានត្រើយ ស្រែកសួរទៅបង បងក៏មិនឆ្លើយ គ្មានអ្នកណាមួយឡើយ អាចឆ្លើយនឹងអូនបាន»។ ខ្ញុំតែងច្រៀងចម្រៀងនេះជារឿយៗពេលនៅម្នាក់ឯង។

    រាត្រីមួយ ខ្ញុំនៅផ្ទះតែម្នាក់ឯង ហើយវាក៏ជារាត្រីដែលខ្ញុំបង្កើតបានកូនប្រុសម្នាក់។ វាមានមាឌធំថ្លោសដូចកូនគេប្រាំខែអីុចឹង។ ទារកសម្លឹងមកខ្ញុំក្នុងកែវភ្នែកក្រឡោតឡើងក្រហម។ វាមានមុខមាត់ស្អាតបាតដូចទារកគេដ៏ទៃទៀត តែទាស់តែកូនគេដ៏ទៃកើតមកមិនអាចដើរបានទេ។ ក្មេងទើបតែកើតនេះញញឹមមកកាន់ខ្ញុំ ហើយស្នាមញញឹមរបស់វាជាឱសថធ្វើឱ្យការឈឺចាប់ទាំងប៉ុន្មានត្រូវរលាយបាត់អស់។
    «កូនម្ដាយ ម្ដាយមិនឱ្យកូនមានគ្រោះថ្នាក់អ្វីទាំងអស់។»

    “គ្រាំង” 
    សំលេងបើកទ្វារផ្ទះបន្លឺរឡើង។ ប្ដីខ្ញុំមកពីជប់លៀងវិញហើយ។ គាត់បានដើរចូលក្នុងផ្ទះព្រមទាំងលាន់មាត់ «ក្មេងបិសាច»។ ខ្ញុំបានស្រែកដាក់គាត់វិញដោយកំហឹង «វាជាកូនរបស់បង ហេតុអីក៏បងនិយាយបែបនេះ?បើវាជាបិសាច បងនេះគួរឱ្យខ្លាចជាងបិសាចទៅទៀត។»
    «មិនបានទេ យើងមិនព្រមនៅផ្ទះជាមួយបិសាចទេវ៉ើយ យើងត្រូវតែសម្លាប់វាចោល!!!!»....



    ... 


    បរិយាកាសនាពេលព្រលឹមចាប់ផ្ដើមចុះត្រជាក់។ ខ្ញុំដើរចុះជណ្ដើរបម្រុងទៅលុបមុខស្រាប់តែ...សាកសពប្ដីខ្ញុំដេកស្លាប់ក្នុងថ្លុកឈាមស្ដូកស្ដឹងគួរឱ្យខ្លាច។ រាងកាយគាត់ត្រូវនរណាម្នាក់ខ្វាចរយះរយាយសព្វសារពាង្គ។ ហេតុអី? អ្នកណាធ្វើអីគាត់? សាកសពត្រូវស្លាប់ដោយបិទភ្នែកមិនជិត ទឹកមុខមើលទៅតក់ស្លុតខ្លាំងមុននឹងស្លាប់។

    ពិធីបុណ្យសពធ្វើទៅយ៉ាងគគ្រឹកគគ្រេង។ ខ្ញុំយំសោកបោកប្រាណស្ទើស្លាប់ស្ដាយស្រណោះប្ដីចង្រៃដែលមិនចេះយល់ចិត្តភរិយាម្នាក់នេះ។ ស្របពេលដែលកូនខ្ញុំយំ ខ្ញុំរត់ទៅបំបៅដោះកូន។ ពេលនោះបងថ្លៃខ្ញុំ និងកូនស្រីគាត់ដើេចូលមក។ នាងតូចនោះមើលទៅទារកតូចក្នុងទឹកមុខប្លែកៗ។ នាងចង្អុលរួមទាំងនិយាយ
    «ម៉ាក់! ម៉ាក់មើលចុះ កូនង៉ានេះជាបិសាច មើលចុះវាកំពុងតែប៉ឺតឈាមម៉ាក់វា»។ បងថ្លៃបានហាមកូនគាត់មិនឱ្យនិយាយទៀតតែនាងតូចចង្រៃនៅតែនិយាយដដែលៗមិនឈប់។ ខ្ញុំមានអារម្មណ៍មិនសូវស្រួលសោះនៅពេលដែលកូនប្រុសខ្ញុំសម្លក់មុខនាងតូចនោះ។ ខ្ញុំហាម
    «ម៉េចក៏ក្មួយថាកូនមីងអីុចឹង? មើលមើ មិនមែនជាបិសាចឯណា?»
    «ទេវាជាបិសាច យកវាទៅកប់ទៅ!»។ បងថ្លៃក៏មានគំនិតថាកូនខ្ញុំជាបិសាចដែរ ខ្ញុំដឹង។

    យប់ជ្រៅហើយ ភ្ញៀវមួយចំនួនទៅផ្ទះអស់ តែនៅអ្នកមួយចំនួនទៀតស្ម័គ្រចិត្តដេកផ្ទះសព។ 

    “ព្រឹប...ព្រឹប...ព្រឹប” សម្រឹបជើងស្រាលៗលបៗរបស់នរណាម្នាក់កំពុងដើរតម្រង់ទៅបន្ទប់ដេកមួយដែលម្ដាយកូនស្រីតូចកំពុងដេក...វាគឺស្រមោលខ្មៅ...

    1.អ្នកណាជាអ្នកសម្លាប់ស្វាមីនារីនោះ?
    2.ហេតុអ្វីបានជាអ្នករាល់គ្នាដែលឃើញទារកនោះតែងលាន់មាត់ថាបិសាច?
    3.ស្រមោលខ្មៅដែលតែងចេញពេលរាត្រីជានរណា?



    កូនខ្ញុំចម្លែក៣




     យូចាំងអាយុប្រាំមួយឆ្នាំហើយ។ ម៉ាក់បានឱ្យវារៀននៅសាលាមួយដែលនៅមិនឆ្ងាយប៉ុន្មានពីទីនេះ។ សិស្សមានច្រើនណាស់តែវាម្នាក់ឯងបែរជាអត់មានមិត្តភក្ដិម្នាក់ណាទៅវិញ។ មានមនុស្សច្រើនណាស់និយាយមិនល្អពីវា និងម៉ាក់វា។ មីងលក់នំក្នុងសាលាបានខ្សឹបខ្សៀវថាម៉ាក់សម្លាប់ប៉ា តែវាអត់ជឿទេ ម៉ាក់ថាប៉ាស្លាប់ដោយធ្លាក់ពីលើកាំជណ្ដើរ។ វាជាក្មេងស្ងប់ស្ងាត់បំផុត មិនដូចក្មេងផ្សេងពេលចេញលេង គេលេងនេះលេងនោះសើចសប្បាយខ្ញៀវខ្ញារ វាតែងអង្គុយក្នុងថ្នាក់គិតពីនេះពីនោះ។ អ្នកគ្រូបានដើរមកក្បែរវា អង្អែលក្បាលសិស្សហើយនិយាយ
    «យប់ៗអ្នកគ្រូបង្រៀនគួរអង់គ្លេស កូនមករៀនដែរមក»
    «អត់បានទេអ្នកគ្រូ ព្រោះបើអ្នកគ្រូឃើញខ្ញុំពេលយប់ អ្នកគ្រូនឹងស្អប់ខ្ញុំជាមិនខាន។» អ្នកគ្រូសើចតិចៗហើយតប
    «គ្រូឯណាទៅស្អប់កូននោះ? ពេលថ្ងៃក៏ដូចពេលយប់ដែរ»
    «តែម៉ាក់មិនចង់ឱ្យខ្ញុំបង្ហាញខ្លួនឱ្យអ្នកណាឃើញទេនៅពេលយប់»។
    «បើចឹងគ្រូនឹងទៅនិយាយជាមួយម៉ាក់របស់ឯង»។

    តាមពិតទៅក្មេងតូចនេះមិនចង់ឱ្យអ្នកណាឃើញវានៅពេលយប់ទេ ព្រោះអ្នកទាំងប៉ុន្មានដែលឃើញខ្ញុំហើយ ភាគច្រើនបាត់ខ្លួនទៅដោយគ្មានមូលហេតុអីទាំងអស់។ តែសង្ឃឹមថាអ្នកគ្រូមិនដូចពួកគេទៅចុះ។

    --------
    [អ្នកគ្រូ]

    ម៉ូតូថ្មីមួយជិះតាមផ្លូវកៅស៊ូដ៏ងងឹត បំភ្លឺផ្លូវតែនឹងភ្លើងអំពូលតូចៗតាមបង្គោលដែលឃ្លាតៗពីគ្នារាល់១០ម៉ែត្រម្ដង។ សិស្សចំលែកបានប្រាប់ពីទីតាំងដល់អ្នកគ្រូក្រមុំដើម្បីទៅរកជួបនិយាយនឹងម្ដាយ។ តាមផ្លូវចូលមានភាពបត់បែន និងព្រៃសងខាងផ្លូវដុះស៊ុបទ្រុប ស្រមោលដើមឈើដែលអមផ្លូវនៅពាសពេញដីមើលទៅគួរឱ្យខ្លាច។

    ម៉ូតូបានមកឈប់នៅមុខគេហស្ថានចំណាស់ដ៏ធំស្កឹមស្កៃប្រៀបបាននឹងផ្ទះសេដ្ឋី។ វាជាផ្ទះពីរជាន់ធ្វើរបៀបបុរាណ មើលទៅមានអាយុកាលយូរក្រែលដែរហើយ។ នៅក្បែរៗនេះមិនមានផ្ទះច្រើនទេ ដូច្នេះទើបអ្នកគ្រូទទួលអារម្មណ៍យ៉ាងចំលែក។

    «សួស្ដី! មានមនុស្សនៅទេ?» អ្នកគ្រូស្រែកដោយស្រទន់ឡើងលាន់ ខណៈដែលជិះចូលបរិវេណផ្ទះមួយនេះ។ នៅខាងក្នុងមានបើកភ្លើងភ្លឺផ្លុងៗបញ្ជាក់ថាមានមនុស្សនៅក្នុងនោះ។

    «សួស្ដី! យូចាំង! អ្នកគ្រូមកដល់ហើយណា»

    មួយសន្ទុះធំហើយនៅតែគ្មានចំលើយតប។ ខ្យល់បក់មួយវ៉ិបនាំយកក្លិនផ្កាម្លិះក្រអូបឈ្ងុយ។ អ្នកគ្រូបង្វែរម៉ូតូប្រុងនឹងចេញទៅវិញហើយស្រាប់តែមានសំលេងតូចមួយមកបង្អាក់ដំនើរគាត់។ នោះគឺយូចាំង។

    «អ្នកគ្រូ ចូលមកក្នុងសិនមក»

    នាងដើរចូលតាមការហៅរបស់សិស្សទាំងអារម្មណ៍មិនសូវល្អ។ យូចាំងនាំនាងមកដល់បន្ទប់ទទួលភ្ញៀវមានគ្រឿងសង្ហារឹមជាច្រើន ពិតជាគួរឱ្យស្ងើចសរសើរ។ នៅលើកៅអីផ្ដៅ ស្ត្រីម្នាក់ទទូដោយក្រមាជិតមុខកំពុងសំលឹងមកអ្នកគ្រូព្រមទាំងលើកដៃរាក់ទាក់។

    «ជំរាបសួរអ្នកគ្រូ» ស្ត្រីជាម្ដាយយូចាំងនិយាយ។ អ្នកគ្រូតបទៅវិញដោយសុជីវធម៌ «ចាសជំរាបសួរ បងជាម៉ាក់យូចាំងមែនទេ។»

    «ចាសគឺខ្ញុំហ្នឹងហើយ កូនខ្ញុំប្រាប់ថាវាចង់រៀនអង់គ្លេសបន្ថែមជាមួយអ្នកគ្រូ»។ ស្ត្រីជាម្ដាយនោះនិយាយដោយមិនឃើញមុខ។ គាត់បន្ត 
    «ខ្ញុំមិនចង់ឱ្យអ្នកគ្រូមានវាសនាដូចគ្រូមុនៗទេ គ្រាន់តែឃើញកូនខ្ញុំ និងខ្ញុំ នាំគ្នារត់បះដៃបះជើង ចុងក្រោយវាសនាពួកគេគឺ...ស្លាប់។ » ពាក្យស្លាប់នេះគឺមុតស្រួចខ្លាំងមែនទែន តែអ្នកគ្រូក្រមុំបែរជាញញឹម។ គាត់តបដោយមិនខ្លាចអ្វីទាំងអស់ 
    «តែខ្ញុំគិតថាយូចាំងគ្មានអីគួរឱ្យខ្លាចនោះទេ ព្រោះគេជាក្មេងឆ្លាតនិងគួរឱ្យស្រលាញ់ខុសពីក្មេងដ៏ទៃ»។
    «យូចាំងពេលថ្ងៃមិនដូចពេលយប់ទេ។ យូចាំង មកជួបអ្នកគ្រូមកកូន» ស្ត្រីជាម្ដាយបានស្រែកហៅកូនប្រុសខ្លួនដើម្បីមកជួបអ្នកគ្រូ។ ភ្នែកខាងក្រោមរបស់ក្មេងនេះឡើងខ្មៅ ស្បែកសស្លេក ធ្មេញស្រួចៗញញឹមមកកាន់អ្នកគ្រូក្នុងទឹកមុខដ៏គួរឱ្យខ្លាច។ តែអ្នកគ្រូបែរជាគ្មានអីប្លែកទៅវិញ។ គាត់ញញឹមទៅកាន់សិស្សម្នាក់នេះក្នុងទឹកមុខធម្មតា។
    «ចាស ចាប់ពីថ្ងៃនេះទៅខ្ញុំនឹងមកបង្រៀនយូចាំងនៅយប់ម៉ោង៨» អ្នកគ្រូនិយាយហើយព្រមទាំងងាកទៅកាន់ម៉ាក់ក្មេង តែបាត់គាត់មិនដឹងជាទៅទីណា។

    នៅយប់នោះបន្ទាប់ពីចេញពីផ្ទះចំលែកនោះ អ្នកគ្រូបានជួបនឹងតាចាស់សក់សម្នាក់ដើរចូលកណ្ដាលផ្លូវ វិះនឹងជិះម៉ូតូបុកទៅហើយ។ តានោះងាកមកបង្ហាញធ្មេញសស្ញេញ ហើយដើរមកជិតអ្នកគ្រូឈូឈីង រួចខ្សឹបតិចៗថា «បើឯងបន្តនៅទៅជាន់ផ្ទះនោះទៀត ឯងនឹងមានគ្រោះថ្នាក់ដល់ជីវិត»។ 
    «តែ...ខ្ញុំគ្មានគ្រោះថ្នាក់អីទេ» អ្នកគ្រូសួរទៅតាចាស់ចម្កួតនោះ ព្រោះគ្រាន់តែទៅបង្រៀនក្នុងផ្ទះនោះ វាទាក់ទងអីនឹងគ្រោះថ្នាក់? នាងចង់សួរច្រើនសំនួរណាស់ទៅលោកតាផ្ដេសផ្ដាសនោះ តែ...តានោះទៅណាបាត់។


    អ្នកគ្រូតែងមកបង្រៀនផ្ទះសិស្សនោះមិនដែលខាន។

    យប់នេះដូចយប់រាល់ដង ពេលនាងកំពុងបង្រៀនស្រាប់តែភ្លើងក្នុងផ្ទះងងឹតភ្លឹប...ពេលភ្លើងភ្លឺមកវិញកូនសិស្សរបស់នាងបានបាត់ទៅហើយ។

    ------------------------------------------

    រាត្រីមួយនាងជិះមកផ្ទះយូចាំង នៅម៉ោង៨កន្លះព្រោះជាប់រវល់នៅផ្ទះទើបបណ្ដាលឱ្យយឺតយ៉ាវបែបនេះ។ មកដល់មុខផ្ទះនេះ ក្នុងផ្ទះស្ងាត់ងងឹតឈឹង តែទ្វាររបងនៅបើកចំហរ។ អ្នកគ្រូស្រែកហៅម្ដងហើយម្ដងទៀត តែមិនឃើញមានចម្លើយតបគាត់ក៏បែរម៉ូតូបម្រុងចេញទៅផ្ទះវិញស្រាប់តែ...មានអ្វីម្យ៉ាងទាក់ភ្នែកនាង...វាគឺជាសាកសពកូនសិស្សរបស់នាង។ ក្មេងនេះត្រូវគេវះធ្លាយពោះវៀនតត្លាយ នៅលើមុខត្រូវគេខ្វេះគ្រាប់ភ្នែកចេញ។ 
    «ទេ យូចាំង! មានរឿងអីកើតឡើង? យូចាំង!!!»
    អ្នកគ្រូរត់ទៅឱបសាកសពសិស្សដោយស្និទ្ធស្នាលជាទីបំផុត។ ភ្លាមនោះស្រាប់តែមានដៃមួយមកចាប់នាងពីក្រោយ...
    «ហេតុអីក៏អ្នកគ្រូសម្លាប់ខ្ញុំ?» ម្ចាស់សំនួរនោះមិនមែនយូចាំងទេ គឺម៉ាក់យូចាំង...



    កូនខ្ញុំចម្លែក៤ (ភាគបញ្ចប់)


    មានដៃដ៏ត្រជាក់មួយមកចាប់ទាញអ្នកគ្រូក្រមុំមួយទំហឹងបណ្ដាលឱ្យដួលផ្ងារជើង។ ចង្អុលដៃស្វិតសល់តែឆ្អឹងបានចង្អុលចំមុខអ្នកគ្រូ តែអ្នកគ្រូមិនយល់អ្វីទាំងអស់។ ស្ត្រីដែលមានតែឆ្អឹងនោះស្ទុះមកសង្គ្រុបលើអ្នកគ្រូ ហើយឱនមុខទៅជិតព្រមទាំងនិយាយ
    «ហេតុអីបានជាអ្នកគ្រូសម្លាប់ខ្ញុំ? ហេតុអីសម្លាប់ខ្ញុំមិនអស់ចិត្តហើយនៅសម្លាប់កូនខ្ញុំទៀត?»
    «និយាយពីអី? ខ្ញុំ...ខ្ញុំអត់យល់ទេ...»
    ស្ត្រីដែលជាម្ដាយយូចាំងបានទាញកន្សែងគ្របមុខរបស់នាងចោលទៅម្ខាង។ មុខរបស់នាងជាឆ្អឹងក្បាលខ្មោចដែលមានធ្មេញស្រួចៗគួរឱ្យខ្លាច។ មុខគ្មានស្បែកនេះមានទឹកមុខក្រឡោតហាក់ដូចជាចង់ស៊ីសាច់អ្នកគ្រូ។ 
    «ទេ...ជួយផង ជួយផង ខ្ញុំមិនដឹងអីទេ»
    «ឈប់ភ្លាម !» សំលេងបុរសម្នាក់ស្រែកឡើងពីក្រៅរបង។ គាត់គឺលោកតាដែលអ្នកគ្រូបានជួបកាលពីប៉ុន្មានយប់មុន។ គាត់ខ្វារអង្ករពីថង់យាមគាត់មួយដៃ ហើយបាចទៅលើស្រីខ្មោចឆ្អឹងនោះបណ្ដាលឱ្យកើតជាភ្លើងឆេះខ្មួលខ្មាញ់។ ខ្មោចស្រីនោះស្រែក
    «អូយ...កុំអី...ក្ដៅ...ណាស់...»
    ត្រឹមតែមួយវិនាទី រូបកាយនោះរលាយខ្សុលទៅលើអាកាស។ តាចាស់បែរមុខមករកខ្ញុំដោយទឹកមុខអង់អាច 
    «នាងដឹងពីអ្វីដែលនាងបានធ្វើទេ?»
    អ្នកគ្រូក្រមុំធ្វើមុខស្លឺបែបមិនដឹងអី។ តាចំលែកទម្លាក់សំលេងស្លូតបន្តិចហើយបន្ត
    «នាងបានសម្លាប់ក្មេងប្រុសគួរឱ្យអានិតម្នាក់ដែលមិនដឹងខ្យល់អីសោះ» គ្រាន់តែនិយាយចប់ អ្នកគ្រូស្រឡាំងកាំងស្ទើរគាំងបេះដូង។ គាត់ពិតជាមិនដឹងពិតមែន ព្រោះគ្រាន់តែមកដល់ផ្ទះនេះភ្លាមឃើញយូចាំងដេកស្លាប់បាត់ទៅហើយ។
    «តែ...»
    «តែឯងពិតជាបានសម្លាប់ក្មេងនោះមែន» តានោះកាត់។ គាត់តំអក់បន្តិចហើយបន្ត «ឯងបានបំផ្លាញសុភមង្គលស្រីកំសត់ម្នាក់នេះ។ ឯងបំផ្លាញអ្វីៗគ្រប់យ៉ាងរបស់នាង។ អ្នកគ្រូឯងប្រហែលជានៅចងចាំរឿងកាលពី៩ឆ្នាំមុន។» លោកតានេះនិយាយដូចជាគាត់ដឹងពីរឿងរ៉ាវទាំងអស់របស់អ្នកគ្រូ , រឿងរ៉ាវដែលនាងខំលាក់យូរណាស់មកហើយ។ នាងភ្ញាក់ខ្លួនព្រើតនៅពេលដែលនឹកឃើញរឿងរ៉ាវកាលពី៩ឆ្នាំមុននោះ។ គឺកាលនោះអ្នកគ្រូរៀនបើកបរ ដោយសារនៅក្មេងហើយបើកមិនប្រយ័ត្ន នាងបានបើកបុកស្ត្រីម្នាក់ដែលដើរតាមផ្លូវ។ ដោយដឹងថានាងមិនទាន់ស្លាប់ , អ្នកគ្រូមិនព្រមចុះពីឡានមកជួយអ្នករបួស បែរជាបើកកិនថែមម្ដងជាពីរដងដើម្បីឱ្យប្រាកដថាស្ត្រីម្នាក់នោះបានស្លាប់។ 
    «អូ...ខ្ញុំ...កាលនោះខ្ញុំភ័យពេកមិនដឹងរឿងអីទេ» អ្នកគ្រូព្យាយាមលម្អខ្លួន។ លោកតាកញ្ចាស់សម្លក់មុខនាងថ្លែរហើយស្ដី «ស្ត្រីដែលនាងបើកកិននោះគឺម្ដាយរបស់យូចាំង។ ដោយដឹងពីការស្លាប់ដ៏អយុត្តិធម៌នេះ ខ្ញុំបានខាបព្រលឹងវិញ្ញាណវិលវល់របស់នាងហើយប្រើវេទមន្តដើម្បីឱ្យនាងអាចរស់ឡើងវិញបាន។ នាងអាចក្លាយជាមនុស្សនៅពេលថ្ងៃហើយក្លាយជាស្រមោលខ្មៅនៅពេលយប់។ នាងបានសន្យានឹងខ្ញុំថាមិនចងពៀរនឹងអ្នកណាទាំងអស់។ តែពេលនាងជួបអ្នកគ្រូឯង នាងបែរជាចង់សម្លាប់អ្នកគ្រូទៅវិញ នេះហើយចិត្តម្ដាយដែលស្រលាញ់កូន»
    «តាកញ្ចាស់និយាយផ្ដេសផ្ដាសស្អីហ្នឹង?» អ្នកគ្រូស្រែកដាក់លោកតាចំណាស់នោះដោយគ្មានសីលធម៌។ «វាមានអីទាក់ទងនឹងក្មេងដែលស្លាប់នោះ?ខ្ញុំបានសម្លាប់ក្មេងនោះបានយ៉ាងម៉េច?» 
    លោកតាមិនខឹងបែរជាញញឹម។ គាត់តប «តាំងពីនាងស្គាល់យូចាំងមក នាងធ្លាប់ឃើញវាហូបអីទេ?»
    «មិនដែលទេ» អ្នកគ្រូឆ្លើយកំបុតព្រោះធុញទ្រាន់។ តានោះបន្ត «ជាតិអំបិលនៅក្នុងនំដែលនាងឱ្យក្មេងនោះញ៉ាំកាលពីម្សិលបានធ្វើឱ្យវិញ្ញាណខ្មោចក្នុងខ្លួនក្មេងនោះរលាយ។ នាងដឹងទេ?ខ្មោចមិនអាចស៊ីជាតិអំបិលបានទេ តែដោយវាគោរពចង់ញ៉ាំនំដែលជាស្នាដៃគ្រូវាទើបវាសុខចិត្តស៊ីនំនោះ នេះហើយជាហេតុផលដែលយូចាំងស្លាប់»។
    «ឈប់និយាយទៅតាកញ្ចាស់!!!» អ្នកគ្រូទាញកាំបិតដែលដាក់ក្នុងកាបូបមកចាក់ប្រល័យកញ្ចឹង-កបុរសចំណាស់នោះបណ្ដាលឱ្យស្លាប់ភ្លាមនៅនឹងកន្លែង។
    «ស្មានតែគ្រាន់បើទេតើ ! អ្នកណាដែលដឹងរឿងយើង យើងនឹងសម្លាប់ចោលទាំងអស់»។ អ្នកគ្រូងើបឈរដោយស្រាលខ្លួន។ អ្វីដែលគាត់ត្រូវធ្វើគឺត្រូវលាក់សាកសពលោកតានេះដើម្បីបំបាត់ភ័ស្តុតាង។
    «គ្រូសុំទោសណា យូចាំង ទៅឱ្យបានសុខចុះ»៕

    ចប់

    #Vasan
    កូនខ្ញុំចម្លែក កូនខ្ញុំចម្លែក Reviewed by Unknown on 9:59 AM Rating: 5
    Loading...
    Powered by Blogger.