>
  • ទំព័រដើម
  • រឿង កូនខ្មោច

     
    ធារិទ្ធព្យាយាមពន្យល់លួងលោមកល្យាណពីរឿងដែលកើតឡើងនេះ។ វាជារឿងគួរអោយតក់ស្លុតសម្រាប់កល្យាណ តែវាជា​រឿងធម្មតាៗសម្រាប់​ធារិទ្ធទៅវិញ ព្រោះផ្លូវគេចយករួចខ្លួននៅតែមានជានិច្ចសម្រាប់ប្រុសព្រានចង្រៃនេះ។ ពាក្យថាបាបវាមានតែក្នុងរឿងព្រេងប៉ុណ្ណោះ ធារិទ្ធ​តែងគិតបែបនេះ។ នាយចាប់កាន់លទ្ធផលពិនិត្យទឹកនោមដែលមានគំនូសឆ្នូតពណ៌ក្រហមពីរជួរហើយបោះវាចោលទៅក្នុងធុងសម្រាម។

    «កុំព្រួយពេកអូនសម្លាញ់ យ៉ាងណាក៏បងមិនបោះ​បង់អូន​ចោល​ដែរ» ពាក្យនេះនាយធ្លាប់និយាយជាមួយស្ត្រីក្រមុំជាច្រើននាក់មកហើយ។ កល្យាណអន់ភ័យបន្តិច តែនៅមានគំនិតមួយចូលមក​ពញ្ញាក់នាងអោយភ័យក្រញ៉ាងឡើងវិញ។ នាងមានការព្រួយបារម្ភច្រើន។

    «តែប៉ាម៉ាក់អូនប្រាកដជាសម្លាប់អូនចោលមិនខានទេ អូនខ្លាចណាស់បង» និយាយតែប៉ុណ្ណេះ ទឹកភ្នែកហូរវូមក។ មុននឹងចេញមករៀននៅទីក្រុង ប៉ាម៉ាក់នាងផ្ដាំហើយផ្ដាំទៀតពីការភ្លើតភ្លើននេះ។ ភាពយន្ត ទស្សនាវដ្ដី និងប្រលោមលោកអប់រំពីការប្រយ័ត្នខ្លួនពីក្រញ៉ាំព្រានឬស្យា ក៏កល្យាណីនាងធ្លាប់ដឹងរាប់រយដងហើយ តែហេតុម្ដេចឡើយនៅតែថ្លោះធ្លោយធ្វើវាទៀត? បើមើលតែពីសម្បកក្រៅ កល្យាណពិតជាគួរអោយទុកចិត្តបំផុត។ នាងដើរចេញទៅក្រៅដើម្បីរំសាយទុក្ខដែលចុកណែនក្នុងទ្រូងអោយវាចេញមកខាងក្រៅខ្លះ។ អ្នកក្នុងផ្ទះជួលនេះសឹងដឹងគ្រប់គ្នាថា សង្សារមួយគូរនេះរស់នៅជាមួយគ្នាជិត៣ខែមកហើយ។ ធារិទ្ធដើរចុះទៅក្រោមបាត់ទុកអោយកល្យាណនៅតែលតោលស្រងេះស្រងោចតែម្នាក់ឯង។ រំពេជនោះសំលេងទូរស័ព្ទរោទិ៍ឡើងដាស់កល្យាណីអោយភ្ញាក់ពីការគិតដ៏សែនវែងឆ្ងាយ។ នាងគិតឆ្ងាយមែន តែអ្វីដែល​នាង​នឹងធ្វើ​ វាឆ្ងាយ​ជាងការគិត​នោះទៅទៀត។ លេខ​ដែល​បង្ហាញ​លើអេក្រង់ជាលេខរបស់មិត្តសម្លាញ់ដែលរាប់អាន​គ្នារាប់ឆ្នាំ​មកហើយ គឺ​លីយ៉ា ដែល​​ជួល​ផ្ទះ​នៅ​ឆ្ងាយ​​ពីនាងតែ​មួយ​គីឡូ​ម៉ែត្រ។

    «អាឡូ!កល្យាណ គ្នាមានរឿងធំហើយ»

    «មានរឿងអីទៅ?»

    «គឺ…គឺ…​ចាំគ្នាទៅ​ប្រាប់នៅបន្ទប់ហែងផ្ទាល់ វាស្រួល​ជាងនិយាយតាម​ទូរស័ព្ទ ជិត​អស់​លុយហើយ បាយបាយ»


    រាត្រីនោះ ធារិទ្ធមិនបានទៅរកកល្យាណទេ ដោយ​កុហក​ថា​ម៉ាក់​មិនអោយចេញពីផ្ទះ តែតាម​ពិតទៅ​ផឹក​ស៊ីជាមួយ​សង្សារ​ម្នាក់ទៀតនៅអូបែកក្អមសោះ។ លីយ៉ាបានមកដល់ផ្ទះកល្យាណតាមការណាត់មែន។ នាងញញឹមមុននឹងដាក់ក្ដិតអង្គុយទៅលើកៅអីជ័រកញ្ចាស់ដែលរកកលនឹងបាក់ម្ដងៗ។

    «គ្នាដឹងហើយថាហ្អែងមានកូន»​ លីយ៉ាផ្ដើមកិច្ចសន្ទនាដោយប្រយោគមិនល្អទាល់តែសោះ។

    «គ្មានទេ ហ្អែងនិយាយបែបនេះបានយ៉ាងម៉េចទៅ?» កល្យាណ​ព្យាយាមបដិសេធទាំងដឹងថាគង់តែគេដឹងការពិត។​ 


    «ហេតុអីឯងបដិសេដ?ខ្ញុំជាអ្នកមានផ្ទៃពោះទេតើ» លីយ៉ាប្រាប់។ នាងបន្ត «ហើយឯងក៏មានផ្ទៃពោះដែរ» នាងនិយាយតែប៉ុណ្ណេះក៏ដើរចេញពីបន្ទប់ទុកឱ្យកល្យាណនៅលីលើតែម្នាក់ឯងព្រោះមិនយល់សាច់រឿង។

    ...

    ពោះនាងកាន់តែធំហើយ។ អ្នកណាក៏ដឹងដែរ គឺដឹងពេញមហាវិទ្យាល័យ។ ភាពអាម៉ាសនេះបានចងជើងកល្យាណជានិច្ចទោះជានាងទៅដល់ទីណាក៏ដោយ។ ការទំនាក់ទំនងទៅកាន់ធារិទ្ធក៏នាងធ្វើមិនបាន យ៉ាងណានាងព្យាយាមទូរស័ព្ទទៅកាន់នាយ តែវាក៏នៅតែជាការឥតប្រយោជន៍ ព្រោះស៊ីមដែលព្យាយាមខលនោះមិនដឹងទៅដល់ទីណាហើយទេ។

    ពោះធំប៉ុនកញ្ជើកល្យាណមិនហ៊ានទៅរៀនទេ ព្រោះខ្មាស។ រាត្រីមួយ នាងឮសំលេងគោះទ្វារបន្ទប់ធ្ងន់ៗ។ ដំបូងនាងភិតភ័យជាខ្លាំងពីសុវត្ថិភាពខ្លួន តែក្រោយមកការស្មានក្នុងផ្លូវវិជ្ជមានធ្វើឱ្យនាងអរព្រួចមួយរំពេជ។
    «បងធារិទ្ធមករកខ្ញុំទេដឹង» គិតហើយនាងស្ទុះទៅបើកទ្វារ តែធ្វើឱ្យនាងភ្ញាក់ផ្អើលស្ទើរលស់ព្រលឹង។
    វាគឺជាបុរសមុខរលួយម្នាក់ពាក់អាវធំ ឈរយ៉ាងនឹងថ្កល់គួរឱ្យខ្លាច។
    «ទេ ជួយផង»
    នាងស្ទុះបិទទ្វារវិញ បុរសពាក់ស្បែកមុខនោះព្យាយាមគោះទ្វារ តែទុកចិត្តចុះ គ្មានថ្ងៃនាងបើកទេ។ រហូតដល់សម្រឹបជើងនោះចេញទៅឆ្ងាយបាត់ទើបនាងធូរចិត្តដេកលក់។ 

    --- 

    «មីស៊ុងើបឡើង» មីងហ៊ុដាស់ក្មួយស្រីដែលគាត់តែងប្រើដូចកញ្ជះដាច់ថ្លៃ។

    «ងើបធ្វើអីអ៊ុំ?» នាងស៊ុកម្ជិលសួរទាំងងើបមមីងមមើង។ មីងហ៊ុតែងព្រួយបារម្ភពីសុវត្ថិភាព និងសុខទុក្ខនិស្សិតស្រីៗណាស់។ 

    «អញចេះតែឆ្ងល់ ប៉ុន្មានថ្ងៃនេះដូចមិនឃើញកល្យាណវាចុះម៉ោក្រោមសោះ។ មានពោះមានពង់ផងតិចលោកើតបាត់ទៅ ងាប់ហើយគ្នាក្បាលមួយតែឯងផង ម៉ែឪក៏កាត់កាលចោលអស់»

    «ចឹងអ៊ុំទៅមើលទៅ»

    មីងហ៊ុដើរឡើងជណ្ដើរដុះស្លែរតម្រង់ទៅជាន់ទី៣បន្ទប់លេខ៧៤។ ពេលគាត់បើកទ្វារធ្វើឱ្យគាត់ភ្ញាក់ផ្អើលជាខ្លាំងព្រោះ...

    មីងហ៊ុរត់ចេញមកក្រៅបន្ទប់វិញក្អួតជាង២០វ៉កព្រោះអ្វីដែលគាត់បានឃើញអំបាញ់ម៉ិញវាគឺសាកសពនិស្សិតស្រីដែលត្រូវគេវះពោះចេញពោះវៀនមកក្រៅអន្ថ្លាយឈាមជះលើពូកជោគហូរដល់ឥតការ៉ូឆ្អាបពេញបន្ទប់តូចមួយនេះ។ ទារកតូចកើតថ្មីម្នាក់ដេកបើកភ្នែកភ្លឹះៗក្បែរសាកសពម្ដាយដែលទទឹកជោគទៅដោយឈាមក្រហមច្រាល។ វានៅរស់នៅឡើយ។

    ពេលប៉ូលីសធ្វើកោសល្យវិច្ឆ័យហើយ ប៉ូលីសស្វិតម្នាក់ចេញមកប្រាប់មីងហ៊ុ៖

    «តាមការសន្ឋិដ្ឋានបណ្ដោះអាសន្ន ជនរងគ្រោះត្រូវឃាតកសម្លាប់ក្រោយពេលដែលកើតកូនបាន២ថ្ងៃ ព្រោះក្មេងនេះបានកើតចេញមកហើយនៅពេលដែលឃាតកនោះសម្លាប់ម្ដាយវា។» គាត់បញ្ឈប់ហើយងាកទៅមើលប៉ូលីសពីរនាក់កំពុងខ្ចប់សាកសព ទើបនិយាយបន្ត «ចុះចែមានកត់សម្គាល់អ្នកណាប្លែកមុខទេប៉ុន្មានថ្ងៃនេះ?»

    «ជាន់នេះមនុស្សស៊ីផឹកចេញចូលតែញយ ខ្ញុំម៉េចនឹងចាំទៅ?» មីងហ៊ុនិយាយព្រមទាំងចង្អុលទៅទារកទើបកើតនោះ ដែលមានប៉ូលីសម្នាក់ពរបីបមឱ្យបាត់យំ។ 
    «ខ្ញុំសង្ស័យថាតែឪក្មេងនេះមកសម្លាប់ម្ដាយវាបំបិតមាត់ទេមើលទៅ» មីងហ៊ុចោទចំៗទៅលើធារិទ្ធតែត្រូវប៉ូលីសនោះកាត់ «ចែមិនត្រូវចោទគេទទេៗបែបនេះទេ យ៉ាងណាក៏យើងត្រូវរកភ័ស្តុតាង ឬសាក្សីសិន» ប៉ូលីសនោះងាកមើលទៅបន្ទប់ជាប់នោះទើបបន្ត «ចែមានស្គាល់ឪពុកក្មេងនេះទេ?»

    «ចា ស្គាល់ច្បាស់ណាស់ ព្រោះ...»

    «ព្រោះខាងចង់ដឹងចង់ឮរឿងគេជាជំនាញបស់ចែហើយមែនទេ?»

    «ចាមែនហើយ...នែក...ផ្ទះវានៅច្រាំងចំរេះ នៅមុខផ្ទះដាក់យីហោរ ហេងងួនលក់សម្ភារៈសំណង់ លោកប៉ូលីសទៅចាប់វាមកច្បាស់ជាវានឹងហើយ!»

    «យើងគ្រាន់តែត្រូវការជួបគាត់ដើម្បីបំភ្លឺលើរឿងនេះប៉ុណ្ណោះ ហើយសូមចែមេត្តាទៅបំភ្លឺនៅប៉ុស្តិប៉ូលីសផង។» 

    ប៉ូលីសនោះទៅគោះបន្ទប់ជាប់នោះ។ នារីរកស៊ីផ្លូវភេទម្នាក់អើតក្បាលចេញមក។

    «នៅល្ងាចនោះ ពេលខ្ញុំកំពុងផាត់មុខត្រៀមនឹងទៅហាង ខ្ញុំស្រាប់តែឮសំលេងស្រែកថ្ងួចថ្ងូរតិចៗ ស្ដាប់ទៅដូចជាឈឺចាប់ណាស់ ខ្ញុំគិតថាកល្យាណវាឆ្លងទន្លេហើយ តែដោយប្រញ៉ាប់ទៅហាង ខ្ញុំក៏ទៅបាត់ទៅ តែនៅពាក់កណ្ដាលយប់ ខ្ញុំត្រលប់មកបន្ទប់វិញ ខ្ញុំឃើញបុរសពាក់ម៉ាស់មុខរលួយដូចខ្មោចរត់ចេញពីបន្ទប់របស់នាង ខ្ញុំមិនបានគិតច្រើនក៏ចូលដេកទៅ លោកប៉ូលីសចង់ចោទថាខ្ញុំជាអ្នកសម្លាប់ ក៏តាមចិត្ត។»

    «ខ្ញុំមិនបានចោទថានាងសម្លាប់ជនរងគ្រោះទេ អរគុណដែលជួយសហការបំភ្លឺ។»



    នៅប៉ុស្តិ៍ប៉ូលីស, ធារិទ្ធឆ្លើយយករួចតែខ្លួន ហើយបដិសេធរាល់ការចោទប្រកាន់គ្រប់យ៉ាង។ 

    តុលាការ៖

    «វិន្និច្ឆ័យសេចក្ដីសម្រេចឃុំខ្លួនលោក មាន ធារិទ្ធ អាយុ២២ឆ្នាំមុខរបរជាប្រធានផ្នែកក្រុមហ៊ុនថ្នាំពណ៌ញូខូល័រ ដាក់ពន្ធនាគារកំនត់៣៦ឆ្នាំពីបទធ្វើឃាតនិស្សិតស្រីកូនខ្ចីវ័យ១៩ឆ្នាំដោយចេតនា និងសុំអាហារកិច្ចចិញ្ចឹមកូនរហូតដល់អាយុ៨ឆ្នាំ។ កងកម្លាំង នាំជនល្មើសទៅបន្ទប់ឃុំឃាំង តុលាការប្រកាសបិទសវនាការ»។ ខណៈដែលកងការពារនាំទៅបន្ទប់ឃុំឃាំង ធារិទ្ធនៅតែប្រកែកនិងស្រែកថា អយុត្តិធម៌ណាស់ៗ។ នាយធ្លាប់ជាប់ក្ដីច្រើនដងមកហើយ តែសម្រាប់រឿងឃាតកម្មវិញ កុំថាឡើយមនុស្ស សូម្បីតែសត្វជីងចក់ក៏នាយធ្វើមិនបានផង។

    ទារកតូចយំប្រកាច់ប្រកិនក្នុងបន្ទប់ដែលរៀបចំយ៉ាងស្រស់ស្អាតនៃគេហដ្ឋានអភិជនម្នាក់ គឺលោកជំទាវផឹ។ លោកជំទាវគ្មានកូនទេ ប្ដីក៏ងាប់ចោលទៀត ទើបគាត់ឡើងទៅឃុំសុំកូននាងកល្យាណមកធ្វើជាកូនបង្កើតដោយស្របច្បាប់។ លោកជំទាវស្រលាញ់ទារកនោះដូចកូនបង្កើត គាត់ថ្នាក់ថ្នមបំបៅទឹកដោះគោតែទោះយ៉ាងណាក៏កូននោះនៅតែយំដដែល។ យប់មួយពេលលោកជំទាវអញ្ជើញទៅចូលរួមពិធីមង្គលការរបស់កូនលោកឯកឧត្តមម្នាក់ដោយទុកឱ្យនាងព្រុនៅមើលទារកតូច។ នាងមិនដឹងធ្វើយ៉ាងម៉េចឱ្យទារកនេះបាត់យំទេ។ កំហឹង និងការហត់បានជំរុញឱ្យនាងស្រែកជេរឡើង «ម៉ាង៉ៃៗឃើញតែយំៗ យំឱ្យងាប់ទៅ»។ ថាមិនទាន់ផុតពីមាត់ភ្លើងអគ្គិសនីបានដាច់ភ្លឹប។ នាងព្រុស្រវេស្រវាដើរទៅបន្ទប់ទទួលភ្ញៀវដើម្បីរកទៀនស្រាប់តែទារកនោះលែងយំ។ នាងអរព្រួចស្រវ៉ាប៉ះពិលទាញដើរតម្រង់ទៅបន្ទប់វិញស្រាប់តែស្ទើគាំងបេះដូងនូវអ្វីដែលបានឃើញ។ វាគឺស្ត្រីម្នាក់សក់វែងខ្មៅគ្រាប់ភ្នែកសស្លៀករ៉ូបសកំពុងបំពេរក្មេងក្នុងអង្រឹងឈើ។ នាងងាកខ្វាប់មករកអ្នកបម្រើម្នាក់នោះ...

    ពាក់កណ្ដាលយប់ លោកជំទាវបើករថយន្តត្រលប់មកផ្ទះវិញ។ គាត់ចុចកុងតាក់បើកភ្លើង ហើយចូលទៅមើលក្នុងបន្ទប់ទារកនោះ តែត្រូវស្រែកអស់ទំហឹងផ្អើលអ្នកជិតខាងរត់មកមើល ព្រោះនាងព្រុបានក្លាយជាសាកសពទៅហើយ។ លើដងខ្លួនមានស្នាមក្រញ៉ៅជាច្រើនពាសពេញសារពាង្គ ចំនែកទារកបានបាត់ទៅហើយ។

    ---

    យប់ងងឹតស្ងាត់ឈឹងគ្មានសំលេង។ អ្នកក្នុងផ្ទះល្វែងជួលដេកស្ងប់ស្ងាត់ឈឹងគ្រប់ៗគ្នា លែងតែនាងល្ងឿ្ហយទើបតែមកពីហាងខារ៉ាអូខេដែលធ្វើការរៀងរាល់នៅទីនោះ។ ថ្វីបើជាតិស្រាចូលទៅក្នុងក្រពះច្រើនលើសលុបទៅហើយ តែពាក្យថា “ស្រវឹង” មិនដែលកើតមានឡើយសម្រាប់ល្ងឿ្ហយ។ នាងដើរទាំងងងឹតទទួលពន្លឺតែនឹងពន្លឺព្រះច័ន្ទដែលជះមកលើអគារចាស់ៗនៃទីក្រុងភ្នំពេញ ,ទីក្រុងដ៏គួរឱ្យខ្លាច។ ខណៈដែលបោះជំហានកាត់បន្ទប់លេខ៧៤ ត្រចៀកចាប់ផ្ដើមទទួលឮសំលេងចំលែកអ្វីម្យ៉ាង។ វាជាសំលេងក្មេងយំ? ទៅរួចបានយ៉ាងម៉េចទៅ?បន្ទប់ខ្មោចនាងកល្យាណនេះ ក្រោយពេលដែលនាងងាប់ទៅគ្មានទាន់មានអ្នកណាផ្សេងមកនៅបន្ទប់នេះឯណា? 

    ទ្វាររបើកគ្រាំង ល្ងឿ្ហយភ្ញាក់ស្រែកវ៉ាសឡើង។ ក្នុងបន្ទប់ងងឹតនោះស្ត្រីសក់វែងម្នាក់កំពុងអង្គុយបំពេរកូន។ ល្ងឿ្ហយរត់ចុះទៅក្រោម តែពេលរត់លឿនពេកមិនប្រយ័ត្ននាងត្រូវធ្លាក់ពីកាំជណ្ដើររមៀលបែកក្បាលធ្លាយខួរចេញមកក្រៅទាំងដុល។ គ្រាប់ភ្នែកជ្រុះខ្ទាតទៅម្ខាង។ ជួនជាពេលនោះ ឆ្កែប៊ែកសេរបស់ម្ចាស់ផ្ទះបានដើរមកដល់ ជួបចំណីឆ្ងាញ់មាត់ហើយ វាត្របាក់ខួរស្រស់ខឹបៗដូចខ្លាចគេដណ្ដើម។ សំលេងស្រែកមួយវ៉ាសរបស់នាងល្ងឿ្ហយ និងសំលេងយំរបស់កូនង៉ែតធ្វើឱ្យយាយនីង្រ្ហ្ត្បួនភ្ញាក់។ គាត់ដើចេញមកក្រៅហើយទៅឡើតបន្ទប់លេខ៧៤។ ខ្មោចនិស្សិតកូនខ្ចីនោះងាកវ៉ាប់មករកយាយនីង្រ្ហ្ត្បួនបណ្ដាលឱ្យគាត់ភ័យស្រឡាំងកាំងរត់ទៅបុកបង្កាន់ដៃធ្លាក់ចុះទៅក្រោមធ្លាយពោះវៀនចេញមកក្រៅ។ ឆ្កែអាណាថារោមវែដណ្ដើមចំណី។

    មួយរាត្រីស្លាប់ហោចណាស់ក៏៥នាក់ រហូតផ្ទះល្វែងកញ្ចាស់នេះត្រូវគេដាក់រហ័សនាមថាល្វែងឈាម ព្រោះជនរងគ្រោះដែលស្លាប់សុទ្ធតែគ្រោះថ្នាក់។

    ១ឆ្នាំក្រោយ...

    លីយ៉ាចុចហ្វេសប៊ុករបស់នាងយ៉ាងរំភើយ រំពេជនោះកូននាងក៏ស្រែកយំឡើង។ នាងហៀបតែនឹងស្ទុះទៅត្រកងថ្នមបី ស្រាប់តែកូនតូចជិតមួយខួប លែងយំដេកលក់វិញជាធម្មតា។ សារមួយផ្ញើរមកកាន់ប្រូហ្វាល់របស់នាង។ វាជារូបកូនរបស់នាងត្រូវនរណាម្នាក់កាត់ដៃម្ខាងរបស់វា! តើវាយ៉ាងម៉េចហ្នឹង? ទេ មិនពិតទេ!!!!!!!!!!!!!!!

    ...នាងភ្ញាក់អស់ស្មារតីចោលទូរស័ព្ទទៅជ្រុងបន្ទប់។ ពេលនោះហើយដែលនាងនឹកទៅដល់សង្សាររបស់នាងដែលកំពុងដេកក្នុងគុក ,ធារិទ្ធ។ សង្សារនាងជាប្ដីនាង សង្សារនាងជាឪពុករបស់កូននាង សង្សារនាងជាមនុស្សដែលនាងស្រលាញ់ ហើយក៏ជាមនុស្សដែលនាងស្អប់បំផុត។ តែអ្នកដែលនាងកាន់តែស្អប់បំផុតនោះគឺកល្យាណ។ កល្យាណ...ធារិទ្ធ...ៗៗៗ...

    «លីយ៉ា ! អូនកុំព្រួយ បងនឹងរៀបការជាមួយអូន។ កូនជារបស់បងដែរ បងមិនបោះបង់អូនចោលទេ។»

    «លីយ៉ា ! គ្នាមានផ្ទៃពោះហើយ...គ្នាសុំទោសផង...គឺ...បងធារិទ្ធជាឪពុករបស់ក្មេងនេះ»។

    លីយ៉ានឹកឃើញកាលដែលនាងពាក់ស្បែកមុខរលួយ ពាក់អាវធំ កាន់កាំបិតកាប់សុះសាច់ទៅលើកល្យាណ។ ឈាមបាចទៅលើកូនខ្ចីទើបតែកើត។ នាងនឹកឃើញដល់សាកសពរយះរយេយរបស់កល្យាណ នាងនឹកឃើញដល់សំនើចសើចសប្បាយរបស់នាងពេលប្រុសព្រានចង្រៃចូលគុកជំនួសនាង។

    គ្រាំង!!!!

    សំលេងបោកបង្អួចលាន់ឡើងផ្ដាច់ការស្រម៉ៃនៅរឿងអតីតកាលដ៏ខ្មៅកខ្វក់។ នាងដើរទៅដាក់បង្អួចហើយរើសទូរស័ព្ទមកវិញ។ រូបភាពចង្រៃនោះបានបាត់ហើយ។ កូននាងដេកស្កប់ស្កល់យ៉ាងសុខស្រួលលើពូកកូនង៉ែតទន់ល្មើយ តែភ្លាមៗនោះស្រាប់តែវាងើបអង្គុយ ហើយស្រែកយំខ្លាំងៗ។

    «មានរឿងអីកូន?» 

    គ្រាំង!!! បង្អួចរបើកដាច់គន្លឹះដែក បណ្ដាលឱ្យខ្យល់បក់បោកចូលមកក្នុងបន្ទប់យ៉ាងខ្លាំង។ នៅក្បែរបង្អួចជាស្ត្រីម្នាក់ពាក់រ៉ូបសប្រឡាក់ឈាម សម្លឹងថ្លែរមកកាន់លីយ៉ាដោយគំនុំស៊ីសាច់ហុតឈាម។

    «ទេ ចេញទៅ ចេញទៅ!!!» លីយ៉ាដឹងច្បាស់ថាខ្មោចស្រីនោះគឺជាកល្យាណ។ តែលីយ៉ាស្រាប់តែមិនអាចកម្រើកបានសោះ គឺដូចជាជាប់ជីបចគាំង។ កូននាងយំកាន់តែខ្លាំងឡើងៗ។

    ត្រឹល.......

    សំលេងម៉ាស៊ីនកិនទឹកក្រឡុកបន្លឺឡើង។ ឈាមក្រហមច្រាលនៃដៃទារកតូចត្រូវកាត់ចូលក្នុងម៉ាស៊ីនទឹកក្រឡុក និងកិនដោយកម្លាំងយ៉ាងញាប់នៃម៉ាស៊ីនអេឡិចត្រូនិច។

    ត្រឹល....

    កូនង៉ែតតូចយំកាន់តែខ្លាំង តែអ្នកដែលឈឺចាប់ម៉ឺនសែនដងគឺលីយ៉ា។ 

    «ទេ កល្យាណកុំ...» ដៃម្ខាងរបស់កូនលីយ៉ាត្រូវដាច់ និងកិនឡើងម៉ត់ដូចទឹកក្រឡុក តែឈាមខាប់ឡើងក្រហមច្រាល។ ខ្មោចនិស្សិតនោះទាញកែវទឹកក្រឡុក ជះច្វាចទៅលើមុខលីយ៉ាដែលកំពុងតែគាំងង៉ក់ និងអង្វរ-កកុំឱ្យធ្វើបាបកូននាង។

    «ទេ គ្នាសុំអង្វរ កល្យាណសម្លាប់គ្នាម៉ោ តែសូមកុំធ្វើបាបកូនគ្នា ព្រោះ...កូនគ្នាក៏ជាកូនហ្អែងដែរ...»

    គ្រាន់តែនិយាយចប់ ខ្មោចស្រីនោះងាកសម្លក់មករកលីយ៉ាហើយរំពេជនោះ...

    នាងខ្មោចនោះងាកមកលីយ៉ាហើយស្រែកខ្លាំងៗ៖

    «នាងនិយាយស្អី!!!»

    «កូននោះជាកូនខ្ញុំ គឺ...»

    នាងខ្មោចសម្លក់មុខថ្លែហើយស្ទុះមកច្របាច់-កលីយ៉ា ក្នុងសភាពឆ្គួតឡប់បំផុត។ 

    «ជួយផង!!!»

    ប្រាច!!!

    លោកតាម្នាក់បាចអំបិលដាក់កល្យាណបណ្ដាលឱ្យរលាយរូបភ្លាមមួយរំពេជ។ តានោះក៏ដើរចេញបាត់ នាងស្ទុះទៅត្រកងបីបមកូនហើយរត់ទៅមន្ទីរពេទ្យ។ ទឹកភ្នែកលីយ៉ាហូររហាម នៅពេលនឹកឃើញរឿងអតីតកាល។ ចាប់ពីពេលនេះទៅកូននាងត្រូវពិការដៃម្ខាងមួយជីវិតហើយ គឺព្រោះតែ...ម្ដាយបង្កើតរបស់វាជាអ្នកធ្វើ។ នេះគេហៅថា កម្មៈប្រែថាអំពើមែន ឱមហាវាលស្លាក់ឯខ្ជាក់វាលស្លែង ស្ដោះលើកូនឯង ឧរ៉ាចំបែងស្ទើក្ស័យ ម្ដាយកាត់ដៃកូនប្រុងនឹងប្រល័យ នេះហើយស្នាដៃ...ចងកម្មពៀរគ្នា។ នាងនឹកឃើញកាលមុននោះគឺពេលនាងនិយាយនឹងតាម្នាក់ហើយទៅយកកូនកល្យាណពីផ្ទះជួលមកចិញ្ចឹម លោកតានោះបានសូត្រធម៌ឱ្យកល្យាណឆ្គួតឡប់វក់វី កុំឱ្យស្គាល់កូននាងទៀត ព្រោះលីយ៉ាចង់ឱ្យក្មេងនេះមានអនាគត មិនចង់ឱ្យនៅនឹងម្ដាយជាខ្មោចបែបនេះទេ។ មិននឹកស្មានថាខ្មោចកល្យាណមើលកូនមិនស្គាល់ គិតថាលីយ៉ាជាអ្នកសម្លាប់កូនវា បែរជាមកប្រុងសម្លាប់កូនខ្លួនឯងដើម្បីសងសឹកទៅវិញ។


    ---


    16ឆ្នាំក្រោយមក...

    ស្ត្រីម្នាក់ដើរនាំផ្លូវកូនប្រុសពិការដៃទៅផ្ទះល្វែងជួលមហាកញ្ចាស់មួយ។ ជនទាំងពីរបានមកឈប់នៅបន្ទប់លេខ៧៤ហើយបើកសោរទ្វារដែលបានកូនសោរពីម្ចាស់ផ្ទះ។ មុននឹងបានកូនសោរនេះលីយ៉ាបាននិយាយពន្យល់ហេតុផលច្រើនណាស់ទម្រាំនឹងគាត់ប្រគល់វាមក។ កណ្ដាលបន្ទប់នេះគឺឆ្នាំងដីដែលស្រោបទៅដោយក្រដាសយ័ន្តក្រហម។ ទម្រាំនឹងសង្កត់វិញ្ញាណកល្យាណបាន លីយ៉ាត្រូវជួលគ្រូអស់មិនតិចទេ។

    «នោះហើយម្ដាយបង្កើតកូនឯង,» លីយ៉ានិយាយ «គាត់នៅក្នុងនោះ»។

    «ម៉ាក់ ខ្ញុំមកលេងម៉ាក់ហើយ» កូនប្រុសនិយាយ «អរគុណដែលម៉ាក់ពពោះកូន ហើយម៉ាក់ជាអ្នកធ្វើឱ្យកូនបាត់បង់ដៃម្ខាងក៏កូនមិនខឹងដែរ» ឮបែបនេះលីយ៉ាទប់ទឹកភ្នែកសឹងមិនបាន ហើយដើរចេញទៅខាងក្រៅ។ រំពេជនោះ កូនប្រុសនោះឮសំលេងម្យ៉ាងតិចៗចេញពីក្នុងក្អមដី។

    «កូនសម្លាញ់....ជួយឱ្យម៉ាក់ចេញ...ពី...ទី...នេះផង...»

    កូនប្រុសឮតែប៉ុណ្ណេះដោយមិនគិតច្រើនក៏ចាប់លើកឆ្នាំងដីបោកប្រាវ ភ្លាមនោះក៏លេចចេញស្រមោលខ្មៅមួយស្រែកឡើង។

    «ហាសហាសហាហា...»។ សំនើចរបស់នាងជាសំនើចកំណាចបំផុត នាងហោះយ៉ាងលឿនទៅខាងមុខដោយគ្មានសញ្ញាណាថានឹងបញ្ឈប់ការសងសឹកឡើយ...៕

    ចប់

    ចុច Like Page : Horror Night - រាត្រី រន្ធត់ ដើម្បីទទួលបាននរឿងខ្លីជាច្រើនរៀងរាល់រាត្រី។


    រឿង កូនខ្មោច រឿង កូនខ្មោច Reviewed by Unknown on 7:39 AM Rating: 5
    Loading...
    Powered by Blogger.