>
  • ទំព័រដើម
  • រឿង ជនបន្លំខ្លួន

     
    ដោយ : ឃ្លីម អាលីសាន់

    ខ្ញុំបានបាត់ទូរស័ព្ទកាលពីខែមីនាឆ្នាំនេះ។

    ខ្ញុំក៏ជាមនុស្សសម្ភារៈនិយមខ្លះដែរ ហើយវាជាទូរស័ព្ទ Samsung Galaxy ស៊េរីថ្មីចុងក្រោយបំផុត ហើយខ្ញុំស្រឡាញ់វាណាស់។ ខ្ញុំបានដាក់ស្រោមជ័រការពារវា, កញ្ចក់ការពារ screen, ហើយគ្រប់យ៉ាងនៃការការពារទាំងអស់ដែលអាចធានាមិនបែកបាក់ឡើយ។ ខ្ញុំបានដាក់ក្រយ៉ៅដៃដោះសោរជា password។

    ពេលខ្ញុំបើកកាបូបខ្ញុំបន្ទាប់ពីត្រឡប់ពីមកញ៉ាំបាយថ្ងៃត្រង់នាថ្ងៃមួយ, វាបានបាត់ទៅហើយ។ ខ្ញុំបាន call ទៅហាងបាយនោះ, ខ្ញុំក៏បាន call ទៅធនាគារដែលខ្ញុំបានចូលបើកលុយ, ហើយខ្ញុំក៏បាន call ទៅទូរស័ព្ទខ្ញុំរាប់រយដងដែរ។ ពេលដែលខ្ញុំទ្រាំមិនបាននាមួយម៉ោងក្រោយមក, ខ្ញុំក៏ call ទៅក្រុមហ៊ុនទូរស័ព្ទ ហើយលេខបានបិទបាត់ទៅហើយ។

    គួរឱ្យចម្លែកណាស់, តែខ្ញុំធ្វើការនៅឱសថស្ថានមួយក្នុងតំបន់នេះ។ ខ្ញុំត្រូវបានគេអនុញ្ញាតឱ្យប្រើទូរស័ព្ទសម្រាប់ការងារ។ ខ្ញុំបានពឹងអ្នកជំនាញក្នុងការិយាល័យនេះឱ្យរកសញ្ញានៃទូរស័ព្ទខ្ញុំ តែទោះអ្នកជំនាញ IT ខ្លាំងយ៉ាងណាក៏មិនអាចដឹងថាវាទៅដល់ទីណាហើយទេ។ ពួកគេសន្មត់ថាវាបានធ្លាក់ចេញពីកាបូបខ្ញុំ ហើយក៏បែកបាក់ខូចនៅកន្លែងណាមួយតាមផ្លូវ។

    ពួកគេបានឱ្យទូរស័ព្ទថ្មីមួយទៀតនាថ្ងៃបន្ទាប់, ឈប់ឱ្យក្រុម IT ស្រាវជ្រាវរកវា ហើយក៏មិនភ្លេចដាក់សោរក្រយ៉ៅដៃដែរ។ ខ្ញុំចាក់សោរទូរស័ព្ទហើយក៏ប្រក្រតីធម្មតាដោយមិនគិតពីអ្វីដែលនឹងកើតឡើងទេ។

    ថ្ងៃចន្ទបន្ទាប់, ខ្ញុំងើបចេញពីគ្រែ, ឆុងកាហ្វេមួយកែវ, ហើយបើកទូរស័ព្ទមើល។ មានការជូនដំណឹង (notifications) លើទូរស័ព្ទដល់ទៅ៣៩។ បេះដូងខ្ញុំលោតញាប់តិចៗ ជាអាការៈធម្មតានៅពេលដែលយើងឃើញនូវអ្វីដែលនឹកមិនដល់។

    វាគឺការខកខានទទួល (missed calls) ដល់ទៅ១៣ដង ហើយមានសារ២៦ដែលផ្ញើមកពីលេខទូរស័ព្ទមួយដែលខ្ញុំមិនស្គាល់, ហើយអ្វីដែលកាន់តែអាក្រក់ជាងនេះគឺថាខ្ញុំ, ឬអ្វីដែលបង្ហាញថាជាខ្ញុំ, បានឆ្លើយឆ្លងសារទាំងនោះ។

     ខកខានទទួលពីលេខ 99xxxxxxx

    99xxxxxxx[3:41am]: អេ! នៅណានឹង?

    ខ្លួនឯង[3:42am]: កំពុងធ្វើដំណើរ

    ខកខានទទួលពីលេខ 99xxxxxxx

    99xxxxxxx[3:44am]: លឿនឡើងម៉ោ, ខ្ញុំជិតកកងាប់ទៅហើយ

    ខ្លួនឯង[3:45am]: អាកាសធាតុមិនសូវរងារឯណា, ឡប់មែន។

    99xxxxxxx[3:47am]: បើឯងនៅក្នុងឡានគឺវាកក់ក្ដៅស្រួលចឹងហើយ។ ឆាប់ម៉ោ មានឡានមួយចតក្បែរនេះ ហើយខ្ញុំដូចជាឃើញនរណាម្នាក់នៅក្នុងនោះ។


    ខ្លួនឯង[3:47am]: សង្ស័យជាខ្មោចឆៅទេដឹង? ឆាប់រត់ចេញពីទីនោះទៅ។

    99xxxxxxx[3:49am]: សាំណាស់ ម៉ោលឿនម៉ោ!

    ខ្លួនឯង[3:49am]: ឯងគួរតែរត់ភ្លាមទៅ

    99xxxxxxx[3:50am]: ស្អី? ឯងគ្មានកំប្លែងទេ

    ខកខានទទួលពីលេខ99xxxxxxx

    99xxxxxxx[3:51am]: ចង្រៃយក៍ មានមនុស្សនៅក្នុងឡាននោះមែនណា!!!

    99xxxxxxx[3:51am]: ឯងនៅឯណា, មេត្តាមកនេះឱ្យលឿនមក ខ្ញុំខ្លាចខ្លាំងណាស់

    ខកខានទទួលពីលេខ 99xxxxxxx

    ខកខានទទួលពីលេខ 99xxxxxxx

    990-xxx-xxxx[3:51am]: ឯងនៅឯណា? លើកទូរស័ព្ទភ្លាមទៅ!!!

    ខកខានទទួលពីលេខ 99xxxxxxx

    99xxxxxxx[3:53am]: ខ្ញុំឮសំឡេងនរណាម្នាក់កំពុងនិយាយ តែខ្ញុំមើលគេមិនឃើញទេព្រោះងងឹតពេក។ ខ្ញុំប្រុងដើរចេញទៅហើយ មេត្តាមកយកខ្ញុំមក ខ្ញុំមានអារម្មណ៍ថាគ្មានសុវត្ថិភាពសោះ។

    ខកខានទទួលពីលេខ 99xxxxxxx

    ខ្លួនឯង[3:55am]: ឯងគួរតែរត់ភ្លាមទៅ

    99xxxxxxx[3:55am]: ចង្រៃយក៍ឆ្គួតឡប់ថោកទាបមែន!!!

    ខ្លួនឯង[3:55am]: ឯងគួរតែរត់ភ្លាមទៅ

    ខ្លួនឯង[3:55am]: ឯងគួរតែរត់ភ្លាមទៅ

    ខ្លួនឯង[3:56am]: ឯងគួរតែរត់ភ្លាមទៅ

    ខ្លួនឯង[3:56am]: ឯងគួរតែរត់ភ្លាមទៅ

    ខ្លួនឯង[3:56am]: ឯងគួរតែរត់ភ្លាមទៅ

    ខ្លួនឯង[3:56am]: ឯងគួរតែរត់ភ្លាមទៅ

    ខកខានទទួលពីលេខ 99xxxxxxx

    ខកខានទទួលពីលេខ 99xxxxxxx

    ខកខានទទួលពីលេខ 99xxxxxxx

    99xxxxxxx[3:59am]: ចេញឆ្ងាយពីអញទៅ អញដឹងថាវាគឺជាឯង ខ្ញុំឃើញឯង

    ខ្លួនឯង[4:00am]: បន្តរត់ទៀតទៅកូនជ្រូក។ អ៊ូកៗៗ

    99xxxxxxx[4:01am]: អញ call ទៅប៉ូលីសហើយ មនុស្សថោក!!!

    ខកខានទទួលពីលេខ 99xxxxxxx

    ខកខានទទួលពីលេខ 99xxxxxxx

    99xxxxxxx[4:02am]: អញ call ទៅប៉ូលីសហើយ មនុស្សថោក!!!

    99xxxxxxx[4:03am]: អញដឹងថាហងឯងកំពុងពួនដោយខ្លាចមែនទេ!!! ថោកទាប!

    99xxxxxxx[4:03am]: ធ្វើខ្លាំងណាស់មីនាង ទាល់តែអញ call ទៅប៉ូលីស!

    99xxxxxxx[4:03am]: មីថោក!!!! អាលីសា!!! មីស្រីឡប់

    ខ្លួនឯង[4:06am]: ខ្ញុំ

    ខ្លួនឯង[4:06am]: ឃើញ
     
    ខ្លួនឯង[4:06am]: ឯង

    99xxxxxxx[4:07am]: ខ្ញុំសុំទោសៗ ឈប់ទៅៗ

    99xxxxxxx[4:07am]: ខ្ញុំនឹងទៅ ខ្ញុំនឹងមិនប្រាប់នរណាទេ ខ្ញុំនឹងមិន call ទៀតទេ

    99xxxxxxx[4:07am]: ខ្ញុំនៅតែឮឯងនៅទីនេះ!!! ចេញឆ្ងាយពីខ្ញុំទៅ!!!

    99xxxxxxx[4:09am]: ខ្ញុំសុំទោស

    99xxxxxxx[4:09am]: ខ្ញុំសុំទោស

    99xxxxxxx[4:09am]: ខ្ញុំសុំទោស

    ខកខានទទួលពីលេខ 990-xxx-xxxx

    99xxxxxxx[4:11am]: ខ្ញុំសុំទោស

    99xxxxxxx[4:12am]: ខ្ញុំសាាំទោឋ

    99xxxxxxx[4:12am]: ខ្ញាំសាំតោសន៍

    99xxxxxxx[4:12am]: ខ្ញុំ សាំទោសុ

    ខ្ញុំមានអារម្មណ៍ថាព្រឺព្រួចក្នុងខ្លួន។ ខ្ញុំចុចអូសមើលការ chat នោះរាប់រយដងទៀត។ វាមិនមែនជាខ្ញុំទេ។ ខ្ញុំមិនបានធ្វើវាទេ។ ខ្ញុំដេកដូចងាប់ប្រហែល៩ម៉ោងរាល់យប់។ ខ្ញុំងើបពីដេកនៅម៉ោង៦ព្រឹក ហើយខ្ញុំក៏បានចុចបិទម៉ោងរោទិ៍ពីរដងដែរ។

    ខ្ញុំបានស្លៀកពាក់ទៅធ្វើការ ហើយប្រញាប់ទៅការិយាល័ IT។ ខ្ញុំគោះទ្វារយ៉ាងញាប់រហូតដល់កាណែលបើកទ្វារ, មើលទៅមុខឡើងស្ពឹកដូចមនុស្សងាប់នៅម៉ោង 7:42ព្រឹកនេះ ដូចខ្ញុំដែរ។

    «ខ្ញុំត្រូវការឱ្យឯងជួយ។» ខ្ញុំនិយាយ។ ខ្ញុំប្រាកដជាមើលទៅភ័យតក់ស្លុតហើយ, ព្រោះគាត់ដើរចូលក្នុងហើយបក់ដៃឱ្យខ្ញុំចូលដែរ។

    ខាង ITមានការិយាល័យមួយសម្រាប់អ្នកជំនាញបច្ចេកវិទ្យាឆ្នាំទី៤, ហើយកាណែលគឺជាអ្នកជំនាញម្នាក់ផងដែរ។ ក្នុងបន្ទប់នេះមានសសៃធុងខ្សែភ្លើងប្រព័ន្ធរញេរញ៉ៃរាប់ពាន់លាន ហើយបណ្ដាញអេឡិចត្រូនិចកំពុងដំណើរការគ្រប់ពេល។

    «មានរឿងអីកើតឡើង?» គាត់សួរដោយក្រេបកាហ្វេបន្តិច, ដោយអង្គុយកៅអីមួយ។ ខ្ញុំបើកសោរទូរស័ព្ទខ្ញុំហើយបើកសារ រួចហុចឱ្យគាត់មើល។ កាណែលអានវារហូតអស់ ហើយក៏បើកចិញ្ចើមធំៗ។ «នេះជាអ្វី?»

    «ខ្ញុំមិនដឹងទេ។ ពេលហ្នឹងខ្ញុំដេកលក់តើ!»

    «គឺមែនហើយ, ឯងដេកដូចនិស្សិតឆ្នាំទី៣អញ្ចឹង។ ហោចណាស់៩ទៅ៦ម៉ោងក្នុងមួយថ្ងៃ…» កាណែលហាក់ដូចជាចង់បង្អាប់ខ្ញុំ, តែគាត់ឆ្ងល់ពីបញ្ហានេះ។ «…ហើយចុះតើនេះជាអ្វី?»

    ខ្ញុំញាក់ស្មា, ហើយញាក់ម្ដងទៀត, បន្ទាប់មកក៏អង្គុយលើកៅអីមួយទៀតនៅក្បែរតុធំរបស់គាត់។ «ខ្ញុំក៏មិនយល់ដែរ។ ខ្ញុំមិនដឹងថាត្រូវធ្វើអីខ្លះទេ។ តើឯងអាចឃើញ… ថាវានៅណា? ដោយរបៀបណាទេ?»

    កាណែលងក់ក្បាល, ដោយទូរស័ព្ទចូលកុំព្យូទ័រ។ «បាន, ទុកពេលពីរបីម៉ោងឱ្យខ្ញុំ។ ត្រូវការទូរស័ព្ទប្រើបណ្ដោះអាសន្នសិនទេ?»

    ខ្ញុំគ្រវីក្បាល ហើយដើរត្រឡប់ទៅទ្វារវិញ។ «ទេ។»

    «មែនឬ?» គាត់កំពុងសម្លឹងមកខ្ញុំ។ ដូចអ្វីដែលខ្ញុំបាននិយាយ, គឺខ្ញុំជាមនុស្សសម្ភារៈនិយម, ម៉្លោះហើយគឺតែងជាប់ជាមួយនូវទូរស័ព្ទ ឬកាសស្ដាប់ចម្រៀងគ្រប់ពេល។

    «អើ, មែនហើយ,» ខ្ញុំពោល, ទាំងកុហកចិត្តខ្លួនឯង។ ខ្ញុំបិទទ្វារក្រោយខ្នងខ្ញុំ។

    គឺថា, ខ្ញុំ និងកាណែលគឺជាមិត្តភក្ដិនឹងគ្នាជាយូរឆ្នាំមកហើយ។ ស្ទើរតែ១៣ឆ្នាំនៃអាយុ២៥ឆ្នាំរបស់ខ្ញុំ។ 


    ប្រហែលបីម៉ោងក្រោយមក, កាណែលហៅខ្ញុំឱ្យមកការិយាល័គាត់វិញ។ ខ្ញុំមកដល់លឿនជាងរាល់ដង, ហើយគាត់ក៏កំពុងឈរចាំខ្ញុំនៅមាត់ទ្វារហើយដែរ។

    «ចូលក្នុងទៅ។» គាត់ទាញកដៃខ្ញុំចូល ហើយបិទទ្វារវិញ។ គាត់ងាកមកមុខខ្ញុំហើយសួរ, «តើឯងបានធ្វើអ្វីខ្លះ?»

    ខ្ញុំបើកភ្នែកធំៗខ្លាំងស្ទើរតែជ្រុះចេញមកក្រៅទៅហើយ។ «អីគេ? អត់មានទេ!»

    កាណែលទាញក្រដាសកាសែតមួយសន្លឹកចេញមក។ «លេខទូរស័ព្ទដែលឯងផ្ញើរសារជាមួយនោះ? ម្ចាស់លេខនោះគឺជាស្រីក្រមុំម្នាក់ដែលត្រូវបានគេរកឃើញសាកសពនាងរយះបែកមុខ នៅដីស្ងាត់មួយក្បែរសាលា បុកកាន់ដៃ (Burgundy)។»

    ខ្ញុំមានអារម្មណ៍ដូចជាទន់ជង្គង់ស្ទើរដួល, ក៏អង្គុយលើកៅអីមួយ។ ដៃខ្ញុំដាក់លើភ្លៅ, ហើយខ្ញុំសម្លឹងមើលទៅកម្រាលជូតជើងភ្លឹកអស់មួយនាទី មុនពេលកាណែលស្រែក។

    «អាលីសា!!!!»

    ខ្ញុំមើលមុខគាត់, មាត់របស់ខ្ញុំបើកចំហរ។ «នាងបានសរសេរឈ្មោះខ្ញុំក្នុងសារមែនទេ? តើនាងអាចដឹងឈ្មោះខ្ញុំដោយរបៀបណា?»

    «អាលីសា, ខ្ញុំត្រូវតែ call ទៅប៉ូលីស។ ខ្ញុំត្រូវតែបង្ហាញពួកគាត់នូវអ្វីដែលខ្ញុំបានដឹង។ ព័ត៌មានបាននិយាយថា លើសាកសពនាងគ្មានអ្វីនោះទេ, កាបូបយួរ និងកាតអត្តសញ្ញាណរបស់នាងត្រូវគេលួចបាត់។ ខ្ញុំត្រូវតែប្រាប់ឱ្យពួកគាត់ដឹងពីអ្វីដែលនៅក្នុងទូរស័ព្ទរបស់ឯង។ ហើយយើងនឹងប្រាប់ពួកគាត់ថាពេលហ្នឹងឯងកំពុងតែដេក, បន្ទាប់មក...»

    «តើឯងអាចប្រាប់ឱ្យគេជឿថាខ្ញុំកំពុងតែដេកបានដោយរបៀបណា, កាណែល?!» ខ្ញុំស្រែក, ដោយយកដៃចាប់សក់ក្បាលរបស់ខ្ញុំ។ ហេតុអីបានជាសាររបស់ស្រីដែលបានស្លាប់នោះ មាននៅក្នុងទូរស័ព្ទខ្ញុំ?

    កាណែលក៏ស្ងាត់មាត់។ គាត់ទាញដកទូរស័ព្ទចេញមកវិញហើយហុចវាឱ្យខ្ញុំវិញ។ «ខ្ញុំនឹងទៅរកឯងយប់នេះ។ យើងនឹងរកមើលឱ្យឃើញពីបញ្ហានេះ, តែមិនមែនពេលធ្វើការនេះទេ។ គេនឹងដឹងថាខ្ញុំធ្វើអ្វីខ្លះនៅទីនេះ។»

    ខ្ញុំចាប់ទូរស័ព្ទណែនក្នុងដៃខ្លាចវាធ្លាក់ឬខូច។ ខ្ញុំមើលមុខកាណែលដោយបង្ហាញស្នាមញញឹមដ៏ខ្សោយបញ្ជាក់ពីការអរគុណ ហើយក៏ដើរចេញទៅខាងក្រៅបន្ទប់វិញ។ ខ្ញុំមានអារម្មណ៍ដូចជាគ្រប់គ្នាក្នុងការិយាល័យសម្លឹងមកខ្ញុំ, ដូចពួកគេដឹងអញ្ចឹង។ ពួកគេបានដឹងថាមានសារពីស្រីដែលបានស្លាប់នោះក្នុងទូរស័ព្ទរបស់ខ្ញុំ។

    ខ្ញុំព្យាយាមមិនគិតអ្វីទាំងអស់ពេញមួយថ្ងៃ។ តាមផ្លូវទៅផ្ទះ, ខ្ញុំឈប់ ហើយទិញស្រាមួយដប និងគ្រឿងក្លែម។



    កាណែលកំពុងរង់ចាំខ្ញុំនៅខាងក្រៅផ្ទះជួលរបស់ខ្ញុំ, ដោយកំពុងចុចកុំព្យូទ័រ laptop របស់គាត់។

    «តើឯងលេង WiFi របស់ខ្ញុំពីខាងក្រៅបែបនេះឬ?»

    «អើ,» គាត់តប។

    ខ្ញុំចាក់បើកសោរទ្វារហើយគាត់ក៏ដើរចូលបន្ទប់ ពីក្រោយខ្នងខ្ញុំ, រួចបិទទ្វារវិញ ហើយចាក់សោរផង។ គាត់ចូលទៅអង្គុយនៅតុក្នុងផ្ទះបាយរបស់ខ្ញុំភ្លាមៗ ហើយខ្ញុំក៏ចាក់ស្រាមួយកែវសម្រាប់គាត់។ យើងទាំងពីរក៏ផឹកស៊ីយ៉ាងសោះកក្រោះ។

    «ខ្ញុំសុំទោស,» កាណែលនិយាយ បន្ទាប់ពីមើលមកខ្ញុំដែលកំពុងបើកគម្របដបស្រា។ «ខ្ញុំបានគិតពីរឿងថ្ងៃនេះ... នៅកន្លែងធ្វើការ។ ឯងបែបមិនយកទូរស័ព្ទទៅឱ្យខ្ញុំមើលនោះទេបើឯងពិតជាបានធ្វើអ្វីខុសមែន។ ឯងប្រាកដជាមិនយកភស្តុតាងទៅឱ្យខ្ញុំនោះទេ។ ខ្ញុំមិនគួរណាសង្ស័យឯងសោះ… ខ្ញុំសុំទោស។»

    ខ្ញុំបើកគម្របដបស្រាហើយក្រេបរសជាតិពីបបូរមាត់របស់ខ្ញុំ។

    «ខ្ញុំយល់,» ខ្ញុំនិយាយ។ ខ្ញុំបានចំណាយពេលថ្ងៃនៅកន្លែងធ្វើការដើម្បីអានគ្រប់អត្ថបទសារព័ត៌មានទាំងអស់ដែលចុះផ្សាយអំពីសាកសពនោះ។ គ្មាននរណាត្រូវបានគេរាយការណ៍ថាបាត់ខ្លួនទេ, គ្មាននរណាដឹង ឬឃើញអំពីគ្រប់យ៉ាងនៅកន្លែងកើតហេតុនៃព្រៃនោះឡើយ។ ប៉ូលីសនិយាយថា សាកសពនាងដេកស្លាប់នៅលើដីក្នុងព្រៃ។ ពួកគាត់បានដើរតាមស្នាមឈាមនៅកន្លែងកើតហេតុនោះយ៉ាងវែងឆ្ងាយរហូតដល់លែងមានឈាមទៀត, តែវាតទៅចូលក្នុងព្រៃយ៉ាងជ្រៅ។ គ្មានសញ្ញាដំបៅណាថាជាការរំលោភហិង្សាអ្វីឡើយ, តែដំបៅទាំងអស់គឺមានមុនពេលដែលនាងស្លាប់។ នាងបានដើរចូលព្រៃដោយមុខ និងបំពង់កធ្លុះធ្លាយបែក។ ឈាមទាំងអស់លើខ្លួននាងគឺជាឈាមរបស់នាងផ្ទាល់, ដៃទាំងពីររបស់នាងជោគទៅដោយឈាម ដោយសារនាងព្យាយាមទប់ស្បែកកុំឱ្យហូរឈាម។ ខ្ញុំងោកខ្លួនឯងឱ្យផ្ដាច់ពីការគិតទៅដល់រឿងនេះ ហើយលេបស្រាមួយក្អឹកទៀត។

    «តើឯងគិតថាមាននរណាបានរៀបគម្រោងធ្វើដាក់ឯងបែបនេះទេ?» កាណែលសួរបន្ទាប់ពីលើកកែវគាត់ឱ្យខ្ញុំចាក់ស្រាបំពេញ។

    «ខ្ញុំគ្មានសត្រូវឯណាទេ។ គ្មានអ្នកធ្លាប់ឈ្លោះ, គ្មានអតីតមិត្តភក្ដិឡើយ។»

    «ឯងគឺជាមនុស្សដែលនិយាយអីត្រង់ៗ,» កាណែលនិយាយខណៈដែលគាត់ផ្អែកខ្នងទៅនឹងកៅអី។ 

    «ហើយជាធម្មតាជាមនុស្សចិត្តល្អទៀតផង,» ខ្ញុំត, ដោយភ្នែកសម្លឹងទៅទូរស័ព្ទរបស់ខ្ញុំដែលនៅកណ្ដាលតុ។

    «អញ្ចឹង, រឿងនេះវាកើតឡើងក្រោយពេលដែលយើងឱ្យទូរស័ព្ទមួយទៀតនោះទៅឯង?»

    ខ្ញុំងក់ក្បាល។ «លេខដដែល, ក្រុមការងាររបស់ខ្ញុំគឺសុទ្ធតែបាន save ឈ្មោះទុកលើ cloud អស់ហើយ ខ្ញុំបានទាញយកលេខទាំងអស់មកវិញ ទើបវាដូចជាទូរស័ព្ទដដែលអញ្ចឹង។»

    «ហើយឯងបានរកឃើញទូរស័ព្ទដែលបាត់នោះហើយឬនៅ?» កាណែលទាញសៀវភៅកត់ត្រាមួយចេញពីកាតាបរបស់គាត់ហើយចាប់ផ្ដើមកត់ត្រាទុក។ ខ្ញុំគ្រវីក្បាល។

    «ទេ, ខ្ញុំបានរកគ្រប់កន្លែងអស់ហើយ។ ខ្ញុំក៏បានរកមើលគ្រប់កន្លែងដែលខ្ញុំធ្លាប់ដើរទៅ តែរកមិនឃើញទាល់តែសោះ… ហើយយើងក៏ call វាមិនចូលទៀត, ដូច្នេះវាមិនបើកនោះទេ។»

    ខ្ញុំឈប់និយាយបន្តិច ហើយសម្លឹងមើលទៅគាត់កំពុងកត់ត្រាក្នុងសៀវភៅរបស់គាត់។ «ចុះបើនរណាម្នាក់អាចទាញយកទិន្នន័យចេញអស់ពីទូរស័ព្ទនោះដោយមិនបាច់បើកវា?»

    កាណែលគ្រវីក្បាលរបស់គាត់។ «វាត្រូវតែបើក, ហោចណាស់ក៏មួយភ្លែតដែរ។ នៅក្នុង cloud វាផ្សេងគ្នា, វាគឺជាកន្លែងផ្ទុកទិន្នន័យ off-site របស់ឯង។ រាល់ទិន្នន័យ និងឯកសារនៃកន្លែងធ្វើការរបស់ឯងមិនអាចលុបចេញពីទូរស័ព្ទបាននោះទេ ទាល់តែទៅស្ថានីយឡៃសិនមួយទើបធ្វើបែបនោះបាន។ គេមិនអាចទាញយកអ្វីសំខាន់បានឡើយ។»

    «ចុះបើគេមិនចង់បានអ្វីសំខាន់? ចុះបើគេគ្រាន់តែ… ត្រូវការលេខថ្មី?»

    កាណែលងើបមុខមើលខ្ញុំ។

    «ឯងដឹងទេ… លេខថ្មីមួយដើម្បីគំរាមជីវិតនរណាម្នាក់?» ខ្ញុំនិយាយ។

    បំពង់កខ្ញុំស្ងួតចែស, តែកាណែលមើលមុខខ្ញុំដោយយកចិត្តទុកដាក់។ «ខ្ញុំនឹកមិនដល់សោះ,» គាត់និយាយ។ គាត់ទាញកុំព្យូទ័រយួរដៃរបស់គាត់ចេញមក។ គាត់ចាប់ផ្ដើមចុចមើលនេះមើលនោះ, ដោយគ្មានអ្វីដែលត្រូវធ្វើតទៀត, ខ្ញុំក៏ទៅធ្វើអាហារពេលល្ងាចសម្រាប់យើងទាំងពីរ។

    យើងបរិភោគ ហើយនិងផឹកស៊ីរួចក៏ជជែកគ្នាពីនេះពីនោះរហូតដល់យប់ជ្រៅ។ ខ្ញុំបានដេកលក់ដោយសំឡេងក្លឹកក្លក់នៃការចុចកុំព្យូទ័ររបស់កាណែល។ ពេលខ្ញុំភ្ញាក់ឡើងនៅព្រឹកបន្ទាប់, ខាងក្រៅនៅងងឹតនៅឡើយ។ ក្បាលខ្ញុំឈឺស្ពឹក ហើយពោះខ្ញុំក៏កំពុងកូ។ កាណែលដេកផ្កាប់មុខនឹងតុក្នុងផ្ទះបាយ, ដោយដាក់កង្ហារដោតខ្សែរបស់គាត់។

    ខ្ញុំយកទូរស័ព្ទពីលើតុ ហើយដើរចូលក្នុងបន្ទប់ទឹក។ ខ្ញុំបត់ជើងធំរួចហើយគិតថាការឈឺក្បាលនេះនឹងធូរស្បើយក្រោយពីងូតទឹក។ ខ្ញុំយកថ្នាំបំបាត់ការឈឺក្បាលមកលេបពីរបីគ្រាប់, ហើយចាក់ទឹកក្ដៅអ៊ុនៗដែលលាយក្នុងអាងទឹក រួចចូលត្រាំ។

    ដូចធម្មតា, ខ្ញុំចាប់ផ្ដើមចុចចូល internet លើទូរស័ព្ទរបស់ខ្ញុំ។ តែខណៈដែលខ្ញុំអូសចុះក្រោមលេងៗ, ការជូនដំណឹង (notification) ក៏ផុសឡើង។ វាគឺជាការឆ្លើយតប comment ក្នុង Facebook ដែលខ្ញុំតែងលេង។ មានអ្វីម្យ៉ាងដូចជាប្លែក និងគួរឱ្យឆ្ងល់ណាស់។ ខ្ញុំមិនបានសរសេរ comment នោះទេ។ ខ្ញុំងើបអង្គុយក្នុងអាងទឹកនោះ ហើយចាប់ផ្ដើមឆែកបណ្ដាញសង្គមផ្សេងទៀត។ Facebook, Instagram, Twitter… សុទ្ធតែមានសកម្មភាពដែលខ្ញុំមិនបានធ្វើ។

    ថ្វីបើខ្ញុំច្រើនភ្លេចភ្លាំងច្រើន, តែខ្ញុំចាំថាខ្ញុំពិតជាមិនបានធ្វើមែន។ ខ្ញុំមិនដែលបាត់បង់ការចងចាំនោះទេ។...

    (អានបន្តភាគ២ចប់) 

    រឿង ជនបន្លំខ្លួន រឿង ជនបន្លំខ្លួន Reviewed by HeNa on 6:42 PM Rating: 5
    Loading...
    Powered by Blogger.