>
  • ទំព័រដើម
  • អ្នកក្រ


    ស្ត្រីសម្អាតអនាម័យក្នុងសាលារៀនឈររញីរញ័រដោយភិតភ័យ។ មុននេះគាត់បានជិះកង់ប្រុងទៅផ្ទះដូចរាល់ដងតែចង្រៃស៊យអីទៅប៉ះនឹងឡានគេ ធ្វើឱ្យរថយន្ត Land Cruise ទំនើបស៊េរី២០១៦របស់ប្ដីប្រពន្ធវ័យក្មេងមួយគូខូចខាតកញ្ចក់បន្តិចបន្តួច។

    «ឥឡូវសងថ្លៃខូចខាតម៉ោចប់គ្នា។» បុរសម្ចាស់រថយន្តតម្លៃខ្ទង់ម៉ឺននិយាយបែបនេះច្រើនដង។ អ្នកនៅក្បែរនេះនរណាក៏ដឹងដែរថាវាជាកំហុសអចេតនា តែប្ដីប្រពន្ធអ្នកមាននេះមិនយល់គាត់សោះ គិតតែជំរិតទារលុយគាត់ជាច្រើនសារ ដោយគំរាមដោយប្រការផ្សេងៗ។

    «បើ$១៥០ មិនហ៊ានបង់ទេ ទៅដោះស្រាយគ្នានៅប៉ុស្តិ៍ប៉ូលីសតិចថាធ្ងន់ជាងនេះ។ ច្បាប់គ្មានយល់មានក្រទេវ៉ឺយ។» ស្ត្រីជាភរិយានិយាយទៅស្ត្រីសម្អាតអនាម័យដោយបង្ខំគាត់ឱ្យប្រគល់លុយតាមការទារ។ ស្ត្រីសម្អាតអនាម័យគ្មានលុយឯណាច្រើនដល់ម្លឹងទេ ប្រាក់ខែគាត់២ខែក៏ប្រហែលមិនគ្រប់តម្លៃប៉ុណ្ណេះផង។

    «ខ្ញុំសុំទោស ខ្ញុំអត់មានលុយមែន!» គាត់សំពះព្រមទាំងលុតជង្គង់ដល់ដី។

    «សុំទោសនឹងអាចធ្វើឱ្យឡានខ្ញុំទៅជាដូចដើមវិញមែនទេ?» ស្ត្រីម្ចាស់ឡានស្រែកខ្លាំងៗ ព្រមទាំងទាត់គាត់មួយជើងតិចៗ។ មនុស្សម្នារដែលឈរមើលហេតុការណ៍នេះជជែកគ្នារចេចរចូចបង្កជាសំលេងឡើងទ្រហឹងពេញផ្លូវ។ ស្ត្រីសម្អាតអនាម័យចាប់ផ្ដើមស្រក់ទឹកភ្នែកកាត់ផែនថ្ពាល់ដោយភាពឈឺចាប់។

    «អូនឯងកុំរញ៉េរញ៉ៃជាមួយគាត់ច្រើន» បុរសម្ចាស់ឡានហាមប្រពន្ធកុំឱ្យទាត់គាត់។ «អាឡូវបើមិនសងទេ ទៅប៉ុស្តិប៉ូលីស ស្រួលមិនស្រួលអាចដេកគុកផង។»

    ស្ត្រីសម្អាតអនាម័យនៅតែលុតជង្គង់សំពះអង្វរព្រោះគាត់ពិតជាគ្មានលុយពិតមែន។

    «ម៉ោះកុំអាញ៉េអាញ៉ៃច្រើន! $50 ម៉ោ! នេះទុកថាខ្ញុំយោគយល់ហើយ។» ស្ត្រីម្ចាស់ឡានងាកទៅប្រាប់ប្ដីឱ្យស្រុះស្រួលទទួលលុយប៉ុណ្ណេះ ព្រោះមិនចង់មានរឿងវែងឆ្ងាយ។ តាមពិតប្ដីប្រពន្ធទាំងពីរនេះដឹងហើយថាឡានអាចជួសជុលវិញបានដោយអស់ត្រឹមតែ$30 ទៅ$40 តែដោយសារចង់បានលុយពីអ្នកក្រទើបប្រឹងបន្លាចគាត់បែបនេះ។ អ្នកដែលឈរមើលទាំងប៉ុន្មានអានិតស្ត្រីសម្អាតអនាម័យនោះពេកក៏នាំគ្នារៃលុយម្នាក់៤ពាន់ ឬច្រើនជាងនេះតាមលទ្ធភាព ហើយហុចឱ្យម្ចាស់រថយន្ត។ ប្ដីប្រពន្ធទាំងពីរបានលុយហើយក៏ជិះចេញទៅបាត់ ស្ត្រីអ្នកសម្អាតអនាម័យលើកកង់របស់គាត់ហើយអរគុណអ្នករៃលុយគ្នាទាំងប៉ុន្មានដោយអំណរជាទីបំផុត។

    រួមគ្នាសាងអំពើល្អ!!!!!!!! ពាក្យនេះប្ដីប្រពន្ធអ្នកមានទាំងពីរតែងឮរៀងរាល់ថ្ងៃតែមិនដែលប្រព្រឹត្តសោះ។

    កន្លងទៅពីរខែ...

    ប្ដីប្រពន្ធទាំងពីរជិះដើរលេងជាមួយរថយន្តថ្លៃរបស់ខ្លួនតាមមាត់ទឹក។ រំពេជនោះ មានស្ត្រីម្នាក់ជិះកង់មកចំពីមុខ បុរសជាប្ដីបើករេចង្កូតមកខាង គេចពីស្ត្រីជិះកង់ ធ្វើឱ្យរថយន្តធ្លាក់ចូលទឹកស្ទឹងក្បែរផ្លូវនោះលិចដល់បាតស្ទឹង។ បុរសជាប្ដីបានរើចេញពីរថយន្តតាមកញ្ចក់ ហើយឡើងមកលើគោក តែ, ប្រពន្ធគាត់នៅជាប់ក្នុងឡាននោះនៅឡើយ។ បុរសនោះមិនចេះហែលទឹកទៅសង្គ្រោះភរិយាពីក្នុងរថយន្តលិចទឹកទេ បានត្រឹមតែស្រែកយំនៅលើគោក។ គាត់ក៏ដឹងដេរថាភរិយាគាត់មិនចេះហែលទឹក។ ស្រាប់តែស្ត្រីជិះកង់ម្នាក់នោះលោតចូលក្នុងស្ទឹងប្រូង ពន្លិចខ្លួនគាត់ទៅរថយន្តលិចទឹកហើយចាប់ទាញភរិយាបុរសនោះតាមកញ្ចក់ឡាន រួចហែលឡើងមកច្រាំងដោយសុវត្ថិភាព។ ប្រពន្ធបុរសនោះរួចពីស្លាប់ ពួកគេសប្បាយចិត្តយ៉ាងខ្លាំងហើយលុតជង្គង់អរគុណស្ត្រីដែលលោតទៅជួយនោះ។ អ្វីដែលគេភ្ញាក់ផ្អើលបំផុតនោះគឺ ស្ត្រីដែលបានជួយជីវិតគេពីរថយន្តលិចទឹកនោះ គឺជាស្ត្រីដែលលុតជង្គង់សុំអង្វរគេកាលពីពីរខែមុន។...គាត់គឺស្រ្តីសម្អាតអនាម័យដែលជិះកង់ប៉ះឡានពួកគេ....

    រួមគ្នាធ្វើអំពើល្អ!!!

    អ្នកក្រ អ្នកក្រ Reviewed by Unknown on 10:23 PM Rating: 5
    Loading...
    Powered by Blogger.