រឿង ជនបន្លំខ្លួន (២ចប់)


ខ្ញុំបង្ហូរទឹកក្នុងអាងចោល, ចាប់ទាញកន្សែងជូតខ្លួនមករុំខ្លួន ហើយរត់ទៅរកកាណែល។ ខ្ញុំដាស់គាត់ឱ្យភ្ញាក់ ហើយបង្ហាញគាត់នូវអ្វីដែលខ្ញុំបានរកឃើញ។ គាត់សម្លឹងមើលទៅទូរស័ព្ទមិនព្រិចភ្នែកមួយសន្ទុះ មុននឹង… ញញឹម។ «គឺនាងនោះហើយ។»
ខ្ញុំដាក់ខ្លួនអង្គុយលើកៅអីក្បែរគាត់, ដោយរងារ និងខ្សោយ។
«អីគេ? ឯងមានន័យថាម៉េច?» ខ្ញុំសួរ។
«ខ្ញុំបានរកឃើញនាងយប់ម៉ិញ,» គាត់និយាយ។ «នាងបាន hack ចូលបណ្ដាញសង្គមទាំងអស់របស់ឯង។ នាងបានបន្លំចូលបណ្ដាញសង្គមលំហាត់ internet របស់យើងទៀតផង។ ខ្ញុំមិនដែលឃើញបែបនេះទេពីមុនមក។ នាងគឺ... កំពុងបន្លំខ្លួនធ្វើជាឯង។ នេះជាចោរបន្លំអត្តសញ្ញាណដ៏ចម្លែកបំផុតដែលខ្ញុំធ្លាប់ឃើញ។ នាងបានបន្លំក្នុង Facebook របស់ឯងទៀតផង។»
«តើគេធ្វើបែបនេះដើម្បីស្អីទៅ? បើនាងចង់ធ្វើអញ្ចឹង, នាងអាចមានខ្លួនឯងតើ។ វាគឺជា internet។» ខ្ញុំនិយាយ។
កាណែលញាក់ស្មារ ហើយបានចុចបង្ហាញរូបថតស្រីម្នាក់ក្នុងបន្ទប់ងងឹត។ វាគឺជាបន្ទប់តូចមួយ ដែលមានស្នាមរវីមរវៀមលើជញ្ជាំង។ សក់របស់នាងមានពណ៌ខ្មៅ ហើយជុំវិញភ្នែកនាងមានជាំខ្មៅ។ «ខ្ញុំបានរុករកចូលទៅកុំព្យូទ័រដែលនាងបានផ្ទេរព័ត៌មានផ្ទាល់ខ្លួនរបស់ឯងចូល ហើយនេះជារូបថតល្អបំផុតដែលខ្ញុំរកបាន។»
ខ្ញុំរន្ធត់ចិត្តណាស់ពេលនេះ, ភ្នែកសម្លឹងមើលទៅមុខនោះ។ «មានគំនិតអីពីមូលហេតុដែលនាងធ្វើបែបនេះទេ?»
កាណែលគ្រវីក្បាល។ «ទេ… តែខ្ញុំជឿថាខ្ញុំនឹងអាចរកឃើញ។»
ខ្ញុំបានសម្រេចទៅឆុងកាហ្វេ។ ខ្ញុំមើលទៅគាត់ពីតុកិនគ្រាប់កាហ្វេ, ក្បាលងីងើដូចឆ្កែឆ្ងល់។ «ដោយរបៀបណា?»
«ចុះបើខ្ញុំ chat ទៅលេងនាង? ធ្វើដូចជាខ្ញុំគិតថាវាជាឯង។ ប្រហែលខ្ញុំមានវិធីបន្លាចនាងបាន។»
ការសន្ទនារបស់យើងបានបង្អាក់ដោយសំឡេងកិនកាហ្វេបន្លឺឡើងពេញផ្ទះ។ ខណៈដែលខ្ញុំសម្លឹងទៅគ្រាប់កាហ្វេដែលបែកជាកម្ទេចតូចៗម៉ត់, ខ្ញុំស្រាប់តែនឹកឃើញដល់មុខនាងនោះ ហើយបើសិនជាអាចខ្ញុំចង់ញាត់វាចូលម៉ាស៊ីនកិនកាហ្វេ។ ខ្ញុំនឹកឃើញស្រីដែលបានស្លាប់ និងសារទាំងឡាយ ហើយឆ្ងល់ថាតើនាងចោរបន្លំធ្វើខ្ញុំនោះវានឹងទទួលខុសត្រូវដែរ ឬទេ។
ហើយបន្ទាប់មកខ្ញុំនឹកឃើញថាហេតុអីខ្ញុំល្ងង់ម៉្លេះដែលគិតថាវាមិនមែនជានាង។ ខ្ញុំងាកទៅរកកាណែលក្រោយពេលដែលគ្រាប់កាហ្វេត្រូវកិនបែកអស់។ «និយាយជាមួយនាងទៅ, តែត្រូវធ្វើស្លូតដាក់នាង។» ខ្ញុំនិយាយ។ ខ្ញុំកើបកម្ទេចកាហ្វេដាក់ក្រឡរ។ «តើឯងអាចបង្កើត account ថ្មីហើយប្រាប់នាងថាឯងជាអ្នកគ្រប់គ្រងកម្មវិធីបណ្ដាញសង្គម ដែលត្រូវជាមិត្តនឹងនាង។ យើងនឹងរកវិធីយ៉ាងណាដើម្បីបន្លាចនាង។»
កាណែលធ្វើមុខឆ្ងល់។ «ហើយឯងចង់ធ្វើយ៉ាងម៉េច?»
«បន្លាចនាងឱ្យនាងព្រមចុះចាញ់ នូវអ្វីដែលនាងបាន និងកំពុងធ្វើ។»
កាណែលសម្លឹងមកខ្ញុំមួយសន្ទុះ។ «ឯងគិតថាសារទាំងនោះជារបស់នាងដែរឬ?»
«ដោយសារនាងទាក់ទងទូរស័ព្ទទៅនរណាម្នាក់ដែលមានឈ្មោះក្នុងស៊ីមកាតបន្ទាប់ពីនាងមានព័ត៌មានផ្ទាល់ខ្លួនរបស់ខ្ញុំ,» ខ្ញុំនិយាយទាំងញាក់ស្មារ។ «មានអីត្រូវសង្ស័យទៀត?»
កាណែលបើកកុំព្យូទ័រ laptop របស់គាត់វិញ។ «ល្អ… តោះឆែកមើលបណ្ដាញ Twitter ម្ដងមើល។»
ខ្ញុំដើរមកតុជាមួយនឹងកាហ្វេស្រស់ពីរពែង និងចានទឹកដោះគោ និងស្ករស។ «នេះគឺពិតជាចម្លែកខ្លាំងណាស់ក្នុង Twitter នេះ។ Account របស់យើងលេងរូបពិតឈ្មោះពិត ហើយនាងមិនអញ្ចឹងនោះទេ។»
កាណែលដកដង្ហើមធំខណៈដែលគាតរោយស្ករសចូលពែងកាហ្វេ។ «ទៅយក laptop របស់ឯងមក។ ថ្ងៃនេះយើងនឹងចំណាយពេលយូរបន្តិចហើយ។»
យើងតាមដាននាងក្នុងបណ្ដាញ internet អស់រយៈពេលបីថ្ងៃ។ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យកន្លងទៅដោយគ្មានតម្រុយអ្វីទាំងអស់, តែយើងត្រូវបន្តការងារនេះនៅថ្ងៃច័ន្ទតទៀត។ កាណែលបានទាក់ទងនាង ហើយកាន់តែជិតស្និទ្ធ។ ខ្ញុំស្រាវជ្រាវគ្រប់គេហទំព័រតាមអីុនធើណែត ហើយឃើញឈ្មោះនាងលើបណ្ដាញសង្គមមួយចំនួន។
កាណែលក៏ធុញនឹងការធ្វើចិត្តអត់ធ្មត់, តែនាងនោះគឺភ្លើៗដែរ។ យើងបានលេងសើចជាមួយនាងដែរ។ នាងពេលខ្លះគឺពូកែសម្ដែងធ្វើជាខ្ញុំ, ពេលខ្លះមិនពូកែសោះ។
ទីបំផុតខ្ញុំក៏នឿយហត់នឹងវា។ កាណែលបានរកឃើញតម្រុយទីតាំងដែលនាងបង្ហោះ គឺនៅទីក្រុងតូចមួយមិនឆ្ងាយពីយើងឡើយ។ យើងក៏នឹងឈប់ទាក់ទងនាងដែរ។ នៅម៉ោង៥ល្ងាចនៃថ្ងៃច័ន្ទ, បន្ទាប់ពីការតាមដាន online ស្ទើ៧២ម៉ោង, កាណែល និងខ្ញុំក៏ផ្ញើសារចុងក្រោយទៅនាង។
វាគឺស្ទើតែនឹងពេញ២៤ម៉ោងបន្ទាប់ពីយើងផ្ញើសារចុងក្រោយទៅនាង។
យើងបង្កើត account ថ្មីម្នាក់មួយៗហើយតាមដានការបង្ហោះរបស់នាង។
បន្ទាប់ពីធ្វើការ២ម៉ោងបែបនេះ, យើងបានទៅញ៉ាំអាហារពេលថ្ងៃត្រង់យ៉ាងយូរហើយត្រឡប់មកកន្លែងខ្ញុំវិញ។ កាណែលមានរូបថតនាង ហើយទោះជាអត់មានម្លប់ក៏ភ្នែកនាងនោះមានជាំខ្មៅដែរ។
«គួរឱ្យខ្លាច,» ខ្ញុំនិយាយដោយ refresh page ដើម្បីមើល comments ថ្មីៗទៀត។ នាងបាន reply comments ទាំងឡាយយ៉ាងសុភាព។ ខ្ញុំអូសមើលឃើញ comment ជាច្រើនដែលមាន comment មួយយ៉ាងឈ្លើយធ្វើឱ្យខ្ញុំទ្រាំមិនបានក៏យក account ខ្ញុំតបថា, «ឈប់ទៅៗ!!»
នាងនោះក៏ឈប់តប comment ទាំងឡាយ។ នាងឈប់តបកាណែលលើបណ្ដាញសង្គមទាំងឡាយ ហើយពេលគាត់ព្យាយាម call ទៅនាងតាម Skype, នាងក៏មិនទទួល។
យើងត្រូវត្រឡប់ទៅធ្វើការវិញ។
តែយប់នោះ, មានសារថ្មីបានបង្ហាញឡើង។
ខ្លួនឯង [09:09pm]: ឯងនៅឯណា?
99xxxxxxx [09:11pm]: បណ្ណាល័យ។
ខ្លួនឯង [09:11pm]: ចង់ទៅដើរលេងទេ?
99xxxxxxx [09:15pm]: អត់ទេ, កំពុងរៀន។
ខ្លួនឯង [09:16pm]: ទៅដើរលេងជាមួយខ្ញុំ។
99xxxxxxx[09:22pm]: ឯងក៏គួរតែរៀនដែរ!!!
ខ្លួនឯង [09:22pm]: ល្អ, ខ្ញុំនឹងទៅបណ្ណាល័យ។
99xxxxxxx[09:34pm]: អេ! តើឯងនៅតែកំពុងម៉ោមែនទេ? ភ្លើងដាច់ហើយក្នុងអគារនេះ, ខ្ញុំគិតថាគ្រប់គ្នាបានចាកចេញអស់ហើយ, ខ្ញុំមិនឮសំឡេងនរណាសោះ។ តើឯងអាចឡើងមកជាន់ទី៦ហើយដើរចុះទៅក្រោមវិញជាមួយខ្ញុំទេ? ខ្ញុំខ្លាចណាស់។
ខ្លួនឯង [09:34pm]: ខ្ញុំនៅទីនេះ។
99xxxxxxx[9:34pm]: នៅឯណា???
ខ្លួនឯង [9:34pm]: នៅទីនេះ (:
ខ្ញុំមិនចាំឱ្យអ្វីៗបន្តទៅកាន់តែវែងឆ្ងាយនោះទេ។ ខ្ញុំមិនចង់ឃើញមនុស្សស្លាប់ដូចមិត្តខ្ញុំម្នាក់ទៀតទេ។ ខ្ញុំតេទៅកាណែលហើយប្រាប់គាត់នូវអ្វីដែលកំពុងកើតឡើង។ គាត់បានមកដល់ផ្ទះខ្ញុំនៅ១០នាទីក្រោយជាមួយនឹងសារថ្មី៤ចូលមកទៀត។ គាត់យកទូរសព្ទខ្ញុំភ្ជាប់នឹងថេបលែតតូចរបស់គាត់ដើម្បីបើកមើលតំណរភ្ជាប់ឆ្គួតឡប់ខណៈទូរស័ព្ទខ្ញុំនៅបន្តមានសារចូលមក។ ខ្ញុំនៅស្ងៀមហើយរង់ចាំ, ដោយអានសារលើកញ្ចក់ទូរស័ព្ទ។
99xxxxxxx[9:45pm]: ខ្ញុំកំពុងតែដើរចុះទៅជាន់ក្រោម។
ខ្លួនឯង [9:45pm]: មែនហ្អ?
ទ្វារដែលត្រូវចេញពីជណ្ដើរតាមជាន់ទី៣គឺគាំង, ខ្ញុំជាប់នៅចន្លោះជាន់ទី៤ និងទី៣។ សូមមកជួយបើកទ្វារ។
ខ្លួនឯង [9:48pm]: កំពុងទៅហើយ :)
ហើយបន្ទាប់មក
99xxxxxxx[9:49pm]: ចង្រៃយក ខ្ញុំគិតថាខ្ញុំបានឮនរណាម្នាក់ស្រែក។ តើគិតថាមនុស្សម្នាក់នោះដួលពីកាំជណ្ដើរទេ? នៅក្បែរនឹងទេ?
ខ្លួនឯង [9:49pm]: តម្រង់ទៅរកឯងហើយ! :)
«ចង្រៃយក!» កាណែលងើបឈរឡើងហើយចាប់សោរឡានរបស់គាត់។ «ពួកគេកំពុងនៅមហាវិទ្យាល័យបច្ចេកវិទ្យា។»
យើងបើកឡានយ៉ាងលឿនសម្ដៅទៅមហាវិទ្យាល័យនោះ, តម្រង់ទៅអគារបណ្ណាល័យ។ មានរថយន្តពីរបីគ្រឿងចតនៅចំណត, និងសិស្សបួនប្រាំនាក់នៅទីឆ្ងាយមួយកំពុងជក់បារី។
ខ្ញុំចុចប៊ូតុងសង្គ្រោះបន្ទាន់នៅក្បែរនោះហើយយើងរត់សម្ដៅទៅបណ្ណាល័យ។ កាណែលទូរសព្ទទៅប៉ូលីសខណៈដែលខ្ញុំបើកទ្វារចូលទៅក្នុងភាពងងឹត។ ខ្ញុំបើកពិលទូរសព្ទហើយឃើញថាគ្មាននរណានៅទីនេះទេ, តែមានកន្ត្រៃមួយ។
«មកនេះ!» កាណែលស្រែកតិចៗពីទីម្ខាង។ ខ្ញុំតាមគាត់តាមរយៈពិលរបស់គាត់ទៅកាំជណ្ដើរ ហើយខ្ញុំឃើញថាជណ្ដើរមានជាច្រើនកាំ។
ខ្ញុំទាញយកសៀវភៅបីបួនក្បាលពីលើតុសងសៀវភៅដែលមាននៅក្បែរនោះ ហើយដើរចូលជណ្ដើរយន្តប្រអប់ជាមួយកាណែល, រួចយកសៀវភៅដាក់ចន្លោះទ្វារជណ្ដើរយន្តដើម្បីកុំឱ្យវាបិទ។
99xxxxxxx[9:49pm]: តើឯងកំពុងនៅទីណា? ខ្ញុំនៅតែឮសំឡេងនរណាម្នាក់កំពុងស្រែក។ ខ្ញុំខ្លាចណាស់។
ហើយខ្ញុំក៏ឮសំឡេងស្រែកនោះដែរ។
ខ្ញុំផ្ញើសារតបនាងវិញ។
ខ្ញុំ[09:49pm]: ឯងត្រូវតែចេញពីទីនោះ។ មាននរណាម្នាក់កំពុងនៅក្នុងបណ្ណាល័យនោះ។ វាមិនមែនជាមិត្តភក្ដិរបស់ឯងទេ។ ម្នាក់នោះកំពុងតែចង់សម្លាប់ឯង។
99xxxxxxx[9:50pm]: មែនឬ?
Me[9:51pm]: ពិតហើយ។ ខ្ញុំគឺអាលីស្សាហើយខ្ញុំកំពុងព្យាយាមនាំឯងចេញពីទីនេះ។ តើឯងយល់ទេ?
99xxxxxxx[9:52pm]: ទេ, ទ្វារបិទជិតហើយ ហើយទ្វារមុខមួយទៀតដូចជាបិទស្កុត ឬវ៉ៃដែកគោលជាប់ហើយ។ ហើយខ្ញុំក៏ស្គាល់ឈ្មោះឯងហើយដែរ អាលីស្សា។
ខ្ញុំ[09:52pm]: នៅឱ្យស្ងៀមហើយកុំតបសារបន្តទៀត។
ជណ្ដើរយន្តមកដល់ជាន់ទី២ហើយ, កាណែលយកសៀវភៅពីរបីក្បាលដាក់កល់នឹងក្រោមមាត់ទ្វារដើម្បីកុំឱ្យទ្វារបិទ។ ហើយគាត់ក៏រត់ចេញទៅក្រៅជណ្ដើរយន្ត។
«អាលីស្សា!» គាត់ស្រែកហៅខ្ញុំ ហើយខ្ញុំរត់ទៅរកគាត់។
ស្ត្រីចំណាស់ម្នាក់, អាយុប្រហែល45ទៅ50ឆ្នាំ, ទំនងជាអ្នកគ្រប់គ្រងបណ្ណាល័យ ត្រូវបានគេព្យួរជាប់នឹងទ្វារបន្ទប់មួយ។ ពូថៅមួយនៅជាប់មុតលើក្បាលគាត់ ហើយពូថៅមួយទៀតជាប់នឹងទ្វារដែលមិនអចបើកបាន។
«សួស្ដី?» ខ្ញុំស្រែក។
«សួស្ដី?» សំឡេងមួយស្រែកតបមកវិញ។ «សូមនាំខ្ញុំចេញទៅក្រៅផង។ ខ្ញុំមិនសូវឮសំឡេងអ្នកទេ។ តើអ្នកឮខ្ញុំទេ?»
ខ្ញុំឆ្លេឆ្លានៅមុខសាកសពនោះមុនពេលស្រែកតបទៅវិញ, «ខ្ញុំស្ដាប់ឮសំឡេងឯង។ ខ្ញុំនឹងជួយឯងចេញពីទីនេះ។»
«សូមអង្វរ!» សំឡេងនោះស្រែក។
កាណែលក៏ភ័យញ័រដែរ ហើយយើងព្យាយាមដកពូថៅចេញ ហើយលើកសពស្ត្រីនោះចេញ។ សពគាត់នៅក្ដៅអ៊ុន, នៅហូរឈាម, តែគាត់ពិតជាបានស្លាប់ហើយ។ ខ្ញុំព្យាយាមធ្វើចិត្តរឹងមាំខណៈដែលទឹកភ្នែកខ្ញុំហូរចុះមកធ្លាក់លើសក់ស្ត្រីចំណាស់នោះ។
យើងមិនអាចរកវិធីដកពូថៅចេញពីក្បាលគាត់បានទេ។ កាណែលមើលមកខ្ញុំ ហើយខ្ញុំមើលមុខគាត់វិញបញ្ជាក់ថាជាការយល់ស្របដ៏ស្ងប់ស្ងាត់មួយ។
ខ្ញុំឮសំឡេងម្យ៉ាងនៅម្ខាងទៀតនៃទ្វារ។ ខ្ញុំដាក់ត្រចៀកក្បែរទ្វារហើយស្រែក។ «ឯងមិនអីទេឬ?»
«ចាស!» សំឡេងនោះស្រែកតបមកវិះ។ «មិត្តភក្ដិខ្ញុំកំពុងព្យាយាមគាស់ទ្វារមួយទៀតសម្រាប់ខ្ញុំ!»
ខ្ញុំមើលទៅទូរសព្ទរបស់ខ្ញុំ-
ខ្លួនឯង[09:53pm]: ឯងនៅឯណាឥឡូវនេះ?
ខ្លួនឯង[09:54pm]: ឯងនៅឯណាឥឡូវនេះ?
ខ្លួនឯង[09:55pm]: ឯងនៅឯណាឥឡូវនេះ?
ខ្លួនឯង[09:56pm]: ឯងនៅឯណាឥឡូវនេះ?
ខ្លួនឯង[09:57pm]: ឯងនៅឯណាឥឡូវនេះ?
ខ្លួនឯង[09:58pm]: ឯងនៅឯណាឥឡូវនេះ?
ខ្លួនឯង[09:59pm]: ឯងនៅឯណាឥឡូវនេះ?
ខ្លួនឯង[10:00pm]: ឯងនៅឯណាឥឡូវនេះ?
99xxxxxxx[10:00pm]: ចង្រៃយក ឯងប្រាប់ខ្ញុំថាកុំឱ្យតបសារទៀត។ ខ្ញុំនៅតែជាប់នឹងជណ្ដើរ, អាលីស្សា។ ឯងនៅឯណា?
ខ្លួនឯង [10:00pm]: កំពុងទៅហើយ :)
កាណែលបានទាញសពនោះចេញរួចពេលឃើញខ្ញុំទាញទូរសព្ទចេញមក។ ខ្ញុំទាញដកកន្ត្រៃចោល ហើយចាប់ស្មាម្ខាងទៀតរបស់ស្ត្រីនោះ។
សាច់ជ្រុះធ្លាក់ចេញមកយ៉ាងគួរឱ្យខ្ពើម។
ខ្ញុំទប់អារម្មណ៍រកកលចង់ក្អួត ហើយងាកចេញខណៈកាណែលអូសសពស្ត្រីនោះចេញ។ ពូថៅនៅជាប់បិទនឹងទ្វារ, កាណែលធាក់ទ្វារមួយទំហឹងបណ្ដាលឱ្យទ្វាររបើកទាំងបាក់បែក។
ខ្ញុំចូលទៅមាត់ទ្វារហើយស្រែកខ្លាំងៗ, «នោះមិនមែនជាអាលីស្សាទេ, ខ្ញុំគឺជាអាលីស្សា។ នរណាម្នាក់កំពុងព្យាយាមធ្វើបាបឯង។»
ស្រាប់តែមានសំឡេងតិចៗឆ្លើយតបមក, «ខ្ញុំដឹង។»
យើងចូលទៅក្នុងបន្ទប់នោះ, កាណែលកាន់កន្ត្រៃមួយ និងពិលទូរសព្ទគាត់នៅដៃម្ខាងទៀត។
«ចេញម៉ោ មនុស្សថោក។ យើងបានទូរសព្ទទៅប៉ូលីសហើយ។ យើងមានតម្រុយ និងភស្តុតាងនូវអ្វីដែលឯងបាន និងកំពុងធ្វើ!»
ស្រីវ័យក្មេងម្នាក់រត់មកឱបខ្ញុំយ៉ាងរញីរញ័រដូចជាភ័យខ្លាំងជាទីបំផុត។ ខ្ញុំយកដៃជោគសក់នាង ហើយដៃខ្ញុំក៏ប្រឡាក់ទៅដោយឈាម និងធូលីខ្មៅ។
«នេះជាស្អី?» ខ្ញុំខ្សឹបដាក់នាង។ «តើឯងឈឺដែរទេ?»
«វាជោគជាំទៅដោយឈាម។ វាចាប់ខ្ញុំនៅមុនពេលដែលឯងបើកទ្វារ, ហើយវាក៏លែងខ្ញុំវិញ,» នាងខ្សឹបដាក់ទ្រូងខ្ញុំ, ម្រាមដៃនាងឱបខ្នងខ្ញុំជាប់។
កាណែលមើលមកនាង។ «តើនាងមិនអីទេឬ?»
ខ្ញុំងក់ក្បាលដាក់គាត់។ «ប្រហែលមិនអីទេ។»
កាណែលបែរទៅម្ខាងភ្លាមៗ, សំឡេងខ្លាំងមួយបន្លឺពីក្រោយខ្នងគាត់។ កន្ត្រៃធ្លាក់ទៅលើឥដ្ឋការ៉ូ ហើយពិលទូរសព្ទគាត់ធ្លាក់បែក។ នៅក្នុងទីងងឹត, ខ្ញុំឃើញមុខម្ខាងរបស់នរណាម្នាក់។ ថ្ពាល់នាងផតជ្រៅជាងក្នុងរូបថត ហើយសក់នាងសំពោងធំក្រាស់។ ដៃទាំងគូរបស់នាងខ្មៅក្រឹប, កំពុងកាន់បំពង់ពន្លត់អគ្គីភ័យ។ នាងបានវ៉ៃក្បាលកាណែលឱ្យគាត់ដួលសន្លប់។
ស្រីដែលកំពុងឱបខ្ញុំនេះស្រែកហើយខ្ញុំរុញនាងឱ្យទៅកាំជណ្ដើរ។ «ទៅ! ទៅ! ទៅរកជំនួយទៅ!»
នាងរញីរញ័រមួយសន្ទុះមុននឹងបោះជំហានទៅបាត់។ ខ្ញុំឮសំឡេងនាងបើក និងបិទទ្វារ ហើយខ្ញុំដឹងថាសៀវភៅនៅតែនៅកន្លែងដដែល។
ពេលខ្ញុំងាកមកវិញ, គ្រប់យ៉ាងងងឹត។ នាងលោតមកសង្គ្រប់ខ្ញុំ ហើយគ្រប់យ៉ាងដែលខ្ញុំឃើញគឺធូលីខ្មៅជាប់ពេញសក់ និងភ្នែកនាង។
ខ្ញុំដកដង្ហើមញាប់ៗ ហើយមានអារម្មណ៍ថប់។ ក្លឹននាងដូចជាសាកសពរលួយ។ ខ្ញុំព្យាយាមបើកមាត់ស្រែក ហើយនាងក៏ចាប់មុខខ្ញុំ។ នាងយកម្រាមដៃចុចភ្នែកដែលបិទជិតរបស់ខ្ញុំ ហើយចាប់ផ្ដើមញី។
«គឺដូចជាឯង,» នាងខ្សឹប, ដោយញីធូលីដីខ្មៅមកលើត្របកភ្នែកខ្ញុំ និងថ្ពាល់ខ្ញុំ។ ខ្ញុំនៅនឹងថ្កល់។ រាងកាយនាងគឺក្ដៅ, ដូចមនុស្សគ្រុនក្ដៅ, ហើយនាងផ្អឹបខ្លួនមកជាប់នឹងខ្ញុំ, រុញខ្ញុំឱ្យទៅផ្អឹបនឹងជញ្ជាំង។ កម្ពស់នាងគឺប៉ុនកម្ពស់ខ្ញុំបេះបិទ។
«អាលីស្សា…» នាងខ្សឹបរបៀបច្រៀង។ «យើងគឺអាលីស្សា។»
ភ្នែកខ្ញុំតឹង និងក្ដៅដូចភ្លើង, តែជើងខ្ញុំ, ដែលកំពុងពកយាយាមទប់ខ្លួន, ប៉ះនឹងកន្ត្រៃដែលនៅលើឥដ្ឋ។ ខ្ញុំព្យាយាមយកវាមកកាន់តែជិតដោយប្រើមេជើងខណៈដែលនាងញី និងខ្សឹបដាក់មុខខ្ញុំ។ ទឹកភ្នែកខ្ញុំហូរកាត់ថ្ពាល់ចុះទៅក្រោម។ «យើងគឺអាលីស្សា,» នាងខ្សឹបម្ដងទៀត, តែលើកនេះខ្លាំងជាងមុន។ ទីបំផុតខ្ញុំបើកភ្នែកម្ខាងធំៗតាមដែលខ្ញុំអាចធ្វើបាន ហើយសម្លឹងមើលទៅនាង។
នាងគឺជាមនុស្សដ៏គួរឱ្យភ្ញាក់ផ្អើលម្នាក់។ គគ្រិច, ស្គមស្វិត, សាហាវឃោរឃៅ, តែជាមនុស្ស។ នាងមានកាំបិតស្រួចប្រឡាក់ឈាមក្នុងហោប៉ៅមុខខោខោវប៊យនាង។ ទម្ងន់នាងសង្កត់ផ្អឹបមកខ្ញុំ ហើយបន្ធូរបន្តិច ហើយខ្ញុំធ្វើជាសន្លប់។ ខ្ញុំបិទភ្នែកវិញ ហើយស្រូបខ្យល់ដង្ហើមធំមួយ រួចធ្វើជាឥតស្មារតី។
មិននឹកស្មានសោះថានាងពិតជាលែងខ្ញុំ។ ខ្ញុំដួលដេកក្បែរកន្ត្រៃ។ ខ្ញុំឈោងយកកន្ត្រៃហើយស្ដាប់សំឡេងនាងដកដង្ហើម ហើយខ្សឹបអ្វីក៏មិនដឹង។
«យើងគឺអាលីស្សា, ទាំងពីរនាក់។ អាលីស្សាមានពីរ។ អាលីស្សាមានមួយ។ មានអាលីស្សាតែមួយគត់។ ហើយអាចជាអាលីស្សាតែមួយគត់។ ខ្ញុំប្រាកដជាអាលីស្សា។ ខ្ញុំគឺអាលីស្សា។»
សំឡេងនាងឮខ្លាំងឡើងៗ ខណៈនាងមកកាន់តែជិត។ ខ្ញុំឮសំឡេងកាំបិតក្រឹកៗប៉ះនឹងឡេវខោខោវប៊យរបស់នាង។
ខ្ញុំឮនាងដកដង្ហើមជិតខ្ញុំ។
ហើយខ្ញុំក៏បែរខ្លួនមក, ខ្ញុំស្រែកខណៈដែលខ្ញុំគ្រវាសកន្ត្រៃមួយទំហឹង។ វាធ្វើឱ្យសាច់ជើងនាងរយះមុតត្រង់ជង្គង់ ហើយនាងក៏ដួល។ ខ្ញុំខិតទៅក្បែរនាង ខណៈដែលនាងដេកដួល។
ខ្ញុំយកកន្ត្រៃចាក់ត្រង់ពោះរបស់នាង ហើយខិតទៅក្បែរនាង, សម្លក់នាងដោយកែវភ្នែកកំហឹងរបស់ខ្ញុំ។ «ខ្ញុំគឺអាលីស្សា។» ខ្ញុំស្ដោះទឹកមាត់ដាក់មុខនាងខណៈដែលខ្ញុំនិយាយ ហើយនាងព្រិចភ្នែកស្រៀវស្មានថាខ្ញុំវាយនាង។ «គឺខ្ញុំ។ គឺមានតែខ្ញុំម្នាក់គត់។ តើនាងឯងជានរណា?»
ខ្ញុំស្រែកពេលខ្ញុំរួចរាល់។ នាងនេះញ័រទទ្រើកខណៈដែលខ្ញុំយកកន្ត្រៃចាក់ទម្លុះអាវគគ្រិចរបស់នាង។
តាមកាំជណ្ដើរក៏ស្រាប់តែមានពន្លឺ។ ពន្លឺស ហើយចាំងខ្លាំងដែលខ្ញុំត្រូវងាកចេញ, ហើយសម្លឹងមកនាងវិញ។
ហើយរំពេជនោះនាងមិនសូវភិតភ័យពេកឡើយ។ ពិតណាស់, ខ្ញុំមើលនាងស្គាល់ហើយ។ ខ្ញុំសម្លក់ចំមុខនាងជាមួយអារម្មណ៍ច្របូកច្របល់ខណៈដែលខួរក្បាលខ្ញុំព្យាយាមរកនឹកថាតើខ្ញុំធ្លាប់ជួបនាងនៅកន្លែងណាពីមុនមក។
«យើងគឺជាប៉ូលីស! សូមទម្លាក់អាវុធចុះភ្លាម!»
ខ្ញុំងាកទៅប្រភពសំឡេងហើយក៏ដកកន្ត្រៃពីទ្រូងនាងវិញ។ នរណាម្នាក់មកក្បែរខ្ញុំហើយលើកខ្ញុំចេញពីនាងនោះ, រួចនាំខ្ញុំដើេរចុះតាមកាំជណ្ដើរ។
ប៉ូលីសសហការជាមួយខ្ញុំដើម្បីបើកទ្វារដែលខ្ទាស់សៀវភៅនោះ, ហើយខ្ញុំឮសំឡេងខ្សឹបតិចៗ និងញ័រៗ។ «តើខ្ញុំជានរណា? តើខ្ញុំជានរណា? ខ្ញុំ?ជា? នរណា?»
នាងឈ្មោះ អេត រ៉ូលីន។ យើងធ្លាប់រៀនសាលាជាមួយគ្នា។ ខ្ញុំចាំបានថានាងជាសិស្សស្ងៀមស្ងាត់ តែចរិតល្អ។ ពេលយើងរៀនបន្តនៅសកលវិទ្យាល័យ, យើងទាំងពីរជ្រើសយកសាលាបច្ចេកវិទ្យា។ យើងជាក្រុមសិក្សាជាមួយគ្នា។ យើងមិនដែលស្និទ្ធស្នាលនឹងគ្នាទេ, តែរាក់ទាក់ដាក់គ្នា។
ប៉ូលីសបានរកឃើញភស្តុតាហថានាងរស់នៅក្នុងលូក្បែរអគារសកលវិទ្យាល័យ ហើយរកឃើញ “សំបុក” មួយនៅក្រោមអគារវិទ្យាសាស្ត្រ។ នាងបានតាមដានខ្ញុំអស់ជិតមួយឆ្នាំ។ នាងមានព័ត៌មានផ្ទាល់ខ្លួនរបស់ខ្ញុំ, មិត្តខ្ញុំ, ភាសាដែលខ្ញុំនិយាយ, នំ និងភេស្ជជៈដែលខ្ញុំចូលចិត្តញ៉ាំ។
នាងគឺជាមនុស្សឡប់, តែនាងក៏ឡប់បែបឆ្លាត។ គេរកឃើញកំណត់ហេតុជាច្រើនសរសេរអំពីខ្ញុំ និងជីវិតខ្ញុំជាមួយនឹងការតាក់តែងបន្ថែមដ៏គួរឱ្យខ្លាច។ នាងពិតជាចង់ធ្វើជាខ្ញុំមែន, ហើយនាងសម្លាប់នរណាដែលស្គាល់យើងទាំងពីរក្នុងពេលតែមួយ។
ស្រីដែលខ្ញុំជួបនៅជណ្ដើរនោះក៏ជាមិត្តរួមថ្នាក់ខ្ញុំដែរ។ យើងយំហើយឱបគ្នាក្នុងរថយន្តសង្គ្រោះបន្ទាប់ ខណៈដែលគេពិនិត្យមើលយើងថាតើមានរបួសឬទេ ហើយសម្អាតធូលីចេញពីភ្នែកយើង។ កាណែលមានរបួសស្រាលត្រង់ក្បាលដោយសារតែធុងពន្លត់អគ្គីភ័យ, តែគាត់អន់ចិត្តដែលសន្លប់មិនអាចជួយយើង។
ចុះស្រីដែលស្លាប់ក្នុងព្រៃនោះ? ពេលគេពិនិត្យឌីអិនអេ និងការធ្វើកោសល្យវិច្ឆ័យ, ខ្ញុំចំណាំនាងបានថានាងជាគ្រូផ្ទាល់ខ្លួនម្នាក់របស់ខ្ញុំ។ ខ្ញុំរៀនមិនចេះទេមុខវិជ្ជាប្រវត្តិ ហើយនាងជាសិស្សពូកែ។ នាងជាមនុស្សល្អ, ហើយនាងក៏ឆ្លៀតពេលបង្រៀនខ្ញុំ និងរ៉ូលីនផង។ មូលហេតុតែមួយគត់ដែលនាងស្លាប់…គឺព្រោះនាងស្គាល់យើងទាំងពីរនាក់។
តែអ្វីដែលខ្ញុំមិនអាចបំភ្លេច មិនអាចឈប់គិតបាននោះ, គឺអ្វីដែលរ៉ូលីនបាននិយាយដាក់ខ្ញុំខណៈដែលគេនាំខ្លួននាងចេញ។ ខ្ញុំបញ្ឈប់ពួកគេហើយសួរនាង, ថាហេតុអីបានជានាងចង់ធ្វើជាខ្ញុំ, ហេតុអីបានជានាងចង់បំផ្លាញជីវិតខ្ញុំ។
ចម្លើយរបស់នាងគឺមានតែខ្ញុំម្នាក់ប៉ុណ្ណោះដែលដឹង, ហើយខ្ញុំកំពុងព្យាយាមបំភ្លេច, ក៏គ្មានថ្ងៃនឹងនិយាយប្រាប់នរណាជាដាច់ខាត។
នាងច្រណែនដែលខ្ញុំរៀនពូកែជាងនាង, ស្អាតជាងនាង, នាងគ្មានគម្រោងចង់សម្លាប់ខ្ញុំទេ តែចង់ឱ្យខ្ញុំទទួលទោសអាក្រក់ៗជំនួសនាង ចង់ឱ្យជីវិតខ្ញុំធ្លាក់ក្នុងសភាពដុនដាប តែនាងបរាជ័យហើយ, ស្រីឆ្គួតអើយ, នៅក្នុងគុកឱ្យបានសុខណា, រូលីន៕
ចប់
រឿង ជនបន្លំខ្លួន (២ចប់)
Reviewed by HeNa
on
6:57 PM
Rating:
