>
  • ទំព័រដើម
  • រឿង ភ្នែកទីបី (ភាគ២ចប់)

     
    គាត់មើលមុខខ្ញុំដោយស្រឡាំងកាំង។

    «មានរឿងអីនឹងម៉ែ?»

    «គឺ...គឺ...» យាយនោះស្ទាក់ស្ទើរនឹងនិយាយ។ គាត់សម្រេចបែរទៅចៅគាត់វិញ។ «អីយ៉ាចៅយាយធំច្រើនហើយតើ!»

    «ចាសម៉ែ!»

    ក្រោយមក, ឡាទីដើរទៅជិតមឈ្ឈូសក៏ឃើញលោកតាឈរនៅក្បែរមឈ្ឈូសនោះ។

    «ហាក?» នាងលាន់មាត់ធ្វើឱ្យអ្នករាល់គ្នាដែលនៅក្បែរៗនោះនាំគ្នាងាកមកព្រាតដោយចម្ងល់រៀងៗខ្លួន។ «លោកតានៅរស់ទេតើ!» នាងលាន់មាត់ តែមើលទៅម្នាក់ៗដូចជាមិនយល់។

    «និយាយស្អីនឹង មនុស្សចម្លែក?» ស្ត្រីម្នាក់សួរនាង។ «សពលោកតានៅក្នុងមឈ្ឈូសឯណោះ, រឿងអីអាចនៅរស់? មើលច្រឡំលោកតាអាចារ្យសោះ។»

    «ខ្ញុំមិនច្រឡំទេមនុស្សឆ្គួត!» ឡាទីថាឱ្យវិញទាំងខឹង។ «លោកតាជាតារបស់ប្ដីខ្ញុំ រឿងស្អីខ្ញុំច្រលំ? ហើយអ្នកឯងមកពីណា ជាប់សាច់ឈាមស្អីមកថាខ្ញុំមនុស្សចម្លែកហ្នឹង?» នាងថាឱ្យគ្មានប្រណីមាត់តាមចរិតពិតរបស់ខ្លួន។ នាងប្រឹងមើលរកលោកតាដែរ តែរកមិនឃើញសោះ គាត់មិនដឹងបាត់ខ្លួនទៅទីណា ឬមួយក៏មើលច្រឡំទេ?

    រយៈពេលបុណ្យបានបន្តរហូតដល់ពេលដែលត្រូវហែរសពបានរំកិលមកដល់។ លោកអាចារ្យបង្គាប់ឱ្យមនុស្សប្រុសមាឌមាំបីបួននាក់សែងក្ដារមឈ្ឈូសដែលសពកំពុងដេកក្នុងនោះចុះមកក្រោមផ្ទះដាក់ឡានហែរទៅវត្ត។ ឡាទីក៏ចូលរួមហែរនឹងគេដែរ។ មេឃជះពន្លឺក្ដៅហែង ដើម្បីការពារកម្ដៅខ្លាំង, ឡាទីយកក្រមារបាំងថ្ងៃហើយបន្តហែរទៅតាមក្បួនដង្ហែរយ៉ាងវែងឆ្ងាយ។ នាងមើលជុំវិញឃើញមនុស្សចម្លែកៗជាច្រើន ខ្លះរយះមុខមុខចេញឈាម ខ្លះបែកមុខជាពីរ ខ្លះមុខស្លេកស្លាំង ខ្លះស្អាតបាតតែមិនសូវស្រស់ស្រាយ ហែរមួយខ្សែផ្សេងគ្នា ដែលឡាទីអាចកាត់យល់ថាគេជាក្រុមខ្មោច។ ខាងមុខក្បួនរបស់គេមានបុរសមាឌមាំចងក្បិនក្រហមពីរនាក់ ដើរត្រសងជាមួយក្រុមមនុស្ស។ មនុស្សទាំងអស់មើលទៅប្រហែលជាមើលមិនឃើញក្រុមខ្មោចទាំងនោះទេទើបគេឥតមានព្រឺព្រួយអ្វីសោះ ចម្លែកតែឡាទីមួយ សម្បុរនាងឡើងបះឆ្កើតដោយរន្ធត់។ នាងទ្រាំដើរដោយមិនហ៊ានងាកទៅម្ខាងនោះរហូតដល់កន្លែងរំលាយសព។ ភ្លើងចាប់ផ្ដើមឆេះរន្ទាលខណៈដែលកូនចៅប្រុសៗនាំគ្នាកោរសក់ពីមុខភ្លើងដែលកំពុងតែនឹងរំលាយសពតាចាស់ឱ្យក្លាយទៅជាផេះផង់។ ឡាទីឃើញក្រុមខ្មោច និងយមរាជឈរចាំសមាជិកថ្មីនេះដោយអំណត់។ តើភ្នែកកណ្ដាលថ្ងាសរបស់នាងនេះមានអ្វីពិសេសឬ?

    ---

    ថ្ងៃមួយ...

    ពេលធារិទ្ធមិននៅ, ដោយការឆ្ងល់ខ្លាំងពេក, ឡាទីបានយកទូរស័ព្ទមកបើកកាម៉េរ៉ាមុខ ដើម្បីមើលមុខខ្លួនឯង។ នាងភ្ញាក់ព្រើតភិតភ័យជាខ្លាំងនៅពេលដែលបានឃើញថា ភ្នែកទាំងពីររបស់នាងត្រូវគេដេរខ្ជិបបញ្ចូលគ្នាដូចរន្ធផ្ចិតយ៉ាងគួរឱ្យខ្លាច។ អ្វីដែលគួរឱ្យខ្លាចជាងនេះទៅទៀតនោះ, គឺនៅកណ្ដាលថ្ងាសរបស់នាងមានគ្រាប់ភ្នែកមួយកំពុងសម្លឹងទៅកញ្ចក់ទូរស័ព្ទ វាគឺជាភ្នែកដែលនាងកំពុងតែមើលឃើញនេះហើយ។ នាងខឹងនឹងសម្រស់ដ៏អាក្រក់របស់ខ្លួនឯងណាស់ ហើយរង់ចាំប្ដីមកផ្ទះ នឹងសួរដើមទងឱ្យបានច្បាស់។ យប់កាន់តែជ្រៅ ប្ដីនាងនៅតែមិនទាន់ត្រឡប់មកវិញទៀត។ នាងក៏លង់លក់ទៅក្នុងនិន្ទាកាល។

    ព្រឹកឡើង, នាងងើបពីដេកហើយមើលជុំវិញខ្លួន តែមិនដូចអ្វីដែលបានរំពឹងទុកឡើយ, ប្ដីនាងនៅតែមិនទាន់ត្រលប់មកវិញទៀត។ នាងពរកូនចេញមកខាងក្រៅហើយឃើញមនុស្សម្នារជាច្រើនឈរជុំវិញមុខផ្ទះរបស់នាងដោយមានប៉ូលីសបីបួននាក់ផង។ ឡាទីមិនយល់នូវហេតុការណ៍ស្មុគស្មាញនេះសោះ តែបន្តិចនោះ, ប៉ូលីសបានស្រែកពីក្រៅរបងមកថា៖

    «ដើរមករកយើងមក ហើយកុំងាកក្រោយឱ្យសោះ!» 

    ឡាទីធ្វើតាមប៉ូលីសទាំងរន្ធត់បេះដូង។ នាងដើរពរកូនចេញពីផ្ទះហើយដល់ពាក់កណ្ដាលផ្លូវក៏ឈប់។

    «សូមអ្នកនាងដើរមករកយើង ហើយកុំងាក្រោយ!!!!» ប៉ូលីសប្រឹងស្រែកខ្លាំងៗជាមួយសំឡេងរចេចរចូចរបស់អ្នកឈរមើលពីផ្លូវមុខ។ ខណៈដែលឡាទីពរកូនដើរមក, ប៉ូលីសនៅតែព្យាយាមស្រែកហាម។

    «ទោះជាយ៉ាងណាក៏ដោយ, មិនត្រូវងាកក្រោយជាដាច់ខាត។»

    តែការហាមនេះគ្មានប្រសិទ្ធភាពអីទេ, វាហួសពេលទៅហើយ ឡាទីបែរខ្នងមើលទៅក្រោយ ធ្វើឱ្យនាងស្រែកយ៉ាងខ្លាំងដោយរន្ធត់។ នៅលើទ្វារមុខនៃផ្ទះនេះ គឺជាសាកសពធារិទ្ធ ត្រូវគេព្យួរធ្លាយកឈាមដាបជោគដល់ក្ដារខាងក្រោម។

    បន្ទាប់ពីធ្វើកោសល្យវិច្ឆ័យហើយ, ក្រុមប៉ូលីសបានប្រាប់ឱ្យឡាទីដឹងថា ធារិទ្ធត្រូវនរណាម្នាក់ច្របាច់កក្នុងកម្លាំងដ៏ខ្លាំង ដោយក្រចកស្រួច និងវែង ទើបអាចចាក់រហូតធ្លាយកដាច់បំពង់ខ្យល់ស្លាប់។ តែអ្វីដែលចម្លែកបំផុតនោះគឺស្នាមក្រចក និងស្នាមធ្លុះ ព្រមជាមួយស្នាមជាំទាំងឡាយដែលកើតឡើងដោយកម្លាំងច្របាច់, បានរលុបបាត់ទៅបន្សល់ឱ្យសាកសពនូវភាពទទេស្អាតត្រង់កញ្ចឹងក។ ចំនុចនេះខាងប៉ូលីស សហការជាមួយក្រុមគ្រូពេទ្យបានសន្និដ្ឋានថាដោយសារអាកាសធាតុទើបមុខរបួសរលាយបាត់លឿន ទាំងដែលការសន្និដ្ឋានរបស់ពួកគេក៏មិនត្រឹមត្រូវទាល់តែសោះ។

    អ្នកដែលមកបុណ្យសពប្ដីខ្ញុំ ម្នាក់ៗសម្លឹងមើលតែមុខខ្ញុំហើយខ្សឹបខ្សៀវនិយាយដើមផ្លូវអាក្រក់។ មានចចាមអារាមចោទថាខ្ញុំជាបិសាចសម្លាប់ប្ដី តែការឈឺចាប់បាត់បង់ស្វាមីវាទម្លាក់មកលើបេះដូងខ្ញុំធ្ងន់ពេកហើយ មិនអាចនឹងមានកម្លាំងឯណាទៅតបតនឹងសម្ដីអត់បានការរបស់ពួលមកបុណ្យដើម្បីច្រាស់ច្រំបបរ និងនិយាយដើមគេអស់នោះទេ។

    មុខខ្ញុំអាក្រក់ជាអនេក, រាល់ពេលឆ្លុះកញ្ចក់ម្ដងៗគ្រាំអស់ហើយដើមទ្រូងខ្ញុំ...តែ...មិនយូរប៉ុន្មាន, ស្នាមដេរភ្ជិតភ្នែកទាំងទ្វេរខ្ញុំបានរលុបបាត់ ហើយស្នាមដេរភ្នែកមួយគ្រាប់កណ្ដាលថ្ងាសក៏ស្អាតល្អ ខ្ញុំញញឹមរួចឡើងវិញ លែងខ្វល់ពីអ្វីទាំងអស់ ថ្វីបើគ្មានមិត្ត គ្មានអ្នកជិតខាង តែខ្ញុំក៏អាចរស់បានយ៉ាងស្រួលជាមួយនឹងកូនប្រុសដែលពេលនេះគាត់មានអាយុ១ឆ្នាំគត់ហើយ។ ខ្ញុំចេញក្រៅទិញម្ហូប ទៅផ្សារ រាល់ថ្ងៃដោយមិនដែលខ្វល់នឹងនរណានិយាយអីអាក្រក់ពីខ្ញុំទៀតទេ ព្រោះខ្ញុំគឺខ្ញុំ ទ្រព្យសម្បត្តិកេរ្តិ៍អាករដីស្រែដែលប្ដីខ្ញុំបន្សល់ឱ្យវាល្មមអាចឱ្យខ្ញុំរស់បានយ៉ាងស្រួលដោយមិនបាច់លំបាកហត់រកលុយ។

    រហូតដល់ថ្ងៃមួយ...

    ជាថ្ងៃដែលការពិតត្រូវបានលាតត្រដាង...

    ជាមួយនឹងអតីតកាលដ៏អាក្រក់ជូរចត់...

    និងគួរឱ្យខ្លាច...

    វាគឺជាពេលយប់ងងឹត នៅផ្លូវខាងមុខគ្មានឡានម៉ូតូទេ ស្ងាត់ឈឹង...សំឡេងចង្រឹតក៏មិនឮ តែស្រាប់តែមានសំឡេងសម្រឹបជើងមនុស្សដើរចូលមកធ្វើឱ្យខ្ញុំផឺតពោះដោយភ័យជាខ្លាំង។ មនុស្សនោះដើរចូលមកជិតទៅៗ ស្រមោលរបស់គាត់បង្ហាញយ៉ាងច្បាស់មកកាន់តែជិតទ្វារមុខផ្ទះខ្ញុំ ខ្ញុំស្ទុះទៅបិទទ្វារទាំងភ័យរន្ធត់។ កូនប្រុសខ្ញុំដែលឃើញសភាពខ្ញុំស្ទុះទៅយ៉ាងបន្ទាន់បែបនេះ វាមើលមុខខ្ញុំឡឹងឡង់ៗដូចជាចង់និយាយអ្វីម្យ៉ាង តែវ័យមិនទាន់អាចនិយាយបាន។

    “តុកៗៗៗ...”

    សំឡេងទ្វារគោះបន្លឺរឡើងក្នុងស្បៃរាត្រីដ៏ស្ងប់ស្ងាត់។ ខ្ញុំព្យាយាមមិនបង្កជាសំឡេងអ្វីទាល់តែសោះ។

    «នាង!!! បើកទ្វារ!!!!» វាគឺជាសំឡេងតាចាស់ម្នាក់និយាយឡើងពីក្រៅផ្ទះ។ «នាង!!!»

    ខ្ញុំនៅតែស្ងៀមហើយប្រាថ្នាឱ្យគាត់ទៅវិញឆាប់ៗ។ តែមិនដូចការគិតឡើយ តាចាស់នៅខាងក្រៅនេះនៅតែប្រឹងគោះទ្វារហើយបញ្ចុះបញ្ចូលឱ្យខ្ញុំបើកទ្វារយ៉ាងទាន់ហន់។

    «នាងភ្នែកមួយ...» តាមោះហៅខ្ញុំដូចជាគាត់ធ្លាប់ឃើញខ្ញុំពីមុនមកចឹង ឬមួយក៏មុខមាត់ចម្លែករបស់ខ្ញុំបង្កជាភាពល្បីល្បាញយ៉ាងមានប្រជាប្រិយភាពហើយ? យ៉ាងណាក៏ខ្ញុំនៅតែនៅស្ងៀមជានិច្ច។ «ខ្ញុំមកក្នុងបំណងល្អទេនាង ការពិតនឹងនៅតែជាការពិត!!!»

    ពាក្យមួយឃ្លានេះធ្វើឱ្យខ្ញុំធូរទ្រូងហើយចាប់ផ្ដើមទុកចិត្ត។ មិនដឹងកម្លាំងអ្វីបានបណ្ដាលចិត្តខ្ញុំឱ្យលូកដៃបើកទ្វារយ៉ាងស្រួល នៅទីនេះគឺជាលោកតាជរាម្នាក់ដែលមើលទៅមានសេចក្ដីជ្រះថ្លាពិតៗនៅលើផ្ទៃមុខគាត់។ ខ្ញុំអញ្ជើញឱ្យគាត់ចូលអង្គុយក្នុងផ្ទះ តាចាស់មើលជុំវិញហើយសម្លឹងទៅកូនប្រុសខ្ញុំដែលកំពុងតែដេកបើកភ្នែកក្នុងអង្រឹង។

    «ឯងមានដឹងទេ?» គាត់សួរមកខ្ញុំដូចជាខចង់ប្រាប់ច្រើនជាងសួរ។ «មានដឹងទេ?»

    «ដឹងអ្វីទៅលោកតា?» ខ្ញុំនិយាយយ៉ាងគោរពទាំងដែលមិនដែលស្គាល់គាត់សោះពីមុនមក។ «សូមលោកតាប្រាប់ចៅផង ចៅមិនដឹងអីទេនេះ!!!»

    «ហ៊ឹម....» លោកតានោះបែរទៅបង្អួចខាងក្រៅសម្លឹងយ៉ាងយូរមុននឹងបែរមកនិយាយជាមួយខ្ញុំវិញ។ «តាមពិតទៅ អ្វីៗដែលបានឃើញ វាគឺជាការបំភាន់ភ្នែក...ស្វាមីដ៏ល្អ...តែតាមពិត...កូនប្រុសបង្កើត...តែតាមពិត...»

    «លោកតានិយាយពីអ្វីដែរ?» ខ្ញុំតបដោយឆ្ងល់។ «ខ្ញុំពិតជាស្ដាប់មិនយល់ទេនេះ!»

    «មែនហើយ,» លោកតាតបទាំងញញឹម។ «ទោះជាអ្វីៗត្រូវបានបញ្ចប់, តែការពិតនៅមិនទាន់លាតត្រដាងនៅឡើយ។»

    គាត់តម្អក់អស់ពេលដ៏យូរទើបចោទជាសំណួរយ៉ាងចម្លែកដាក់ខ្ញុំ ធ្វើឱ្យខ្ញុំរកចម្លើយតបមិនឃើញ។

    «មានដឹងប្រវត្តិភ្នែកទីបីលើថ្ងាសឯងទេ?» គាត់ឧទានទាំងសម្លក់មកកាន់ថ្ងាសខ្ញុំ។

    «ភ្នែកទីបី?» ខ្ញុំផ្ទួនពាក្យតាមគាត់។ «ភ្នែកទីបីយ៉ាងម៉េចទៅលោកតា? លើថ្ងាសខ្ញុំនេះជាភ្នែកទីបី?»

    «មែនហើយ,» លោកតាប្រែសំឡេងទៅជាធូរស្លូត។ «ឯងពិតជាមិនដឹងពីប្រវត្តិខ្មោចប្ដីឯងសោះ។» គាត់គ្រហែមឱ្យបាត់ស្អកទើបបន្តទៀតក្នុងសំឡេងមិនលេងសើច។ «ប្ដីឯងនេះ មុនយកឯង គេមានប្រពន្ធបីទៅហើយ។ ប្រពន្ធទីមួយក៏ប្ដីឯងសម្លាប់ ទីពីរក៏ប្ដីឯងសម្លាប់ ទីបីក៏ប្ដីឯងសម្លាប់ ពិតជាតិរច្ឆានមិនញញើតដៃមែនប្ដីឯង។ កន្លងមកវាមានដែលនិយាយរឿងអតីតប្រាប់ឯងទេ?»

    «អត់ដែលទេលោកតា!» ខ្ញុំតប។ «ខ្ញុំក៏បានដឹងដែរថាគាត់ជាបុរសពោះម៉ាយ មានប្រពន្ធបីនាក់មកហើយ តែគាត់ថាគាត់ជាពោះម៉ាយប្រពន្ធស្លាប់ ទើបខ្ញុំក៏យល់ព្រមយកគាត់ជាប្ដី ហើយយើងសន្យាមិនរំលឹករឿងអតីតកាលអីទាំងអស់។» ទឹកភ្នែកខ្ញុំចាប់ផ្ដើមហូរចុះ ពេលនឹកដល់មុខគាត់។ «តើហេតុអីបានជាលោកតាដឹងរឿងគាត់?»

    «តាដឹងតែទាំងអស់ហ្នឹង,» លោកតានោះនិយាយ។ «តាជាអ្នកតាចាស់ស្រុកក្នុងភូមិនេះ អ្នកផងទាំងពួងគ្មាននរណាមើលតាឃើញទេ តែឯងអាចមើលតាឃើញព្រោះតែភ្នែកទីបីនោះ។»

    «អីុចឹងទេតើបានជាខ្ញុំចេះតែឃើញព្រលឹង និងស្រមោលចម្លែកៗដែលមិនគួរឃើញ។»

    «មែនហើយ, ប្ដីឯងកាលមុនជាមនុស្សឆេវឆាវ និងឃោរឃៅណាស់ ក្រោយពីឈ្លោះគ្នាជាមួយប្រពន្ធទីមួយ វាបានវាយក្បាលប្រពន្ធវានឹងដំបង រហូតគ្រាំលលាដ៏ស្លាប់ ហើយអូសទៅដាក់មុខផ្ទះដោយក្លែងថាជាគ្រោះថ្នាក់ចរាចរណ៍។ ក្រុមប៉ូលីសទទួលសំណូកខ្លះៗក៏ងក់ក្បាលទទួលថាជាគ្រោះថ្នាក់ពិតមែន។»

    «ពុទ្ធោប្ដីខ្ញុំ...» ខ្ញុំលាន់មាត់ព្រមយកដៃខ្ទប់មាត់ដោយភាពរន្ធត់។ «ប្ដីខ្ញុំសាហាវដល់ម្លឹង!!! ពិតជាអយុត្តិធម៌ខ្លាំងណាស់សម្រាប់ប្រពន្ធទីមួយ ទោះជាខ្ញុំមិនបានស្គាល់នាង តែខ្ញុំពិតជារញ្ជួយចិត្តខ្លាំងណាស់លោកតាអើយ!»

    «អើ! ស្ដាប់ប៉ុន្នឹងថាសាហាវ ចាំស្ដាប់តទៀត ហើយតាកាន់សច្ចធម៌ ពាក្យគ្រប់ម៉ាត់សុទ្ធតែជាការពិតណា!» គាត់មើលមុខខ្ញុំហើយក្រឡេកទៅកូនប្រុសខ្ញុំដែលដេកក្នុងអង្រឹងព្រមទាំងនិយាយបន្ត «ហើយប្រពន្ធទីពីរក៏ប៉ះសម្ដីគ្នាបន្តិចបន្តួចជាមួយប្ដីតិរច្ឆាននោះ ពេលនាងកំពុងតែដេក វាក៏ចងខ្សែនឹងធ្នើផ្ទះហើយចាប់លើកប្រពន្ធទីពីរនោះថ្ពក់ទៅនឹងខ្សែដែលចងនោះ ស្ត្រីជាប្រពន្ធក៏ស្លាប់យ៉ាងវេទនាហើយគ្រប់គ្នាស្មានថាជានាងចងកសម្លាប់ខ្លួន ពិតជាអយុត្តិធម៌ណាស់។ តែមិនដល់ប្រពន្ធទីបីឡើយ!!! ប្រពន្ធទីបីនេះស្លាប់ហើយកើតជាខ្មោចតៃហោងលងសាហាវបំផុត។ នៅផ្ទះចាស់នៃភូមិមួយទៀត, ដោយរៀបការជាមួយប្ដីបានជិតពីរឆ្នាំក៏សម្រាលបានកូនប្រុសមួយ ក៏ចេះតែប៉ះពាក្យសម្ដីទ្រគោះបោះបោកជាមួយប្ដី ប្ដីឃោរឃៅនោះបានយកពូថៅវាយពីក្រោយមួយទំហឹងបណ្ដាលឱ្យបាក់កធ្លាយគ្រាប់ភ្នែកម្ខាងចេញមកក្រៅ។ ដោយសារនាងកំពុងបំបៅកូន ពេលត្រូវវាយនឹងដំបង នាងក៏ដួលផ្កាប់មុខស្រឹបសង្កត់កូនស្លាប់ទាំងម៉ែទាំងកូន ហើយអាប្ដីចង្រៃបានរើសគ្រាប់ភ្នែកដែលជ្រុះនោះទុក រួចដុតផ្ទះចោលក្លែងធ្វើជាអគ្គិភ័យឆេះយ៉ាងល្អឥតខ្ចោះ។»

    ខ្ញុំអង្គុយស្ដាប់ទាំងទឹកភ្នែកហូររហាម។ មិននឹកស្មានថាប្ដីដ៏ស្លូតបូតគួរជាទីគោរពស្រឡាញ់ តាមពិតជាឃាតករសម្លាប់ប្រពន្ធឯងយ៉ាងសាហាវយង់ឃ្នង់។ មិនបឹកថាប៉ុន្មានឆ្នាំមកនេះខ្ញុំដេកឱបបុរសជាឃាតករទាំងមិនដឹងស្អីសោះ។ មិននឹកថាកែវភ្នែកមួយគ្រាប់លើក្បាលខ្ញុំនេះជាភ្នែកប្រពន្ធដើមដែលបានស្លាប់ទៅហើយ។

    លោកតានោះងើបចេញទៅវិញហើយលាខ្ញុំ គាត់ថាអាថ៌កំបាំងទម្លាយជិតអស់ហើយ ហើយខ្ញុំអាចដឹងដោយខ្លួនឯងនៅថ្ងៃណាមួយ។

    ខ្ញុំបិទទ្វារហើយដើរមកគ្រែវិញ, យប់នោះខ្ញុំមិនបានដេកទេ ខ្ញុំដោះរូបថតរៀបការរបស់ខ្ញុំ និងប្ដី ខ្ញុំរើរបស់របរទាំងឡាយរបស់ប្ដីយកទៅដុតចោលខ្ទេចអស់កុំឱ្យនៅមានអតីតអាក្រក់ប្រឡាក់ក្នុងផ្ទះនេះទៀត។ ចុងក្រោយបំផុត, ខ្ញុំក្រឡេកទៅខ្នើយប្ដីខ្ញុំ។ ខ្ញុំត្រូវតែដុតវាចោល ហើយគ្រាន់តែទាញខ្នើយប្រុងយកទៅដុតភ្លាម, ភ្នែកខ្ញុំបានកត់សម្គាល់ឃើញអ្វីម្យ៉ាងគួរចាប់អារម្មណ៍។ គឺសំបុត្រក្រដាសសរសេរដោយដៃទេតើ។ មើលទៅដូចជាទុកយូរណាស់មកហើយ។ ខ្ញុំទាញវាមកមើលទើបដឹងថា អ្នកសរសេរគឺជាប្ដីខ្ញុំដែលសរសេរមួយថ្ងៃមុនថ្ងៃគាត់ស្លាប់។

    “ប្រពន្ធសម្លាញ់ចុងក្រោយរបស់បង។ ពេលនេះ បងគ្មានអ្វីត្រូវលាក់បាំងអូនទៀតទេ បងខ្មាសខ្លួនឯងណាស់ ហើយទោះជាបងខំទប់ ខំលាក់ទៀតក៏គង់តែវានឹងធ្លាយ គង់តែគ្មានថ្ងៃបានសុខ។ អូនអើយ ពេលអូនកំពុងចាប់កាន់អានសំបុត្រនេះ វិញ្ញាណបងកំពុងអណ្ដែតវិលវល់ក្នុងឋាននរកទៅហើយ ហើយវាក៏សាកសមទទួលដោះដូរនឹងអំពើដែលបងបានសាង។ បងធ្លាប់មានប្រពន្ធបីនាក់មកហើយ ហើយប្រពន្ធទាំងបីត្រូវបងសម្លាប់ចោល។ កែវភ្នែកដែលអូនកំពុងតែសម្លឹងអានអក្សរនេះគឺជាកែវភ្នែកប្រពន្ធទីបីរបស់បង។ កាលនោះនាងខឹងណាស់ដែលបងបានសម្លាប់នាង និងកូន ហើយបានចងគំនុំថាទោះជាពេលណាក៏ដោយ ក៏នាងនឹងតាមសម្លាប់បង និងកូនជានិច្ច។ កូនយើងត្រូវនាងសម្លាប់ចោលតាំងពីកើតបាន២ថ្ងៃ។ ហើយពេលនេះបងក៏ព្រមឱ្យនាងសម្លាប់តាមសម្រួលដែរ។ កូនដែលអូនកំពុងមើលថែររាល់ថ្ងៃមិនមែនជាកូនយើងទេ វាជាកូនដែលម្ដាយវាបានស្លាប់ដោយឆ្លងទន្លេ កាលនោះបងខ្លាចអូនយំ ខ្លាចអូនទទួលយកមិនបាន ទើបបងយកកូននោះក្លែងធ្វើជាកូនអូន។ បងសុំទោស...”

    ខ្ញុំអានសំបុត្រនេះជាច្រើនដងព្រមទាំងយំរហាមដូចក្មេងទារស្ករគ្រាប់។ អ្វីៗពិតជាការបំភាន់ភ្នែកមែន តែមិនថ្វីទេ ខ្ញុំអាចទទួលយកបាន កូនប្រុស ទោះជាកូនមិនមែនជាកូនបង្កើតរបស់ម៉ាក់ តែម៉ាក់នឹងទទួលយកកូនរហូត ម៉ាក់នឹងមើលថែរកូនឱ្យល្អបំផុត។ 

    ខ្ញុំបានធ្វើបុណ្យឧទ្ធិសកុសល្យដល់ព្រលឹងអ្នកដែលបានស្លាប់ទៅទាំងអស់ឱ្យទៅកាន់ឋានមួយសុខសាន្ត ឈប់មានកម្ម ឈប់ចងគំនុំគ្នាទៀត។ ខ្ញុំរស់នៅតែពីរនាក់នឹងកូនយ៉ាងរីករាយ គ្មានខ្វល់ពីអ្វីឡើយ ហើយរៀងរាល់ថ្ងៃសីល ខ្ញុំតែងអុជធូបអរគុណដល់ប្រពន្ធទីបី ព្រោះភ្នែកនាងហើយធ្វើឱ្យខ្ញុំមើលឃើញរាល់ថ្ងៃ៕

    ចប់
    រឿង ភ្នែកទីបី (ភាគ២ចប់) រឿង ភ្នែកទីបី (ភាគ២ចប់) Reviewed by Unknown on 7:20 PM Rating: 5
    Loading...
    Powered by Blogger.