រឿង រូបកាយ (២ចប់)


“ឌឹប...”
គ្រាប់ជំពាមក្មេងបាញ់សត្វបានហោះលឿនស្លេវមកបុកទ្រូងខាងឆ្វេងខ្ញុំយ៉ាងចុកចាប់។ សំលេងម៉ាស៊ីនក៏បន្លឺឡើងវិញបន្ទាប់ពីការឈឺចាប់រលាយទៅអស់។ ក្មេងៗបីបួននាក់បានរត់គេចពីមុខខ្ញុំព្រោះវាគិតថាខ្ញុំនឹងយកទោសពៃនៃកំហុសដែលវាបានធ្វើអំបាញ់ម៉ិញ។
ទឺតៗៗ...
ម៉ាស៊ីនក្នុងប្រអប់ខ្មៅស្រាប់តែស្រែកឡើងហើយបញ្ចេញភ្លើងឡើងក្រហមភ្លឹបភ្លែតៗ។ ខ្ញុំទើបតែឃើញកូនក្រដាសតូចមួយទៀតបិទនៅបាតប្រអប់។ វាត្រូវគេសរសេរជាអក្សរពុម្ពកុំព្យូទ័រថា : “សូមដោតភ្លើងភ្ជាប់ចរន្តអគ្គិសនីដើម្បីដំណើរការម៉ាស៊ីននៃជីវិត បើមិនដូច្នេះទេ មិនយូរមិនឆាប់វានឹងអស់ថ្ម ហើយត្រូវចាំថាវាជាដង្ហើមនៃជីវិតលោក”។ ឃើញបែបនេះខ្ញុំប្រញាប់រួសរាន់យកវាត្រលប់មកផ្ទះវិញ។ ខណៈដែលកំពុងធ្វើដំណើរដោយថ្មើរជើងមកផ្ទះ, ខ្ញុំមានអារម្មណ៍ដូចជាដង្ហក់ថប់ៗចង់ស្ទះដង្ហើម ទទួលអារម្មណ៍យ៉ាងពិបាក។ មកដល់ផ្ទះ ខ្ញុំប្រញាប់ទាញខ្សែព្រីភ្លើងមួយពីក្រោមប្រអប់នេះដោតភ្ជាប់ទៅនឹងចរន្តភ្លើងហើយអ្វីៗក៏ប្រសើរឡើងវិញ។ ក្រុមហ៊ុនចង្រៃឆ្គួតឡប់នោះជាស្អីឱ្យប្រាកដទៅ? នេះចង់ឱ្យខ្ញុំនៅមើលថែរម៉ាស៊ីននេះរហូតឬ? ហេតុអីខ្ញុំមិនអាចរកក្រុមហ៊ុនធានាជីវិតនោះឃើញ? តើវាប្រាស់រត់ទៅងាប់នៅទីណាអស់ហើយ?
ខ្ញុំមិនបានទៅភ្នំពេញវិញទេតាមពិតក្រោយដែលគ្រោះថ្នាក់រថយន្តក្រុងហើយ ខ្ញុំក៏ប្រញាប់ឡើងម៉ូតូឌុបជិះត្រលប់មកផ្ទះលោកយាយវិញ មុននឹងមានអ្នកកាសែតមកដល់ និងសម្ភាសន៍ដោយគិតថាខ្ញុំជាមនុស្សអច្ឆរិយៈ។
ខ្ញុំឡើងមកលើផ្ទះ លោកយាយមើលមកខ្ញុំដោយក្រសែភ្នែកលាក់កំបាំងអ្វីម្យ៉ាងដែលគាត់និយាយមិនចេញ។
«ឯងត្រូវចេះថែរវាផង។» ផ្ទុយពីពាក្យដែលថាខ្ញុំជិតស្លាប់ គាត់បែរជានិយាយពាក្យចម្លែកនេះឡើង ធ្វើឱ្យខ្ញុំមានការងឿងឆ្ងល់មិនតិច។
«នេះលោកយាយចង់មានន័យយ៉ាងណា?»
«គឺប្រអប់ម៉ាស៊ីននៃដង្ហើមជីវិតភ្ជាប់ទៅនឹងញាណសិរីរាង្គ និងជន្មា!» លោកយាយនិយាយយ៉ាងរំភើយ ធ្វើឱ្យខ្ញុំបើកភ្នែកធំៗមិននឹកស្មានសោះថាគាត់ចេះពាក្យបច្ចេកទេសសំស្ក្រឹតច្រើនបែបនេះ។
«លោកយាយចង់និយាយពីអីនឹង?» ខ្ញុំធ្វើជាមិនដឹង ទាំងដែលប្រាកដច្បាស់ថាគាត់សំដៅទៅប្រអប់ខ្មៅដែលខ្ញុំបានសាកថ្មទុកចោលក្នុងបន្ទប់គេងនោះ។ «ខ្ញុំស្ដាប់មិនយល់ទេ!»
«ឯងត្រូវការពារម៉ាស៊ីននៃដង្ហើមនោះឱ្យមែនទែន បើឯងអាចការពារបានឯងនឹងជួបតែសុខចម្រើនគ្មានថ្ងៃណាដែលមានគ្រោះកាចមកយាយីឯងបានឡើយ។ តែផ្ទុយទៅវិញ បើឯងធ្វេសប្រហែសធ្វើឱ្យវាមិនដំណើរការ ឬអស់ថាមពល ជីវិតឯងគង់តែនឹងដាច់ខ្យល់ស្លាប់ភ្លាមមួយរំពេជ។»
ខ្ញុំនៅធ្មឹងស្ដាប់គាត់ដោយចម្ងល់ និងសំនួរពេញខួរក្បាល។ នេះគាត់បានដឹងដោយរបៀបណាទៅថាខ្ញុំបានចុះកុងត្រាប្រើប្រាស់សេវាកម្មនោះ? ហើយលោកយាយដឹងច្បាស់ពីម៉ាស៊ីននោះខ្លាំងម៉្លេះ? ឬមួយក៏គាត់...ឬ...នែក...
«លោកនីក!!! សូមប្រយ័ត្ន!!»
ខ្ញុំភ្ញាក់នឹងសំលេងលោកយាយរហូតដួលព្រូសទៅលើរនាប។ វាមិនអាចទៅរួចទេដែលលោកយាយប្រែសំលេងទៅជាក្មេងហើយហៅខ្ញុំថា “លោក” បែបនេះ ទាំងដែលរាល់ដង គាត់ហៅតែ “អាឃ្នីក” ទុកថាពិរោះពេកទៅហើយ។
«លោកយាយ?» ខ្ញុំសួរគាត់។ «តើជាលោកយាយឬមិនមែននឹង?»
«មិនខ្វល់ថាលោកជឿឬមិនជឿ តែសូមប្រយ័ត្នទុកដាក់ម៉ាស៊ីនក្នុងប្រអប់ខ្មៅនោះផង វាអាចនឹងធ្វើឱ្យលោកស្លាប់បាន។»
«លោកយាយ!!!!!!!! ទេ!!!! ខ្ញុំ...ខ្ញុំមិនយល់ទេ.....!!!!!!!!!» ខ្ញុំស្រែកខ្លាំងៗផ្អើលដល់ម៉ាក់ដែលកំពុងសម្រាកខាងក្នុង។ ម៉ាក់រួសរាន់ដើរចេញមកទាំងចម្ងល់។
«ពីរនាក់យាយចៅនេះវាយ៉ាងម៉េចនឹង?» ម៉ាក់ស្រែកដាក់លោកយាយ។ «ម៉ែនិយាយស្អីផ្ដេសផ្ដាសដាក់ចៅទៀតហើយ?»
«អញឱ្យចៅនីកប្រយ័ត្នខ្លួន...» លោកយាយប្រែជាសំលេងចាស់វិញ តែស្ដាប់យូរទៅមិនដូចជាសំលេងមនុស្សចាស់ទេ ជាសំលេងទាញដោយម៉ាស៊ីនច្រើនជាង។
«ម៉ាក់!!!! អំបាញ់ម៉ិញលោកយាយធ្វើសំលេងដូចក្មេង។» ខ្ញុំស្រែកខ្លាំងៗដូចកូនក្មេង។
«ស្អីឯងនីក? មនុស្សចាស់តែប៉ុណ្ណឹងហើយ ម្ដងអញ្ចេះម្ដងអញ្ចោះអញ្ចឹងឯង ទៅឆ្ងល់ច្រើនធ្វើស្អី។ ស្អីទេអាកូននេះវ៉ី យូរៗចង់ខ្លាចយាយវា...» ម៉ាក់បន្ទោសខ្ញុំ ហើយខ្ញុំដើរចេញទៅព្រមទាំងកើតចិត្តសង្ស័យថាម៉ាក់ច្បាស់ជាបានដឹងរឿងនេះ តែប្រឹងលាក់។ ណ្ហើយកុំទៅគិតស្អីច្រើន ទុកថាស្ដាប់រវើរវាយច្រលំដោយខ្លួនឯងទៅចុះ។ តែយ៉ាងណាក៏ខ្ញុំនៅតែប្រាកដច្បាស់ថាលោកយាយមិនមែនធម្មតា។ គាត់បែរជាមានកម្លាំងកំហែងវិញ និយាយអ្វីជួនសំឡេងក្មេងជួនចាស់ កាយវិការរវាសរវៃមើលទៅមិនគួរឱ្យគិតថាជាមនុស្សចាស់ដែលប្រុងនឹងរោគាពាធទៅឡើយ។ ពេលខ្លះគាត់និយាយប្រកបដោយទ្រឹស្ដីថ្លៃថ្លាគួរឱ្យចង់ស្ដាប់។
មួយថ្ងៃទៅមួយថ្ងៃ, ខ្ញុំសំឡឹងមើលលេខនាទីរាប់ពាន់នៅលើម៉ាស៊ីននៃជីវិតខ្ញុំនេះដែលវាចេះតែលោតចុះម្ដងមួយលេខៗមិនដឹងថាបើវាចុះមកដល់លេខសូន្យ តើអ្វីមិនល្អនឹងកើតឡើងលើខ្ញុំខ្លះនោះទេ ហើយមានអារម្មណ៍ចម្លែកៗរាល់ពេលដែលឃើញមុខលោកយាយពេលណា ទោះកែវភ្នែកគាត់ស្រទន់ស្លូតបូតក៏ស្លូតបូតហើយរួសរាយរាក់ទាក់ តែយ៉ាងណាក៏នៅតែមិនមែនជាគាត់កាលពីមុន។
ខ្ញុំពិតជាមិនយល់សោះពីសេវាកម្មធានាជីវិតស្អីហ្នឹង តើហេតុអីខ្ញុំត្រូវការពារម៉ាស៊ីនជីវិតនេះ? តើត្រូវការពារវារហូតដល់អស់អាយុកំណត់ឬយ៉ាងម៉េច?
ខ្ញុំត្រលប់មករស់នៅភ្នំពេញវិញព្រោះមិនចង់ឃើញឥរិយាបទចម្លែករបស់លោកយាយដែលជួនកាលសំឡេងក្មេងជួនកាលចាស់ តែចង្រៃអី, គាត់តាមមករស់នៅផ្ទះខ្ញុំឯទីក្រុងនេះទៀត។ ទាំងយាយទាំងម៉ាក់សុទ្ធតែកំពុងលាក់អាថ៌កំបាំងអ្វីម្យ៉ាងរៀងៗខ្លួន ពួកគាត់គិតថាអាចលាក់ខ្ញុំជិតរហូតហើយមើលទៅ។ ខ្ញុំត្រូវទៅធ្វើការពីព្រឹករហូតល្ងាចត្រលប់មកផ្ទះ ពេលបាយថ្ងៃត្រង់ខ្ញុំចូលចិត្តបរិភោគតាមតូបចិញ្ចើមផ្លូវជាជាងឃើញមុខលោកយាយដែលធ្វើឱ្យបាយលែងឆ្ងាញ់។
រសៀលមួយ នៅការិយាល័យរាត្រីរន្ធត់។ ខ្ញុំតំពុងឈ្ងោកធ្វើការជាមួយនឹងការពិនិត្យអក្ខរាវិរុទ្ធរបស់អ្នកនិពន្ធ និងកែសំនួនពាក្យពេជន៍ឱ្យរៀបរយបានល្អស្រាប់តែឃើញប្រយោគមួយក្នុងប្រលោមលោកដែលទាក់ចិត្តខ្ញុំជាខ្លាំង។ វាជាប្រយោគសាមញ្ញមិនសូវមានអត្ថន័យទូលំទូលាយក៏ពិតមែន តែវាពិតជាសំខាន់ណាស់សម្រាប់ខ្ញុំ។ តួស្រីក្នុងប្រលោមលោកបាននិយាយទៅកាន់តួប្រុសថា “អ្វីៗដែលខ្ញុំធ្វើកំបាំងមុខគឺដើម្បីឱ្យអ្នកសប្បាយចិត្ត ទោះខ្លួនត្រូវពិបាកយ៉ាងណាក៏មិនខ្វល់...” វាធ្វើឱ្យខ្ញុំស្រម៉ៃទៅដល់ពាក្យសម្ដីចម្លែកដែលលោកយាយនិយាយមកកាន់ខ្ញុំកាលពីប៉ុន្មានថ្ងៃមុនថា “...មែនហើយ យាយជាមនុស្សអាថ៌កំបាំង តែតាមពិតធ្វើនេះដោយសារចង់នៅក្បែរឯង ទោះពិបាកយ៉ាងណាក៏ត្រូវតែទ្រាំ...”។ ខ្ញុំអង្គុយប្រៀបធៀបសំនួនពាក្យទាំងពីរប្រយោគនេះ តើលោកយាយអាចជាមនុស្សដែលដូចក្នុងប្រលោមលោកនេះដែរឬអត់? ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ស្មុកខ្លាំងរហូតជ្រុលដៃឈ្មោលហែកក្រដាសនោះធ្វើឱ្យរហែកខ្ទេចខ្ទី។
«យ៉ាងម៉េចនឹងនីក?» នាយករងដើរមកទាំងកំហឹងចងជាប់នឹងចិញ្ចើម។ «អត្ថបទមិនទាន់វ៉ៃចូលផង ឯងហ៊ានហែកសៀវភៅដើមចោលចឹង?»
«ខ្ញុំឈឺក្បាលណាស់...»
«ឯងកំពុងតែបង្កបញ្ហាហើយនីក!» គាត់និយាយសំឡេងធ្ងន់ៗធ្វើឱ្យបុគ្គលិកទាំងឡាយមើលមកព្រាត។ ម្នាក់ៗស្ងាត់ឈឹងហើយសម្លឹងមើលមុខខ្ញុំ។
«នេះជាគម្រោងថតកុនភាគ ឥឡូវឯងបានបំផ្លាញមួយសន្លឹកបាត់ទៅហើយ ខ្ញុំនឹងបញ្ឈប់ឯងពីការងារ។» គាត់ស្រែកខ្លាំងៗដូចជាចង់ស៊ីសាច់ហុតឈាម។ ខ្ញុំដើរយ៉ាងលឿនចេញពីការិយាល័យឆ្គួតឡប់នេះរួចដើរត្រឡប់មកផ្ទះវិញ។ លោកនាយករងចិត្តដាច់ខ្លាំងណាស់ គ្មានមនោសញ្ចេតនាអ្វីដែលធ្វើឱ្យចិត្តគាត់ទន់វិញឡើយ គាត់មិនទាំងគិតថាខ្ញុំធ្លាប់ធ្វើការឱ្យគាត់កន្លងមក មិនតិចឆ្នាំឯណា តែនេះគ្រាន់តែកំហុសកំប៉ិកកំប៉ុកអង្កកំប៉ុងបែបនេះកញ្ជ្រោលចិត្តគាត់ឱ្យក្ដៅក្រហាយដល់ម្ល៉ឹង។ មានបុគ្គលិកមិនតិចទេដែលត្រូវបណ្ដេញចេញស្ទើរាល់ខែគ្មានត្រាប្រណី ហើយផ្លាកជ្រើសរើសបុគ្គលិកត្រូវដាក់ប្រកាសជាអាជីបទៅហើយ។
«រលាយឱ្យឆាប់ចុះ អាក្រុមហ៊ុនឡប់!» ខ្ញុំប្រមាទទាំងក្ដាប់ដៃណែនដើរឆ្លងថ្នល់។ កំហឹងបានធ្វើឱ្យខ្ញុំឆ្លងទៅម្ខាងទៀតដោយមិនមើលឆ្វេងស្ដាំ ក៏មានរថយន្តកុងត័នឺដឹកសាំងធំមួយបើកមកយ៉ាងកម្រោលបុកខ្ញុំជាន់ពីលើក្បាលយ៉ាងពេញទំហឹង។ ខ្ញុំហឹងត្រចៀកស្ដាប់អីមិនឮហើយរំពេជនោះ សំឡេងរចេចរចូចស្រែកចេចចាច និងសំឡេងនិយាយគ្នាលាន់ឡើងបង្កជាហ្វូងមនុស្សរោមអ៊ូឯនៅជុំវិញខ្ញុំ។ ចម្លែកជាទីបំផុតនោះ, គឺខ្ញុំគ្មានរបួស ឬការឈឺចាប់អីសូម្បីតែបន្តិច។ ខ្ញុំប្រញាប់ងើបឡើងហើយដើរចេញពីទីនេះមុនពេលក្រុមអ្នកយកព័ត៌មានមកដល់។ ខ្ញុំមិនចង់ឱ្យមានការចុះផ្សាយ ឬសួរនាំអ្វីច្រើនឡើយទើបប្រញាប់ដើរមកផ្ទះវិញយ៉ាងលឿនតាមដែលអាចធ្វើបាន។ មនុស្សនៅតាមដងផ្លូវសម្លឹងមើលខ្ញុំគ្រប់គ្នាខ្លះបម្រុងទាញទូរស័ព្ទមកថតតែត្រូវខ្ញុំដើរចូលរថយន្តតាក់ស៊ីមួយ។
«ទៅបុរីរន្ធត់២ ផ្ទះលេខ២៦A» ខ្ញុំនិយាយទៅកាន់អ្នកបើកតាក់ស៊ី ហើយគាត់សម្លឹងមកខ្ញុំដោយក្រសែរភ្នែកចម្លែក។
«ម៉ិញប្អូនឯងត្រូវរថយន្តកុងតឺណឺរកិនមែនទេ?» គាត់សួរឱ្យអដ់ចម្ងល់។
«មិនមែនទេ,» ខ្ញុំព្យាយាមប្រកែកបំភ្លៃការពិត។ «ខ្ញុំគ្រាន់តែដើរពីមុខរថយន្តក៏ជំពប់ជើងដួលទើបមើលទៅដូចជារថយន្តកិន។»
ក្រោមក្រសែភ្នែកសង្ស័យរបស់អ្នកបើកតាក់ស៊ី, ខ្ញុំសម្លឹងទៅខាងក្រៅ ព្រមទាំងគិតវែងឆ្ងាយ។ វាគឺជាការធានាជីវិតយ៉ាងពិសេសមែនដែលមិនឱ្យខ្ញុំស្លាប់ ឬសូម្បីតែរបួសបន្តិចក៏គ្មាន។
“...YoU WaNNa hEre mE RoaR oH Oh Oh oH...” សំឡេងទូរស័ព្ទខ្ញុំរោទិ៍ឡើងបន្លឺចម្រៀងអន្តរជាតិដែលខ្ញុំចូលចិត្តបំផុត។ ខ្ញុំមើលទៅលេខលើអេក្រង់ហើយមានអារម្មណ៍រន្ធត់យ៉ាងចម្លែក។ ខ្ញុំចុចទទួលទាំងស្មារតីមិនស្រួល។
«អាឡូម៉ាក់! មានការអីមែនទេ?» ខ្ញុំសួរ។
«កូនឯងនៅឯណា?» ម៉ាក់សួរពីក្នុងទូរស័ព្ទ។ «ឆាប់មកផ្ទះឱ្យលឿនឡើង។»
«កំពុងជិះទៅហើយតើ,» ខ្ញុំតប។ «រួចចុះម៉ាក់ប្រញាប់ធ្វើអី?»
«យាយឯងប្រាប់ឱ្យមកឥឡូវ!» ម៉ាក់ប្រាប់។
«ហាក? យាយមកទៀតហើយ?» ខ្ញុំសួរដោយធុញ។ «រួចគាត់មកធ្វើអី?»
តែប៉ុណ្ណេះទូរស័ព្ទក៏ដាច់ទៅវិញ ខ្ញុំក៏រសាប់រសល់មិនយល់ហេតុការណ៍។
“ប្រាវ...គ្រាំង...”
សំឡេងបុកដង្ហក់ដោយកម្លាំងខ្លាំងបន្លឺឡើង។ គឺដែកធ្វើអគារថ្មីយ៉ាងធំមួយបានធ្លាក់សង្កត់ពីលើដំបូលតាក់ស៊ីបណ្ដាលឱ្យបែកខ្ទេចខ្ទី។ អ្នកបើកតាក់ស៊ីធ្លាយខួរចេញមកក្រៅ គ្រាប់ភ្នែកលៀនស្ទុល ក្បាលហូរឈាមឥតឈប់។ បន្ទាប់ពីអ្វីៗស្ងាត់ទៅមួយសន្ទុះ, សំឡេងមនុស្សអ៊ូអររោមឆ្លេឆ្លានៅខាងក្រៅក៏ចាប់ផ្ដើមបន្លឺពីតិចៗមកជាវោគវែរ សំឡេងទូរស័ព្ទថតក្រឹកៗ និងសំឡេងស្រែកហៅប៉ូលីសដែលឈរស្តុបជិតនេះ។ ខ្ញុំវារចេញពីបង្អួចបែកបាក់នៃរថយន្តទាំងមានភ្នែករាប់សិបគូរកំពុងសម្លឹងមកខ្ញុំយ៉ាងឆ្ងល់។ មានឈាមប្រឡាក់នៅលើអាវរបស់ខ្ញុំ។ ការធ្លាក់ដែកពីទីខ្ពស់ដង្ហក់ទំនាញផែនដីមកខ្លាំងពេកទើបបណ្ដាលឱ្យឈាមអ្នកបើកតាក់ស៊ីបែកបាចសាចមកអាវសរបស់ខ្ញុំបែបនេះ។
អ្នកកាសែតជាច្រើននាក់បានបង្ហាញខ្លួននៅមុខខ្ញុំបាត់ទៅហើយ។ សំឡេងមនុស្សខ្សឹបខ្សៀវគ្នាលាន់ឡើងទ្រហឹងពេញផ្លូវជាតិស្ទះចរាចរណ៍ជាខ្សែយ៉ាងវែងអន្លាយ។
«បុរសម្នាក់នឹងអំបាញ់ម៉ិញបានរថយន្តកុងតឺនឺរបុកនៅជ្រុងផ្លូវDCខ្ញុំឃើញច្បាស់ណាស់។» លោកស្រីម្នាក់និយាយប្រាប់គេឯង។ អ្នកកាសែតជាច្រើនមកចោមរោមថត និងព្យាយាមសម្ភាសន៍ខ្ញុំ តែខ្ញុំបដិសេធហើយរត់គេចហ្វូងមនុស្សយ៉ាងលំបាកលំបិនជាទីបំផុត។ ខ្ញុំរត់យ៉ាងលឿនរហូតមកដល់ផ្ទះ ខ្ញុំឡើងទៅជាន់លើហើយចូលផ្លាស់ខោអាវដោយមិនឱ្យម៉ាក់ឃើញ។ តែគាត់បានឃើញបាត់ទៅហើយ។ ខណៈដែលខ្ញុំនៅផ្លាស់ខោអាវក្នុងបន្ទប់, គាត់ស្រែកសួរពីក្រៅ។
«ហើយទៅត្រូវនឹងស្អីបានជាឈាមប្រឡាក់ពេញអាវបែបនេះហ្អា?»
«វាឡានបុក!» លោកយាយឆ្លើយជំនួសខ្ញុំធ្វើឱ្យខ្ញុំរន្ធត់ស្ទើស្លុតស្មារតី។ តើគាត់អាចដឹងបានយ៉ាងម៉េចនេះ? ឬមួយក៏គាត់ពិតជាបានដឹងពីខ្ញុំគ្រប់ពេលវេលាមែន?
ម៉ាក់ដើរមកខ្សឹបខ្ញុំ, «ណាតាលី កូនស្រីលោកវ៉ាន់ដែលត្រូវជាអនាគតភរិយារបស់កូនឯង ពេលនេះឈឺរីងរៃ មានក្អួតឈាមទៀតផង។» គាត់និយាយដូចជារឿងនេះគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់, មែនហើយ វាគួរឱ្យភ្ញាក់ផ្អើលពិតមែន តែសម្រាប់ខ្ញុំ ដំនឹងនេះគ្មានអីត្រេកត្រអាលអារម្មណ៍ខ្ញុំបន្តិចសោះ កន្លងមកធ្លាប់ដឹងដែរថា ណាតាលីស្រីស្រស់ដែលម៉ាក់ដណ្ដឹងឱ្យខ្ញុំកាលពីបីខែមុននោះ នាងមានជំងឺប្រចាំកាយ។ ជំងឺនោះគឺជំងឺផ្លូវចិត្តហ្នឹងអ្ហែង ខ្ញុំដឹង។ តាមពិតទៅ ខ្ញុំក៏ប្រាកដច្បាស់ដែរថា នាងក្រមុំណាតាលីគ្មានកូនចិត្តមកស្រឡាញ់ខ្ញុំអីបន្តិចឡើយ ម៉្លោះហើយ គ្រាន់តែបង្ខំចិត្តភ្ជាប់ពាក្យហើយភ្លាម ជំងឺបេះដូងក៏ចាប់វាយលុកនាងឱ្យស្គមល្ហិតល្ហៃបន្តិចម្ដងៗរហូតដល់ពេលនេះសល់តែស្បែកដណ្ដប់ឆ្អឹង។ ចុះខ្ញុំវិញ? ខ្ញុំស្រឡាញ់នាងណាស់មែនទេ? គ្មានទេ, ខ្ញុំគ្មានស្រឡាញ់នាងសូម្បីតែបន្តិច តែខ្ញុំមិនចង់ឈ្លោះជាមួយនឹងម៉ាក់ឡើយ គាត់ជាអ្នកចាត់ចែងផ្សំផ្គុំខ្ញុំ ទាំងដែលខ្ញុំគ្មានសិទ្ធនឹងប្រកែកសូម្បីតែបន្តិច, ហើយចិត្តខ្ញុំមិនទាន់បានភ្លេចមនុស្សម្នាក់ដែលរលុបទៅក្នុងអតីតកាលនៅឡើយ។
លោកយាយដូចជាប្រញាប់ឱ្យខ្ញុំរៀបការនឹងនាងនោះណាស់ គាត់ថាបើនាងជាសះពីជំងឺចង្រៃកាលណា ឱ្យម៉ាក់ទៅជំនុំនឹងខាងស្ដីដេញពេលារកថ្ងៃមង្គលនឹងរៀបការតាមប្រពៃណីដើម្បីបានជាស្វាមីភរិយាមួយគូរឆាប់ៗ។
«សូមឱ្យនាងស្រស់ សិឍ្ឋ្យ៍ ណាតាលី បានជាពីជំងឺឱ្យសុខសប្បាយទៅចុះ!!!» ម៉ាក់លើកដៃប្រណម្យបួងសួងព្រះ។
ខ្ញុំដើរចេញមកក្រៅហើយសម្លឹងមើលភ្នែកលោកយាយដោយក្ដីស្រឡាញ់ និងចម្ងល់។ គាត់ចាស់ហើយ និយាយអីច្រើនតែរវើរវាយជារឿងធម្មតានៃកាលធម្មជាតិវ័យវិវឌ្ឍឥតមាននរណាអាចប្រឆាំងច្បាប់នេះបានឡើយ តែការនិយាយរវើរវាយរបស់គាត់ជួនកាលច្បាស់ចែសស្ដែងនឹងព្រឹត្តិការណ៍បច្ចុប្បន្នពេកទើបធ្វើឱ្យខ្ញុំមានអារម្មណ៍មិនស្រួល។ កន្លងមកក្រៅពីត្អូញត្អែឈឺឆ្អឹងឈឺឆ្អែងឈឺក្បាលឈឺចង្កេះ លោកយាយមិនអាចមានប្រាជ្ញាឯណាទៅនិយាយអ្វីដែលជាពាក្យបច្ចេកទេសឡើយ តែកន្លងមកថ្មីៗគាត់ដូចជាប្រែប្រួលខ្លាំងណាស់ គាត់បែរជាមានសុខភាពល្អ មានសាច់ឈាម សម្បុរភ្លឺថ្លាស្រស់បស់ មានកម្លាំងកំហែង បែបនេះហើយទើបធ្វើឱ្យខ្ញុំមានអារម្មណ៍មិនស្រួលមកកាន់គាត់។ ពេលខ្ញុំសម្លឹងទៅភ្នែករបស់គាត់ធ្វើឱ្យខ្ញុំនឹកដល់នរណាម្នាក់ដែលបានភ្លេចអស់ជាច្រើនឆ្នាំ។ មិនដឹងថាជានរណាក្នុងអតីតកាលនោះទេ តែកែវភ្នែកគាត់បានបំផុសការចងចាំរបស់ខ្ញុំបន្តិចម្ដងៗរហូតមានតម្រុយនឹកឃើញច្បាស់ក្រឡែត។
នៅវេលាយប់ស្ងាត់មួយ បន្ទាប់ពីខ្ញុំបានពិនិត្យថាម៉ាស៊ីននៃជីវិតរបស់ខ្ញុំកំពុងសាកថ្មចូលស្រួលបួលហើយ, ខ្ញុំបាននិយាយជាមួយម៉ាក់ដោយលាក់លៀមមិនឱ្យលោកយាយភ្ញាក់។
«ម៉ាក់! តើតាក់សាអនដែលត្រូវជាគូដណ្ដឹងខ្ញុំ ដែលខ្ញុំ និងនាងបានភ្ជាប់ពាក្យតាំងពីតូចនោះ ពិតជាបាត់ខ្លួនមែនឬ?» ខ្ញុំសួរទៅម៉ាក់ដោយទឹកមុខមាំ ចង់ដឹងចម្លើយពិត។
«មែនហើយ,» ម៉ាក់ខ្ញុំតបដូចស្ទាក់ស្ទើរ។ «នាងបាត់យូរហើយ ម៉េចទើបតែសួរ?»
«ខ្ញុំដូចជាមានការសង្ស័យរវាងនាង និងលោកយាយ!» ខ្ញុំតប។
«ទេ!!!» ម៉ាក់ខំប្រកែកយ៉ាងលឿន។ «នាងគ្មានទាក់ទងអីនឹងលោកយាយទេ កុំសង្ស័យ។»
«ម៉ាក់ប្រាប់ខ្ញុំតាមត្រង់ម៉ោ រឿងពិតតើវាយ៉ាងម៉េច?»
«គឺមិនដឹងទេ!!!» ថាហើយម៉ាក់ក៏ដើរចេញទៅបាត់ទុកឱ្យខ្ញុំនៅលីលើម្នាក់ឯង។ តាមពិតទៅលោកយាយ និងតាក់ពិតជាមានទំនាក់ទំនងអ្វីម្យ៉ាងពិតមែន។ ទ្រាំលាក់ដល់ពេលណា? ចាំមើល។
ថ្ងៃមួយ, ខ្ញុំជូនម៉ាក់ចេញទៅក្រៅហើយត្រលប់មកផ្ទះវិញ។ លោកយាយកំពុងអង្គុយលើកៅអីអានសៀវភៅ។ ខ្ញុំសួរទៅលោកយាយដោយសំនួរចម្លែក។
«លោកយាយគឺជាអូនតាក់សាអន?»
យាយមើលមុខខ្ញុំដោយការភ្ញាក់ផ្អើល។ មួយសន្ទុះ, ទឹកមុខភ្ញាក់ផ្អើលរបស់គាត់ក៏ប្រែទៅជាក្រៀមក្រំ។ គាត់ងក់ក្បាលទទួលទាំងទឹកភ្នែកហូររឹមៗ។
«មែនហើយ,» គាត់ឆ្លើយទាំងយំ ហើយប្ដូរសំឡេងទៅជាស្រីក្រមុំវ័យក្មេង។ «អូនគឺតាក់សាអន គូដណ្ដឹងរបស់បង!»
ខ្ញុំសម្លឹងមុខដ៏ជ្រីវជ្រួញរបស់លោកយាយទាំងប្រាកដជាក់ច្បាស់ថារូបកាយជាលោកយាយមែន តែព្រលឹងវិញ្ញាណសម្បជញ្ញៈ គឺជាតាក់សាអនជាទីស្រឡាញ់របស់ខ្ញុំដែលបានបាត់ខ្លួនទៅតាំងពីខ្ញុំនៅអាយុ១៣ឆ្នាំ។
«ប្រាប់បងម៉ោ តើមានរឿងអីកើតឡើង?» ខ្ញុំសួរយ៉ាងតក់ក្រហល់។
«គឺ...ថ្ងៃនោះ, អូនដើរមកផ្ទះពីសាលាដូចរាល់ដង តែចម្លែកពេលដើរកាត់ស្ពាន មានរថយន្តដឹកសាំងមួយគ្រឿងបើកមកកៀនស្ពានជាកន្លែកដែលអូនកំពុងឈរ ដូចបងដឹងស្រាប់ហើយកាលនោះស្ពានថ្មធំមិនមានបង្កាន់ដៃអីទេ រថយន្តធំកៀអូនធ្លាក់ស្ពានចូលទឹក។ អូនឈ្លក់ទឹកប្រកាច់ក៏អណ្ដែតចូលកសិដ្ឋានចិញ្ចឹមក្រពើដែលនៅក្បែរនោះ ក្រពើហែកស៊ីអូនយ៉ាងព្រៃផ្សៃរហូតបាត់បង់ជីវិត បាត់ទាំងរូបកាយ។...» ដូនចាស់សំឡេងក្មេងតម្អក់បន្តិចដូចជាយំខ្លាំងជាងមុនពេលរៀបរាប់រឿងអតីត។ គាត់បន្តទៀត «ហើយបន្ទាប់មក...អូនអត់មានដឹងអ្វីទៀតទេ...រហូតបើកភ្នែកឡើងឃើញខ្លួនឯងនៅក្នុងឋាននរក...យមរាជបានកាត់ទោសឃើញថាការស្លាប់របស់អូនពិតជាអយុត្តិធម៌ណាស់ គាត់ចង់ឱ្យអូនរស់ឡើងវិញតែមិនអាចទេព្រោះរូបកាយអូនត្រូវក្រពើហែកស៊ីខ្ទេចអស់ទៅហើយ គាត់បង្គាប់អូនឱ្យទៅចាប់ជាតិថ្មី តែអូនមិនព្រមទេ ព្រោះបើចាប់ជាតិថ្មីគឺត្រូវភ្លេចបង អូនមិនអាចទទួលយកបង ទើបសុខចិត្តនៅទំនេរក្នុងឋាននរក រង់ចាំដល់រដូវបុណ្យភ្ជុំទើបអាចចេញមកក្រៅបាន តែបងអើយ...រង់ចាំរាល់ឆ្នាំ មិនដែលឃើញបងមកវត្តម្ដងណាសោះ...អូនគ្មានឱកាសនឹងជួបបង យមរាជក៏នាំអូនទៅធ្វើការនៅក្រុមហ៊ុនធានាជីវិតមួយកន្លែង ក្នុងបញ្ជីឈ្មោះ អូនខំរកឈ្មោះបង ឃើញបងស្លាប់ក្នុងអាយុជាង៥០ឆ្នាំ ក៏ចង់ធានាជីវិតឱ្យបងរស់បានយូរជាងនេះ។ នារីដែលបងឃើញនៅការិយាល័យធានាជីវិតដែលបងឃើញកាលលើកមុននោះ គឺជាតាក់ម្នាក់នេះហើយ។ អូនរីករាយណាស់ដែលបានជួបបង ទោះពេលនោះបងមើលអូនមិនស្គាល់ក៏ដោយ។»
ខ្ញុំសម្លឹងយ៉ាងយូរចំមុខលោកយាយ, អារម្មណ៍ច្របូកច្របល់ និងពោរពេញដោយចម្ងល់។ ពាក្យពេជន៍ដែលនាងពន្យល់យ៉ាងក្បោះក្បាយអំបាញ់ម៉ិញ ខ្ញុំនៅស្ដាប់មិនសូវយល់នៅឡើយ។
«រួចហេតុអីបានជាអូនចូលក្នុងរូបលោកយាយរបស់បង?» ខ្ញុំសួរ។
«គឺ...ព្រោះអូនចង់ជួបបង ចង់ឃើញបង ចង់នៅក្បែរបង ទោះជារូបកាយចាស់ជរា តែយ៉ាងណាបានឃើញបង បាននិយាយជាមួយបង បានការពារជីវិតបង គឺរីករាយណាស់ទៅហើយ...»
ខ្ញុំនៅតែមិនយល់ច្បាស់ពីរឿងនេះ។ ខ្ញុំឱបនាងដែលជារូបកាយមនុស្សចាស់ជរាដោយក្ដីនឹករលឹក។
«ហេតុអីក៏អូនចង់ឱ្យបងរៀបការនឹងណាតាលីនោះ?» ខ្ញុំសួរនាងទាំងទឹកភ្នែកហូរដោយក្ដីរំភើប និងអារម្មណ៍រញ្ជួលរកថាមិនត្រូវ។
«ព្រោះពេលអូនឃើញបងមានគ្រួសារដ៏ឧដ្ដុងឧត្តមមានសុភមង្គលហើយទើបអូនស្ងប់ចិត្ត,» នាងតប។ «ដល់ពេលនោះអូននឹងទៅចាប់ជាតិថ្មីដោយគ្មានស្ដាយស្រណោះអ្វីឡើយ។»
«ចុះលោកយាយបង?» ខ្ញុំសួរបែបនេះ ទាំងដែលខ្លួនឯងកំពុងនៅពីមុខរាងកាយលោកយាយទៅហើយ។ «លោកយាយបងទៅណាហើយ?»
«លោកយាយបងស្លាប់៤ខែហើយ!!!» នាងតបទាំងទឹកភ្នែករហាម។ «ម៉ាក់បងក៏ដឹងរឿងនេះដែរ គឺអូនបានចូលក្នុងសពលោកយាយបង!»
ខ្ញុំឱបរូបរាងស្ត្រីចំណាស់ម្ដងទៀតព្រមទាំងយំខ្លាំងឡើង។ ទឹកភ្នែកហូរដូចទឹកបាក់ទំនប់។
ខ្ញុំសម្លឹងមើលទៅលេខក្រហមលោតភ្លឹបភ្លែតលើម៉ាស៊ីននៃជីវិតរបស់ខ្ញុំ ហើយចាប់ផ្ដើមគិតពីគម្រោងការនានាដែលនឹងចេញជារូបរាងឆាប់ៗ។ ខ្ញុំបានប្រាប់គម្រោងការនេះទៅកាន់តាក់សាអន ដែលមានរូបជាលោកយាយខ្ញុំ ហើយនាងព្រមទទួលយកវាដោយក្ដីរីករាយ។
ក្រោយពីប្រកាសដំណឹងថាលោកយាយស្លាប់ទៅ, ខ្ញុំបានទទួលដំណឹងពីគ្រួសារណាតាលីថា ណាតាលីបានធូរប្រសើរឡើងច្រើនហើយ។
នៅក្នុងរោងបុណ្យជីដូនបង្កើតរបស់ខ្លួន, ខ្ញុំគ្មានអារម្មណ៍នឹងយំសូម្បីតែបន្តិច តែបែរជាសប្បាយចិត្តរហូតញញឹមភ្លេចខ្លួនម្ដងម្កាលទៅហើយ ព្រោះលោកយាយខ្ញុំបានស្លាប់តាំងពី៤ខែមុន សពដែលគាត់កំពុងដេកក្នុងមឈ្ឈូសនេះគ្រាន់តែស្លាប់ទៅព្រោះគ្មានវិញ្ញាណនៅក្នុងខ្លួនតែប៉ុណ្ណោះ។
មួយសប្ដាហ៍ក្រោយមក ខ្ញុំបានរៀបការយ៉ាងពេញចិត្តជាមួយនឹងស្រីស្រស់ណាតាលី។ សាកគិតទៅមើល មនុស្សដែលឈឺរីងរៃចាំតែថ្ងៃស្លាប់ បែរជាមកជាសះស្បើយធម្មតាវិញយ៉ាងមិនគួរឱ្យជឿ។ ខ្ញុំពេញចិត្តនឹងពិធីមង្គលការនេះ ព្រោះខ្ញុំរៀបការជាមួយនឹងរាងកាយណាតាលីមែន តែវិញ្ញាណក្នុងរាងកាយនេះគឺតាក់សាអនជាទីស្រឡាញ់។
យើងនឹងមានសុភមង្គលបំផុតរហូតដល់ពេលកំណត់នៃការធានាជីវិត៕
ចប់
រឿង រូបកាយ (២ចប់)
Reviewed by HeNa
on
7:23 PM
Rating:
