រឿង ក្រោមគ្រែកូនស្រី
ដោយ : វេស រ៉ូណា
កាលដែលកូនស្រីខ្ញុំអាយុ៥ឆ្នាំ, នាងពិតជាចូលចិត្តលេងរៀបដុំជ័រណាស់។
ដុំតម្រៀបទាំងនោះមានអក្សរ និងលេខនៅម្ខាងវា។ កូនស្រីខ្ញុំចាប់ផ្ដើមអានតាំងពីក្មេង, ទើបនាងអាចប្រកបពាក្យបានយ៉ាងច្រើនពេលចូលរៀនមត្តេយ្យ។ នាងចូលចិត្តប្រកបពាក្យ, ហើយនាងចូលចិត្តលេងជាមួយដុំតម្រៀបទាំងនោះជាច្រើនម៉ោង។ នាងក៏តែងរៀបជាអក្សរជាញឹកញាប់ ហើយសួរខ្ញុំថាជាអក្សរអ្វី។ ពេលខ្ញុំធ្វើជាឆ្លើយខុស, នាងទះដៃហើយសើចដោយរីករាយ។
នាងជាកូនល្អខ្លាំងណាស់។
ថ្ងៃមួយ, ខ្ញុំសង្គេតឃើញថាដុំជ័រតម្រៀបរបស់នាងបាត់អស់រលីង។ «តើដុំជ័ររបស់កូនឯងទៅណាអស់ហើយ, គីគី?» ខ្ញុំសួរ។
«ខ្ញុំឱ្យវាខ្លះទៅមិត្តភក្ដិខ្ញុំ,» នាងនិយាយ, ដោយទាញដុំជ័រខ្លះៗដែលនៅសល់ចេញមក។
ខ្ញុំពិតជាភ្ញាក់ផ្អើល និងមោទនណាស់ចំពោះចម្លើយតបរបស់នាង។ គីគីពិតជាចិត្តល្អណាស់, នាងតែងតែឱ្យរបស់លេងនាងទៅក្មេងដ៏ទៃ។ ខ្ញុំតែងប្រដៅនាង បើនាងចង់បានវាមកវិញ។
«ហើយមិត្តណាទៅដែលកូនឯងឱ្យទៅវា?»
«អ្នកស៊ីពាក្យ,» នាងនិយាយ។
អេ, ថ្មីតើ។ វាប្រាកដជាល្បែងថ្មីដែលគីគីបានបង្កើតខ្លួនឯងហើយមើលទៅ។
«ហើយ… អ្នកស៊ីពាក្យនោះជានរណា?» ខ្ញុំសួរដោយឱនអង្គុយលើកម្រាលក្បែរនាង, សម្លឹងមើលទៅអគារតូចដែលនាងបានតម្រៀន។
«គាត់ជាអ្នកស៊ីពាក្យ!» នាងនិយាយទាំងសើចនូវការព្រងើយរបស់ខ្ញុំ។ «គាត់ចូលចិត្តពាក្យខ្លាំងណាស់, គាត់ស៊ីពាក្យ។»
«ម៉ាក់យល់ហើយ,» ខ្ញុំនិយាយដោយសំឡេងរឹងប៉ឹង។ «ហើយចុះអ្នកស៊ីពាក្យមានរូបរាងយ៉ាងណា?»
«ហឹម…» នាងគិត, យកម្រាមដៃតូចៗគោះតិចៗលើបបូរមាត់របស់នាង។ «គាត់កន្ធាត់,» នាងចាប់ផ្ដើមនិយាយ, «ហើយគាត់មានភ្នែកតូចខ្លាំងណាស់… ហើយមានភ្លុកដូចដំរី!»
ខ្ញុំប្រដៅ។ «យើងមិនត្រូវហៅមនុស្សថាកន្ធាត់ទេ, គីគី។»
«តែគាត់ពិតជាធាត់មែន!» នាងនិយាយ។ «ហើយគាត់មិនមែនជាមនុស្សទេម៉ាក់, គាត់គឺជាអ្នកស៊ីពាក្យ!»
ឥឡូវខ្ញុំពិតជាមានការងឿងឆ្ងល់លើមិត្តដែលកូនខ្ញុំប្រឌិតនេះណាស់។ ខ្ញុំឈប់គិត, ហើយជំនួសឱ្យការសួរ, «តើអ្នកស៊ីពាក្យរស់នៅឯណា?»
នាងចង្អុលចូលក្នុងបន្ទប់របស់នាង។ «គាត់នៅក្រោមគ្រែ។ ខាងក្រោមហ្នឹងកក់ក្ដៅហើយងងឹត។ គាត់ចូលចិត្តទីងងឹត។»
អារម្មណ៍ចម្លែកបានបន្លាចខ្ញុំ។ គាត់ចូលចិត្តភាពងងឹត។ កូនក្មេងពិតជាគួរឱ្យខ្លាចមែន។ ដោយអារម្មណ៍រន្ធត់ញាប់ញ័រ, ខ្ញុំដើរចូលទៅបន្ទប់ហើយពិនិត្យមើលក្រោមគ្រែ។
ឃើញច្បាស់ហើយ, គឺជាដុំជ័ររបស់គីគី, នៅតាមគែមគ្រែ, នាងដូចជាដាក់ចំណីឱ្យសត្វនៅសួនសត្វយ៉ាងអីុចឹង។ ខ្ញុំញញឹម, ព្រោះរីករាយដែលអ្វីដែលខ្ញុំឃើញគឺជាដុំជ័រតែប៉ុណ្ណោះ។
«ល្អ, ដាក់ចំណីឱ្យអ្នកស៊ីពាក្យស៊ីឱ្យឆ្អែតផង,» ខ្ញុំប្រាប់គីគីមុនពេលចេញពីបន្ទប់ដើម្បីរៀបចំអាហារពេលល្ងាច។
«ចាម៉ាក់!» នាងឆ្លើយដោយបន្តតម្រៀបអគាររបស់នាង។
គីគីតែងគោរពពាក្យសន្យាបានល្អណាស់។
ខ្ញុំមិនគិតច្រើនអំពីអ្នកស៊ីពាក្យទេ នាបីបួនថ្ងៃបន្ទាប់មកនោះ។ គីគីមិននិយាយពីគាត់ទេ, ហើយខ្ញុំក៏រវល់បំពេញបែបបទដើរកម្សាន្តដែលប្ដីខ្ញុំទទួលបានរង្វាន់។
ទេ, ខ្ញុំមិនគិតពីវាទេនៅព្រឹកថ្ងៃសៅរិ៍មួយ, ពេលដែលគគីជួយខ្ញុំដុតនំឃុកឃី។
«ម៉ាក់,» នាងនិយាយ, សំឡេងនាងស្រួយស្រេះក្នុងនាមកុមារភាព។
«ម៉ាក់ចូលចិត្តញ៉ាំអាហារអីដែរ?»
ខ្ញុំគិតអំពីសំនួរនេះ។ «ហឹម… ហេតុអី, អាហារដែលម៉ាក់ចូលចិត្តគី ‘គីគី,’ ពិតណាស់!» ខ្ញុំឌឺ។ គីគីសើចកក្អឹក។ ខ្ញុំចូលចិត្តសំឡេងសើចរបស់នាង។
«តើពាក្យអ្វីដែលកូនចូលចិត្ត?» ខ្ញុំសួរទៅវិញខណៈដែលខ្ញុំត្រឡប់នំមកម្ខាងក្រដាសទ្រាប់។
«អ្នកស៊ីពាក្យបានបង្រៀនពាក្យថ្មីៗមកខ្ញុំច្រើនណាស់។ ខ្ញុំចូលចិត្តទាំងអស់,» នាងនិយាយ។
«ពាក្យយ៉ាងណាខ្លះ?» ខ្ញុំសួរ។
នាងងើបមុខមើលខ្ញុំ, ញញឹមយ៉ាងរីករាយ, ហើយនិយាយ,
«ចុយ!»
ក្នុងនាមជាម្ដាយ, ខ្ញុំខំទប់សើចយ៉ាងខ្លាំង។
ខ្ញុំពិតជាពិបាកនឹងធ្វើមុខធម្មតាណាស់ខណៈដែលខ្ញុំប្រាប់គីគីថាវាជាពាក្យមិនល្អ។ ខ្ញុំក៏ដឹងភ្លាមថានាងមិនដឹងឡើយថាវាឈ្លើយ, ទោះនាងឮវានៅទីណា, ក៏នាងមិនអាចយល់ន័យពាក្យនេះបានដែរ។ ខ្ញុំធ្វើមុខមាំដាក់នាង តែក្នុងចិត្តខ្ញុំព្យាយាមទប់អារម្មណ៍ខ្លួនឯងកុំឱ្យសើច។ អូ, រឿងនេះប្រាកដជាកំប្លែងណាស់សម្រាប់និទានប្រាប់គីគីនៅឆ្នាំដែលនាងរៀនចប់។
ខ្ញុំព្យាយាមសួរគីគីថាតើបានឮពាក្យនេះមកពីណា, តែនាងនៅតែទទូចប្រាប់ថាអ្នកស៊ីពាក្យជាអ្នកបង្រៀននាង។
«ខ្ញុំឱ្យដុំជ័ររបស់ខ្ញុំទៅគាត់ពេលគាត់ឃ្លាន, ហើយគាត់ក៏បង្រៀនពាក្យថ្មីៗមកខ្ញុំ,» នាងនិយាយ។
ទីបំផុត, ខ្ញុំក៏ឈប់សួរ, ដោយប្រាប់នាងថាត្រូវតែប្រាប់ខ្ញុំសិននូវពាក្យថ្មីដែលនាងរៀន។ នាងប្រាកដជាបានឮពាក្យនេះនៅសាលា ឬក្នុងទូរទស្សន៍, ហើយមើលទៅ។ ខ្ញុំមិនគិតច្រើនពីវាទេ, ចាំយប់នេះចាំនិយាយប្រាប់ប៉ារបស់នាង។ មិនដូចខ្ញុំឡើយ, គាត់មិនចេះទប់សំណើចទេ, ក៏សើចខ្លាំងៗឡើងចេញទឹកភ្នែកនូវដំណឹងនៃពាក្យថ្មីដែលកូនស្រីគាត់បានរៀនមកនេះ។
វាមិនយូរប៉ុន្មានទេមុននឹងខ្ញុំកត់សម្គាល់ឃើញថាគីគីមានអក្បកិរិយា…ចម្លែក។
ពេលថ្ងៃ នាងមិនមានអីខុសប្លែកទេ។ ទេ, តែពេលយប់មិនដូចគ្នាឡើយ។
ពេលដំបូងដែលវាកើតឡើង, ខ្ញុំស្ទើតែស្រែកឡើង, ខ្ញុំរន្ធត់ខ្លាំងណាស់។ ខ្ញុំដើរចូលទៅបន្ទប់របស់នាងប្រហែលម៉ោង១០យប់ដើម្បីទៅពិនិត្យនាង ខ្ញុំបានឱ្យនាងគេងប្រហែលមួយម៉ោងមុននេះ, ហើយភ្ញាក់ផ្អើលជាខ្លាំងដែលឃើញនាងអង្គុយនៅលើកម្រាល សម្លឹងទៅគ្រែ។ នាងអង្គុយគងទាក់ខ្លាផ្អែកខ្នងទៅនឹងជញ្ជាំងដូចកំពុងព្យាយាមគេង។
«គីគី? តើកូនកំពុងធ្វើអីយ៉ាងដូច្នេះ? ម៉ាក់បានប្រាប់ឱ្យកូនចូលដេកតាំងពីមួយម៉ោងមុន។» គីគី និងខ្ញុំបាននិយាយជជែកគ្នារួចហើយអំពីអក្បកិរិយាមិនគប្បីរបស់នាងឱ្យទៅដេក។ ខ្ញុំដើរទៅក្បែរនាង ហើយឃើញនាងបិទភ្នែក, ខ្ញុំភ្ញាក់ផ្អើលណាស់ពេលឃើញថានាងកំពុងតែដេកលក់។ គីគីធ្លាប់ដេកមមើលកាលពីនាងមានអាយុ៣ឆ្នាំ, តែកាលនោះវាកើតឡើងតែប៉ុន្មានដងប៉ុណ្ណោះ។ ខ្ញុំគិតថានាងធំហើយលែងដេកមមើទៀត។
ខ្ញុំឱនបម្រុងលើកនាងឡើង ស្រាប់តែឃើញថាមាត់របស់នាងកំពុងកម្រើក។ នាងកំពុងនិយាយអ្វីម្យ៉ាង។ ខ្ញុំឱនទៅជិតដើម្បីស្ដាប់, តែខ្ញុំមិនអាចស្ដាប់ឮថានាងកំពុងតែនិយាយអ្វីឡើយ។
បន្ទាប់មក, ភ្លាមនោះ, សំឡេងខ្សឹបតិចៗក៏បានឈប់។ ពិតណាស់, គីគីឈប់។ នាងឈប់កម្រើក, ហើយមើលទៅហាក់ដូចនាងឈប់ដកដង្ហើមផងដែរ។ ខ្ញុំងើបក្បាលមកវិញបន្ទិច ដោយងឿងឆ្ងល់់។
គីគីលើកដៃនាងឡើង, ចង្អុលទៅគ្រែរបស់នាង។ មួយភ្លែតក្រោយ, នៅក្នុងបន្ទប់តូចងងឹតនេះ, នាងនៅស្ងៀមឈឹង, ដូចជារូបចម្លាក់ទេវតាតូចមួយអង្គុយលើថ្មនៃសួនច្បារអញ្ចឹង។
ហើយបន្ទាប់មក, ភ្លាមៗនោះវាក៏ចាប់ផ្ដើម, វាឈប់, នាងក៏ទម្លាក់ដៃមកក្បែរខ្លួនវិញ, ក្បាលនាងបែរមកវិញ, ហើយខ្លួននាងក៏ដួលដេក។ ខ្ញុំចំណាយពេលពេញមួយនាទីទម្រាំតាំងចិត្តវិញ ហើយក៏ងើបឡើងហើយនិងលើកគីគីឡើង, បីត្រកងនាងដាក់នាងទៅលើគ្រែនាងវិញ។
ពន្លឺព្រះចន្ទជះចូលតាមបង្អួចបង្ហាញឱ្យឃើញគិគីកំពុងកម្រើកលើគ្រែ, ខ្ញុំចាប់ផ្ដើមមានអារម្មណ៍មួយរំពេចថាបន្ទប់នេះតូចពេកហើយ។ ភាពងងឹតនៃជញ្ជាំងបានធ្វើឱ្យខ្ញុំខ្លាច, ហើយកម្រាលពណ៌ត្នោតមើលទៅក៏បន្លាចខ្ញុំណាស់ដែរ។ ទ្វារបើកចំហរបន្តិចដែលនាំពន្លឺជះចេះពីបរិវេណបន្ទប់ធំចាំងចូលមកក្នុងបន្ទប់នេះ, តែពន្លឺតិចពេកហើយ ដែលមើលទៅដូចជាខ្ញុំជាកណ្ដុរមួយក្បាលកំពុងជាប់អន្ទាក់យ៉ាងអីុចឹង។
ខ្ញុំគ្រវីក្បាល, ព្យាយាមឈប់គិត។ ខ្ញុំតែងតែគិតក្នុងផ្លូវអាក្រក់បែបនេះជាធម្មតាទៅហើយ។ ខ្ញុំបើកអំពូលរាត្រីរបស់គីគី, ហើយក៏ចាកចេញពីបន្ទប់នេះទៅ។
នៅមានការខ្សឹប និងការកម្រើកដ៏ចម្លែករបស់គីគីទៀត ដែលខ្ញុំត្រូវនិយាយប្រាប់ទៅប្ដីរបស់ខ្ញុំ, ដែលគាត់ហាកដូចជាព្រួយបារម្ភជាងខ្ញុំទៅទៀត។ គាត់និយាយថាយើងគួរតែនាំនាងទៅជួបវិជ្ជបណ្ឌិត, ដើម្បីឱ្យប្រាកដថាវាធម្មតា។ ខ្ញុំយល់ស្រប ដោយយល់ថាវានឹងជួយយើងកុំឱ្យគិតច្រើនទៀត, ទោះជាយើងត្រូវបង់ប្រាក់ខ្លះៗក៏ដោយ។
ទីបំផុត, យើងគ្មានឱកាសទៀតទេ។
ប៉ុន្មានថ្ងៃក្រោយដែលវេជ្ជបណ្ឌិតពិនិត្យហើយ, ខ្ញុំដើរចូលទៅក្នុងបន្ទប់របស់គីគី ហើយក៏ឃើញនាងកម្រើកញ័រនៅមុខគ្រែនាងទៀតហើយ ហើយមាត់ខ្សឹបៗតែម្នាក់ឯង។
ខ្ញុំសម្លឹងមើល, ក្នុងចិត្តភ័យតិចៗ, ខ្លាចតិចៗ, ហើយឱនលើកនាងឡើង, ដោយឆ្ងល់ថាតើខ្ញុំការពារនាងពេកទេដឹង។ ព្យាយាមយល់ ព្យាយាមរកហេតុផល។
បើខ្ញុំមិនងាកក្បាលយឺតៗបែបនេះទេ, ខ្ញុំប្រហែលជាមិនបានឃើញវាទេ។ ខ្ញុំប្រហែលអាចនឹងរស់នៅពេញមួយជិវិតដោយមិនដឹង។ តែពិតណាស់បញ្ហាគឺ, ខ្ញុំបានងាកក្បាល ហើយខ្ញុំបានឃើញវា។
ស្រមោលកម្រើកញ័រៗនៅក្រោមគ្រែ។
ខួរក្បារបស់ខ្ញុំស្ទើរតែកកទៅហើយ ហើយរាងកាយខ្ញុំនឹងថ្កល់។ អ្វីម្យ៉ាងកំពុងនៅក្រោមគ្រែ។ អ្វីម្យ៉ាងកំពុងនៅក្រោមគ្រែ។
ទេ, វាមិនអាចទេ, ខ្ញុំប្រាប់ខ្លួនឯង, ទោះជាបេះដូងខ្ញុំចាប់ផ្ដើមលោតញាប់ ហើយបាតដៃខ្ញុំចាប់ផ្ដើមញ័រ។ ខ្ញុំងើបឡើងវិញ, ដៃខ្ញុំញ័រទទ្រើក, ទុកឱ្យកូនខ្ញុំនៅកន្លែងដែលនាងអង្គុយញ័រញាក់ដូចមនុស្សរងារនោះ។ ដៃខ្ញុំរាវតាមជញ្ជាំងរកកុងតាក់ភ្លើង។ ព្រោះបើមានពន្លឺនឹងគ្មានអ្វីអាក្រក់ទេ។ គ្រប់យ៉ាងអាក្រក់នៅតែក្នុងភាពងងឹតទេ, មែនទេ?
ខ្ញុំចុចបើកភ្លើង។
គីគីឈប់ញ័រញាក់។ នាងឈប់រអ៊ូខ្សឹបៗ។ ភ្នែករបស់នាងបើកធំៗ ហើយនាងលើកដៃឡើងមើលមកខ្ញុំក្នុងទឹកមុខតក់ស្លុត។ ភ្នែកនាងដូចជាអ្វីម្យ៉ាងដែលខ្ញុំមិនស្គាល់, អ្វីម្យ៉ាងដែលកំពុងបន្លាចខ្ញុំ។
តែមិនគួរឱ្យខ្លាចដល់អ្វីដែលនៅក្រោមគ្រែទេ។
គ្រែចាប់ផ្ដើមកម្រើកឡើងដូចជាអ្វីម្យ៉ាងនោះកំពុងរំកិលខ្លួនចេញពីក្រោមគ្រែ។ វាស្លេកស្លាំង ហើយស្វិតស្វាញ, ខ្លួនវែងៗ មានធ្មេញស្រួចៗ។ អ្វីដែលស្វិតដូចសាកសពនោះបែរខ្លួនវាចេញពីមុខកូនស្រីខ្ញុំ, អរគុណព្រះ។ តែវាកំពុងតែលូនមករកខ្ញុំហើយ អូព្រះ។
ខណៈដែលវាលូនចេញពីក្រោមគ្រែ, ខ្លួនវាក៏លូនចេញមក។ ចេញដំបូងគឺក្បាលរបស់វា, ក្បាលធំស្រោបដោយស្បែកស្វិត។ អ្វីម្យ៉ាងនោះមានភ្នែកតូចៗបំផុត។ ភ្នែកតូចទាំងពីរព័ទ្ធជុំវិញដោយជាំខ្មៅ, ស្បែកមើលទៅដូចជាមានដំបៅរឡេះរលួយ។ ក្នុងរន្ធភ្នែកគឺសស្លែត គ្មានប្រស្រីភ្នែក គ្មានពណ៌អ្វីទាំងអស់។ គឺគ្រាប់ភ្នែកដែលសស្លែត។
វាទាញលូនចេញរាងកាយមកទាំងស្រុង។ វាមានស្បែកស្វិតស្លេកស្លាំងដែលប្រឡាក់ទៅដោយធូលីដែលនៅក្រោមគ្រែ។
ជើងក្រោយរបស់វាគឺធំ និងរឹងមាំ, ហើយក៏លើកខ្លួនវាឡើង។ ជើងដ៏ខ្ពស់របស់វាលើកខ្លួនឡើងស្ទើដល់ពិដាន ហើយវាហ័សដូចជាពស់ ផ្ដួលខ្លួនវាទ្របមកលើខ្ញុំដោយកម្លាំងសង្កត់។
ខ្ញុំស្រែក។
ខ្ញុំស្រែក ហើយខ្ញុំស្រែក ហើយខ្ញុំស្រែក ហើយបន្ទាប់មកគ្រប់យ៉ាងបានកើឡើងលឿនណាស់។
ភ្នែករបស់អ្វីម្យ៉ាងនេះបើក, ដោយគ្មានពណ៌, ពិបាកនឹងដឹង តែខ្ញុំអាចដឹងបានថាវាកំពុងសម្លឹងទៅកូនស្រីខ្ញុំ។ ភ្នែករបស់កូនស្រីខ្ញុំសម្លក់មកខ្ញុំ, ដោយគំនុំយ៉ាងកំណាច។
«មីស្រីចង្រៃ!» នាងស្រែក, ហើយអ្វីម្យ៉ាងនោះក៏បែរមករកខ្ញុំវិញ។
ខ្លួនវាទ្របលើខ្ញុំ, ក្នុងទម្ងន់ធ្ងន់ដែលល្មអាចឱ្យខ្ញុំដួលបាន។ ខ្ញុំដួលបោកក្បាលនឹងជញ្ជាំងយ៉ាងមួយទំហឹង ធ្វើឱ្យស្មារតីប្រែទៅជាងងឹតសូន្យឈឹង។
ពេលនេះបន្ទប់ភ្លឺហើយ, តែពន្លឺហាក់ដូចជាតិចជាងធម្មតា។ ពេលនេះខ្ញុំដឹងច្បាស់ណាស់ថាវាជា, អន្ទាក់។ កន្លែងដែលខ្ញុំធ្លាប់គិតថាមានសុវត្ថិភាព, ដែលខ្ញុំធ្លាប់មកលេងជាមួយកូនស្រីខ្ញុំ។ កន្លែងចុងក្រោយដែលខ្ញុំនឹកស្មានមិនដល់ថាគួរឱ្យខ្លាចដល់ម្លឹង។
ពេលស្មារតីខ្ញុំច្បាស់ឡើងវិញ, ខ្ញុំឃើញថាសត្វចម្លែកនៅលើខ្ញុំនេះ, ស្បែកដ៏ជ្រាយលាយសើមៗរបស់វាកំពុងសង្កត់ខ្ញុំ។ ភ្នែកវាសម្លក់មកភ្នែកខ្ញុំ ហើយមាត់ដ៏ចម្លែករបស់វាលិឍ និងបង្អូសកាត់ថ្ពាល់ខ្ញុំ…
ហើយបន្ទាប់មកក៏អូសមកដល់ធ្មេញខ្ញុំ។
ក្នុងសភាពភិតភ័យ, ខ្ញុំក្ដាប់ដៃទាំងពីររបស់ខ្ញុំ ព្យាយាមរុញសត្វចម្លែកនោះចេញ, តែវាមិនអាច។ ទោះជាមើលទៅទន់ជ្រាយ តែសត្វនេះរឹងដូចដុំថ្ម។ វាបង្អូសមកដល់កញ្ចឹងករបស់ខ្ញុំ។
ខ្ញុំស្រែកម្ដងទៀត។
ខ្ញុំមានអារម្មណ៍ថាធ្មេញស្រួចៗរបស់វាកំពុងចាក់ចូលសាច់ខ្ញុំ, ជញ្ជក់ឈាមខ្ញុំហើយនិង…
ហើយនឹងអ្វីផ្សេងទៀត។
នៅក្បែរយើង, កូនស្រីរបស់ខ្ញុំនៅតែបន្តជេរមកខ្ញុំក្នុងពាក្យសម្ដីដ៏អសុរស។ «មីម៉ាក់ឆ្គួតឡប់, មីសំផឹងបាតផ្សា, មីចុយម្រាយ, កាដួយម៉ែមីគេបុក…»
អ្វីម្យ៉ាងនោះចាក់ចូលក្នុងរាងកាយខ្ញុំ, ភ្នែករបស់វាមិនឈប់មើលមកខ្ញុំសោះ, ហើយកំពុងស្វែងរកអ្វីម្យ៉ាង…
វាគឺជាអ្វីទាំងអស់ដែលខ្ញុំចាំបាន មុនពេលដែលការឈឺចាប់បានធ្វើឱ្យខ្ញុំបាត់បង់សតិ ហើយក៏សន្លប់។
ខ្ញុំបានមកដល់មន្ទីរពេទ្យ, នៅក្បែរខ្ញុំគឺប្ដីជាទីស្រឡាញ់របស់ខ្ញុំ និងកូនស្រី, កំពុងរង់ចាំខ្ញុំភ្ញាក់យ៉ាងអន្ទះសា។
គេប្រាប់ខ្ញុំនូវរឿងដ៏អស្ចារ្យជាច្រើនក្រោយដែលខ្ញុំភ្ញាក់ឡើង, គ្រប់គ្នាប្រាប់នូវអ្វីនានាមកខ្ញុំ។ គាត់ប្រាប់ខ្ញុំថា ខ្ញុំបានខ្យល់គ ជាលើកទីមួយហើយជាបទពិសោធន៍តែមួយគត់របស់ខ្ញុំ។ គាត់ថាខ្ញុំបានដួលបោកក្បាល ហើយក៏ប្រញាប់នាំខ្ញុំមកមន្ទីរពេទ្យ។ ពេទ្យថាខ្ញុំនឹងមិនអីនោះទេ, តែគេត្រូវធ្វើតេស្តសិនដើម្បីឱ្យប្រាកដ។
ខ្ញុំបើកមាត់ដើម្បីប្រាប់ពួកគេអំពីសត្វចម្លែកដែលបានវាយប្រហារមកលើខ្ញុំនោះ… តែនិយាយមិនចេញទាល់តែសោះ។
វាចំណាយពេលមួយសន្ទុះដែលមិនគួរឱ្យជឿក្រោយដែលគ្រូពេទ្យប្រាប់ថា, ការខ្យល់គនោះ, គឺបានធ្វើឱ្យខ្ញុំបាត់បង់សំឡេង។
មែនហើយ។ ខ្ញុំក្លាយជាមនុស្សគ។ ខ្ញុំព្យាយាមសរសេរប្រាប់គ្រូពេទ្យ និងប្ដីខ្ញុំថាមានអ្វីម្យ៉ាងកំពុងសណ្ឋិតក្នុងផ្ទះរបស់យើង, តែពួកគាត់មិនជឿខ្ញុំទេ។ ពួកគាត់ថាខ្ញុំរវើរវាយ។ ខ្ញុំឃើញពួកគាត់ព្រួយបារម្ភ ប្រហែលគិតថាខ្ញុំអាចវិកលចរិត។
ក្រោយមក, គ្រប់យ៉ាងក្លាយទៅជាគួរឱ្យធុញទ្រាន់។
វេជ្ជបណ្ឌិតបានប្រាប់ថា ខ្ញុំពិតជាអាចនិយាយបានវិញ ខ្ញុំប្រាកដជាមិនគអស់មួយជីវិតនោះទេ, តែវាមិនអញ្ចឹងឡើយ។ ក្រោយមក, ខ្ញុំចាប់ផ្ដើមរុករកក្នុងផ្ទះ, ព្យាយាមយកចិត្តទុកដាក់នៅកន្លែងក្រោមគ្រែគីគី។
គ្មានអ្វីនៅក្រោមនោះទេ។
ខ្ញុំក៏កត់សម្គាល់ឃើញដែរថា, គីគីគឺ… ខុសពីមុន។ អូ, វាខុសប្លែកតែបន្តិចប៉ុណ្ណោះ, ច្បាស់ណាស់។ តែពិតជាបែបនេះហើយ។ ភាគច្រើន, នាងជាក្មេងល្អ គួរឱ្យស្រឡាញ់, ជាក្មេងស្រីដែលខ្ញុំតែងប្រៀនប្រដៅ។ តែពេលខ្លះ, នាងបែរជាខឹងឆេវឆាវយ៉ាងកំណាចដូចមនុស្សព្រៃ។ គីគីរបស់ខ្ញុំមិនដែលអញ្ចឹងពីមុនមកទេ…
តែពេលនេះនាងក្លាយជាបែបហ្នឹងហើយ។ ហោចណាស់ក៏ពេលខ្លះ។
សម្រាប់ខ្ញុំ, ខ្ញុំក៏ខុសប្លែកពីមុន, ដែរ។ ហើយមិនមែនត្រឹមតែមកពីខ្ញុំមិនអាចនិយាយនោះទេ។ គឺមានអារម្មណ៍ថានៅទីនេះ… មានបំណែកនៃខ្ញុំដែលបាត់បង់។ ដូចជាផ្នែកមួយនៃចិត្តរបស់ខ្ញុំ ហើយនិងភាពផ្ទាល់ខ្លួនខ្ញុំបានបាត់ទៅ។ ខ្ញុំមិនអាចប្រាប់ចំៗថាវាខុសប្លែកត្រង់ចំណុចណានោះទេ, ខ្ញុំត្រឹមដឹងថាវាពិតជាប្លែកមែន។
ខ្ញុំគ្មានអារម្មណ៍ថាជាខ្ញុំទៀតទេ។
ខ្ញុំឈប់ព្យាយាមបង្ហាញប្ដីនូវអ្វីដែលបានកើតឡើង។ គាត់បានយកចិត្តទុកដាក់នឹងខ្ញុំខ្លាំងណាស់, តែងសួរនាំថាខ្ញុំមានអ្វីដែលគាត់អាចជួយបាន។ ខ្ញុំធ្វើជាល្អប្រសើរឡើង, តែវាជាការកុហក។ គាត់នឹងមិនជឿខ្ញុំទេ, ទោះជាខ្ញុំនិយាយអីក៏ដោយ។
នេះជាមូលហេតុដែលខ្ញុំសរសេររឿងនេះឡើង, សម្រាប់អ្នកទាំងអស់គ្នាអាន។ ព្រោះខ្ញុំមិនអាចនិយាយបាន, នេះជាវិធីតែមួយគត់ដែលខ្ញុំអាចប្រាប់រឿងរ៉ាវរបស់ខ្ញុំ។ ដូច្នេះ, សូមមេត្តា, កុំភ្លេចនូវអ្វីដែលខ្ញុំនឹងផ្ដាំផ្ញើអ្នក។
សត្វស៊ីពាក្យនោះពិតជាមានមែន។ វាលួចប្លន់យកពាក្យរបស់អ្នក។ វាប្លន់យកសំឡេងរបស់អ្នក។ តែវាក៏ប្លន់យកអ្វីម្យ៉ាង, ដែរ… ហើយពេលខ្លះ, វាជ្រើសយកនរណាម្នាក់, ប្រហែលជាក្មេងមិនដឹងអីដូចជាគីគីជាដើម, ហើយវាឱ្យវាទៅពួកគេ។ ដូចជាចាក់ដោតអាគមទៅក្នុងទ្រូងអ្នក, ទោះជាប្រឹងយ៉ាងណាក៏មិនអាចដកចេញ។
ហើយវានៅតែនៅមាន, កំពុងរកមើលកន្លែងណាមួយដើម្បីនៅ, អាចជាផ្ទះលោកអ្នកក៏ថាបាន។
សូមកុំប៉ះលើផ្ទះអ្នកទាំងអស់គ្នាទៅចុះ, តែ, មុននឹងចូលដេក កុំភ្លេចអើតមើលក្រោមគ្រែផង៕
រឿង ក្រោមគ្រែកូនស្រី
Reviewed by Unknown
on
7:28 PM
Rating: