>
  • ទំព័រដើម
  • កប៉ាល់ខ្មោច



    ថាយថានីក កប៉ាល់ធ្វើដំនើរជុំវិញពិភពលោកបានចាប់ផ្ដើមចេញដំនើរជើងទី៨ទៀតហើយ។ មនុស្សម្នាជ្រៀតដណ្ដើមគ្នាទិញសំបុត្រ។ ខ្ញុំទិញបានសំបុត្រមួយសន្លឹកដែរ ហើយបានបន្ទប់ដេកលេខ១០៥។ បន្ទប់មួយត្រូវនៅពីរនាក់ ហើយគ្រែមានពីរជាន់ ខ្ញុំសម្រេចដេកគ្រែជាន់ខាងក្រោម។ 

    ---


    ខ្ញុំងើបពីគ្រែដែលដណ្ដប់ដោយភួយទន់ល្មើយគួរឱ្យចងដណ្ដប់។ បើកភ្នែកភ្លាមទទួលអារម្មណ៍ថាត្រជាក់ប្លែក។ អូ! បង្អួចតូចនេះរបើកទៀតហើយ ចឹងតើបានជាខ្យល់ចូលក្នុងបន្ទប់បណ្ដាលឱ្យរងារ។ ទ្វារបន្ទប់ក៏បើកចំហរទៀត អ្នករួមបន្ទប់នេះពិតជាអត់មាយាទមែន ចេញអត់ចេះបិទទ្វារវិញសោះ។

    កប៉ាល់បន្តបោះពួយឆ្លងមហាសមុទ្រដ៏ធំមហិមារនេះក្នុងល្បឿនយ៉ាងលឿន។ តាមពិតខ្ញុំមិនធ្លាប់ឃើញអ្នកនៅបន្ទប់ជាមួយខ្ញុំម្ដងណាទេ តែរាល់ៗព្រឹកទ្វារបើកចំហរបញ្ជាក់ថាគាត់ងើបចេញពីបន្ទប់ពីព្រឹកព្រលឹមហើយចូលមកដេកពេលយប់ជ្រៅហើយមើលទៅ។

    ព្រឹកមិនបានប៉ុន្មានផង យប់ក៏មកដល់ទៀតហើយ។ ខ្ញុំដេកលក់យ៉ាងស្កប់ស្កល់លើពូកសំឡីទន់ល្មើយ ស្រាប់តែត្រូវភ្ញាក់នៅពាក់កណ្ដាលយប់ដោយមានអ្វីម្យ៉ាងរំខាន។ ខ្ញុំមានអារម្មណ៍ថារងារខ្លាំងណាស់ ទោះជាខ្លួនកំពុងដណ្ដប់ភួយ ហើយទទួលអារម្មណ៍ថាមានខ្យល់ត្រជាក់ចូលក្នុងបន្ទប់នេះ។ ខ្ញុំក្រលេកទៅជញ្ជាំងបន្ទប់ ឃើញបង្អួចបើកចំហរទៀតហើយ។ អ្នកដេកគ្រែលើខ្ញុំនេះពិតជាអត់របៀបមែន អាកាសធាតុត្រជាក់ប៉ុណ្ណេះហើយនៅបើកបង្អួចរកងាប់ស្អីទៀត ចំជារំខានដល់ហើយ។ ខ្ញុំស្រវាបិទបង្អួចហើយដេកបន្តទៀត។ ម៉ោងប្រហែល៥ព្រឹក មេឃមិនទាន់ភ្លឺខ្លាំងនៅឡើយ ពេលបើកភ្នែកភ្លាមអារម្មណ៍ខឹងឆួលចាប់ផ្ដើមកើតឡើងភ្លែតក្នុងខួរក្បាលខ្ញុំ។ អ្នកគ្រែជាន់លើប្រហែលធ្វើឱ្យកំពប់ទឹកហើយទើបស្រក់មកខាងក្រោមបែបនេះ។ អត់របៀបមែនទេនអ្នករួមបន្ទប់នេះ ចេញទៅក្រៅមិនចេះបិទទ្វារវិញផង បើកទ្វារចំហរ រកតែគ្នាដេកស្ពឹកបន្តិចមិនបាន។

    «ចង្រៃយក៎» ខ្ញុំឧទានព្រមទាំងងើបទៅបិទទ្វារ។
    រាល់ៗព្រឹក ពេលខ្ញុំភ្ញាក់ឡើង តែងឃើញបង្អួច និងទ្វារចំហរជានិច្ច។ 

    យប់មួយ ខ្ញុំនៅដល់យប់ជ្រៅហើយក៏សម្រេចចិត្តចូលដេក។ ខ្ញុំបិទភ្លើងបន្ទប់ហើយឡើងលើគ្រែ។ កំពុងតែដេកជិតលក់ ស្រាប់តែទទួលអារម្មណ៍ថាមានខ្យល់ត្រជាក់ម្យ៉ាងចូលមកក្នុងបន្ទប់នេះ។ ទៀតហើយ!!! អ្នកដេកគ្រែលើខ្ញុំបានបើកបង្អួចទៀតហើយ។ ដោយខឹងពេកអត់មិនបាន ហើយដោយប្រាកដថាគាត់កំពុងដេក ខ្ញុំស្ទុះឡើងគ្រែជាន់លើដើម្បីបម្រុងវ៉ៃគាត់។ តែពេលឡើងដល់គ្រែខាងលើ ខ្ញុំបានប៉ះចំដៃគាត់ដែលទទឹកជោគ និងត្រជាក់យ៉ាងខ្លាំង។ គាត់ភ្ញាក់ក្រញ៉ាងហើយស្ទុះវឹងរត់បើកទ្វារចេញទៅក្រៅយ៉ាងលឿន។ ខ្ញុំមិនបានឃើញគាត់ច្បាស់ទេ ព្រោះងងឹតពេក ណាមួយគាត់រត់លឿនផង បន្សល់ទ្វារបើកចំហរចោលដូចរាល់ដង។
    «ហើយម្នាក់នេះកើតស្អី? គ្រាន់តែប៉ះក៏រត់បាត់!» ខ្ញុំគិតក្នុងចិត្ត។  ខ្ញុំរត់តាមម្នាក់នោះទៅខាងក្រៅតែគាត់មិនដឹងជារត់ដល់ណាបាត់ហើយ លឿននោះលឿន។ បន្ទាប់មកកងនាវឹកម្នាក់ដើរតម្រង់មករកខ្ញុំ
    «យប់ជ្រៅហើយលោកមិនទាន់សម្រាកទេហ្អែស?» នាវាជនម្នាក់នោះសួរខ្ញុំ ហើយខ្ញុំក៏តបទៅវិញ 
    «ខ្ញុំតាមបុរសម្នាក់ដែលនៅបន្ទប់ជាមួយខ្ញុំ។ មិនដឹងថាគាត់មានមុខយ៉ាងម៉េចទេ ព្រោះខ្ញុំមិនដែលឃើញមុខគាត់ផង។»
     «ហើយលោកស្នាក់នៅបន្ទប់លេខប៉ុន្មាន?»
    «លេខ១០៥»
    «លេខ១០៥?»គាត់ផ្ទួនហាក់ដូចជាមានអាថ៌កំបាំងអ្វីម៉្យាងមកបន្លាចបណ្ដាលឱ្យគាត់មានទឹកមុខភិតភ័យភ្លាមមួយរំពេជ។
    «បន្ទប់ខ្ញុំមានរឿងអីមែនទេ?» ខ្ញុំសួរ
    «គ្មានអីទេ តែលោកត្រូវប្រយ័ត្នខ្លួនផង រាត្រីសួស្ដី» ប្រាប់ហើយគាត់ដើរចេញបាត់ទៅ។ ខ្ញុំដឹងថាគាត់ព្យាយាមលាក់បាំងរឿងរន្ធត់អ្វីមួយទាក់ទងនឹងបន្ទប់នោះ។ ពេលកំពុងដើរទៅបន្ទប់គេងវិញ ខ្ញុំជួបនឹងស្ត្រីសំអាតអនាម័យម្នាក់។
    «បងស្រី សុំសួរមួយបានទេ?»
    «មានរឿងអីលោកទៅសួរនៅការិយាល័យចុះ ខ្ញុំជាអ្នកសំអាតទេ» គាត់បម្រុងនឹងដើរចេញហើយតែត្រូវខ្ញុំឃាត់ជាប់ 
    «ឈប់សិន បងស្រីក៏ប្រហែលជាដឹងរឿងនេះដែរ»
    «រឿងអីទៅ?»
    «គឺរឿងបន្ទប់លេខ១០៥»
    «បន្ទប់១០៥??» គាត់ភ្ញាក់ផ្អើលជាខ្លាំងដោយគ្រាន់តែឮលេខ១០៥ភ្លាម។ តើអាថ៌កំបាំងនោះជាអ្វីទៅ?
    «លោកចង់ដឹងរឿងនោះធ្វើអី?»
    «ព្រោះខ្ញុំស្នាក់នៅបន្ទប់នោះ»
    ស្ត្រីម្នាក់នោះងាកឆ្វេងស្ដាំដោយប្រុងប្រយ័ត្ន ដោយប្រាកដថាគ្មានមនុស្សនៅជុំវិញនេះហើយទើបគាត់ដាច់ចិត្តនិយាយ
    «តាមពិតខ្ញុំមិនចង់បាត់បង់ការងារនេះទេ តែខ្ញុំប្រថុយប្រាប់លោកទៅចុះ គេថាដំរីស្លាប់ទៅយកចង្អេរមកបាំងឯណាជិត , ខ្មោចទឹកនេះក៏ដូចគ្នា។ លោកដឹងទេ?កាលពីការចេញដំនើរ៤ជើងមុនមានមនុស្សស្លាប់៤នាក់មកហើយ , ពួកគេសុទ្ធស្នាក់នៅក្នុងបន្ទប់លេខ១០៥នោះ ខ្ញុំស្មានថាលោកកាពីទែនបង្គាប់ឱ្យគេបិទបន្ទប់នោះចោលហើយ ដឹងអីដោយចង់បានលុយពេកបន្ទប់មួយក៏មិនហ៊ានបិទ...»
    «និយាយស្អីហ្នឹង?» លោកកាពីទែនស្រែកគំហ៊កទៅកាន់ស្ត្រីអនាម័យមុននឹងបែរមុខមករកខ្ញុំ។
    «កុំជឿនាងអីនាងមិនដឹងរឿងស្អីទេ»
    «តែខ្ញុំចង់ដឹងការណ៍ពិត» ខ្ញុំនិយាយយ៉ាងម៉ឺងម៉ាត់។ និយាយឱ្យចំ ខ្ញុំធុញនឹងអាថ៌កំបាំងនានាដែលប្រឹងលាក់ តែមនុស្សដូចខ្ញុំកាន់តែលាក់កាន់តែចង់ដឹង។ 
    «ខ្ញុំនៅបន្ទប់លេខ១០៥ ហើយខ្ញុំមានអារម្មណ៍ថាមានអ្វីមិនប្រក្រតីនៅបន្ទប់នោះ»
    គ្រាន់តែប្រាប់គាត់ភ្លាមលោកកាពីទែនបើកភ្នែកធំៗ។ គាត់ទាញដៃខ្ញុំទៅអង្គុយ

    «កុំទាន់ចង់ដឹងអី ពេលនេះព្រឹកហើយ ទៅបរិភោគអាហារពេលព្រឹកជាមួយខ្ញុំសិនទៅ ចាំយប់នេះខ្ញុំនឹងទៅដេកបន្ទប់ជាមួយលោក»

    ពេលយប់បានមកដល់ លោកកាពីទែនបានមកបន្ទប់ខ្ញុំ គាត់បិទទ្វារ និងភ្លើងបន្ទប់ដោយបើកភ្លើងអំពូលរាត្រីជំនួស។ គាត់ដាក់គូទអង្គុយនឹងកៅអីឈើមួយ រីឯខ្ញុំអង្គុយលើគ្រែដេក។

    «បើលោកចង់ដឹងការពិតខ្ញុំក៏គ្មានអ្វីត្រូវលាក់ដែរ ខ្ញុំមិនចង់ឱ្យលោកក្លាយជាជនរងគ្រោះទី៥ទេ បន្ទប់លេខ១០៥នោះកាលពីការចេញដំនើរ៤ជើងមុននេះ គឺកាលពី១១ឆ្នាំមុន មានបុរសម្នាក់ជាមនុស្សឆ្គួតម្នាក់ពីមណ្ឌលអ្នកជំងឺផ្លូវចិត្ត បានរត់គេចពីទីនោះដោយលួចលុយមួយចំនួនមកទិញសំបុត្រកប៉ាល់ហើយស្នាក់នៅក្នុងបន្ទប់លេខ១០៥នេះ។ បន្ទាប់មក...» និយាយមិនទាន់ចប់ផងមានសំលេងបើកបង្អួចបន្លឺរឡើង។ សំលេងទឹកស្រក់សស្រាក់លើរនាបបន្ទប់លឺតក់ៗ។ ខ្យល់ត្រជាក់នៃមហាសមុទ្រខាងក្រៅបក់ចូលបន្ទប់វូរជាងកង្ហារ១០ដង។ រាងកាយមួយវារឡើងចូលគ្រែជាន់លើតាមបង្អួចទាំងខ្លួនទទឹកជោគ។ វាគឺជារូបរាងមានតែស្បែកដណ្ដប់ឆ្អឹង សក់វែងអន្លាយ សម្លក់មុខថ្លែរមករកពួកយើង ព្រោះដឹងថាមានមនុស្សមិនទាន់ដេក។ វាស្រាប់តែស្ទុះហក់វិបមកច្របាច់កលោកកាប់ពីទែន បណ្ដាលឱ្យគាត់ដួលស្រឹបទៅលើរនាប។ រាងកាយចំលែកច្របាច់ កលោកកាពីទែនកាន់តែខ្លាំង ឯខ្ញុំបានត្រឹមតែអង្គុយធ្មឹងស្រឡាំងកាំងនឹងអ្វីដែលបានឃើញ។ បិសាចនោះរត់ទៅបង្អួចហើយលោតចូលទៅក្នុងសមុទ្រវិញ។ ខ្ញុំរត់ទៅក្រៅរកអ្នកមកជួយលោកកាពីទែន។ គាត់បានស្លាប់បាត់ទៅហើយ ព្រោះដៃដ៏ត្រជាក់នោះបានបំបែកកញ្ចឹងករបស់គាត់។ ក្រោយមកបន្ទប់នោះត្រូវគេវ៉ៃដែកគោលពីក្រៅ និងចាក់សោរមិនឱ្យនរណាបើកបានទៀត។

    មកដល់ពេលនេះខ្ញុំនៅតែចងចាំហេតុការណ៍ដ៏សែនតក់ស្លុតនោះគ្មានថ្ងៃភ្លេច៕

    ចប់

    #Vasan
    កប៉ាល់ខ្មោច កប៉ាល់ខ្មោច Reviewed by Unknown on 7:33 AM Rating: 5
    Loading...
    Powered by Blogger.