រឿង ភ្នែកទីបី
ធារិទ្ធព្យាយាមលួងលោមភរិយាពីរឿងដែលបានជួបទាំងប៉ុន្មានលើផ្ទះនេះ។ នាយព្យាយាមពន្យល់ថាអ្វីៗវាគ្រាន់តែជាការព្រិលភ្នែកប៉ុណ្ណោះ តែឡាទីនៅតែមានមន្ទិលសង្ស័យ។ ភ្នែករបស់នាងចាប់ផ្ដើមមានបញ្ហាឡើងក្រហមនៅពេលខ្លះ ហើយការទៅជួបគ្រូពេទ្យក៏ពួកគេបានធ្វើច្រើនដងហើយដែរ។
«មិនអីទេ! បន្តក់ទឹកថ្នាំនេះទៀតទៅ ប្រាកដជាជាសះពីជំងឺចង្រៃនេះហើយ» ពាក្យបែបនេះនាយនិយាយច្រើនដងច្រើនសារមកហើយតែវាហាក់មិនដែលបានផលម្ដងណាសោះ។ កែវភ្នែកប្រៀបដូចជាដំបៅក្លាយដែលប៉ះតែបន្តិចនឹងពើតផ្សារមួយរំពេជ។ នៅថ្នក់ក្រោមភ្នែកឡើងក្រហមដូចកន្ទួលមូសខាំ។ នារីមានផ្ទៃពោះជិតគ្រប់ខែម្នាក់នេះដើរយឺតៗក្រឡេកទៅបង្អួចខាងក្រៅហើយលួចបង្ហូរទឹកភ្នែកតែម្នាក់ឯង។
«កុំគិតច្រើនពេក ភ្នែកអូននឹងជាវិញឆាប់ៗ។» ធារិទ្ធនៅតែផ្ដល់ក្ដីសង្ឃឹមដល់ឡាទីទាំងដែលដឹងថាវាកាន់តែធ្ងន់ធ្ងរបន្តិចម្ដងៗពីមួយថ្ងៃទៅមួយថ្ងៃ។ «ពេលនេះមានឈឺទៀតអត់?»
«ឈឺខ្លាំងណាស់!» និយាយចប់ភ្លាមទឹកភ្នែកក៏ហូរកាត់ផែនថ្ពាល់ដោយក្ដីឈឺចាប់។ នាងតែងលើកទឹកចិត្តខ្លួនឯងថាវាគ្រាន់តែជាជំងឺធម្មតាៗតែវាបែរជាមិនមានប្រយោជន៍ព្រោះដំបៅក្នុងភ្នែកនេះមិនឃើញជាមានតម្រុយអីនឹងសង្ឃឹមថាបានស្រាកស្រាន្តសោះ។ «បើខ្ញុំពិការភ្នែក, ខ្ញុំនឹងស្លាប់។ ខ្ញុំមិនអាចរស់នៅដោយគ្មានភ្នែកបានទេ។» និយាយរួចភ្នែកទាំងពីរឡើងសសៃរវៀមក្រហមជាំ។
«ឈឺម្ដងៗចង់តែស្លាប់ទេខ្ញុំ,» ឡាទីនិយាយទាំងយំសសឹក។
«កុំនិយាយបែបនេះប្រពន្ធសម្លាញ់!» ធារិទ្ធអង្អែលក្បាលប្រពន្ធសំណព្វចិត្តព្រមទាំងឱនទៅថើបពោះកំប៉ោងរបស់នាងដែលមានភាវៈមានជីវិតកំពុងសំងំនៅក្នុងនោះ។ «អូនមិនអាចស្លាប់ចោលបង និងកូនទេ។»
«បងមិនយល់ពីភាពឈឺចាប់របស់អូនឡើយ,» ឡាទីដូចជាខឹងនឹងភាពឈឺចាប់។ «រាល់ថ្ងៃខ្ញុំរង់ចាំថ្ងៃសូន្យ ចាំកូនកើតមក នឹងអាលស្លាប់ឱ្យបានស្រួល។»
មួយម៉ាត់ក៏ស្លាប់ ពីរម៉ាត់ក៏ស្លាប់ ធារិទ្ធពិតជាមិនចង់ឮពាក្យនេះទាល់តែសោះ។ នាយក៏ឈឺចិត្តអានិតភរិយាខ្លាំងណាស់ដែរដែលត្រូវទ្រាំឈឺចាប់ដើម្បីខ្លួន និងកូន។ បុរសម្នាក់នេះដើរទៅឆ្លុះកញ្ចក់មើលមុខខ្លួនឯងយ៉ាងស្ងៀមស្ងាត់ និងក្រៀមក្រំ។
«ប្រហែលជិតដល់ពេលដែលត្រូវប្រើវាហើយ។» នាយសម្លឹងទៅប្រអប់ខ្មៅម្យ៉ាងដែលដាក់ក្នុងទូកញ្ចក់ចាក់សោរ។
---
ពោះជិតគ្រប់ខែមែនទែនហើយ ភ្នែកឡាទីបានឡើងប៉ោងហើមក្រហមយ៉ាងខ្លាំង, នាងមិនអាចមើលអ្វីឃើញឡើយ ហើយគ្រប់យ៉ាងក៏ងងឹតសូន្យសុង។
ពេលឡាទីដឹងខ្លួនឡើង នាងមានអារម្មណ៍ថាអ្វីម្យ៉ាងកំពុងជញ្ជក់ចុងសុដន់របស់នាងដោយកម្លាំងតិចតួច។ នាងដឹងថាកូនរបស់នាងបានកើតមកហើយ នាងមានអារម្មណ៍រីករាយជាខ្លាំងហើយញញឹមញញែមបិទមាត់មិនជិត ពន្លឺនៃក្ដីសង្ឃឹមបានរះឡើង តែក៏ត្រូវអស់សង្ឃឹមទៅវិញ ព្រោះអ្វីដែលនាងអាចឃើញនៅពេលនេះគ្មានអ្វីលើសពីភាពងងឹតខ្មៅមើលអ្វីមិនឃើញ។
«មានអ្នកនៅជិតនេះទេ?» ឡាទីសួរដោយស្រវារឱបកូនទើបតែកើតថ្មីនេះ។
«បងនៅទីនេះហើយ,» ស្វាមីនាងឆ្លើយដូចជាមានអ្វីលាក់បាំង។ «អូនយ៉ាងម៉េចហើយ?»
«អូនធូរច្រើនណាស់ កូនជាអ្នកផ្ដល់កម្លាំងចិត្តដល់យើង!» នាងនិយាយទាំងរីករាយ តែក៏ស្រាប់តែប្រែទៅជាក្រៀមក្រំភ្លាមមួយរំពេជ។ «តែ...»
«តែអីទៅ?» ធារិទ្ធធ្វើជាសួរទាំងដែលបានដឹងស្រាប់ហើយ។
«តែមើលអីមិនឃើញទេ ងងឹតណាស់ ដូចបាត់បងអ្វីម្យ៉ាង។»
ធារិទ្ធប្ដូរទឹកមុខទៅជាមិនសប្បាយចិត្តភ្លាមមួយរំពេជ។ គាត់ក៏ឈឺចាប់ខ្លាំងដែរ ហើយដឹងថាភរិយាខ្លួននឹងពិបាកទទួលយកដំណឹងអាក្រក់នោះ។ នាយអង្អែលក្បាលភរិយារួចថើបដោយក្ដីស្រឡាញ់។
«កូនយើងស្អាតណាស់អូន!»
«អូនចង់ឃើញណាស់!» ឡាទីនិយាយទាំងតក់ក្រហល់។
«តែអូនបាត់បង់ភ្នែកហើយ ពេទ្យបានវះវាចេញបាត់ទៅហើយ ព្រោះវាលែងប្រើការកើត។» ធារិទ្ធនិយាយទាំងមិនចង់។ «បងអានិតខ្លាំងណាស់។»
«ហេតុអី?» ឡាទីស្រែកទាំងគ្មានកម្លាំង។ «ទេ!!!! មិនអាចទេ ខ្ញុំនឹងខ្វាក់ភ្នែកមែនទេ?» នាងស្រែកយំទាំងគ្មានទឹកភ្នែក។
«មែនហើយ វាជាការពិតហើយអូន!»
«ពុទ្ធោអើយ ពុទ្ធោ មាននរណាយល់អារម្មណ៍នេះ?» ឡាទីបង្អន់សំឡេងនាងបន្តិចវិញ។ «ខ្ញុំបានសន្យាហើយថាបើបាត់បង់ភ្នែក ខ្ញុំនឹងស្លាប់។»
«អូនមិនអាចស្លាប់បានទេ!» ប្ដីនាងព្យួាមសម្រួលអារម្មណ៍ភរិយា។ «បងសន្យានឹងធ្វើឱ្យអូនមើលឃើញវិញ។»
«តើបានការពិតមែនហ្អែស?» ឡាទីសួរស្វាមីទាំងដឹងថាមានភាគរយតិចណាស់ដែលនាងអាចមើលឃើញវិញ។ «បានយ៉ាងម៉េចទៅ?»
«កុំភ័យ បងសន្យា បងនឹងធ្វើវាឱ្យបាន។» ធារិទ្ធសន្យានឹងយក“វានោះ”មកប្រើការឡើងវិញ។
«កូនយើងស្រីឬប្រុសបង?»
«កូនប្រុស។»
«អូនចង់ឃើញណាស់!»
«កុំតក់ក្រហល់អី ឆាប់ៗនេះហើយ។»
បន្ទាប់ពីដេកសម្រាកបាន២ថ្ងៃ, ប្ដីប្រពន្ធនេះបានមកសម្រាកនៅផ្ទះវិញ ព្រោះវាស្រួល និងសុវត្ថិភាពជាងមន្ទីរពេទ្យ។ បន្ទាប់ពីឡាទីបំបៅដោះកូនហើយ, ធារិទ្ធក៏និយាយនឹងប្រពន្ធដោយសម្ដីទន់ភ្លន់គួរឱ្យចង់ស្ដាប់។
«គេងទៅអូន! យប់ហើយ»
«ចាស បងគេងដែរទៅ! បងប្រាកដជាហត់ខ្លាំងហើយមើលទៅ។»
ធារិទ្ធញញឹម ហើយពេលដែលដឹងថាភរិយាខ្លួនដេកលក់ហើយនោះ, នាយបានចាក់ថ្នាំឱ្យនាងសន្លប់ រួចយកប្រអប់អ្វីម្យ៉ាងមកក្បែររួចចាប់ម្ជុលដោតកណ្ដាលថ្ងាស់ភរិយាដែលដេកស្កប់ស្កល់ឥតដឹងខ្លួន។
---
ឡាទីដឹងខ្លួនឡើង នាងបើកភ្នែកតិចៗដូចជាស្រៀវនឹងពន្លឺ។ ភ្នែកព្រឹលបានប្រាកដបន្តិចម្ដងរហូតអាចមើលអ្វីបានច្បាស់ចែស។ នាងរីករាយណាស់ព្រោះអាចមើលឃើញវិញហើយ តែដូចជាមិនទូលំទូលាយសោះ។ យ៉ាងណាវាជាការរីករាយបំផុតដែលនាងគ្មានសង្ឃឹមថាខ្លួនអាចធ្វើបាន។ អ្វីដែលឡាទីក្រឡេកមើលមុនគេបំផុតនោះគឺកូនតូចរបស់នាង គេនៅតូចតែមើលទៅដូចជាមិនមែនទើបតែកើតទេដូចបាន២ខែអីហើយ។
«នេះខ្ញុំសន្លប់យូរប៉ុណ្ណា?» ឡាទីលាន់មាត់ខណៈដែលប្ដីនាងដើរចូលមកល្មម។ «តើយូរប៉ុណ្ណាទៅ?»
«អូនសន្លប់យូរហើយ,» ធារិទ្ធព្យាយាមលាក់បាំងការពិត ទាំងដែលដឹងថាថ្ងៃណាមួយវាគង់នឹងធ្លាយ។ «ពេលនេះអស់អីហើយ អូនមើលកូនយើងស្អាតណាស់។»
ឡាទីនៅតែងាកមើលបន្ទប់ជុំវិញនេះ ឃើញថាដូចជាបានកែប្រែត្រង់ចំនុចខ្លះ។ មែនហើយ គឺកញ្ចក់ឆ្លុះមុខដ៏ធំដែលដាក់ខាងលិចបន្ទប់ ឥឡូវត្រូវនរណាដកយកចេញទៅណាបាត់ដោយមូលហេតុអ្វីមួយក៏មិនដឹង។
«អ្នកណាដកកញ្ចក់ចេញ?» នាងសួរទៅធារិទ្ធ។
«បងជាអ្នកដកចេញ!» ធារិទ្ធតបទៅភរិយាទាំងលាក់បាំង។ «អូនត្រូវសន្យានឹងបងរឿងមួយបានទេ?»
«ចាសបាន រឿងអីទៅ?»
«ទោះជាយ៉ាងណា ហាមមើលកញ្ចក់ជាដាច់ខាត។» ធារិទ្ធហាមប្រពន្ធដោយទឹកមុខយ៉ាងមាំ។ «ហើយអំពីកូនយើង គឺថា...»
«ថាយ៉ាងម៉េចទៅ?» ឡាទីសួរដោយចង់ដឹងព្រោះចាំប្ដីដំអក់យូរ។ «ថាយ៉ាងម៉េច? ប្រាប់ម៉ោ!!!»
«ចាំកូនយើងបាន៥ឆ្នាំសិន បងនឹងប្រាប់ការពិត។»
«ចា,» នាងតបដូចជាខឹងបន្តិច។ «មិនបាច់ប្រាប់រហូតក៏ល្អដែរ។»
«តែបងគង់តែនឹងប្រាប់ ព្រោះការពិតវានៅតែជាការពិត។»
«ចឹងហេតុអីបានជាមិនឱ្យអូនមើលកញ្ចក់?»
«មិនបាច់ចង់ដឹងហេតុផលទេ ដឹងត្រឹមថាកុំមើលអី!» ប្ដីនាងហាមយ៉ាងតឹងរឹង។ ឡាទីមនុស្សមិនសូវសួរដេញដោលក៏តាមការហាមរបស់ប្ដីទាំងមិនដឹងមូលហេតុពិត។ ប្ដីនាងប្រាប់ថាចំណាំងកញ្ចក់នឹងជះពន្លឺធ្វើឱ្យងងឹតភ្នែក ព្រោះភ្នែកនាងខ្សោយស្រាប់ផង។ ម៉្លោះហើយ, ឡាទីក៏ធ្វើតាមប្ដី នាងមិនទាមទារមើលកញ្ចក់អស់មួយសប្ដាហ៍។
ឡាទីរស់នៅជាមួយកូន និងប្ដីយ៉ាងរីករាយ តែធារិទ្ធតែងព្រួយគ្រប់ពេលវេលា ខ្លាចរឿងប៉ុន្មានត្រូវបែកធ្លាយ។ ការពិតនៅតែជាការពិត ថ្ងៃនេះមិនដឹង ថ្ងៃណាមួយគេគង់តែនឹងដឹង, ពាក្យនេះធារិទ្ធបានដឹងច្បាស់ក្នុងចិត្តទៅហើយ តែយ៉ាងណាក៏គាត់ត្រូវតែលាក់វាឱ្យនៅតែក្នុងភាពអាថ៌កំបាំងជានិច្ច។
«បង អូនចង់ទៅក្រៅញ៉ាំអីខ្លះ កូនយើងធំល្មមពរលេងខាងក្រៅបានហើយ។» ឡាទីបបួលស្វាមី។ ធារិទ្ធ កាលបើប្រពន្ធបបួលហើយ ខ្លួនចង់បដិសេធមិនចង់ទៅទេ ព្រោះខ្លាចអ្នកផងឃើញសម្រស់ដ៏មិនគួរឱ្យចង់មើលរបស់ប្រពន្ធនៅពេលនេះ តែបើបដិសេធទៅដូចជាចិត្តដាច់ពេក ណាមួយច្បាស់ជាជាប់ការសង្ស័យ ក៏ងក់ក្បាលយល់ព្រមទាំងមន្ទិល។ នាយរត់ទៅរករថយន្តហើយកាច់កញ្ចក់មើលក្រោយគ្រវាត់ចោលមុចពេលប្រពន្ធបីកូនប្រុសមក។ ពីរនាក់ប្ដីប្រពន្ធជិះរថយន្តដើរលេងតាមទីក្រុង ប្រពន្ធឃ្លានក៏សុំប្ដីចុះញ៉ាំអី។ ប្ដីមិនយល់ព្រមទេ សុខចិត្តចុះទៅទិញឱ្យ ហើយច្រកយកទៅញ៉ាំនៅផ្ទះ។ យប់ឡើង, ឡាទីកំពុងតែដេកតែពីរនាក់នឹងកូនតូច ឯស្វាមីទៅចូលរួមពបិធីការមិត្តភក្ដិ។ នាងកំពុងដាក់កូនឱ្យដេកស្រាប់តែនាងឮសម្រឹបជើងស្រាលៗដើរមករកនាង។ នាងនឹកថាជាធារិទ្ធត្រលប់មកពីស៊ីការគេវិញ តែពេលបែរខ្នងទៅក៏ឃើញនរណាម្នាក់សក់វែងមុខសស្លេកដើរមករកដោយក្រចកដៃវែងៗមករកនាង។
«អ្នកជានរណា?» ឡាទីស្រែកដោយភិតភ័យ។ «ម៉េចក៏លូកដៃមកចឹង?»
«របស់យើង!!!!» ស្ត្រីម្នាក់នោះនិយាយតិចៗយ៉ាងត្រជាក់ព្រឺឆ្អឹងខ្នង។ «របស់យើង!!!»
«របស់យើងស្អីមនុស្សឆ្គួត!!!» ឡាទីស្រែកខ្លាំងៗ។ «ចេញឱ្យឆ្ងាយទៅ!!!»
ស្ត្រីដ៏គួរឱ្យខ្លាចនោះដើរមកកាន់តែជិតហើយលូកដៃមកច្របាច់កនាង។ ឡាទីឃើញថាស្ត្រីនោះមានភ្នែកតែម្ខាងតែប៉ុណ្ណោះហើយកំពុងសម្លឹងមើលកូននាង។
«ចេញទៅ!!!!»
ស្ត្រីនោះមើលមុខកូនតូចដែលកំពុងតែដេកហើយលូកដៃមកប្រុងខ្វេះភ្នែកឡាទី។
«ចេញទៅមនុស្សឆ្គួត!!!!» នាងស្រែកផងយំផង។ ស្របពេលនោះដែរ, ធារិទ្ធក៏ដើរចូលមកផ្ទះល្មម។
«បងរិទ្ធជួយផង!!!» ធារិទ្ធរត់មកឱបប្រពន្ធសម្លាញ់ហើយសួរ៖
«មានរឿងអី?»
«គឺៗ...» ឡាទីព្យាយាមឆ្លើយទាំងនៅភ័យដង្ហក់។ «គឺអំបាញ់ម៉ិញនេះមានស្ត្រីម្នាក់មករកខ្ញុំនាងលូកដៃប្រុងខ្វេះភ្នែកខ្ញុំ ខ្ញុំភ័យណាស់បង!!!»
ធារិទ្ធអង្អែលក្បាលលួងលោមភរិយាវ័យក្មេងរបស់ខ្លួនឱ្យអន់ភ័យ។ នាយជឿលើរឿងនេះព្រោះ...នាយជាអ្នកដឹងការពិតទាំងអស់។
«អស់អីហើយ ដេកវិញចុះ។»
---
ប៉ុន្មានថ្ងៃក្រោយមក, មានគេទាក់ទងធារិទ្ធពីស្រុកមកថា លោកតារបស់គាត់បានទទួលមរណភាពហើយ។
«បងត្រូវទៅបុណ្យលោកតា អូននៅផ្ទះមើលកូនចុះ»។
«ទេ!!! អូនចង់ទៅដែរ!!! នេះបងឯងមិនឱ្យទៅយ៉ាងម៉េច?» ឡាទីទាមទារទៅបុណ្យ។ «កូនយើងធំល្មមហើយ ដូច្នេះយើងអាចពរទៅមើលតាបានតើ! ម៉េចចាំបាច់ឱ្យនៅផ្ទះ?»
«អូខេ ទៅក៏ទៅ,» ធារិទ្ធងក់ក្បាលទាំងបង្ខំ។ «តែអូនត្រូវសន្យាកុំមាត់ជាមួយនរណាដែលសួរពីភ្នែកអូន ឮទេ?»
«ចាស,» ឡាទីឆ្លើយដោយងក់ក្បាល។ «អូនសន្យា។» នាងឆ្ងល់ពីហេតុផល តែមិនហ៊ានសួរប្ដីច្រើនទេ។ ពួកគេឡើងរថយន្តបរចុះផ្លូវស្ងាត់មួយហើយបន្តយ៉ាងវែងឆ្ងាយរហូតមកដល់ស្រុកស្រែនៃទីដែលមនុស្សអ៊ូអរ មានរោងសខ្មៅរៀបចំមុខគេហដ្ឋានមធ្យមមួយបញ្ជាក់ថាជាផ្ទះបុណ្យ។ គ្រាន់តែឡាទីដើរចុះពីរថយន្តភ្លាម, ម្នាក់ៗមើលស្លាក់ស្លែហើយចាប់ផ្ដើមខ្សឹបខ្សៀវគ្នាពីរឿងមិនល្អ។ ឡាទីមានអារម្មណ៍ចម្លែកនឹងអ្នកភូមិទាំងនេះណាស់ តែមិនខ្វល់ នាងយកកូនប្រុសនាងទៅក្បែរម្ដាយក្មេក។ ពេលហ្នឹង, ម្ដាយក្មេកនាងកំពុងនិយាយគ្នាជាមួយចាស់ៗពីរបីនាក់ ដល់ពេលនាងទៅក្បែរហើយសំពះជំរាបសួរ គ្រាន់តែគាត់បែរមកមើលភ្លាម, ចាស់ៗពីរបីនាក់នោះរត់ចុះពីផ្ទះភ្លាម ឯម្ដាយក្មេកមើលមុខឡាទីដោយស្រឡាំងកាំង។...
(សូមចុចអានភាគបញ្ចប់ខាងក្រោមនេះ)
រឿង ភ្នែកទីបី
Reviewed by Unknown
on
7:14 PM
Rating: