>
  • ទំព័រដើម
  • រឿង រូបកាយ

     
     
    ដោយ : លី លេងហាក់

    លោកយាយសម្លក់មុខខ្ញុំហើយស្រែក៖

    «ឯងត្រូវស្លាប់ក្នុងខែនេះហើយ!» គាត់ធ្វើរបៀបនេះធ្វើឱ្យខ្ញុំមានអារម្មណ៍ភិតភ័យ។ ម៉ាក់គំហ៊កទៅគាត់៖

    «ម៉ែកុំនិយាយផ្ដាសដាក់កូនខ្ញុំ! វាមានរឿងអីត្រូវស្លាប់ ព្រះពរនឹងចូរមានដល់វាគ្រប់ពេល»

    ម៉ាក់ជាកាតូលិកសាសនិកស៊ុបមិនដែលជឿរឿងព្រាហ្មសាសនាឡើយ។ គាត់ជារឿយៗប្រដៅខ្ញុំថាព្រះជាម្ចាស់ជាអ្នកបង្កើតលោកបង្កើតចក្រវាឡ ខណៈដែលផែនដីវិទូអះអាងថាកើតដោយធម្មជាតិសោះ។ គាត់ជឿសាសនានេះតាមលោកតាហើយស្ដាប់តាមឱវាទព្រះក្នុងគម្ពីរប៊ីប៊លគ្មានខុសចន្លោះ។ ផ្ទុយទៅវិញ , លោកយាយជាអ្នកកាន់សាសនាព្រាហ្មយ៉ាងស៊ុប រហូតដល់ក្នុងផ្ទះសម្បូរដោយគ្រឿងសក្ការៈបាយសីទៀនធូប។ លោកតាស្លាប់ទៅ៨ឆ្នាំហើយលោកយាយគាត់បើករបរបោកប្រាស់អ្នកភូមិដោយការទាយអាយុសង្ខារ ដាក់ស្នេហ៍ និងចូលរូប។ ហេតុនេះធ្វើឱ្យម៉ាក់មិនសូវមកលេងលោកយាយទេ តែថ្មីៗនេះមានគេឱ្យដំនឹងថា លោកយាយជរាខ្លាំង ម៉ាក់ និងខ្ញុំខំជិះតាក់ស៊ីមកមើល ដឹងអីជាល្បិចបោករបស់គាត់មកដាក់ទំនាយខ្ញុំទាំងរស់ទៅវិញ។ ថាទៅការដែលគាត់ថាខ្ញុំត្រូវស្លាប់ក្នុងខែនេះមិនបានធ្វើឱ្យខ្ញុំខឹងគាត់សោះ តែបែរជាចាប់អារម្មណ៍ទៅវិញ។ ប៉ុន្មានថ្ងៃនេះខ្ញុំជួបគ្រោះថ្នាក់ច្រើនតែសំណាងល្អមិនគ្រោះធ្ងន់ធ្ងរ។ ម្សិលម្ងៃ៉កាលនៅភ្នំពេញ ទៅទិញដូងអ្នកលក់លើផ្លូវផឹក ឱ្យអ្នកលក់កាប់ឱ្យ កំពុងតែកាប់ស្រាប់តែរបូតដៃគ្រវែងវិះនឹងត្រូវ-កខ្ញុំទៅហើយ។ លោកយាយ និងម៉ាក់កំពុងប្រកែកគ្នាទ្រហឹងពេញផ្ទះវែកញែករឿងរ៉ាវអរូបិយដោយប្រកាន់យកឈ្នះរៀងៗខ្លួន។ ខ្ញុំធុញពួកគាត់ពេកក៏ចុះដើរលេងមើលទេសភាព។ មេឃងងឹតទៅហើយ។ ខេត្តនេះជាក្រុងទំនើបតែមានដីវាល មានស្រែមានចម្ការ មិនដូចនៅភ្នំពេញមនុស្សនៅណែនប៉ែស។ ខ្ញុំធ្លាប់នៅទីនេះដែរកាលពីតូច។

    ខ្ញុំកំពុងឈរលើវាលស្មៅដ៏ធំល្វឹងល្វើយខៀវក្រាស់ដូចកម្រាលព្រំ ដែលគ្របដណ្ដប់ដោយពន្លឺព្រះចន្ទ្រាពណ៌លឿងដូចមាស ជះរស្មីមកលើវាលរហោដ្ឋាននេះ បណ្ដាលឱ្យចក្ខុទាំងគូ សម្លឹងឃើញស្លាកយីហោតូចមួយដាក់ព្រួញចង្អុលទៅទឹសខាងលិច ដោយមានសរសេរថា “ក្រុមហ៊ុនធានាជីវិត ហ្វីនឡៃ ( Finlife Guarantee FG) ”។ ក្រលេកមើលទៅខាងលិចក៏ត្រូវភ្ញាក់ព្រើតទៅនឹងអគារដ៏ធំខ្ពស់ប្រហែលជាង10ជាន់។ ខ្ញុំមានអារម្មណ៍ថា ទីនេះពីមុនគឺជាវាលស្មៅដែលខ្ញុំធ្លាប់មកលេងបាល់ជាមួយមិត្តភក្ដិល្ងាចៗកាលពីខ្ញុំនៅតូច។ តែកន្លងមក10ឆ្នាំជាងមកហើយដែលខ្ញុំមិនដែលមានវត្តមាននៅទីនេះ។ រូបភាពអតីតកាលពីកុមារភាពបានផុសអណ្ដែតឡើង ជាមួយសំលេងសើចសប្បាយអឺងកង...ដែលពេលនេះបែរជាស្ងាត់ឈឹង។ មានអ្វីម្យ៉ាងកំពុងរំលឹកខួរក្បាលដែលភ្លេចទៅជាយូរឆ្នាំមកហើយ ... កាលពីមុនដូចជាមានហេតុការណ៍...ដូចជា...

    អគារនេះមានភ្លើងចិញ្ចែងចិញ្ចាច។ ថ្វីត្បិតតែពេលនេះម៉ោងជិត10យប់ទៅហើយក្ដី ក៏ខ្ញុំឃើញតាមបង្អួចកញ្ចក់ នូវបុគ្គលិកនានាធ្វើការធម្មតា។ ខ្ញុំស្រាប់តែមានអារម្មណ៍ថាចង់ចូលសាកសួរព័ត៌មានក្នុងការិយាល័យនេះ តែចេះតែភ័យខ្លាចយ៉ាងម៉េចមិនដឹងទេ ។ភាពភ័យខ្លាចបានរលាយបាត់អស់ទៅវិញបន្ទាប់ពីមាននារីម្នាក់បន្លឺរឡើង ៖

    «សួស្ដីលោកថេនីក តើលោកត្រូវការអ្វីដែរ?អញ្ជើញចូលខាងក្នុងសិនមកនៅខាងក្រៅខ្យល់ខ្លាំងណាស់ ហើយស្ងាត់ទៀតផង។»

    «អត់អីទេ ខ្ញុំគ្រាន់តែឆ្ងល់ថានៅទីនេះជាការិយាល័យអ្វី? ហើយអំបាញ់ម៉ិញអ្នកនាងហៅឈ្មោះខ្ញុំយ៉ាងត្រឹមត្រូវ អ្នកនាងស្គាល់ខ្ញុំមែនទេ?»

    នារីស្រស់ស្អាតសើចតិចៗបណ្ដាលឱ្យជង្គង់គ្របទៅដោយសំពត់ស៊ីបបត់ខ្លីរញ្ជួយទៅតាមសូរសំនើច។

    «ចាសយើងខ្ញុំស្គាល់មនុស្សទាំងអស់» នាងនិយាយបែបនេះធ្វើអោយខ្ញុំកាន់តែមិនយល់លើសដើម។

    «បើចឹងមែន?នាងស្គាល់ម៉ាក់ខ្ញុំទេ?»

    «អ៊ុំថាក់ពេលនេះសុខសប្បាយជាទេ?»

    ខ្ញុំមិនតបហើយសម្លឹងមើលផ្លាកអក្សរលើខ្លោងទ្វារម្ដងហើយម្ដងទៀត។ នាងអញ្ជើញខ្ញុំឱ្យចូលទៅខាងក្នុងដើម្បីផ្ដល់ព័ត៌មាន។ ខ្ញុំអង្គុយលើកៅអីមួយដែលមានអ្នកទទួលភ្ញៀវម្នាក់លើកវាមក។ ស្ត្រីដែលអញ្ជើញខ្ញុំមកអំបាញ់ម៉ិញបានអង្គុយទល់មុខខ្ញុំដាក់ដៃលើតុ ញញឹមតិចៗយ៉ាងរាក់ទាក់ហើយសួរ៖

    «លោកចាប់អារម្មណ៍សេវាកម្មយើងខ្ញុំទេ? គឺចង់ប្រាប់ថាលោកកំពុងតែមានគ្រោះថ្នាក់។»

    ខ្ញុំអេះអុញលីលើ ព្រោះមិនសូវយល់។

    «សេវាកម្មអីគេ ហើយក្រុមហ៊ុននេះជាក្រុមហ៊ុនអី ខ្ញុំមិនយល់ទេ»

    «ចាស ក្រុមហ៊ុននេះគឺជាក្រុមហ៊ុនធានាជីវិត ហ្វីនឡៃ ជាក្រុមហ៊ុនធំជាងគេបង្អស់បើកគ្រប់សាខាគ្រប់ប្រទេស បើក២៧ឆ្នាំហើយនៅកម្ពុជា» នាងនិយាយព្រមទាំងចង្អុលទៅផ្លាកតាបឡូកញ្ចក់ LCD ធំបង្អួតការអបអរសាទខួបទី២៧ឆ្នាំជាភ័ស្តុតាងគួរឱ្យទុកចិត្តបន្តិច។ នាងលើកសំនុំឯកសារមួយបាច់ធំ។

    «បើលោកចាប់អារម្មណ៍ធានាជីវិតសូមបំពេញតាមសំណុំបែបបទតាមដែលដាក់នេះឱ្យបានត្រឹមត្រូវឥឡូវនេះ»។

    ខ្ញុំរេរាមិនទាន់សូវច្បាស់។ ឃើញបែបនេះនាងបន្ថែម៖

    «លោកប្រហែលជាមិនយល់អ្វីជាការធានាជីវិតទេមែនទេ? វាគឺជាការធានារបស់ក្រុមហ៊ុនដែលធានាមិនធ្វើឱ្យបុគ្គលម្នាក់នោះស្លាប់មុនអាយុដែលបានកំណត់ពីឋានយមរាជឡើយ» នាងញញឹមដាក់ខ្ញុំហើយបន្តវាចាដ៏ស្រួយស្រេះ «មានមនុស្សមិនតិចទេដែលស្លាប់មុនអាយុកំនត់ អាចជារូបលោកផងក៏ថាបាន។ មនុស្សម្នាក់ៗមុនពេលកើតបានកំណត់ពីអាយុក្ខ័យស្លាប់ទាំងអស់គ្នាដោយឋាននរក។ អ្នកខ្លះត្រូវស្លាប់នៅអាយុ៦០ឆ្នាំតែបែរជាឡានបុកស្លាប់នៅអាយុ៣០ឆ្នាំទៅវិញ។ ប្រសិនបើលោកប្រើប្រាស់សេវាកម្មមួយនេះ លោកនឹងមិនខកបំណងទេ។» 

    «ចុះខ្ញុំត្រូវអស់អាយុនៅអាយុប៉ុន្មាន?» ខ្ញុំឧទានកាត់។ «ហើយប្រើសេវាកម្មនេះត្រូវបង់ប្រាក់ប៉ុន្មានដែរ?»

    «ចាស! សេវាកម្មនេះមិនគិតប្រាក់ទេ តែប្រសិនបើប្រើត្រូវកាត់អាយុ២ឆ្នាំ លោកចូលក្នុងទូរស្កែននេះសិនមក។»

    នាងទាញដៃខ្ញុំឱ្យចូលក្នុងទូរអេឡិចត្រូនិចមួយ បន្ទាប់មកមានពន្លឺរបៃតងអូសចុះឡើងៗលើសារពាង្គកាយខ្ញុំ។ នាងបើកទ្វារទូរឱ្យខ្ញុំចេញវិញហើយនិយាយ៖ 

    «លទ្ធផលបង្ហាញថាលោកនឹងស្លាប់នៅអាយុ៥៨ឆ្នាំ ក្នុងអាយុនោះទោះជាលោកគេចវេសយ៉ាងណាក៏គង់តែនឹងស្លាប់ តែដែលសំខាន់...»

    «សំខាន់ខ្ញុំអាយុប៉ុណ្ណេះទុកថាអាយុវែងហើយ ខ្ញុំមិនប្រើសេវាកម្មនេះទេ ខាតអាយុដល់ទៅ២ឆ្នាំ» ខ្ញុំប្រាប់ចំៗទៅបុគ្គលិកក្រុមហ៊ុនឆ្គួតឡប់ម្នាក់នេះ។ នាងញញឹមបន្តិចហើយបន្តការបញ្ចុះបញ្ចូលទៀត។

    «លោកប្រាកដទេឬថាលោកនឹងមានអាយុដល់៥៨ឆ្នាំ? មានអ្នកខ្លះអាយុចែងដល់១០៣ឆ្នាំតែបានតែអាយុ៤ឆ្នាំស្លាប់បាត់។ មិនអីទេ បើលោកមិនទាន់សម្រេចចិត្តទេ លោកគិតមើលសិនបានចាំមកទីនេះម្ដងទៀត តែកុំភ្លេចថាបើលោកប្រើប្រាស់សេវាយើងខ្ញុំ ទោះមានគ្រោះថ្នាក់យ៉ាងណាក៏លោកមិនស្លាប់ដែរត្រាតែដល់អាយុកំនត់ ជូនពរសំណាងល្អ សម្រេចយ៉ាងណា មកជួបយើងខ្ញុំនៅទីនេះថ្ងៃស្អែកណា។»

    និយាយតែប៉ុណ្ណេះអគារធ្វើការទាំងមូលក៏រលាយបាត់ ខ្ញុំខ្លួនឯងកំពុងដេកលើវាលស្មៅ។ ខ្យល់ត្រសៀកៗបក់លើវាលស្មៅបៃតងក្រាស់ទន់ល្មើយ បន្តិចមកក៏ចាប់អារម្មណ៍ថាមានតំណក់គ្រាប់ភ្លៀងធ្លាក់ចុះ និងសំលេងផ្គរលាន់ក៏បន្លឺឡើងដែរ។ ខ្ញុំប្រញ៉ាប់ងើបចេញហើយរត់តម្រង់ទៅផ្លូវ។ រន្ទះបញ្ចេញសំលេងគម្រាមខ្ញុំឱ្យរត់បាតជើងសព្រាត។

    ផាំង!!!...

    សំលេងរន្ទះបាញ់ពីក្រោយខ្នងលាន់ទ្រហឹងរង្គើរខ្ទ័រអស់ដី។ 


    ---


    មិនដឹងថាខ្ញុំសន្លប់មកយូរប៉ុណ្ណាទេតែពេលបើកភ្នែកឡើងគឺឃើញខ្លួនឯងដេកលើវាលស្មៅដដែល។ មេឃភ្លឺចិញ្ចាញ ខ្ញុំដើរចូលផ្លូវមមាញឹកមួយ។ យាន្តយន្តគ្រប់បែបបរពាសពេញពពាក់ពពូន។ រំពេចនោះមានរថយន្តដឹកអីវ៉ាន់ធំមួយជ្រុលចង្កូតកិនស្ត្រីឆ្លងថ្នល់ម្នាក់ប្រកាច់ស្លាប់ភ្លាមមួយរំពេច។ ជើងខ្ញុំញ័រទទ្រើកឈរស្ទើរដួលព្រោះជួបហេតុការណ៍ស្ដែងៗពេក។ នេះបើយោងតាមសម្ដីបុគ្គលិកអ្នកធានាជីវិតស្អីហ្នឹង មីងម្នាក់នេះត្រូវស្លាប់មុនអាយុដែលយមឋានកំណត់មែន។ គេអាចកំណត់អាយុស្លាប់បានតែមិនអាចប្រាកដថាបុគ្គលនោះរស់ដល់អាយុដែលកំនត់នោះបានទេ។ មនុស្សម្នារឈរត្រៀបត្រារោមជុំជិតសាកសពតៃហោងឡានកិនដាច់កំណាត់ជាពីរនេះ គួរឱ្យខ្លាចណាស់ មនុស្សមាត់ប៉ប៉ោចអំបាញ់ម៉ិញ អីឡូវស្លាប់បាត់ហើយ។ ក្នុងចំនោមមនុស្សទាំងឡាយនោះខ្ញុំឃើញបុរសម្នាក់មាឌស្លៀកចងក្បិនបុរាណក្រហម ដើរចូលហ្វូងមនុស្សហើយទាញព្រលឹងអណ្ដែតឡើងលើបន្តិចរួចចុះទៅក្នុងដីទាំងពីរនាក់។ គាត់គឺយមទូត។ ខ្ញុំស្ទើរមិនជឿភ្នែកខ្លួនឯងពេលបានជួបហេតុការណ៍ផ្ទួនៗបែបនេះ។ ភ្នាក់ងារខាងឋាននរកពិតជារហ័សមែន តែបើមិនរហ័សបែបនេះទេ ព្រលឹងប្រាកដជារត់អស់មិនខាន។ ឆ្ងល់ហេតុអីខ្ញុំអាចមើលឃើញអ្វីដែលអ្នកផ្សេងមិនឃើញ? ឬមួយក៏មកពីលែនថ្លាពាក់ភ្នែកមួយគូរនេះ? ខ្ញុំដូចជាលែងសូវតក់ស្លុតហើយ។ គ្រោះថ្នាក់ សេចក្ដីស្លាប់មាននៅគ្រប់ទីកន្លែង។ 

    រ៉ឺង....

    «អាឡូម៉ាក់!» ខ្ញុំសួរទៅម៉ាក់។

    «ឯងនៅឯណា?មកផ្ទះមក យាយឯងថាឯងកំពុងមានគ្រោះថ្នាក់!!!» គាត់និយាយទាំងភ័យៗ ធ្វើឱ្យខ្ញុំស្រងាកចិត្ត។

    «ម៉ាក់ជឿលោកយាយហើយ?» 

    «ម៉ាក់មិនសូវជឿទេតែឆាប់មកផ្ទះ។ បានហើយ»

    ខ្ញុំមិនបានទៅផ្ទះ តែបែរជារត់ទៅវាលដែលឃើញកាលពីយប់ម៉ិញ។ នៅទីនេះស្ងាត់ឈឹង មានតែសំលេងខ្យល់បក់រំហើយជាមួយនឹងសំលេងចាបស្រែកច្រៀងខ្ញៀវខ្ញារ។ ខ្ញុំដើរទៅផ្ទះទាំងទុក្ខសោក។ គួរឱ្យស្មុកណាស់តើលោកយាយនិយាយនេះជាការពិតឬ?

    មួយថ្ងៃនេះ លោកយាយគិតតែពីទន្ទេញថា ខ្ញុំនឹងត្រូវស្លាប់ឆាប់ៗនេះ។ ជាញឹកញាប់ ម៉ាក់ស្រែកគំហកបន្ទោសលោកយាយកុំឱ្យនិយាយរឿងអភមង្គលនេះដដែលៗ។ តាមពិតខ្ញុំដឹងថាម៉ាក់ក៏ជឿលើលោកយាយតិចៗដែរ។ គេធ្លាប់និយាយថាចាស់ៗដែលជរាខ្លាំង បើនិយាយអីច្រើនតែពិត។ លោកតាកាលគាត់នៅរស់ជិតស្លាប់គាត់ប្រាប់ថាផ្ទះនេះនឹងត្រូវឆេះបើប្រហែស។ មិនយូរសោះភ្លើងធូបដែលដុតឧទ្ធិសវិញ្ញាណ្ខ័នលោកតាធ្លាក់ត្រូវកន្ទេលឆេះទ្រលោម។ សំណាងកាលនោះគេពន្លត់បានកុំអីផ្ទះទាំងមូលប្រហែលត្រូវព្រះអគ្គីត្របាក់លេបអស់ហើយ។ ខ្ញុំមិនប្រាកដរឿងនេះដែរតែបើជឿលេងៗក៏វាមិនខាតអីដែរ។ គួរឱ្យឆ្ងល់ខ្លាំងណាស់ ហេតុអីលោកយាយថាខ្ញុំត្រូវស្លាប់ឆាប់ៗ ឯធានាជីវិតថាខ្ញុំត្រូវស្លាប់អាយុ៥៨?មួយណាឱ្យប្រាកដ?ធានាជីវិតមានម៉ាស៊ីនអេឡិចត្រូនិច មានឯកសារត្រឹមត្រូវតែលោកយាយមានអីក្រៅពីមាត់ដ៏ជ្រីវជ្រួញនេះទៅ? ហេតុអីខ្ញុំឃើញក្រុមហ៊ុននោះទាំងដែលសួរអ្នកផ្សេងគេមិនដែលស្គាល់សោះ?

    ម៉ោង១១ជាង ព្រះច័ន្ទរះត្រចះ មិនពិបាកឱ្យខ្ញុំដើរមកវាលនេះឡើយ។ ខ្ញុំកុហកម៉ាក់ថាមិត្តភក្ដិកាលពីក្មេងតេហៅញ៉ាំបង្អែមទោះជាគាត់មិនជឿថាមិនដែលអាណាលក់បង្អែមពាក់កណ្ដាលយប់ហើយ។ គាត់មិនចង់ឱ្យខ្ញុំទៅណាក្រៅពីផ្ទះគ្រូទាយនេះឡើយ មិនឱ្យទាំងមកភ្នំពេញវិញទៀតផង ព្រោះទំនាយលោកយាយសង្កត់ជំនឿគាត់។ ខ្ញុំមកដល់ក្រុមហ៊ុននេះយ៉ាងរហ័សហើយឃើញបុគ្គលិកស្រីដែលជួបយប់ម៉ិញនៅទីនេះ។

    «យាយខ្ញុំនិយាយថាខ្ញុំត្រូវស្លាប់ឆាប់ៗ តែអ្នកនាងនិយាយថាខ្ញុំស្លាប់អាយុ៥៨» ខ្ញុំនិយាយតែប៉ុណ្ណេះស្ត្រីរួសរាយនោះបើកភ្នែកធំៗហាក់ចង់ប្រកាសអាសន្ន។

    «តើគាត់ពិតជាបាននិយាយបែបនេះមែនហ្អែស? វីវហើយ!!!លោកអស់អាយុត្រឹមអាយុ៥៨តែមិនប្រាកដថាអាចរស់ដល់អាយុប៉ុណ្ណឹងដែរ ដូចខ្ញុំនិយាយពីយប់នោះអញ្ចឹង។ បើគាត់ថាដូច្នេះហើយលោកត្រូវតែការពារខ្លួន ព្រោះមនុស្សចាស់មានញាណពិសេសជាងយើង គាត់អាចដឹងគ្រប់វិនាទីនៃការស្លាប់របស់សាច់ញាតិគាត់។» 

    ខ្ញុំស្ដាប់នាងទាំងល្វើយ។ នាងហាក់ដូចជាយកចិត្តទុកដាក់នឹងជីវិតខ្ញុំណាស់។ នាងធ្វើនេះដោយសំអាងលើហេតុផលស្អីទៅ?ក្រុមហ៊ុនឆ្គួតឡប់នេះអាចធានាជីវិតមិនឱ្យស្លាប់ដោយគ្រាន់តែចំណាយអាយុ២ឆ្នាំបានមែនឬ? 

    «ខ្ញុំយល់ព្រមដាក់ធានាជីវិតហើយ»

    ខ្ញុំបង្ខំចិត្តនិយាយទាំងស្ទាក់ស្ទើរ។ នាងញញឹមហើយនាំខ្ញុំទៅបន្ទប់មួយទៀត។ បុរសម្នាក់លើកដៃជំរាបសួរយ៉ាងរាក់ទាក់។ គាត់បង្គាប់ឱ្យខ្ញុំចូលក្នុងទូកញ្ចក់មួយដែលមានពន្លឺពណ៌ខៀវជាលក្ខណៈ3D។ បន្ទាប់មកអ្វីៗងងឹតឈឹង ហើយមានអារម្មណ៍ថាស្រៀវសព្វសាច់ដូចត្រូវខ្សែរភ្លើងឆក់ប្រកាច់ប្រកិន។ មួយភ្លែតនោះពន្លឺខៀវបានភ្លឺឡើង បុរសនោះបើកទ្វារទូឱ្យខ្ញុំចេញវិញ ហើយហុចក្រដាសឯកសារពីរសន្លឹក។ 

    «សូមលោកផ្ដឹតមេដៃស្ដាំនៅទីនេះ» ខ្ញុំធ្វើតាមគាត់ប្រាប់ទាំងភ័យអរ។ បុរសនោះហុចកាតស៊ីមឱ្យមួយទៀតដោយប្រាប់ថាវាជាកាតសមាជិក។ បន្ទាប់មកអ្វីៗក៏រលាយខ្សុលដូចធូលីខ្យល់បក់។ ខ្ញុំនៅឈរលើវាលស្មៅដដែល តែខ្ញុំដឹងច្បាស់ថាអំបាញ់ម៉ិញវាមិនមែនជាយល់សប្តិឬអារម្មណ៍រវើរវាយអីទេ តែវាជាការពិត។ នៅលើកាតសមាជិកនេះមានអក្សរតូចៗមួយជួរដាក់ថា “អ្នកជាមនុស្សសំណាងទី៤៧ដែលអាចឃើញក្រុមហ៊ុនយើងខ្ញុំ”។ តាមពិតទៅក្រុមហ៊ុននេះមិនបើកជាសាធារណៈទេ ទាល់តែអ្នកមានសំណាងទើបប្រើសេវាកម្មនេះបាន។

    ខ្ញុំសុំម៉ាក់មកភ្នំពេញវិញតែម្នាក់ឯង ព្រោះធុញនឹងពាក្យច្រំដែលរបស់យាយជរាដែលជួបមុខពេលណាប្រមាទខ្ញុំថាជិតស្លាប់។ រថយន្តក្រុងនេះមានសភាពចាស់ខ្លាំងមែនទែនសាកសមនឹងតម្លៃសំបុត្រណាស់។ កៅអីខ្ញុំអង្គុយនេះគាំងមិនអាចបត់ទៅក្រោយបានទេ។ ពេលយាន្តចេញដំនើរ ដំបូលឡើងរង្គើរទៅតាមចង្វាក់គន្លុក។ ខ្ញុំអង្គុយក្បែរតៃកុងឡានវ័យចាស់ម្នាក់នេះដោយភាពមិនសុខ។ ខ្ញុំគិតពីការធានាជីវិតនឹងពាក្យទំនាយលោកយាយ។ ខ្ញុំមិនស្លាប់ទេមែនទេ??? រថយន្តបរលឿនដូចព្យុះលើផ្លូវស្ងាត់ដែលត្រង់ទៅមុខសំដៅទៅទីក្រុងភ្នំពេញ។ ខ្ញុំក្រលេកទៅអ្នកបើកបរ ហើយជារឿយៗកើតការបារម្ភពីសុខភាព។ គាត់ហាក់អត់ងងុយកាលពីយប់ម៉ិញទើបលួចងោកជាញឹកញាប់។

    «លោកអ៊ុំ! ផឹកភេសជ្ជៈនេះទៅធ្វើឱ្យលោកអ៊ុំស្វាង» អ្នកជិះម្នាក់និយាយព្រមទាំងហុចកំប៉ុងភេសជ្ជៈ។ ខ្ញុំនៅតែអារម្មណ៍មិនសុខជានិច្ច។ ឡានក្រុងកញ្ចាស់ អ្នកបើកក៏ចាស់ហើយងោកងក់ញយ ហើយបើកលឿនដូចហោះទៀតឱ្យអង្គុយស្រួលគូទយ៉ាងម៉េចបានទៅ។

    «ចាំមើឡាននេះកាឡាប់ហើយ» ក្មេងម្នាក់កៅអីក្រោយខ្ញុំស្រាប់តែបន្លឺរពាក្យមរណនេះ តែត្រូវម្ដាយឃាត់៖

    «កូននិយាយអីចឹង?កុំនិយាយបែបនេះណា និយាយចឹងមិនល្អទេ ខ្លាចក្លាយជាក្មេងអាក្រក់ណាកូន»។ អ្នកដំនើរក្នុងរថក្រុងកញ្ចាស់សឹងចាប់អារម្មណ៍នឹងសម្ដីក្មេងនេះគ្រប់ៗគ្នា។ រថយន្តនៅបន្តបើកលឿនស្លេវកាត់វាលស្រែលឿងដូចមាសព្រោះងាប់ហិនហោច ព្រោះអ្នកណាក៏ដឹងដែរថាក្មេង និងមនុស្សចាស់អាចឃើញអ្វីដែលយើងមិនឃើញ។
    «ម៉ាក់!!!តិចទៀចយើងងាប់ហើយ» ក្មេងចង្រៃនេះនិយាយបែបនេះម្ដងទៀត ខណៈទូរស័ព្ទខ្ញុំរោទិ៍ឡើង។ ម៉ាក់ខលមកធ្វើស្អីទៅ សង្ស័យតែយាយដាក់ទំនាយស្អីទៀតហើយ។

    «អាឡូ!អាថាកូន!ដល់ណាហើយ?ប្រញ៉ាប់ចុះពីឡានក្រុងហ្នឹងទៅ ឯងនឹងមានគ្រោះថ្នាក់ហើយបើមិនចុះឥឡូវនេះ» សម្ដីមួយឃ្លានេះធ្វើឱ្យខ្ញុំងឿងឆ្ងល់ឥតឧបមា។ 

    «ម៉ាក់ឡាននេះជិតក្រឡាប់ហើយ» កូននោះនិយាយ។ 

    «កូនប្រញ៉ាប់ចុះពីឡាននេះទៅ»
    «ម៉ាក់មិនជឿតិចទៀតកាឡាប់ហើយ»
    «ចុះភ្លាមទៅលោកយាយប្រាប់ថាឡាននេះនឹងក្រឡាប់»
    «ម៉ាក់ចាំមើកាឡាប់ងាប់តាំងអស់»។

    សំលេងទំនាយក្នុងទូរស័ព្ទ និងសំលេងកូនក្មេងកៅអីក្រោយលាយបណ្ដាក់គ្នា។ រថយន្តលឿនដូចព្យុះនៅបន្តល្បឿនថេរកាច់ចូលទីប្រជំជន ជ្រុលចង្កូតទាំងកំរោលបុកហាងបាយក្រឡាប់ផ្ងារជើង។ អ្នកដំនើរទាំងអស់ស្រែកលាន់បន្ទាប់មកក៏ស្ងាត់ឈឹង។

    «អាឡូ!យ៉ាងម៉េចហើយ ម៉េចឯងមិនតប?អំបាញ់ម៉ិញឮសំលេងអីខ្លាំងម៉េះ?» ខ្ញុំមិនតបទូរស័ព្ទព្រោះតក់ស្លុតនឹងហេតុការណ៍នេះខ្លាំងពេក។ ក្បាលខ្ញុំសំយុងចុះក្រោម។ សំលេងមនុស្សរចេចរចូចនៅខាងក្រៅបន្លឺរឡើង។ ខ្ញុំស្រវេស្រវាចេញតាមកញ្ចក់បែកមកក្រៅ។ មនុស្សម្នារព្រោងព្រាតនៅទីនេះ ខ្លះត្រឹមតែឈរមើល ខ្លះថត ខ្លះទូរស័ព្ទទៅប៉ូលីស និងឡានពេទ្យ។ ពេលក្រុមសង្គ្រោះមកដល់ពួកគេយកអ្នកដំនើរទាំងអស់ចេញពីឡានក្រឡាប់ទក់ទីនេះ តែអ្វីដែលគួរឱ្យស្ដាយ , ពួកគេទាំងអស់បានក្លាយជាសាកសពបាត់ទៅហើយ ខ្លះដាច់ក្បាល ខ្លះបែកទ្រូង ខ្លះធ្លាយគ្រាប់ភ្នែកចេញមកក្រៅ ផ្ទុយទៅវិញខ្ញុំបែរជាគ្មានរបួសស្អីបន្តិចសោះ។ បើខ្ញុំមិនបានប្រើសេវាកម្មនោះ ពេលនេះវាសនាខ្ញុំប្រហែលជាមិនខុសពីពួកគេទេ។ ខ្ញុំឃើញក្រុមភ្នាក់ងារឋាននរកមកទីនេះហើយយកព្រលឹងខ្មោចទាំងអស់ចេញបាត់។ មិនមែនខ្ញុំមិនតក់ស្លុតទេទោះជាឃើញពីរដងហើយក៏ដោយ តែមិនដល់ថ្នាក់រត់គេចប្រកាច់ប្រកិននោះទេ។


    ខ្ញុំបានមកឈរនៅលើវាលស្មៅនេះម្ដងទៀត តែពេលនេះខ្ញុំមិនបានឃើញអគារដ៏ធំនោះទេ តែបែរជាឃើញកញ្ចប់ប្រអប់ខ្មៅដាក់ទុកចោលលើវាលស្មៅបៃតងខ្ចី។ ខ្ញុំទាញមើលកូនក្រដាសលឿងដែលបិទលើប្រអប់ខ្មៅនោះដោយអក្សរដឹតពណ៌ខៀវតូចៗដាក់ថា : «សូមលោកកាពារប្រអប់ខ្មៅនេះឱ្យបានល្អ ម៉ាស៊ីនក្នុងប្រអប់នេះគឺតំណាងឱ្យការរ៉ាប់រងនៃអាយុជីវិតរបស់លោក»។ ខ្ញុំចាប់លើកវាឡើងទទួលអារម្មណ៍ថាមិនធ្ងន់ណាស់ណា តែដូចជាមានកំដៅភាយៗចេញពីខាងក្នុង ហើយបើដាក់ត្រចៀកស្ដាប់ដោយប្រុងប្រយ័ត្ននឹងស្ដាប់ឮសំលេងម៉ាស៊ីនវិលក្នុងរយៈល្បឿនរាប់ពាន់ជុំក្នុងមួយវិនាទី។ ម៉ាស៊ីនស្រាប់តែឈប់វិលហើយដង្ហើមខ្ញុំចាប់ផ្ដើមថប់។…

    (សូមអានបន្តភាគទី២ខាងក្រោមនេះ)

    រឿង រូបកាយ រឿង រូបកាយ Reviewed by HeNa on 6:54 PM Rating: 5
    Loading...
    Powered by Blogger.