>
  • ទំព័រដើម
  • រឿង ដាក់ចំណីជ្រូក

     
     
    ដោយ : វ៉ាថារ៉ូ

    ខ្ញុំបើកភ្នែកយឺតៗ។ ក្បាលខ្ញុំច្របូកច្របល់ហើយមានអារម្មណ៍ថាស្អកក។ ខ្ញុំស្រេកទឹក។ នេះជាអ្វីដែលខ្ញុំដឹងដំបូងបំផុត។ ខ្ញុំលិឍបបូរមាត់ស្ងួតរបស់ខ្ញុំខណៈដែលភ្នែកព្រឹលៗរបស់ខ្ញុំកំពុងច្បាស់។ ខ្លួនប្រាណខ្ញុំឈឺចាប់ ហើយខ្ញុំក៏ឃើញថាព្រោះតែមានគេចាប់ខ្ញុំចងជាប់នឹងកៅអីនៃបន្ទប់ទទេមួយនេះ។ ជញ្ជាំងស៊ីម៉ង់បែកប្រេះ និងកខ្វក់, ហើយផ្ទៃបាតដែលប៉ះនឹងជើងខ្ញុំនេះត្រជាក់ និងសើម។

    អំពូលមួយគត់បំភ្លឺនៅក្នុងបន្ទប់នេះ ដែលចងភ្ជាប់នឹងពិដានដោយខ្សែមួយ។ វាបង្ហាញឱ្យឃើញនូវស្រមោលកំពុងផ្លាស់ទីមួយ ហើយខ្ញុំក៏សម្លឹងទៅទីងងឹតនោះ។ ទ្វារបើកខ្វាក តែខ្ញុំមិនឃើញអ្វីក្រៅពីជញ្ជាំងនៃខាងក្នុងអគារនេះ។

    ខ្ញុំព្យាយាមឱ្យខួរក្បាលច្បាស់លាស់, ព្យាយាមរកនឹកថាតើខ្ញុំមកនៅទីនេះដោយរបៀបណា។ ខ្ញុំធ្មេចភ្នែកហើយបង្ខំចិត្តកុំតក់ស្លុត។ ខ្ញុំដកដង្ហើមយឺតៗហើយផ្ដោតអារម្មណ៍គិត, ព្យាយាមរកនឹកតម្រុយណាមួយដែលជាមូលហេតុបណ្ដាលឱ្យខ្ញុំនៅទីនេះ។

    ខ្ញុំមិនចាំអ្វីទាល់តែសោះ។

    ខ្ញុំបើកភ្នែកហើយដកដង្ហើមធំរួចលេបទឹកមាត់។ ខ្ញុំអាចឮសំឡេងលាន់ៗខាងក្រៅបន្ទប់នៃអគារនេះ។ សំឡេងស្រែក, សំឡេងដែក, សំឡេងថ្ងួចថ្ងូរ, ដែលនៅឆ្ងាយតែមិនបានធ្វើឱ្យភាពភ័យព្រួយខ្ញុំស្ងប់បន្តិចណាឡើយ។

    «សួស្ដី?!» ខ្ញុំស្រែកភ្លាត់សំឡេង។ ខ្ញុំទទួលអារម្មណ៍ឈឺត្រង់ទ្រូង តែខ្ញុំក៏គ្រហែមបំពង់កហើយស្រែកម្ដងទៀត។

    «តើមាននរណានៅទីនេះទេ?! សួស្ដី!?»

    ផ្ទៃងងឹតនៃក្រៅបន្ទប់ស្ងាត់ឈឹងឮតែសំឡេហលាន់ៗ។ ខ្ញុំបិទមាត់ហើយព្យាយាមរើបម្រះឱ្យដាច់ចំណង, តែខ្សែចងនេះរឹតជាប់តឹងណាស់។ ខ្ញុំនឹកទៅដល់ការស្រមើស្រមៃរវើរវាយរបស់ខ្ញុំដែលក្នុងចិត្តខ្ញុំឆ្ងល់ថានឹងអ្វីដែលគួរឱ្យរន្ធត់កំពុងរង់ចាំខ្ញុំ។ បើសិនជាខ្ញុំអាចនឹកឃើញ!

    ភ្លាមនោះ, សំឡេងជំហានជើងដើរមកដល់ទ្វារ, ជាសម្រឹបជើងតូច។ សង្ឃឹមរបស់ខ្ញុំរះឡើង ហើយខ្ញុំសម្លឹងទៅទ្វារជាប់, សង្ឃឹមថាវាជាជំនួយ។

    ក្មេងប្រុសម្នាក់រត់ចូលមកក្នុងបន្ទប់, វាស្លៀកពាក់កំប្លេក្រហម ជាមួយនឹងស្បែកជើងក្រហម។ នៅលើមុខវាគឺមាសមុខបិសាចធ្វើពីជ័រប្លាស្ទីក។ តាមប្រឡោះភ្នែកបង្ហាញឱ្យឃើញនូវភ្នែកមួយគូពណ៌ខៀវរបស់ក្មេងនោះដែលធ្វើឱ្យខ្ញុំមានការងឿងឆ្ងល់។ ខ្ញុំបើកមាត់ដើម្បីនិយាយ តែខ្ញុំក៏ដំអក់មួយភ្លែត។ ភ្នែកក្មេងនេះធំណាស់ ធំជាងភ្នែកក្មេងធម្មតា, តែខ្ញុំព្យាយាមមិនគិត។ ក្មេងនេះប្រហែលជាអាចជួយដោះលែងខ្ញុំបាន។

    «អេ!» ខ្ញុំស្រែកហៅវាយ៉ាងតិចៗ, «អេអាកូនក្មេង, តើឯងអាចជួយខ្ញុំឱ្យចេញពីទីនេះបានទេ?!»

    ក្មេងនោះដើរមកកាន់តែក្បែរខ្ញុំ, ក្បាលរបស់វាងីងើហើយនៅស្ងាត់។

    ខ្ញុំកម្រើកដៃដែលចងភ្ជាប់នឹងកៅអីនេះ, «កាត់ខ្សែនេះទៅ, សូមអង្វរ, ខ្ញុំមិនសមនឹងនៅទីនេះទេ, នេះជាការយល់ច្រឡំ!»

    ក្មេងនោះសម្លឹងមើលខ្ញុំហើយឈប់នៅមុខខ្ញុំ។ វាឱនមកកាន់តែកៀកហើយខ្សឹប, សំឡេងស្រួយ, «លោកបានធ្វើអំពើអាក្រក់…»

    ខ្ញុំមិនយល់, ក៏គ្រវីក្បាលរបស់ខ្ញុំ, «ទេ! ទេនេះជាការយល់ច្រឡំ! ខ្ញុំមិនបានធ្វើអ្វីទាំងអស់!»

    ភ្នែកក្មេងនោះស្រាប់តែបង្ហាញនូវការក្រៀមក្រំ, «អូ, លោកបានធ្វើនៅអំពើដ៏សែនអាក្រក់…»

    ខ្ញុំគ្រវីក្បាលខ្ញុំម្ដងទៀត ខ្លាំងជាងមុន, «ទេ! ខ្ញុំសុំទោស! ខ្ញុំមិនចាំទេ, សូមអង្វរជួយយកខ្ញុំចេញពីកៅអីនេះផង!»

    ភ្លាមនោះ, មុនពេលដែលយើងទាំងពីរអាចនិយាយអ្វីម្ដងទៀត, បុរសម្នាក់ដើរចូលមកក្នុងបន្ទប់នេះ។ គាត់មាឌធំហើយស្លៀកពាក់ចងក្បិន, មុខគាត់ពោរពេញដោយកំហឹងដ៏កំណាច។ គាត់កំពុងកាន់កំភ្លើងធំមួយក្នុងដៃ។

    «ខ្ញុំមិនបានធ្វើអីទេ!» ខ្ញុំយំខណៈដែលគាត់សម្លក់មកយើង, សំឡេងខ្ញុំញ័រ, «ខ្ញុំមិនត្រូវនៅទីនេះទេ!»

    បុរសមាឌធំនោះមិនខ្វល់ពីខ្ញុំ ហើយបែរជាទៅចាប់ក្មេងប្រុសនោះរួចគ្រវែងបោកនឹងជញ្ជាំងយ៉ាងខ្លាំង។ ក្មេងប្រុសបើកភ្នែកមើលបុរសកំណាចលដោយទទួលរងនូវការឈឺចាប់យ៉ាងខ្លាំង។

    បុរសនោះមិននិយាយទេ, ចាំកាំភ្លើងរបស់គាត់ហើយភ្ជង់ជាប់នឹងថ្ងាសក្មេងប្រុសនោះ ហើយបាញ់បំបែកក្បាលវា។ ឈាមខ្ទាតបាចសាចពេញជញ្ជាំងខណៈដែលខ្ញុំរន្ធត់ស្រៀវពោះ។ ត្រចៀកខ្ញុំហឹងអស់ហើយ ខណៈខ្ញុំមើលទៅក្មេងប្រុសដាច់ក្បាលដេកដួលយ៉ាងគួរឱ្យរន្ធត់។

    ដង្ហើមខ្ញុំដកកាន់តែញាប់ហើយមួយសន្ទុះក៏ប្រែជាធម្មតាវិញបន្តិច។

    «ព្រះជាម្ចាស់អើយ!» ខ្ញុំស្រែកខណៈរើបម្រះពីខ្សែចំណង, ភ្នែកខ្ញុំពោរពេញដោយភាពភ័យតក់ស្លុត, «នេះជាស្អី?!»

    បុរសនោះមិនខ្វល់ពីសម្រែករបស់ខ្ញុំទេខណៈដែលគាត់ឱនរើសក្មេងប្រុសនោះ។ គាត់លើកសពខ្ទេចខ្ទាំនោះដាក់លើស្មាហើយដើរចេញទៅក្រៅ។

    រំពេជនោះ, ផ្ទៃរោងខាងក្រៅបន្លឺដោយសំឡេងសើចដ៏កំណាចលាន់ឡើងកងរំពង។ ខ្ញុំបិទភ្នែក, សំឡេងធ្វើឱ្យខ្ញុំហឹងត្រចៀក, ខណៈដែលអារម្មណ៍ខ្ញុំស្លុតអស់ហើយ។

    បន្ទាប់ពីប៉ុន្មាននាទីក្រោយមក, សំឡេងសើចក៏រសាច់ស្ងាត់ទៅ ហើយខ្ញុំបើកភ្នែកវិញយឺតៗ, ស្ទើមិនជឿនូវអ្វីដែលខ្ញុំបានឃើញ។

    «សួស្ដី។»

    ខ្ញុំភ្ញាក់ព្រើតពេលដឹងថាមានបុរសម្នាក់ទៀតឈរខាងក្រោយខ្នងខ្ញុំ។ គាត់ស្លៀកពាក់ធម្មតា, អាវឡេវចុះ និងខោខោវប៊យ។ សក់ពណ៌ត្នោតរបស់គាត់កាត់ខ្លី ហើយគាត់មានវ័យប្រហែល៣០ឆ្នាំស្ដើង។ ភ្នែកបៃតងរបស់គាត់ក្រឡោតដូចគ្មានជីវិត។

    «តើមានរឿងអី!? តើខ្ញុំនៅទីណា!?» ខ្ញុំយំ, ភាពភ័យខ្លាចរំជួលក្នុងចិត្តជាថ្មីម្ដងទៀត។

    បុរសនោះឱបដៃរបស់គាត់, «ចឹងឯងមកថ្មីមែនទេ?» គាត់គ្រវីក្បាលតិចៗ, «ពួកមនុស្សដូចជាឯងធ្វើឱ្យខ្ញុំធុញណាស់។»

    សំណួរមកចំក្បាលរបស់ខ្ញុំតែគាត់ក៏គ្រវីដៃចេញមិនបាច់ឱ្យខ្ញុំឆ្លើយ ហើយខ្ញុំក៏នៅស្ងៀម។

    គាត់បើកមាត់និយាយបន្ត, «មើលទៅឯងដូចមិនធ្លាប់ឃើញកន្លែងរន្ធត់ៗដូចទីនេះទេមែនទេ? ត្រូវហើយ, ខ្ញុំអាចមើលដឹងតាមរយៈភ្នែករបស់ឯង។ ឯងកំពុងភ័យហើយ។ ឯងបានឃើញអីខ្លះហើយមែនទេ? ហើយវាមិនសូវជាអាក្រក់ទេមែនទេ? ឯងបានមកដល់ទីនេះ៥នាទីហើយក៏កំពុងភ័យញ័រទទ្រើកដែរ។»

    «តើខ្ញុំនៅឯណា?» ខ្ញុំលាន់មាត់, ដោយមិនអាចទប់ចិត្តបានទៀត, «តើពួកលោកចង់បានអ្វី?»

    បុរសនោះឈរបត់ដៃទៅក្រោយ, «ខ្ញុំដឹងថាឯងចង់ត្រឡប់ទៅវិញមែនឬ? ខ្ញុំដឹងថាឯងចង់ទៅផ្ទះវិញ, ជួបគ្រួសារឯងវិញ, គ្រប់យ៉ាង។»

    «សូមមេត្តា,» ខ្ញុំកាត់, «ទោះជាខ្ញុំបានធ្វើអីលោក…ខ្ញុំសុំទោស, ខ្ញុំពិតជាសុំទោស, តែខ្ញុំមិនចាំទេ!»

    បុរសនោះក្រឡេកភ្នែកចុះឡើង, «ឯងមិនបានធ្វើអីខ្ញុំទេ។ ឯងធ្វើដាក់ខ្លួនឯង។ ឯងពិតជាមិនចាំអីសោះមែនហ្អី?»

    ខ្ញុំងក់ក្បាលហើយទឹកភ្នែកហូរកាត់ថ្ពាល់។

    បុរសនោះមើលមកខ្ញុំក្នុងក្រសែភ្នែកមាក់ងាយ, «ឯងបានរង់ចាំរហូតដល់ប្រពន្ធឯងចេញទៅធ្វើការ ហើយបន្ទាប់មកឯងចេញទៅក្នុងព្រៃហើយចងកសម្លាប់ខ្លួន។ ឯងងាប់ហើយ។»

    ការចងចាំថ្មីៗនេះបានរះឡើងក្នុងចិត្តរបស់ខ្ញុំ។ ខ្ញុំបើកភ្នែកធំៗ។ ខ្ញុំមិនអាចប្រកែកបានទេ ព្រោះគាត់និយាយត្រូវ។ ខ្ញុំបានសម្លាប់ខ្លួន។ ហេតុការណ៍នោះបានបំផុសក្នុងខួរក្បាលខ្ញុំឡើងប្រៀបដូចជាគ្រាប់កាំភ្លើងបាញ់ផូង។

    «ខ្ញុំឈ្មោះដានី,» បុរសនោះនិយាយដោយមិនខ្វល់ពីទឹកមុខតក់ស្លុតរបស់ខ្ញុំ, «ហើយខ្ញុំលេខ២នៅទីនេះ។ ខ្ញុំត្រូវធ្វើការជាអ្នកត្រួតត្រាសមាជិក។ ខ្ញុំចង់ធ្វើវាឱ្យលឿនតែខ្ញុំហត់នឹងនិយាយដដែលៗនូវអំពើអត្តឃាតរបស់ឯង។ ឯងសួរមុននឹងខ្ញុំប្រាប់ទៅទៀត។»

    គាត់សម្លក់មកខ្ញុំ ហើយខ្ញុំក៏នៅស្ងៀមដើម្បីគិតឱ្យបានច្បាស់។ គ្រប់យ៉ាងគឺគួរឱ្យរន្ធត់។ តើហេតុអីបានជាខ្ញុំសម្លាប់ខ្លួន? ខ្ញុំគិតឃើញមិនច្បាស់ដូចជាព្រិលអាប់តែកាន់តែច្បាស់លាស់បន្តិចម្ដងៗ។ ខ្ញុំបានបាត់បង់ការងារ។ មែនហើយ…នេះជាការចាប់ផ្ដើម។ ខ្ញុំធ្មេចភ្នែកហើយបង្ខំបំផុសការចងចាំបន្ថែមទៀត។ ខ្ញុំបាត់បង់ការងារ ហើយជិតនឹងបាត់បង់ផ្ទះទៀត។ ប្រពន្ធខ្ញុំ…ឈ្មោះថេស…នាងបានដឹងហើយបម្រុងនឹងចាកចោលខ្ញុំ។ ខ្ញុំគ្មានផ្លូវទេ, គ្មានជម្រើស។ ការបាត់បង់ការងារក៏បានមកដល់ហើយខ្ញុំមិនបានសល់លុយអ្វីច្រើនទេ។ ខ្ញុំខូចចិត្តណាស់, នឹងគ្មានផ្ទះនៅឆាប់ៗនេះហើយ ហើយប្រពន្ធខ្ញុំស្អប់ខ្ញុំដោយមូលហេតុនេះ។ ហើយក៏មានអ្វីផ្សេងទៀត…មែនហើយ…ត្រូវហើយ។ នាងបានក្បត់ចិត្តខ្ញុំ។ ខ្ញុំបានអានសារទាំងឡាយក្នុងទូរស័ព្ទរបស់នាង ខណៈដែលនាងដេកនាយប់មួយ ហើយការសង្ស័យរបស់ខ្ញុំក៏ច្បាស់។ ជីវិតរបស់ខ្ញុំក្លាយជាដុនដាប ហើយខ្ញុំត្រូវរត់ចេញពីបញ្ហាទាំងនេះ។ ដោយអស់សង្ឃឹម និងខ្មាស់អៀន, ខ្ញុំបានសម្រេចថាការស្លាប់ជាជម្រើសតែមួយគត់របស់ខ្ញុំ។

    «អេ, ឯង, តើមានចង់សួរអ្វីទៀតទេ?» ដានីនិយាយដោយយកម្រាមដៃរបស់គាត់ប៉ះមុខខ្ញុំ។

    ខ្ញុំក៏ភ្ញាក់ដាច់គំនិតដ៏ហូរហែរវិញ ហើយខ្ញុំមានសំណួរតែមួយគត់ដែលត្រូវសួរគាត់។

    «តើនេះជានរកមែនទេ?»

    ដានីដកដង្ហើមធំ, «នេះជាអ្វីដែលពួកមនុស្សដូចជាឯងតែងសួរ។» គាត់ចាប់ផ្ដើមដើរមកចំពីមុខខ្ញុំ, «ទេ។ នេះមិនមែនជានរកទេ។ នេះក៏មិនមែនជាឋានសួគា៌ដែរ។ នេះគឺជា ចម្ការងងឹត។ ហើយទេ, ខ្ញុំមិនបានដាក់ឈ្មោះវាបែបនេះឡើយ។ នេះគឺជាកន្លែងដែលព្រះជាម្ចាស់បានបញ្ជូនព្រលឹងដែលបញ្ចប់ជីវិតពួកគេដោយខ្លួនគេ។ ការធ្វើអត្តឃាត។ ឯងដឹងទេ, ទ្រង់មិនដឹងថាត្រូវធ្វើយ៉ាងណាជាមួយឯងឱ្យប្រាកដទេ…ហើយលោកយមរាជក៏មិនដឹង។ មានមនុស្សល្អៗដែលបានសម្លាប់ខ្លួន។ បើទៅដាក់នរកដូចជាឃោរឃៅពេកត្រូវទេ? ខ្ញុំគិតថាព្រះជាម្ចាស់ និងលោកយមរាជបានជជែកគ្នាពីវាហើយ។ ដូច្នេះហើយ, ទើបពួកទ្រង់សម្រេចបញ្ជូនពួកគេមកទីនេះ, ចម្ការងងឹត។»

    «តើ…តើព្រះជាម្ចាស់បានបង្កើតទីកន្លែងនេះមែនទេ?» ខ្ញុំសួរ, ដោយភាពងឿងឆ្ងល់មានកាន់តែច្រើន។

    ដានីស្ដោះទឹកមាត់ដាក់ផ្ទៃបាត, ព្រមទាំងញាក់ស្មា, «ពិតហើយ, ត្រូវខ្លះដែរ។ តែទ្រង់បាត់បង់ការគ្រប់គ្រងទីនេះនៅពេលដែលទ្រង់បានឃុំខ្លួនជ្រូកមួយ។»

    «ជ្រូកយ៉ាងម៉េចទៅ?» ខ្ញុំសួរ, មិនច្បាស់ថាខ្ញុំចង់ដឹងចម្លើយឬអត់។


    ដានីលើកដៃម្ខាងបង្ហាញការធុញទ្រាន់, «តើខ្ញុំអាចនិយាយឱ្យចប់សិនបានទេ? ព្រះជាម្ចាស់បានបង្កើតទីនេះ, រាប់លានកោដឆ្នាំមកហើយ, ហើយក៏ឃុំជ្រូកមួយ, ហើយបន្ទាប់មកក៏បំភ្លេចទីនេះចោលសិន។ មែនហើយ, ពេលគាត់ត្រឡប់មកវិញ, ជ្រូកនោះបានសម្រេចប្រើប្រាស់ថាមពលរបស់វាដើម្បីបង្កើតពិភពលោកតូចមួយរបស់វា។ ជុំវិញខ្លួនដ៏គគ្រិចដែលឯងឃើញនេះហើយដែលជាការសាងសង់របស់ជ្រូកនោះ។ ចម្ការងងឹតធ្លាប់ជាទីដ៏ប្រពៃជាងនេះ, តែជ្រូកចង់ឱ្យវាខុសពីនេះ។ ពួកមនុស្សដែលឯងឃើញនោះ, បិសាចទាំងនោះ? ពួកគេគឺជាការបង្កើតដោយសត្វជ្រូកនោះ។ ខុសពីការបង្កើតពិភពលោករបស់ព្រះជាម្ចាស់, ទាំងនេះគឺជាពួកដែលពោរពេញទៅដោយបាបកម្ម និងគួរឱ្យស្អប់ខ្ពើម។ ទីកន្លែងនេះឃោរឃៅគ្មានច្បាប់ទម្លាប់ទេ។ ចម្ការងងឹតជាទីជួបជុំនៃពួកប្រេតព្រាយបិសាច។ ហើយនេះគឺជាការទទួលយករបស់ឯង។»

    ភាពភ័យខ្លាចបានរុំព័ទ្ធរាងកាយខ្ញុំម្ដងទៀត។ ទេ។ ទេនេះមិនអាចជាទីបញ្ចប់របស់ខ្ញុំទេ។ ខ្ញុំមិនជឿលើរឿងទាំងនេះឡើយ។ នេះមិនពិតនោះទេ! ខ្ញុំសូមឱ្យភ្ញាក់ឡើងឆាប់ៗនេះហើយដឹងថានេះគ្រាន់តែជាសុបិនអាក្រក់តែប៉ុណ្ណោះ! គឺត្រូវតែបែបនេះ! តែវាជាការពិតទៅហើយ។

    ដានីឈរក្រោយខ្ញុំហើយទះមុខខ្ញុំថ្នមៗ, «អេ, អេ! កុំនៅស្ងៀមឈឹងបែបនេះ។ ខ្ញុំមិនទាន់និយាយចប់ទេ។»

    ខ្ញុំក្រឡេកភ្នែកដែលមានទឹកភ្នែករឹមៗនេះសម្លឹងទៅគាត់។

    ដានីញញឹម, «ឯងអាចទៅដាក់ចំណីជ្រូកបាន។»

    ដង្ហើមខ្ញុំផុសចេញពីក្រពះដូចជាខ្យល់ក្ដៅ, «តើ តើនេះមានន័យថាម៉េច?»

    ដានីដកដៃចេញ, ហើយនៅតែញញឹម, «វាធម្មតាៗតើ។ ដាក់ចំណីជ្រូក។ បើឯងធ្វើវា, នឹងមានឱកាសឱ្យវាបញ្ជូនឯងទៅកាន់ជីវិតឯងវិញ។»

    «ហើយ តើ តើមានរឿងអីកើតឡើងបើវាមិនបញ្ជូន?» ខ្ញុំសួរញ័រមាត់។

    «ឯងនឹងត្រូវបញ្ជូនទៅឋាននរក។ ដូច្នេះជ្រើសទៅ។ ត្រូវនៅទីនេះ ឬក៏ទៅដាក់ចំណីជ្រូក។ បើឯងជ្រើសរើសនៅទីនេះ, ខ្ញុំនឹងឱ្យឯងទៅ…ខ្ញុំនឹងឱ្យឯងទៅមើលខាងក្រៅបន្ទប់នេះ,» គាត់និយាយដោយចង្អុលទៅទ្វារ, «តែខ្ញុំសូមប្រាប់ឯងឱ្យហើយថា…អ្វីដែលកំពុងតែរង់ចាំឯងនៅខាងចុងរោងអគារនេះ…គឺ…គឺថាវាអាក្រក់ជាងនៅឋាននរកទៅទៀត។»

    ខ្ញុំលេបទឹកមាត់ក្អឹក, ព្យាយាមមិនស្រមៃគ្រប់យ៉ាង។ ហេតុអីបានជាខ្ញុំមិនសាកល្បងដាក់ចំណីជ្រូក? ហើយវាមានន័យយ៉ាងណាក៏ដោយ។ បើវាជាក្ដីសង្ឃឹមតូចមួយ, ខ្ញុំនឹងយកវា។ ការសម្រេចនៅទីនេះ, ចម្ការងងឹតនេះ, បញ្ជូនទៅឋាននរកនៅល្អជាងនេះផង, ឬ…ឬក៏ ដាក់ចំណីជ្រូក? ខ្ញុំនឹងធ្វើគ្រប់យ៉ាងដើម្បីមានឱកាសបានត្រឡប់ទៅវិញ។ ទីដ៏តិរច្ឆាននេះគ្មានអ្វីមកប្រៀបផ្ទឹមឡើយ។

    ដានីលើកដៃឡើងមុននឹងខ្ញុំនិយាយបាន, «ខ្ញុំទុកពេលឱ្យឯងគិតមួយសន្ទុះសិន។ ខ្ញុំនឹងត្រឡប់មកវិញបន្តិចទៀត។»

    «ខ្ញុំចង់ដាក់ចំណីជ្រូក!» ខ្ញុំស្រែកដោយមិនចង់ចំណាយវេលាទៀតនៅក្នុងបន្ទប់ដ៏អាក្រក់នេះទេ។ ខ្ញុំឮសំឡេងមនុស្សស្រីស្រែកនៅក្នុងអគារនេះ, សម្រែករបស់នាងបន្លឺដូចនរណាកំពុងកាប់នាងអញ្ចឹង។ ដង្ហើមខ្ញុំដកញាប់ខណៈដែលបំពង់កខ្ញុំស្ងួតចែស។ ដានីក៏ឮសំឡេងហ្នឹងដែរហើយញញឹមតិចៗ។

    «សំឡេងអាក្រក់ណាស់មែនហ្អែស?» គាត់និយាយយ៉ាងស្រទន់ខណៈសំឡេងស្ត្រីនោះលាន់ទ្រហឹង។ អ្វីម្យ៉ាងនៅតែកំពុងធ្វើទារុណកម្មលើរូបនាង, ជាសំឡេងវាយសាច់នាងបើតាមខ្ញុំប៉ានស្មាន។

    «សូមមេត្តា,» ខ្ញុំលាន់មាត់ទាំងអត់ដង្ហើម, «សូម…នាំខ្ញុំទៅដាក់ចំណីជ្រូក។ ខ្ញុំមិនចង់នៅទីនេះយូរទៀតនោះទេ។»

    ដានីងាកមុខចេញពីខ្ញុំ, «ខ្ញុំនឹងត្រឡប់មកវិញនាមួយសន្ទុះទៀត។ នៅម្នាក់ឯងដោយរីករាយចុះ។ ត្រូវគិតអំពីស្ថានការណ៍ពេលនេះរបស់ឯងឱ្យល្អិតល្អន់។ ថ្លឹងថ្លែងជម្រើសរបស់ឯង។ ហើយត្រូវចាំថា…ឯងជាអ្នកមកទីនេះដោយខ្លួនឯង។»

    និយាយហើយគាត់ក៏ដើរចេញបាត់, ទុកឱ្យខ្ញុំនៅក្នុងបន្ទប់ភ្លឺព្រាលៗនេះ។

    ទឹកភ្នែកហូរមកមុខខ្ញុំម្ដងទៀត។

    ស្ត្រីនោះមិនឈប់ស្រែកអស់ជាច្រើនម៉ោង។

    មិនដឹងមូលហេតុអី, ខ្ញុំក៏ដេកលក់អស់មួយស្របក់ធំ។ ភាពងងឹតក្នុងបន្ទប់នេះហាក់ដូចជាអំណោយផលដល់ភ្នែកខ្ញុំឱ្យបិទ។ រាងកាយខ្ញុំឈឺចាប់ ហើយបំពង់កខ្ញុំក៏ក្ដៅដូចភ្លើង។ ការស្រេកទឹកចាក់បំពង់កខ្ញុំដូចជាអំបែងកែវ។ បបូរមាត់ខ្ញុំស្ងួតដូចក្រដាសទក់។ ក្បាលខ្ញុំរងំដូចជាស្គរ។ បន្ទប់ទាំងមូលម្ដងងងឹតម្ដងភ្លឺហើយចិត្តខ្ញុំនៅគិតជាប់នឹងសំឡេងដ៏រន្ធត់នោះដែលដូចជាមិនបញ្ចប់សោះ។

    ខ្ញុំដូចវង្វេងក្នុងរូងដី, ដោយមិនដឹងឡើយថាអ្វីម្យ៉ាងកំពុងដើរចូលមកក្នុងបន្ទប់នេះរហូតដល់ខ្ញុំទទួលអារម្មណ៍ថាមានអ្វីម្យ៉ាងស្រួចជាន់មេជើងខ្ញុំ។ ខ្ញុំភ្ញាក់ពីការលង់លក់ខណៈការឈឺចាប់ចូលមកជើងទាំងទ្វេរបស់ខ្ញុំ។ ខ្ញុំស្រែកហើយព្យាយាមរើបម្រះ, តែចំណងចងភ្ជាប់ខ្ញុំតឹងណាស់។

    ខ្ញុំព្រិចភ្នែកញាប់ខណៈដែលខ្ញុំទទួលអារម្មណ៍ថាឈាមកំពុងហូរលើមេជើងខ្ញុំហើយ។ ខ្ញុំមើលទៅប្រភពនៃការឈឺចាប់នេះហើយខ្ញុំក៏ភ្ញាក់ស្ទើតែស្រែកខ្លាំងៗទៅហើយ។

    បុរសគ្មានដៃម្នាក់កំពុងសម្លឹងមកខ្ញុំ។ គាត់លូនលើបាតបន្ទប់ដូចជាដង្កូវ, ក្បាលត្រងោលរបស់គាត់ជ្រាយ និងគ្រើម។ ជើងគាត់ជាប់គ្នាដូចខ្សែសាច់, ជាកម្លាំងដែលគាត់អាចផ្លាស់ទីបាន។ភ្នែករបស់គាត់សស្លែតហើយធំៗ, ភ្នែកទាំងគូសម្លក់មកខ្ញុំជាមួយនឹងភាពស្រេកឃ្លានដាច់ដាប។ ធ្មេញគាត់ត្រូវដកចោលហើយដាក់ជំនួសដោយដែកស្រួចតូចៗលើអញ្ចាញប្រឡាក់ឈាមរឡេះ។
     
    ជុំវិញករបស់គាត់គឺជាប់ច្រវ៉ាក់, ដែលជាប់ពីកគាត់ទៅដល់ក្រៅបន្ទប់។ ចុងច្រវ៉ាក់គឺមានបុរសខ្ពស់អាក្រាតកាយម្នាក់ជាអ្នកកាន់។ រាងកាយគាត់គ្មានរោមមមីស ហើយកំពីកកំពក, ព័ទ្ធដោយដែកស្រួចៗដូចសត្វចិញ្ចឹមរបស់គាត់នេះដែរ។ គាត់យកដៃខ្វេះក្បាលគាត់ហើយទាញគ្រាប់ភ្នែកចេញមកក្រៅរួចសម្លឹងមកខ្ញុំ។

    គាត់សម្លក់មកខ្ញុំហើយចាប់លិង្គរបស់គាត់, ដកដង្ហើមធំៗ។ ខណៈដែលបុរសគ្មានដៃនេះមកក្បែរខ្ញុំម្ដងទៀត, ម្ចាស់គាត់នេះចាប់ផ្ដើមសាប់លិង្គ។ ខ្ញុំស្រែកខណៈដែលមាត់ពេញដោយធ្មេញដែកនេះខាំខ្ញុំម្ដងទៀត ហើយសម្រែកខ្ញុំហាក់ដូចជាពុះអារម្មណ៍បុរសអាក្រាតនោះកាន់តែខ្លាំង។
     
    «ចេញឱ្យឆ្ងាយពីខ្ញុំទៅ! ឈប់ទៅ!» ខ្ញុំស្រែកដោយភិតភ័យ។ ខ្ញុំព្យាយាមធាក់បុរសនោះ, ធ្វើគ្រប់យ៉ាងដើម្បីជៀសធ្មេញដែកស្រួចៗរបស់គាត់។ ខ្ញុំលើកជើងធាក់ក្បាលគាត់ ហើយគាត់ស្រែកខណៈមុខគាត់បុកផ្អឹបនឹងបាតកម្រាល។

    ការថ្ងួចថ្ងួរដោយឈឺចាប់បានបាត់ពីមាត់បុរសនោះខណៈដែលទឹកខាប់ខ្មៅចេញមកប្រឡាក់បាតបន្ទប់។ សំឡេងច្រវ៉ាក់ក្រោកក្រាកបន្លឺឡើងហើយខ្ញុំងាកទៅឃើញពីរនាក់នេះចាកចេញទៅវិញ, បុរសអត់ដៃត្រូវបានអូសចេញទៅ។ ខ្ញុំមើលទៅកន្លែងដែលបុរសធ្លុះក្បាលបានសាប់លិង្គ ហើយឃើញស្រមោចងាប់មួយដុំធំ។ ខ្ញុំក្អួតដាក់លើខ្លួនខ្ញុំ, កម្អួតខ្ញុំខាប់ហើយធំក្លិន។

    «យកខ្ញុំចេញពីទីនេះ!» ខ្ញុំស្រែក, កម្អួតហូរពីចង្ការចុះក្រោម, «ខ្ញុំមិនចង់នៅទីនេះទេ!»

    ខ្ញុំស្ដាប់សំឡេងបុរសទាំងពីរដើរចេញឆ្ងាយទៅ, សំឡេងក្លិងក្លេងនៃច្រវ៉ាក់បន្តអូសលាន់ក្នុងអគារ។ ខ្ញុំស្រែកម្ដងទៀត, តែខ្ញុំដឹងថាគ្មាននរណាមកជួយខ្ញុំទេ។ ខ្ញុំស្ដោះទឹកមាត់ចេញ, មាត់ខ្ញុំពេញទៅដោយរសជាតិកម្អួត។ ខ្ញុំបង្ខំចិត្តឱ្យស្ងប់។ វាមិនមែនជារឿងងាយទេ។

    បន្ទាប់មកមួយសន្ទុះ, ខ្ញុំឮសំឡេងនរណាម្នាក់ដើរមក។ អារម្មណ៍ខ្ញុំច្របូកច្របល់, ចិត្តខ្ញុំដូចជាក្រដាសខ្មៅទទេមួយ, តែសំឡេងនោះបានចូលមកក្នុងចិត្តខ្ញុំ។ សាច់ដុំដៃខ្ញុំឈឺផ្សាដោយខ្សែចងរឹតខ្លាំងដ៏យូរមកហើយនេះ តែខ្ញុំបានត្រៀមខ្លួនហើយសម្រាប់អ្វីដ៏រន្ធត់ដែលដើរមកដល់ជិតទ្វារនេះ។

    ជំហានជើងបន្លឺកាន់តែកៀកហើយបន្ទាប់មកស្ត្រីម្នាក់ដើរចូលមកក្នុងបន្ទប់។ នាងឈប់នៅនឹងមាត់ទ្វារហើយមើលមកខ្ញុំ។ ភ្នែកម្ខាងរបស់នាងមិនមាននោះទេ, គឺជាប្រហោងខ្មៅក្នុងក្បាល។ សក់នាងរឹងក្រញ៉ង់ហើងរញេរញៃ, ពណ៌ត្នោតដូចឬសឈើ។ ស្បែករបស់នាងសស្លេកហើយឆ្កូតៗ ហើយនាងស្លៀករ៉ូបដ៏ប្រឡាក់។ ខ្ញុំមិនដឹងថានាងអាយុប៉ុន្មាននោះទេ។

    «នៅតែគិត?» នាងសួរ, សំឡេងស្រួយស្រែសត្រជាក់ស្លឹប។

    «ហាហ?»

    «នាងដើរមកជិតមួយជំហានទៀរ, «តើលោកនៅតែកំពុងសម្រេចថាត្រូវទៅដាក់ចំណីជ្រូកឬអត់?»

    ខ្ញុំមើលទៅនាងដោយឆ្ងល់, «បាទមែនហើយ។ ចុះនាងជានរណា? ហើយនាងចង់បានអ្វី?»

    «ខ្ញុំក៏ធ្លាប់នៅកន្លែងដែលលោកនៅពេលនេះម្ដងដែរ,» នាងនិយាយ, «ព្យាយាមជ្រើសរើសជម្រើសរបស់ខ្ញុំ។ ខ្ញុំស្ទើតែមិនជឿថានេះជាអ្វីដែលបានកើតឡើង…អ្វីដែលបានកើតឡើងក្រោយពេលយើងបានសម្រេច។ វាជាអ្វីដែលខ្ញុំបានស្វែងយល់…សាសនាមិនបានប្រាប់ខ្ញុំអំពីទីនេះសោះ។»

    ខ្ញុំសាករើចំណងម្ដងទៀតមុននឹងបន្តសួរ, «នាងបានសម្លាប់ខ្លួនដែរមែនទេ? នាងមិនមែនជាប្រភេទពួក…ពួកឃោរឃៅអស់នោះទេឬ?»

    នាងដកដង្ហើមធំ, «លោកសួរបែបនេះធ្វើឱ្យគ្រាំចិត្តខ្ញុំហើយ,» នាងប៉ះប្រហោងដែលគ្មានគ្រាប់ភ្នែកនោះ, «តែដោយខ្ញុំយល់នូវអារម្មណ៍លោកពេលនេះ។ ចាស, ខ្ញុំបានធ្វើអត្តឃាត។ ខ្ញុំបានមកនៅទីនេះយូរ, យូរណាស់មកហើយ។ តែនេះជាជម្រើសរបស់ខ្ញុំ។ ខ្ញុំបានសម្រេចរស់នៅទីនេះ។»

    ងាកក្បាលមើលទៅទ្វារយឺតៗ, «តើនៅក្រៅមានអ្វី? តើទាំងអស់នេះជាអ្វី?»

    នាងគ្រវីក្បាលហួសចិត្តហើយសម្លឹងទៅជញ្ជាំង, «ខ្ញុំមិនអាចចាប់ផ្ដើមពណ៌នាពីទីកន្លែងនេះទេ។ វាមិនដូចជាអ្វីដែលលោកធ្លាប់ឃើញពីមុនមកឡើយ។ លោកដើរទៅក្រៅបន្ទប់ហើយទៅ…ទៅក្នុងនោះទៅ…ហើយ…» នាងយកដៃខ្ទប់មាត់, «លោកនឹងឃើញហើយយល់ពីវា។»

    «តើវាអាក្រក់យ៉ាងណាទៅ? តើហេតុអីបានជាមនុស្សចម្លែកទាំងនេះវាយធ្វើបាប និងសម្លាប់គ្នា?» ខ្ញុំសួរ។

    នាងបែរក្បាលទៅជញ្ជាំង, «លោកត្រូវចំណាយពេលច្រើនឆ្នាំដើម្បីយល់ពីទីកន្លែងនេះ។ ជាច្រើនឆ្នាំដែលមិនចាំបាច់។ ពេលនេះលោកត្រូវជ្រើសនូវជម្រើសមួយ។ បន្តនៅទីនេះ ឬទៅដាក់ចំណីជ្រូក។ គេប្រាប់ខ្ញុំថានរកលោកិយអាក្រក់ជាងនេះ, តែមិនជាងប៉ុន្មាននោះទេ។ បិសាច និងជនធ្វើអត្តឃាតនៅចម្រុះគ្នាក្នុងចម្ការងងឹត…សម្លាប់, រំលោភ, ធ្វើទារុណកម្ម…ហើយបន្ទាប់មកលោកនឹងភ្ញាក់ឡើងឆ្ងល់ថាតើលោកត្រូវនៅរស់យូរប៉ុណ្ណាទម្រាំនឹងអ្វីម្យ៉ាងសម្លាប់លោក។ ជាវដ្ដទៅមកៗមិនចេះចប់។

    «ដូច្នេះហេតុអីបានជានាងនៅទីនេះ?» ខ្ញុំនិយាយកាត់, «ម៉េចក៏នាងមិនទៅដាក់ចំណីជ្រូក? ខ្ញុំមិនទាំងដឹងថាវាមានន័យដូចម្ដេចនោះទេ, តែខ្ញុំនឹងធ្វើគ្រប់យ៉ាងដើម្បីឱកាសបានត្រឡប់ទៅវិញ។ ខ្ញុំមិនអាចនៅទីនេះទេ, ខ្ញុំ…ខ្ញុំពិតជាមិនអាច!»

    នាងញញឹមយ៉ាងស្រពោនដាក់ខ្ញុំ, «ហេតុអីឬ? ហេតុអីបានជាខ្ញុំជ្រើសបែបនេះឬ?» វាធម្មតាៗទេ។ ខ្ញុំជាមនុស្សកំសាក។ ខ្ញុំកំសាកតាំងពីនៅរស ហើយខ្ញុំក៏កំសាកពេលស្លាប់ហើយ។ ពេលដែលវាជាបញ្ហាខ្ញុំ, ពេលដែលខ្ញុំត្រូវសម្រេចចិត្តនោះ, ខ្ញុំជ្រើសយកបន្តនៅទីនេះ។ ខ្ញុំមិនដឹងថាអ្វីខ្លះកំពុងចាំខ្ញុំនៅខាងក្រៅនោះទេ។ គ្រប់យ៉ាងគឺដោយសារខ្ញុំខ្លាច។»

    «តើជ្រូកនោះជាអ្វី? តើវាបានធ្វើអ្វីដាក់នាងខ្លះ?» ខ្ញុំសួរ។

    នាងស្រាប់តែងាកទៅទ្វារ, «ខ្ញុំសោកស្ដាយផងចុះនៅដែលលោកស្វែងយល់ពីវាឃើញ។ តែខ្ញុំសូមប្រាប់លោក។ គិតឱ្យមែនទែនមុននឹងសម្រេចជ្រើសជម្រើសណាមួយ។ ពេលខ្លះជំនះភាពភ័យខ្លាចដ៏ធំមួយប្រសើរជាងរស់ក្នុងជីវិតនៃភាពភ័យខ្លាច។ ក្លាហានឡើង។»

    «តើខ្ញុំត្រូវធ្វើអ្វី!?» ខ្ញុំស្រែកដោយគ័រខ្លួនលើកៅអីខណៈដែលនាងដើរទៅដល់មាត់ទ្វារ។

    នាងឈប់មួយភ្លែតហើយងាកមកមើលខ្ញុំជាលើកចុងក្រោយ។ ភ្នែកនាងមើលចុះក្រោមយ៉ាងក្រៀមក្រំហើយនាងនិយាយតិចៗ, «ដាក់ចំណីជ្រូក។»

    និយាយហើយនាងក៏ដើរចេញទៅ។

    (សូមចុចអានភាគបញ្ចប់!)
    រឿង ដាក់ចំណីជ្រូក រឿង ដាក់ចំណីជ្រូក Reviewed by HeNa on 7:12 PM Rating: 5
    Loading...
    Powered by Blogger.