រឿង សម្លាប់ខ្លួន
នៅពេលមនុស្សម្នាក់មានវិបត្តិខ្លាំងអស់ផ្លូវត្រូវដើរ ការសម្លាប់ខ្លួនគឺជាជម្រើសចុងក្រោយបំផុតសម្រាប់គេ។ គេនិយាយថាអ្នកដែលសម្លាប់ខ្លួនគឺគិតខ្លី ទាំងដែលតាមពិតជួនកាលដោយសារតែជននោះគិតវែងឆ្ងាយ ឆ្ងាយហួសហេតុពេកទើបបណ្ដាលឈានទៅដល់ការសម្លាប់ខ្លួន។ ដូចជាស្ថានភាពខ្ញុំពេលនេះឯង។ អ្នកខ្លះនិយាយថា មានលុយចាយ មានផ្ទះនៅហើយ វានៅប្រសើរជាងជនពិការក្រីក្រច្រើនណាស់ តែតាមពិតជនពិការក្រីក្រមកពីមិនបានជួបបញ្ហាផ្ទួនៗដែលដោះស្រាយមិនបានដូចខ្ញុំទើបមិនគិតដល់រឿងនេះ។
“គ្មានអ្នកយល់ចិត្ត គេលែងអានិតខ្ញុំហើយ...” ចម្រៀងរបស់បងពេជ្រ សោភាមួយនេះនៅតែជាចម្រៀងដ៏មានន័យបំផុតសម្រាប់អ្នកពិបាកចិត្តដូចជាខ្ញុំ។ ខ្ញុំនៅសល់ស្អីទៀត?
គឺកាលពីម្សិលម៉ិញ...
ម៉ាក់ និងប៉ាត្រលប់មកវិញឆាប់ៗហើយ។ ខ្ញុំសប្បាយចិត្តណាស់ ហើយចង់នៅជិតគាត់រហូតមិនចង់ឱ្យឃ្លាតមួយវិនាទីណាទេ។ តែ, រឿងអាក្រក់ដែលមិនដែលប្រាថ្នាឱ្យកើតវាបានកើត។
លទ្ធផលប្រលងបាក់ឌុបនឹងចេញលើទំព័រហ្វេសប៊ុកនាស្អែក។ ម្នាក់ៗជ្រួលចង់ដឹងលទ្ធផល។ ខ្ញុំរៀនពូកែ ខ្ញុំធ្វើបានច្រើន ខ្ញុំដឹងខ្លួនឯងហើយថានឹងជាប់ តែគ្រាន់តែថាបាននិទ្ទេស A ឬអត់?
ល្ងាចនោះ សង្សារបន្ដូលចិត្តបាននាំខ្ញុំទៅញ៉ាំអីនៅហាងមួយ។ យើងសំណេះសំណាលគ្នាអស់ពេលយ៉ាងយូររហូតដល់គាត់និយាយដល់ពាក្យមួយឃ្លាដែលខ្ញុំពិបាកទទួលយកណាស់។
«បងនឹងរៀបការជាមួយនារីម្នាក់ ឆាប់ៗនេះហើយ បងសុំទោស» គាត់ធ្វើមុខហាក់ដូចជាគ្មាននរណាបង្ខំនឹងការរៀបការនេះទេ។ ការសន្យាជាមួយមនុស្សប្រុសវាគ្មានន័យខ្លឹមសារស្អីទេ។ ពុទ្ធោ! ខ្ញុំធ្លាប់ស្រម៉ៃថាពេលរៀនចប់ យើងនឹងរៀបការជាមួយគ្នា តែក្ដីស្រម៉ៃពេលនេះដូចជាដុំធ្យូងឆេះដែលធ្លាក់ចូលទឹក។ ទឹកភ្នែកខ្ញុំរកកលចង់ហូរចេញមក ខ្ញុំរត់គេចមុខពីគាត់ដោយមិនត្រូវការ ការបកស្រាយអីទាំងអស់។
...ការទន្ទឹងរង់ចាំលទ្ធផលស្អែកនេះវាពិបាកទ្រាំណាស់ខណៈដែលខួរក្បាលកំពុងកើតទុក្ខស្ទើនឹងស្លាប់។ ខ្ញុំអង្គុយយំអស់ពេលយ៉ាងយូរ ប្រុសដែលខ្ញុំប្រាថ្នានឹងចូលរោងការជាមួយនារីម្នាក់ឆាប់ៗនេះហើយ។
---
ព្រឹកស្អែកឡើង...
“ទ្រឹង...”
ទូរស័ព្ទរោទិ៍ពញ្ញាក់គំនិតអន្លង់អន្លោចឱ្យចូលមកក្នុងបច្ចុប្បន្នកាលវិញ។ ខ្ញុំចុចទទួលទាំងអារម្មណ៍មិនស្រួលផង សប្បាយផង។
«អាឡូចិន្តា!» ខ្ញុំរាក់ទាក់ទៅមិត្តសម្លាញ់ដែលធ្លាប់រាប់រកគ្នាតាំងពីតូចមក។
«អាឡូថាវី! លទ្ធផលចេញហើយ គ្នាយើងជាប់ទាំងអស់ តែ...» នាងនិយាយ។
«អូ តែអីគេ? ហើយខ្ញុំបាននិទ្ទេសអីដែរ?» ខ្ញុំញញឹមយ៉ាងគំនួចសង្ឃឹមថាស្រីស្អាត់និទ្ទេសAឆ្នាំនេះស្អាតមិនចាញ់សារៈ អាលីហ្សាឆ្នាំមុននោះទេ។
«តែឯងអត់មានឈ្មោះក្នុងបញ្ជីនោះទេ គ្នារកឆ្អែតហើយ...»
ខ្ញុំទម្លាក់ទូរស័ព្ទក្ដុកដោយអស់កម្លាំងនឹងកាន់វាតទៅទៀតហើយ។ ពុទ្ធោ! អត់មានឈ្មោះគឺមានន័យថាធ្លាក់ហើយ។ ពុទ្ធអរហំអើយ, តើខ្ញុំយកមុខទៅទុកឯណា? អីវ៉ាន់ទិញត្រៀមសម្រាប់ជប់លៀងក៏នៅព្រោងព្រាត។ ពុទ្ធោភាពជឿជាក់នឹងការរំពឹងទុកបានរលាយខ្ទេចអស់ហើយ។ ទេ!!! មិនអាចទេ។
ខ្ញុំទាញទូរស័ព្ទចូលមើលការបង្ហោះផ្លូវការនូវលទ្ធផលដែលចេញនោះ។ គឺគ្មានឈ្មោះខ្ញុំពិតមែន! ហើយឆ្នាំនេះមិនមាននរណាម្នាក់ទទួលបាននិទ្ទេស A ទេ។ ទឹកភ្នែកខ្ញុំយំមករហាមទាំងមិនដឹងខ្លួន។ ខ្ញុំសន្យានឹងប៉ាម៉ាក់ថាបើខ្ញុំធ្លាក់បាក់ឌុប, ខ្ញុំនឹងធ្វើកម្មការនីរោងចក្រ។ ការលេងសើចភ្នាល់កាលពីលើកមុនវាកំពុងក្លាយជាការពិតហើយ។ អ្នកដែលមិនដឹងអារម្មណ៍អ្នកធ្លាក់បាក់ឌុប មិនដឹងឡើយថាវាក្ដុកក្ដួល និងពិបាកទទួលប៉ុណ្ណា។ ខ្ញុំមានអារម្មណ៍ឈឺអួលត្រង់បេះដូង។ សង្សារខ្ញុំដូចដឹងមុនថាខ្ញុំប្រលងមិនជាប់ ទើបសុំបែកពីម្សឹល។
ទូរស័ព្ទរោទិ៍ម្ដងទៀត ខ្ញុំវិះតែមិនទទួលហើយ តែពេលឃើញលេខទូរស័ព្ទអានី មិត្តម្នាក់ទៀតនោះ ក៏ទទួល។
«អាឡូ! គ្នាធ្លាក់ហើយ ឯងមិនបាច់មកឌឺដង ឬផ្ដល់កម្លាំងចិត្តអីទាំងអស់។» ខ្ញុំនិយាយហើយបម្រុងចុចបិទតែនាងនិយាយមកវិញ។
«ថាវី! គ្នាលឺថាម៉ាក់ប៉ាឯងជិះយន្តហោះមកវិញថ្ងៃនេះហើយមែនទេ?»
«មែនហើយ» ខ្ញុំតបយ៉ាងសោះកក្រោះ។
«គឺយន្តហោះពីសិង្ហបូរីមកកម្ពុជាតែមួយគត់នោះបានធ្លាក់បាត់ហើយ គ្នាមើលព័ត៌មាន ហើយគេថាអ្នកដំនើរទាំងអស់ ស្លាប់គ្មានសល់មួយទេ។ គ្នាអានិតឯងណាស់!»
ខ្ញុំទម្លាក់ទូរស័ព្ទចោលម្ដងទៀត។ ទឹកភ្នែកខ្ញុំហូរស្រក់លឿនជាងមុន។ រូបថតអ្នកទាំងពីរញញឹមពព្រាយមករកខ្ញុំ តែរូបលោកទាំងពីរមិនដឹងខ្ទេចខ្ទីរដាច់យ៉ាងម៉េចទៅហើយទេ។
នៅពេលដែលស្អីក៏គ្មានក្នុងខ្លួន ភាពឯកា និងសោកសៅបានមកវាយតប់យើងខ្លាំងៗ។
ទទួលនឹងក្រលេកឃើញកាំភ្លើងរបស់លោកប៉ាដែលទុកចោលនៅលើទូទីនោះ ខ្ញុំទាញវាមក ហើយរើសទូរស័ព្ទមកដែរ។
ខ្ញុំចេញមកឈរក្នុងអគារស្ងាត់ដែលគេបោះបង់ចោលនេះអស់ពេលយ៉ាងយូរ។ ស្មុកណាស់ កាន់តែយូរកាន់តែស្មុក បញ្ហាចាក់ស្រេះមិនអាចដោះស្រាយបាននេះកំពុងធ្វើទុក្ខបុកម្នេញខ្ញុំ បង្ខំរូបកាយឱ្យធ្វើអត្តឃាត។ ខ្ញុំទាញទូរស័ព្ទបំនងចង់បង្ហោះសារមួយជូនអ្នកលេងហ្វេសប៊ុកជាលើកចុងក្រោយក្នុងមួយឆាកជីវិត។
“ខ្ញុំនឹងនៅទីស្ងប់មួយដែលគ្មានបញ្ហាណាអាចធ្វើបាបខ្ញុំនៅទីនោះ។”
គ្រាន់តែបង្ហោះភ្លាម អ្នកលេងមួយចំនួនជ្រួលជ្រើមបញ្ចេញមតិរៀងៗខ្លួនបែបលេងសើច ដោយមិនដឹងថារឿងនេះវានឹងកើតឡើងឥឡូវនេះទេ។
ផូង...
សំលេងកាំភ្លើងបាញ់ផ្ទប់បេះដូងលាន់ឡើង។ រាងកាយខ្ញុំដួលព្រូសទៅលើដីខណៈទូរស័ព្ទរោទិ៍ឡើង។ ខ្ញុំវង្វេងអារម្មណ៍អស់ហើយ ភាពឈឺចាប់កំពុងធ្វើឱ្យខ្ញុំខ្សោយបន្តិចម្ដងៗ តែក៏នៅប្រឹងលើកទូរស័ព្ទចង់ស្ដាប់សំលេងអ្នកតេមកនេះជាលើកចុងក្រោយ។
«អាឡូថាវី? អើយពិសេសណាស់ ឯងជាប់និទ្ទេសAណា ម៉ិញរកឈ្មោះមិនឃើញព្រោះអ្នកនិទ្ទេសAគេដាក់ផ្សេងហើយគេបាន post អំបាញ់ម៉ិញនេះ យ៉ាងម៉េចដែររំភើបទេ? ហើយសង្សារឯងប្រាប់អញពីម្សិលថានឹងរៀបការជាមួយនារីម្នាក់ឆាប់ៗនេះ នារីម្នាក់នោះគឺឯងនឹងហើយ គាត់កំពុងរង់ចាំឯងនៅផ្ទះឯង គាត់មានកាដូពិសេសធំមួយ ហើយមួយទៀតនោះ, ម៉ាក់ប៉ាឯងមិនបានជិះយន្តហោះសិង្ហបូរីនោះទេ គាត់ជិះយន្តហោះផ្សេង ឥឡូវយើងទាំងអស់គ្នារង់ចាំឯងនៅផ្ទះឯង ទាំងសង្សារឯង ទាំងម៉ាក់ប៉ាឯងសុទ្ធតែមានកាដូពិសេស។ ហើយនៅណាហ្នឹង? ប្រញាប់មកផ្ទះផង!»
សំលេងក្នុងទូរស័ព្ទពណ៌នាយ៉ាងក្បោះក្បាយ។ មិនគួរឱ្យជឿសោះ បញ្ហាអាក្រក់ទាំងប៉ុន្មានវាប្រែទៅជាល្អវិញមួយរំពេជ។ ពន្លឺថ្ងៃជះមកហាក់អបអរសាទរនឹងខ្ញុំ តែគ្រាប់កាំភ្លើងយកខ្ញុំទៅហើយ... គ្មានថ្ងៃវិលវិញ៕
រឿង សម្លាប់ខ្លួន
Reviewed by Unknown
on
10:27 PM
Rating: