>
  • ទំព័រដើម
  • តុក្កតារើសបាន


    ប៉ាត្រូវមកធ្វើការនៅខេត្តមួយ។ វាជាខេត្តស្ងប់ស្ងាត់ និងជនបទ។ ពួកយើងសម្រេចទិញផ្ទះធំចំណាស់មួយនៅក្បែរជើងភ្នំដាច់ឆ្ងាយពីផ្ទះអ្នកភូមិ។ ថ្ងៃដំបូងដែលមកនៅទីនេះ ពួកយើងពិតជាប្លែកអារម្មណ៍ណាស់ ប្លែកនឹងផ្ទះថ្មីផង ប្លែកនឹងទីតាំងនេះផង។ ម៉ាក់ត្រូវរៀបចំក្នុងផ្ទះជាមួយអាអូន ចំនែកប៉ា និងខ្ញុំត្រូវសំអាតមុខផ្ទះ។ ថ្វីត្បិតខ្ញុំជាកូនស្រី តែខ្ញុំស្និទ្ធស្នាលនឹងប៉ាខ្លាំងណាស់ ខ្លាំងជាងប្អូនប្រុសពៅខ្ញុំទៀត។ ព្រោះវាជាតំបន់ជនបទ ដូច្នេះសំរាមផ្លាស្ទិកគឺមិនមានទេ។ ប៉ាបានជំរះស្មៅខ្លះៗខណៈពេលដែលខ្ញុំឃើញប្រអប់ឈើចាស់មួយកប់ក្នុងដី។ ខ្ញុំលើកវាមកឱ្យប៉ាមើល ពេលយើងបើកប្រអប់នោះ យើងឃើញតុក្កតាចាស់ៗចំនួន៦មើលទៅមិនគួរឱ្យចង់លេងសោះ។ ប៉ាបានគប់វាចោលក្នុងភ្លើងដុតសំរាមដែលកំពុងឆេះ។

    រាត្រីនោះដោយហត់ពេកពួកយើងបានចូលដេកតាមបន្ទប់រៀងខ្លួន។ ពាក់កណ្ដាលយប់ខ្ញុំឮសំលេងយំល្វើយៗ។ បន្ទាប់មកវាប្រាកដឡើងជាសំលេងយំដោយក្ដីសោកសៅបំផុត។ វាគឺសំលេងប៉ា និងម៉ាក់។ តើពួកគាត់មានរឿងអី? ខ្ញុំរត់ចេញពីបន្ទប់ដើម្បីដឹងរឿង។ ប៉ាប្រាប់ថាផ្ទះយាយតានៅឯស្រុកត្រូវភ្លើងឆេះ លោកតាត្រូវភ្លើងឆេះដុតរាងកាយគាត់ស្លាប់ ឯលោកយាយត្រូវអណ្ដាតភ្លើងឆាបរលាកដៃ និងជើងទាំងពីរកំពុងដេកពេទ្យ។ ម៉ាក់ និងប៉ាប្រញ៉ាប់រៀបចំសំលៀកបំពាក់ទាំងទឹកភ្នែកហូរមិនឈប់។ គាត់ប្រាប់ថាឱ្យខ្ញុំនៅផ្ទះមើលប្អូន មិនបាច់ទៅទេព្រោះខ្លាចខាតរៀន។ ខ្ញុំស្រឡាំងកាំងមិនអាចធ្វើអ្វីបាន។ ពុទ្ធោអើុយលោកតា! ហេតុអីក៏ស្លាប់ដោយមូលហេតុយ៉ាងអណោចអធ័មយ៉ាងនេះ? បន្ទាប់មកខ្ញុំស្រាប់តែនឹកឃើញដល់ប្រអប់តុក្កតាដែលបានបោះចូលភ្នក់ភ្លើងនោះ។ ប៉ានិងម៉ាក់ចេញឡានទៅហើយ។ ខ្ញុំទាញពិលមួយហើយរត់ចេញទៅកន្លែងដុតសំរាម។ ប្រអប់នោះមិនឆេះអស់ទេ។ ខ្ញុំបើកប្រអប់ឈើនោះ នៅក្នុងនោះមានតុក្កតា៦ តុក្កតា១ត្រូវភ្លើងឆេះខ្លោច តុក្កតាមួយទៀតត្រូវភ្លើងឆេះដៃជើងវា តុក្កតា៤ទៀតមិនត្រូវភ្លើងឆេះទាល់តែសោះ។ ខ្ញុំស្ទើរគាំងបេះដូង តុក្កតាទាំងបួននោះនៅខាងក្រោយខ្នងវាមានឈ្មោះប៉ា ម៉ាក់ ខ្ញុំ និងប្អូនខ្ញុំ។ មិនអាចទេ។ មិនប្រយ័ត្ន ខ្ញុំបានធ្វើឱ្យតុក្កតាម៉ាក់និងប៉ាជ្រុះពីដៃ។ ទេ!!! ប៉ានិងម៉ាក់មិនត្រូវមានរឿងអីជាដាច់ខាត។ ខ្យល់បក់វ៉ិបនាំយកភាពព្រឺឆ្អឹងខ្នងមកប៉ះនឹងសារពាង្គកាយបង្កើតអារម្មណ៍ព្រួយប្លែក។ សង្ឃឹមថាវាគ្រាន់តែជារឿងចៃដន្យទៅចុះ។



    ---



    “ នៅក្បែរអូនជាសង្សារអូន... ” សំលេងទូរស័ព្ទរោទិ៍ឡើង ជាសំលេងរន្ធត់បំផុតក្នុងឆាកជីវិត។ អ្នកណាគេខលមកទាំងព្រលឹម? ខ្ញុំចុចទទួលទូរស័ព្ទទាំងដៃញ័រៗ
    «អាឡូ មីងចាក់មានការអី?»
    «អាឡូលីកាហ្អេស? ម៉ាក់ប៉ាហ្អែងឡើងជណ្ដើរផ្ទះបុណ្យមិនប្រយ័ត្នក្រឡាច់ជើងធ្លាក់ពីជណ្ដើរបាក់កស្លាប់ទាំងពីរ មីងអានិតណាស់...មីង...»
    «ទេ ឈប់និយាយទៅ ទេ មិនអាចទេ...» ខ្ញុំស្រែកអស់សំលេង។ វាជាអារម្មណ៍សោកស្ដាយដែលមិនអាចទទួលយកបាន។ តើតុក្កតាទាំងនោះមានពាក់ព័ន្ធអីជាមួយគ្រួសារខ្ញុំ? ហេតុអីមានឈ្មោះខ្ញុំនៅលើតុក្កតានោះ?

    មួយសប្តាហ៍ក្រោយទើបខ្ញុំអាចចេញពីបន្ទប់បាន។ ខ្ញុំយំគ្រប់ពេលនឹកគ្រប់ពេលដល់លោកប៉ាអ្នកម៉ាក់ដែលទើបតែនឹងអនិច្ចកម្មទៅថ្មីៗ ធ្វើឱ្យអារម្មណ៍កាន់តែរំជួល។ ប្អូនប្រុសខ្ញុំកំពុងអង្គុយលេងមុខផ្ទះជាមួយរបស់លេងរបស់វា។ ខ្ញុំដើរទៅជិតវាស្រាប់តែទតួលអារម្មណ៍ភ័យឥតឧបមារ។ វាកំពុងលេងធ្វើរថយន្តជ័រមួយកិនលើតុក្កតាដែលមានឈ្មោះវាខាងក្រោយ។ ខ្ញុំកញ្ឆក់តុក្កតាមួយទំហឹង ដោយមិនប្រយ័ត្ន តុក្កតានោះក៏ដាច់ក្បាលជ្រុះទៅដី។

    មិនដូចអ្វីដែលខ្ញុំរំពឹង, ប៉ុន្មានថ្ងៃក្រោយមក ពេលប្អូនប្រុសខ្ញុំកំពុងដើរចេញពីរៀន មានរថយន្តដឹកទំនិញមួយបានបរមកកិនពីលើប្អូនខ្ញុំ បណ្ដាលឱ្យក្បាលរបស់វាដាច់ចេញពីស្មារ។ ហ្វូងមនុស្សរោមអ៊ូអែរខ្លះថត ខ្លះខ្សឹបខ្សៀវគ្នា ខណៈដែលខ្ញុំយំបោកប្រាណស្ទើរស្លាប់ស្ទើររស់។

    ខ្ញុំឈរពីមុខភ្លើងដ៏សែនក្ដៅដែលកំពុងតែដុតរំលាយសាកសពប្អូនប្រុសសម្លាញ់ចិត្តឱ្យក្លាយទៅជាផេះ។

    ត្រឹមប៉ុន្មានខែសោះ ស្នាមញញឹម ភាពសើចសប្បាយខ្ញៀវខ្ញារនៃគ្រួសារដ៏មានសុភមង្គលមួយនេះបានរលាយបាត់អស់ បន្សល់ទុកតែទឹកភ្នែក ភាពសោកសៅ និងស្ងប់ស្ងាត់។



    ព្រះសង្ឃជាច្រើនអង្គបាននិមន្តស្រោចទឹករំដោះគ្រោះ ហើយមានព្រះសង្ឃមួយអង្គប្រាប់ខ្ញុំថា ព្រលឹងខ្ញុំត្រូវធ្វើអំពើឱ្យសន្ឋិតក្នុងតុក្កតានេះ ហើយគ្មានថ្ងៃអាចដោះអំពើនេះបានទេ មានតែប្រយ័ត្នកុំឱ្យមានអ្វីមកប៉ះវា។ គាត់ថែមទាំងប្រាប់ទៀតថាកាលពីជាតិមុនគ្រួសារខ្ញុំបានចងព្រលឹង និងផ្សងជួបគ្នាគ្រប់ជាតិដោយដាក់ព្រលឹងឱ្យសន្ឋិតក្នុងតុក្កតានីមួយៗ។

    ---

    ៥ឆ្នាំកន្លងផុតទៅខ្ញុំធ្វើការនៅការិយាល័យមួយកន្លែង ហើយបានជួបជីវិតនឹងបុរសអ្នកមានម្នាក់។ គាត់ស្រលាញ់ខ្ញុំចិត្តនឹងចិត្តហើយក៏មិនខ្វល់ពីអតីតកាលរបស់ខ្ញុំដែរ។ យើងរៀបការជាមួយគ្នាហើយរស់នៅយ៉ាងមានសុភមង្គល។ ខ្ញុំថ្នមថែរតុក្កតាមួយនោះមិនឱ្យធ្លាក់ ឬប៉ះនឹងអ្វីទេ ព្រោះខ្លាច។ ខ្ញុំដាក់វាក្នុងទូរហើយមិនដែលយកវាចេញម្ដងណាទេ សូម្បីតែប្ដីខ្ញុំក៏មិនដែលឃើញដែរ។

    ព្រឹកឡើង, ខ្ញុំងើបពីព្រឹកព្រោះត្រូវទៅប្រជុំ។ ទ្វារទូរឈើស្រាប់តែរបើកមិនដឹងតាំងពីពេលណាមក។ តុក្កតាកំពុងអង្គុយស្ងៀមក្នុងនោះ។ ខ្ញុំកាន់វាមកខាងក្រៅផ្ទះហើយសម្លឹងមើលវា។ មិនដឹងថាទៅមុខនឹងមានរឿងអីលើតុក្កតានេះទេ ហើយវាសនាខ្ញុំក៏តាមនោះដែរ។ 

    រំពេជនោះស្រាប់តែមានខ្យល់ខ្លាំងមួយបក់មួយទំហឹងបណ្ដាលឱ្យរបូតដៃប៉ើងតុក្កតាចូលអាងហែលទឹកមុខផ្ទះ។ តុក្កតាលិចទៅបាតទឹកយឺតៗ។ បេះដូងខ្ញុំចាប់ផ្ដើមលោតដោយរន្ធត់។ ខ្ញុំរត់យ៉ាងលឿនទៅស្រង់វាចេញពីទឹក។ ខ្ញុំមិនហ៊ានពូតទឹកទេ ហើយហាលវាដោយប្រុងប្រយ័ត្នដោយអង្គុយចាំរហូតដល់វាស្ងួត។

    ខ្ញុំសុំច្បាប់ការងារ៣ថ្ងៃព្រោះមានអារម្មណ៍ថាមានអ្វីមិនល្អកំពុងកើតឡើងមកលើខ្ញុំហើយ។ ខ្ញុំចូលបន្ទប់ទឹកដើម្បីបត់ជើង តែពេលចូលភ្លាម ទុយោទឹកបែកបាញ់ទឹកស្រោចសព្វកាយ បាញ់មុខខ្ញុំបណ្ដាលឱ្យឈ្លក់ដួលទៅលើឥដ្ឋ។ ខ្ញុំព្យាយាមងើបតែធ្វើមិនបាន ព្រោះកម្លាំងទឹកបាញ់មកមុខខ្ញុំខ្លាំងៗហួសហេតុ...

    ខ្ញុំខានបានទៅធ្វើការបីថ្ងៃព្រោះឈ្លក់ទឹកដែលបែកពីទុយោក្នុងបង្គន់។ ពេលនោះសំណាងហើយដែលប្ដីខ្ញុំឮខ្ញុំស្រែកហើយទៅបើកឱ្យកុំអី ពេលនេះស្លាប់ឬរស់ក៏មិនធានាដែរ។ ហេតុអី? តើខ្ញុំត្រូវរស់ដោយមើលថែរតុក្កតាមួយនេះដូចគ្រាប់ភ្នែកឬ?

    រាល់យប់, ខ្ញុំតែងទទួលសុបិនអាក្រក់ៗដែលទាក់ទងនឹងការស្លាប់រហូត។ ពេលខ្លះយល់សប្តិថាខ្លួនឯងត្រូវគេកាត់ក្បាល ពេលខ្លះថាត្រូវគេខ្វេះភ្នែក ពេលខ្លះឃើញថាមានមនុស្សមួយហ្វូងយកដែកស្រួចមកចាក់ដោតគូទដល់មាត់។

    😖😖😓

    មិនដឹងថាយូរប៉ុណ្ណាទៀតទេដែលជីវិតខ្ញុំត្រូវរស់បែបនេះ។ ស្អែកឡើង ខ្ញុំចេញទៅធ្វើការដូចរាល់ដង។ ខ្ញុំប្រយ័ត្នខ្លាំងណាស់ មិនហ៊ានបើករថយន្ត ឬម៉ូតូទៅទេ ខ្លាចគ្រោះកាចមើលមិនឃើញអាក្រក់ៗវាកើតឡើង។

    ខ្ញុំថ្មើរជើងតម្រង់ទៅការិយាល័យ។ នៅតាមផ្លូវមិនមានមនុស្សជិះទេ ព្រោះតែផ្លូវមួយនេះមានទឹកលិច។ .... ទឹកទៀតហើយ !!! ដោយសារតែការមិនទទួលខុសត្រូវពីអ្នកសម្អាតអនាម័យហ្នឹងហើយដែលធ្វើឱ្យស្ទះលូល្ហល្ហាចបែបនេះ។ ខ្ញុំត្រូវទ្រាំដើរលុយទឹកត្រឹមជង្គង់នេះដោយសារម៉ោងវាជិតដល់ផង មានតែផ្លូវនេះទេដែលអាចទៅដល់កន្លែងធ្វើការបានលឿនបំផុតនោះ។ ខ្ញុំដើរតិចៗយ៉ាងប្រយ័ត្នប្រយែង ហើយមានអារម្មណ៍ថាទឹកកាន់តែជ្រៅទៅៗមុននឹងភ្លឹប។ អ្វីៗងងឹត និងរញ៉េរញ៉ៃ ខ្ញុំបានធ្លាក់ចូលលូដែលមិនបិទគម្រប។ ខ្ញុំព្យាយាមហែលតែធ្វើមិនបាន។ ទឹកជ្រាបចូលច្រមុះយ៉ាងលឿនហើយក្រោយមកអ្វីៗក៏ងងឹតដូចដេកលក់។

    មិនដឹងថាខ្ញុំសន្លប់យូរប៉ុណ្ណាទេ តែបើកភ្នែកឡើងគឺកំពុងនៅក្នុងទឹក នៅក្នុងទីងងឹតឈឹងមួយ។ ទឹកនៅត្រឹមចង្កេះខ្ញុំប៉ុណ្ណោះពេលនេះ ព្រោះការធ្លាក់លូរបស់ខ្ញុំមុននោះបានរុញសំរាមដែលស្ទះឱ្យហូរទៅទីផ្សេងៗទើបទឹកស្រកតាមប្រឡាយវិញ។ ខ្ញុំស្រវេស្រវាឡើងមកលើវិញតែគ្រាន់តែអើតក្បាលចេញ មានរថយន្តមួយបរក្នុងល្បឿនលឿនម៉ោវូ...នេះបើខ្ញុំឱនយឺតបន្តិចប្រាកដជាត្រូវបែកក្បាល់ម៉ត់។

    ខ្ញុំចេញពីទឹកលូកខ្វក់ប្រឡាក់ពេញខ្លួន តែក៏ត្រូវធូរទ្រូងខ្លះដែរព្រោះមិនមានអ្នកឃើញហើយមិនលង់ទឹកងាប់ទៀត។ ខ្ញុំខ្លាចទឹកបំផុត ព្រោះកាលពីនៅក្មេងខ្ញុំធ្លាប់លង់ទឹកធ្ងន់ធ្ងរ។ ទឹកជ្រាបចូលសារពាង្គកាយ ហើយមានអារម្មណ៍ថាឈឺឈ្លក់ត្រង់ច្រមុះនិងត្រចៀក។ កើតជាតិណាៗកុំឱ្យស្លាប់ដោយលង់ទឹកចុះ។ 

    ផ្លាស់ខោអាវរួច ខ្ញុំដើរចេញមកក្រៅហៅម៉ូតូឌុបបំណងទៅក្រុមហ៊ុន។ ក្លឹនទឹកលូនៅជាប់ពេញរាងកាយនៅឡើយតែសង្ឃឹមថាក្លឹនទឹកអប់អាចគ្របវាបានទៅចុះ។ ម៉ូតូឌុបដោយបុរសកញ្ចាស់ជិះត្រឹកៗៗស្រាប់តែប្រទះនឹងទឹកល្ហល្ហាចដែលលិចពេញផ្លូវ។ ទឹកទៀតហើយ!!! លើកនេះខ្ញុំមិនប្រថុយទេ។ ខ្ញុំដើរចុះពីម៉ូតូដោយសម្រេចថ្មើរជើងដោយផ្លូវវៀងវិញ, យ៉ាងណាក៏ជីវិតខ្ញុំថ្លៃជាងរយៈពេលដែរ។

    មកដល់ការិយាល័យក្រុមហ៊ុន ក្រុមការងារងប់ងុលធ្វើការងារយ៉ាងមមាញឹករៀងខ្លួន ដូច្នេះការមកដល់ដ៏សែនយឺតរបស់ខ្ញុំមិនមែនជាអ្វីដែលត្រូវចាប់កំហុសទេ។ ខ្ញុំដើរឡើងជណ្ដើរដែលទទឹកដោយទឹកថ្លាហៀរល្ហល្ហាច។ ទុយោទឹកក្រុមហ៊ុនតែងមានបញ្ហាបែបនេះជាធម្មតា តែសម្រាប់លើកនេះវាពិតជាគួរឱ្យខ្លាចជាងទឹកក្ដៅ១០០អង្សារទៀតសម្រាប់ខ្ញុំ។

    «ទឹកទៀតហើយ!» ខ្ញុំនិយាយតិចៗតែម្នាក់ឯង។ ជំហានជើងសាកល្បងប្រថុយដើរឡើងជណ្ដើរឥដ្ឋដ៏សែនរអិលដែលអាចនឹងដួលបានគ្រប់ពេល។ 

    ព្រូស!!!ទឹប...ទឹប...ទឹប...ទឹបៗៗៗ

    បុគ្គលិកសម្អាតអនាម័យម្នាក់ដួលរមៀលប្រកាច់ប្រកិនតាមជណ្ដើរមកដល់ជាន់ក្រោម ដោយមានកាន់អំបោសផង ចុងអំបោសដែកដែលគ្មានជ័របិទ បានជុងគ្រាប់ភ្នែកធ្លាយចេញមកក្រៅ។ ធ្មេញទាំងក្រាសបាក់ខ្ទេចម៉ត់។ ខ្ញុំស្រឡាំងកាំនឹងអ្វីដែលបានឃើញ។ នាងមករំដោះគ្រោះឱ្យខ្ញុំឬស៊យដោយខ្លួនឯង?

    ភ្លឹប...

    ញាណរបស់ខ្ញុំបានចូលមកក្នុងបច្ចុប្បន្នកាលវិញ។ គ្មានស្ត្រីណារអិលធ្លាក់ជណ្ដើរអីទេអ្វីៗវាគ្រាន់តែជាការស្រមើស្រម៉ៃរបស់ខ្ញុំ តែខ្ញុំដឹងថា, វាជាប្រផ្នូលអាក្រក់ដែលនឹងអាចកើតឡើងយ៉ាងពិតប្រាកដ។ កំពុងតែឈរធ្មឹងរំពឹងគិត ស្រាប់តែមាននារីសម្អាតអនាម័យម្នាក់ដើរចុះជណ្ដើរកាន់អំបោសដងដែកពិតមែន។ នាងដើរចុះមកប្រៀបដូចជាគ្មានប្រុងប្រយ័ត្នអីបន្តិចសោះ។

    «ឈប់សិន!!!»

    មុននឹងខ្ញុំអាចឃាត់នាងបាន គឺហួសពេលទៅហើយ។ នាងដើរចុះមិនបានប៉ុន្មានកាំក៏រអិលជើងធ្លាក់ចុះមករកខ្ញុំ។ ខ្ញុំឈរស្រឡាំងកាំងស្រាប់តែ...ជ្រឹប....

    អ្វីម្យ៉ាងបានធ្វើឱ្យងងឹតបន្តិច ហើយភាពឈឺចាប់បានចាប់ផ្ដើម។ ខ្ញុំមានអារម្មណ៍ថាមានវត្ថុរាវហូរចេញពីភ្នែករបស់ខ្ញុំយ៉ាងច្រើន ហើយមុនពេលដែលខ្ញុំដួល ខ្ញុំដូចជាឮសំលេងស្រែកចេចចាច និងការច្របូកច្របល់មុននឹងអារម្មណ៍ទាំងនេះបាត់អស់ទៅ។

    ខ្ញុំមិនដឹងថាខ្លួនឯងសន្លប់អស់យូរប៉ុណ្ណាទេ តែពេលភ្ញាក់ឡើង វាដូចជាថ្ងៃថ្មីជាច្រើនថ្ងៃដែលវិះតែធ្វើឱ្យខ្ញុំភ្លេចហេតុការណ៍ដែលកើតឡើងចុងក្រោយបំផុតមុនពេលដែលខ្ញុំសន្លប់។ ខ្ញុំបើកភ្នែកឡើងដោយក្ដីឈឺចាប់ តែក៏ទទួលអារម្មណ៍ថាមើលមិនបានទូលាយភ្នែកសោះ។ ស៊ីរ៉ូមកំពុងទៀមជាប់ដៃខ្ញុំ។ នៅក្បែរនេះគឺជាស្វាមីខ្ញុំកំពុងចុចទូរស័ព្ទហាក់ដូចជាមិនដឹងថាខ្ញុំដឹងខ្លួនទេ។ 

    «បង!» 

    ហៅភ្លាមលោកប្ដីភ្ញាក់ព្រើត គាត់ឱនមកជិតខ្ញុំផ្ដល់ភាពកក់ក្ដៅ។ 

    «ភ្ញាក់ហើយហ្អី?»
    «ចាស ហើយខ្ញុំកើតអី?»

    ប្ដីខ្ញុំនៅធ្មឹងដូចមិនចង់ប្រាប់ តែទីបំផុតគាត់ក៏និយាយ។ «ឯងបាត់បង់ភ្នែកម្ខាងហើយ»
    «ថាម៉េច?មិនអាចទេ!!!» ខ្ញុំខ្ទប់មុខទ្រហោយំដោយក្ដីសោកសៅ។ បន្ទាប់មកទើបនឹកឃើញដល់តុក្កតា។

    «តុក្កតា?តុក្កតានោះនៅឯណា?» ខ្ញុំសួរដោយតក់ក្រហល់។ ប្ដីខ្ញុំធ្វើលីលើៗព្រោះមិនយល់។
    «ឯងនិយាយពីអី?»
    «គឺតុក្កតាពណ៌ខ្មៅដែលខ្ញុំទុកក្នុងទូរ លោកប្ដីឯងមានបានធ្វើអីដាក់វាទេ?»

    ប្ដីខ្ញុំជញ្ជឹងគិតមួយស្របក់ហាក់ដូចជាកំពុងតែរកនឹករឿងដែលកន្លង។
    «អ...តុក្កតាដ៏កខ្វក់នោះមែនទេ?» គាត់ឧទាន។ «គឺថ្ងៃនោះក្រោយពេលដែលឯងចេញទៅការិយាល័យ ខ្ញុំបានចាក់សោរទូយកឯកសារសំខាន់ៗមួយចំនួន ពេលនឹងខ្ញុំឃើញតុក្កតានឹងភ្នែកស្អាតពេកក៏កេះវាលេង ស្រាប់តែវារបេះចេញម្ខាង»

    «ពុទ្ធោភ្នែកខ្ញុំ!» ខ្ញុំស្រែកទ្រហោម្ដងទៀតដោយសោកសៅ។ បន្ទាប់មក វាបានបន្លាចអារម្មណ៍ខ្ញុំឱ្យភ្ញាក់ព្រើតដូចឆក់ខ្សែភ្លើង។ 
    «ចុះពេលនេះតុក្កតានោះនៅឯណា?»
    «វានៅឯផ្ទះតែ...» គាត់បង្អង់ហាក់មិនចង់ឆ្លើយបន្ត។ «....តែផ្ទះយើងឆេះអស់ហើយ...ហើយតុក្កតានោះក៏ឆេះក្នុងផ្ទះនោះដែរ។ ពេលហ្នឹង ពេលគេឱ្យដំនឹងមកថាឯងមានគ្រោះថ្នាក់ ខ្ញុំក៏ឆ្លៀតរត់ទៅអុចធូបក្នុងផ្ទះ ហើយរវល់តែយកឯងមកពេទ្យ កម្ទេចធូបក៏រំលាយផ្ទះយើងដោយអណ្ដាតភ្លើងសន្ធោសន្ធៅ។

    «បានហើយ...» ខ្ញុំបង្អាក់ ព្រោះពេលនេះខ្ញុំរួចជីវិតដោយសុវត្ថិភាពហើយ ផ្ទះអាចធ្វើទៀតបាន តែជីវិតមិនអាចទិញបានទេ។ ប្រហែលតុក្កតានោះឆេះបាត់ហើយ ជីវិតខ្ញុំបែបរួចពីតុក្កតាអាថ័ននោះហើយមើលទៅ។ មិនខ្វល់ទេ ពេលនេះខ្ញុំសុវត្ថិភាពហើយ។ ខ្ញុំដេកយកកម្លាំងបន្តទៀត បាត់បង់ភ្នែក និងបាត់បង់ផ្ទះវាឈឺចាប់ដែរ តែនឹងបាននៅជាមួយស្វាមីក្នុងផ្ទះថ្មីនៃថ្ងៃអនាគតដោយគ្មានការរំខានពីតុក្កតានោះទៀតទេ។

    -----

    ខ្ញុំមានអារម្មណ៍ថាខ្លួនឯងដេកយូរសែនយូរ តែពេលបើកភ្នែកឡើងឃើញខ្លួនឯងស្ថិតក្នុងប្រអប់ចង្អៀតនិងងងឹតមួយធ្វើពីឈើដែលមានខ្យល់អុកស៊ីសែនចូលបានតិចបំផុត។ វាគឺមជ្ឈូស។ ផ្សែងចាប់ផ្ដើមចូលតាមប្រឡោះក្ដារមកខាងក្នុងធ្វើឱ្យកាន់តែថប់ដង្ហើមរកដកមិនរួច។ ទេ!!!មិនអាចទេ!!!ខ្ញុំមិនទាន់ស្លាប់ទេ។ ខ្ញុំឮសំលេងលោកប្ដី និងញាតិមិត្តមួយចំនួនកំពុងស្រែកយំខ្សឹកខ្សួលពីចម្ងាយ។ ពុទ្ធោ ច្បាស់ជាមានការយល់ច្រលំហើយ ខ្ញុំមិនទាន់ស្លាប់ទេ ជួយ....

    ខ្ញុំអស់កម្លាំងមិនអាចសូម្បីតែស្រែកតែសង្ឃឹមនៅតែមាន។ ខ្ញុំតាំងចិត្តប្រមូលកម្លាំងទៅជើងធាក់គម្របមជ្ឈូសមួយទំហឹងធ្វើឱ្យគម្របដែលបិទនោះរបើកឡើង។ ពន្លឺនិងក្ដីសង្ឃឹមបានចូលមកហើយ សង្ឃឹមថាគេនឹងឃើញហើយមកយកខ្ញុំចេញពីភ្លើងដែលកំពុងឆេះនេះផង។ ខ្ញុំឮស្វាមី និងសាច់ញាតិកំពុងជ្រួលនឹងការរបើកគម្របមជ្ឈូសតែសំលេងនរណាម្នាក់ចំណាស់ ព្យាយាមសម្រួលភាពចលាចល។

    «នៅស្ងៀមទៅ...សសៃទាញសាកសពជារឿងធម្មតាទេ» សំលេងអាចារ្យភ្លុកបន្លឺឡើងបំផ្លាញក្ដីសង្ឃឹមខ្ញុំទាំងប៉ុន្មានឱ្យរលាយសូន្យសុង។ គាត់យកដែករុញមជ្ឈូសឱ្យចូលក្នុងឡកាន់តែជ្រៅ ហើយចាប់ផ្ដើមបន្ថែមភ្លើង។ កម្ដៅអគ្គីដ៏សែនក្ដៅកំពុងតែបំផ្លាញខ្ញុំឱ្យក្លាយទៅជាផេះ។

    «ឯងមិនអាចគេចពីកម្មនៃតុក្កតាមួយនេះបានទេ បើតុក្កតានេះយ៉ាងម៉េច ជីវិតឯងក៏អញ្ចឹងដូចគ្នា។»

    សង្ឃដីការព្រះសង្ឃកាលពីច្រើនឆ្នាំមុនបានបន្លឺឡើងក្នុងខួរក្បាលខ្ញុំម្ដងទៀតមុនពេលអ្វីៗត្រូវងងឹតសូន្យសុង៕

    និពន្ធដោយ : #Vasan

    តុក្កតារើសបាន តុក្កតារើសបាន Reviewed by Unknown on 8:10 PM Rating: 5
    Loading...
    Powered by Blogger.