>
  • ទំព័រដើម
  • ប្អូនស្រី


    នាងជាក្មេងស្រីវ័យជំទង់ម្នាក់ មានសតិមិនសូវល្អ ចូលចិត្តសំងំក្នុងបន្ទប់។ ពេលបាយ បងស្រីរបស់នាងតែងយកបាយ ម្ហូប និងទឹកដាក់ថាសដែកទៅឱ្យនាងដល់ក្នុងបន្ទប់។ ពេលខ្លះ ក្មេងវិកលចរឹតម្នាក់នេះស្រែកបញ្ចេញសំលេងដូចខ្លាគ្រហឹម។ ជំងឺរបស់នាងគ្មានពេទ្យណាម្នាក់ហ៊ានអះអាងធានាព្យាបាលឡើយ កុំថាឡើយព្យាបាល សូម្បីតែចាក់ថ្នាំឱ្យនាងក៏គ្មាននរណាធ្លាប់ធ្វើបានដែរ។ បន្ទប់ហ្នឹងតូច ហើយងងឹតឈឹងមានពន្លឺបន្តិចបន្តួចពីអំពូលអគ្គិសនីជះពន្លឺពណ៌លឿងទុំ។ បើទោះជាបងស្រីនាងព្យាយាមបញ្ចុះបញ្ចូលនាងឱ្យចំណាយពេលចេញទៅខាងក្រៅ ឬដើរផ្សារ ចម្លើយរបស់នាងគឺតែងតែបដិសេធ។ នៅផ្ទះមួយនេះមានអាថ៌កំបាំងច្រើនណាស់ ពេលខ្លះរ៉ូប៊ីណេក្នុងបន្ទប់ទឹកហូរមកជាឈាម ពេលខ្លះមានធុំក្លិនសាកសពពេញផ្ទះ ហើយពេលខ្លះទៀត បងស្រីនាងចំណាំឃើញផ្នែកខ្លះនៃសាកសពធ្លាក់ចុះពីពិដាន , ដៃ , ជើង , និងសសៃសក់។ សភាពផ្ទះធំនេះមានភាពចំណាស់ និងទ្រុឌទ្រោម ហើយជញ្ជាំងមានសភាពបែកប្រេះដោយអាយុកាលរបស់វា។ ក្នុងនាមជាបងស្រី ណាលីតែងលាក់បាំងរឿងនេះមិនឱ្យដឹងទៅដល់ក្រៅផ្ទះទេ តែអាថ៌កំបាំងខ្លះៗត្រូវដឹងខ្ជរខ្ជាយទៅក្រៅដដែល , ដោយមាត់របស់នាងទីម និងនាងទីប ដែលជាអ្នកបំរើក្នុងផ្ទះចំណាស់នេះ។ ណាលីធ្លាប់មានស្វាមី៥នាក់មកហើយ តែពួកគេទាំងអស់សុទ្ធតែបាត់ខ្លួនទៅយ៉ាងអាថ៌កំបាំង។ មានអ្នកខ្លះជឿថានេះជាស្នាដៃប្អូនស្រីវិកលចរឹតរបស់នាង តែនាងក៏មិនប្រាកដពីមូលហេតុដែរ។

    ល្ងាចមួយ ណាលីបានចេញទៅក្រៅដោយប្រាប់អ្នកបំរើនាងថាទៅជប់លាងមិត្តរបស់ខ្លួន។ ក្រោយពីធ្វើការងារ និងចម្អិនអាហាររៀបរយហើយ អ្នកបំរើទាំងពីរនេះនៅមានកិច្ចការធំមួយទៀតគឺយកបាយម្ហូបទៅឱ្យសានី ជាក្មេងស្រីវិកលចរឹតក្នុងបន្ទប់ងងឹតជាន់ក្រោមដីនោះ។ ស្ដាប់ទៅវាជាការងារដ៏ងាយស្រួលតែវាបែរជាពិបាកខ្លាំងសម្រាប់ពួកគេទាំងពីរទៅវិញ។ សានីមិនងាយបង្ហាញមុខឱ្យពួកគេទាំងពីរឃើញទេ រយៈពេលមកនៅជិតបួនឆ្នាំមកនេះពួកគេទាំងពីរបានឃើញនាងតែម្ដងប៉ុន្នោះ គឺពេលដែលនាងមកប្រាប់បងស្រីនាងថាចង់ផ្លាស់នៅបន្ទប់ក្រោមដីវិញ។

    «មីកាទីម! អញខំធ្វើបាយ ធ្វើម្ហូបម៉ាចប់សព្វគ្រប់ នាងឯងនៅទំនេរយកបាយឱ្យអ្នកនាងសានីផងទៅ។» នាងទីបព្យាយាមលើកការងារដែលបានធ្វើជាលេសគេចវេសការលើកអាហារទៅបន្ទប់ងងឹត តែត្រូវនាងទីមបដិសេធ។

    «ទេ ! អញជូតផ្ទះ លាងចាន នៅមានស្រោចផ្កាលាងបង្គន់ទៀត នាងឯងចម្អិនហើយលើកឱ្យអ្នកនាងផងទៅ។» ។ ទាំងពីរនាក់ប្រកែកមិនព្រមទៅតែរៀងខ្លួន ទីបំផុតក៏សម្រេចចិត្តលើកឡើងទៅទាំងពីរនាក់។ នេះជាលើកទីមួយហើយដែលពួកគេត្រូវចុះមកជាន់ក្រោមដី ព្រោះរាល់ដងការងារនេះត្រូវលោកស្រីរបស់នាងធ្វើដោយផ្ទាល់។ ជណ្ដើរចុះមានសភាពចាស់ពោរពេញដោយធូលី។ ទីនេះងងឹតឈឹង ដៃនាងទីមរញីរញ័រក៏ប៉ះនឹងកុងតាក់ភ្លើង ភ្លើងបើកឡើងជះពន្លឺតិចៗគ្រាន់បំភ្លឺផ្លូវកុំឱ្យបុកជញ្ជាំង។ មានបន្ទប់បិទជិតពីរដែលត្រូវចូល។ តើបន្ទប់ណាជារបស់អ្នកនាងសានីទៅ? នាងទីបមួលសោរទ្វារមួយតែទ្វារមានចាក់សោរពីក្នុងហើយបើកមិនរួច។ ភ្លាមនោះស្រាប់តែមាននរណាម្នាក់ស្រែកសន្ធាប់ពីក្រោយ។

    «ធ្វើស្អីហ្នឹង?» វាជាសំលេងម្ចាស់ស្រីរបស់ពួកនាងទាំងពីរ មិនដឹងថាគាត់ត្រលប់មកវិញតាំងពីពេលណាទេ តែសំលេងដែលគាត់ស្រែកម៉ិញ ហាក់កំពុងលាក់បាំងគេពីអ្វីម្យ៉ាងក្នុងសភាពភិតភ័យ។ គាត់ស្ទុះមកកញ្ឆក់ថាសបាយហើយច្រាននាងទាំងពីរទៅម្ខាង។ 
    «នេះមិនមែនបន្ទប់សានីទេ។» គាត់ពោលព្រមទាំងងាកមើលទៅបន្ទប់បន្ទាប់។ «នោះទើបជាបន្ទប់សានី ចាំទុកក្នុងអំបែងក្បាលអស់ហងផងទៅពួកមីងាប់»។ ថ្វីបើគាត់កំណាច និងនិយាយម៉ឺងម៉ាត់ពិតមែនតែរាល់ដងគាត់មិនដែលជេរនាងទាំងពីរអាក្រក់បែបនេះទេ។ បម្រើទាំងពីកើតការសង្ស័យយ៉ាងខ្លាំងនឹងបន្ទប់អាថ៌កំបាំង។ ណាលីមិនដែលបង្ហាញមុខឱ្យប្អូនស្រីនាងឃើញឡើយ។ នាងតែងរំក្រណាត់ក្បាល និងពាក់ម៉ាសមុខ ហើយពាក់ស្រោមដៃយ៉ាងជិតឈឹង រាល់ពេលចូលលេងប្អូនស្រីនាង។ ណាលីមានប្ដីច្រើន សង្សារក៏ច្រើន តែ...ពួកគេបានស្លាប់ទាំងអស់រាល់ពេលពួកគេបានជួបសានី , ប្អូនស្រីវិកលចរឹត។ ណាលីតែងប្រាប់ស្វាមី ឬសង្សារខ្លួនថាសានីជាមនុស្សវិកលចរឹត ទាំងដែលការពិត...
    ប្ដីក្រោយបំផុតរបស់នាងបានស្លាប់នៅមួយថ្ងៃក្រោយពីគាត់បានជួបនឹងសានី។ ការណ៍នេះធ្វើឱ្យអ្នកបម្រើទាំងពីរជឿថាសានីគឺជាអ្នកធ្វើរឿងនេះ ទាំងដែលការពិត...
    ដោយសារហេតុនេះហើយទើបនាងទាំងពីរមិនដែលប្រាថ្នាជួបសានីនោះទេ។

    ល្ងាចមួយដូចរាល់ដង ពេលចម្អិនអាហារសម្រាប់សានីរួច ណាលីលើកអាហារមួយថាសចុះមកជាន់ក្រោមដី។ នាងគោះទ្វារបន្ទប់បីដង បណ្ដាលធូលីដែលជាប់នឹងទ្វារហុយផាត់មួយចំនួន។ ទ្វារបានបើកក្នុងសភាពងងឹតឈឹង និងស្ងប់ស្ងាត់គ្មានសូម្បីតែសំលេងតុកកែ។

    «សានី! សានី»
    «ចាសបង ទុកអាហារលើតុនោះហើយ»
    «បងទៅវិញហើយ» ណាលីបម្រុងនឹងត្រលប់ទៅវិញស្រាប់តែសានីបង្អាក់។
    «បងស្រី ឈប់សិន!» 
    «មានការអី?» ណាលីសួរទាំងមិនចង់នៅទីនេះ។ នាងមិនហ៊ានទាំងមើលមុខប្អូនស្រីនាងផង។
    «បង ខ្ញុំសួរមួយបានទេ?» សានីនិយាយក្នុងសំលេងស្រទន់ ស្ទើរស្រក់ទឹកភ្នែក។ នាងបន្ត «ហេតុអីខ្ញុំចេញទៅក្រៅមិនបាន?» សំនួរនេះធ្វើឱ្យបងស្រីនាងខឹងយ៉ាងខ្លាំង។ នាងស្ទុះទៅចាប់អង្រួនស្មារប្អូនស្រីខ្លួន ហើយស្រែកខ្លាំងៗ 
    «អញប្រាប់នាងឯងប៉ុន្មានរយដងហើយថានាងឯងមិនអាចចេញក្រៅផ្ទះបានទេ ស្ដាប់ឮទេៗ? មិនចេះឆ្លុះកញ្ចក់មើលមុខខ្លួនឯងទេហ្អែស មើលអាក្រក់ប៉ុណ្ណា? មុខនាងឯងមិនដូចគេទេ ឯងគឺជាមនុស្សមុខអាក្រក់ជាងគេ ឯងមុខបិសាចៗ ថ្ងៃក្រោយបើឮសួរសំនួរនេះទៀត យើងនឹងវះមាត់នាងឯងជាពីរ។» ណាលីស្រែកដាក់ប្អូនជ្រុលជាងរាល់ដង។ ថ្ងៃនេះនាងមានអារម្មណ៍មួរម៉ៅពីខាងក្រៅ។ នាងមិនចង់ឱ្យប្អូនស្រីនាងមានគ្រោះថ្នាក់ទេ។ នាងទម្លាក់សំលេងចុះស្លូតជាងមុនហើយបន្ត
    «បើនរណាម្នាក់ឃើញឯង គេនឹងចាប់ឯងទៅជំរុំមេភូមិ ពេលនោះគេនឹងបូជាឯង សម្លាប់ឯងដោយដុតទាំងរស់។ នេះដោយសារឯងមុខអាក្រក់ជាងបិសាចទៅទៀត»។ ទឹកភ្នែកសានីស្រក់ចុះមកស្របនឹងទឹកភ្នែកបងស្រីនាងដែរ។ នាងមិនចង់ឃុំខ្លួនឯងក្នុងបន្ទប់បែបនេះទេ នាងចង់មានសេរីភាព នាងចង់ទៅក្រៅ នាងចង់រាប់អានមនុស្សថ្មី តែ...តែនាងធ្វើមិនបាន...ព្រោះការពិត...


    យប់ជ្រៅមួយ ណាលីនៅមិនទាន់ត្រលប់មកវិញទៀត។ អ្នកបម្រើទាំងពីរខ្សឹបខ្សៀវគ្នា
    «ឯងគិតមើលបើលោកស្រីទៅយូរបែបនេះ ប្អូនស្រីគាត់ច្បាស់ជាឃ្លានស្លាប់ហើយទម្រាំគាត់មកវិញ តោះយើងលើកម្ហូបឱ្យនាងទៅហ្អី?»នាងទីមបបួលក្នុងបំនងល្អតែត្រូវនាងទីបប្រកែក
    «ទេ អញមិនហ៊ានជាមួយអ្នកវិកលចរឹតទេវើុយ!»
    «តាមពិត នាងមិនមែនវិកលចរឹតទេ ពីម្សិលអញលបស្ដាប់ឮនាងនិយាយជាមួយបងស្រីនាងធម្មតា មិនឃើញស្រែកវេ៉កវ៉ាកអីផង។ ហើយក្រែងឯងចង់ដឹងពីបន្ទប់អាថ៌កំបាំងនោះហ្អី? ហើយអ្នកស្រីមិនបានយកសោរបន្ទប់ក្រោមដីនោះទៅជាមួយទេ តោះខ្លាចអី? គាត់នឹងមិនដឹងទេ»
    «តិចលោគាត់ត្រលប់មកវិញ?»
    «ថ្ងៃនេះមេឃពេញបូរម៌ គាត់ទៅវិហារបាត់ហើយ» អ្នកបម្រើទាំងពីរក៏យល់ព្រមចុះទៅជាន់ក្រោមដោយមានសោរបន្ទប់ និងអាហារមួយថាសផង។ សភាពងងឹតឈឹង នាងទីបរាវចុចកុងតាក់ភ្លើង បន្ទាប់មកភ្លើងក៏ភ្លឺ។ នាងទីមយកសោរចាក់បន្ទប់អាថ៌កំបាំង ឯនាងទីបលើកថាសអាហារទៅដាក់មុខបន្ទប់សានីដែលនៅជាប់បន្ទប់អាថ៌កំបាំងនោះ។ ទ្វារឈើរបើកឡើង បន្ទប់នៅងងឹតឈឹង នាងទីមស្រវារដៃប៉ះកុងតាក់ភ្លឺចិញ្ចែងចិញ្ចាច។ សាកសពជាច្រើនព្យួរសំយ៉ុងក្បាលចុះក្រោម ខ្លះរលួយ ខ្លះនៅស្រស់ស្រក់ឈាមតក់ៗ។
    «អា!!!» បម្រើទាំងពីរស្រែកព្រមគ្នានូវទិដ្ឋិភាពដែលខ្លួនឃើញ។ សាកសពទាំងអស់ដែលនាងបានឃើញគឺជាអតីតលោកប្រុសរបស់នាងដែលបានបាត់ខ្លួន។ នៅក្រោយខ្នងនាង គឺម្ចាស់ស្រីរបស់នាងកំពុងកាន់កាំបិតធំ និងសម្លឹងមកកាន់នាងទាំងពីរដោយកំហឹង។
    «លោកស្រី ខ្ញុំ...ខ្ញុំ...លោកស្រី លើកលែងទោសខ្ញុំផង» នាងសំពះអង្វរម្ចាស់ស្រីរបស់នាងតែឥតប្រយោជន៍ មុខកាំបិតបានហោះមកកាន់ក្បាលពួកនាងទៅហើយ។ ណាលីដែលហត់មកពីវិហារក៏ត្រូវកាប់ចិញ្ចាំរាងកាយអ្នកបម្រើទាំងពីរ ហើយនៅលើកព្យួរឡើងទៀត។ ឈាមស្រក់ដាបក្ដារ។
    «លទ្ធផលសមនឹងការចង់ដឹងចង់ឮហួសហេតុរបស់ពួកឯងហើយ»។ ថាហើយនាងក៏លើកថាសបាយចូលបន្ទប់សានី។

    ---

    រាល់យប់ , ណាលីមិនដែលនៅផ្ទះទេ ព្រោះរវល់នៅវិហារ។ សានីបានដឹងថាបងស្រីនាងមិននៅផ្ទះ នាងតែងលួចចេញពីបន្ទប់មកខាងក្រៅជារឿយៗ តែ...នាងបានត្រឹមតែអង្គុយលើស្មៅមើលព្រះចន្ទតែប៉ុណ្ណោះ មិនដែលចេញក្រៅរបងទេ។ នាងប្រាកដថាខ្លួនឯងមិនមែនជាមនុស្សវិកលចរឹតទេ គ្រាន់តែរងអនានិគមពីបងស្រីកំណាចតែប៉ុណ្ណោះ។

    យប់មួយ នាងបានសម្រេចដើរចិត្តចេញមកក្រៅរបងផ្ទះ។ ដើរបានឆ្ងាយពីផ្ទះបន្តិចតាមផ្លូវដែលមានបង្គោលភ្លើងមួយៗ ​នាង​បាន​កត់​សម្គាល់​ឃើញ​ថា​បុរស​ពីរ​នាក់​ដែល​កំពុង​ឈរ​នៅ​ក្នុង​ផ្លូវ​នេះ​ឡើង​នៅ​ពេល​ខាង​មុខ​។ ពួកគេ​ស្ថិតក្នុងឯកសណ្ឋាន​ធំដល់ចុងជើង។ នៅ​ពេល​ពួក​គេ​ឃើញ​នាង​ពួកគេ​បានស្រែក​ថា​: «​នាងជា​នរណា​? ឈប់សិន​!»

    មិនគិតច្រើន សានីរត់ទៅមុខយ៉ាងលឿន​។ នាង​ឮសំលេងជនទាំងពីររត់តាមពីក្រោយ។ នាង​ប្រញាប់​រត់យ៉ាងលឿនដើម្បីគេចពីអ្នកតាម​ទាំង​ពីរ​ហើយរត់ចូលសួនច្បារសាធារណមួយ​។ រ៉ូប របស់​នាងបានទាក់នឹងគុម្ភផ្កា ធ្វើឱ្យនាង​មិន​អាច​រត់ទៅមុខរួច ទើបនាងសម្រេចស្រាតវាចោលហើយរត់​បន្តទៀត។

    នាង​​អាក្រាត​កាយ​ហើយ​ហើយ​វា​គឺ​ត្រជាក់​ខ្លាំង​ណាស់​ប៉ុន្តែ​គ្មានជម្រើសទេ នាង​ត្រូវតែបន្តរត់ទៀត​។ នាង​រត់​ហើយ​រត់​តាមពន្លឺ​ដែល​បំភ្លឺតាមថ្នល់ ​ហើយអ្នកដើរតាមថ្នល់ទាំងអស់ដែលបានឃើញនាងនាំគ្នាស្រែក។

    នៅ​​ជ្រុងផ្លូវមួយនាងរត់បុកបុរស​ម្នាក់​។ នៅ​ពេល​ដែល​គាត់​​ឃើញ​នាងគាត់​បើកភ្នែកធំៗហើយស្រែក​ថា «បិសាច​! បិសាច​!»

    នាង​ក៏រត់ចូលដុបព្រៃក្បែរផ្លូវនោះ​ ធ្វើឱ្យបន្លាមុតស្បែក​របស់​នាង​ទេ​រហូត​រត់ដល់ចិញ្ចើម​ផ្លូវ​មួយទៀត។ នាង​​អស់​កំលាំង​ណាស់មិន​អាច​រត់​ទៅមុខទៀត​បានទេ​។ នាងបានដួល​សន្លប់ទៅលើ​ដី​។

    ប្រជាជន​រត់​មក​ទាំងហ្វូង ហើយ​ពួកគេ​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ជុំវិញ​នាង​ក្នុងទឹកមុខចង​កំហឹង​និង​ស្អប់​ខ្ពើម​។ ពួក​គេ​បាន​ចាប់​ផ្តើ​ម​ទាត់​និង​ធាក់​នាង​ហើយស្រែក​ថា​: «​ឯងជាណា​គេ? ហើយមកពីភពណា?»

    នៅ​ទី​បំផុត​, អា​ចា​រ្យ​ម្នាក់បានវែកចូលហ្វូង​មនុស្ស​ដែលកំពុង​មាន​កំហឹង​​។ គាត់​បាន​បញ្ជា​ឱ្យ​«​ចូរ​យក​នាង​ទៅ​វិហារសិន!» ។ «យប់​នេះ​យើង​នឹង​កម្ចាត់​​បិសាច​នេះ​!​»

    ប្រជាជនបានអូស​សានី​ដើម្បី​បូជា​និង​បាន​ចង​នាង​ទៅ​លើ​ឈើ​ឆ្កាង​ថ្ម​ដែល​ព្យួរ​នៅ​លើ​អាសនៈ​។ ពួក​គេ​​ជង់​ឈើ​នៅ​ក្រោម​ជើង​របស់​នាង​។ លោក​អាចារ្យចាប់​ផ្តើ​ម​សូត្រធម៌អាគម ហើយ​ប្រជា​ជន​ចាប់​ផ្តើ​ម​អធិស្ឋាន​។ លោក​អាចា​រ្យ​បាន​យក​ភ្លើងដុត​ចំបើងដុតពី​ក្រោមហើយវាផ្ទុះ​ឡើង​ចេញជាអ​ណ្តា​ត​ភ្លើង​។

    សានីស្រែក​យ៉ាង​ខ្លាំង​ដោយការភិតភ័យ។ នាង​បាន​សុំ​ឱ្យ​ពួក​គេ​អាណិត​មេ​ត្ដា​នាង​ហើយ​ទុក​ជីវិត​ឱ្យនាង​ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់ក្នុងចំណោម​ពួកគេស្តាប់​ការ​អង្វរ​របស់​នាង​។

    ភ្លើងឆេះធំទៅៗយ៉ាង​ឆាប់​រហ័ស ហើយផ្សែង​បាន​ចាប់​ផ្តើ​ម​គួច​ជុំវិញ​នាង​។ នាង​ព្យាយាមរើបម្រះពីចំណងនេះ​​​, ប៉ុន្តែ​ឥតប្រយោជន៍ទេ​ ភ្លើងនៅតែឆាបឆេះខ្លាំងឡើងៗ​។ រាងកាយ​អាក្រាត​របស់ក្មេងស្រី​រូប​នេះ​ត្រូវ​បាន​ហ៊ុមព័ទ្ធ​ដោយ​អណ្ដាតភ្លើង​​។ ភ្លាមនោះមានសំលេងមួយស្រែកឡើង «ធ្វើអីហ្នឹង?» វាដូចជាសំលេងរបស់...
    «តើនាងខុសអី?» ម្នាក់នោះបន្ត។

    «​ម្ចាស់ស្រីមើល​មុខ​របស់​បិសាច​នេះ​ចុះ!»​លោកអាចារ្យស្រែក។ «មើល​ខ្លួន​ដ៏គគ្រិចរបស់​នាង​ចុះ។ មើល​ដៃ​នាងទៅ មានម្រាមដៃដល់ទៅប្រាំ! មើល​ទៅ​មុខដ៏គួរឱ្យខ្លាចនោះ​ចុះ! មានភ្នែក​តែពីរ! មានច្រមុះ​តែមួយ! មើលមាត់នាងចុះ​បបូរមាត់ពណ៌ក្រហមមិនមែនបៃតង​ដូចពួកយើងទេ ! ហើយ​ធ្មេញ​របស់​នាងស្មើគ្នាគ្មានចង្គូមសោះ​! នាងជាបិសាចគួរឱ្យខ្លាចណាស់ម្ចាស់ស្រី»

    ម្ចាស់ស្រីនោះដើរមកជិតសានីធ្វើឱ្យនាងភ្ញាក់ផ្អើលយ៉ាងខ្លាំង។ បងស្រីជាទីស្រលាញ់ដែលនៅផ្ទះជាមួយនាង ជាម្ចាស់នៃហ្វូងបិសាចទាំងពួង។ គាត់ទម្លាក់ក្រមារដែលគ្របមុខបង្ហាញមាត់រយះដល់គុម្ភត្រចៀក និងធ្មេញស្រួចៗជាច្រើនជួរ គ្រាប់ភ្នែកពណ៌ក្រហមដក់ឈាម ម្រាមដៃមានតែបួនមើលទៅគួរឱ្យរន្ធត់។
    «កុំបារម្ភអីសានី បងមិនធ្វើអីឯងទេ»។ សានីសន្លប់ឈឹងបាត់ស្មារតី។ 

    ••• •••• •••

    នាងភ្ញាក់មកវិញនៅក្នុងបន្ទប់ដែលដុតចង្កៀងភ្លឺផ្លុងៗ។ ដៃស្វិតជ្រីវជ្រួញដែលមានក្រចកស្រួចវែងៗលូកមកអង្អែលថ្ពាល់សានី។ នាងឃើញមុខបិសាចមាត់ធំកំពុងសម្លឹងនាងដោយកែវភ្នែកស្រទន់។ ទឹកភ្នែកហូរចុះមកកាត់ផែនថ្ពាល់ជ្រីវជ្រួញរបស់បិសាចនោះ។
    «បងដឹងថាឯងតក់ស្លុតខ្លាំងហើយពេលដែលដឹងថាបងបែបនេះ តែបងសុំទោស បងនឹងមិនឱ្យឯងមានគ្រោះថ្នាក់ទេ បងមិនបណ្ដោយឱ្យគេរើសអើងចង់សម្លាប់ឯងទៀតទេ។» និយាយតែប៉ុណ្ណេះ សានីងើបឱបបងស្រីបិសាចនេះ។
    «បងអាចពន្យល់រឿងរ៉ាវទាំងអស់ប្រាប់ខ្ញុំបានទេ?» 
    «បាន» ណាលីងក់ក្បាលយល់ព្រម។ «កាលពីមុនគ្មាននរណាមកនៅទីក្រុងនេះទេ។ បងបានរស់នៅក្នុងទីប្រជុំជនមួយ។ ដោយតណ្ហារម្មណ៍ បងចង់ក្លាយជាមនុស្សដែលមានអំនាចបំផុត។ បងបានប្រើរូបមន្តស្ងោរថ្នាំបុរាណតាមមេធ្មប់។ ដោយមិនប្រយ័ត្ន ជាតិថ្នាំបានជ្រាប់ចូលសារពាង្គកាយរបស់បង ធ្វើឱ្យបងក្លាយជាបិសាចអាក្រក់បែបនេះ។ បងបានរត់មកនៅទីក្រុងស្ងប់ស្ងាត់ដាច់ស្រយ៉ាលមួយនេះ ដែលមានមនុស្សមិនច្រើនរស់នៅ។ ដោយខ្លាចពួកគេដឹងថាបងជាបិសាច និងដោយចង់ដឹកនាំពួកគេ បងបានលាយថ្នាំបិសាចនោះ និងបន្សាយវាទៅតាមខ្យល់។ មិនយូរបុ៉ន្មាន ជាតិថ្នាំជ្រាបចូលសារពាង្គកាយពួកគេ ធ្វើឱ្យពួកគេក្លាយជាបិសាចគួរឱ្យខ្លាច។ បងគឺជាម្ចាស់នៃពួកគេទាំងអស់។»

    «ក្រោយមក អ្នកផ្ទះយើងទាក់ទងមកបងដើម្បីបញ្ជូនប្អូនឯងមកនៅជាមួយបង។ បងមិនបដិសេធទេព្រោះខ្លាចពួកគេសង្ស័យ។ បងឃុំប្អូនជាច្រើនខែ ព្រោះដោយសារតែខ្លាចមានថ្ងៃនេះ ដោយសារខ្លាចមានអ្កនដឹងថាប្អូនជាមនុស្ស។ បងសម្លាប់ពួកគេ សម្លាប់ប្ដីខ្លួនឯងក្រោយពេលដែលពួកគេដឹងថាប្អូនគឺជាមនុស្ស។ អ្វីៗដែលបងធ្វើគឺដើម្បីឯង បងស្រលាញ់ឯង។»

    «ចាប់ពីថ្ងៃនេះទៅ គ្មាននរណាភ័យខ្លាចឯងទៀតទេប្អូនស្រី»។ និយាយចប់ណាលីកាន់កាំបិតដ៏មុតស្រួចតម្រង់ប្អូនស្រីនាង។
    «ទេ...កុំ...បង បងធ្វើអីហ្នឹង...ទេ!!!» សានីព្យាយាមរើបម្រាស់តែនាងមិនអាចកម្រើកសូម្បីតែបន្តិច។ កាំបិតមុតបានវះមាត់នាងពីម្ខាងទៅម្ខាង។ ម្រាមមេដៃក៏ត្រូវកាត់ផ្ដាច់។


    ---


    សានីងើបឈរដើរតម្រង់ទៅផ្លូវដ៏ងងឹតមួយ។ ចាប់ពីពេលនេះទៅគ្មាននរណាមើលងាយនាងទៀតទេ។ សានីជាម្ចាស់ថ្មីនៃទីក្រុងបិសាចនេះ។ “តែ...សុំទោសបងណា បងស្រីដែលខ្ញុំសម្លាប់បង ហើយដណ្ដើមដំនែងនេះ”៕


    -----------------//----------------

    #Vasan
    ប្អូនស្រី ប្អូនស្រី Reviewed by Unknown on 1:58 PM Rating: 5
    Loading...
    Powered by Blogger.