>
  • ទំព័រដើម
  • សំលេងគោះទ្វារសម្ងាត់



    វាបានកើតឡើងកាលពីប៉ុន្មានឆ្នាំមុននៅក្រុងមួយ, ហើយ , កាលនឹង, វាគ្រាន់តែជាទីប្រជំជនតូចមួយនៅក្បែរជើងភ្នំ។ ក្រុងនោះតូចណាស់មានតែវត្តអារាមមួយ, ឧទ្យានមួយ, ពន្ធនាគារមួយកន្លែង និងសាលារៀនមួយ, ដែលផ្ទះអ្នកភូមិនៅជុំវិញនឹង។ សាលាក្នុងក្រុងនឹងមានមោទនភាពណាស់ដោយត្រូវគេសរសើរមិនដាច់ពីមាត់ថាជាសាលាល្អបំផុតក្នុងខេត្តនោះ។

    វាជាព្រឹកថ្ងៃទី៣១ខែតុលា, ហើយសិស្សក្នុងបន្ទប់រៀនមួយកំពុងកាត់ក្រដាសធ្វើជារូបផ្សេងៗតុបតែងថ្នាក់។ ក្មេងខ្លះគូររូបមនុស្ស ខ្លះគូររូបបិសាចនិងប្រជៀវ ហើយខ្លះគូររូបល្ពៅ។ សិស្សទាំងអស់គឺមានអាយុចន្លោះពី៨ទៅ៩ឆ្នាំដោយសារក្រុងនោះមិនសូវមានមនុស្សច្រើនទើបក្មេងៗត្រូវរៀនរួមគ្នាតែមួយថ្នាក់គត់។ អ្នកគ្រូរបស់ពួកគេគឺជាស្រីក្រមុំដ៏ស្រស់ប្រិមប្រិយម្នាក់ដែលទើបតែនឹងបង្រៀនសិស្សបានតែមួយខែនេះឯង។

    ខណៈដែលក្មេងៗកំពុងរីករាយនឹងរៀបចំថ្នាក់, អ្នកគ្រូក៏បើកវិទ្យុដើម្បីស្ដាប់ពីការព្យាករណ៍អាកាសធាតុឧតុនិយម។ នាងមានគម្រោងនឹងធ្វើពិធីជប់លៀងសម្រាប់ក្មេងៗដូចនេះទើបត្រូវប្រាកដឱ្យដឹងថាថ្ងៃណាដែលមិនភ្លៀង។

    រំពេជនោះ, ការព្យាករណ៍អាកាសធាតុត្រូវកាត់ផ្ដាច់ដោយព័ត៌មានប្រកាសអាសន្នបន្ទាន់មួយ។

    «នេះជាការប្រកាសសំខាន់ណាស់។ ឃាតកដៃដល់សម្លាប់មនុស្សមិនរើសមុខម្នាក់បានរត់ចេញពីគុកហើយប៉ូលីសកំពុងតាមចាប់។ គាត់មានកាន់អាវុធក្នុងដៃហើយគ្រោះថ្នាក់ខ្លាំងណាស់។ សូមមេត្តាកុំឱ្យគាត់ឃើញ, ប៉ូលីសនឹងធ្វើការត...»

    អ្នកគ្រូប្រញាប់ចុចបិទវិទ្យុ។ នាងមិនចង់ឱ្យក្មេងៗភ័យទេ, តែវាហួសពេលហើយ។ ក្មេងៗទាំងអស់បានឮដំនឹងនេះបាត់ទៅហើយ។ ពួកគេដឹងថាគុកគឺនៅជិតនឹងសាលានេះខ្លាំងណាស់។ ជុំវិញសាលាគឺព្រៃដុះស៊ុបទ្រុប។ អ្នកគ្រូព្យាយាមសម្រួលក្មេងៗហើយប្រាប់ពួកវាថាគ្មានអីត្រូវព្រួយទេ។

    ពីរបីនាទីក្រោយមក, នាយកសាលាបានទូរស័ព្ទមកអ្នកគ្រូ :

    «សូមអ្នកគ្រូមេត្តាប្រុងប្រយ័ត្ន! យើងបានទទួលដំនឹងពីប៉ូលីសមកថាមានករណីដ៏គួរឱ្យខ្លាចមួយក្នុងក្រុងយើង។ សូមអ្នកគ្រូចាក់សោរដាក់គន្លឹះបន្ទប់រៀនហើយបិទបង្អួចដាក់គន្លឹះឱ្យជិតទម្រាំប៉ូលីសសម្រួលស្ថានការណ៍នេះហើយ។ ខ្ញុំប្រាប់ម្ដងទៀត, សូមមេត្តាបិទទ្វារបង្អួចដាក់គន្លឹះឱ្យជិតកុំខាន។ កុំចេញពីថ្នាក់ឱ្យសោះ។»

    អ្នកគ្រូប្រាប់សិស្សទាំងអស់ឱ្យនៅស្ងៀមសិន។ នាងយកមេសោរចាក់ពីក្នុងបន្ទប់។ បន្ទាប់មក, នាងដើរបិទបង្អួចទាំងអស់, ហើយចាក់គន្លឹះយ៉ាងជាប់ដោយគ្មាននរណាអាចចូលមកក្នុងបានទេ។

    ក្មេងតូចម្នាក់លើកដៃនាងឡើងហើយសុំចេញទៅបង្គន់។ អ្នកគ្រូមិនចង់ឱ្យនាងចេញទៅទេ, តែនាងទទូចចង់ចេញទៅ។ ទីបំផុតអ្នកគ្រូក៏យល់ព្រមអនុញ្ញាតិឱ្យនាងចេញទៅបង្គន់ដែលនៅក្រៅបន្ទប់រៀននេះ។ តែ, ពេលនេះវាជាពេលគ្រោះថ្នាក់ណាស់ដែលឃាតកប្រហែលជាចូលមកលាក់ខ្លួនក្នុងបរិវេណសាលាហើយក៏មិនដឹង។

    នាងប្រាប់ក្មេងនោះថា, ពេលនាងមកវិញ, នាងនឹងត្រូវគោះទ្វារតាមសំលេងសម្ងាត់។ បន្ទាប់មក អ្នកគ្រូនឹងដឹងហើយនឹងបើកទ្វារឱ្យនាងចូល។ សំលេងសម្ងាត់គោះទ្វារគឺគោះទ្វារបីដង និងកេះទ្វារពីរដង។

    ទឹប ទឹប ទឹប...ក្រេត ក្រេត... នេះជាសំលេងសម្ងាត់សម្រាប់គោះទ្វារចូល។

    ក្មេងស្រីនោះចេញទៅបង្គន់បាត់ទៅ ហើយអ្នកគ្រូក៏ចាក់សោរទ្វារ។ ដើម្បីសម្រួលឱ្យក្មេងៗឈប់គិតពីស្ថានការណ៍ដ៏ព្រឺព្រួចនេះ, នាងចាប់ផ្ដើមនិទានរឿងឱ្យពួកគេស្ដាប់។

    ២០នាទីកន្លងផុតទៅហើយ ហើយក្មេងស្រីនោះនៅតែមិនទាន់ត្រលប់មកវិញទៀត, ធ្វើឱ្យអ្នកគ្រូចាប់ផ្ដើមព្រួយបារម្ភ។

    «ម៉េចក៏ទៅយូរម៉្លេះ?» នាងចាប់ផ្ដើមឆ្ងល់យ៉ាងខ្លាំង។

    រំពេជនោះ, ពួកគេបានឮសំលេងសម្រឹបជើង។ អ្នករាល់គ្នានៅធ្មឹងដោយភ័យព្រួយ។ បន្ទាប់មកពួកគេឮសំលេងនៅទ្វារ :

    ទឹប ទឹប ទឹប...ក្រេត ក្រេត...

    «នាងមកវិញហើយ,» អ្នកគ្រូលាន់មាត់ដោយធូរទ្រូង។

    នាងដើរទៅជិតទ្វារហើយយកសោរបម្រុងចាក់បើក។

    «ចុះបើមិនមែនជានាង?» ក្មេងប្រុសម្នាក់សួរដោយឆ្ងល់ និងភិតភ័យ។

    អ្នកគ្រូនៅនឹង, កូនសោរនៅជាប់នឹងក្ដិតមេសោរ។

    ពួកគេឮសំលេងគោះទ្វារម្ដងទៀត:

    ទឹប ទឹប ទឹប... ក្រេត ក្រេត...

    «វាប្រាកដជានាង,» អ្នកគ្រូនិយាយ។ នាងចាក់សោរបើកទ្វារ។

    រំពេជនោះ, ទ្វារបន្ទប់រៀនបើកហើយមានបុរសរាងខ្ពស់ម្នាក់ឈរនៅទីនោះ។ ដៃស្ដាំគាត់កាន់កាំបិត ហើយដៃឆ្វេងគាត់, គាត់កាន់ក្បាលក្មេងស្រី ដែលគាត់កាត់។

    ឃាតកហែកគុកនេះចូលមកក្នុងបន្ទប់រៀន, ញញឹមយ៉ាងព្រឺព្រួច។ សម្រែកនៃក្ដីភ័យខ្លាចនិងការឈឺចាប់បន្លឺឡើងទ្រហឹងសាលា។

    ដោយតក់ស្លុត, អ្នកគ្រូបានវ៉ៃបំបែកកញ្ចក់បង្អួចហើយលោតចុះមកក្រោមដោយគេចពីការស្លាប់។ តែក្មេងៗ, គ្មានសំណាងដូចនាងទេ។

    ពេលប៉ូលីសមកដល់, ពួកគេឃើញបុរសឃាតកនោះអង្គុយកណ្ដាលបន្ទប់រៀន។ ឥដ្ឋការ៉ូ, ជញ្ជាំង និងពិដានប្រឡាក់ទៅដោយឈាម។ សាកសពក្មេងៗនៅពាសពេញជុំវិញគាត់។ គាត់បានកាត់ក្បាលក្មេងៗទាំងអស់។

    ពួកគេបានឃើញសាកសពអត់ក្បាលរបស់ក្មេងស្រីនោះនៅក្នុងបង្គន់សាលា។ ប៉ូលីសធ្វើការសន្និដ្ឋានពីអ្វីដែលបានកើតឡើងនេះថា, អ្នកទោសហែកគុកម្នាក់នេះប្រាកដជាបានពួនក្នុងបង្គន់ហើយពេលក្មេងស្រីនោះចូលទៅក្នុងបង្គន់, គាត់បានគំរាមនាងតូច និងបង្ខំឱ្យនាងប្រាប់ពីការគោះទ្វារសម្ងាត់។ ពេលនាងប្រាប់រួច, គាត់ក៏កាត់ក្បាលនាង។

    រាល់ថ្ងៃនេះ, អ្នកគ្រូនៅវិកលចរិតក្នុងមន្ទីរពេទ្យ។ នាងគ្មានថ្ងៃជាសះស្បើយវិញឡើយហើយនៅតែទន្ទេញម្ដងហើយម្ដងទៀតថា : គោះទ្វារបីដង កេះទ្វារពីដង.. គោះទ្វារបីដង កេះទ្វារពីដង... គោះទ្វារបីដង កេះទ្វារពីដង...។

    សាលានោះត្រូវបោះបង់ចោលព្រោះគ្មានឪពុកម្ដាយណាហ៊ានឱ្យកូនគាត់រៀននៅទីនោះទៀតទេ។ មានការចងចាំជាច្រើននៅទីនោះ។ សាលានោះត្រូវបិទតាំងពីថ្ងៃដែលមានករណីសម្លាប់ក្មេងនោះឯង។ គេនិយាយថាបើអ្នកទៅលេងសាលាចំណាស់នោះហើយទៅបន្ទប់រៀនសាលានោះ, អ្នកនៅតែឃើញឈាមប្រឡាក់ពាសពេញពិដាន និងជញ្ជាំង។

    បើអ្នកហ៊ានណាស់, អ្នកអាចទៅមើលក្នុងបង្គន់។ គ្រាន់តែគោះទ្វារបីដង និងកេះទ្វារពីរដងហើយបើកទ្វារ, អ្នកនឹងឃើញក្មេងស្រីដាច់ក្បាលអង្គុយនៅទីនោះ៕

    #Vasan
    សំលេងគោះទ្វារសម្ងាត់ សំលេងគោះទ្វារសម្ងាត់ Reviewed by Unknown on 6:48 PM Rating: 5
    Loading...
    Powered by Blogger.