រឿង ផ្ទះថោក
ប្រពន្ធខ្ញុំ និងខ្ញុំបានទិញផ្ទះមួយ។ យើងទិញវាបានក្នុងតម្លៃដ៏ថោកបំផុត។ ពេលហ្នឹងខ្ញុំមិនបានគិតច្រើនពីតម្លៃនេះទេ តែយើងត្រឹមតែរីករាយយ៉ាងខ្លាំងណាស់ដែលបានសល់លុយច្រើនពីការទិញផ្ទះ, តែឥឡូវនេះ ខ្ញុំយល់ហើយថាហេតុអីបានជាវាថោកយ៉ាងនេះ។ ពេលប្រពន្ធខ្ញុំ និងខ្ញុំផ្លាស់មកនៅផ្ទះនេះដំបូង, យើងត្រូវរៀបចំជួសជុលសម្អាតអ្វីគ្រប់យ៉ាងដើម្បីឱ្យវាស្អាតបាតមានសណ្ដាប់ធ្នាប់ និងផាសុកភាព។ យ៉ាងណា, រឿងចម្លែកបានចាប់ផ្ដើមកើតឡើង។
យប់មួយ, ប្រពន្ធខ្ញុំ និងខ្ញុំកំពុងគេងក្នុងបន្ទប់ដេក ស្រាប់តែយើងត្រូវភ្ញាក់ដោយឮសំឡេងអ្វីម្យ៉ាងខ្លាំងៗ។ វាដូចជាអ្វីមួយបានធ្លាក់។ យើងងើបពីគ្រែហើយផ្ទៀងស្ដាប់, តែគ្មានសំឡេងអ្វីទៀតឡើយ។ ប្រពន្ធខ្ញុំខ្លាចមិនហ៊ានងើបចេញពីគ្រែទេ, នាងឃ្លុំភួយជិតហើយដេញឱ្យខ្ញុំទៅមើលថាមានអ្វីកើតឡើង។
ខ្ញុំក៏ព្រមងើបទៅមើលក្នុងផ្ទះ, តែគ្រប់យ៉ាងមានតែភាពស្ងប់ស្ងាត់ ហើយគ្មានសញ្ញាណាថាអ្វីមួយបានធ្លាក់ឡើយ។ ខ្ញុំត្រឡប់មកបន្ទប់គេងវិញហើយព្យាយាមបិទភ្នែកគេងឡើងវិញ។
ពីរបីនាទីក្រោយមក, យើងឮសំឡេងខ្លាំងៗម្ដងទៀត។ លើកនេះ, យើងប្រាកដថាវាមិនមែនជាការស្រមើស្រមៃរបស់យើងឡើយ។ ខ្ញុំងើបឡើងហើយដើរមើលពីបន្ទប់មួយទៅបន្ទប់មួយ, ស្វែងរកប្រភពដែលបង្កជាសំឡេងនោះ។ គ្រប់យ៉ាងគឺរៀបចំស្អាតធម្មតា ហើយគ្មានអ្វីនៅលើរនាបដែលគួរឱ្យសង្ស័យថាកើតជាសំឡេងធ្លាក់សោះ។
ខ្ញុំបម្រុងទៅគេង, ស្រាប់តែមានខ្យល់ត្រជាក់បក់រំភើយប៉ះជើងទាំងគូររបស់ខ្ញុំ។ ខ្ញុំគិតថាប្រហែលប្រពន្ធខ្ញុំភ្លេចបិទបង្អួចហើយ, ដូច្នេះខ្ញុំក៏បើកវាំងនន។ អ្វីដែលខ្ញុំឃើញធ្វើឱ្យខ្ញុំភ័យរន្ធត់ស្ទើរគាំងបេះដូង។
ឈរនៅកណ្ដាលនៃផ្លូវងងឹត, សម្លឹងមកខ្ញុំជាមួយកែវភ្នែកធំៗ, គឺជាស្ត្រីចំណាស់កំណាចម្នាក់! មុខគាត់គួរឱ្យខ្លាចខ្លាំងណាស់ដែលមើលទៅនាងដូចជាបានស្លាប់ច្រើនសប្ដាហ៍មកហើយ!
ភ្លាមនោះ, ខ្ញុំឮសំឡេងប្រពន្ធខ្ញុំស្រែករកខ្ញុំ ហើយសំឡេងនាងញ័រដោយភាពភ័យខ្លាច។ ខ្ញុំរត់ឡើងជាន់លើតម្រង់ទៅបន្ទប់ដេក ហើយឃើញប្រពន្ធខ្ញុំកំពុងយំស្រែកថានាងចង់ចេញពីទីនេះ! នាងបានមើលទៅក្រៅបង្អួចហើយក៏ឃើញស្ត្រីដ៏គួរឱ្យខ្លាចនោះផងដែរ។
ខ្ញុំចាប់ញញួរមួយហើយរត់ទៅជាន់ក្រោមម្ដងទៀត។ ខ្ញុំចង់ចេញទៅផ្លូវដើម្បីមើលថាមានអ្វីកើតឡើង។ ពេលខ្ញុំចេញមកក្រៅ, ខ្ញុំដើរមើលជុំវិញផ្ទះ និងតាមបរិវេណដី, តែគ្មានសញ្ញាពីស្ត្រីដ៏គួរឱ្យខ្លាចនោះទាល់តែសោះ។ គ្មានសូម្បីតែដានជើង!
ខ្ញុំត្រឡប់មកបន្ទប់ដេកវិញហើយព្យាយាមលួងលោមភរិយាខ្ញុំ, ហើយយប់នោះយើងក៏ដេកលក់ធម្មតា។
ថ្ងៃបន្ទាប់, យើងធ្វើជាគ្មានរឿងអីកើតឡើង, តែពេលយប់មកដល់, ប្រពន្ធខ្ញុំ និងខ្ញុំត្រូវគ្របដណ្ដប់ដោយភាពភ័យខ្លាច។ យើងដេកមិនលក់ទេ, ដូច្នេះយើងក៏មកអង្គុយនៅបន្ទប់ទទួលភ្ញៀវហើយមើលទូរទស្សន៍។ មួយសន្ទុះនោះ, អ្វីៗគឺធម្មតា, តែភ្លាមៗនោះ, ភ្លើងអគ្គិសនីក៏កាត់ផ្ដាច់ ហើយផ្ទះទាំងមូលងងឹតសូន្យសុង។
ខ្ញុំទៅពិនិត្យមើលកុងតាក់ និងបារ៉ែតភ្លើង តែគ្រប់យ៉ាងគឺនៅបើកទាំងអស់។ ខ្ញុំសម្រេចចូលទៅផ្ទះបាយ ហើយអុចទៀន និងបើកពិល។ ពេលកំពុងដើរទៅផ្ទះបាយ, ទោះជាក្នុងភាពងងឹតក៏ខ្ញុំអាចឃើញថា ប្រពន្ធខ្ញុំកំពុងភ័យខ្លាច, អង្គុយស្ងៀមនៅនឹងតុ។ ខ្ញុំលួងលោមថាគ្រប់យ៉ាងនឹងល្អប្រសើរឡើងវិញហើយខ្ញុំនឹងទៅយកទៀនមកអុចបំភ្លឺទីនេះ។
ពេលខ្ញុំដើរចូលផ្ទះបាយ, ខ្ញុំរន្ធត់យ៉ាងខ្លាំងពេលដែលបានឃើញស្រមោលនរណាម្នាក់ឈរក្នុងភាពងងឹត។ ខ្ញុំប្រញាប់បើកទូរហើយទាញពិលមក។ ពេលខ្ញុំបើកពិលមើល, ខ្ញុំស្ទើរតែសន្លប់! វាគឺជាប្រពន្ធខ្ញុំ។
ខ្ញុំមានអារម្មណ៍អាក្រក់ និងមិនស្រួលទាល់តែសោះជាមួយស្ថានការណ៍ព្រឺព្រួចបែបនេះ។ ខ្ញុំកាន់ពិលហើយប្រាប់ប្រពន្ធខ្ញុំឱ្យនៅចាំនៅផ្ទះបាយនេះហើយ ខ្ញុំនឹងចេញទៅមើលថានរណាដែលនៅក្នុងបន្ទប់ទទួលភ្ញៀវ។ ខ្ញុំប្រាថ្នាថាគ្មាននរណានៅទីនោះទៅចុះ។ ប្រពន្ធរបស់ខ្ញុំមិនតវ៉ាស្អីទេ ព្រោះនាងដឹងថាបើមនុស្សម្នាក់បែងទៅជាមនុស្សពីរនាក់ មានន័យថាអ្នកនោះនឹងត្រូវស្លាប់។
សំណាងល្អ, គ្មាននរណានៅបន្ទប់ទទួលភ្ញៀវឡើយ។ គ្រាន់តែយើងអុចទៀន ហើយដាក់វានៅតុភ្លាម, ភ្លើងអគ្គិសនីក៏ភ្លឺឡើងវិញ! យើងពន្លត់ទៀនហើយសម្រេចថាទៅដេក, តែយើងដេកមិនលក់ទាល់តែសោះ។ ក្រោយមក, ខ្ញុំបានឃើញអ្វីម្យ៉ាង!
ពេលនោះហើយដែលខ្ញុំបានដឹងពីមូលហេតុដែលផ្ទះនេះមានតម្លៃថោកម៉្លេះ។ អតីតម្ចាស់ផ្ទះពិតជាដឹងពីអ្វីដែលកើតឡើង, តែគ្មាននរណាប្រាប់យើងសោះ។
ខ្ញុំមិនដឹងថាដេកលក់តាំងពីពេលណាទេយប់នោះ, តែពេលខ្ញុំភ្ញាក់ឡើង, បន្ទប់គឺត្រជាក់ស្រេប។ ប្រពន្ធខ្ញុំដេកបែរខ្នងមកខ្ញុំ។ នាងនៅដេកលក់, ដូច្នេះខ្ញុំយកភួយមកដណ្ដប់ឱ្យនាងហើយខ្ញុំចុះមកជាន់ក្រោមបំណងចុងកាហ្វេផឹក។
ពេលខ្ញុំចូលមកក្នុងផ្ទះបាយ, ខ្ញុំឃើញប្រពន្ធខ្ញុំនៅឈរនៅទីនេះ។ នាងសួរខ្ញុំថាហេតុអីបានជាខ្ញុំទុកឱ្យនាងនៅទីនេះហើយឡើងទៅដេក? ខ្ញុំគ្មានវាចានឹងថ្លែង។ អំបាញ់ម៉ិញនេះខ្ញុំទើបតែដណ្ដប់ភួយឱ្យនាងទេតើ។
ជាមួយនឹងអារម្មណ៍ដ៏ព្រឺព្រួច, យើងសម្រេចចិត្តឡើងទៅបន្ទប់ដេកដើម្បីពិនិត្យមើលថាតើនរណាកំពុងដេកនៅទីនោះ។ ពេលយើងឡើងមកដល់មុខទ្វារបន្ទប់គេង, ខ្ញុំបើកវាតិចៗហើយមើលទៅខាងក្នុង។ អូព្រះជាម្ចាស់ថ្លៃអើយ, តើអ្នកគិតថាវាជាអ្វី?
ដេកនៅលើគ្រែរបស់យើង, គឺជាយាយចាស់គួរឱ្យខ្លាចម្នាក់! ប្រពន្ធខ្ញុំស្រែកខ្លាំងៗ, ខ្ញុំរន្ធត់ឥតឧបមារ ហើយយើងរត់ចុះមកជាន់ក្រោមវិញ។ ស្ថិតក្នុងភាពឆ្លេឆ្លាក្នុងបន្ទប់ទទួលភ្ញៀវ, ប្រពន្ធខ្ញុំប្រាប់ឱ្យខ្ញុំតេទៅប៉ូលីស។
ខ្ញុំចុចតេទៅប៉ុស្ដិ៍ប៉ូលីសក្នុងស្រុក ហើយពេលពួកគេទទួលទូរស័ព្ទ, ខ្ញុំប្រាប់ពួកគេពីអ្វីដែលកើតឡើង។ ពួកគេសើចមួយសន្ទុះហើយប្រាប់កុំឱ្យយើងរំខានពួកគេឥតប្រយោជន៍ទៀត។
ខ្ញុំតេទៅមិត្តភក្ដិខ្ញុំបីបួននាក់ ហើយពន្យល់ពីស្ថានការ។ ពួកគេមកដល់ផ្ទះខ្ញុំហើយហើយរកមើលតាមក្នុងផ្ទះតាំងពីជាន់លើដល់ជាន់ក្រោម។ យើងគ្មានរកឃើញអ្វីគួរឱ្យកត់សម្គាល់ឡើយ។ ពេលមិត្តភក្តិខ្ញុំចេញទៅអស់, ប្រពន្ធខ្ញុំប្រាប់ខ្ញុំថានាងសុំទៅនៅផ្ទះម្ដាយនាថមួយរយៈ។ នាងប្រាប់ខ្ញុំថានឹងត្រឡប់មកវិញពេលដែលខ្ញុំធ្វើឱ្យអ្វីៗក្នុងផ្ទះនេះរៀបរយជាប្រក្រតីវិញ។
ខ្ញុំនៅតែម្នាក់ឯងក្នុងផ្ទះ។ អ្វីដំបូងដែលខ្ញុំសម្រេចធ្វើគឺទាក់ទងទៅអតីតម្ចាស់ផ្ទះ។ គាត់ប្រាប់ខ្ញុំថាគាត់មិនដឹងអ្វីក្នុងផ្ទះនេះឡើយ, តែខ្ញុំអាចស្ដាប់តាមសំឡេងរបស់គាត់ថាគាត់កំពុងតែកុហកខ្ញុំ។ ក្រោយមកទៀត, ខ្ញុំស៊ើបដឹងថាគាត់ក៏ជាជនរងគ្រោះដូចពួកយើងដែរ, តែគាត់មិនដឹងដោះស្រាយយ៉ាងណាក៏លក់ផ្ទះនេះឱ្យយើងក្នុងតម្លៃយ៉ាងថោក។ ផ្ទះនេះប្រាកដណាស់ជាមានប្រវត្តិគួរឱ្យខ្លាចមួយហើយ...
ថ្ងៃបន្ទាប់, ខ្ញុំអញ្ជើញលោកអាចារ្យមក។ គ្រាន់តែលោកអាចារ្យឈានជើងជាន់ក្នុងផ្ទះនេះភ្លាម, គាត់ប្រាប់ថាមានវិញ្ញាណខ្មោចនៅទីនេះហើយគាត់បង្គាប់ឱ្យខ្ញុំចេញពីទីនេះឱ្យលឿន។ ខ្ញុំប្រាប់ឱ្យគាត់បណ្ដេញវាចេញ ខ្ញុំមិនត្រូវការការបង្គាប់ដែលគ្មានប្រយោជន៍ឡើយ។ គាត់បាចទឹកមន្តជុំវិញហើយសូត្រសុំសេចក្ដីសុខមកផ្ទះនេះ។ បន្ទាប់មក, គាត់និយាយថារួចរាល់ហើយ លុះខ្ញុំឱ្យលុយកាក់ទ្រនឹបតិចតួចឱ្យគាត់ហើយគាត់ក៏ចេញបាត់ទៅ។
ការពិតណាស់, ខ្ញុំមិនចង់សាកល្បងមួយយប់នេះទៀតទេ, តែខ្ញុំគ្មានជម្រើសឡើយ។ ខ្ញុំគ្មានកន្លែងត្រូវទៅទេ។ ខ្ញុំពិតជាខ្លាចជាខ្លាំង, ដូច្នេះខ្ញុំបានទិញស្រាមកផឹកដើម្បីឱ្យមានចិត្តក្លាហានបន្តិច។
ល្ងាចនោះ, ខ្ញុំកំពុងតែអង្គុយនៅបន្ទប់ទទួលភ្ញៀវ, មើលទូរទស្សន៍ហើយផឹកស្រា។ ទីបំផុត, ខ្ញុំងងុយគេង។ នៅពាក់កណ្ដាលអធ្រាត, ខ្ញុំភ្ញាក់ពីគេងដោយសារចង់ឈឺនោម។ ខ្ញុំទៅបន្ទប់ទឹកហើយឈរនោម, ស្រាប់តែឮសំឡេងម្យ៉ាងគោះទ្វារមុខ។
ខ្ញុំរត់ទៅទ្វារហើយមើលទៅក្រៅតាមប្រហោងមើលក្រៅ។ ប្រពន្ធខ្ញុំឈរនៅខាងក្រៅ។ នាងវិលមករកខ្ញុំវិញហើយ។ ខ្ញុំឱ្យនាងចូលហើយចង់ឱបនាងខ្លាំងៗ តែនាងដើរបុកខ្ញុំហើយឡើងទៅដេក។
ខ្ញុំភ្ញាក់ពីដេកនៅពេលព្រឹកដោយសារសំឡេងទូរស័ព្ទរោទិ៍។ ពេលខ្ញុំទទួល, សំឡេងប្រពន្ធខ្ញុំឮចេញពីក្នុងទូរស័ព្ទ។ ពាក្យដំបូងដែលខ្ញុំសួរនាងគឺ, «តេមកធ្វើអី? ហើយនៅណាហ្នឹង?»
ចម្លើយរបស់នាងគឺ, «នៅផ្ទះម៉ាក់! ចង្រៃយក៍!!!»
សក់ខ្ញុំស្ទើតែប្រែទៅជាស! ខ្ញុំរត់ចេញពីផ្ទះ ស្ទើតែបុកទ្វារចេញទៅហើយ។ ពេលខ្ញុំចេញមកដល់ផ្លូវ, ខ្ញុំងាកមកមើលផ្ទះហើយឃើញនៅបង្អួចកញ្ចក់ជាន់ខាងលើ, មានយាយចាស់គួរឱ្យខ្លាចម្នាក់សម្លក់មកកាន់ខ្ញុំ។
ខ្ញុំទើបតែនឹកឃើញថា ក្រោយពីអាចារ្យសូត្រមន្តគាថាបណ្ដេញយាយខ្មោចនោះចេញ, យាយចាស់នេះក៏ចេញទាំងបង្ខំ តែគាត់ប្រើល្បិចឱ្យខ្ញុំច្រឡំអនុញ្ញាតិឱ្យគាត់ចូលមកវិញ។ ខ្ញុំពិតជាជួបហេតុការណ៍រន្ធត់ច្រើនពេកហើយ ខ្ញុំមិនអាចទ្រាំទៀតបានទេ។
ឆាប់ៗនោះ, យើងបានដាក់លក់ផ្ទះហ្នឹងឱ្យគ្រួសារថ្មីមួយ។ ពួកគេទិញយកវាក្នុងតម្លៃដដែលដែលយើងបានទិញពីលើកមុន, ដូច្នេះទោះជាយើងបានជួបហេតុអាក្រក់ យ៉ាងណាក៏បានរួចដើមថ្លៃទិញផ្ទះដែរ។
ក្រោយមកខ្ញុំស៊ើបដឹងថាទីតាំងហ្នឹងពីមុនមានផ្ទះធំមួយត្រូវភ្លើងឆេះ។ គ្រួសារទាំងមូលបានឆេះស្លាប់។
ខ្ញុំដឹងថាគ្រួសារថ្មីដែលទិញផ្ទះពីខ្ញុំនោះនឹងជួបដូចអ្វីដែលខ្ញុំបានជួប៕
(សូមរង់ចាំអានរឿង ផ្លែប៉ោមប្រាថ្នា នៅរាត្រីម៉ោង៨ស្អែកនេះ)
រឿង ផ្ទះថោក
Reviewed by Unknown
on
8:00 PM
Rating: