>
  • ទំព័រដើម
  • ឃាតករក្លែងកាយ (ភាគទី២)

     

    រសៀលសូរិយាអស្ដង្គត មេឃក្រហមដូចល្ហុងទុំ មនុស្សពីរនាក់អង្គុយក្រោមដើមស្វាយធំមាត់បឹង។ រតនៈកំពុងតែថតទេសភាព រីឯសាណាកំពុងថតកាម៉េរាមុខខ្លួនឯងជាមួយនឹងទេសភាពដ៏ស្រស់ត្រកាល។

    «មុខអ្នកគ្រូសាណា មិនបាច់ដាក់ Camera 360 ក៏ស្អាតដែរទៅ!»

    «អត់ទេ ចង់ដាក់ឱ្យវាស្អាតកាន់តែខ្លាំង។»

    «សាណា ខ្ញុំសួររឿងមួយបានទេ?»

    «សួររឿងអី?»

    «សាណានឹងឆ្លើយទេ?»

    «ចាំស្ដាប់សំនួរសិន» សាណាតប។ «បើអាចឆ្លើយបាន ខ្ញុំឆ្លើយ។» សាណានិយាយបែបនេះហើយ រតនៈធ្វើអឹមអៀនៗស្ទាក់ស្ទើមិនចង់សួរព្រោះខ្លាចក្រែងសួរហើយនឹងប៉ះពាល់អារម្មណ៍នាង ស្រួលមិនស្រួលអាចប៉ះដល់មិត្តភាពដែលកំពុងដុះពន្លកថ្មីមួយនេះឱ្យលិចទៅវិញបាត់ក៏ថាបាន។

    «នែក...សាណាមានប្ដីហើយនៅ?» រតនៈសួរចប់អ្នកគ្រូសើចឡើងងើយ ហើយតបទៅវិញ :

    «ចាសមានច្រើនណាស់ ក្រោមគ្រែ២នាក់ ក្នុងហឹប៣នាក់ ជាប់តាមកង់ម៉ូតូ៥នាក់ទៀត សរុបទាំងអស់១២នាក់»។ និយាយហើយសើចធ្វើព្រងើយធ្វើឱ្យកំលោះចង់តែទាញទម្លាក់ទឹក។ នាយបង្អាក់ការសន្ទនាមួយសន្ទុះទើបចាប់ផ្ដើមបន្តទៀត៖

    «ចុះបើមាននរណាម្នាក់សុំស្រលាញ់តើបានទេ?»

    «ស្រលាញ់?ល្អតើ!គេថា ស៊ូស្រលាញ់១០ប្រសើរជាងស្អប់១ បើគេស្រលាញ់ខ្ញុំហើយខ្ញុំមិុចនឹងអាចហាមចិត្តគេបានទៅ គ្រាន់តែថាបើខ្ញុំស្រលាញ់វិញឬអត់នោះត្រូវគិតមើលសិន។» និយាយចប់ភ្លាមទូរស័ព្ទនាងក៏រោទិ៍ឡើង។

    «អាឡូ ធានីមានការអីហ្អេស?» សាណាប្រែទឹកមុខទៅជាមាំដូចមានរឿងធំដុំកើតឡើង។

    «អាឡូ សាណា! កូនសិស្សហ្អែងស្លាប់ម្នាក់ទៀតហើយ!» 

    «ហែងថាម៉េច?ម៉េចបានជាអញ្ចឹង?» នាងទម្លាក់ទឹកមុខដោយតក់ស្លុតឥតឧបមារ។

    «គ្នាមិនដឹងទេ ដែលសំខាន់ហែងមកទីនេះម៉ោ នៅមាត់ស្ទឹងធំ។»

    «អឺុ គ្នាទៅអីឡូវហើយ»។ 

    ជនទាំងពីរជិះម៉ូតូទៅកន្លែងកើតហេតុ ជាមាត់ស្ទឹងធំដែលមនុស្សរោមអ៊ូអរ។ មីងម្នាក់ដើរចេញពីហ្វូងមនុស្សទាំងរញីរញ័រ។

    «មានរឿងអីហ្នឹងមីង?» រតនៈស្ទាក់សួរ។

    «អាខួចកូនមីងស្រស់លោតងូតទឹកស្ទឹងក៏ត្រូវឬស្សីជុងធ្លាយពោះវៀនចេញមកក្រៅ។» អ្នកគ្រូស្ដាប់ភ្លាមទន់ជង្គង់បង់បាត់ស្មារតី។ នាងទើបនឹងងើបពីឈឺផងអីឡូវមានរឿងបែបនេះកើតឡើងទៀតអ្នកណាអាចទទួលយកបានទៅ។ ក្នុងទឹកស្ទឹង កណ្ដាលទឹកមានដើមឬស្សីស្រួច ដែលមានឈាមដាបផ្ទៃទឹក។

    «ពុទ្ធោ! ហេតុអីទៅជាបែបនេះ?» អ្នកគ្រូឧទាន។ 

    «បែបព្រាយអសុរកាយណាមួយចង់សម្លាប់ក្មេងក្នុងភូមិនេះទាំងអស់ហើយមើលទៅនោះ» 

    «ត្រូវធ្វើពិធីសុំខមាលទោសហើយ បើមិនអញ្ចឹងអស់មនុស្សពីភូមិមិនខាន។» ម្នាក់ទៀតបន្ទរដោយយកដៃខ្ទប់មាត់ដោយភាពរន្ធត់មិនទាន់បាត់។

    បន្ទាប់ពីសពក្មេងនោះត្រូវគេដឹកទៅបាត់ សភាពបរិយាកាសទឹកស្ទឹងក៏បានស្ងប់ស្ងាត់ឡើងវិញ។ អ្នកភូមិខ្លះមិនដឹងគិតថាមានខុសគ្រូខុសស្អី តែអ្នកខ្លះដែលឆ្លាតគិតថាវាជាការសម្លាប់ដោយចាក់ទម្លាយពោះហើយយកទៅចោលក្នុងទឹកជាមួយដើមឬស្សីស្រួចដើម្បីបង្វែងដានប៉ូលីស សំខាន់ត្រូវចាំចម្លើយពីការធ្វើកោសល្យវិច្ឆ័យពីខាងពេទ្យសិនទៅ។

    រតនៈឈប់ម៉ូតូរបស់ខ្លួននៅមុខគេហដ្ឋានដែលមានយីហោធំៗដាក់ថា “មេធាវី សន សុធានី” ជាអក្សរខ្មែរឆ្លាក់ដោយស្គុតផ្លាស្ទីកដែលតែងមាននៅតាមផ្ទះអ្នកមានអាជីបជាមេធាវីនីមួយៗ។ ផ្ទះនេះជាផ្ទះឈើបុរាណធំមានច្រើនបន្ទប់ បរិវេណទូលាយតែដាំទៅដោយផ្កាសារិកា និងផ្កាចំប៉ីចោលក្លិនមកប៉ះនឹងច្រមុះកម្លោះស៊ើបក្ដីយ៉ាងឈ្ងុយឈ្ងប់។ នាយសម្លឹងសញ្ចឹងមួយស្របក់ទើបសម្រេចចូលទៅក្នុងរបងផ្ទះ។

    «សួស្ដីម្ចាស់ផ្ទះនៅឬអត់?» នាយស្រែកសួរតិចៗតែមិនតិចខ្លាំងដល់ថ្នាក់ស្ដាប់មិនបានទេ។ មួយស្របក់ក្រោយឃើញកញ្ញាធានីចេញមកទាំងមានបិតផ្លែត្រសក់ឡើងពេញមុខ។

    «បងរតនៈមករកអ្នកណាគេដែរបង?» នាងសួរពីលើផ្ទះខណៈចុះមកក្រោម ព្រោះមិនចង់ឱ្យភ្ញៀវឡើងទៅដល់លើផ្ទះនាងទេ ណាមួយវាងងឹតហើយ គេមើលមកដូចជាមិនសម ថ្វីត្បិតតែនាងនៅតែប្រកាន់ខ្ជាប់ភាពបរិសុទ្ធក៏ដោយ។

    «បាទមករកធានីឯងនឹង!» នាយតបទាំងញញឹមដូចជារំភើបនឹងអ្វីម្យ៉ាង។ «ហើយចុះបិតត្រសក់អីដល់ម្លឹង? ចង់ស្អាតមែនកូននឹង!»

    «ស្អាតហើយនរណាមិនចង់?» ធានីតបទាំងអឹមអៀនខ្វាច់អាច់ខ្វៀន។

    «ចង់ពិភាក្សាទាក់ទងនឹងរឿងក្ដីក្មេងស្រីត្រូវឃាតកសម្លាប់ ហើយវ៉ៃបង្ករបួសស្នាមដល់សាណា ខ្ញុំត្រូវគេចាត់ឱ្យស៊ើបរឿងនេះឱ្យបានឆាប់ៗមុននឹងរឿងក្ដីដ៏រញ៉េរញ៉ៃនេះត្រូវគេបិទចោល។»

    «ចុះបងមានប្រមូលបានវត្ថុតាង ឬស្លាកស្នាមជនល្មើសអីខ្លះហើយ?» ធានីសួរទៅអ្នកកម្លោះ។

    «បានខ្លះដែរ តែជាវត្ថុតាងមិនជាក់លាក់សោះ មិនអាចយកជាការស្អីបានទេ។» នាយធ្វើមុខដូចជាអស់សង្ឃឹម។

    «មិនអីទេ ខ្ញុំនឹងជួយបងដរាបចប់ចុងចប់ដើម មានរឿងក្ដីខ្លះ ជនរងគ្រោះក៏ មិនស្គាល់អត្តសញ្ញាណ ឃាតកក៏គ្មានតម្រុយនឹងរកឃើញ តែយើងនៅតែអាចរកឃាតកឃើញ តួយ៉ាងដូចឃាតកម្មកូនសម្លាប់ម្ដាយដោយសារកេរ្តិ៍មរតកកាលពីពីរខែមុននោះ យើងនៅតែអាចវែកមុខរកឃាតកឃើញទាំងមិនគួរឱ្យជឿ មិនអីទេ កុំអស់សង្ឃឹម អ្នកណាធ្វើអ្នកនោះទទួល អ្នកណាសម្លាប់គេ អ្នកនោះទទួលទោស។» ធានីព្យាយាមលើកទឹកចិត្តទាំងដែលខ្លួននាងផ្ទាល់ក៏ឈឺក្បាលនឹងសំណុំរឿងដ៏អាថ៌កំបាំងនេះដែរ។

    «សាណានៅទេ?» រតនៈសួរព្រមទាំងដៀងភ្នែកមើលលើផ្ទះតិចៗ។

    «នៅតើបង , តែមួយថ្ងៃៗអង្គុយសញ្ចឹងពិបាកចិត្ត និងតក់ស្លុតនូវហេតុការណ៍កន្លង បាយមិននឹកទឹកមិនស្រេកទេបងអើយ…»

    «…ហ៊ឹម…បងចង់នាំគាត់ទៅលំហែអារម្មណ៍ម្ដង ព្រោះយើងទើបតែស្គាល់គ្នាចឹង ចង់ស្និទ្ធស្នាលកាន់តែខ្លាំង។» នាយញញឹមលាក់គំនួច។

    «នឹងហើយ ភូមិយើងនៅជិតភ្នំផង យើងនាំគ្នាឡើងភ្នំល្អទេ? ហើយទៅសុំសេចក្ដីសុខពីអ្នកតា និងវត្ថុស័ក្ដិសិទ្ធទាំងឡាយលើភ្នំផង!»

    «គំនិតល្អណាស់ តែចាំរួចពីការងារស្រួលបួលបន្តិចសិន។»

    ---------------------------------------------

    ដល់ថ្ងៃណាត់ ជនទាំងបួននាក់ប្រដាប់ដោយបាយទឹកនាំគ្នាដើរឡើងលើភ្នំដោយអារម្មណ៍ស្រស់ស្រាយព្រោះស្ត្រេសពីការងារច្រើនទាំងអស់គ្នា បានមករំសាយអារម្មណ៍បែបនេះពិតជាសេចក្ដីសុខដ៏មិនអាចបរិយាយបាន។ ជនទាំងបួនរួមមានសាណា ធានី រតនៈ និងម្នាក់ទៀតគឺប៉ូលីសនីនដែលជាមិត្តរតនៈ ត្រូវគាត់បបួលមកក្នុងនាមមិត្តភាព។

    «នេះគឺរិទ្ធនីន ជាប៉ូលីសប៉ុស្តិ៍វ័យក្មេងប្រចាំភូមិយើង» រតនៈណែនាំមិត្តខ្លួនទៅស្ត្រីទាំងពីររួចបែរមករកនីន «ហើយនេះជាសាណាជាគ្រូបង្រៀនរូបស្រស់ និងខាងណេះគឺធានី, ជាមេធាវីឆ្លាតវៃ»

    «យើងស្គាល់គ្នាស្រាប់ហើយតើ មិនដឹងណែនាំស្អីទេដូចរឿងភាគខ្មែរទៅហើយ សុទ្ធតែគ្នាឯងសោះ» ធានីបាញ់មួយគ្រាប់ធ្វើឱ្យអ្នកកម្លោះបាត់មាត់តមិនរួច។ តាមពិត នីន និងធានីបានទាក់ទងជិតស្និតជាមួយគ្នាជិតពីរសប្ដាហ៍ទៅហើយ ជួបគ្នាពេលធ្វើការក្ដីឃាតកម្ម ហើយស្និតស្នាលចិត្តនឹងចិត្តដែលល្មមអាចហើយបានថាជា “សង្សារ”។

    សាណានាងត្រូវរងគ្រោះដួលម៉ូតូ និងរបួសស្រាលតែធ្ងន់ខាងផ្លូវចិត្ត ព្រោះសិស្សជាទីស្រលាញ់ទាំង៤ត្រូវស្លាប់បន្តគ្នា តែខណៈនេះ, សម្រស់ដ៏ត្រកាលរបស់ព្រៃព្រឹក្សារុក្ខធម្មជាតិបានប្រលោមលួងចិត្តនាងឱ្យស្រស់ស្រាយញញឹមពព្រាយ មិនខុសពីរតនៈដែលបានលំហែខួរពីការស៊ើបក្ដីដ៏ស្មុកស្មាញ ហើយដែលពិសេសបំផុតគឺបានមកសាងអនុស្សាវរីយជាមួយមនុស្សដែលខ្លួនលួចស្រលាញ់។ ធានីចូលចិត្តភាពសប្បាយៗដូច្នេះទើបមិនសូវខ្វល់ខ្វាយអីតាំងពីដើមមកម៉្លេះ។ មកដល់ពាក់កណ្ដាលព្រៃត្រជាក់ស្រឹប ខ្យល់អាកាសបរិសុទ្ធគួរជាទីត្រេកត្រអាលដល់ហ្វូងបក្សីស្រែកច្រៀងខ្ញៀវខ្ញារបង្កើតជាចម្រៀងយ៉ាងរណ្ដំកណ្ដាលព្រៃស្ងាត់ រុក្ខជាតិបៃតង និងដើមឈើខ្ពស់ធំៗជាម្លប់ដ៏ត្រជាក់ការពារអ្នកដំនើរទេសចរទាំងបីមិនឱ្យក្ដៅថ្ងៃផង និងជារនាំងបាំងបាតុភូតធម្មជាតិអាក្រក់ផ្សេងៗមិនឱ្យចូលលុកលុយអ្នកភូមិផង។

    ធានីនិយាយចច្រាច់ពីនេះពីនោះជាមួយនឹងប៉ូលីសសង្ហារ ហើយមើលទៅដូចជាត្រូវគ្នាណាស់ បង្កកិច្ចសន្ទនាវែងអន្លាយបែកអូរហូរស្ទឹង ព្រោះសុទ្ធតែអ្នកបានសម្ដីដូចគ្នា។

    សាណា នាងធ្លាប់តែនៅទីក្រុង ដល់មកបានប្រទះរុក្ខារុក្ខីដោយផ្ទាល់បែបនេះបណ្ដាលគួចចិត្តឱ្យនាងស្នេហាធម្មជាតិយ៉ាងអនេក។ នាងអង្អែលទៅដើមឈើព្រមទាំងពោលតិចៗតែម្នាក់ឯង៖
    «ដើមឈើច្រើន មានផលប្រយោជន៍ល្អយ៉ាងនេះ ហេតុអីក៏មនុស្សនៅតែកាប់បំផ្លាញឯងយ៉ាងនេះណ៎? ពិតជាសោដនាដកម្មដ៏សែនអយុត្តិធម៌ណាស់…ឱ!លុយអឺយលុយ ខ្ញុំខ្លាចអ្នកហើយ…» ច្រៀងបានមួយឃ្លានេះ នាយកម្លោះតសម្ដី៖

    «អីយ៉ា សាណាច្រៀងពិរោះដែរតើ! តែបើច្រៀងបទស្រីវិញកាន់តែពិរោះ» នាយញញឹមយ៉ាងពេញចិត្តនៅពេលបានប្រលោមលែបខាយជាមួយមនុស្សដែលខ្លួនលួចស្រលាញ់បានស្និទ្ធជាងមុន។ ឯសាណាហាក់មិនសូវអឹមអៀនទៀតទេ នាងដាក់មួយឃ្លាទៀតយ៉ាងគ្រលួច៖

    «ធម្មជាតិអើយម្ដេចស្ងៀមស្ងាត់...ហាក់មានវិបត្តិដូចខ្ញុំដែរ...»

    មើលទៅរតនៈពេញចិត្តនឹងអ្នកគ្រូក្រមុំណាស់ គ្រប់វិនាទីដែលនាងធ្វើគឺគួរឱ្យស្រលាញ់ណាស់។ នាយនិយាយសរសើរក្នុងទំនុកស្នេហាដោយសំលេងស្រទន់មន្តស្នេហ៍ ៖

    «អីយ៉ា លើកនេះរឹតតែពិរោះតែម្ដង បើបានស្ដាប់ពេលយប់យន់ទន់សូរិយេមិនដឹងដេកលក់សុបិនល្អប៉ុណ្ណាទេ!»

    «ពិរោះស្អីទេ សំលេងដូចព្រាយហាហាហាហ» ធានីឆ្លៀតចូលមកបាញ់សាណាទៀត សាណានាងមិនសូវចេះលេងសើច តែមិនចេះប្រកាន់ ទើបនាងញញឹមលាយសំនើច ឯប៉ូលីសនីនលួចសម្លឹងវង់ភ័ក្រ្តមូលក្រឡង់របស់ធានីជាសង្សារបណ្ដូលចិត្តខ្លួនយ៉ាងខ្នក់ខ្នាញ់ចង់តែចាប់ថើប។

    «ម៉េចអូនឯងថាគាត់ចឹង? គេថាឃ្លានឆ្ងាញ់ស្រលាញ់ល្អហើយ កូននេះ» នីនចូលទៅកៀកធានីបន្តិចចង់បន្លំ។ «និយាយចឹងដូចជាឃ្លានហើយ តោះញ៉ាំបាយសិនហ្អី? ធាតុអាកាសដ៏បរិសុទ្ធ បូករួមជាមួយបាយម្ហូបដ៏ឈ្ងុយឆ្ងាញ់នឹងក្លាយជាអនុស្សាវរីយ៍ដ៏មិនអាចកាត់ថ្លៃបានទេ» 

    «កំពុងតែឃ្លានដែរនឹង បងឯងដឹងចិត្តខ្ញុំមែន តោះបងរតនៈ សាណា នៅអៀនខ្វាច់អាចម៌ខ្វៀនដល់ណា រៀបបាយហូប»

    អ្នកទាំងអស់គ្នាម្នីម្នាលាតក្រណាត់ក្រាលទៅលើដី និងដួសបាយដែលសាណាងើបដាំ បួនចានចង្កិះ ព្រមទាំងមាន់ដុតស្នាដៃធានី និងទឹកត្រីកោះកុងដ៏គួរឱ្យស្រក់ទឹកមាត់។
     
    ដោយហត់ធ្វើដំនើរថ្មើជើងផង និងជាស្នាដៃចម្អិនរបស់មនុស្សដែលខ្លួនស្រលាញ់ផង ទោះជាមាន់ស្រែមិនសូវមានសាច់ច្រើនក៏ឆ្ងាញ់សែនឆ្ងាញ់សម្រាប់កម្លោះចំនូលស្រុកទាំងពីរ។

    «ម៉េចដែរបងនីន បងណាក់? មាន់ដុតទឹកឃ្មុំស្នាដៃនាងខ្ញុំ» ធានីសួរព្រមទាំងលូកយកទូរស័ព្ទពីសាក់កាដូមកថតរូប។ «ថតរូបទុកជាអនុវិទ្យាល័យមួយមើល អស់ម៉ាន?» ថាហើយអ្នកទាំងបីសើចក្រេវ។ នីនបន្ទ «មិនមែនអនុវិទ្យាល័យទេ គេហៅថាអនុសាវម៉ៅ» ហើយក៏សើចមួយក្រេវទៀត។

    សាណា នាងមិនសូវចេះលេងសម្ដីដូចគេក៏បានតែសើចខិខិហើយត «ពីរនាក់នេះសាហាវហ្អា ប្រើសុទ្ធតែពាក្យបច្ចេកទេសក្ដៅៗ អ្នកផងទាំងពួងស្ដាប់អត់យល់ ឆ្ងល់អត់កើតទេ។»

    «ខ្ញុំមិនដឹងថាស្គាល់គ្នាឯណា ខំតែណែនាំឱ្យខាតតែទឹកមាត់ដ៏មានតម្លៃ» រតនៈនិយាយ។ «មើលធានី! ថតរួមគ្នាមួយប៉ុស្ដិ៍ទៅមើល»

    «ថតរួមគ្នានរណាអ្នកថតឱ្យបើគ្នាមានតែបួននាក់? យីសកម្លោះវែកមុខជនល្មើសនេះ សង្ស័យតែត្រូវប្ដូរហ័សនាមជាកម្លោះវែកចៃទេ ហាហាហា»

    «អូយធានី…កុំបាញ់គេខ្លាំងពេកអូនឯង តោះថតកាមេរ៉ាមុខទៅបានទាំងអស់គ្នា» នីនផ្ដល់យោបល់យ៉ាងរាក់កំផែល។ 

    «ថតកាន់ខ្លួនឯងចឹងគេហៅថាសេលហ្វីណាលោកប្រុស» ធានីតបយ៉ាងស្និទ្ធជាងមុនទ្វេដងព្រោះរាល់ដងបានសម្ដីតែតាមទូរស័ព្ទ ពេលជួបមុខគ្នាផ្ទាល់ក៏គ្មានអឹមអៀនអីសោះ។ ជនទេសចរទាំងបួនថតរូបតាមទូរស័ព្ទដៃជាច្រើនប៉ុស្តិ៍ បញ្ចេញស្ទីលផ្សេងៗ អ្នកមានចរិតច្រឡើមដូចប៉ូលីសនីន និងកញ្ញាធានីអី ថតលៀនអណ្ដាតផង ច្រត់ចង្កេះផង ដៃពីរមិនអស់ចិត្ត ជំទិតជំទយ កាច់រៀង ឯគូមិនសូវបានប្រាស្រ័យគ្នាគឺរតនៈ និងសាណានេះ គ្មានស្ទីលអីក្រៅពីបញ្ចេញស្នាមញញឹមលើផ្ទៃមុខ ជាស្នាមញញឹមដែលចេញពីក្នុងចិត្តពិតៗថ្វីត្បិតវានៅពីលើការឈឺចាប់, គំនុំ , និងការសងសឹកក៏ដោយ។ 

    «ការងាររឿងឃាតកម្មក្នុងភូមិដ៏សែនចម្លែកនេះធ្វើឱ្យយើងទាំងបួនឈឺក្បាលតែរៀងខ្លួន តែលើកនេះស្រណុកសុខស្រួលទាំងកាយ សប្បាយទាំងអារម្មណ៍ សង្ឃឹមថាឃាតកម្មនឹងបញ្ចប់នូវត្រឹមនេះទៅចុះ» សាណាពោលជាទ្រឹស្ដីផ្ដាច់ភាពឡិកឡក់របស់នីន និងធានីឱ្យចូលមកជាអ្នកច្បាប់វិញ។

    «ខ្ញុំគិតថាល្មមឈប់ចាប់គេឯងតែផ្ដាសទៀតទៅលោកមេប៉ុស្តិ៍កម្លោះ! ថ្វីបើយើងគ្រាន់តែយកពួកគាត់មកសួរចម្លើយ តែក៏មិនត្រូវចាប់បង្ខំរូបកាយ ឬវ៉ៃខ្នោះមកចឹងដែរ បើយើងទទួលនូវរឿងដ៏សែនអយុត្តិធម៌បែបនេះ តើយើងមានអារម្មណ៍បែបណា? ខ្ញុំដឹងថាគ្រាន់តែសួរចម្លើយហើយដោះលែងទៅវិញ តែក៏មិនគួរយកប៉ូលីសទៅចាប់ ដូចកាលតាជ័យដែរ។»

    «អីយ៉ា អ្នកគ្រូដឹងច្បាប់ច្រើនមែន!» នីនតប។

    «មិនមែនច្បាប់ទេ តែជាភាពអសីលធម៌របស់កងកម្លាំង»
    អ្នកគ្រូក្រមុំថាឱ្យប៉ែសៗទាំងមុខស្មើតិចៗ។

    «បានហើយៗ កុំឱ្យការងារមកបាចស្រោចលើការកម្សាន្តអារម្មណ៍របស់យើងពេលនេះអី យើងមកលំហែមិនមែនមកវែកញែកអីនោះទេ» រតនៈព្យាយាមសម្រួល។ នាយមិនចង់ឱ្យមានការប្រកែកយកត្រូវតែរៀងខ្លួនក្នុងស្ថានភាពនេះឡើយ ព្រោះពេលនេះគឺមកសប្បាយ ទុកជាវាជាការកម្សាន្តអារម្មណ៍ក្នុងរយៈពេលដ៏ឆាប់ខាងមុខ ការងារតានតឹងនឹងវ៉ៃលុកឡើងវិញក៏ដោយ ក៏នាយចង់ឱ្យបច្ចុប្បន្នភាពពេលនេះបញ្ចប់ទៅដោយមានន័យជាជាងការមើលមុខគ្នាមិនចំ។

    «សុំទោសណាលោកនីន ខ្ញុំអត់មានចេតនាអាក្រក់ទេ គ្រាន់ជាយបល់។» សាណាព្យាយាមធ្វើភ្នែកស្រទន់តាមជំនាញដែលនាងធ្លាប់ធ្វើកន្លងមក។

    «បាទ អរគុណអ្នកគ្រូហើយ។ អើុយ ហូបបាយហើយចង់ដេកថ្ងៃបន្តិច ធម្មជាតិត្រជាក់ធ្លាក់ខ្យល់រំភើយបែបនេះ បើបានអង្រឹងដេកមិនដឹងជាល្អយ៉ាងណាទេ។» នីនសម្លឹងទៅមុខសាណាដោយកែវភ្នែកបរិសុទ្ធ មុននឹងក្រលេកទៅធានីដែលធ្វើភ្លើៗប្រឹងថតរូប។

    «ចាស! មានអង្រឹង! ខ្ញុំយកមកដែរតើ។» សាណាទាញអង្រឹងចងដុំចេញពីកាតាបស្ពាយ។

    «អរគុណអ្នកគ្រូច្រើនហើយ,» ប៉ូលីសនីនទទួលយកអង្រឹងពីដៃអ្នកគ្រូស្រស់។ «ដេកអង្រឹងពេលថ្ងៃពិតជាផាសុកភាពមែនទែន។»

    រតនៈដែលចាំតែផ្ទៀងស្ដាប់ការសន្ទនាមួយនេះ ឃើញថាអ្នកទាំងពីរស្រួលបួលហើយក៏អរព្រួចព្រោះរំពឹងថានឹងប្រកែកគ្នាបែកផ្សែងទៅហើយបើយោងទៅតាមសម្ដីរំពេជម៉ិញ។

    «អូនចង់ដេកដែរ,» រតនៈខិតទៅក្បែររាងស្លីមរបស់អ្នកគ្រូស្អាត។ «មានយកមកទៀតអត់?»

    «មានទៀត តែ…ជារបស់ធានីទេ។» នាងចោលភ្នែកទៅធានី។

    «មិនអីទេ យកដេកទៅ ខ្ញុំមិនចង់ដេកទេ ចង់ដើរថតរូបជាមួយធម្មជាតិវិញ។» ធានីតបមក ខណៈដែលដើរទៅកាន់វល្លិ៍បៃតងធំមួយ។ នីនចងអង្រឹងដេកលក់តាំងពីពេលណាក៏មិនដឹង។ រតនៈទទួលអង្រឹងហើយចងភ្ជាប់ពីដើមធ្នង់មួយទៅដើមត្របែកមួយទៀត ដែលឆ្ងាយពីអង្រឹងនាន១០ប៉ាក។ នាយវិះតែនឹងដាក់ខ្លួនប្រាស់ដេកទៅហើយ តែគិតថាដូចជាខ្លួនឯងអាត្មានិយមពេក អង្រឹងគេស្រីៗយកមកដេកតែគេ ខ្លួននិងមិត្តភក្ដិបែរជាដណ្ដើមដេក ដូចជាមិនសមពេកហើយ។

    «សាណាដេកចុះ ខ្ញុំមិនសូវចំនូលខាងដេកថ្ងៃទេ,» រតនៈកុហកនាងទាំងដែលរាល់ដង បន់ឱ្យតែមានពេលនឹងអាលដេក។

    «ចាស អរគុណហើយ ដេកចុះ។» នាងដើរមករកអង្រឹងចងថ្មីនេះព្រមទាំងទាញអង្កត់ឈើមួយមកទ្រាប់គូទអង្គុយ។ «បើមិនចូលចិត្តដេក បានគ្នានិយាយពីរនាក់»

    «បាទ សាណា! ឡើងអង្គុយលើអង្រឹងទៅ ខ្ញុំអង្គុយលើដុំឈើនេះក៏បាន ខ្ពស់ល្មមអាចនិយាយគ្នាស្រួល» អ្នកស៊ើបអង្គេតស្រុកស្រែលាតអង្រឹងឱ្យកល្យាណីស្រីគ្រប់ល័ក្ខណ៍សម្រួលកាយ។ រួចនាយចាប់ផ្ដើមបើកការជជែកចេញពីទំនុកបេះដូង៖
    «អ្នកគ្រូមកបង្រៀននៅទីនេះ មានអារម្មណ៍យ៉ាងម៉េចដែរ?»

    «ខ្ញុំស្រស់ស្រាយណាស់ ថ្វីបើខ្ញុំមិនដែលមកនៅទីនេះមែន តែវាជាដីកំនើតរបស់លោកយាយ និងម៉ាក់ប៉ាខ្ញុំ ហើយបានបន្សល់នូវការចងចាំជាច្រើនដែលមិនងាយនឹងបំភ្លេច ឬរំងាប់បានដោយងាយ ក្រៅពីធ្វើអ្វីមួយឱ្យស្មើនឹងអ្វីដែលបានកើត» ឃើញដៃគូសន្ទនាស្ងៀមដូចមិនសូវយល់ទើបនាងព្យាយាមសម្រួលប្រយោគ «ហើយ, សប្បាយណាស់ ទីនេះស្ងប់ស្ងាត់ល្អ អ្នកភូមិមានការប្រាស្រ័យទាក់ទងគ្នាដោយភាតរភាព ដែលសំខាន់ជាងនេះទៅទៀតនោះគឺប្រជាជនមិនចេះមើលងាយគ្នា ផ្ទុយស្រឡះពីអ្នកទីក្រុងដ៏សែនអាត្មានិយម ឃើញស្លាប់នឹងមុខក៏មិនយកភ្នែកមើលផង កុំថាឡើយចូលរួមរំលែកទុក្ខ បើមិនបានប្រយោជន៍ក៏គេមិនធ្វើដែរ»។ នាងវិះតែនឹងនិយាយពីភាពអសន្តិសុខភូមិ តែដោយមិនចង់ឱ្យវាជាបញ្ហាចោតដ៏វែងអន្លាយនាំឈឺក្បាល ក៏បង្វែរទៅជាសំនួរវិញ។ «ហើយចុះ, រតនៈមកធ្វើការយូរហើយនៅ?»

    រតនៈដែលបានដាក់អារម្មណ៍លន្លង់លន្លោចហើយកំពុងអង្គុយលើដុំឈើគិតពីសម្ដីរញ៉េរញ៉ៃរបស់សាណានោះ ដល់ឮនាងសួរបកមកវិញដូច្នេះក៏បញ្ចេញកិរិយាហាក់ភ្ញាក់បន្តិចទើបបន្ត៖

    «ខ្ញុំកើតនៅទីនេះស្រាប់តេម្ដង បើកភ្នែក និងលូតលាស់ធំធាត់ជាមួយការធ្វើកសិកម្មពឹងផ្អែកតែលើធម្មជាតិសុទ្ធសាធ តែដើម្បីអនាគត ត្រូវទៅបន្តការសិក្សា ហើយត្រូវចាត់ឱ្យធ្វើការស៊ើបក្ដីនៅឯទីក្រុង តែដោយសារនៅទីក្រុងមានអ្នកអាជីបស៊ើបការណ៍ច្រើនហើយ ទើបស្នើរផ្ទេរមកទីនេះវិញបានសម្រេច។» និយាយដល់ត្រឹមណេះនាយព្រួយ ព្រោះឃើញថាខ្លួនឯងផ្ទេមកស្រុកកំណើតវិញ ចុះសាណា? នាងក៏នឹងផ្ទេចេញពីស្រុកស្រែដែលមិនមែនជាស្រុកកំណើតនេះនៅថ្ងៃ ខែ ឆ្នាំណាមួយមិនខាន។ រតនៈដឹងថាខ្លួនបានធ្លាក់ជ្រៅក្នុងអន្លង់ស្នេហ៍អ្នកគ្រូស្រស់ហើយ ទើបមិនចង់ឱ្យឃ្លាតទៅណាឆ្ងាយសូម្បីតែមួយថ្ងៃ។ ឃើញសាណាស្ងៀមស្ងាត់ហាក់កំពុងបញ្ឈប់ការជជែកហើយ នាយក៏សួរ៖

    «ហើយចុះសាណាថាលោកយាយក៏ជាអ្នកស្រុកនេះដែរ?តើ…គាត់ឈ្មោះអីទៅ? ខ្ញុំនៅតាំងពីតូចប្រហែលជាមានភាគរយស្គាល់ខ្ពស់!»

    «គឺយាយជាតិ យាយប៊ូជាតិ តែគាត់អនិច្ចកម្មទៅ១៥ឆ្នាំហើយ។ ខ្ញុំនៅតែមិនអាចបំភ្លេចបាន…បណ្ដាំ…» សាណាមានទឹកមុខក្រៀមក្រំ តែសម្រាប់រតនៈវិញបែរជាតក់ស្លុតនៅពេលឮឈ្មោះភ្លាម។ រូបភាពនៃអតីតកាលដែលត្រូវអ្នកភូមិបំភ្លេចទៅជាយូរមកហើយបានផុសឡើងម្ដងទៀត ច្រាលអារម្មណ៍ឱ្យព្រឺព្រួច និងស្ដាយក្រោយនូវអ្វីដែលបានកើតឡើង។

    «យាយប៊ុនជាតិជាយាយរបស់សាណា?» នាយសួរបញ្ជាក់សង្ឃឹមថាសាណានឹងផ្ដល់ចម្លើយផ្សេង។

    «ចាសត្រូវហើយគឺយាយប៊ុនជាតិ, បងស្គាល់ដែរហ្អែស?» លើកទីមួយហើយដែលសាណាហៅរតនៈថាបង លើកទីមួយហើយស្រីដែលខ្លួនស្រលាញ់ហៅខ្លួនបង ហើយក៏ជាលើលទីមួយដែរដែលនាយមានអារម្មណ៍ចម្លែក , តក់ស្លុត និងស្រងេះស្រងោច។ «រតនៈស្គាល់គាត់ដែរ ខ្ញុំស្មាន។»

    «បា...បាទ អត់ស្គាល់ទេ ខ្ញុំពីតូចមិនសូវរាប់អ្នកភូមិផងទេ ដោយចិត្តក្មេង។» នាយនៅមិនអស់មន្ទិលថាសាណាពិតជាចៅយាយប៊ុនជាតិមែន សង្ឃឹមថានាងគ្រាន់តែច្រលំឈ្មោះ ទាំងប្រាកដច្បាស់ហើយថានាងពិតជាចៅស្រីគាត់មែន។ 

    «ហើយយាយខ្ញុំមានរឿងអីហ្អែស? បានបងដូចចម្លែកម៉្លេះ?»

    «អត់មានអីទេ!» រតនៈតបទៅវិញយ៉ាងលឿន ព្យាយាមសម្រួលអារម្មណ៍ ឯសាណាវិញពេញចិត្តនឹងអារម្មណ៍តក់ស្លុតរបស់ប្រុសកម្លោះពេលនេះយ៉ាងខ្លាំង។

    «ហើយចុះខាងផ្លូវចិត្តវិញ តើភូមិនេះផ្ដល់អ្វីខ្លះដល់សាណា?» កម្លោះព្យាយាមសួរបង្វែងទាំងនៅស្រកៀរត្រចៀកនឹងបុគ្គលឈ្មោះប៊ុនជាតិ។

    «(សើចតិចៗ) ខាងផ្លូវចិត្តវិញ...,» នាងចោលភ្នែកទៅភូមិដែលនៅឆ្ងាយពីទីនេះសន្លឹម «បានផ្ដល់សេចក្ដីសុខមកខ្ញុំច្រើនណាស់ ព្រោះបានជួបនឹងក្មេងៗគួរឱ្យស្រលាញ់ និងបានបង្ហាត់ពត់ពួកគេឱ្យចេះដឹង និងមានសុជីវធម៌គ្រប់ៗគ្នា។»

    «តែប៉ុណ្ណឹងទេហ្អ?» នាយចង់ឱ្យសាណានិយាយពីខាងបេះដូង តែនាងហាក់ដូចជាមិនយល់ការណ៍សោះ។

    «ចាស នៅមានច្រើនទៀត តែណ្ហើយ សូមស្លេះតែត្រឹមនេះសិន...ខ្ញុំចង់ឱ្យភូមិយើងស្ងប់សុខ សង្ឃឹមថាមិនមានជនរងគ្រោះថ្មីទៅចុះ»

    ទ្រឹងៗៗ...

    សំលេងទូរស័ព្ទប៉ូលីសនីនរោទិ៍ឡើងផ្ដាច់ការសន្ទនាដែលកំពុងតែស៊ីជម្រៅ។ ម្ចាស់វត្ថុម្នីម្នាទាញទូរស័ព្ទចេញពីហោបៅ, មើលលេខលើអេក្រង់មុននឹងសម្រេចចុចទទួល។

    (សូមរង់ចាំអានភាគបន្តនៅរាត្រីម៉ោង៨ស្អែក)

    ឃាតករក្លែងកាយ (ភាគទី២) ឃាតករក្លែងកាយ (ភាគទី២) Reviewed by Unknown on 8:00 PM Rating: 5
    Loading...
    Powered by Blogger.