ឃាតករក្លែងកាយ (ភាគទី៣)
សំឡេងទូរស័ព្ទប៉ូលីសនីនរោទិ៍ឡើងផ្ដាច់ការសន្ទនាដែលកំពុងតែស៊ីជម្រៅ។ ម្ចាស់វត្ថុម្នីម្នាទាញទូរស័ព្ទចេញពីហោបៅ, មើលលេខលើអេក្រង់មុននឹងសម្រេចចុចទទួល។
«អាឡូមីងសួន...ហាស...ដល់ម្លឹងផងមីង? ឥឡូវមានសមត្ថកិច្ចទៅដល់កន្លែងកើតហេតុហើយឬនៅ?...អូ...បើនៅ សូមមីងមេត្តាប្រាប់អ្នកភូមិកុំឱ្យចូលទៅកន្លែងកើតហេតុ...បាទ...ចាំខ្ញុំទាក់ទងទៅក្រុមការងារឱ្យទៅប្រមូលភ័ស្តុតាង និងធ្វើកោសល្យវិច្ឆ័យលើទីកន្លែង និងសាកសព!»
គ្រាន់តែនីនពោលពាក្យសាកសពភ្លាម សាណា រតនៈ និងធានីដែលដើរមកឈរស្ដាប់នោះបើកចិញ្ចើមធំៗទាំងអស់គ្នា។
«អ្នកណាកើតអីបង?» ធានីសួរមុនគេ។
«គឺ...គឺ...កន្និថាចង កសម្លាប់ខ្លួន! តែគ្មានហេតុផលដែលនាងសម្លាប់ខ្លួនសោះ»
គ្រាន់តែឮឈ្មោះភ្លាម សាណាទន់ជង្គង់ដួលទៅលើដី ត្រូវរតនៈលើកឡើងវិញ។
នៅកន្លែងកើតហេតុ អ្នកភូមិមូរមីរោមជុំជិតផ្ទះតៀមថ្មដែលខាងក្នុងមានសាកសពចង-កមិនទាន់ស្រាយចុះនៅឡើយ។ ខាងសមត្ថកិច្ចបីនាក់បានពិនិត្យពិច្ឆ័យលើសាកសព និងត្រង់កយ៉ាងយកចិត្តទុកដាក់មុននឹងឱ្យដាក់សាកសពចុះពីខ្សែ។ រតនៈស្ទុះស្ទាពីភ្នំមក មកដល់ក៏ប្រញាប់វែកហ្វូងមនុស្សចូលទៅទស្សនាកន្លែងកើតហេតុ។
«មើលចុះលោករតនៈ!» ប៉ូលីសសេងចង្អុលទៅកញ្ចឹង កជនរងគ្រោះខណៈប៉ូលីសនីនមកដល់ដែរ។ «បើតាមការសន្និដ្ឋានបណ្ដោះអាសន្នឃើញថាជាករណីឃាតកម្មប្រាកដណាស់»
«លោកមានប្រមូលបានវត្ថុតាងអ្វីខ្លះហើយ?» ប៉ូលីសនីនសួរទៅប៉ូលីសជើងចាស់។
«បានខ្លះៗ! គឺមានឡាមដែលអារដៃជនរងគ្រោះ និងខ្សែរឹតកពីក្រោយ ដែលអាចសន្និដ្ឋានបានថាជាករណីឃាតកម្មច្រើនជាងអត្តឃាត,» គាត់ក្រលេកទៅសាកសពស្លៀករ៉ូបដេកយប់ប្រឡាក់ឈាមកដៃ សក់ជនរងគ្រោះវែងលាបពណ៌លឿងចាស់។
«ឃាតកព្យាយាមបង្វែងដានប៉ូលីសដោយយកឡាមមកអារដៃជនរងគ្រោះព្រោះដឹងថាវាជាសកម្មភាពដែលអ្នកពិបាកចិត្តនិយមធ្វើដើម្បីបន្ធូរអារម្មណ៍ តែតាមពិតបានធ្វើក្រោយដែលជនរងគ្រោះដាច់ខ្យល់ស្លាប់ទៅហើយ។ នេះបើអ្នកមិនដឹងប្រាកដជាគិតថាជាអត្តឃាតប្រាកដហើយ។»
រតនៈ និងនីនដើរទៅជិតសាកសពរួចពិនិត្យយ៉ាងប្រុងប្រយ័ត្ន។
«អូ! ឃើញហើយៗ» រតនៈស្រែកឡើងតិចៗល្មមអ្នករាល់គ្នាឮ។ «ក្នុងដៃជនរងគ្រោះមានសសៃសក់ជនល្មើស ជនរងគ្រោះប្រាកដជាមានការប្រវាយប្រតប់រើបម្រាស់មុននឹងដាច់ខ្យល់។» ប៉ូលីសដែលឈរក្បែរនោះរត់ទៅរក្សាសសៃសក់នោះក្នុងថង់ស្វិត។
«សសៃសក់ហើយនឹងក្រយ៉ៅដៃនៅលើឡាមជាសាក្សីសំខាន់ ទាញជាប្រយោជន៍ អាចវែកមុខឃាតកបាន។»
«រឿងនេះទុកឱ្យរតនៈឯងស្រាវជ្រាវចុះ ពួកយើងនឹងសហការជានិច្ច។»
---------------------------------------------
នៅល្ងាចនោះ, បន្ទាប់ពីសាច់ញាតិសពបានមកទទួលហើយ គ្រប់យ៉ាងក៏ស្ងប់ស្ងាត់ឡើងវិញ តែនៅមានការជជែកគ្នារចេចរចូចឥតប្រយោជន៍ពីអ្នកភូមិ។ ប្ដីជនរងគ្រោះត្រូវកងកម្លាំងចាប់ឃុំទុកបណ្ដោះអាសន្នសិន ព្រោះមានការសង្ស័យខ្លាំង។
យប់នោះ ក្រោយពីអង្គុយគិតយ៉ាងស្មុកស្មាញ អ្នកកម្លោះរតនៈក៏សម្រេចតេទៅសាណា គ្រាន់ជួយព្រឹក្សា។
«ខ្ញុំមិនសូវចេះខាងស៊ើបអង្គេតនឹងផង ជួយបងម៉េចបានទៅ?»
«ចឹងសាណាមានបានជួបជនរងគ្រោះចុងក្រោយនៅពេលណា? ព្រោះជនរងគ្រោះផ្ទះជាប់សាណា ហើយសាណា និងជនរងគ្រោះក៏ស្និទ្ធស្នាលជាអ្នកជិតខាងដែរ។»
«ខ្ញុំ...ខ្ញុំអត់បានជួបតាំងពីល្ងាចម្សិល តែយប់ជ្រៅ ឮសំលេងពីរនាក់ប្ដីប្រពន្ធនឹងឈ្លោះគ្នាខ្លាំងៗ ដែលអ្នកភូមិផងអាចធ្វើសាក្សីបាន ហើយបន្ទាប់មកក៏ស្ងាត់ទៅ។» សាណាបង្ហើរសារស័ព្ទតាមទូរស័ព្ទយ៉ាងរលូន។
---------------------------------------------
សំលេងចៅក្រមបន្លឺឡើងក្នុងបន្ទប់សវនាការ។
«វិនិច្ឆ័យសេចក្ដី! ដោយយោងតាមចម្លើយសាក្សីដើមបណ្ដឹង យោងតាមការធ្វើកោសល្យវិច្ឆ័យក្រយ៉ៅដៃ និងសសៃសក់, សម្រេចផ្ដន្ទាទោសឈ្មោះវង់ សាដឿន មុខរបរមន្ត្រីរាជការ ដាក់ពន្ធនាគារកំនត់៥០ឆ្នាំគិតពីថ្ងៃចាប់ខ្លួន ពីបទមនុស្សឃាតលើភរិយាដោយចេតនា។ ទុកសិទ្ធឱ្យប្ដឹងឧទ្ធររយៈពេល៣០ថ្ងៃ កងកាពារនាំជនជាប់ចោទទៅបន្ទប់ឃុំឃាំង តុលាការប្រកាសបិទសវនាការ។»
បុរសជាប្ដីនៅតែស្រែកឡើងថាអយុត្តិធម៌ណាស់ៗ ទាំងដែលកងកម្លាំងនៅសងខាងដៃទៅហើយ។
អ្វីៗស្ថិតទៅរកសភាពធម្មតាវិញ។ មិនប៉ុន្មានផង មានរឿងមិនល្អកើតឡើងទៀតហើយ។ មីងវីនលក់នំបញ្ចុកត្រូវឃាតកវាយសម្លាប់ឡើងប៉ល់ក្បាល ដោយនរណាៗក៏ដឹងថាប្ដីគាត់តែងវាយតប់រករឿងគាត់ ទើបកងកម្លាំងប្រដាប់អាវុទ្ធបានឃាត់ខ្លួនពូជឿនទាំងកម្រោល។ ក្រោយមកក៏ត្រូវដោះលែងវិញទោះជាមេធាវីធានីព្យាយាមចោតប្រកាន់ទៅពូជឿនយ៉ាងដំណំ ក៏មិនអាចឈានដល់ការឃុំខ្លួនគាត់បានព្រោះតុលាការរកឃើញថាគាត់មិនមានពាក់ព័ន្ធនឹងរឿងនេះឡើយ។ សាកល្បងគិតទៅមើល ប្រសិនបើអ្នកមិនដឹងអីសោះ ត្រូវគេចោតប៉ែសៗនោះអ្នកនឹងមានចិត្តគំកួនអ្នកនោះហើយ គឺមេធាវីហ្នឹងឯង។ កេរ្តិ៍ឈ្មោះធានីដែលធ្លាប់ជាមេធាវីឆ្នើមក៏ត្រូវធ្លាក់អស់ប្រជាប្រិយភាព និងការទុកចិត្ត អ្នកភូមិទាំងអស់មិនយល់ទេថា អាជីបជាមេធាវី, ការចាញ់ក្ដីមិនមែនជារឿងអីគួរឱ្យភ្ញាក់ផ្អើលនោះទេ ហើយសំខាន់បំផុតពេលនេះធានីស្ថិតក្រោមការគុំគួនពីពូជឿនហើយ។
រាត្រីមួយ, រតនៈទូរស័ព្ទទៅសាណា ដូចដែលធ្លាប់ធ្វើរាល់ដង។
«អាឡូអ្នកគ្រូ!»
«ចាស មានការអីឬបងរតនៈ? យប់ស្មើនឹងទៅហើយ?» សាស័ព្ទស្រួយស្រែសយ៉ាងរួសរាយតបមកពីចុងខ្សែ។
«អត់មានការអីទេ គ្រាន់តែចង់ជជែកលេងមុនចូលគេងនឹងណា។ ហើយ…បើសិនជាអាច ខ្ញុំចង់ឱ្យមានថ្ងៃឡើងភ្នំនោះម្ដងទៀត។»
«គ្រប់គ្រាន់ហើយ ខ្ញុំមិនចង់ឱ្យវាកើតឡើងទៀតនោះទេ ព្រោះ...ខ្លាចមានរឿងអាក្រក់តាមលងភាពសប្បាយដូចថ្ងៃមុននឹង។»
«បើចឹងសុំរំខានអ្នកគ្រូបន្តិចបានទេ?»
«រំខានរឿងអីនិយាយមក»
«ច្រៀងឱ្យខ្ញុំស្ដាប់ទៅណាមុនចូលគេង,» រតនៈទម្លាក់សំលេងទន់ជាការអង្វរ ក តែត្រូវសាណាបដិសេធ។
«អត់ទេ, ធានីគេងជិត ខ្លាចរំខាន»
«ច្រៀងតិចៗទៅមាននរណាឮ?» នាយទទូចសុំ។
«បើចឹងនែក? ហាមសើចណា ខ្ញុំច្រៀងឱ្យស្ដាប់» ឮការយល់ព្រមភ្លាម កម្លោះរតនៈទាញទូរស័ព្ទមួយទៀតមកក្បែរទូរស័ព្ទដែលកំពុងជជែកបំណងថតសំលេងសូរសៀងដែលនឹងបង្ហើរមកក្នុងពេលនេះ។ គាត់ចុចប៊ូតុង “record”ហើយនិយាយតឿន «ចាបផ្ដើមច្រៀងទៅអ្នកគ្រូស្អាត!»
«ចាស ចាំស្ដាប់ណា... ឮសំលេងបង ឱណាបងអើយ ឆ្លើយឆ្លងទូរស័ព្ទ អូនសែន ស្រណោះពាក្យបងពោលប្រាប់ ឱថ្លៃអូនអើយ ថានឹកអូនណាស់... អូនសែន...ស្រ អាវវវវ ជួយផង ទេ អូយ...»
“ខ្វាប់ៗៗ...”
«ជួយផង អូយ ឈឺណាស់ ទេ លោកអើយ ទេ អូយ...ជួយ ផង អាៗ....................» សំលេងស្រែកដោយក្ដីឈឺចាប់របស់សាណា និងធានីបន្លឺខ្លាំងៗតាមទូរស័ព្ទ បូករួមនឹងសំលេងប្រវាយប្រតប់ក្ដុងក្ដាំង។ ស្ដាប់ទៅដូចជាមានការព្យាយាមកាប់សម្លាប់ប្រល័យជនទាំងពីរយ៉ាងសាហាវ។ រតនៈភ័យរន្ធត់តក់ស្លុតឥតឧបមារតែនៅតែព្យាយាមភ្ជាប់ទំនាក់ទំនង។
«អាឡូ? សាណា? សាណាម៉េចហើយ??? ធានី? អ្នកទាំងពីរយ៉ាងម៉េចនឹង?»
«ជួយយើងផង អូយ....ឈប់ទៅ...អូយ...ឈឺណាស់...» គ្រប់យ៉ាងប្រែជាស្ងាត់ជ្រាប់ តែបើផ្ទៀងឱ្យមែនទែន នៅឮសំលេងសម្រឹបជើងរត់កាន់តែឆ្ងាយទៅ។
«សាណា?? អាឡូ?? ឆ្លើយតបមក យ៉ាងម៉េចហើយ??? សាណាអូនសម្លាញ់?? ធានី?»
រតនៈប្រញាប់ទាក់ទងទៅសមត្ថកិច្ច និងទាញម៉ូតូជិះចេញតម្រង់ទៅផ្ទះមេធាវីសន សុធានី យ៉ាងតក់ក្រហល់ចង់ដឹងហេតុ។ គ្រាន់តែទៅដល់ភ្លាម គាត់រុញរបងមួយទំហឹងរបើកឡើង ហើយរត់ចូលទៅក្នុងផ្ទះដែលទ្វារត្រូវនរណាម្នាក់ធាក់ឡើងរបើកទៅលើដី។ នៅលើរនាបមានឈាមតិចៗគួរឱ្យឈឺចាប់។ នៅក្នុងបន្ទប់ដែលចំហរទ្វារ ឃើញរាងកាយជោគឈាមរបស់ស្រីពីរនាក់ដែលម្នាក់សន្លប់ស្ដូកស្ដឹងអត់ស្មារតី ម្នាក់ទៀតនៅភិតភ័យយ៉ាងតក់ស្លុត។
«សាណាមានរឿងអី?» រតនៈចាប់អង្រួនស្មាអ្នកគ្រូដោយដៃទាំងពីរខណៈកម្លាំងប៉ូលីសមកត្រៀបត្រាជាមួយអ្នកភូមិចាស់ក្មេង។
«ឈាមច្រើនណាស់ កុំទាន់សួរអី ប្រញាប់យកទៅពេទ្យ ធានី អូនមិនអីទេ អូនពិតជាមិនអីទេ!» ប៉ូលីសនីនត្រកងបីរាងកាយមេធាវីស្រីទាំងឈាមនៅបន្តហូរចេញពី កដែលរយះដោយស្នាមកាប់មកមិនឈប់ ខណៈរតនៈបីសាណាចុះទៅក្រោម។
«គាត់រត់ទៅនោះ គាត់ទៅនោះ...» សាណាព្យាយាមចង្អុលទៅទឹសខាងកើតដែលមានព្រៃដុះស៊ុបទ្រុបងងឹតស្លុប តែស្មៅមានសភាពទ្រុឌ ដូចមាននរណាទើបរត់ទៅថ្មីៗ។ «ខ្ញុំចាក់គាត់នឹងប៊ិច...គាត់របួសហើយ...» ថាតែប៉ុណ្ណេះសាណាសន្លប់ក្នុងដៃប្រុសស្នេហ៍ ហើយក្រុមប៉ូលីសមួយចំនួនរត់ដេញតាមស្នាមទ្រុធស្មៅខណៈមួយក្រុមទៀតជិះម៉ូតូទៅស្ទាក់ខាងមុខ។ ឃាតករពិតជាមិនទាន់ទៅណាឆ្ងាយទេ គឺគង់តែនឹងជាប់អន្ទាក់ប៉ូលីសបន្តិចទៀតនេះឯង។
ឃាតករពិតជាមិនទាន់ទៅណាឆ្ងាយទេ គឺគង់តែនឹងជាប់អន្ទាក់ប៉ូលីសបន្តិចទៀតនេះឯង។
«ពេទ្យរដ្ឋនៅឆ្ងាយណាស់ ហើយណាមួយនាងហូរឈាមច្រើនទៀត យើងទៅជួលតាក់ស៊ីតាលន់ទៅក្រែងលឿនជាង?» រតនៈឱ្យយោបល់ទៅមិនទាំងអារម្មណ៍សែនច្របូកច្របល់។
«ចឹងក៏បាន,» នីនងក់ក្បាលហើយបីធានីរត់យ៉ាងលឿនសំដៅផ្ទះតាតាក់ស៊ី។
«អ៊ុំលន់ៗ ចេញមកក្រៅបន្តិចម៉ោអ៊ុំ យើងមានអាសន្នបន្ទាន់ណាស់!» ប៉ូលីសនីនស្រែកពីក្រៅរបងទាំងមានអ្នកស្រុកកាន់តែច្រើនរោមអ៊ូអែនារាត្រីខែភ្លឺ។ មួយសន្ទុះឃើញរាងកាយស្គមកំប្រឹងរបស់តាលន់ចេញមកទាំងរុំសារុងឱ្យកាន់តែជាប់។
«ហើយអ្នកណាកើតអី?» គាត់ស្រែកពីលើផ្ទះមក។
«មេធាវីធានី និងអ្នកគ្រូសាណាត្រូវគេកាប់ ត្រូវយកគាត់ទៅមន្ទីរពេទ្យធំ បើយ៉ាងម៉េចយ៉ាងម៉ា ខាងពេទ្យគេនឹងចេញឡានដឹកទៅកាល់ម៉ែត្រនៅរាជធានី…» នីនស្រែកខ្លាំងៗល្មមស្ដាប់ឮច្បាស់មិនបាច់សួរបញ្ជាក់ តែអ្វីដែលហួសចិត្តគឺចម្លើយតបបដិសេធដ៏ប្រិយផ្សៃរបស់តាកញ្ចាស់លន់។
«ហើយវាទាក់ទងស្អីអញ?» គាត់តបខណៈអារម្មណ៍គំគួនកំពុងពុះកញ្ជ្រោលក្នុងចិត្រ។ «អញមិនដឹងទេ មិនមែនពេទ្យផង!»
«សូមអ៊ុំជួយជូនឡានយើងទៅពេទ្យធំបន្តិចបានទេ ព្រោះពីទីនេះទៅឆ្ងាយណាស់ ត្រូវទៅដល់ទីរួមខេត្តឯណោះ សូមអនិតប្រណីផង!»
«អញមិនខ្វល់ អញមិនជូន ពួកហែងចង់ឱ្យលុយអញប៉ុន្មានក៏អញមិនជួយ ហែងមិនគិតកាលអញចាញ់ក្ដីវិវាទដីធ្លីជាមួយម៉ែមីខ្សយផង?» តានេះចិត្តខ្មៅណាស់ រឿងយូរហើយនៅមិនទាន់រំងាប់ទៀត។ អ្នកភូមិប្រតិកម្មនឹងតាតាក់ស៊ីខ្លះស្រែកជេរ ខ្លះប្រមាទ ខ្លះផ្ដល់យោបល់ឱ្យទៅរកស្អីផ្សេងដឹក។
«តាកញ្ចាស់ចិត្តអន្ដេរថី តាឯងឃើញងាប់នឹងមុខហើយមិនជួយ កញ្ចាស់ឯងធ្លាក់នរក១០០ជាន់ហើយ,» អ្នកភូមិពីរបីនាក់ស្រែកជេរព្រមគ្នាខណៈភរិយាតាតាក់ស៊ីចេញមុខពីផ្ទះមក។
«ចុះកាលអញនឹងប្ដីចាញ់ក្ដីម៉ែមីក្សយដោយសារមីមេធាវីនឹង?ពួកអស់មីហងអាហែងមានមកអានិតអញអត់? ទៅចេញៗឱ្យផុតពីមុខផ្ទះអញ ប្រយ័ត្នអញប្ដឹងពីបទរំខានសេចក្ដីសុខផ្ទាល់ខ្លួនវ៉ើយ។»
ដោយទ្រាំអង្វរទៀតក៏ឥតប្រយោជន៍, នីន និងរតនៈក៏រត់ទៅមុខបំនងប្រញាប់ដល់ពេទ្យ តែមានគោយន្តមួយជិះតាមពីក្រោយ, ជារថយន្តពូឌីនដែលត្រូវជាឪពុករបស់នាងសៀនដែលស្លាប់ទៅថ្មីៗនោះ។ អ្នកភូមិជួយគ្នាបានល្អណាស់ គេលើកជនរងគ្រោះទាំងពីរឱ្យដេកលើទូកគោយន្តហើយបរតម្រង់ទៅពេទ្យខេត្ត។
នីនដើរចុះឡើងៗមុខបន្ទប់រង់ចាំនៃបន្ទប់សង្គ្រោះបន្ទាន់ រីឯរតនៈទៅអើតនឹងទ្វារកញ្ចក់ដែលមិនអាចមើលទៅក្នុងឃើញ។
មួយស្របក់ធំ, គ្រូពេទ្យបីបួននាក់ចេញមកពីបន្ទប់ធានី។ មិនតែប៉ុណ្ណោះ, ពេទ្យពីរនាក់ទៀតបានរុញប្រង់ការដែលគ្របដោយក្រណាត់សឡើងជិតជនរងគ្រោះ។ នីនតក់ស្លុតរន្ធត់រកនិយាយអ្វីមិនចេញ។ ធានីបានស្លាប់ហើយ, អ្នកដេកលើប្រង់ការនេះគ្មានវិញ្ញាណ គ្មានអារម្មណ៍ គ្មានការឈឺចាប់អីទៀតឡើយ។ រតនៈក៏មានអារម្មណ៍អួលណែនដែរ ថ្វីបើដឹងថាសាណារបស់ខ្លួនគ្រាន់តែរបួសមិនដល់ថ្នាក់បាត់បង់ជីវិតក៏ដោយ។
(សូមរង់ចាំអានភាគបញ្ចប់នៅរាត្រីម៉ោង៨ស្អែកនេះ)
ឃាតករក្លែងកាយ (ភាគទី៣)
Reviewed by Unknown
on
8:00 PM
Rating: