>
  • ទំព័រដើម
  • អាគមដាក់ព្រលឹង



    តារាស្រីរូបស្រស់សោភា រាងខ្ពស់ សក់វែងអ៊ុតត្រង់ ស្លៀកពាក់តែងខ្លួនជាអ្នកចម្រៀងល្បី កំពុងច្រៀងលើឆាកកណ្ដាលទីរួមខេត្តដែលមានមនុស្សម្នាសុទ្ធសឹងជាយុវវ័យឈរមើលត្រៀបត្រាយ៉ាងច្រើនកុះករ ខ្លះស្រែកហ៊ោកញ្ជ្រៀវ ខ្លះច្រៀងតាមបទ ខ្លះលើកដៃគ្រវីគ្រវាត់ដើម្បីឱ្យតារាចម្រៀងទើបនឹងរះម្នាក់នោះដឹងពីទំហំនៃការគាំទ្ររបស់ខ្លួន។

    «នាងនឹង វាអស្ចារ្យស្អីណាស់ណាទៅ?» ស៊ីតាតារារះតំណាលគ្នានឹងឡាប៊ីដែលកំពុងតែច្រៀងលើឆាកនោះ រអ៊ូតិចៗបែបច្រនែននឹងប្រជាប្រិយភាព។ «ច្រៀងឡុលៗដូចដាច់អណ្ដាត កោតតែពួកអាអ្នកគាំទ្រទាំងនឹងវាថោកចង់ប៉ះដៃដែរ។»

    «គេស្អាត គេឡូយ» កម្លោះសង្ហារតបទៅសង្សារបណ្ដូលចិត្តរបស់ខ្លួន តែដោយឃើញនាងមុខក្រញូវដោយការមិនពេញចិត្ត ទើបខំលួងលោម។ «តែយ៉ាងណាក៏ស្អាតមិនដល់ព្រះនាងតូចតែមួយរបស់បងដែរ។» លួងលោមយ៉ាងណាក៏ស្រីស្រស់ស៊ីតាមិនព្រមញញឹម។ បើប្រៀបជាមួយឡាប៊ី, ស៊ីតាវាយឬកខ្លាំងណាស់ តាំងពីបានរីកពន្លកបន្តិចមក នាងធ្វើឬកម្ញិកម្ញ៉ក់មិនងាយនឹងព្រមថតជាមួយfanនាង មិនងាយឱនប៉ះដៃប្រិយមិត្តពេលឡើងច្រៀង ហើយក៏មិនដែលអរគុណ ឬជំរាបលាទស្សនិកជនអីដែរពេលច្រៀងចប់។ ចំនែកឡាប៊ីវិញ, នាងចិត្តទូលាយសម្ដីទន់ភ្លន់ ញញឹមញញែមអស់ពីចិត្ត នាងឱបfanស្និទ្ធៗដោយមិនខ្លាចធុំញើស មិនខ្លាចឆ្លងមុន មួយថ្ងៃៗនាងគិតតែពីពង្រីកកេរ្តិ៍ឈ្មោះឱ្យកាន់តែល្បីល្បាញ ខំរកនឹកសរសេរបទចម្រៀងoriginalថ្មីៗ ផ្ទុយពីស៊ីតាដែលមួយថ្ងៃៗគិតតែពីច្រណែន គិតតែពីរឿងក្ដៅក្រហាយ ចង់ល្បីជាងឡាប៊ី ចង់ចេញបទឱ្យបានច្រើនជាងគូរប្រជែង សុខចិត្តចម្លងពីបរទេសមកប្រែជាខ្មែរ ដល់ពេលមាននរណារិះគន់ នាងតាំងហៅfanរបស់នាងមកជេរប្រទេចជននោះយ៉ាងចាស់ដៃ។

    ស៊ីតាអង្គុយឆ្លុះកញ្ចក់កណ្ដាលយប់អធ្រាត ស្រាប់តែទូរស័ព្ទនាងរោទិ៍ឡើង។ នាងទទួលហើយលើកវាមកដាក់ក្បែរត្រចៀក។

    «អាឡូ អូនតា!» សង្សារនាងនិយាយ។ «បងដឹងថាធ្វផម៉េចទើបអាចយកឈ្នះឡាប៊ីហើយ។» 

    គ្រាន់តែឮប៉ុណ្ណេះ ស៊ីតាមានអារម្មណ៍រំភើបរីករាយ ទឹកមុខស្រស់ស្រាយ។ 

    «បងដឹងវិធីសាស្ត្រអីមែនទេ?» ស៊ីតាតបទាំងញញឹមញញែម។ «ប្រាប់ខ្ញុំម៉ោ ខ្ញុំចង់ដឹងឥឡូវនេះ។ ឱ្យតែឈ្នះ ធ្វើអីក៏ហ៊ានដែរ។» នាងស្ងាត់បន្តិចដើម្បីឱ្យខាងប្រុសនិយាយម្ដង ហើយពេលស្ដាប់សារស័ព្ទរ៉ាយរ៉ាប់ហូរហែរចប់ នាងញញឹមជញ្ជក់មាត់ដោយគំនិតដ៏ពិសពុល។

    —————————————————

    យប់ជ្រៅ, ស៊ីតាបានបង្ខោះរូបselfieមួយប៉ុស្តលើFacebook pageដែលមានអ្នកគាំទ្រគ្រាន់បើ។ នាងថែមទាំងបានសរសេរដៀមដាមថា “ឡាប៊ី! ប្រសិនបើមិត្តភាពយើងទាំងពីរដូចកាលនៅក្មេងៗ អ្វីៗប្រហែលល្អជាងនេះ។”

    បន្តិចក្រោយមក, postនោះមានគេចាប់អារម្មណ៍ និងcomment, share ព្រោងព្រាតរវាងអ្នកគាំទ្រស៊ីតា និងឡាប៊ី។ ការcommentវែកញែកឈានដល់ការប្រហែកគ្នារហូតអ្នកគាំទ្រត្រូវបំបែកគ្នាជាពីរបក្ស។ ស៊ីតាញញឹមខ្ជឹបព្រោះមានអ្នកមួយចំនួនបានយល់ថាដោយសារតែភាពល្បីល្បាញទើបឡាប៊ីវាយឬកដាក់ស៊ីតាបំណងប្រកួតប្រជែងគ្នា។ បន្តិចក្រោយពីឡាប៊ីឃើញpostនោះ នាងបានទូរស័ព្ទទៅស៊ីតាភ្លាមៗ និងពន្យល់ថារាល់ថ្ងៃមិនដែលប្រជែងអីទេ ព្រោះពួកគេទាំង២ជាមិត្តជិតស្និទ្ធនឹងគ្នាតាំងពីរមិនទាន់ល្បី។

    «កាតា,» ឡាប៊ីតែងហៅមិត្តបែបនេះតាំងពីរៀនបឋមមក។ «ឯងកុំគិតថាយើងកំពុងប្រជែងគ្នាអីបានទេ?»

    «តែឯងមានចិត្តធ្វើវាបាត់ទៅហើយ...» ស៊ីតាព្យាយាមធ្វើសំលេងដូចកម្សត់ទាំងក្នុងចិត្តពឹសពុលកញ្ជ្រោល និងតក់ក្រហល់។

    «ទេកាតា !!! កុំគិតបែបនេះ កាប៊ីម្នាក់នេះមិនដែលសូម្បីតែគិត។ យើងកាន់ដៃគ្នាទៅរៀនជាមួយគ្នា យើងឡើងផុតពីនរកអវចីនៃភាពក្រីក្រជាមួយគ្នា យើង...យើងកាន់ដៃគ្នាប្រឡូកក្នុងវិស័យសិល្បៈជាមួយគ្នា អ្វីៗគឺយើងតែងជាដៃគូរគ្នាជានិច្ច។»

    «ឈប់និយាយទៅកាប៊ី, ចាប់ពីពេលនេះទៅឯងគ្មានគូរប្រជែងទៀតទេ ខ្ញុំឈប់...ឈប់ប្រជែងឯងទៀត ឈប់ពីសិល្បៈដែលមានតែភាពច្រណែនគ្នានេះ។» ស៊ីតាតាំងធ្វើជោរព្រោះដឹងថាឡាប៊ីនឹងលន់តួ។

    «កាតា!!! បើឯងឈប់ ខ្ញុំនឹងឈប់ភ្លាម។» ឡាប៊ីនិយាយទៅទូរស័ព្ទទាំងទឹកភ្នែក។

    «ឯងយំមែនទេ?» ស៊ីតាសួរធ្វើដូចជាអានិតមិត្ត។

    «ខ្ញុំមិនងាយយំទេ តែឯងអាចធ្វើឱ្យខ្ញុំយំបានមួយប៉ប្រិចភ្នែក។ កាតា...ខ្ញុំចង់ជួបឯង!»

    «កុំអី! មនុស្សដូចខ្ញុំមិនគួរនឹងជួបតារាល្បីដូចឯងទេ។» ស៊ីតានិយាយដោយបញ្ជាសំលេងឱ្យអណ្ដឺតអណ្ដកដូចជាព្យាយាមទប់អារម្មណ៍កុំឱ្យយំ។

    «ទេ ឯងត្រូវតែបន្តក្នុងវិថីសិល្បៈនេះជាមួយគ្នា យើងនៅតែជាដៃគូរគ្នា យើងនឹងមានបទច្រៀងរួមគ្នាឆាប់ៗនេះស្ដីពីមិត្តភាពដែលមិនសាប្យសូន្យ។»

    «ខ្ញុំមិនសមនឹងដើរលើមាគា៌ដ៏ថ្លៃថ្នូរនេះទេ។»

    «គ្នាទៅជួបឯងឥឡូវនេះ ឈប់មាត់ទៀតទៅ គ្នាទៅហើយ។» ទូរស័ព្ទក៏កាត់ផ្ដាច់។

    ឡាប៊ីឡើងរថយន្តតម្លៃថ្លៃរបស់ខ្លួនហើយបរសំដៅទៅផ្ទះស៊ីតាដែលនៅឆ្ងាយពីផ្ទះនាងគួរសម។

    មកដល់ផ្ទះនាង, ឡាប៊ីចុចកណ្ដឹងរង់ចាំនៅមុខក្លោងទ្វារតែ, ចុចច្រើនដងហើយគ្មាននរណាបើកទ្វារសោះ។

    រីងៗៗ....រីងៗៗ....

    «កាតា?» ឡាប៊ីស្រែកសួរពីក្រៅ។ គ្មានការឆ្លើយតប។ «កាតា? នៅខាងក្នុងទេ?» ឡាប៊ីទាញទូរស័ព្ទទាក់ទងទៅស៊ីតាតារាស្រស់ស្រី ទីបំផុតបន្ទាប់ពីអំណត់អស់យ៉ាងយូរ ក៏មានអ្នកទទួល។

    «កាតា?»

    «ជួយផង...ទេ...ចេញទៅ ចេញពីយើងទៅ កុំមកជិតយើង...ចេញទៅ...ជួយផង...»

    «កាតា? មានរឿងអីមែនទេកាតា?»

    «ជួយផង អូយ...ទេ...ឈឺណាស់ កុំអី អ្នកណាក៏បានដែរជួយផង....ខ្ញុំអត់ដឹងអីទេ កុំធ្វើបាបខ្ញុំ...ទេ...»

    «កាតា? កាតា? ឮយើងសួរទេក្មេងមុខចាស់?» ឡាប៊ីហៅឈ្មោះដែលនាងតែងហៅ ដោយក្ដីព្រួយបារម្ភ។

    «ជ្រឹកៗ...»

    សំលេងចាក់កាំបិតចូលក្នុងសាច់យ៉ាងឈឺចាប់បន្លឺពីក្នុងទូរស័ព្ទធ្វើឱ្យឡាប៊ីកាន់តែមានអារម្មណ៍មិនស្រួល។ បន្ទាប់មកអ្វីៗក៏ស្ងាត់ឈឹង។ ឡាប៊ីឆ្លេឆ្លារមុខរបងផ្ទះ។ មួយសន្ទុះធំក្រោយមក, សំលេងបើកទ្វាររបងក៏បន្លឺឡើង។

    «កាតា? ឯងកើតអីម៉ិញនឹង?» ឡាប៊ីសួរដោយបារម្ភព្រមទាំងទៅចាប់ស្មារនាង។ «គ្នាព្រួយខ្លាំងណាស់។

    «ចូលមកក្នុងសិនមក,» ស៊ីតាអញ្ជើញមិត្តទាំងមានទឹកភ្នែក និងញើស។ 

    គ្រាន់តែឡាប៊ីដើរចូលក្នុងផ្ទះភ្លាម, នាងឃើញតាចាស់ដែលតែងខ្លួន និងមានបាយសីម្លូរស្លាទំនងជាគ្រូខ្មែរអាគមអូមអាម ដើរចេញទៅក្រៅរបងដោយមាននាយស៊ីនត្រូវជាសង្សារស៊ីតា ជាអ្នកនាំផ្លូវពីក្រោយ។ នាយស៊ីនបើករថយន្តយកលោកគ្រូខ្មែរនោះចេញទៅបាត់។

    មកដល់ក្នុងផ្ទះ ស៊ីតាមានទឹកមុខស្រង៉ូតស្រង៉ាត់ហើយដូចជាអស់កម្លាំងជាខ្លាំង។ នាងដូចជាគ្មានកម្លាំងសូម្បីតែងើបឈរឡើង។

    «កាតា? យើងជាមិត្តសម្លាញ់នឹងគ្នា ថ្វីបើយើងមិនបាននៅផ្ទះជាមួយគ្នា តែចិត្តយើងនៅក្បែរគ្នាជានិច្ច។ ទោះជាពេលខ្លះយើងរវល់រៀងៗខ្លួន ក៏យើងនៅតែមានពេលណាត់ជួបគ្នា តែម៉ិញនេះឯងបង្ហោះនោះដូចជាមានចិត្តមិនសូវទុកចិត្តយើង?» ឡាប៊ីនិយាយបែបនេះ ស៊ីតាធ្វើមុខដូចជាព្រួយ។ ស៊ីតាតបទាំងចាប់ដៃឡាប៊ី :

    «បើថ្ងៃណាមួយបាត់ខ្ញុំ តើឯងមានអារម្មណ៍យ៉ាងណា? ឆ្លើយត្រង់ម៉ោ!»

    «គ្នាមិនដែលគិតទេ!»

    «ចុះបើ...»

    «ឈប់និយាយទៅកាតា!!!! ឯងនៅភ្លេចសម្បថលោហិតដែលយើងបានធ្វើជាមួយគ្នានោះហើយហ្អែ?»

    «មិនភ្លេចទេ ហើយក្រដាសសម្បថនោះក៏មិនទាន់បាត់ដែរ។»

    «ចឹងឯងឈប់មានចិត្តសង្ស័យមកលើគ្នាទៀត!!!»

    «តែ...ចូលក្នុងសិនមក។»

    ស៊ីតាបង្គាប់ឱ្យឡាប៊ីចូលទៅនិយាយខាងក្នុងហើយនាងក៏ធ្វើតាម។ ស៊ីតាលើកទឹកឱ្យមិត្តផឹកហើយនិយាយ :

    «គ្នាក៏ស្រលាញ់ឯងមិនដែលភ្លេចដែរ!»

    «មែនហើយ!!!! អូកាតា? គ្នាសុំសួររឿងមួយ។»

    «រឿងអី? លើសពីមួយក៏សួរបាន។»

    «អំបាញ់ម៉ិញពេលគ្នាតេមកឯង ដូចជាឮសំលេងស្ត្រីុម្នាក់ស្រែក?»

    «មែនហើយ។» ស៊ីតាតបព្រមទាំងធ្វើជាយំយ៉ាងសម។ «គាត់មករកខ្ញុំ!!!»

    «អ្នកណាមករក?» ឡាប៊ីសួរដោយឆ្ងល់។

    «គាត់ចង់សម្លាប់ខ្ញុំ!» ស៊ីតានិយាយមុខស្មើ។

    «កាតា? ម៉េចនឹង?» ឡាប៊ីចាប់ផ្ដើមមិនស្រួល។

    «យប់នេះគាត់នឹងមកទៀត!!!» ស៊ីតានៅតែបន្តនិយាយ។ «គាត់រឹតកខ្ញុំ!!!»

    «កាតា? ម៉េចនឹង?» ឡាប៊ីសួរព្រមទាំងអង្រួន។ ស៊ីតាងាកមករកមិត្តសម្លាញ់ព្រមទាំងសួរ :

    «ឯងដឹងដែរតើហ្អីថានាង ថាលីកាវាចង់ប្រជែងយើងរឿងដំណែងតួឯក?»

    «ធ្លាប់ឃើញព័ត៌មានផ្សាយ តែមិនបានដឹងច្បាស់ទេ!»

    «មែនហើយ ថាលីកាវាជួលមនុស្សមកសម្លាប់យើង...តែមិនបានសម្រេច...»

    «អូ???»

    «វាច្រណែនដែលយើងបានដំនែងតួឯកថតរឿងប្រអប់ខ្មៅ។» ស៊ីតាឈប់និយាយបន្តិចហើយដើរចេញទៅក្រៅ។ ឡាប៊ីមានអារម្មណ៍ថាងងុយដេកទន់ត្របកភ្នែកជាខ្លាំង ហើយមួយសន្ទុះក្រោយក៏ដួលដេកលើសាឡុង។

    ឡាប៊ីបើកភ្នែកឡើង អ្វីៗគឺស្ថិតក្នុងភាពងងឹត។ នាឡិការចង្អុលទ្រនិចម៉ោង១២យប់។ ជុំវិញខ្លួនគឺដដែល នាងកំពុងនៅលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវផ្ទះស៊ីតា។ ឡាប៊ីងាករកមិត្តសម្លាញ់ តែគ្មានឃើញសោះ។ នាងដើរទៅបើកបន្ទប់ដេករបស់ស៊ីតាតែក៏នៅតែមិនឃើញ។ ប្រហែលនាងទៅក្លឹប។ ដោយយប់ជ្រៅជ្រុលហើយ នាងក៏សម្រេចប្រ៉ះខ្លួនដេកលើពូកដ៏ទន់ល្មើយរបស់ស៊ីតា។

    តុកៗៗៗ...

    សំលេងគោះធ្ងន់ៗបន្លឺឡើងដាស់ឡាប៊ីឱ្យភ្ញាក់។ នាឡិការព្យួរជាប់ជញ្ជាំងចង្អុលម៉ោង២យប់។ ចុះអ្នកណាគេមកគោះទ្វារបន្ទប់ទាំងយប់នឹង? នាងងើបឡើងប្រុងនឹងបើកទ្វារតែក៏ត្រូវបញ្ឈប់ដៃរបស់នាងភ្លាមៗនៅពេលគំនិតមួយចូលមកកាត់។ ចុះបើសិនជាឃាតកមកសម្លាប់? នាងមិនទាន់បើក ហើយដាក់ភ្នែកមើលតាមប្រឡោះប្រហោងទ្វារសម្រាប់មើលទៅក្រៅតែមិនឃើញអ្វីសោះ។ ឡាប៊ីចាប់ផ្ដើមភ័យ។ សំលេងគោះទ្វារនៅតែបន្តបន្លឺឥតឈប់។

    តុក....តុកៗៗៗ

    «កាតា?»

    តុកៗៗៗ....

    «កាតាឯងទើបមកពីណា?»

    តុកៗៗៗ...

    «មាននរណានៅក្រៅឬអត់នឹង?»

    តុកៗៗៗ ...ទ្វារនៅតែត្រូវគេគោះ...

    «កាតា? បើមិនឆ្លើយទេ គ្នាក៏មិនបើកទ្វារឱ្យឯងដែរ។»

    តុកៗៗ....ទោះសួរយ៉ាងណាក៏មិនមានការឆ្លើយតបហើយនៅបន្តគោះឥតឈប់។ បេះដូងឡាប៊ីចាប់ផ្ដើមលោតញាប់ ហើយក្រឡេកទៅប្រហោងមើលក្រៅម្ដងទៀតស្រាប់តែឃើញមុខស្លេកស្លាំងយ៉ាងកំណាចរបស់នរណាម្នាក់សម្លក់ថ្លែមករកនាងវិញ។ ឡាប៊ីតក់ស្លុតខ្លាំងទន់រាងកាយដួលព្រូស។

    ...

    ព្រឹកឡើង...

    ឡាប៊ីបើកភ្នែកឡើង សំលេងគោះទ្វារបានបាត់ទៅហើយ មិនដឹងឈប់គោះតាំងពីពេលណាមក។ នាងងើបឡើងហើយដើរទៅទ្វារ។ ឡាប៊ីបើកទ្វារចេញក៏ឃើញនរណាម្នាក់ដាច់ក្បាលដាច់ដៃពោះវៀនពោះតាំងនៅពាសពេញមុខបន្ទប់ នាងស្រែកភ័យលស់ព្រលឹងហើយក៏សន្លប់បាត់ទៅ។

    នាងបើកភ្នែកឡើងឃើញខ្លួនឯងនៅលើគ្រែនៃបន្ទប់ដេករបស់ស៊ីតា។ នាងប្រញាប់ងើបឡើងហើយបើកទ្វារបន្ទប់ដេក។ ក្រឡេកទៅខាងស្ដាំដៃ, នៅតុនៃបន្ទប់ទទួលភ្ញៀវ, ស៊ីតា និងនាយស៊ីនកំពុងអង្គុយញ៉ាំអាហារពេលព្រឹក។

    «កាតា!!!» ឡាប៊ីរត់ទៅឱបមិត្តទាំងរំភើប។ «គ្នាភ័យណាស់!!!»

    «ភ័យអី?ពេលគ្នាត្រលប់មកផ្ទះវិញឃើញឯងដេកនៅមុខបន្ទប់ដេកបស់គ្នា។»

    «មែនហើយ!! គ្នាប្រហែលសុបិនអាក្រក់»

    «មកញ៉ាំអាហារសិន» នាយស៊ីនហៅមិត្តរបស់សង្សារខ្លួនដោយគួរសម។ ឡាប៊ីអង្គុយចុះហើយសួរទៀត :

    «កាតា? យប់ម៉ិញឯងទៅណា?»

    «ទៅរាំក្លឹប ហេហេ^_^!» ស៊ីតាឆ្លើយដោយសើច។

    «ម៉េចមិនបបួលគ្នាទៅផងមីមោឃ?»

    «ព្រោះឃើញអូនឯងដេកស្រួលពេកខ្ជិលដាស់។» ថាត់ស៊ីនឆ្លើយជំនួសសង្សារ។

    «ហើយឯងមកគោះទ្វារបន្ទប់ធ្វើអី?» ឡាប៊ីសួរព្រមទាំងលើកទឹកក្នុងកែវមកផឹក។ នាងបន្ត «គោះទាំងកណ្ដាលអធ្រាត គ្នាឯណេះភ័យចង់ងាប់!»

    ពីរនាក់, ស៊ីតា និងថាត់ស៊ីនមើលមុខគ្នាដោយឆ្ងល់។

    «គោះទ្វារម៉េចអូន?» ថាត់ស៊ីនសួរឡាប៊ី។

    «ញ៉ុមសួរស៊ីតាតើ បងឯងចេះអី?»

    «គោះទ្វារអី? គ្នាមិនដឹងទេ!» ស៊ីតាតប។

    ឡាប៊ីធ្វើមុខឆ្ងល់។ នាងនិយាយតិចៗ :

    «ចុម? ចុះណាគេគោះទ្វារពាក់កណ្ដាលយប់ម៉ិញ?»

    «អូនឯងស្ដាប់ច្រលំ សង្ស័យតុកកែយំក៏ថាបាន ព្រោះផ្ទះអូនតាមានតុកកែច្រើនណាស់។» នាយស៊ីនលួងលោមឡាប៊ីកុំឱ្យភ័យ។

    «មែនហើយកាប៊ី! កុំគិតច្រើន។»

    «តែព្រឹកម៉ិញគ្នាឃើញ...» ឡាប៊ីប្រុងនឹងនិយាយពីពោះវៀនសាច់ដែលនៅពាសពេញតែគិតថាមិនគួរយកវាមកនិយាយសោះ។ គិតៗស្រាប់តែទន់ត្របកភ្នែកទៀត ហើយងងុយពេកទ្រាំមិនបានក៏ដួលព្រូសដេកលើតុ។

    ---------------------------------------------

    ឡាប៊ី ស៊ីតា និងថាត់ស៊ីន បបួលគ្នាមកលេងល្អាងភ្នំ ព្រោះគិតថាចង់ចងអនុស្សាវរីយឱ្យកាន់តែច្រើន។ នៅទីនេះមេឃអាកាសស្ងប់ស្ងាត់ល្អណាស់ ក្រោយពីឡាប៊ីទទួលទានទឹកដែលស៊ីតាហុចឱ្យហើយ នាងចាប់ផ្ដើមងងុយដេកទៀតហើយ។ ឡាប៊ីដួលព្រឹបដូចគេសណ្ដំ។ ស៊ីតា និងសង្សារញញឹមដាក់គ្នាដូចរីករាយខ្លាំង។

    យប់ងងឹត...

    ឡាប៊ីបើកភ្នែកឡើងឃើញខ្លួនឯងនៅទីងងឹតមួយកន្លែងដែលសូន្យសុង ឮតែសំលេងចង្រឹត និងរៃយំគួរឱ្យស្រង៉េះស្រង៉ោច។ នាងស្ទុះងើបឡើងទាំងខ្លួនមិនសូវមានកម្លាំង។ អ្វីៗនៅងងឹតឈឹងនៅឡើយ ឡាប៊ីបន់ស្រន់ឱ្យនាងមានសុវត្ថិភាព។

    «នាងឯងត្រូវតែស្លាប់!!!» សំលេងកំណាចរបស់នរណាម្នាក់បន្លឺឡើង។ ឡាប៊ីស្រែកយំដោយភ័យខ្លាច និងអង្វរកមុននឹងនាងសន្លប់បាត់ស្មារតីម្ដងទៀត។ ស៊ីតា និងគូរសង្សារញញឹម គិតថាធ្វើបាបឡាប៊ីប៉ុណ្ណឹងបានហើយ ហើយក៏សែងឡាប៊ីដាក់រថយន្តជិះមកផ្ទះវិញ។ នៅពេលសង្សារនាងចេញទៅបាត់ ស៊ីតាក៏ដេកលើគ្រែរបស់នាងក្បែរមិត្តសម្លាញ់ដែលសន្លប់ឥតស្មារតី។

    តាមពិត នាង និងសង្សារបានជួបជាមួយគ្រូអាគមអូមអាមម្នាក់ ហើយគ្រូនោះរកវិធីធ្វើឱ្យស៊ីតាល្បីជាងឡាប៊ីដោយការដាក់បញ្ចូលព្រលឹងជាមួយគ្នា ការដាក់ព្រលឹងនេះ គឺដាក់បញ្ចូលព្រលឹងស៊ីតាជាមួយនឹងឡាប៊ី ហើយប្រសិនបើស៊ីតាមានរបួស ឬការឈឺចាប់អ្វី, ឡាប៊ីក៏នឹងទទួលអារម្មណ៍បែបនោះដែរ។ ស៊ីតាសង្ឃឹមថាក្រោយពេលធ្វើអាគមដាក់ព្រលឹងហើយ, នាងនឹងបំបាក់មុខឡាប៊ីពេលឡាប៊ីឡើងឆាកបន្តផ្ទាល់។ តាមន្តអាគមនោះបានប្រាប់ថាត្រូវការសសៃសក់ឡាប៊ី ស៊ីតាក៏ប្រគល់ឱ្យគាត់ តានោះបានសូត្រអូមអាមសសៃសក់ស៊ីតា និងឡាប៊ីហើយ ប្រាប់ស៊ីតា និងសង្សារនាងថាព្រលឹងទាំងពីរមិនទាន់អាចបញ្ចូលគ្នាបានទេ ព្រោះឡាប៊ីនៅស្មារតីរឹងជាងស៊ីតា ត្រូវធ្វើឱ្យឡាប៊ីខ្សោយបេះដូងសិនទើបអាចធ្វើពិធី។ ស៊ីតា និងសង្សារបានរៀបគម្រោងការបំភ័យឡាប៊ីនៅថ្ងៃនោះ ហើយយកក្បាលតុក្កតាស៊ីលីកូនដែលមានមុខមាត់ដូចស៊ីតាទៅលាបឈាមក្លែងក្លាយ ព្រមទាំងទិញសាច់ និងពោះវៀនជ្រូកទៅរាយមុខបន្ទប់ ពេលឡាប៊ីបើកទ្វារចេញមកក៏ភ័យស្លន់ស្លោររហូតដល់សន្លប់។

    ពេលនេះនាងដឹងថាឡាប៊ីមានស្មារតីខ្សោយហើយ ដូច្នេះនាងបានប្រាប់ទៅសង្សារនាងថាស្អែកនេះត្រូវឱ្យគ្រូនោះរៀបចំធ្វើពិធី។

    ...

    គ្រូមន្តអាគមបានមកដល់ផ្ទះស៊ីតាក្រោយពេលដែលសង្សារស៊ីតាជូនឡាប៊ីទៅផ្ទះវិញរួចហើយ។ ពួកគេកុហកឡាប៊ីថាហេតុការណ៍ពីយប់ម៉ិញគ្រាន់តែជាការយល់សប្ដិប៉ុណ្ណោះ។ 

    គ្រូបង្គាប់ឱ្យនាយស៊ីនចេញពីបន្ទប់ធ្វើពិធី ដោយទុកឱ្យនៅតែស៊ីតា និងគាត់ប៉ុណ្ណោះ។ គាត់ថែមទាំងបញ្ជាឱ្យស៊ីតាដោះអាវចេញ ហើយនាងក៏ធ្វើតាមដោយឥតរួញរារ ហេតុតែចង់សម្រេចបំណងពេក។

    គ្រូនោះបានយកសសៃសក់ពីរសសៃដែលមួយសសៃជារបស់ស៊ីតា និងមួយសសៃទៀតជារបស់ឡាប៊ី មកវិញចូលគ្នាហើយសូត្រស្ដោះកំហាកផ្លុំរហូតសសៃសក់នោះក្លាយទៅជាម្ជុលដែលយ៉ាងមុតស្រួច។ លោកគ្រូលើកផ្តិលទឹកមកផ្ទឹបនឹងបបូរមាត់ហើយព្រោះទឹកដាក់ខ្នងស៊ីតាសខ្ចី រួចយកម្ជុលនោះចាក់លើខ្នងស៊ីតាសរសេរជាយ័ន្ដអក្សរគាថា។ ស្រីស្រស់ឈឺចាប់យ៉ាងខ្លាំងស្រក់ទឹកភ្នែករហាម នាងយំដោយវេទនាតែខាំមាត់អត់ទ្រាំរហូតដល់គ្រូនោះសរសេរហើយ។ គាត់ប្រាប់ទៅនាងក្រមុំ ៖

    «ពេលនេះមន្តអាគមដាក់ព្រលឹងឯង និងឡាប៊ីបានចប់ហើយ។ ត្រូវចាំថាឯងមុតដៃ, ឡាប៊ីនឹងមុតដៃដែរ ឯងគ្រេចជើង, ឡាប៊ីនឹងគ្រេចជើងដែរ។»

    «ចា អរគុណណាស់លោកគ្រូ!» ស៊ីតាញញឹមលាក់គំនួច នាងនឹងបំបាក់មុខឡាប៊ីរាល់ពេលណាដែលឡាប៊ីឡើងឆាក។

    នាយស៊ីនបាននាំគ្រូនោះទៅផ្ទះគាត់វិញ ឯស៊ីតានៅផ្ទះដោយឈឺខ្នង។ តែការឈឺចាបនេះមិនយូរប៉ុន្មានក៏បាត់ទៅត្រលប់មកវិញនូវភាពពឹសពុលដ៏កំណាច។

    ...

    ស៊ីតាបានផ្ដាច់ការទាក់ទងជាមួយនឹងនាយស៊ីនជាសង្សារព្រោះមិនចង់ជំពាក់វគ្គវិន ព្រោះពេលនេះនាងលែងត្រូវការអ្នកណាទៀតហើយ។

    នាងបានជិះរថយន្តទៅផ្ទះគ្រូទាយល្បីឈ្មោះមួយដោយចង់ដឹងថាគ្រូនោះទាយឆុតឬអត់។ ទៅដល់គ្រូនោះញញឹមដាក់នាង ព្រោះគាត់ស្គាល់ថានាងជាតារាល្បី បើទាយឱ្យត្រូវ ប្រាកដជាបានទ្រនឹបសមប្រកប។

    «ជំរាបសួរយាយ! ខ្ញុំមកពឹងឱ្យយាយជួយទាយជោគវាសនាខ្ញុំ និងឡាប៊ីផង អនាគតទៅ អ្នកណានឹងឡើងកូដល្បីជាង?»

    គ្រូនោះសម្លឹងភ្នែកស៊ីតាមួយសន្ទុះហើយនិយាយម៉ឺងម៉ាត់ ៖

    «ឡាប៊ីនឹងនៅតែគ្រាន់បើជាងឯង»។

    ស៊ីតាចងចិញ្ចើមខ្ញូវខឹងនឹងសម្ដីគ្រូកញ្ចាស់ចោលម្សៀតនេះ។

    «ចង្រៃយក៍ ទាយស្អីភ្លីភ្លើបែបនេះ? នាងឡាប៊ីនោះម៉េចនឹងអាចឈ្នះខ្ញុំ? ឆ្គួតមែនគ្រូឆ្គួតនេះ។» ខឹងខ្លាំងពេកស៊ីតាលើកតុអាសនៈឡើងកំពប់បាយសីធូបទៀនខ្ទេចខ្ទីរហើយនាងដើរចេញដោយគ្មានឱ្យទ្រនឹបគ្រូឡប់នោះបន្តិច។ នាងចង់ឮតែដំនឹងថាឡាប៊ីធ្លាក់កូដ ព្រោះពេលនេះ នាង និងឡាប៊ីមានព្រលឹងតែមួយទៅហើយ នាងនឹងបំបាក់មុខឡាប៊ីទាល់តែលែងហ៊ានចេញមុខ។

    ----------

    ស៊ីតាអង្គុយមើលព័ត៌មានតាមទូរស័ព្ទតែម្នាក់ឯងស្រាប់តែឃើញព័ត៌មានមួយដែលធ្វើឱ្យនាងក្ដៅក្រហាយដោយច្រណែនយ៉ាងខ្លាំង។

    ក្នុងព័ត៌មានពេញនិយមនោះដាក់ថា “ឡាប៊ីតារារះថ្មីល្បីខ្លាំងទទួលដំណែងដើរម៉ូដលើឆាកអន្តរជាតិនាថ្ងៃបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។”

    ព័ត៌មានលម្អិតបានរ៉ាយរ៉ាប់ថាឡាប៊ីនឹងក្លាយជាអ្នកដើរម៉ូដឯកក្នុងចំណោមអ្នកដើរម៉ូដជាច្រើនទៀត គ្រងដំណែងឈុតរោមចចកសដ៏មានតម្លៃ ផ្សាយបន្តផ្ទាល់លើទូរទស្សន៍ប៉ុស្ដិ៍ជ្រូកមាស។ ស៊ីតាខាំមាត់ទ្រាំ តែនាងញញឹមឡើងហើយរង់ចាំ។

    ថ្ងៃនោះបានមកដល់...

    ឡាប៊ីបានទូរស័ព្ទមកស៊ីតា។

    ឡាប៊ី : សួស្ដីកាតា? រាត្រីនេះមកមើលគ្នាដើរម៉ូដផ្ទាល់ឆាកអន្តរជាតិទេ? ហើយឯងបានដឹងហើយនៅ?

    ស៊ីតា : អើុ !ឯងល្បីយ៉ាងនេះគ្នាប្រាកដជាដឹងហើយ។ ចំនែកគ្នាឥឡូវធ្លាក់កូដខ្លាំងពេក ខ្ជិលចេញទៅណាហើយ។ តិចទៀតប្រហែលជាត្រូវលាលែងពីសិល្បៈគម្រក់នេះហើយ សិល្បៈដែលមានតែការប្រកួតប្រជែងគ្នា...

    ឡាប៊ី : យ៉ាងម៉េចទៀតហើយកាតា? ក្រែងយើងសន្យាគ្នាហើយតើហ្អីថានឹងដើរលើវិថីនេះជាមួយគ្នា? គ្នាកំពុងមានគម្រោងបញ្ចូលយើងទាំងពីរនាក់ជាដៃគូរចម្រៀងទៀតផង ចាំមើលទៅfanពួកយើងប្រាកដជាភ្ញាក់ផ្អើលហើយ ហាសហេ ព្រោះរាល់ថ្ងៃពួកគេគិតថាយើងកាច់កុងគ្នាទាំងដែលមិនពិតសោះ។

    ស៊ីតា : ថាមិនត្រូវវាអាចជាការពិតផងក៏ថាបាន...

    ឡាប៊ី : ឯងចង់មានន័យម៉េចនឹង? គ្នា...គ្នាមិនយល់សោះ!

    ស៊ីតា : គ្មានអីទេ អាឡូវប៉ុណ្ណឹងបានហើយណា គ្នារវល់មួយភ្លែត។

    ស៊ីតាដាក់ទូរស័ព្ទចុះទាំងអន្ទះសារ។ នាងអង្គុយចាំនៅមុខកញ្ចក់ទូរទស្សន៍នៃបន្ទប់ទទួលភ្ញៀវនៅផ្ទះរបស់នាងយ៉ាងអន្ទះសារ។

    ពេលវេលាក៏មកដល់...

    ក្រុមបង្ហាញម៉ូដដើរកាច់រៀងលើឆាកផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ ដើរជាជួរយ៉ាងច្រើន ភ្នែកស៊ីតាសម្លឹងរកតែឡាប៊ីរូបស្រស់ម្នាក់នោះ។

    ឡាប៊ីកំពុងដើរចេញមកហើយ, នាងស្លៀករ៉ូបរោមសសែនស្រស់ស្អាតដែលស៊ីតាតែងស្រម៉ៃថាបានពាក់វា តែមិនដូចការប្រាថ្នា ពេលនេះវាកំពុងតែនៅលើខ្លួនមិត្តរបស់នាងក្រោមភ្នែកប្រិយមិត្តទស្សនាយ៉ាងច្រើនកុះករកកកុញចាស់ក្មេង។ ស៊ីតាចាប់ឡាមថ្មីមួយមកអារបាតជើងខ្លួនឯងមុតច្រោកបណ្ដាលឱ្យបាញ់ឈាមឆ្វាចហូរឥតឈប់។ នាងឈឺចាប់ជាពន់ពេក តែនាងត្រលប់ទៅជាសប្បាយចិត្តនៅពេលបានឃើញឡាប៊ីដែលកំពុងឈរលើឆាកបន្តផ្ទាល់នោះដួលព្រូសដោយឈឺផ្សាបាតជើង។ ឡាប៊ីខ្ទប់បាតជើងដែលមានឈាមហូរឥតឈប់ក្រោមការហូរ និងវឹកវររបស់អ្នកដែលទៅមើលផ្ទាល់ដោយចម្ងល់។ ម្នាក់ៗប្រាកដជាឆ្ងល់ និងតក់ស្លុតហើយថានៅសុខៗឡាប៊ីស្រាប់តែដួល និងហូរឈាមដូច្នេះ? តែសម្រាប់ស៊ីតាវិញ នាងញញឹមនឹកស្ងើចសរសើរនូវអាគមដាក់ព្រលឹងដ៏សែនស័ក្ដិសិទ្ធនោះ មិននឹកស្មានថាវាប្រើការបាន។ នាងសម្លឹងមើលទៅបាតជើងខ្លួនឯងដែលក្រហមច្រាល បន្ទាប់ពីសម្លឹងទៅកញ្ចក់ទូរទស្សន៍ដែលប្ដូរពីការផ្សាយបន្តផ្ទាល់ទៅជាលោតអក្សរមួយជួរថា “ផ្អាកការផ្សាយ៥នាទីព្រោះមានបញ្ហាបច្ចេកទេស”។ ទោះជាឈឺចាប់បាតជើង តែស៊ីតាត្រេកអរជាខ្លាំង ឡាប៊ីប្រាកដជាអាម៉ាស់មុខ មុខមហាជនស្លាប់ហើយ។

    «ត្រៀមទទួលដំណឹងអាក្រក់ចុះនាង!» ស៊ីតានិយាយតែឯងមុននឹងយកបង់បិទរបួសមករុំបិទបាតជើងខ្ទប់ឈាម។

    ដូចអ្វីដែលស៊ីតារំពឹងទុកមែន ហេតុការណ៍កើតមិនបានប៉ុន្មានម៉ោងផងតាមបណ្ដាសារព័ត៌មាននានាចេញផ្សាយអត្ថបទព្រោងព្រាតដោយភ្ជាប់ជាមួយនូវវីដេអូទៀតផង។ ទន្ទឹមនឹងនេះ, ក៏មានការបញ្ចេញមតិឈ្លោះប្រកែកគ្នារវៀងអ្នកគាំទ្រឡាប៊ី និងមហាជនឱ្យទ្រហឹងពេញបណ្ដាញសង្គម។

    អ្នកខ្លះថាវាជាកំហុសអចេតនា គ្មាននរណាចង់ឱ្យរឿងនឹងវាកើតឡើងទេ អ្នកខ្លះថាវាជា style ដ៏ថោកទាបដើម្បីចង់ល្បី អ្នកខ្លះឆ្ងល់ថាដើរសុខៗម៉េចមុតបាតជើងចេញឈាមមកអញ្ចឹង? អ្នកខ្លះសន្និដ្ឋានថាមានគេលួចដាក់ឡាមនៅបាតស្បែកជើងកែងនោះ។

    ឡាប៊ីត្រូវខាងរៀបចំកម្មវិធីជេរស្ដីប្រទេចថាមិនចេះរៀបចំខ្លួន ហើយខាងប៉ុស្ដិ៍ទូរទស្សន៍បានបញ្ឈប់នាងមិនឱ្យចូលក្នុងប៉ុស្ដិ៍គេទៀតឡើយព្រោះនាងនាំភាពអាម៉ាស់ និងបញ្ហាមកប៉ុស្ដិ៍គេ។ ម៉្លោះហើយឡាប៊ីគ្មានថ្ងៃអាចចូលក្នុងប៉ុស្ដិ៍ទូរទស្សន៍ទៀតទេ តែ, មិនយូរប៉ុន្មានគេក៏ទន់ចិត្ត ហើយហៅនាងមកច្រៀងបន្តផ្ទាល់វិញនៅកម្មវិធីល្បីមួយ។

    ស៊ីតាក៏ត្រូវអ្នកចាត់ចែងកម្មវិធីគេហៅទៅច្រៀងក្នុងកម្មវិធីនោះដែរ តែនាងបដិសេធ និងរៀបគម្រោងធ្វើបាបឡាប៊ីទៀត។

    ពេលឡាប៊ីឡើងឆាកទាំងរបួសបាតជើងនៅឈឺតិចៗ, អ្នកគាំទ្រនាងហូរកញ្ជ្រៀវនឹងបទចម្រៀងថ្មីដែលនាងបាននិពន្ធទាក់ចិត្តពួកគេខ្លាំងណាស់។ ស៊ីតាក្ដៅក្រហាយជាខ្លាំងនឹងការឈ្នានីសមិនបានសម្រេចរបស់នាង។

    «នាងឯងខ្លាំងហ្អែស?» ស៊ីតាស្រែកដាក់មុខកញ្ចក់ទូរទស្សន៍ដោយកំហឹង។ «ចាំមើលច្រៀងបានទៀតឬអត់?» 

    គ្រាន់តែឡាប៊ីចាប់មេក្រូច្រៀងឃ្លាដំបូងនៃចម្រៀងនិពន្ធថ្មីនោះភ្លាម, ស៊ីតាទាញឡាមមកវះបំពង់កខ្លួនឯង ឯឡាប៊ីដែលកំពុងតែច្រៀងលើឆាកនោះក៏មានឈាមហូរវូតាមកញ្ចឹងកគួរឱ្យតក់ស្លុត។ ស៊ីតាគិតខ្លីពេកហើយ នាងវះកខ្លួនឯងយ៉ាងជ្រៅដាច់ដល់បំពង់ខ្យល់។ ឡាប៊ីដែលនៅលើឆាក ត្រូវបានគេដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបានទាន់ពេលវេលា ឯស៊ីតាវិញនៅផ្ទះប្រកាច់ស្លរខ្យល់ម្នាក់ឯងរហូតមិនកម្រើក។ នាងដាច់ខ្យល់ស្លាប់ទាំងបើកភ្នែកក្រឡោត ឈាមហូរដាបពាសពេញឥដ្ឋការ៉ូស ហើយគ្មាននរណាអើពើអស់ជាច្រើនថ្ងៃ។

    សំឡេងទូរស័ព្ទស៊ីតារោទិ៍ជាច្រើនដងតែគ្មានអ្នកទទួលរហូតអ្នកចាត់ចែងកម្មវិធីនោះត្រូវមកផ្ទះស៊ីតាផ្ទាល់ ហើយក៏ជាពេលដែលបានឃើញសាកសពដេកស្លាប់របស់នាងដែរ។

    ចំនែកឯឡាប៊ីវិញនៅដេកជាមនុស្សរុក្ខជាតិមិនអាចធ្វើអីបានរៀងរហូតតែយ៉ាងណាក៏គ្រាន់បើបានមានជីវិតនៅរស់។ ពេលនាងទទួលដំនឹងថាមិត្តរបស់នាង, ស៊ីតាបានស្លាប់ហើយនោះ ហើយស្លាប់ដោយអារកខ្លួនឯងទៀត, ឡាប៊ីសម្រក់ទឹកភ្នែកដោយស្រណោះអាឡោះអាឡ័យ តែមិនអាចនិយាយចេញបាន។ នាងយល់ហើយថាស៊ីតាបានប្រើល្បិចដាក់ព្រលឹងក្នុងអាគមនោះ តែអ្វីៗវាហួសពេលអស់ទៅហើយ ទីបំផុតបានត្រឹមតែការសោកស្ដាយ និងភាពសោកសៅចំពោះអ្នកនៅមានជីវិត៕

    ធ្វើអំពើអាក្រក់គ្មានថ្ងៃបានសុខ
    អាគមដាក់ព្រលឹង អាគមដាក់ព្រលឹង Reviewed by Unknown on 4:11 PM Rating: 5
    Loading...
    Powered by Blogger.