>
  • ទំព័រដើម
  • ប្រពន្ធលាក់មុខ

     

    (ដកស្រង់ពីរឿងនិទានឯកសហស្ររាត្រី)

    មានបុរសកម្លោះម្នាក់ឈ្មោះ ស៊ីឌី ណូម៉ានដែលជាកូនប្រុសរបស់មហាសេដ្ឋីឥស្លាម។ គាត់នឹងរៀបការឆាប់ៗនេះហើយ, តែគាត់មិនដែលបានជួបមុខកូនក្រមុំរបស់គាត់ឡើយ។ ដោយប្រពៃណីកាលនោះ, ពិធីរៀបការត្រូវរៀបចំដោយឪពុកម្ដាយ។ ពិតណាស់ គាត់មិនដែលបានជួបមុខអនាគតភរិយារបស់គាត់ម្ដងណាសោះ។ ប្រពៃណីគឺកូនក្រមុំត្រូវបាំងមុខនឹងស្បៃមិនឱ្យបុរសណាឃើញមុខមុនពេលរៀបការឡើយ។ អ្វីទាំងអស់ដែលគាត់ដឹងគឺនាងមានឈ្មោះថា អាមីណា។

    ពេលពិធីរៀបការបានបញ្ចប់រួចរាល់ ហើយស៊ីឌីត្រឡប់មកផ្ទះវិញជាមួយភរិយាថ្មីថ្មោងរបស់គាត់, គាត់ពិតជាមានអារម្មណ៍រំភើបខ្លាំងណាស់។ នៅក្នុងបន្ទប់ដេកតែពីរនាក់, អាមីណាក៏ដោះស្បៃមុខចេញ។ ស៊ីឌីពិតជាភ្ញាក់ផ្អើលត្រេកត្រអាលយ៉ាងខ្លាំងនូវសម្រស់ដ៏ត្រកាលរបស់ភរិយាខ្លួន។ គាត់ឱបថើបនាងដោយអារម្មណ៍រីករាយហើយចាប់ផ្ដើមផ្សំដំណេក។

    ថ្ងៃបន្ទាប់, ស៊ីឌី ណូម៉ាន និងប្រពន្ធថ្មីថ្មោងរបស់គាត់អង្គុយនៅតុបាយនៃបន្ទប់ទទួលទាន។ អ្នកបម្រើបានរៀបចំម្ហូបចំណីមានឱជារសជាច្រើននៅលើតុបាយដ៏ប្រណីត។ យ៉ាងណា, ពេលស៊ីឌីកំពុងតែបរិភោគ, គាត់ឃើញថាភរិយាគាត់មិនបរិភោគម្ហូបទាំងនោះឡើយ។

    ដោយគាត់មើល, នាងក៏យកប្រអប់ដែកតូចមួយចេញពីកាបូបរបស់នាងហើយបើកប្រអប់នោះ។ នាងយកដង្កៀបដែកតូចមួយដើម្បីឆ្កឹះគ្រាប់បាយមួយគ្រាប់ៗមកញ៉ាំ។ បន្ទាប់ពីញ៉ាំបាយតែប៉ុន្មានគ្រាប់នោះហើយ, អាមីណាដាក់ដង្កៀបដែកចូលក្នុងប្រអប់វិញហើយងើបចេញពីតុបាយ។

    ពីរបីថ្ងៃបន្ទាប់, រាល់ពេលដែលពួកគេទាំងពីរញ៉ាំជាមួយគ្នា, ស៊ីឌីកត់សម្គាល់ឃើញថាប្រពន្ធគាត់កម្របរិភោគជាទីបំផុត។ ពេលខ្លះ, នាងលេបដុំនំប៉ាំងដ៏តូចមួយកូនដុំហើយអង្គុយស្ងៀម, ប្រាប់ថានាងឆ្អែតហើយ។ អកប្បកិរិយាចម្លែករបស់នាងធ្វើឱ្យគាត់កើតនូវសេចក្ដីព្រួយគ្មានថ្ងៃបញ្ចប់។

    យប់មួយ, ពេលអាមីណាគិតថាគាត់ដេកលក់ហើយ, នាងលបចុះពីគ្រែយ៉ាងប្រយ័ត្ន។ ស៊ីឌីគ្រាន់តែធ្វើជាដេកលក់ប៉ុណ្ណោះហើយពេលគាត់ឮប្រពន្ធគាាត់ចុះចេញពីគ្រែ, គាត់ចាប់ផ្ដើមសង្ស័យ។ គាត់នៅតែបិទភ្នែក, តែគាត់ស្ដាប់ឮនាងពាក់អាវធំក្រាស់ហើយលបចេញពីបន្ទប់ដេកបាត់ទៅ។

    ពេលនាងចេញទៅភ្លាម, គាត់ងើបចេញពីគ្រែហើយទៅតាមនាង។ មើលទៅតាមបង្អួច, គាត់ឃើញនាងចេញពីផ្ទះហើយដើរតាមផ្លូវ។ គាត់រត់ចុះទៅតាមលបមើលនាង មើលឃើញដោយរស្មីពន្លឺព្រះចន្ទ្រា, ឃើញនាងដើរទៅរកវាលកប់ខ្មោចក្បែរនោះ។

    វ៉ាជាយប់ពាក់កណ្ដាលអធ្រាតហើយវាលកប់ខ្មោចស្ងាត់ឈឹង។ ស៊ីឌីពួនមិនឱ្យនាងអាចឃើញបានឡើយ។ អ្វីដែលធ្វើឱ្យគាត់ភ្ញាក់ផ្អើលបំផុតនោះគឺ, អាមីណាដើរទៅកណ្ដាលវាលផ្នូរខ្មោោចហើយទៅជួបនិយាយនឹងបុរសចម្លែកម្នាក់ដែលអង្គុយលើផ្នូរមួយ។ ស៊ីឌីនៅឆ្ងាយពេក, គាត់មិនអាចស្ដាប់ឮថាពួកគេនិយាយពីអ្វីទេ។

    អាមីណា និងបុរសចម្លែកនោះជីកផ្នូរថ្មីៗមួយហើយបើកគម្របមឈូស។ ស៊ីឌីគយគន់ដោយក្ដីតក់ស្លុតខណៈដែលគេទាំងពីរទាញសាកសពចេញមក, កាត់សាកសពជាច្រើនបំណែកហើយស៊ីវា, កកេរស៊ីដូចជាស្រេកឃ្លានខ្លាំងណាស់អញ្ចឹង។ មើលពីកន្លែងលាក់ខ្លួនរបស់គាត់, ស៊ីឌីរំជួលប្រាណពេលបានដឹងថាប្រពន្ធគាត់ស៊ីសាកសពជាអាហារ។

    ពេលពួកគេស៊ីសពរួចអស់ហើយ, អាមីណា និងបុរសចម្លែកប្រមូលឆ្អឹងដែលនៅសល់ដាក់ចូលក្នុងមឈូសវិញហើយបិទគម្របរួចលុបវាជាមួយដី។ ស៊ីឌីស្ទើតែមិនជឿភ្នែក, គាត់ចាកចេញពីវាលកប់ខ្មមោចទៅ។ គាត់រត់យ៉ាងលឿនត្រលប់មកផ្ទះវិញ, ហើយលោតឡើងលើគ្រែ សម្ដែងធ្វើជានៅដេកលក់នៅឡើយខណៈដែលប្រពន្ធគាត់មកដល់ល្មម។ អាមីណាដោះអាវធំ និងស្បែកជើងរបស់នាងរួចឡើងមកគ្រែវិញយ៉ាងស្ងៀមស្ងាត់, មិនបានដឹងឡើយថាអាថ៌កំបាំងរបស់នាងត្រូវបានប្ដីនាងដឹងអស់។

    ស៊ីឌី ណូម៉ាន ដេកមិនលក់ពេញមួយយប់ ហើយព្រឹកឡើង, គាត់ចេញពីផ្ទះមុនពេលដែលអាមីណាភ្ញាក់។ គាត់ទៅរកគ្រូវេទមន្តអាគមអូមអាមម្នាក់ ហើយប្រាប់ពីអ្វីដែលគាត់បានជួប និងសុំឱ្យគ្រូនោះជួយរកដំណោះស្រាយ។ គាត់ប្រាប់គ្រូអាគមនោះអំពីការរៀបការជាមួយអាមីណា និងការដែលបានឃើញអាមីណាបរិភោគរបស់គួរឱ្យខ្ពើមកាលពីយប់។

    «ប្រពន្ធរបស់លោកគឺជាព្រាយ,» គ្រូអាគមនោះប្រាប់។ «ពួកព្រាយបិសាចពួននៅតាមកន្លែងស្វាត់ៗហើយស្ទាក់អ្នកដំណើរដើម្បីស៊ីសាច់។ បើពួកវាមិនអាចរកអ្នកដំណើរ ឬមនុស្សរស់ណាពេលយប់ទេ, ពួកគេនឹងទៅវាលកប់ខ្មោចដើម្បីគាស់សាកសពមកស៊ី។»

    «តើខ្ញុំត្រូវធ្វើអ្វីទៅលោកគ្រូ?» ស៊ីឌីសុំអង្វរទាំងទឹកភ្នែក។ «សូមជួយប្រាប់ខ្ញុំផង។»

    គ្រូអាគមហុចដបតូចមួយ, ផ្ទុកពេញទៅដោយទឹកពណ៌ស្វាយ។

    «យកវាហើយត្រឡប់ទៅផ្ទះវិញទៅ,» គាត់និយាយ។ «ពេលដែលមានឱកាសល្អ, ជះទឹកនេះទៅក្នុងកែវភ្នែកវបស់នាង ហើយលោកនឹងឃើញនូវអ្វីដែលលោកនឹងឃើញ...»

    ស៊ីឌីត្រូវធ្វើដំណើរត្រឡប់មកវិញ ហើយដោយហត់ពេកគាត់ក៏ឈប់សម្រាកតាមផ្លូវ និងចូលហាងបាយមួយដើម្បីស្រស់ស្រូបអាហារថ្ងៃត្រង់។

    ពេលស៊ីឌីត្រឡប់មកផ្ទះវិញ, វាជាម៉ោងអាហារពេលល្ងាចទៅហើយ ហើយភរិយាគាត់នៅទីនោះដើម្បីបរិភោគកំដរគាត់។ ព្រះអាទិត្យចាប់រៀបលិច។ គេទាំងពីរអង្គុយនៅតុបាយហើយរង់ចាំការរៀបចំរបស់អ្នកបម្រើដែលកំពុងដាក់ចានម្ហូបរៀបលើតុជាច្រើនចាន។

    ដូចរាល់ដង, អាមីណាយកដង្កៀបដែកតូចរបស់នាង, ឆ្កឹះគ្រាប់បាយមួយគ្រាប់ៗដាក់ចូលមាត់។

    «មានបញ្ហាអ្វីទៅអាមីណា?» ស៊ីឌីនិយាយតិចៗ។ «តើមានបញ្ហាអ្វីជាមួយម្ហូបទាំងអស់នេះឬ?»

    «ទេ, ខ្ញុំគ្រាន់តែមិនឃ្លាន,» នាងតប។

    «ប្រហែលមកពីនាងចូលចិត្តហូបអ្វីផ្សេងជាង,» ស៊ីឌីញញឹមយ៉ាងគំនួច។ «គឺព្រោះតែនាងឯងចូលចិត្តស៊ីសាកសពគម្រង់គគ្រិចទាំងនោះ...»

    គ្រាន់តែគាត់និយាយពាក្យទាំងនោះភ្លាម, អាមីណាឆេះឈួលទៅដោយកំហឹង។ មុខនាងឡើងស្វាយ, ភ្នែកនាងលៀនស្ទើតែផ្ទុះចេញមកក្រៅ ហើយនាងលៀនធ្មេញស្រួចៗដោយសេចក្ដីឆាបឆួល។ នាងហក់រំលងតុបាយលោតទៅសង្គ្រប់ស៊ីឌីបំណងខាំកសម្លាប់ចោល។

    ស៊ីឌីរើបម្រាស់ពីក្រញ៉ាំភរិយាបិសាចទាំងប្រឹងប្រែង ហើយបើកគម្របដបនោះរួចជះទឹកវេទមន្តចូលទៅក្នុងភ្នែកនាង។ ភ្លាមៗនោះ, អាមីណាដ៏គួរឱ្យស្រឡាញ់ម្នាក់ប្រែក្លាយទៅជាមុខខ្មៅ ស្បែកចាប់ផ្ដើនជ្រីវជ្រួញ ហុយផ្សែងបង្ហាញឆ្អឹង។ ស៊ីឌីមើលយ៉ាងរន្ធត់ខណៈដែលមុខមាត់អាមីណាកំពុងហុយរលាយ។ នាងដួលព្រូសហើយរលាយហុយផ្សែងខ្មៅទៅក្នុងខ្យល់៕

    ចប់

    (សូមរង់ចាំអានរឿង ផ្ទះថោក នៅរាត្រីម៉ោង៨ស្អែក)

    ប្រពន្ធលាក់មុខ 
    ប្រពន្ធលាក់មុខ ប្រពន្ធលាក់មុខ Reviewed by Unknown on 8:00 PM Rating: 5
    Loading...
    Powered by Blogger.