ឃាតករក្លែងកាយ (ភាគទី៤ចប់)
បន្ទាប់ពីធានីត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីហើយ នីនត្រលប់មកភូមិវិញហើយក្លាយជាមនុស្សស្ងប់ស្ងាត់ និងចងគំនុំ។ សាណាបានសំណូមពររតនៈមិនឱ្យផ្ដល់ដំនឹងទៅគ្រួសារនៅឯស្រុកទេ ព្រោះគិតថាមិនយូរទេរបួសនាងនឹងជាសះស្បើយវិញពុំខាន។ នាងត្រូវឃាតកកាប់ជើងទាំងពីរសរុបបីកាំបិត ទើបតម្រូវឱ្យនាងត្រូវដេកសម្រាក ហើយសុំច្បាប់សាលាបីខែ។ មួយថ្ងៃៗនាងគិតតែពីយំ យំនឹងមុខរបួសផង យំនឹងការបាត់ទៅរបស់ធានីដែលគ្មានថ្ងៃនឹងវិលមកវិញ។ នាងនៅតែឮសំលេងនិយាយចច្រាច់ សកម្មភាពធ្វើការក្នុងផ្ទះ និងការលេងសើចក្រម៉ិចក្រមើមរបស់មិត្តរួមផ្ទះជាទីស្រលាញ់ រាល់ពេលនាងបិទភ្នែកដេកម្ដងៗ។
រតនៈជាអ្នកស្ម័គ្រចិត្តមកមើលថែរក្សាសាណាដោយស្មោះត្រង់។ នាយបម្រើមួយចប់ តាំងពីបាយទឹក របស់ប្រើប្រាស់ និងអ្វីៗគ្រប់បែបយ៉ាង។ វេលារាត្រីមួយ, សាណាសួរទៅរតនៈទាំងដេកស្ដូកស្ដឹងនៅលើគ្រែ។
«គេចាប់ឃាតកសម្លាប់ធានី និងបង្ករបួសស្នាមដល់ខ្ញុំនោះហើយមែនទេ?»
«មែនហើយ, គាត់គឺពូជឿនប្ដីខ្មោចមីងវីនលក់នំបញ្ចុក។»
«ម៉េចក៏ដឹងថាជាគាត់?» សាណាសួរដោយបារម្ភខ្លាចចាប់ច្រឡំទៀត។ រតនៈអង្អែលសក់ខ្មៅរលោងហើយតប៖
«មិនច្រលំទេអូនកុំព្រួយ,» រតនៈលើកទឹកតែហុចឱកយសាណាក្រេបបន្តិចរួចប្រាប់នាងបន្ត៖
«គឺកាលដែលយប់នោះ, ហ្វូងប៉ូលីសបានតាមចាប់ជនល្មើសតាមទឹសដៅមុខសញ្ញា ហើយឃើញជនល្មើសដេកស្លាប់លើស្មៅដោយគេចាក់បំពង់កគាត់នឹងប៊ិច។»
សាណាចំហរមាត់ដោយរន្ធត់។ «គឺ...គឺខ្ញុំជាអ្នកចាក់...ពេលនឹងខ្ញុំភ័យពេកក៏ស្រវារបានប៊ិចទាញមកចាក់ចំកគាត់ទៅ...ខ្ញុំជា...ខ្ញុំជាឃាតករមែនទេបងណាក់?»
រតនៈព្យាយាមសម្រួលសង្សារដោយសម្ដីស្រទន់។
«មិនមែនទេ, អូនគ្រាន់តែការពារខ្លួនប៉ុណ្ណោះ...អត់មានទោសពៃអ្វីទេ កុំភ័យ...»
«តែខ្ញុំមានអារម្មណ៍ថាខុសៗម៉ិចមិនដឹងទេ! ខ្ញុំភ័យណាស់។» សាណាបែកញើសស្រាក់ៗហើយបេះដូងលោតយ៉ាងរន្ធត់ ហើយផ្អែកក្បាលទៅលើដើមទ្រូងដ៏កក់ក្ដៅរបស់អ្នកកម្លោះ។
«ខ្ញុំធ្លាប់ដឹងដែរថាពូជឿនគាត់នៅគំគួននឹងធានីពីរឿងដែលចោតគាត់ថាសម្លាប់ភរិយា តែមិននឹកស្មានថាគាត់មកកាប់សម្លាប់ដល់ផ្ទះបែបនេះសោះ។ ហេតុអីភូមិនេះអសន្តិសុខដល់ម្លឹង?»
«មិនអីទេ ពេលនេះភូមិយើងអស់អីហើយ ឃាតកគ្រប់ករណីនឹងត្រូវចាប់ខ្លួនបាន ថ្វីបើពេលនេះនៅខ្លះមិនទាន់ចាប់បាន។» រតនៈនិយាយលួងលោមកុំឱ្យសាណាភ័យ។
វេលាសាណាដេកលក់បាត់, រតនៈចេញមកក្រៅជាមួយនឹងទូរស័ព្ទ។ គាត់ស្រាប់តែនឹកឃើញខ្សែអាត់សំលេងដែលបានថតពេលសាណាច្រៀង ទើបចាក់វាស្ដាប់ម្ដងទៀតយ៉ាងប្រុងប្រយ័ត្ន។
“ចាបផ្ដើមច្រៀងទៅអ្នកគ្រូស្អាត!…ចាស ចាំស្ដាប់ណា... ឮសំលេងបង ឱណាបងអើយ ឆ្លើយឆ្លងទូរស័ព្ទ អូនសែន ស្រណោះពាក្យបងពោលប្រាប់ ឱថ្លៃអូនអើយ ថានឹកអូនណាស់... អូនសែន...ស្រ អាវវវវ ជួយផង ទេ អូយ...ជួយផង អូយ ឈឺណាស់ ទេ លោកអើយ ទេ អូយ...ជួយ ផង អាៗ....................អាឡូ? សាណា? សាណាម៉េចហើយ??? ធានី? អ្នកទាំងពីរយ៉ាងម៉េចនឹង?…ជួយយើងផង អូយ....ឈប់ទៅ...អូយ...ឈឺណាស់...សាណា?? អាឡូ?? ឆ្លើយតបមក យ៉ាងម៉េចហើយ??? សាណាអូនសម្លាញ់?? ធានី?” គាត់ភ្ញាក់ព្រើតនៅពេលស្ដាប់ឮសម្ដីធានីខណៈដែលកំពុងស្រែក។ ភ្លាមនោះគាត់បើកកុំព្យូទ័រហើយចម្លងសំលេងថតនោះចូលរួចទាញវាឱ្យសំលេងយឺតដើម្បីស្ដាប់សម្ដីដែលលាយក្នុងសម្រែកនោះបាន។
“...អូយជួយផង...សាណា ហេតុ...អី.....ក៏ឯង...ធ្វើ...ចឹង?” កាន់តែប្រុងប្រយ័ត្នស្ដាប់កាន់តែឮច្បាស់។ ម៉េចក៏ធានីស្រែកឈ្មោះសាណាវិញ? អូ...គឺធានីឱ្យសាណាប្រយ័ត្នខ្លួនហើយស្រែកសួរទៅឃាតកវិញ។
---
មួយខែក្រោយមក, សាណាអាចដើរបានបន្តិចបន្តួច តែពឹងខ្លួនតែលើរទេះរុញ។ នាងបើកទូរទស្សន៍មើលក៏ប្រទះនឹងការផ្សាយព័ត៌មានក្នុងស្រុកមួយគួរឱ្យរន្ធត់។
«ករណីកាត់ក្បាលមេឃុំ នៅមិនទាន់រកក្បាល និងឃាតកឃើញនៅឡើយ។» បន្ទាប់ពីអ្នកអានព័ត៌មាន អានឈ្មោះភូមិឃុំកើតហេតុធ្វើឱ្យសាណារន្ធត់ចិត្តយ៉ាងខ្លាំង ព្រោះវាជាភូមិឃុំដែលនាងកំពុងនៅនេះឯង។
ខណៈនោះ, មានសម្រឹបជើងធ្ងន់ៗឡើងមកលើផ្ទះនាង។ វាគឺអឿន...អឿនដូចជាបាត់មុខពីភូមិទៅយូរដែរហើយ ហើយដូចជាមានហេតុការណ៍អីមួយកើតឡើងទើបបណ្ដាលឱ្យវាបាត់ទៅ។ សាណានឹកឃើញភ្ញាក់ព្រើតនឹងរឿងកាលពី៨ខែមុន ពេលមានបុណ្យចម្រើនព្រះជន្មមួយក្នុងភូមិ, អឿន និងក្រុមអ្នកលេងបានរាំប៉ះគ្នាហើយវាយតប់គ្នា ទើបត្រូវមេឃុំចាប់ប្រគល់ឱ្យសមត្ថកិច្ចហើយត្រូវតុលាការឃុំខ្លួន៨ខែពីបទបង្ករបួសស្នាម។ ពេលនឹង, អឿន និងអ្នកលេងឯទៀតដែលជាប់ឃុំ, ខឹងគុំកួននឹងមេឃុំណាស់ ហើយពេលដល់ថ្ងៃវាចេញស្រាប់តែមានគេសម្លាប់លោកមេឃុំតែម្ដង នេះចៃដន្យពេកទេដឹង?
«សួស្ដីអ្នកគ្រូ!» អឿននិយាយព្រមទាំងដាក់ថង់ខ្មៅច្រកអ្វីម្យ៉ាងទៅលើតុ។
«ចាស សួស្ដី! អង្គុយសិនមក»
«បាទ ខ្ញុំប្រុងថាមកអរគុណមេធាវីធានីដែលជួយការពារក្ដីឱ្យខ្ញុំកាលខ្ញុំមានរឿង តែ…គួរឱ្យស្ដាយ គេថាគាត់ស្លាប់ហើយ។» អឿនក្រលេកទៅថង់ខ្មៅរបស់ខ្លួនហើយបន្ត «ហើយគេថាមេឃុំត្រូវគេសម្លាប់កាត់ក្បាលទៀតមែនទេអ្នកគ្រូ?»
«ចាស...ចា មែ...មែនហើយ...» សាណាទាញទូរស័ព្ទផ្ញើសារឱ្យរតនៈ និងនីនមកផ្ទះនាងជាបន្ទាន់ព្រោះមានអារម្មណ៍ថាខ្លាច។ នាងថែមទាំងឱ្យនីនយកកាំភ្លើងមកជាមួយផង បើមានអីមិនស្រួល ក៏គ្រាន់ភ្ជង់កម្លារ។ ក្លិនស្អុយប្រហើមកតាមខ្យល់ចេញពីថង់ខ្មៅចងជិតនោះ។ សាណាព្រឺព្រួចពេញរាងកាយ។
«អ្នកគ្រូត្រូវរបួសធ្ងន់ធ្ងរទេ?»
«ចាសមិនអីទេ ពេលនេះសះហើយ។»
អឿនភ្នែកក្រឡេមក្រឡឺមគួរឱ្យខ្លាច ហើយអ្វីដែលគួរឱ្យខ្លាចជាងនេះទៅទៀតគឺក្លិនស្អុយឆ្អាបចេញពីថង់នោះ។
សាណាដែលបេះដូងលោតឌុកដាក់ៗទាញទូរស័ព្ទផ្ញើទៅនីនម្ដងទៀត។
សាណា : “ឱ្យលឿនតិចមក ខ្ញុំមានអារម្មណ៍ថា អត់សុវត្ថិភាពទេ។”
នីន : “ទៅដល់ឥឡូវហើយ”។
ភ្លាមនោះមានសម្រឹបរត់ឡើងមកលើ។ វាគឺជានីន ក្នុងដៃមានកាន់កាំភ្លើងខ្លីហើយភ្ជង់ទៅអឿន។
«លោកប៉ូលីស…មាន…មានរឿងអីនឹង?»
«កុំស្ដាប់គាត់ ក្នុងថង់ខ្មៅនោះគឺជាក្បាលមនុស្ស បាញ់គាត់ទៅ!!!» សាណាស្រែក។
«ក្នុងថង់នោះគឺជាក្បាលត្រី ពោះ គ្រឿងក្នុងត្រីទេ តើ ចាំមើលខ្ញុំស្រាយថង់ឱ្យមើល។» អឿនដើរតម្រង់ទៅថង់ខ្មៅលើតុតែត្រូវសាណាស្រែកឡើង ៖
«នីន គាត់កំពុងចង់គេចខ្លួនហើយ បាញ់គាត់ទៅ!!!»
នីនបាញ់ផូងទៅលើទ្រូងខាងឆ្វេងរបស់អឿនបណ្ដាលឱ្យដួលស្រឹបលើរនាបដោយការឈឺចាប់ ស្របពេលដែលរតនៈរត់ចូលមកដែរ។ សាណាក្រលេកឃើញសង្សារខ្លួនភ្លាមក៏ស្រែក ៖
«បងរតនៈដណ្ដើមយកកាំភ្លើងពីនីនទៅ នីនកំពុងតែចង់សម្លាប់ខ្ញុំហើយ!!!»
រតនៈក្រលេកទៅអឿនដែលដេកដួលក្នុងថ្លុកឈាម ដោយមិនដឹងដំនើរដើមចង ក៏ស្ទុះទៅកញ្ឆក់កាំភ្លើងពីមិត្តសម្លាញ់ហើយភ្ជង់ :
«រតនៈ ដាក់កាំភ្លើងចុះសិន គឺនែក...»
«បាញ់ទៅបងណាក់ កុំស្ដាប់គាត់អី គាត់ចង់សម្លាប់ខ្ញុំ... កុំឱ្យគាត់ចូលទៅជិតអី...» សាណាស្រែកពីរទេះរុញ។
ផូង!!!
សំលេងគ្រាប់កាំភ្លើងស្ទុះទៅមុខលឿនរុកចូលបំបែកលលាដ៏ក្បាលប៉ូលីសកម្លោះឱ្យដួលស្លាប់ភ្លាមមួយរំពេជ។ រតនៈមានអារម្មណ៍រញ៉េរញ៉ៃ តក់ស្លុត និងរន្ធត់។ គាត់បែរមករកសាណាវិញ តែមុនពេលដែលគាត់អាចឃើញនាង, កាំបិតដ៏មុតស្រួចមួយវាត់ឆ្វាច់មកកញ្ចឹងក បណ្ដាលឱ្យដាច់ខ្យល់ដួលស្លាប់ក្បែរសាកសពនីន។ សាណាសើចដោយមទន, នាងទះដៃស្ងើចខ្លួនឯងដែលអាចសម្លាប់មនុស្សជាច្រើននាក់បានដោយមិនមានជាប់ពិរុទ្ធ នាងស្ងើចដែលរឹតកកូនសិស្សហើយចាក់សាំងដុតខណៈដែលមានរលឹមរន្ទះបាញ់ នាងរំភើពដែលយកឬស្សីស្រួចទៅដោតក្នុងទឹកស្ទឹងចេតនាឱ្យក្មេងៗដែលមកលេងទីនេះជាប្រចាំជុងពោះស្លាប់ នាងទះដៃសរសើរខ្លួនឯងលើករណីជាច្រើនដូចជាឌុបសិស្សទៅផ្ទះរួចសម្លាប់ចោលរួចធ្វើជាខ្លួនឯងដួលម៉ូតូសន្លប់ ហើយឃាតកម្មដែលនាងធ្វើទៅល្អឥតខ្ចោះបំផុតនោះគឺរឿងរ៉ាវបុរសសម្លាប់ភរិយាហើយចង ក តាមពិតព្រឹកនោះនាងបានទៅផ្ទះនោះក្រោយពេលដែលបុរសជាប្ដីចេញទៅធ្វើការ នាងបានប្រើកម្លាំងរឹតកស្ត្រីនោះសម្លាប់រួចយកឡាមវះដៃជនរងគ្រោះ រួចយកឡាមទៅកប់ចោលដោយដាក់ជំនួសដោយឡាមកោរពុកមាត់ដែលមានជាប់ស្នាមក្រយ៉ៅដៃបុរសជាប្ដី និងសសៃសក់ដែលជាប់លើក្រាស់ អ្វីៗទាំងអស់នាងពិតជាលាបពណ៌បានដោយគ្មានការសង្ស័យ។ នាងសើចឃឹឡើងនៅពេលនឹកឃើញការដែលយកកាំបិតទៅកាប់ធានីកំពុងដេក និងហ៊ានកាប់ជើងខ្លួនឯងដើម្បីឱ្យមើលទៅដូចមានឃាតកសម្លាប់ ធ្វើជាយំសោកបោកប្រាណនឹងមរណភាពរបស់ធានី សុខចិត្តឱ្យជើងខ្លួនឯងមានរបួស តែតាមពិតគឺជាការសម្ដែងល្ខោនបានយ៉ាងល្អ។ ហើយឃាតកម្មចុងក្រោយបង្អស់ កាត់ក្បាលមេឃុំនេះក៏គ្មានឃាតកឯណាក្រៅពីសាណារូបស្រស់ម្នាក់នេះដែរ។ មូលហេតុដែលនាងសម្លាប់មនុស្សច្រើនបែបនេះគឺដោយសារតែ....រឿងអតីតកាលកាលពី១៥ឆ្នាំមុនវានៅតែដក់ក្នុងខួរក្បាលនាងជានិច្ច។ កាលហ្នឹង នាងនៅជាមួយលោកយាយដែលគាត់រកស៊ីប្រកបដោយវិជ្ជាទស្សន៍ទាយ ចូលរូប និងដាក់ស្នេហ៍។ ក្រោយមក, ដោយសារតែមានគ្រោះធម្មជាតិផ្សេងៗកើតឡើងក្នុងភូមិ អ្នកភូមិចាប់ផ្ដើមចោតប្រកាន់ថាវាជាអំពើរបស់លោកយាយដែលហ៊ានប្រជែងនឹងអ្នកតាលើភ្នំ ហើយចោតលោកយាយថាជាធ្មប់។ រហូតដល់ថ្ងៃមួយ, អ្នកភូមិលើកគ្នាមកចាប់ចងលោកយាយវ៉ៃដំច្រំធាក់ និងគប់ដុំថ្មយ៉ាងដំនំ ដោយមិនខ្វល់ពីសម្រែក និងការសំពះអង្វរករបស់ចៅស្រីគាត់ឡើយ។ សម្រែកដោយក្ដីឈឺផ្សារដែលបាត់បង់មនុស្សជាទីស្រលាញ់ទៅ នៅតែឮក្នុងខួរក្បាលនៃការចងចាំរបស់សាណាជានិច្ច តែពេលនេះ ការឈឺចាប់ គំនុំ និងការសងសឹកបានរលាយបាត់អស់ហើយដោយការធ្វើឱ្យអ្នកភូមិយល់ពីអារម្មណ៍ដែលបាត់បង់មនុស្សជាទីស្រលាញ់, យល់ពីអារម្មណ៍នៃការភិតភ័យដែលត្រូវគេសម្លាប់ ហើយនាងពេញចិត្តស្ដាប់ការអង្វរកពេលជិតដាច់ខ្យល់ស្លាប់របស់ជនរងគ្រោះជាទីបំផុត។ នាងនឹកស្ដាយក្រោយដែលសម្លាប់ធានី រតនៈ និងនីន តែជនទាំងបីនេះបើទុកនៅប្រាកដជាចាប់នាងជាប់នៅថ្ងៃណាមួយជាមិនខាន។
នាងក្រលេកទៅរូបថតលោកយាយហើយពោលម្នាក់ឯង ៖
«លោកយាយជាទីស្រលាញ់!!! ពេលនេះចៅបានសងសឹកចំពោះលោកយាយហើយ សូមលោកយាយទៅសោយសុខនៅទីស្ងប់ចុះ ចៅបានធ្វើកិច្ចការនេះចប់ហើយ សងសឹកដោយឱ្យអ្នកភូមិព្រាត់ប្រាស់គ្នាប៉ុណ្ណេះទុកថាគ្រប់គ្រាន់ហើយទៅចុះ និងសុំឱ្យវិញ្ញាណក្ខ័នអ្នកទាំងអស់គ្នាក្នុងភូមិនេះ បានទៅកាន់សុគតិភព ឈប់ចងពៀរវេរានឹងខ្ញុំ ដូចដែលខ្ញុំធ្វើដាក់អ្នកអី,» នាងងាកទៅមើលរតនៈបណ្ដូលចិត្តរួចឱនយកកាំភ្លើងពីដៃគាត់ព្រមទាំងពោល «បងរតនៈ! នេះជាលើកទីមួយហើយដែលអូនមានអ្នកស្រលាញ់ ហើយការស្រលាញ់នោះចេញពីបេះដូងពិតៗ បងព្រួយបារម្ភ បងយល់ចិត្តអូន អូនអរគុណចំពោះក្ដីស្នេហារបស់បង បើមានជាតិមុខ អូនសុំធ្វើជាប្រពន្ធបង!!!» និយាយចប់សំលេង ផូង!!! ក៏បន្លឺឡើងបំបែកក្បាលអ្នកគ្រូក្រមុំ ហើយរាងកាយក៏ដួលស្រឹបទៅលើសពកម្លោះរតនៈ...៕
ចប់
(សូមរង់ចាំអានរឿង ប្រពន្ធលាក់មុខ នៅរាត្រីម៉ោង៨ស្អែក)
ឃាតករក្លែងកាយ (ភាគទី៤ចប់)
Reviewed by Unknown
on
8:00 PM
Rating: