ព្រាយខ្ពស់ (វគ្គ២ចប់)
ខ្ញុំរស់នៅយ៉ាងសុខសប្បាយនៅឯទីក្រុងនេះតែមានពេលខ្លះក៏នឹកគិតទៅដល់រឿងអតីតកាលខ្លះៗដែរ, ហើយពេលទាំងនោះហើយដែលចេះតែធ្វើឱ្យខ្ញុំមានអារម្មណ៍ព្រឺ...ទោះជាកន្លងទៅជាង១០ឆ្នាំក៏ដោយ...ណ្ហើយទុកថាជាសុបិនអាក្រក់មួយទៅចុះ។
លោកយាយទាក់ទងមកពួកយើងតាមទូរស័ព្ទថាគាត់ឈឺធ្ងន់ នៅម្នាក់ឯងគ្មាននរណាមើលថែរឡើយ។ ជួនជាចៃដន្យ, ប៉ាម៉ាក់ត្រូវទៅចុះបេសកកម្មជំនួញធំនៅសិង្ហបុរី មិនអាចខានបាន ដូច្នេះភារិកច្ចទៅមើលលោកយាយបានធ្លាក់មកលើខ្ញុំ។
លោកយាយចាស់ហើយ ជរាព្យាធិតែងវាយលុយជន្មាជាញឹក។ គាត់គ្មានកូនចៅឯណាទៀតឡើយ មានតែប៉ាខ្ញុំម្នាក់ ម៉ាក់ជាកូនប្រសារ និងខ្ញុំជាចៅតែមួយគត់ ចឹងហើយងារជាចៅម្នាក់នេះត្រូវតែជាចៅកតញ្ញូ។
ខ្ញុំកក់សំបុត្រយន្តហោះទៅកោះហាត់ជីម៉ា ហើយកំណត់ថ្ងៃចេញដំណើរឱ្យបានលឿនបំផុត។ ស្អែកឡើង, ជាថ្ងៃកំណត់នៃការចេញដំណើរ ខ្ញុំជិះតាក់ស៊ីមកព្រលានយន្តហោះហើយឡើងលើយន្តហោះមួយរួចរកមើលលេខកៅអី បន្ទាប់ពីខាងភ្នាក់ងារត្រួតពិនិត្យលិខិតឆ្លងដែនសព្វគ្រប់ហើយ។ មួយសន្ទុះនៃការអង្គុយចាំ អ្នកដំណើរដ៏ទៃទៀតក៏មកអង្គុយតាមកៅអីត្រៀបត្រា ហើយទ្វាយន្តហោះក៏បិទបន្ទាប់ពីភ្នាក់ងារ និងតៃកុងយន្តហោះត្រៀមខ្លួនរួចហើយ។
«ជើងហោះហើរលេខ១០២ យន្តហោះ ប៊ូយីង៣៨៩ ចាប់ផ្ដើមចេញដំណើរ!!!» សំឡេងមនុស្សស្រីបន្លឺឡើងពីប្រដាប់បំពងសំឡេង។ យន្តហោះរត់ក្នុងល្បឿនលឿនមុននឹងហោះឡើងលើអាកាសដ៏ទូលំទូលាយ។
អ្នកនៅក្នុងយន្តហោះស្ងាត់ឈឹង ហើយខ្ញុំយកសៀវភៅមកអាន។ មួយសន្ទុះក្រោយមកខ្ញុំក៏លង់លក់។
លោកយាយញញឹមមកកាន់ខ្ញុំ ខ្ញុំរត់ទៅឱបគាត់យ៉ាងណែនដោយក្ដីនឹករលឹក។ តែមួយរំពេជក្រោយមក, ខ្ញុំ និងគាត់ក៏ឃ្លាតឆ្ងាយពីគ្នាដោយកម្លាំងខ្យល់បក់មួយទំហឹង។ ខ្ញុំឃើញខ្លួនឯងនៅកណ្ដាលថ្នល់ដែលមានឡានម៉ូតូបរកាត់យ៉ាងលឿនឆាបពីមុខខ្ញុំពាសពេញ។ ខ្ញុំក្រឡេកទៅម្ខាងថ្នល់ឃើញលោកយាយនៅចិញ្ចើមផ្លូវ សម្លឹងមកខ្ញុំដោយទឹកមុខព្រួយ។ គាត់ព្យាយាមស្រែកប្រាប់អ្វីម្យ៉ាងមកខ្ញុំ តែសំឡេងយានយន្តបរច្រវែងច្រវ៉ាត់ទាំងឡាយធ្វើឱ្យខ្ញុំមិនអាចយល់នូវអ្វីដែលគាត់ប្រាប់។ ភ្លាមៗនោះ, មានរថយន្តដឹកសំរាមធំមួយបរមកទាំងកម្រោលបុកខ្ញុំមួយទំហឹងបណ្ដាលឱ្យបែកក្បាលដូចឪឡឹកបោក។
«ជើងហោះហើរលេខ១០២ យន្តហោះ ប៊ូយីង៣៨៩ ចាប់ផ្ដើមចុះចត។» សំឡេងមនុស្សស្រីចេញពីម៉ាស៊ីនបំពងសំឡេងបន្លឺឡើង មនុស្សម្នាក៏និយាយគ្នាបង្កជាសំឡេងរចេចរចូច។ ខ្ញុំភ្ញាក់ពីសុបិនរវើរវាយតែផ្ដេសតែផ្ដាស ហើយពត់ខ្លួនប្រាណសម្រួលកាយ។
«អ្នកដំណើរទាំងអស់ អាចចុះពីយន្តហោះបាន នា៥នាទីទៀត។»
យន្តហោះឈប់ស្ងៀម តែមិនទាន់អនុញ្ញាតិឱ្យអ្នកដំណើរចុះភ្លាមៗឡើយ។ ខ្ញុំក្រឡេកទៅក្រៅតាមបង្អួចកញ្ចក់មូល ឃើញបងប្អូនអ្នកដំណើរមួយចំនួនគេមកទទួលបងប្អូនគេ។
ខ្ញុំចុះពីលើយន្តហោះមកដូចអ្នកដ៏ទៃទៀតដែរ។ បន្ទាប់ពីយកវ៉ាលីរបស់ខ្ញុំបានហើយ ខ្ញុំក៏រកតាក់ស៊ីជិះទៅផ្ទះលោកយាយ។
«តាក់ស៊ី!!!!! ជិះទៅសង្កាត់សៀនយ៉ាង កោះហាត់ជីម៉ា។»
តាក់ស៊ីពណ៌លឿងមួយនោះក៏ចាប់ផ្ដើមចេញដំណើរទៅយ៉ាងលឿនធ្វើឱ្យខ្ញុំមានអារម្មណ៍ប្រហោងពោះតិចៗដែរ។ គេថាអ្នកខ្លះជិះយន្តហោះរាប់ពាន់គីឡូមិនស្លាប់ទេ មកស្លាប់ឯជិះតាក់ស៊ីទៅវិញ។ ដូច្នេះខ្ញុំក៏ចេះតែរអើលខ្នងដោយសេចក្ដីព្រួយ។ ទីបំផុត, តាក់ស៊ីបានមកឈប់នៅមាត់ទឹកនៃទន្លេដ៏ធំល្វឹងល្វើយដាច់កន្ទុយភ្នែក។
«ខ្ញុំសុំទោសផងដែលមិនអាចជូនប្អូនទៅដល់កោះ,» អ្នកបើកតាក់ស៊ីនិយាយមកកាន់ខ្ញុំ។ «កាលពី៣ឆ្នាំមុន, មានការស្ទះចរាចរណ៍ដ៏វែងអន្លាយនៅលើស្ពានដែលឆ្លងទៅកោះនេះ ស្ពានយោលនេះមិនអាចទ្រទម្ងន់ដ៏ធ្ងន់បានក៏ដាច់ខ្សែបាក់ចូលក្នុងទឹកទន្លេអស់ទៅ។ មានមនុស្សស្លាប់ និងរបួសមិនតិចទេក្នុងហេតុការណ៍កាលនោះ។ ដូច្នេះគ្មានស្ពានឆ្លងទៅដល់កោះទេ បើប្អូនចង់ទៅ ប្អូនត្រូវជិះទូកបន្ត។»
ខ្ញុំមិនបានតបអ្វីទេ ក៏ហុចលុយតាមចំនួនគាត់ទារ ហើយចុះពីតាក់ស៊ី ភ្នែកសម្លឹងរកមើលទូកចម្លង។ មានទូកមួយនៅមាត់ច្រាំងនេះ ដែលម្ចាស់ទូកកំពុងនៅលើនោះ។ ខ្ញុំឡើងលើទូកហើយប្រាប់៖
«ទៅកោះហាត់ជីម៉ា!!!»
ម្ចាស់ទូកមើលមុខខ្ញុំហើយញញឹមតប៖
«បាទ អ្នកកម្លោះ,»
ទុកក៏ជិះចេញតម្រង់ទៅកោះហាត់ជីម៉ាក្នុងល្បឿនយ៉ាងលឿនដោយកម្លាំងម៉ាស៊ីន។ ទេសភាពជុំវិញនេះគ្មានអ្វីពិសេសក្រៅពីទឹកល្ហល្ហាចដាច់កន្ទុយភ្នែក។ ខ្ញុំដកដង្ហើមស្រូបខ្យល់អាកាសដ៏ស្រស់ស្រាយ។ ជិះអស់ពេលយ៉ាងយូរ នៅមិនទាន់ដល់កោះនៅឡើយ, មិនទាន់ឃើញសូម្បីស្រមោល។
«នៅសល់ប៉ុន្មានគីឡូទៀតទើបដល់ទៅពូ???» ខ្ញុំសួរអ្នកបើកទូកម្នាក់នេះ។
«នៅសល់ប្រហែលតែ៥គីឡូទៀតទេអ្នកម្លោះ,» គាត់តប។
«ព្រះអើយ ឆ្ងាយម៉្លេះ???» ខ្ញុំភ្ញាក់។ «ខ្ញុំធ្លាប់ទៅទីនោះដែរកាលពីតូច។»
អ្នកបើកទូកម្នាក់នេះមិនសូវជាខ្វល់ខ្វាយអ្វីពីខ្ញុំទេ ភ្នែកគាត់សម្លឹងទៅឆ្ងាយ ពេលខ្លះគាត់លួចញញឹមតែឯងៗហាក់ដូចកំពុងគិតពីអ្វីម្យ៉ាង។
ទីបំផុត, យើងទាំងពីបានមកដល់ច្រាំងនៃកោះហាត់ជីម៉ា។ មើលទៅហាក់ដូចជាស្ងប់ស្ងាត់ខ្លាំងណាស់ សម្លឹងមើលទៅជុំវិញ មិនឃើញមានមនុស្សសោះ មានតែព្រៃ ឈើ និងស្មៅស៊ុបទ្រុប។
«អស់ថ្លៃប៉ុន្មានដែរពូ?» ខ្ញុំសួរតម្លៃឈ្នួលដឹកមកទីនេះព្រមទាំងយកកាបូបចេញមកត្រៀមយកលុយឱ្យគាត់។
អ្នកបើកទូកនេះញញឹមមកកាន់ខ្ញុំហើយសម្លឹងកាបូបលុយខ្ញុំក្នុងក្រសែភ្នែកយ៉ាងគួរឱ្យសង្ស័យ។ ខ្ញុំចាប់ផ្ដើមព្រួយព្រួច។ លុយក្នុងកាបូបខ្ញុំក្រាស់គ្រាន់បើដែរ អាចនិយាយថាខ្ទង់ពាន់ដុល្លាដែរ ហើយទីនេះស្ងាត់ទៀត ម្នាក់បើកទូកនេះអាចប្លន់ខ្ញុំក៏ថាបាន។ ដូចដែលព្រួយ, គាត់ស្រែកមកកាន់ខ្ញុំព្រមទាំងទាញកាំបិតស្រួចមុត ចេញពីទូកហើយភ្ជង់ខ្ញុំជ្រលរប្រុងកាប់។
«ឱ្យកាបូបលុយម៉ោអញ!!!» វាស្រែកដាក់ខ្ញុំក្នុងសំឡេងយ៉ាងកាចសាហាវ។ «ឱ្យភ្លាមម៉ោបើមិនចង់ដាច់ក្បាល។»
ខ្ញុំភ័យញ័រ បេះដូងលោតញ័បឌុកដាក់ៗដោយសេចក្ដីភ័យភិតឥតឧបមារ។ វាកញ្ឆក់យកកាបូបលុយពីខ្ញុំហើយបោះវ៉ាលីរបស់ខ្ញុំមកលើដីព្រមទាំងបើកចេញបាត់ទៅ។ ខ្ញុំបានត្រឹមតែឈរគាំងសម្លឹងមើលទៅអាចោរចង្រៃដែលកំពុងបរទូកចេញទៅឆ្ងាយរហូតមើលលែងឃើញវា។ ខ្ញុំបែរមកមើលជុំវិញ, បរិយាកាសនៅតែឋិតក្នុងភាពស្ងប់ស្ងាត់ ឮតែសំឡេងខ្យល់បក់រុញបោករលកទឹកសមុទ្រប៉ះច្រាំង។ កាលពីតូចខ្ញុំចាំបានថាវាស្ងាត់មិនសូវអ៊ូអរប៉ុន្មានទេ តែកន្លងទៅជាង១០ឆ្នាំហើយទីនេះគ្មានការអភិវឌ្ឍស្អីសូម្បីបន្តិច, ហើយដូចជាអន់ជាងមុនផង។ ខ្ញុំអូសវ៉ាលីតាមផ្លូវដីដែលមានស្មៅដុះក្រាស់ យូរៗឃើញផ្ទះមួយ តែជាផ្ទះចាស់ឈើពុកផុយបាក់បែកហាក់ដូចជាកោះទាំងមូលនេះមិនមាននរណាមករស់នៅ ឬត្រូវបោះបង់ចោលជាច្រើនឆ្នាំមកហើយអ៊ីចឹង។ ខ្ញុំបន្តដើរតាមផ្លូវរកផ្ទះលោកយាយតាមការចងចាំ។ ព្រះអាទិត្យចាប់ផ្ដើមលិចទៅ ពន្លឺចាប់ផ្ដើមថយ។ នៅសល់ប្រហែលមួយម៉ោងទៀតទេ ព្រះអាទិត្យនឹងលិចចោលពសុធាឱ្យងងឹតសូន្យសុង។ ខ្ញុំដើរកាត់សាលារៀនមួយដែលក្លោងទ្វារធ្លាក់មកដី ទ្វារបង្អួចសាលាបាក់បែកខ្ទេចខ្ទីរហាក់ដូចជាគ្មានសិស្សរៀនជាច្រើនឆ្នាំមក។ ខ្ញុំដើរអស់ពេលមួយសន្ទុះនៅតែមិនទាន់ជួបមនុស្សសូម្បីតែម្នាក់ ហាក់ដូចជាខ្ញុំនៅឯកាតែម្នាក់ឯងគត់លើកោះនេះ។ កំពុងតែអូសវ៉ាលីដើរលើផ្លូវដុះស្មៅ ស្រាប់តែជើងជាន់នឹងអ្វីម្យ៉ាងវិះនឹងជំពប់ដួល។ ពេលខ្ញុំមើលមកក្រោម, វាធ្វើឱ្យខ្ញុំរន្ធត់ភិតភ័យយ៉ាងខ្លាំង។ វាគឺជាគ្រោងឆ្អឹងមនុស្សដែលស្លាប់ប្រហែល២ឆ្នាំទៅហើយ។ ខ្ញុំបន្តដើរទៅមុខទៀតដោយសម្រួលអារម្មណ៍។ គ្មានអ្វីដែលស្ងាត់ដូចទីនេះសោះ ពន្លឺព្រះអាទិត្យចាបផ្ដើមខ្សោយទៅៗ រហូតងងឹតឈឹង ធ្វើឱ្យខ្ញុំត្រូវយកទូរស័ព្ទពីហោប៉ៅមកបញ្ចាំងពិលមើលផ្លូវ។
ទីបំផុត ខ្ញុំមកដល់មុខផ្ទះរបស់លោកយាយខ្ញុំ, លោកយាយប្រហែលមិនបានជម្រះស្មៅមុខផ្ទះច្រើនថ្ងៃហើយទើបដុះពេញមុខបរិវេណបែបនេះ។ របងក៏បាក់ផុយខូចខាតគ្រប់កន្លែង។ ខ្ញុំចូលទៅក្នុងទីធ្លាផ្ទះហើយគោះទ្វារមុខ។ លោកយាយប្រាកដជាផ្ញាក់ផ្អើលជាមិនខាន ទោះជាគាត់ដេកឈឺក៏ដោយ។
“តុកៗៗៗ....”
ខ្ញុំឈប់គោះហើយរង់ចាំចម្លើយតប។
ស្ងាត់ឈឹង ដូចជាគ្មានការអើពើនឹងសំឡេងគោះនេះសោះ។
“តុកៗៗៗ...”
ស្ងាត់ឈឹង។ លោកយាយប្រហែលជាសម្រាន្តលក់បាត់ហើយទេដឹង? សំណាងល្អ ទ្វារមិនចាក់សោរ ខ្ញុំបើកចូលហើយបិទវិញតាមសម្រួល។ នៅក្នុងផ្ទះ អ្វីៗរប៉ាត់រប៉ាយ ធូលីក្រាស់ឃ្មឹកនៅលើតុ និងរនាបផ្ទះ ឯពិដានរុំព័ទ្ធទៅដោយសំបុកពីងពាងយ៉ាងអួរអាប់។
«លោកយាយ?» ខ្ញុំសម្រេចស្រែកហៅ តែហាក់ដូចជាគ្មានប្រយោជន៍។ គ្មាននរណានៅក្នុងផ្ទះនេះទេក្រៅពីខ្ញុំ។ ខ្ញុំទុកវ៉ាលីហើយដើរចូលក្នុងផ្ទះបាយ។ វាធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលឃើញគ្រោងឆ្អឹងលោកយាយនៅទីនោះ ប្រាកដជាគាត់បានស្លាប់ច្រើនឆ្នាំមកហើយ។ ពន្លឺពិលចេញពីទូរស័ព្ទជះមកលើគ្រោងឆ្អឹងលោកយាយកម្សត់របស់ខ្ញុំ រួមជាមួយនឹងបរិយាកាសដ៏ស្ងាត់ឈឹង និងងងឹតសូន្យសុង ធ្វើឱ្យខ្ញុំពិបាកទប់ទឹកភ្នែក។ តើមានអ្វីកើតឡើងមកលើទីនេះទៅ? តើវាជាការស្លាប់ដែលវាយប្រហារអ្នកភូមិនេះទាំងអស់គ្នាមែនទេ?
រំពេជនោះ, ខ្ញុំបានឮសំឡេងអ្វីម្យ៉ាងនៅខាងក្រៅផ្ទះ។ វាហាក់ដូចជាសំឡេងដើរដ៏គួរឱ្យខ្លាចរបស់នរណាម្នាក់នៅខាងក្រៅ។ រំពេជនោះ, ទឹបៗ ទឹប...នរណាម្នាក់នោះបានដើរចូលមកទ្វារមុខ។ ខ្ញុំនៅស្ងៀមមិនកម្រើក។
«ភូ...ភូ...ភូ...ភូ...ភូ...ភូ...ភូ...ភូ...ភូ...ភូ...»
សំឡេងនរណាម្នាក់នៅខាងក្រៅនេះបន្លឺឡើងធ្វើឱ្យការចងចាំនៃអតីតកាលអាក្រក់របស់ខ្ញុំផុសឡើង។ ព្រាយខ្ពស់!!!!! ខ្ញុំនឹកឃើញដល់ម្នាក់ដែលតាមយកជីវិតខ្ញុំកាលពីក្មេង ស្ទើរតែភ្លេចបាត់ទៅហើយ មិនដឹងសោះថាពេលនេះត្រូវមកជួបនឹងវាម្ដងទៀត។
«ភូ...ភូ...ភូ...ភូ...ភូ...ភូ...ភូ...ភូ...ភូ...ភូ...»
សំឡេងម្នាក់ហ្នឹងនៅតែបន្លឺពីខាងក្រៅទ្វារផ្ទះ។
គ្រឹកៗៗ...
ព្រាយខ្ពស់ម្នាក់នឹងកំពុងព្យាយាមមួលសោរទ្វារ។ ខ្ញុំភ័យខ្លាំងណាស់។ ខ្ញុំចុចបិទពិលទូរស័ព្ទហើយដាក់ទូរស័ព្ទទៅលើតុ ហើយអ្វីៗគ្របដណ្ដប់ទៅដោយភាពងងឹតសូន្យសុង។
គ្រឹកៗៗ...
ទ្វារនៅតែមានគេព្យាយាមមួល បេះដូងខ្ញុំរន្ធត់ញាប់ញ័រជាងមើលកុនរំជួលព្រលឹង។ តែគន្លឹះទ្វារក្នុងនេះប្រហែលជាគួរឱ្យទុកចិត្តបាន។ មួយសន្ទុះនៃការឈរដោយរន្ធត់, អ្វីៗក៏ស្ងាត់ឈឹងទៅ ធ្វើឱ្យអាចប្រាកដបានថាព្រាយខ្ពស់ម្នាក់នោះបានចេញទៅវិញហើយ។ ខ្ញុំធូរទ្រូងបន្តិច ហើយដើររាវរកប៉ះទៀនមួយដុំ ខ្ញុំរាវរកដែកកេះបានហើយកេះអុចបំភ្លឺទៀនមួយ។
គ្រប់យ៉ាងក្នុងផ្ទះនេះគួរឱ្យខ្លាចខ្លាំងណាស់។ ខ្ញុំមិនដឹងថាព្រាយខ្ពស់ម្នាក់នោះនឹងត្រលប់មកវិញឬក៏អត់ទេ។ ខ្ញុំសម្លឹងមើលខ្លួនឯងក្នុងកញ្ចក់ដែលដាក់នៅខាងមុខខ្ញុំ តែវាធ្វើឱ្យខ្ញុំភិតភ័យជាខ្លាំងពេលដែលឃើញថា តាមជញ្ជាំងរហែកក្រោយខ្នងខ្ញុំនេះ, គឺជាមុខមួយចំហៀងស្លេកស្លាំងរបស់ព្រាយខ្ពស់ម្នាក់នោះ។ ខ្ញុំងាកមកក្រោយ នាងសម្លឹងថ្លែមករកខ្ញុំបង្ហាញស្នាមញញឹមពឹសពុលគួរឱ្យខ្លាច។
ខ្ញុំភ័យតក់ស្លុតឥតឧបមារនៅពេលដែលឃើញថាវាកំពុងតែព្យាយាមហែកជញ្ជាំងចូលមករកខ្ញុំ។ ជញ្ជាំងដែលពុកផុយមិនពិបាកនឹងបញ្ចេញកម្លាំងច្រើនហែកទេ ក៏រហែកទាំងផ្ទាំងធ្វើឱ្យនាងព្រាយខ្ពស់ម្នាក់នេះចូលមកក្នុងផ្ទះបានយ៉ាងងាយ។ ខ្ញុំស្រែកដោយភ័យខ្លាច ហើយប្រញាប់បើកគន្លឹះទ្វាររត់ចេញទៅដោយភាពទាន់ហន់។
«ភូ...ភូ...ភូ...ភូ...ភូ...ភូ...ភូ...ភូ...ភូ...ភូ...»
មួយជំហានៗរបស់ព្រាយខ្ពស់នេះបានឆ្ងាយណាស់ ខ្ញុំរត់យ៉ាងលឿនតាមដែលអាចធ្វើបានចេញមកលើផ្លូវ ហើយរត់ត្រង់ទៅមុខតាមផ្លូវដែលគ្មានគោលដៅថានឹងរត់ទៅទីណា។
«ភូ...ភូ...ភូ...ភូ...ភូ...ភូ...ភូ...ភូ...ភូ...ភូ...»
ខ្ញុំរត់ព្រមទាំងងាកក្រោយបន្តិច ឃើញរូបរាងដ៏ខ្ពស់កំពស់ចុងត្នោតរបស់ស្រីម្នាក់នេះ ជាមួយនឹងទឹកមុខដ៏គួរឱ្យខ្លាច។
«ទេ...ខ្ញុំខ្លាចហើយ...»
ខ្ញុំស្រែកព្រមទាំងបន្តរត់លឿនជាងមុន ហើយមានអារម្មណ៍ថាវារត់ប្រកិតប្រកៀកនឹងខ្ញុំ។ ទីបំផុត, ខ្ញុំបានឃើញពន្លឺចង្កៀងចេញពីបន្ទប់នៃផ្ទះឈើមួយ។ មិនបង្អង់យូរ ខ្ញុំរត់ចូលទៅក្នុងបរិវេណដែលផ្ទះឈើនោះនៅ ហើយនាងព្រាយខ្ពស់នៅតែតាមពីក្រោយខ្ញុំជានិច្ច។
«អ្នកណាក៏បានដែរជួយខ្ញុំផង..........» ខ្ញុំស្រែកមួយទំហឹង បេះដូងលោតស្ទើរធ្លាយចេញមកក្រៅ។ មាននរណាម្នាក់បើកទ្វារផ្ទះឈើធំនោះ ខ្ញុំមិនគិតច្រើនក៏រត់មួយទំហឹងចូលផ្ទះឈើនោះ។
«បិទទ្វារទៅៗ...» ខ្ញុំនិយាយញាប់មាត់ស្មេរហើយរុញទ្វារបិទ រួចចាក់គន្លឹះទ្វារ។ នៅទីនេះមានលោកតាចាស់ម្នាក់មើលមុខខ្ញុំដូចជាដឹងហេតុ។
«អ្នកកម្លោះត្រូវនាងព្រាយខ្ពស់ដេញមែនទេ?» លោកតានោះសួរ។ ខ្ញុំងក់ក្បាលជំនួសចម្លើយតប ព្រោះហត់ដង្ហក់ពេកឆ្លើយមិនចេញ។
«តាមពិតទៅ នេះមិនមែនជាពេលដែលអ្នកកម្លោះត្រូវមកលេងកោះនេះសោះ។ ខ្ញុំជាព្រះចៅអធិការនៅទីនេះ។ ឯងដឹងទេ? កាលពីជាង៤០ឆ្នាំមុន, មានស្ត្រីម្នាក់បានលួចរៀនរបៀនអំពើផ្ដេសផ្ដាស ហើយជាចៃដន្យអាក្រក់ នាងក៏លូតកម្ពស់ខ្ពស់ទៅៗ។ របៀនដែលចូលក្នុងខ្លួននាងបំផុសចិត្តឱ្យនាងចាប់មនុស្សម្នាយកទៅវះស៊ីគ្រឿងក្នុង។ អ្នកដែលនាងត្រូវស៊ីគឺជាអ្នកដែលមានរាសីទាប។ កម្លោះឯងដឹងទេ? កាលនោះមានមនុស្សស្លាប់បន្តបន្ទាប់គ្នា ពិសេសគឺក្មេងៗ។ ប្រជាជនរស់នៅក្នុងសភាពភ័យខ្លាច។ យើងជាព្រះសង្ឃក៏ធ្វើពិធីចាប់នាងព្រាយខ្ពស់នោះបានសម្រេចហើយព័ទ្ធសីមាហ៊ុំនាងចងជាប់នៅជើងភ្នំ។ កន្លងមកជាច្រើនឆ្នាំ អ្នកភូមិក៏រស់ក្នុងសន្តិភាពឡើងវិញ។ តែ...ជាគ្រោះអាក្រក់...ថ្មនៅលើភ្នំក៏ធ្លាក់បាក់មកក្រោមបំបុកបំបាក់សីមាដែលចងនាងព្រាយធ្វើឱ្យនាងអាចរួចខ្លួនឡើងវិញហើយកាចសាហាវជាងមុន។ ពីមួយថ្ងៃទៅមួយថ្ងៃ...កូនក្មេងនៅក្នុងភូមិនេះត្រូវបាត់ខ្លួនជាបន្តបន្ទាប់រហូតអស់គ្មានសល់។ ព្រាយខ្ពស់គ្មានក្មេងស៊ីពោះវៀនទៀតក៏ចាប់ផ្ដើមចាប់អ្នកស្រុកទាំងឡាយ ឬចូលស៊ីតាមផ្ទះរៀងរាល់យប់ ចូលដល់ហ៊ានទាំងចាប់ព្រះសង្ឃរហូតអស់ពីវត្តទៀត។ អ្នកភូមិដែលសេសសល់ក៏នាំគ្នារត់ចេញពីភូមិនេះទៅនៅតាមទីក្រុង តែសំណាងអាក្រក់ ដោយសារតែពួកគេបបួលគ្នាផ្លាស់ទីលំនៅក្នុងថ្ងៃតែមួយច្រើនគ្នាពេកធ្វើឱ្យស្ទះចរាចរណ៍លើស្ពានឆ្លងកោះ ហើយស្ពានមិនអាចទ្រទម្ងន់នេះបានក៏បាក់ធ្លាក់ចូលទឹកទន្លេស្លាប់មនុស្សអស់គ្មានសល់។ រដ្ឋាភិបាលព្យាយាមលាក់បាំងរឿងនេះព្រោះប្រឆាំងនឹងអបិយជំនឿ និងមិនចង់ឱ្យពិភពលោកខ្លាចប្រទេសជប៉ុន។ មិនអីទេ ឈប់ភ័យទៅ នៅជាមួយខ្ញុំនឹងមានសុវត្ថិភាព ព្រោះខ្ញុំបានព័ទ្ធសីមាបាលីជុំវិញកុដិនេះការពារមិនឱ្យព្រាយខ្ពស់ចូលមកជិតបានទេ។»
ខ្ញុំរាងធូរទ្រូងបន្តិចពេលគាត់និយាយបែបនេះ។ បន្ទាប់មកខ្ញុំក៏ដេកតាមការអញ្ជើញរបស់លោកតាអធិការ។
«ដេកទៅ...ស្អែកនេះអ្វីៗនឹងប្រសើរឡើង។ ត្រូវចាំថានៅអំឡុងពេលយប់នេះ កុំខ្វល់ពីអ្វីឱ្យសោះ។»
ខ្ញុំបិទភ្នែកដេកលើគ្រែមួយ លោកតាអធិការក៏ទៅដេកនៅគ្រែមួយទៀត។
ពាក់កណ្ដាលអធ្រាត មានខ្យល់បក់បោកយ៉ាងខ្លាំងព្រមជាមួយនឹងភ្លៀងផ្គរ។
ស្រាប់តែត្រចៀកខ្ញុំឮសំឡេងខ្សឹបៗរបស់នរណាម្នាក់ឡើងធំគ្រលរ។
«ព្រះចៅអធិការ...បើកទ្វារឱ្យខ្ញុំបន្តិច....»
ខ្ញុំនៅស្ងៀមហើយសម្លឹងមើលទៅលោកតាអធិការ។ គាត់ក៏បានឮសំឡេងនេះដែរ តែគាត់លើកដៃធ្វើសញ្ញាថាឱ្យនៅឱ្យស្ងៀម។
«ភូ...ភូ...ភូ...ភូ...ភូ...ភូ...ភូ...ភូ...ភូ...ភូ...»
ហើយពេលនោះសំឡេងនោះក៏ឮខ្លាំងឡើងៗ ស្រាប់តែ...
ខ្វាក!!!!!
បង្អួចដែលនៅក្បែរខ្ញុំនេះស្រាប់តែរបើកដោយកម្លាំងខ្យល់បក់។ ខ្ញុំឃើញភ្នែកធំៗរបស់ព្រាយខ្ពស់សម្លក់មករកខ្ញុំ។ កម្លាំងខ្យល់បក់បានធ្វើឱ្យខ្សែសីមាដាច់។
«ជួយផងលោកតា...» ខ្ញុំស្រែក។ នាងព្រាយខ្ពស់ចូលខ្លួនតាមបង្អួចមកក្នុងនេះ លោកតាអធិការបានតែចំហរមាត់ដោយភ័យស្រឡាំងកាំង។ ខ្ញុំស្ទុះទៅបើកគន្លឹះទ្វារហើយរត់ចេញទៅក្រៅយ៉ាងលឿន រត់ដោយមិនងាក្រោយអារម្មណ៍ភិតភ័យគ្មានអ្វីនឹងប្រៀបផ្ទឹម។
រត់មួយសន្ទុះជើងចាប់ផ្ដើមអស់កម្លាំង ហើយខ្ញុំមានអារម្មណ៍ថានាងព្រាយខ្ពស់មិនបានតាមមកទេ។ ទឹកភ្លៀងនៅបន្តស្រក់ខ្លាំងៗ ខ្យល់បក់បោកយ៉ាងវក់វី។ ខ្ញុំរត់មកដល់មាត់ទឹកទន្លេដ៏ធំល្វឹងល្វើយ។ នៅទីនោះមានទូកនរណាម្នាក់ដែលទុកចោល។ ខ្ញុំរត់ចូលទៅក្នុងទូកនោះហើយអុំចែវចេញពីកោះនេះយ៉ាងលឿនតាមដែលអាចធ្វើបាន។ សេចក្ដីភ័យខ្លាចបញ្ជាដៃខ្ញុំអុំទូកយ៉ាងញាប់។ អ្វីៗនៅតែងងឹតឈឹង។ ខ្ញុំបន្តអុំទូកមិនឈប់។
ទីបំផុត, ព្រះសូរិយារះចិញ្ចែងចិញ្ចាច ធ្វើឱ្យខ្ញុំមានសង្ឃឹមឡើងវិញ។ ខ្ញុំបានអុំមកដល់ច្រាំង នៅទីនេះមនុស្សម្នាអ៊ូអរណែនណាន់ ឡានម៉ូតូបើកពេញផ្លូវ។
ខ្ញុំទៅប៉ុស្ដិ៍ប៉ូលីសហើយប្រាប់ពួកគេពីរឿងដែលចោរលួចកាបូបខ្ញុំ។ ប៉ូលីសបានធ្វើអន្តរាគមតាមចាប់អ្នករត់ទូកនោះតាមភិនភាគដែលខ្ញុំប្រាប់ ហើយទីបំផុតក៏ចាប់បានរួចប្រគល់កាបូបលុយឱ្យមកខ្ញុំវិញ។
ខ្ញុំត្រឡប់មកប្រទេសខ្ញុំវិញដោយភាពក្រៀមក្រំ។ ខ្ញុំមិនដែលប្រាប់នរណាពីរឿងរន្ធត់នៃយប់នោះទេ ហើយខ្ញុំគ្រាន់តែប្រាប់ម៉ាក់ប៉ាថាបានធ្វើបុណ្យបញ្ចុះលោកយាយសព្វគ្រប់ហើយ។ ខ្ញុំមិនប្រាថ្នាថានឹងទៅលេងប្រទេសជប៉ុនទៀតឡើយ មិនធ្លាប់សូម្បីតែគិត ព្រោះភាពភ័យរន្ធត់នៅយប់នោះជាបទពិសោធន៍ដែលខ្ញុំមិនអាចបំភ្លេចបាន។
ខ្ញុំទិញទូរស័ព្ទថ្មី ហើយនាយប់មួយ, ខ្ញុំសាកល្បងតេទៅទូរស័ព្ទចាស់ខ្ញុំដែលបានទុកចោលនៅផ្ទះលោកយាយកាលពីយប់នោះ។ តេក៏ចូល ហើយមួយសន្ទុះក្រោយមកស្រាប់តែមានអ្នកលើក។ ខ្ញុំភ័យជាខ្លាំង ហើយក្នុងទូរស័ព្ទ, នរណាម្នាក់ដែលលើកវានោះនិយាយថា, «មកលេងជប៉ុនម្ដងទៀតទេ?....ឯងគ្មានថ្ងៃអាចគេចរួចម្ដងទៀតបានឡើយ...ភូ...ភូ...ភូ...ភូ...ភូ...ភូ...ភូ...ភូ...ភូ...ភូ...»៕
ចប់
(សូមរង់ចាំអានរឿង ដាក់ស្នេហ៍ នៅរាត្រីម៉ោង៨ថ្ងៃព្រហស្បត្តិ៍នេះ!)
ព្រាយខ្ពស់ (វគ្គ២ចប់)
Reviewed by Unknown
on
8:00 PM
Rating: