>
  • ទំព័រដើម
  • ញាណពិសេស

     
    ខ្ញុំធ្វើការនៅទីក្រុងអ៊ូអរមួយ, ហើយខ្ញុំតែងជិះរថភ្លើងពេលព្រឹកដើម្បីទៅធ្វើការ។ 

    ថ្ងៃមួយ, ពេលខ្ញុំកំពុងអង្គុយចាំរថភ្លើង, ខ្ញុំឃើញបុរសក្រីក្រគ្មានផ្ទះម្នាក់ឈរនៅជ្រុងនៃស្ថានីយ៍រថភ្លើង, និយាយតិចៗតែឯងរាល់ពេលដែលមានមនុស្សដើរកាត់មុខគាត់។ គាត់កាន់កែវជ័រមួយហើយព្យាយាមសុំទានពីអ្នកដំណើរ។

    នារីកន្ធាត់ម្នាក់ដើរកាត់ពីមុខអ្នកសុំទាននោះ ហើយខ្ញុំបានឮគាត់និយាយថា, “ជ្រូក”។

    អីយ៉ា!!! ខ្ញុំគិតក្នុងចិត្ត។ បុរសសុំទាននេះកំពុងតែជេរប្រមាថអ្នកដំនើរហើយតើ រួចគាត់គិតថាគេនឹងដាក់ទានឱ្យគាត់ដែរឬ?

    បុរសជាអ្នកធ្វើការរាជការម្នាក់បានដើរកាត់ទីនេះ ហើយអ្នកសុំទាននោះនិយាយតិចៗ, “មនុស្ស”។

    មនុស្ស? មានអីចម្លែកទៅ? គាត់គឺប្រាកដជាមនុស្សហើយ។

    ថ្ងៃបន្ទាប់, ខ្ញុំមកដល់ស្ថានីយ៍រថភ្លើងពីព្រលឹមហើយត្រូវរង់ចាំរថភ្លើងមួយសន្ទុះ ដូច្នេះខ្ញុំក៏ទៅឈរជិតនឹងបុរសសុំទាននោះដើម្បីស្ដាប់ពាក្យចម្លែកៗរបស់គាត់។

    មនុស្សប្រុសស្គមស្គាំងម្នាក់ដើរកាត់គាត់ ហើយខ្ញុំឮបុរសសុំទាននេះនិយាយ, “គោ”។

    គោ? ខ្ញុំគិត។ បុរសនោះស្គមពេកហើយមិនសមជេរគាត់ថាជាគោទេ។ គាត់មើលទៅដូចជាសត្វជីងចក់ជាង។

    ពីរបីនាទីក្រោយមក, បុរសកន្ធាត់ម្នាក់ដើរកាត់ទីនេះហើយបុរសសុំទាននិយាយ, “ដំឡូង”។

    ដំឡូង? ខ្ញុំគិតថាគាត់គួរតែហៅមនុស្សធាត់ទាំងឡាយថាជាជ្រូកទើបសម។

    ថ្ងៃនោះ, នៅកន្លែងធ្វើការ, ខ្ញុំមិនអាចឈប់គិតពីបុរសសុំទាននោះទាល់តែសុំ។ ខ្ញុំព្យាយាមរកនឹកថាមានអ្វីចម្លែកជាមួយពាក្យរបស់បុរសនោះ។

    ប្រហែលជាគាត់មានញាណពិសេសហើយមើលទៅ, ខ្ញុំគិត។ ប្រហែលជាគាត់ដឹងថាមនុស្សទាំងនោះជាតិមុនជាអ្វី។ នៅជប៉ុន, មនុស្សជាច្រើនជឿជាក់លើការចាប់ជាតិ។

    ខ្ញុំឃើញអក្បកកិរិយាចម្លែករបស់បុរសសុំទាននោះជាច្រើនដងហើយចាប់ផ្ដើមប្រាកដថាអ្វីដែលខ្ញុំស្មានគឺជាការត្រឹមត្រូវណាស់។ ជាញឹកញាប់, ខ្ញុំឮគាត់ហៅមនុស្សដែលដើរកាត់ថា “ទន្សាយ” ឬ “ខ្ទឹមបារាំង” ឬ “ឆ្កែ” ឬ “មាន់”។

    ថ្ងៃមួយ, ដោយឆ្ងល់ខ្លាំងពេក ខ្ញុំក៏សម្រេចចិត្តសួរគាត់។

    ពេលខ្ញុំដើរទៅក្បែរគាត់, គាត់មើលមកខ្ញុំហើយនិយាយ “នំប៉័ង”។

    ខ្ញុំយកលុយរាយខ្លះដាក់ក្នុងកែវជ័រគាត់ហើយសួរគាត់ថានេះជាញាណចម្លែកអ្វី។

    បុរសសុំទានញញឹមហើយតប, «មែនហើយ, ពិតណាស់។ ខ្ញុំពិតជាមានញាណពិសេសពិតមែន។ វាជាញាណពិសេសដែលខ្ញុំមានពីកំណើត។ តែវាមិនមែនដូចអ្វីដែលលោកគិតទេ។ ខ្ញុំមិនអាចទាយថ្ងៃអនាគត ឬអានចិត្ត ឬអ្វីដូចនេះឡើយ។»។

    «ចឹងវាជាញាណអ្វីទៅ?» ខ្ញុំសួរដោយឆ្ងល់។

    «វាជាញាណដែលអាចដឹងពីអ្វីដែលមនុស្សម្នាក់ៗបរិភោគចុងក្រោយបំផុត,» គាត់តប។

    ខ្ញុំសើចព្រោះខ្ញុំឃើញថាគាត់និយាយត្រូវណាស់។ គាត់និយាយថា នំប៉័ង ហើយព្រឹកម៉ិញខ្ញុំពិតជាបានហូបនំប៉័ងពិតមែនមុននឹងមកដល់ទីនេះ។ ខ្ញុំស្រាប់តែនឹកឃើញអ្វីម្យ៉ាងដ៏គួរឱ្យរន្ធត់។

    តើអ្នកដឹងថាចំនុចរន្ធត់នោះគឺជាអ្វីទេ?

    comment ខាងក្រោមនេះ

    (សូមរង់ចាំអានរឿង ដាក់ស្នេហ៍ នៅម៉ោង៨យប់នេះ)

     
    ញាណពិសេស ញាណពិសេស Reviewed by Unknown on 1:00 PM Rating: 5
    Loading...
    Powered by Blogger.