>
  • ទំព័រដើម
  • សត្វអសុរកាយ

     
    ប៉ុន្មានឆ្នាំមុន, នៅទីក្រុងតូចមួយ, មានឃាតករលាក់ខ្លួនដែលប៉ូលីសតាមរកមុខ។ មនុស្សម្នារទាំងអស់រស់នៅក្នុងសភាពភ័យខ្លាចតែក្លាយជាជនបន្ទាប់។ អស់ពេលត្រឹមតែ៧យប់, មនុស្ស៧នាក់ត្រូវបានឃាតករសម្លាប់។

    ជនរងគ្រោះទាំងអស់សុទ្ធតែជាប្រុស ហើយពួកគេបានដើរតាមសួនច្បារសាធារណៈមួយនៅពេលយប់, ដោយមិនដឹងពីគ្រោះថ្នាក់ឡើយ។ បំពង់កគេត្រូវបានវះ ហើយសាកសពត្រូវបានឃាតករអូសទៅដាក់ក្បែរវាលកប់ខ្មោច។ សាកសពពួកគេត្រូវគេវះពោះចេញមកក្រៅហើយគ្រឿងក្នុងបាត់អស់។ អ្នកគ្រប់គ្នាគិតថាឃាតករប្រាកដជាបិសាច។

    នៅយប់ទី៨, ប៉ូលីសបានពួនឃ្លាំមើលបរិវេណសួនច្បារហើយស្រាប់តែឃើញបុរសម្នាក់ពួនក្នុងគុម្ពោធព្រៃ។ ពេលប៉ូលីសចាប់ឆែកឆេរគាត់, ពួកគេរកឃើញកាំបិតប្រឡាក់ឈាមកកមួយ។ គាត់ត្រូវប៉ូលីសចាប់ខ្លួន ហើយមុនពេលតុលាការកាត់ក្ដី, គាត់ត្រូវជាប់ឈ្មោះជាឃាតករ។

    បុរសនោះមានឈ្មោះ ថែល សៀម។ គ្មាននរណាក្នុងក្រុងនេះជឿទេថាគាត់បានធ្វើរឿងអាក្រក់បែបនេះ។ គាត់ពីមុនមកត្រូវបានគេដឹងថាជាមនុស្សល្អ, សុភាពហើយតែងតែជួយទុក្ខធុរៈអ្នកភូមិណាដែលត្រូវការជំនួយ។ ពិតណាស់, ប្រជាជនជាច្រើនឈរមុខកន្លែងឃុំឃាំងដើម្បីតវ៉ាសុំដោះលែងគាត់។

    តលាការក៏ភ្ញាក់ផ្អើលដែរ ពិបាកនឹងជឿណាស់ដែលបុរសរម្យទមម្នាក់ធ្វើរឿងកំណាចបែបនេះ។ គាត់សម្រេចសួរចម្លើយបុរសនោះដោយផ្ទាល់។

    «ថែល សៀម,» គាត់និយាយ, «លោកត្រូវបានជាប់ចោតពីបទធ្វើឃាតកម្ម។ តើលោកមានអីតវ៉ាទេ?»

    បុរសនោះងើបឈរឡើងហើយមើលទៅមុខតុលាការ។ ដៃរបស់គាត់ញ័រដោយអារម្មណ៍ ហើយទឹកភ្នែកហូរកាត់ផែនថ្ពាល់របស់គាត់។

    «ខ្ញុំពិតជាបានធ្វើវាមែន,» គាត់តប។ «ខ្ញុំត្រូវតែសារភាពនូវការពិត។ ខ្ញុំពិតជាខ្មាសអៀនណាស់ដែលត្រូវនិយាយថាខ្ញុំសម្លាប់មនុស្សកម្សត់, គ្មានកំហុសទាំង៧នាក់នោះ។ ខ្ញុំសម្លាប់ពួកគេតែម្នាក់ឯង, តែខ្ញុំមិនមែនជាបិសាចឡើយ។ ខ្ញុំមិនបានសម្លាប់ពួកគេដើម្បីលុយ ឬក៏របស់របរឡើយ។ ខ្ញុំមិនមែនជាចោរទេ។»

    «ហើយធ្វើចឹងធ្វើអី?» តុលាការសួរ។

    បុរសនោះឱនក្បាលចុះហើយនិយាយរឿងរបស់គាត់៖

    កាលពីពីរសប្ដាហ៍មុន, ខ្ញុំមានជីវិតដ៏ស្រស់បំព្រង។ ម្ដាយឪពុកខ្ញុំថ្នាក់ថ្នមខ្ញុំ ហើយតែងបង្រៀនប្រៀនប្រដៅខ្ញុំឱ្យដើរផ្លូវត្រូវ។ ខ្ញុំជាអ្នកកាន់តាមឱវាទព្រះបានល្អណាស់។ ខ្ញុំមានការងារសុច្ចរិតធ្វើ, ខ្ញុំប្រឹងប្រែងធ្វើការហើយការពារគ្រួសារខ្ញុំ។ ខ្ញុំបានរៀបការជាមួយនារីម្នាក់ឈ្មោះ ស្រីឡៃ ហើយខ្ញុំស្រឡាញ់នាងជាងគេបំផុតក្នុងលោកនេះ។ យើងរស់នៅជាមួយគ្នាដោយក្ដីរីករាយហើយក៏ពរពោះកូនដំបូង។

    ពេលប្រពន្ធខ្ញុំស្លាប់ក្នុងពេលឆ្លងទន្លេ, ខ្ញុំសោកសៅស្ទើឆ្គួត។ វាពិតជាភ្លាមៗ និងមិននឹកស្មានដល់សោះដែលខ្ញុំស្ទើតែគាំង។ នៅថ្ងៃបុណ្យសព, ខ្ញុំឈរក្បែរផ្នូរនាង, យំទឹកភ្នែកហូររហាមខណៈដែលមើលទៅគេដាក់មឈ្ឈូសនាងកប់ចូលទៅក្នុងដី។ វាជាថ្ងៃដ៏ក្រៀមក្រំបំផុតរបស់ខ្ញុំ។

    យប់នោះ, ខ្ញុំដេកមិនលក់ទេហើយក៏ដើរចេញមកក្រៅ។ ទីបំផុត, ខ្ញុំមកដល់វាលកប់ខ្មោច។ ខ្ញុំចង់ទៅមើលផ្នូរប្រពន្ធខ្ញុំដើម្បីលានាងជាលើកចុងក្រោយ, តែខ្ញុំក៏ឃើញថាខ្ញុំមិនមែននៅទីនេះតែម្នាក់ឯងទេ។ មានបុរសម្នាក់ឈរនៅវាលកប់ខ្មោច។ គាត់កំពុងកាយផ្នូរប្រពន្ធខ្ញុំ។ ពេលខ្ញុំទៅដល់កាន់តែជិត, ខ្ញុំសង្គេតឃើញថាគាត់កំពុងតែជីកវាឡើង។

    ខ្ញុំខឹងយ៉ាងខ្លាំងហើយវាយទៅបុរសចម្លែកនោះ។ គាត់វាយខ្ញុំវិញ ហើយកម្លាំងគាត់មហិមារ។ គាត់ងាយនឹងទប់កម្លាំងខ្ញុំណាស់ហើយចាប់កខ្ញុំច្របាច់ឡើងផុតដី។ ខ្ញុំមិនអាចធ្វើអ្វីបានឡើយ មានតែរង់ចាំគាត់កាច់បំបាក់កប៉ុណ្ណោះ។

    បន្ទាប់មក, គាត់ក៏លែងខ្ញុំវិញ។ ខ្ញុំធ្លាក់ចុះទៅលើដីហើយព្យាយាមដកដង្ហើមយ៉ាងញាប់។ បុរសនោះឈរក្បែរខ្ញុំហើយពេលខ្ញុំមើលទៅមុខគាត់ ខ្ញុំឃើញថាមុខគាត់គឺជាមុខអសុរកាយ។ គាត់មានភ្នែកក្រឡោត ហើយធ្មេញពោរពេញទៅដោយចង្កូមស្រួចៗ។

    «ឯងចង់បានអី?» គាត់គំហ៊កដោយសំឡេងធំ។

    «នេះជាផ្នូរប្រពន្ធខ្ញុំ,» ខ្ញុំនិយាយ។ «ហេតុអីក៏លោកចង់ជីកនាងឡើង?»

    «ខ្ញុំជាអសុរកាយ,» បុរសនោះគ្រហឹម។ «ជាអ្នកស៊ីសាកសព។ ខ្ញុំមកទីនេះដើម្បីស៊ីសាកសពស្រស់ដែលគេទើបតែកប់ព្រឹកម៉ិញ។ ហើយព្រោះតែខ្ញុំមិនបានស៊ីពីយប់ម៉ិញ, ខ្ញុំឃ្លានខ្លាំងណាស់។»

    «កុំស៊ីសពក្នុងផ្នូរនេះអី, ខ្ញុំសូមអង្វរលោក,» ខ្ញុំនិយាយព្រមទាំងលើកដៃសំពះ។ «ខ្ញុំស្រឡាញ់ប្រពន្ធខ្ញុំណាស់ជាងអ្វីៗទាំងអស់លើលោកនេះ។ ខ្ញុំមិនអាចទ្រាំឱបដៃឈរមើលគេស៊ីសពនាងទេ។ ខ្ញុំនិងធ្វើគ្រប់យ៉ាងដែលលោកត្រូវការ, គ្រាន់តែកុំប៉ះពាល់សពនាង។»

    អសុរកាយចាប់ផ្ដើមខឹង ហើយនិយាយ, «ខ្ញុំនឹងព្រមតាមសំណូមពរឯង, តែមានលក្ខខ័ណ្ឌមួយ។ រាល់យប់, គម្រប់៨យប់, ឯងត្រូវយកសពស្រស់មកឱ្យយើង។ ធ្វើវាតាមការកំណត់, ខ្ញុំនឹងមិនប៉ះពាល់ផ្នូរប្រពន្ធឯងទៀតទេ។»

    ជាមួយគ្នានោះ, អសុរកាយងាកចេញហើយដើរចូលព្រៃបាត់ទៅ។ ខ្ញុំចាកចេញពីផ្នូរខ្មោចនាយប់នោះហើយមកដល់ផ្ទះ, អារម្មណ៍ក្រៀមក្រំ និងទុក្ខសោក។ ថ្ងៃបន្ទាប់, ខ្ញុំពិតជាគ្មានជម្រើសជាមួយនឹងការសន្យារបស់អសុរកាយឡើយ។

    បន្ទាប់ពីថ្ងៃលិចទៅ, ខ្ញុំដាក់កាំបិតចូលហោប៉ៅហើយដើរទៅតាមសួនច្បាររួចពួនក្នុងគុម្ពោធព្រៃ រង់ចាំអ្នកដើរកាត់។ ពេលខ្ញុំឃើញបុរសម្នាក់ដើរតាមផ្លូវ, ខ្ញុំចាប់កាំបិតហើយរត់ទៅក្រោយបុរសនោះរួចចាក់បំពងក្ដគាត់។ បន្ទាប់មក, ខ្ញុំទាញសពគាត់ទៅវាលកប់ខ្មោចហើយឱ្យទៅអសុរកាយ។

    រៀងរាល់យប់, អស់ពេល៦យប់, ខ្ញុំត្រឡប់មកពីសួនច្បារវិញរួចធ្វើនូវរឿងដដែលៗនោះ។ រាល់យប់, អសុរកាយតែងមកចាំខ្ញុំនៅវាលកប់ខ្មោច ហើយខ្ញុំតែងមើលគាត់ហែកស៊ីសាកសពដោយដៃគាត់ហែកខ្វាយកពោះវៀនពោះតាំងយ៉ាងគួរឱ្យខ្លាច។

    សរុបមក, ខ្ញុំបានសម្លាប់មនុស្ស៧នាក់។ នៅសល់តែម្នាក់ទៀតខ្ញុំនឹងបញ្ចប់ការសន្យាជាមួយអសុរកាយ ហើយគាត់នឹងមិនមករំខានខ្ញុំទៀតឡើយ។ ខ្ញុំពិតជាតក់ស្លុតនូវអ្វីដែលខ្ញុំបានធ្វើណាស់, តែអ្វីៗវាបានកើតឡើងដោយសារតែចង់ការពារសពប្រពន្ធខ្ញុំ ទើបបានជាបែបនេះ។

    «នេះជារឿងដ៏ក្រៀមក្រំ និងគួរឱ្យខ្លាចរបស់ខ្ញុំ,» បុរសនោះនិយាយ។ "សំណាងអាក្រក់, យប់នេះគ្មានអ្វីសោះ, បើខ្ញុំមិនអាចរកសពមួយទៀតមកឱ្យអសុរកាយទេ, គាត់នឹងស៊ីសាកសពប្រពន្ធខ្ញុំដើម្បីបង្គ្រប់៨នាក់។ អ្វីដែលខ្ញុំបានធ្វើពិតជាមិនអាចលើកលែងទោសឱ្យទេ។ ខ្ញុំបានសម្លាប់មនុស្សគ្មានកំហុស។ ខ្ញុំមិនតវ៉ាអ្វីឡើយ។ ខ្ញុំយល់ព្រមឱ្យតុលាការកាត់ទោសប្រហារជីវិតឱ្យសមនឹងអ្វីដែលខ្ញុំបានធ្វើ។»

    ពេលបុរសនោះនិយាយរឿងរ៉ាវគាត់ចប់ហើយ, តុលាការពិតជាភ្ញាក់ផ្អើលខ្លាំងណាស់។ គាត់មិនដែលឮអ្វីដែលចម្លែកបែបនេះទេ។ គាត់គិតអស់ពេលមួយសន្ទុះ ហើយបន្ទាប់មកក៏សម្រេចកាត់ទោសដោយនិយាយថា :

    «ថែល សៀម, ឃាតកម្មដែលលោកបានធ្វើពិតជាអាក្រក់ណាស់, ហើយលោកយល់ព្រមទទួលទោសកំហុស។ ខ្ញុំឃើញថាលោកពិតជាស្ដាយក្រោយណាស់នូវអ្វីដែលលោកធ្វើហើយខ្ញុំជឿជាក់ថាលោកជាបុរសប្រកាន់សច្ចភាពណាស់។ ហេតុនេះហើយ, ខ្ញុំនឹងឱ្យលោកមានសេរីភាពហើយអនុញ្ញាតិឱ្យលោកដាក់ទោសខ្លួនឯងចុះ។ ខ្ញុំជឿថាលោកពិតជាដឹងនូវអ្វីដែលត្រូវធ្វើហើយ។»

    «អរគុណណាស់លោកតុលាការ,» បុរសនោះតប។ គាត់ដើរចេញពីសវនាការខណៈដែលអ្នករាល់គ្នាចាប់ផ្ដើមភ្ញាក់ផ្អើល។

    ព្រឹកបន្ទាប់, មានសាកសពមួយទៀតត្រូវបានរកឃើញនៅវាលកប់ខ្មោច។ វាជាសាកសពរបស់ថែល សៀម ហើយគាត់ស្ដូកស្ដឹងនៅក្បែរផ្នូរប្រពន្ធគាត់, ដោយពោះវៀនរបស់គាត់ត្រូវគេស៊ីអស់។ គាត់បានដាក់ទោសខ្លួនឯងនូវឃាតកម្មដែលគាត់បានសាងព្រមទាំងធ្វើតាមសន្យាជាមួយអសុរកាយផងដែរ។ សពចុងក្រោយនៃសន្យា គឺជាសពរបស់គាត់ផ្ទាល់៕

    ចប់
    សត្វអសុរកាយ សត្វអសុរកាយ Reviewed by Unknown on 8:00 PM Rating: 5
    Loading...
    Powered by Blogger.