>
  • ទំព័រដើម
  • ជាងគំនូរពិការភ្នែក



    គេហៅវាថាជាជាងគំនូរពិការភ្នែក។ វាជាក្មេងប្រុសម្នាក់អាយុប្រហែល៧ឆ្នាំ ហើយរស់នៅក្នុងផ្ទះតូចមួយក្នុងទីក្រុងនេះជាមួយម្ដាយរបស់វា។ វាជាជាងគំនូរអាជីព, តែវាងងឹតភ្នែកតាំងពីកំណើត។ ទោះជាវាពិការភ្នែក, តែវាអាចគូរគំនូរបានយ៉ាងអស្ចារ្យជាទីបំផុតដែលអ្នករាល់គ្នាកោតស្ញប់ស្ញែង។

    មនុស្សម្នាមកពីគ្រប់ទឹសទីដើម្បីឱ្យជាងគំនូរជាកុមារខ្វាក់នោះគូសរូបពួកគេ។ ពេលពួកគេបង់ថ្លៃគូរហើយ, វានឹងគូររូបពួកគេ។ គ្មាននរណាដឹងទេថាតើវាអាចគូរបានយ៉ាងជំនាញបែបនេះដោយរបៀបណា, បើវាមិនអាចឃើញមនុស្សដែលអង្គុយមុខវាផង។ វាជាញាណពិសេសយ៉ាងចម្លែក។

    ខ្ញុំចង់ឱ្យវាគូររូបខ្ញុំណាស់ ហើយថ្ងៃមួយ, ខ្ញុំបានដើរទៅផ្ទះរបស់វាហើយគោះទ្វារមុខ។ ពេលបើកទ្វារ, ខ្ញុំឃើញកុមារាជាជាងគំនូរពិការភ្នែកនោះឈរនៅទីនោះ, កាន់ឈើច្រត់នៅក្បែរម្ដាយរបស់វា។ មុខវាក្រៀមក្រំ និងម៉ឺងម៉ាត់។ ភ្នែកវាសស្លែត។ ស្ត្រីជាម្ដាយអញ្ជើញខ្ញុំចូលក្នុងផ្ទះហើយខ្ញុំក៏ចូលតាមគាត់។

    នៅក្នុងបន្ទប់បិទជិតមួយ, ខ្ញុំហុចលុយគ្រប់ចំនួនដែលស្ត្រីជាម្ដាយទារ។ គាត់អរគុណខ្ញុំហើយប្រាប់ខ្ញុំឱ្យអង្គុយលើកៅអីមួយ។ កុមារាងងឹតភ្នែកឈរពីមុខខ្ញុំជាមួយនឹងផ្ទាំងក្រដាសសមួយហើយចាប់ជក់។

    «មុននឹងចាប់ផ្ដើម, ខ្ញុំត្រូវប្រាប់លោករឿងមួយ,» ម្ដាយក្មេងនោះនិយាយ។ «ពេលខ្លះខ្ញុំគូរលើសហើយ...»

    ខ្ញុំមិនយល់ពីអ្វីដែលគាត់និយាយសោះ។ គំនូររបស់ក្មេងនេះគឺតែងតែស្រស់បំព្រង, ដូច្នេះខ្ញុំជឿជាក់ថានឹងពេញចិត្តនូវគំនូរដែលកំពុងតែគូរនេះជាមិនខាន។ ខ្ញុំអង្គុយស្ងៀមនៅទីនោះ, ខណៈដែលវាចាប់ផ្ដើមគូររូប។ ជាច្រើនម៉ោងកន្លងផុតទៅហើយយើងមិននិយាយអ្វីសូម្បីតែមួយម៉ាត់។ ជាងគំនូរកុមារខ្វាក់នេះមិនដែលមើលទៅក្រដាសឡើយ។ ដៃវាគ្រវាសចាប់ជក់គូរចុះឡើងៗ ហើយចិញ្ចើមវាឡើងជ្រួញ។

    ទីបំផុត, វាដាក់ជក់របស់វាចុះ។

    «រួចហើយ,» ម្ដាយក្មេងនោះនិយាយជំនួសកូន ហើយបក់ដៃហៅខ្ញុំឱ្យដើរមកមើល។ គ្រាន់តែខ្ញុំដាក់ភ្នែកក្រឡេកទៅផ្ទាំងគំនូរនេះភ្លាម, ខ្ញុំរន្ធត់តក់ស្លុតជាខ្លាំង។ វាបានគូររូបខ្ញុំដេកនៅលើដី, ជុំវិញខ្លួនសុទ្ធតែឈាមល្ហល្ហាច។ បំពង់កខ្ញុំត្រូវគេវះឡើងរយះធំហើយរាងកាយអាក្រាតរបស់ខ្ញុំពោពេញទៅដោយស្នាមកាប់រយះ។ គ្រាប់ភ្នែកខ្ញុំលៀនចេញមកក្រៅ, ធ្មេញបាក់ខ្ទេចច្រមុះបាក់ខ្ទង់ សាច់ថ្ងាសត្រូវគេព្រលះចេញអស់មួយដុំ។

    «ហេតុអី?» ខ្ញុំស្រែកដោយរន្ធត់។ «ហេតុអីក៏គូរខ្ញុំអាក្រក់បែបនេះ?»

    ជាងគំនូរខ្វាក់ងើយមុខមកខ្ញុំជាមួយគ្រាប់ភ្នែកសដ៏ក្រៀមក្រំ។

    «ខ្ញុំបានប្រាប់ហើយ,» ម្ដាយក្មេងនោះនិយាយ។ «ពេលខ្លះកូនខ្ញុំគូរលើសហើយ...ពេលខ្លះកូនខ្ញុំគូរពីពេលអនាគត...»៕

    ចប់

    សូមរង់ចាំអានរឿង ម្ដាយឆ្គួត នៅរាត្រីម៉ោង៨ថ្ងៃអាទិត្យនេះ!
    ជាងគំនូរពិការភ្នែក ជាងគំនូរពិការភ្នែក Reviewed by Unknown on 8:00 PM Rating: 5
    Loading...
    Powered by Blogger.