កូនសិស្ស
សំឡេងជួងបន្លឺរម៉ឺងៗ ជាសញ្ញាប្រកាសឱ្យសិស្សសាលាទាំងអស់ រត់ចូលថ្នាក់រៀងៗខ្លួន។ សំឡេងរចេចរចូចលាន់ទ្រហឹង បន្ទាប់ពីស្ងាត់ទៅវិញដោយគ្រូបង្រៀនដើរចូលមក។ អ្នកគ្រូមានអារម្មណ៍ថា គួរឱ្យភ្ញាក់ផ្អើលបំផុត ដែលបានមកជួបសិស្សថ្មីទាំងអស់របស់គាត់។ វាជាថ្ងៃសិក្សាដំបូង, ដូច្នេះអ្នកគ្រូចាំបាច់ត្រូវស្គាល់ឈ្មោះសិស្ស និងណែនាំខ្លួនគាត់ឱ្យសិស្សទាំងនោះស្ដាប់វិញ។
«ចាអរគុណណាប្អូនទាំងអស់គ្នា អ្នកគ្រូឈ្មោះ ឈូឈីង អាយុ២២ឆ្នាំ»
«អាយុ២២ឆ្នានៅលីវមិនទាន់មានប្ដីទេ» (សិស្សម្នាក់កាត់)
«ចាៗនៅមិនទាន់មានប្ដីទេ ...អាហ្អ ច្រឡំមាត់សុំទោសណា»
ក្មេងៗសើចឡើងគិល។ អ្នកគ្រូនឹកខឹងនឹងសិស្សកំហូចម្នាក់នេះដែលនិយាយបន្លប់គាត់ឱ្យខ្មាសក្មេងទាំងព្រឹក តែកំហឹងគាត់ក៏ត្រូវបាត់ដោយស្នាមញញឹមក្មេងនីមួយៗ។ ក្ដីសុខរបស់គ្រូ គឺការធ្វើឱ្យសិស្សសប្បាយចិត្ត។
សិស្សនីមួយៗ ណែនាំខ្លួនម្ដងម្នាក់ៗ យ៉ាងសុភាពរៀបសារគួរឱ្យស្រលាញ់ ក្មេងខ្លះអឹមអៀននឹងអ្នកគ្រូថ្មីរបស់វា លែងតែសិស្សប្រុសម្នាក់ មិនព្រមធ្វើដូចគេសោះ។ វាឱនក្បាលចុះក្រោម។ ឃើញដូចនេះ អ្នកគ្រូក៏ដើរទៅជិតតុក្មេងនោះ ហើយនិយាយតិចៗ៖
«សួស្ដីប្អូន! អូនមានឈ្មោះអីដែរ?»
«...»
«សួស្ដីអូន!»
ក្មេងតូចងើបមុខឡើង។ វាពាក់ម៉ាស់ជិតមុខ និងពាក់វ៉ែនតាខ្មៅធំដែលអ្នកគ្រូមិនអាចមើលឃើញភ្នែកទាំងគូរបស់វាឡើយ។ ទោះជាយ៉ាងណាក៏ដោយ អ្នកគ្រូអាចដឹងថា វាកំពុងតែសម្លក់អ្នកគ្រូថ្លែ។
«សូមអ្នកគ្រូនិយាយជាមួយខ្ញុំនៅកន្លែងស្ងាត់តែ២នាក់»
សម្ដីគ្មានន័យ ២-៣ ម៉ាត់របស់ក្មេងតូចនេះ ឮរំពងក្នុងបន្ទប់សាលា។ មានអារម្មណ៍ថាក្មេងនេះចំឡែក មែនទែន, ពិតជាចំឡែកណាស់ ។
[---]
ជារៀងរាល់ថ្ងៃ ក្មេងៗទាំងអស់តែងតែមករៀនយ៉ាងទៀងទាត់មិនដែលខាន។ សម្រាប់អ្នកគ្រូវិញ ពេលកំពុងតែបង្រៀន ឱ្យតែភ្នែកគាត់ក្រលេកឃើញក្មេងពាក់វ៉ែនតានោះម្តងៗ គាត់តែងមានអារម្មណ៍ខ្លោចចិត្តដោយអានិតវា។ វាជាក្មេងស្ងៀមស្ងាត់ ហើយអង្គុយតែម្នាក់ឯង សិស្សផ្សេងទៀតគេមិនដែលទៅរវីរវល់នឹងវាឡើយ។
មានព្រឹកនោះ, ពេលចូលរៀន អ្នកគ្រូបានហៅឈ្មោះសិស្សទាំងអស់ ពេលហៅដល់ឈ្មោះក្មេងចម្លែក សិស្សមួយចំនួនក៏សួរគាត់ថា ម្នាក់ហ្នឹងជានរណា? គាត់ក៏ចង្អុលទៅក្មេងនោះ ហើយអ្នករាល់គ្នាក៏សើចគិលឡើង, ប្រហែលដោយសារតែការបិទបាំងមុខរបស់វាមើលទៅកំប្លែង។ ក្មេងប្រុសនោះគ្មានមិត្តភក្តិឡើយ ។
ថ្ងៃមួយ បាត់ក្មេងប្រុសវ៉ែនតាខ្មៅមិនឃើញមករៀន។ ដោយអវត្តមានដោយឥតច្បាប់, អ្នកគ្រូក៏បើកបញ្ជីរកឈ្មោះក្មេងនោះដើម្បីរកលេខទូរស័ព្ទទាក់ទងទៅម្ដាយ-ឪពុកវា។ វាពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់ ព្រោះក្នុងបញ្ជី មិនមានឈ្មោះក្មេងនោះទេ ទាំងដែលម្សិលម៉ិញឃើញច្បាស់ក្រលែត។ គាត់ចាំបានថា ឈ្មោះក្មេងនោះនៅលេខរៀងទី៣៦ តែពេលគាត់មើលទៅលេខរៀងទី៣៦, វាជាឈ្មោះអ្នកផ្សេង។ អ្នកគ្រូមានការចម្លែកចិត្តណាស់ គាត់ចងចិញ្ចើមខ្មូ ហើយមើលទៅចំនួនសិស្សសរុបដែលដាក់ក្នុងបញ្ជី “៤៥ នាក់” !!!
«ម៉ិចនឹងអាចទៅរួចទៅ សិស្សសរុបរបស់ខ្ញុំមាន៤៦នាក់ ចុះបាត់ម្នាក់ទៅណា???¿»
ដៃអ្នកគ្រូចាប់ផ្ដើមញ័រ ក្រោមក្រសែភ្នែកងឿងឆ្ងល់របស់ក្មេងៗទាំងអស់។
អ្នកគ្រូប្រញ៉ាប់រត់ទៅទីចាត់ការ ហើយរកឈ្មោះសិស្សចម្លែកនោះ ក្នុងបញ្ជីចុះឈ្មោះ។ ក្នុងនេះមានឈ្មោះសិស្សគាត់ទាំងអស់លើកលែងតែឈ្មោះ “ហាណាកុរិ” ឈ្មោះសិស្សពាក់ម៉ាស់និងវ៉ែនតា។
អ្វីៗធ្វើឱ្យច្របូកច្របល់យ៉ាងខ្លាំង រហូតអ្នកគ្រូប្ដេជ្ញាថា នឹងស្រាយចំណងរបស់គាត់ឱ្យទាល់តែបាន។ គាត់បានទៅបន្ទប់កុំព្យូទ័រ និងបើកមើលសកម្មភាពក្នុងថ្នាក់របស់គាត់ពីម្សិលនៅក្នុងម៉ាស៊ីនថត សុវត្តិភាព (security camera) តែក្នុងខ្សែវីដេអូ នៅត្រង់តុដែលក្មេងនោះអង្គុយ មិនមាននរណាម្នាក់អង្គុយឡើយ។
«ម៉េចនឹងអាចទៅ ពីម្សិលខ្ញុំឃើញគេយ៉ាងច្បាស់ក្រឡែត» អ្នកគ្រូនិយាយខ្លាំងៗតែម្នាក់ឯង ។
អ្វីដែលគាត់នឹងធ្វើតទៅទៀតនេះ គឺទៅមើលបញ្ជីចុះឈ្មោះសិស្ស តែឥតប្រយោជន៍ដដែល។ សិស្សនោះធ្លាប់ប្រាប់ថាវានៅផ្ទះលេខ៣៤៦ សង្កាត់ Zhaoi ឯណោះ។
នៅល្ងាចនោះ បន្ទាប់ពីចេញពីការបង្រៀន អ្នកគ្រូបានដើរទៅក្បែរថ្នល់ ស្រាប់តែឃើញក្មេងដែលគាត់កំពុងរកនោះឈរបែរខ្នងចម្ងាយ១០ម៉ែតពីគាត់។
«ហាណាកុៗ ហាណាកុចាំង ឈប់សិន»
ក្មេងនោះបែរមុខមើលគាត់ដោយការងឿងឆ្ងល់។ គេមិនមែនជា ហាណាកុ នោះទេ គ្រាន់តែមើលទៅស្រដៀងតែប៉ុន្នោះ។
«អ្នកគ្រូសុំទោសណា អ្នកគ្រូច្រឡំមនុស្សហើយ,»
គាត់ក៏ដើរមកចិញ្ចើមផ្លូវហើយហៅតាក់ស៊ី។
«ទៅផ្ទះឬអ្នកគ្រូ?»
«អត់ទេពូ! ទៅសង្កាត់ Zhaoi»
តាក់ស៊ីក៏បរទៅមុខ យ៉ាងលឿនសំដៅទឹសដៅដែលគាត់ប្រាប់។ តាមផ្លូវ មេឃចាប់ផ្ដើមងងឹតបន្តិចម្ដងៗ។ សង្កាត់ Zhaoi មិនមែននៅជិតពីទីនេះប៉ុន្មានទេ។ នៅពេលកំពុងធ្វើដំណើរជាមួយពូតាក់ស៊ី, អ្នកគ្រូក៏បានគិតទៅដល់រឿងរ៉ាវកាលពីថ្ងៃមុន ដែលគាត់ និងក្មេងនោះសន្ទនាគ្នាតែពីរនាក់ក្នុងបណ្ណាល័យនៃសាលារៀន។ ក្មេងនោះថាវាមិនចូលចិត្តសភាពអ៊ូអរទេ ហើយបើអ្នកគ្រូទំនេរអាចទៅលេងផ្ទះវាបាន។
ងឺតៗ.......
សំលេងហ្វ្រាំងរថយន្តតាក់ស៊ីបង្អូសវែងឡើងស្រកៀរត្រចៀកអ្នកកំពុងជិះម្នាក់នេះ និងដាស់គាត់ឱ្យដាច់ពីការគិតស្រម៉ៃ។
«ដល់Zhaoi ហើយអ្នកគ្រូ!»
អ្នកគ្រូក្រមុំសម្លឹងមើលលេខលើរបងផ្ទះមួយ តាមកញ្ចក់។
«ទេពូ !នេះទើបតែផ្ទះលេខ២៨៩ ហ្នឹង!ខ្ញុំត្រូវការទៅផ្ទះលេខ៣៤៦»
«ហ្អាក! នៅម្ដុំនោះជាជាយក្រុងហ្នឹង ភូមិនោះស្ងាត់ ហើយផ្ទះនីមួយៗដាច់ៗឆ្ងាយពីគ្នា ណាមួយពេលនេះម៉ោង៧កន្លះ ទៅហើយ, គួរឱ្យខ្លាចណាស់... »
អ្នកគ្រូឈូឈីង សម្លឹងមើលមុខពូតាក់ស៊ីយ៉ាងមាំ ហើយនិយាយ :
«ចុះពូខ្លាចខ្មោចឬ?»
«អត់..អត់ទេ តែក្រែងតែអ្នកគ្រូវិញទេតើ!»
«ខ្ញុំ?រឿងខ្មោចវិញ កុំនិយាយជាមួយខ្ញុំ អត់សូវជឿសោះ តែយ៉ាងណាក៏មិនប្រាថ្នាជួបដែរ»
«ហ៊ិះហិះហ៊ឺ ត្រូវហើយ»
រថយន្តតាក់ស៊ីក៏បរទៅមុខទៀត រហូតដល់ផ្លូវស្ងាត់ងងឹតឈឹង បន្ទាប់ពីមកដល់ផ្ទះលេខ៣៤៦។ វាជាផ្ទះដែលដាច់ពីផ្ទះគេឯទៀត តែនៅផ្លូវខាងមុខក៏មានផ្ទះមួយចំនួនទៀតដែរ មិនមែននៅចុងគេបង្អស់នោះទេ។ ផ្ទះនេះមានទំហំធំមធ្យម មានពីរជាន់ ធ្វើពីថ្នស៊ីម៉ង់ ដំបូលប្រក់ក្បឿង បង្អួចធ្វើពីកញ្ចក់។ ក្នុងផ្ទះងងឹតឈឹង។
នៅខាងមុខទីធ្លារ មានអាងទឹកចិញ្ចឹមត្រីធំដែលពេលនេះគេឈប់ប្រើការហើយ។ របងមានសភាពចាស់ដោយធូលីកាន់ តែនៅអាចមើលឃើញលេខផ្ទះ ហើយរបងមិនមានទ្វារបិទទេ វាបានជ្រុះទៅហើយ។ អ្នកគ្រូស្ទាក់ស្ទើរនឹងចុះទៅចុចកណ្ដឹង។ ចិត្តមួយខ្លាចវាជាផ្ទះដែលគ្មាននរណានៅ ចិត្តមួយទៀតក្រែងម្ចាស់ផ្ទះដេកលក់អស់ តែភាពក្លាហានបានជំរុញគាត់ឱ្យចុចកន្ដឹង។
«...»
គ្មានការឆ្លើយតបសោះ។
«ខ្ញុំគិតថាគ្មាននរណានៅទីនេះនោះទេ យកល្អត្រលប់ទៅផ្ទះវិញទៅអ្នកគ្រូ!»
«វាប្រហែលដូចពូថាមែនហើយ»
គាត់វិះនឹងឡើងឡានចាកចេញពីទីនេះទៅហើយ ស្រាប់តែមានសំឡេងមួយមកឃាត់គាត់ជាប់ :
«អ្នកគ្រូមានការអីដែរ?»
សំឡេងក្មេងតូចណាកុរិ ឮចេញពីក្នុងផ្ទះងងឹតនេះ។
«ចូលមកខាងក្នុងសិនមក»
អ្នកគ្រូងាកមកពូតាក់ស៊ីវិញហើយប្រាប់ :
«ពូនៅចាំខ្ញុំសិនហើយខ្ញុំចូលទៅក្នុងម៉ាភ្លែត»
«ចូលទៅធ្វើអី?» គាត់មើលមុខដោយឆ្ងល់។
«មិនអីទេ គេជាសិស្សខ្ញុំ ខ្ញុំមានការត្រូវនិយាយជាមួយវា។»
អ្នកគ្រូងាកមកញញឹមដាក់សិស្សគាត់វិញហើយដើរតម្រង់ទៅរកវា។ ពេលនេះវាមិនមានពាក់ម៉ាស និងវ៉ែនតាទៀតទេ ហើយថ្ពាល់ទាំងគូររបស់វាពណ៌ផ្កាឈូកគួរឱ្យចង់ចាប់ហែក។
«ឯងអត់ឃើញទៅរៀន អ្នកគ្រូបារម្ភក៏មកសួរ,»
«អរគុណអ្នកគ្រូហើយ តែម៉ាក់គាត់ឱ្យខ្ញុំឈប់រៀនហើយ»
«វាគួរឱ្យស្ដាយណាស់ ឯងនៅក្មេង គួរតែរៀនឱ្យចេះ»
«អ្នកគ្រូចូលមកខាងក្នុងសិនមក នៅខាងក្រៅចឹង ងងឹតណាស់»
«ចា!»
វាកាន់ដៃអ្នកគ្រូនាំមុខ ទៅកណ្ដាលបន្ទប់។ ទីនេះមានអំពូលភ្លើងភ្លឺ មិនមែនងងឹតដូចខាងក្រៅទេ។ វាជាបន្ទប់ទទួលភ្ញៀវ មានសាឡុង២ តុកញ្ចក់១ ទូរទស្សន៍អេក្រង់ធំមួយដាក់កិបជញ្ជាំងក្បែររូបថតមួយផ្ទាំងធំដែលក្នុងនោះមានប្ដីប្រពន្ធពីនាក់ និងក្មេងតូច។
«គាត់ជាប៉ាម៉ាក់ឯងមែនទេ ណាកុ?»
«បាទត្រូវហើយអ្នកគ្រូ!»
«ចុះឥឡូវពួកគាត់សម្រាន្តលក់អស់ហើយមែនទេ?»
«គាត់នៅទីនោះ!»
ក្មេងចង្អុលទៅបន្ទប់ញ៉ាំអាហារ។ ក្នុងនោះគឺជាស្រ្តីម្នាក់កំពុងតែទទួលទានអាហារ។
«អ្នកគ្រូឈូឈីងមែនទេ ណាកុចាំង?»
«ត្រូវហើយម៉ាក់ គាត់មកលេងយើងណាម៉ាក់!»
ស្ត្រីនោះងើបដើរចេញមកបន្ទប់ទទួលភ្ញៀវ សម្ដៅរកអ្នកគ្រូមត្តេយ្យនេះយ៉ាងប្រញ៉ាប់ ក្នុងបំណងរាក់ទាក់ភ្ញៀវក្នុងនាមជាស្ត្រីជប៉ុន។ មើលទៅនាង អាយុស្របាលនឹងអ្នកគ្រូដែរ តែរាងខ្ពស់ និងមុខចាស់ជាងអ្នកគ្រូបន្តិច ព្រោះនាងធ្លាប់សម្រាលបុត្ររួចមកហើយ។
«ជំរាបសួរអ្នកគ្រូ អរគុណណាដែលមកព្រួយបារម្ភពីកូនខ្ញុំ»
«ចាសចា មិនអីទេ នេះជាកត្វកិច្ចរបស់គ្រូមត្តេយ្យទៅហើយ និយាយអីចឹងនែក...បងស្រីឈ្មោះអ្វីដែរ?»
«ខ្ញុំឈ្មោះ ណូរ៉ាគិ វ៉ាសាគី ហៅថារ៉ាគិ ទទេក៏បានព្រោះខ្ញុំចូលចិត្តឱ្យហៅឈ្មោះជាង»
«ខ្ញុំឮថា រ៉ាគិឯង ឱ្យកុរិ ឈប់រៀនហើយមែនទេ?»
«ចា មែនហើយ ពីព្រោះកូនខ្ញុំមិនចូលចិត្តរញ៉េរញ៉ៃទេ ហើយណាមួយខ្ញុំមិនចង់ឱ្យរំខានសាលាបើកឡានមកយកដល់ទីនេះ ទើបឱ្យវាឈប់តែម្ដងទៅ។ បើអ្នកគ្រូទំនេរ អ្នកគ្រូអាចមកបង្រៀនគួពិសេសដល់ទីនេះតែម្ដងទៅ។»
«ចាស ដោយក្ដីរីករាយពីខ្ញុំ!»
«អ៊ីចឹងយកលុយមួយខែមុនឱ្យហើយ!?»
«មិនទេ កុំទាន់គិតពីរឿងនេះអី ដែលសំខាន់ តើចង់រៀនម៉ោងប៉ុន្មាន?»
«អ្នកគ្រូទំនេរម៉ោងណា?»
«ម៉ោង...នែក មានតែម៉ោង៧-៨យប់»
ពីរនាក់ម្ដាយកូន និងឈូឈីង ក៏សម្រេចថារៀនម៉ោងហ្នឹងទៅ។
«បើអស់កិច្ចហើយ ខ្ញុំលាទៅវិញហើយ ព្រោះតាក់ស៊ីកំពុងតែចាំ!»
«ចា...»
«បាទ!»
«ទៅចុះកុំឱ្យគេចាំយូរ»
ពេលកំពុងតែជិះត្រលប់ទៅក្រុងវិញអ្នកបើកតាក់ស៊ីសួរទៅកាន់ឈូឈីង :
«អ្នកគ្រូចូលក្នុងផ្ទះនោះធ្វើអ្វីយូរម៉្លេះ?»
«ខ្ញុំថាវាមិនទាក់ទងនឹង ពូទេអធ្យាស្រ័យ»
(---)
រៀងរាល់ថ្ងៃ ឱ្យតែម៉ោង៧យប់ អ្នកគ្រូមត្តេយ្យម្នាក់នេះ ត្រូវជិះតាក់ស៊ីមកផ្ទះកុរិ។ យប់ដំបូងបន្ទាប់ពីមកដល់ផ្ទះនេះ អ្នកគ្រូក៏ឱ្យតាក់ស៊ីទៅមុនចុះ រួចផ្ដាំថា ចាំម៉ោង៨សឹមមកយកគាត់។ នាងកត់សម្គាល់ឃើញថា រ៉ាគិ ពិតជាធ្វើល្អដាក់នាងណាស់។ យប់ខ្លះ បន្ទាប់ពីបង្រៀនរួច និងពេលកំពុងចាំតាក់ស៊ីមកយក រ៉ាគិ និងកូនរបស់នាងបានចែករំលែកអាហារពេលល្ងាចរបស់គេ ឱ្យនាងចូលរួមហូបជាមួយទៀតផង។
យប់នេះ អ្នកគ្រូក្រមុំមិនបានហៅតាក់ស៊ីទេ ដោយនាងគិតថា ជិះកង់ខ្លួនឯងវិញ នាងមិនចង់ចំនាយប្រាក់ទៅលើការបង់ថ្លៃតាក់ស៊ី និងមួយទៀត ការជិះកង់ប្រៀបដូចជាការហាត់ប្រាណដែរ ។ ឈូឈីងត្រូវជិះកង់ចម្ងាយ៤គីឡូម៉ែត្រពីផ្ទះនាងទៅសង្កាត់សិស្សរបស់នាង។ នៅតាមផ្លូវភ្លើងភ្លឺចញ្ចាចមានមនុស្សទៅមកអ៊ូអែរ មិនមានអ្វីគួរឱ្យខ្លាចទេ តែនៅពេលកាច់ផ្លូវ ចុះតមកដល់ត្រឹមស្ពាននេះវិញ ក៏ស្ងាត់ឈឹងគ្មាននរណាម្នាក់បរតាមនេះសោះ ព្រោះជាផ្លូវដាច់ក្រុងមិនសូវមានផ្ទះសម្បែងទេ។ មានបង្គោលភ្លើងមួយៗដែរដែលល្មមតែអាចឱ្យក្រមុំយើងមើលឃើញផ្លូវយ៉ាងស្រួល។ នៅតាមកៀនៗផ្លូវសម្បូរទៅដោយស្មៅព្រៃស៊ុបទ្រុបដុះហួសក្បាល ដែលកម្រនឹងមានអ្នកដំនើរណាហ៊ានធ្វើដំនើកាត់នេះ នៅវេលាស្មើរនេះ ដូចក្រមុំយើងឡើយ។ នៅរាត្រីនេះនាងក៏មានការភ័យខ្លាចដែរ ណាខ្លាចមានចោរជំរឹត ឬរំលោភ ណាខ្លាចព្រៃស្ងាត់ ណាមួយទៀតខ្លាចមានឃាតកររោគចិត្តមកស្ទាក់ចាំសម្លាប់អ្នកដំនើរ។ ប៉ុន្តែ សកម្មភាពដដែលៗរាល់ថ្ងៃនេះ ធ្វើឱ្យនាងភ្លេចអស់នូវការភ័យខ្លាចទាំងប៉ុន្មានជំនួសឱ្យអារម្មណ៍នឿយហត់បន្តិចបន្តួច។
នាយប់មួយ, ពេលបង្រៀនណាកុរិចប់ គាត់រៀបចំសម្ារៈបម្រុងនឹងជិះកង់ត្រលប់ទៅវិញដូចធម្មតាហើយស្រាប់តែគាត់នឹកឃើញដល់ចម្ងល់របស់គាត់ដែលចង់សួរវាយូរណាស់ មកហើយ។ ជួនជាពេលល្អ រ៉ាគិគេនៅឯជាន់លើ មិនបានចុះមកក្រោមនិយាយលេង ដូចរាល់ដងទេ អ្នកគ្រូម្នាក់នេះក៏សួរសិស្សគាត់តិចៗ :
«អ្នកគ្រូមកបង្រៀនណាកុឯងជិត៥ខែហើយ មិនដែលឃើញប៉ារបស់ឯងសោះ!»
«ប៉ាប៉ារត់ចេញពីផ្ទះបាត់ហើយ!»
ក្មេងតូចបែរជាធ្វើមុខស្រងូតស្រងាត់ហើយស្រដីឡើងតិចៗ, «តាមពិតទៅកាលពីមុនប៉ានៅជាមួយពួកយើង ប៉ានិងម៉ាក់ពិតជាស្រលាញ់គ្នាណាស់ តែថ្ងៃមួយ...កាលហ្នឹងញុំចាំបានថាញុំនៅតូចណាស់ ប៉ានិងម៉ាក់បានឈ្លោះគ្នាដោយសារតែញុំ ញុំមិនចាំថាយ៉ាងណាទេ ហើយប៉ាក៏ចាកចេញពីផ្ទះទៅ គាត់មិនដែលមកលេងយើងទេ ញុំនឹកគាត់ណាស់»
«ហ៊ឹមតាមពិតទៅឯងជាក្មេងគួរឱ្យស្រឡាញ់ ថ្ងៃណាមួយប៉ាឯងគាត់នឹងត្រលប់មករកឯងវិញពុំខាន ចឹងឯងទៅគេងចុះអ្នកគ្រូទៅវិញហើយ រាត្រីសួស្ដីណា»
«រាត្រីសួស្តីអ្នកគ្រូ»
---
ឈូឈីងមកបង្រៀនផ្ទះលេខ៣៤៦នេះអស់រយៈពេល១ឆ្នាំ២ខែ។ មនោសញ្ចេតនារបស់គ្រូ និងសិស្ស ក៏កាន់តែមានយ៉ាងជ្រៀលជ្រៅ រហូតដល់ថ្នាក់ស្ទើរតែបាត់មុខគ្នាមួយថ្ងៃមិនបាន។
យប់នេះ អ្នកគ្រូជិះកង់របស់គាត់មកបង្រៀនសិស្សតាមធម្មតា តែពេលជិះមកជិតដល់ផ្ទះ៣៤៦ទៅហើយ ស្រាប់តែស្ត្រីម្នាក់ឃាត់ដំនើរគាត់។ ស្ត្រីនោះជាអ្នកនៅផ្ទះម្ដុំនេះដែ ។ គាត់មើលមុខអ្នកគ្រូហើយសួរ :
«ខ្ញុំឆ្ងល់ជាយូរមកហើយថា តើអ្នកគ្រូឯងទៅផ្ទះនោះរាល់យប់ធ្វើអី?»
«ចាសមីង ខ្ញុំទៅបង្រៀនគួរពិសេសកូនប្រុសរបស់ម្ចាស់ផ្ទះនេះ»។
តាមរយៈពន្លឺនៃបង្គោលភ្លើងក្បែរនោះជះមកលើផ្ទៃមុខគាត់បន្តិចបន្តួច ល្មមនឹងអាចមើលឃើញថាគាត់កំពុងតែមានទឹកមុខភ័យខ្លាច ប្រៀបដូចជានរណាមកបន្លាចគាត់យ៉ាងចឹង។
«មើលទៅក្មួយ ដូចជាមិននិយាយលេងទេ មែនទេ??»
«ចាមីង! មានរឿងអីមែនទេ?»
«ក្ម...ក្មួយ...ចូលមកផ្ទះមីងសិនមកលឿនឡើង...ចាំមីងប្រាប់ក្មួយរឿងមួយ»។
ស្ត្រីម្នាក់នោះដឹកដៃនាងចូលផ្ទះគាត់យ៉ាងប្រញ៉ាប់។ ក្នុងផ្ទះគាត់មានសមាជិក៦នាក់ ម៉ែគាត់ ប្ដីគាត់ ប្អូនប្រុសស្រី និងកូនៗ។ គ្រប់គ្នាមើលមុខឈូឈីងដោយការងឿងឆ្ងល់។
«អ្នកគ្រូនេះត្រូវខ្មោចលងហើយ»។
ចប់ប្រយោកភ្លាមឈូឈីងដួលស្រឹបទៅលើសាឡុង។ នាងធ្លាក់ថ្លើមក្ដុក មិននឹកស្មានថាអ្វីៗគ្រាន់ជាការបំភាន់ភ្នែក។ នាងគ្មានអារម្មណ៍គិតថាស្ត្រីនេះនិយាយកុហក ឫការពិតឡើយ ដែលសំខាន់ពីមុនមកនាងក៏ធ្លាប់មានការសង្ស័យលើម៉ែកូននេះដែរ។
«រឿងរ៉ាវវាយ៉ាងម៉េចទៅមីង?»
គ្រប់គ្នាព្រឺសម្បុរខ្ញាក់ពេលដែលនឹកឃើញដល់ហតុការណ៍កាលពីប៉ុន្មានឆ្នាំមុន។ អ្នកផ្ទះនេះចិត្តបានណាស់ ខ្លះរកទឹកមកឱ្យអ្នកគ្រូផឹក ខ្លះរកប្រេងខ្យល់មករឹតកុំឱ្យអ្នកគ្រូរន្ធត់ចិត្តពេក។
«ក្មួយតាំងស្មារតីឡើងហើយទទួលយកការពិតទៅ។ រាល់តែថ្ងៃ គ្រួសារមីងឆ្ងល់ថា តើក្មួយចូលទៅក្នុងផ្ទះនោះធ្វើអីរាល់យប់? ក្មួយមិនដឹងទេឫ?កាលពីឆ្នាំ២០០៣ កំនើតកូនមីងអាប្រុសនៀក មានគ្រួសារ១ ប្តី ប្រពន្ធ និងកូនប្រុសតូច មករស់នៅផ្ទះលេខ៣៤៦នោះ ពួកគេល្អូកល្អើននឹងគ្នាណាស់ តែថ្ងៃមួយ...»
និយាយត្រឹមនេះ គាត់ក៏ក្រលេកទៅផ្ទះនោះតាមបង្អួច ដែលរំលងតែដីទំនេរពីទីនេះតែ២កន្លែងប៉ុន្នោះ ល្មមអាចឃើញផ្ទះចំណាស់ងងឹតឈឹងបិទទុកចោល។
«ឱ្យអ្នកណាម្នាក់និយាយឱ្យក្មួយឯងស្ដាប់តទៀតចុះ មីងព្រឺសម្បុរណាស់»
«ពូនិយាយឱ្យស្តាបតក៏បាន,» ប្តីគាត់ត។ «ក្រោយមក, ថ្ងៃនោះ កូនប្រុសតូចកំពុងតែលេខនៅសួនច្បារ ប្តីកំពុងអានកាសែតនៅជាន់លើ ប្រពន្ធកំពុងធ្វើម្ហូបនៅក្នុងផ្ទះបាយជាន់ក្រោម ស្រាប់តែកូនប្រសតូចគាត់លបៗទៅពញ្ញាក់ម្ដាយពីក្រោយ ដែលម្ដាយកំពុងកាន់កាំបិតក៏វាសខ្វាចដាច់បំពង់កកូនប្រុសដោយអចេតនាបំផុត កូនប្រុសក៏ស្លាប់ភ្លាមៗ រីឯម្ដាយក៏ស្រែកទ្រហោយំ ឯឪពុកឮពីខាងលើមក ប្រញ៉ាប់ចុះមកមើល។ មកដល់ពេលឃើញកូនស្លាប់ អារម្មណ៍ស្រលាញ់កូន និងអារម្មណ៍ខឹងមួយឆាវ ស្មានតែប្រពន្ធសម្លាប់កូន មិនដឹងការខុសត្រូវ ទាញកាំបិតអារខ្វោកទៅលើ-កប្រពន្ធខ្លួនឯង ស្លាប់គសពលើកូន។ ប្តីក៏រត់គេចខ្លួនបាត់។ បន្ទាប់ពីសាច់ញាតិធ្វើបុណ្យរួចហើយ ផ្ទះនេះក៏ត្រូវបិតទុកចោលតាំងពីពេលនោះឯង។ ហេតុការណ៍នេះកើតឡើងមកជាងដប់ឆ្នាំមកហើយក៏ពិតមែនតែពួកយើងនៅចងចាំជានិច្ច...»។
ស្តាប់រឿងរ៉ាវឃាតកម្មនេះចប់ អ្នកគ្រូហូទឹកភ្នែករហាម។
«មិននឹកស្មានសោះ...»
អ្នកគ្រូមិនបានត្រលប់ទៅផ្ទះវិញឡើយ ដោយអ្នកផ្ទះនេះបានរៀបចំបាយទឹក និងកន្លែងដេកយ៉ាងស្អាតឱ្យគាត់។
រយៈពេលមួយសប្តាហ៍ ហេតុការណ៍មនុស្សបង្រៀនខ្មោចនេះ បានល្បីសុះសាយពេញទីក្រុង។ នៅព្រឹកនេះ គេឃើញមានមនុស្សម្នាជាច្រើននាក់ទាំងក្មេងទាំងចាស់ អ៊ូរអែ នៅបរិវេណដីឡូដ៍ ផ្ទះខ្មោចម្ដាយកូននេះ។ ជុំវិញនោះ គេឃើញមានកាម៉េរា និងអ្នកយកព័ត៌មានមកពីប៉ុស្តិ៍ទូរទស្សន៍ល្បីៗ។ អ្នកគ្រូ ឈូ ឈីង ក៏មានវត្តមាននៅទីនោះដែរ។ អ្នកកាសែតចោមរោមសម្ភាសន៍អ្នកគ្រូជិត។ គាត់មិនកំណាញ់ទេ ក៏និយាយហេតុការណ៍ទាំងអស់ដែលបានកើតឡើង អស់ពេលជាងមួយឆ្នាំនេះ ប្រាប់ពួកគេទាំងមិនសប្បាយចិត្ត។
មួយម៉ោងក្រោយមក មនុស្សម្នាចាកចេញពីផ្ទះចំណាស់បន្តិចម្តងៗ រហូតសល់តែឈូឈីង ម្នាក់ឯង។ នាងសម្លឹងមើលទៅក្នុងផ្ទះតាមបង្អួចកញ្ចក់មិនដាក់ភ្នែក។ មិននឹកស្មានឡើយថា បន្ទប់ដ៏មានផាសុកភាព តាមពិតជាបន្ទប់ទទួលភ្ញៀវដ៏កខ្វក់សម្បូរទៅដោយពីងពាងព័ទ្ធ ស្ទើរតែមិនជឿ។
នារីក្រមុំ បោះជំហានយឺតៗ សំដៅទីធ្លាក្រោយផ្ទះ ដែលមានស្មៅដុះស៊ុបទ្រុប។ នៅឆ្ងាយពីនោះ៤-៥ម៉ែត្រ មានដីទួល២កន្លែងក្បែរគ្នា មិនបាច់គិតយូរក៏ដឹងថាវាជាផ្នូរ។ ក្រមុំនិយាយតិចៗតែម្នាក់ឯង :
«សូមអ្នកទាំងពីរទៅកាន់សុគតិភពចុះ កុំនៅវិលវល់ក្នុងពិភពកម្មនេះ ជាតិក្រោយទៀតសង្ឃឹមថាអ្នកទាំងពីរនឹងមិនជួបរឿងអាក្រក់ដូចជាតិនេះ ណាកុ អ្នកគ្រូលាសិនហើយណាសិស្សសម្លាញ់»។
កង់ចាប់ផ្ដើមវិលតិចៗដោយកម្លាំងធាក់ ធ្វើឱ្យផ្លាស់ទីពីផ្ទះ៣៤៦យឺតៗ ព្រោះអ្នកជិះហាក់គ្មានកម្លាំងក្នុងខ្លួនសោះ។ នៅមុខផ្ទះ ខ្យល់បក់យ៉ាងខ្លាំង ទីនោះមានស្រមោលខ្មៅពីរ ស្រមោលនោះគ្រាន់តែចង់និយាយថា “អរគុណចំពោះរយៈពេលជាង១ឆ្នាំដើម្បីផ្ដល់ចំនេះដឹងដល់កូនខ្ញុំ” ៕
កូនសិស្ស
Reviewed by Unknown
on
11:07 AM
Rating: