>
  • ទំព័រដើម
  • ស្ត្រីជាប់ផ្ទះ


    ប៉ុន្មានឆ្នាំមុន, ខ្ញុំបានជួលផ្ទះមួយនៅជាយជនបទ។ ផ្ទះអ្នកជិតខាងខ្ញុំនៅចុងផ្លូវជាប់ផ្ទះខ្ញុំ ប្ដីឈ្មោះភិន ប្រពន្ធឈ្មោះលីសា។ ពួកគេមានកូនតូចពីរនាក់ ស្រីមួយប្រុសមួយ។ ពួកគេជាអ្នកជិតខាងល្អ និងស្ងៀមស្ងាត់ហើយធ្វើអីដោយមិនងាយពឹងពាក់គេ។

    យប់មួយ, ខ្ញុំបានភ្ញាក់ឡើងទាំងព្រលឹងចុងសក់។ សំលេងម្យ៉ាងឮចេញមកពីផ្ទះជាប់ខ្ញុំនេះ។ ខ្ញុំលោតចុះពីគ្រែ, ហើយរត់ចុះទៅជាន់ក្រោម។

    ពេលខ្ញុំទៅឈរនៅរបងមុខ, មានស្រមោលពីរកំពុងរត់មករកខ្ញុំហើយប៊ិះតែនឹងបុកខ្ញុំទៅហើយ។ ពួកគេគឺក្មេងៗដែលនៅផ្ទះជាប់ខ្ញុំនេះ, តែខ្ញុំមានអារម្មណ៍តក់ស្លុតខ្លាំងណាស់ព្រោះមុខរបស់វាទាំងពីរឡើងស្លេកស្លាំងហើយមើលមុខខ្ញុំដោយកែវភ្នែកភ័យខ្លាច។

    ក្មេងទាំងពីរឱបខ្ញុំហើយចាប់ផ្ដើមយំ។ ម៉ាក់របស់វារត់មករកយើងហើយខ្ញុំឃើញថាមុខនាងភ័យរន្ធត់ខ្លាំងណាស់។

    «មានរឿងអីកើតឡើង?» ខ្ញុំសួរ។ «ខ្ញុំឮសំលេងស្រែក ម៉ិញនឹង។»

    «មាននរណាម្នាក់កំពុងនៅក្នុងផ្ទះយើង!» លីសាតប, សំលេងនាងឡើងញ័រដោយភិតភ័យ។ «ខ្ញុំ...ខ្ញុំឮនរណាម្នាក់កំពុងនៅក្នុងផ្ទះបាយ....ខ្ញុំខ្លាចណាស់មិនហ៊ានទៅមើលទេ...បន្ទាប់មកខ្ញុំឮនរណាម្នាក់ឡើងជណ្ដើរហើយខ្ញុំឮសំលេងទ្វារបន្ទប់ដេកកូនៗខ្ញុំត្រូវគេបើក...បន្ទាប់មកខ្ញុំឮកូនស្រីខ្ញុំស្រែក។ វាគួរឱ្យខ្លាចណាស់ ទើបខ្ញុំនាំកូនខ្ញុំរត់ចេញពីក្រៅផ្ទះនោះទៅ។»

    «អ្នកបានឃើញថាវាជាអ្វីទេ?» ខ្ញុំសួរ។

    «ទេ,» នាងតប។ «កូនៗរត់ចេញពីបន្ទប់ដេក....ហើយខ្ញុំមិនហ៊ានទៅមើលវាទេ...ជួយយើងផង...យើងត្រូវតេទៅប៉ូលីស។»

    ខ្ញុំមើលទៅក្មេងៗនៅតែញ័រទទ្រើកដោយរន្ធត់។

    «ប៉ារបស់ពួកគេនៅណា?» ខ្ញុំសួរ។

    «គាត់ជាប់យាមពេលយប់,» លីសាតប។

    ខ្ញុំប្រាប់ឱ្យពួកគេចូលក្នុងផ្ទះខ្ញុំហើយតេទៅប៉ូលីស។ នាងអរគុណខ្ញុំ, នាំកូនៗនាងរត់ចូលផ្ទះខ្ញុំ។

    ខ្ញុំសម្រេចទៅពិនិត្យមើលក្នុងផ្ទះនោះ។ ទ្វារមុខនៅតែបើកចំហ។ វាគឺងងឹត និងស្ងាត់ស្ងៀមយ៉ាងខ្លាំង។ រំពេជនោះ, ខ្ញុំមានអារម្មណ៍ត្រជាក់ចុងជើង។ ខ្ញុំមានអារម្មណ៍ប្លែកជាទីបំផុតហើយមានអារម្មណ៍ថាមាននរណាម្នាក់កំពុងសម្លឹងមកខ្ញុំ។

    «វាជាអន្ទាក់ទេ!» គំនិតខ្ញុំផុសឡើង។ ពេលនឹងខ្ញុំខ្លាចយ៉ាងខ្លាំង ខ្លាចទាំងមិនដឹងថាខ្លាចអី ខ្លាចថាមាននរណាម្នាក់លាក់ខ្លួនក្នុងភាពងងឹត។

    «កំកំសាកពេក,» ខ្ញុំគិតក្នុងចិត្ត។ «ឯងមិនមែនជាក្មេងទៀតទេ។»

    ខ្ញុំចាប់ផ្ដើមដើរចេញវិញតាមសួនច្បារមុខ, តែបន្ទាប់មក ខ្ញុំឃើញអ្វីម្យ៉ាងដែលធ្វើឱ្យខ្ញុំនៅទុចង៉ក់ទៅមុខមិនរួច។

    គ្លឹក! នៅបង្អួចមួយនៃជាន់ខាងលើ, ពន្លឺភ្លើងអគ្គិសនីបានភ្លឺឡើង។

    ក្នុងផ្ទះគឺគ្មានមនុស្សទេ។ ខ្ញុំមើលទៅបង្អួចភ្លឺនោះ, តែមិនឃើញមានអ្វីសោះ, ឃើញតែវាំងននប៉ើងចុះឡើងៗតាមកម្លាំងខ្យល់បក់។

    «មានអ្វីម្យ៉ាងនៅទីនោះ,» គំនិតខ្ញុំបំផុសឡើង។ «ហើយមើលទៅវាមិនខ្លាចគេឃើញវាទេ។ វាចង់ឱ្យឯងឃើញវា។»

    ខ្ញុំព្យាយាមប្រាប់ខ្លួនឯងថាខ្ញុំជាមនុស្សកំសាក។ ខ្ញុំកំសាកណាស់ ជាកូនប្រុសដើមទ្រូង៥ហាត់ស្អីមិនហ៊ានឡើងទៅមើលក្នុងផ្ទះ ព្រោះខ្លាចខ្មោច!

    «ចុះបើវាជាចោរ,» ខ្ញុំគិតក្នុងចិត្ត, «តែវាបើកភ្លើងធ្វើអី?»

    គ្លឹក! ភ្លើងអំពូលត្រូវបានបិទ។

    «ស្អីចេះវ៉ី?» ខ្ញុំគិតហើយថយពីរបីជំហានទៅក្រោយ។

    ខ្ញុំនៅតែមិនឃើញអ្វីនៅក្នុងភាពងងឹតនោះ, តែខ្ញុំមានអារម្មណ៍ថារោមកំពុងបះឡើង។

    គ្លឹក! អំពូលបើកម្ដងទៀត។

    ពេលខ្ញុំមើលទៅបង្អួច, បេះដូងខ្ញុំស្ទើលោតចេញមកក្រៅ។ វាជាស្ត្រីម្នាក់ ស្បែកសជ្រួញហើយសក់ត្រង់វែង។ នាងមើលទៅដូចសាកសពអញ្ចឹង។ នាងសម្លឹងមើលមុខខ្ញុំដោយកែវភ្នែកខ្មៅក្រឡោតហើយញញឹមយ៉ាងកំណាច។

    គ្លឹក! ពន្លឺអំពូលងងឹតឈឹង។

    ខ្ញុំបែរខ្នងមកវិញហើយរត់ត្រលប់ទៅផ្ទះខ្ញុំវិញ។ ពេលខ្ញុំមកដល់មុខទ្វារ, ខ្ញុំទះគោះទ្វារធ្ងន់ៗរហូតដល់អ្នកជិតខាងនោះរួសរាន់មកបើកទ្វារឱ្យខ្ញុំចូល។ នាងមើលមកខ្ញុំដោយទឹកមុខភ័យបារម្ភលាយឡំនឹងចម្ងល់។ មុខខ្ញុំឡើងស្លេកហើយភ្នែកខ្ញុំរន្ធត់ជាខ្លាំងធ្វើឱ្យក្មេងៗចាប់ផ្ដើមយំឡើងម្ដងទៀត។

    «ទឹក,» ខ្ញុំលាន់មាត់។ «ខ្ញុំស្រេកទឹក។»

    លីសាទាញកែវមួយច្របាច់ទឹកពេញកែវហើយហុចឱ្យខ្ញុំ។ ខ្ញុំផឹកក្អឹកៗ បេះដូងខ្ញុំលោតស្ទើគាំង។ ខ្ញុំភ័យខ្លាចតែកំពុងតែគាំងបេះដូងទេ។

    «អ្នកបានតេទៅប៉ូលីសហើយនៅ?» ខ្ញុំសួរហើយព្យាយាមសម្រួលអារម្មណ៍ខ្លួនឯង។

    «ពួកគេកំពុងធ្វើដំនើរមកហើយ,» នាងតប។ «លោកបានពិនិត្យក្នុងផ្ទះខ្ញុំហើយនៅ?»

    «អឹម...តោះចាំប៉ូលីសមកដល់សិនទៅ,» ខ្ញុំតប។

    ប៉ុន្មាននាទីក្រោយ, ទីបំផុតប៉ូលីសបានមកដល់។ ពួកគេចូលឆែកឆេរក្នុងផ្ទះពីជាន់ក្រោមដល់ជាន់លើ, តែពួកគេរកគ្មានឃើញចោរអីមួយ។ គ្មាននរណានៅក្នុងផ្ទះនេះទេ។

    ប៉ូលីសបានដើរសួរចម្លើយអ្នកនៅជិតៗនោះ, តែគ្មាននរណាដឹង ឬឃើញអីឡើយ។ ពេលពួកគាត់សួរចម្លើយខ្ញុំ, ខ្ញុំមិនបានប្រាប់ពីរឿងដែលបានឃើញនោះទេ។ តើឱ្យខ្ញុំឆ្លើយប្រាប់ថាម៉េច? ថាខ្ញុំឃើញសាកសពស្ត្រីឈរនឹងបង្អួច, ញញឹមយ៉ាងគួរឱ្យខ្លាចចឹង? គ្មាននរណាគេជឿទេ។

    ប៉ូលីសបន្ទាប់ពីបញ្ចប់ការងារ ពួកគេបានចាកចេញទៅបំពេញការងារសំខាន់ៗផ្សេងទៀត។ នៅម៉ោង៧ព្រឹក, ប្ដីរបស់លីសាមកដល់ផ្ទះ។ ក្មេងៗរីករាយណាស់នៅពេលប៉ាពួកវាមកវិញ, ហើយគ្រួសារនេះត្រលប់ទៅផ្ទះគេវិញ។ ខ្ញុំព្យាយាមមិនក្រលេកមើលទៅផ្ទះនោះ, ជាពិសេសបង្អួចជាន់លើ។

    ក្រោយពីយប់ចម្គួតនោះកន្លងផុតទៅ, ខ្ញុំចាប់ផ្ដើមមានបញ្ហាដេកមិនលក់។ រាល់ពេលដែលខ្ញុំបិទភ្នែកកាលណា, មុខខ្មោចស្រីនោះបានផុសចេញមករហូត។

    បន្ទាប់មក, គ្រប់យ៉ាងប្រែទៅជាធម្មតាវិញ។ អ្នកជិតខាងនោះបានបំភ្លេចពីរឿងដែលកើតឡើងលើគេ, គ្មានសម្រែកបន្លឺឡើងទៀតទេនៅពេលយប់ ហើយខ្ញុំក៏មិនឃើញស្ត្រីឈរមាត់បង្អួចទៀតដែរ។ គ្រប់យ៉ាងហាក់ដូចជាត្រលប់ទៅរកភាពដើមវិញ។


    ល្ងាចមួយ, ប្រហែលមួយខែក្រោយមក, ខ្ញុំឮសំលេងនរណាម្នាក់គោះទ្វារមុខ។ សំលេងនោះគោះខ្លាំងៗធ្ងន់ៗស្ទើនឹងបាក់ទ្វារទៅហើយ។ ខ្ញុំមើលតាមប្រហោងទ្វារសម្រាប់មើលក្រៅឃើញថាគឺជាស្ត្រីអ្នកជិតខាងខ្ញុំ, លីសា។

    ខ្ញុំបើកទ្វារហើយនាងឈរនៅទីនោះ សម្លក់មកខ្ញុំ។

    «មានរឿងអីកើតឡើង?» ខ្ញុំសួរ។

    នាងមិនឆ្លើយតប។ នាងញញឹមហើយដើរត្រង់បុកខ្ញុំ។ នាងចូលផ្ទះខ្ញុំហើយចូលក្នុងបន្ទប់ទទួលភ្ញៀវ។ នាងទុកឱ្យខ្ញុំឈរនៅទ្វារមុខទ្វារទាំងស្រឡាំងកាំង។ ស្នាមញញឹមលើមុខនាងបានបន្លាចខ្ញុំឱ្យភ័យ។ វាគួរឱ្យខ្លាចខ្លាំងណាស់...ដូចមិនមែនជាមនុស្ស...ធ្វើឱ្យខ្ញុំរន្ធត់ញាក់ស្មារតីពីក្បាលដល់ចុងជើង។

    ខាងក្រៅងងឹតហើយគ្មានចាបយំអីមួយ។ ខ្ញុំប្រុងដើរចូលផ្ទះតាមនាង, តែពេលនឹងបានឮសំលេងចេញពីផ្ទះជាប់ខ្ញុំនេះ។ ពេលខ្ញុំក្រលេកទៅរបង, ខ្ញុំឃើញក្មេងៗអ្នកជិតខាងនោះកំពុងលេងនៅទីធ្លាមុខ។


    បន្ទាប់មក, ខ្ញុំស្ទើគាំងបេះដូង។ ខ្ញុំមិនជឿនូវអ្វីដែលកំពុងឃើញទាល់តែសោះ។ លីសានៅទីនោះ! នាងកំពុងឈរនៅទីនោះ, លេងជាមួយកូនៗរបស់នាង។


    ខ្ញុំមិនអាចកម្រើកបានទេ។ វាដូចជារាងកាយខ្ញុំត្រូវជាប់ជីបចរដោយភាពតក់ស្លុត។ សំលេងក្នុងខួរក្បាលខ្ញុំសួរសំនួយមួយ : “បើលីសានៅខាងក្រៅនោះ, ចុះណាគេនៅក្នុងបន្ទប់ទទួលភ្ញៀវខ្ញុំ?»


    ខ្ញុំមិនដើរទៅពិនិត្យមើលទេ។ ខ្ញុំរត់ទៅផ្ទះជាប់ខ្ញុំភ្លាមៗហើយសុំឱ្យអ្នកជិតខាងខ្ញុំតេទៅប៉ូលីស។ ប៉ូលីសពីរនាក់មកដល់ហើយរកមើលក្នុងផ្ទះខ្ញុំពីខាងលើដល់ខាងក្រោម, តែពួកគាត់រកមិនឃើញស្អីចំលែកទេ។ អាចទៅរួចបានយ៉ាងម៉េចនេះ? អ្នកដែលនៅក្នុងផ្ទះខ្ញុំម៉ិញនឹងគឺជាខ្មោចស្រីនោះ?


    ព្រឹកបន្ទាប់, ខ្ញុំចេញពីផ្ទះហើយមិនត្រលប់មកវិញទេ។

    ឥឡូវខ្ញុំកំពុងនៅក្នុងទីក្រុងដែលមានមនុស្សអ៊ូអរ។ ខ្ញុំឮថាអតីតអ្នកជិតខាងខ្ញុំនោះ, ភិន និងលីសា, នឹងប្ដូរផ្ទះឆាប់ៗនេះដែរហើយ។ ខ្ញុំបានសួរមិត្តខ្ញុំម្នាក់ហើយមិត្តម្នាក់ថាប្ដីប្រពន្ធនោះសុខចិត្តដូរផ្ទះព្រោះពួកគេខ្លាចខ្មោច។

    «ពួកគាត់ល្ងង់ស្អីម៉្លេះទេហា៎,» មិត្តខ្ញុំសើច។ «ពួកគេគិតថាក្នុងផ្ទះនឹងមានខ្មោចសណ្ឋិត!»

    ខ្ញុំធ្វើជាសើចតាមគាត់ដែរ, ទាំងដែលសូម្បីតែញញឹមក៏មិនចេញ។

    «ទៅមើលផ្ទះនោះជាមួយអញ អាទិត្យក្រោយ,» មិត្តខ្ញុំបបួល។ «បើគ្មានខ្មោចទេចាំយើងទៅនៅផ្ទះនឹងបណ្ដោយ គ្រាន់ស្រួលមិនបាច់អស់ថ្លៃបងផ្ទះដែរ។» 

    ខ្ញុំងក់ក្បាលទាំងរួញរារ ហើយមិនប្រាកដដែរថាផ្ទះនោះពិតជាមានខ្មោចឬអត់។


    ពេលវេលាកន្លងទៅរហ័ស ពេលដឹងថាប្ដីប្រពន្ធនោះចេញពីផ្ទះចាស់នោះហើយ មិត្តខ្ញុំម្នាក់នឹង បបួលខ្ញុំទៅ។

    បន្ទាប់ពីចេញពីរៀន មេឃងងឹតឈឹងទៅហើយ អាលីជិះម៉ូតូដឹកខ្ញុំតម្រង់ទៅផ្ទះចាស់ដែលល្បីថាមានខ្មោចលងនោះ។ នៅតាមផ្លូវដំបូងមិនស្ងាត់ទេ តែពេលជិះចុះផ្លូវមកជាយ ស្រាប់តែស្ងាត់ និងងឹតឈឹង ស្ងាត់គ្មានសូម្បីតែសំលេងចង្រឹតយំ។

    «ស្ងាត់ណាស់ហា,» ខ្ញុំរអ៊ូ។ «អញដូចអត់ហ៊ានទេ។»

    «ស្អីអាអាចម៌,» អាលីតបមកវិញ។ «អាសំគីសធ្វើឯងខ្លាច អាជោរ»

    ខ្ញុំលេបទឹកមាត់ទ្រាំ និយាយពីថ្ងៃវាមិនអីទេ តែដល់យប់ឡើង អារម្មណ៍ខ្លាច វាលងបន្លាចឱ្យព្រឺព្រួចមួយរំពេជ។

    ម៉ូតូជិះមកដល់មុខរបងផ្ទះចាស់។ ខ្ញុំក្រលេកទៅបង្អួចជាន់លើទាំងព្រឺព្រួច តែមិនឃើញមានអីសោះ។ អាលីដឹកដៃខ្ញុំចូលយ៉ាមាំមួនគ្មានខ្លាចស្អីទេ។

    មកដល់ទ្វារមុខ វាបើកចូលយ៉ាងស្រួលព្រោះទ្វារមិនចាក់គន្លឹះ។ នៅខាងក្នុងងឹតឈឹង ខ្ញុំទាញទូរស័ព្ទបញ្ចាំងពិលមើលក្នុងបរិវេណបន្ទប់ទទួលភ្ញៀវ អ្វីៗនៅរៀបរយទាំងអស់។ ភ្លាមនោះ មានសំលេងមួយបន្លឺឡើង។

    គ្លឹក!!! ភ្លើងអំពូលបន្ទប់លើបើកភ្លឺឡើង។ ខ្ញុំលាន់មាត់ភ្ញាក់ព្រើតស្ទើស្លុតស្មារតី។ ខ្ញុំព្យាយាមទាញដៃអាលីឱ្យចេញពីផ្ទះខ្មោចនេះវិញ តែវារឹងក្បាលណាស់ មិនព្រមលែងដៃខ្ញុំទេ។

    «អញអង្វរហ្អា,» ខ្ញុំលើកដៃម្ខាងសំពះ។ «ទៅវិញទៅ អញខ្លាចណាស់!»

    «ទៅវិញយ៉ាងម៉េច?» វាងាកមកដោយកែវភ្នែកក្រលោត។ «ឯងមិនទាន់ជួបម៉ែអញផង...»៕

    ស្ត្រីជាប់ផ្ទះ ស្ត្រីជាប់ផ្ទះ Reviewed by Unknown on 9:19 PM Rating: 5
    Loading...
    Powered by Blogger.