រើសប្ដី
មាននារីវ័យក្មេងម្នាក់រស់នៅជាមួយឪពុកម្ដាយរបស់នាងក្នុងភូមិកសិកម្មមួយ។ នាងមានសម្រស់ស្រស់ស្អាតលើសគេ, សក់វែងខ្មៅ, ស្បែកស ភ្នែកមូលក្រឡង់គួរឱ្យចង់គយគន់។ កម្លោះៗជាច្រើនបានមកពីទីឆ្ងាយៗដើម្បីសុំនាំនាងទៅដើរលេងនៅក្រៅ។
ដោយការពិពណ៌នាតៗគ្នាពីសម្រស់ដ៏ត្រកាលរបស់នាង, កម្លោះៗជាច្រើនអ្នកបានមកលេងផ្ទះនាងហើយសុំនាំនាងទៅដើរលេងនាពេលល្ងាច។
យ៉ាងណា, បញ្ហាគឺគ្មានបុរសណាមានឱកាសនាំនាងដើរលេងបានឡើយ។ រាល់រាត្រី, គេឃើញកម្លោះៗទាំងនោះរត់ចេញឆ្ងាយជាមួយនឹងសម្រែកនៃភាពតក់ស្លុត។ ពួកគេទាំងអស់គ្មាននរណាម្នាក់រំឮកពីអ្វីដែលបានកើតឡើងទេ ហើយបដិសេធមិនព្រមមកជួបនាងម្ដងទៀត។
កន្លងក្រោយមក, បុរសគ្រប់រូបឈប់ចូលមកលេងនាង ហើយឪពុកម្ដាយនាងព្រួយបារម្ភថា កូនស្រីម្នាក់នេះនឹងអត់ប្ដីរហូតជាមិនខាន។ ពាក្យចចាមអារាមបានរីករាលដាលពេញភូមិ។ គេនិយាយតៗគ្នាថាមាបអ្វីម្យ៉ាងមិនប្រក្រតីជាមួយក្រមុំរូបស្រស់ម្នាក់នោះ។ អ្នកខ្លះគិតថានាងមានអាថ៌កំបាំងផ្ទាល់ខ្លួនដ៏គួរឱ្យខ្លាច។ អ្នកខ្លះប្រាប់ថានាងជាក្រមុំសច្ចាំដែលមិនត្រូវការបុរសៗមកនែបនិតឡើយ។
ឪពុកម្ដាយរបស់នាងគ្មានវាចានឹងថ្លែង។ ពួកគេក៏មិនយល់ពីមូលហេតុដែលបុរសៗទាំងនោះភ័យខ្លាចកូនស្រីគាត់ដែរ។ នាងតែងតែសុភាពរាបសាររមទម, ទន់ភ្លន់, និងរីករាយជីវិតពោរពេញទៅដោយសុទិដ្ឋិគតិ។ នាងក៏មិនដែលបដិសេធ ឬតវ៉ាអ្វីឡើយពេលម្ដាយនាងប្រើឱ្យធ្វើកិច្ចការផ្សេងៗ។
ថ្ងៃមួយ, ពេលឪពុកនាងកំពុងធ្វើការជំរះស្មៅក្នុងសួនច្បារ, បុរសកម្លោះវ័យក្មេងម្នាក់ដើរចូលមកតាមផ្លូវចូលសួនច្បារ។
«អ្នកកម្លោះត្រូវការអ្វីដែរ?» បុរសចំណាស់សួរ។
«ខ្ញុំចង់នាំកូនស្រីលោកដើរលេង,» បុរសវ័យក្មេងតប។
បុរសជាឪពុកភ្ញាក់ផ្អើលជាខ្លាំង។ «ចូលមកក្នុងមក,» គាត់និយាយ, ហើយគាត់ណែនាំបុរសនោះពីកូនស្រីរបស់គាត់យ៉ាងរីករាយ។ នាងក្រមុំហាក់ដូចជាអៀនខ្មាស់ខ្លាំងណាស់ហើយនាងមិនហ៊ានមើលចំភ្នែកបុរសកម្លោះនោះឡើយ។ នាងនិយាយទន់ភ្លន់, សំឡេងនាងស្ទើរតែខ្សឹបទៅហើយ ហើយពេលគាត់និយាយមកកាន់នាង, ថ្ពាល់នាងឡើងស៊ីជម្ពូរដោយភាពអៀនអន់។
ព្រោះតែរបៀបនេះហើយ, កម្លោះវ័យក្មេងនោះក៏លង់នឹងសម្រស់ដ៏ប្រពៃរបស់នាងក្រៃលែង ហើយសុំនាងដើរលេងខាងក្រៅ។ នាងយល់ព្រម។
«មិនមែនឥឡូវនេះទេ,» នាងខ្សឹប។ «ចាំមកទីនេះនាកណ្ដាលយប់នេះហើយត្រូវប្រយ័ត្ន ហាមគោះទ្វារខ្លាំងៗពេកខ្លាចម៉ែពុកខ្ញុំភ្ញាក់។»
ហើយនាងក៏បិទទ្វាររបងវិញក្រោយពេលដែលគាត់ចាកចេញទៅ។
កម្លោះវ័យក្មេងរីករាយយ៉ាងខ្លាំង ហើយយប់នោះគាត់មកទីនេះម្ដងទៀត ព្រមទាំងគោះបង្អួចបន្ទប់គេងនាងតិចៗ។ រំពេជនោះ, បង្អួចបន្ទប់គេងបើកឡើងហើយស្រីក្រមុំនោះលោតចេញទៅក្រៅ។
«មុនពេលដែលខ្ញុំចេញទៅក្រៅជាមួយលោក, លោកត្រូវតែសន្យានឹងខ្ញុំនូវរឿងមួយ,» នាងខ្សឹប។
បុរសវ័យក្មេងងក់ក្បាលតិចៗ។
«ខ្ញុំចង់សាកល្បងចិត្តស្នេហ៍របស់លោកមកលើខ្ញុំ,» នាងបន្ត។ «បើលោកពិតជាស្រឡាញ់ខ្ញុំខ្លាំងមែន, លោកនឹងជោគជ័យនូវការសាកល្បងនេះ។ តែសន្យាថា បើលោកបរាជ័យនូវការសាកល្បងនេះ, លោកមិនត្រូវប្រាប់នរណាម្នាក់ពីហេតុការណ៍យប់នេះជាដាច់ខាត។»
បុរសវ័យក្មេងគិតមិនយល់ថានារីក្រមុំនេះនឹងធ្វើយ៉ាងណាទេ តែគាត់ងក់ក្បាលទទួលព្រមទាំងស្ងៀមស្ងាត់។ គាត់ញញឹមតប, «ខ្ញុំសន្យាថានឹងមិនប្រាប់នរណាឱ្យដឹងឡើយ។»
«អូខេ តាមខ្ញុំមក,» ស្រីស្រស់និយាយ។
«តើយើងប្រុងទៅណា,» កម្លោះសួរ តែនាងក្រមុំមិនតប។
វាជារាត្រីកាលដ៏ងងឹត ហើើយព្រះចន្ទ្រាលាក់ខ្លួនពីក្រោយដុំពពកក្រាស់។ យុវវ័យទាំងពីរនាក់នេះអាចឮសំឡេងនៃឆ្កែលូល្វើយៗផាត់មកពីរយៈចម្ងាយឆ្ងាយ។ ពួកគេដើរយ៉ាងស្ងៀមស្ងាត់កាត់តាមភូមិស្រុករហូតមកដល់ព្រៃ។
នាងក្រមុំរត់យ៉ាងលឿនចូលទៅកាន់ទីងងឹតនោះតាមផ្លូវចូល ហើយអ្នកកម្លោះត្រូវរត់តាមពីក្រោយនាង។ នៅសងខាងផ្លូវជុំព័ទ្ធទៅដោយដើមឈើខ្ពស់ៗជះស្រមោលមកដីដូចអសុរកាយ។ ទីបំផុត, ពួកគេទាំងពីរបានមកដល់វាលកប់ខ្មោច។
ព្រះច័ន្ទនៅតែលាក់ខ្លួនពីក្រោយពពក, ជះពន្លឺតិចតួចមកក្រោមធ្វើឱ្យអ្នកកម្លោះអាចឃើញផ្នូរខ្មោចនីមួយៗដែលរុំព័ទ្ធទៅដោយវល្លិ៍រុក្ខជាតិ។
រ៉ូបគេងយប់របស់ស្រីស្រស់ប៉ើងយោលយោគទៅតាមកម្លាំងខ្យល់បក។ នាងឈរនៅខាងលើផ្នូរមួយ។ ខណៈដែលអ្នកកម្លោះមើលទៅនាង, មាងបានរើសប៉ែលចាស់មួយដែលនៅក្បែរនោះ ហើយចាប់ផ្ដើមជីក។ បន្ទាប់មក, នាងលត់ជង្គង់ដល់ដីហើយកាយដីរហូតដល់គម្របមឈ្ឈូស។
នាងបើកគម្របមឈ្ឈូសឡើងហើយកាច់ដៃសាកសព។ បន្ទាប់មក, មាងខាំកកេសាកសពជាមួយធ្មេញរបស់នាង។ នាងទំពារវាយ៉ាងឆ្ងាញ់ ហើយសម្លឹងមើលទៅកម្លោះ។
«នេះជាការសាកល្បងស្នេហា,» នាងគ្រហឹម។ «បើលោកស្រឡាញ់ខ្ញុំ, លោកត្រូវធ្វើតាមខ្ញុំ...លោកត្រូវស៊ីសាកសពនេះ!»
ថាហើយ នាងកាច់ដៃសាកសពម្ខាងទៀតហើយហុចវាទៅអ្នកកម្លោះ។ គាត់នៅស្ងៀមអស់មួយសន្ទុះ។ គាត់ទទួលយកដៃនោះហើយខាំស៊ី។
ឥឡូវគាត់កាន់តែភ្ញាក់ផ្អើលជាងមុនទៀត! គាត់មិនដែលដឹងសោះថាសាច់មនុសហសឆ្ងាញ់ដល់ម្លឹង!!! រំពេជនោះ គាត់ក៏ដឹងថានេះមិនមែនជាសាកសពទេ។ វាគឺជាការបញ្ឆោត។ វាគឺជានំដែលធ្វើដូចសាកសព, ធ្វើអំពីស្ករ និងម្សៅអង្ករសោះ។
ក្រមុំរូបស្រស់សើចយ៉ាងខ្លាំង។
«លោកដឹងទេ, បុរសទាំងអស់ដែលចេញមកដើរលេងជាមួយខ្ញុំ, លោកជាបុរសដំបូងហើយដែលមិនរត់ចោលខ្ញុំ។ ខ្ញុំចង់រៀបការជាមួយបុរសណាដែលក្លាហាន ហើយលោកជាមនុស្សដែលក្លាហានខ្លាំងណាស់។ ឥឡូវ, ខ្ញុំអាចស្រឡាញ់លោកបាន។»
បុរសវ័យក្មេងនោះមិនញញឹមសូម្បីតែបន្តិច។ គាត់គ្រាន់តែឈរនៅទីងងឹតនោះ, ក្បែរផ្នូរនោះ, សម្លឹងទៅនាង។ ភ្នែកគាត់ពោរពេញទៅដោយកំហឹង។
«គ្រាន់តែជានំទេឬ?» គាត់គំហ៊ក។ «ខ្ញុំស្មានតែនាងដូចជាខ្ញុំ។»
និយាយរួច, គាត់ចាប់ចបចាស់មួយដែលនៅក្បែរនោះហើយចាប់ផ្ដើមជីកផ្នូរមួយទៀត។ ពេលគាត់ជីកដល់គម្របមឈ្ឈូសហើយ, គាត់បើកគម្របចេញហើយចាវ់ផ្ដើមលូកយកសាកសពក្នុងមឈ្ឈូសនោះ។
លើកនេះ, នាងក្រមុំជាអ្នករត់ចេញព្រមទាំងស្រែកដោយភិតភ័យ៕
រើសប្ដី
Reviewed by Unknown
on
8:00 PM
Rating: