ផ្ទះម្ចាស់យាយ
ផ្ទះធំចំណាស់នេះគួរឱ្យខ្លាចខ្លាំងណាស់។ អ្វីៗតែងស្ថិតនៅក្នុងភាពអាថ៌កំបាំងដ៏គួរឱ្យចង់ដឹងសម្រាប់មនុស្សចង់ដឹងឮរឿងគេដូចជាខ្ញុំនេះ។ ផ្ទះនេះធំមហិមារអាចហៅថាជាភូមិគ្រិះមួយបាន, មានបីជាន់គឺជាន់ផ្ទាល់ដី ជាន់ខាងលើ និងជាន់ក្រោមដី ហើយមានបន្ទប់រាប់រយតែអ្នកនៅបែរជាតិចបំផុត។
«ណែចរណៃ,» ខ្ញុំសួរទៅកញ្ជះគេម្នាក់ទៀតដែលវាមកនៅផ្ទះនេះយូរជាងខ្ញុំ។ «អញឆ្ងល់ដល់ហើយនេះ។ លោកស្រីដូចជាប្លែកៗយ៉ាងម៉េចមិនដឹងទេ។»
«ប្លែកយ៉ាងម៉េច?» នាងតបមកទាំងភ្នែកនៅសម្លឹងទៅឆ្នាំងសម្លរ។
«គឺថា គាត់ចូលចិត្តទទូរជិត ឃ្លុំដៃជើង ពាក់អាវធំ ហើយក្រសែភ្នែកកំណាចយ៉ាងម៉េចមិនដឹងទេ!» ខ្ញុំរ៉ាយរ៉ាប់ព្រមទាំងបេះបន្លែដែលមីងអូទិញពីផ្សារឆ្ងាយពីទីនេះ។ ខ្ញុំបន្ត «ផ្ទះធំនេះដាច់ពីគេ ហើយរាល់យប់លោកស្រីតែងឱ្យយកសាច់ជ្រូកឆៅមួយគីឡូទៅចាក់ក្នុងអណ្ដូងក្រោយផ្ទះ អណ្ដូងនឹងអត់ដែលប្រើប្រាស់ផង។ ហើយចម្លែកជាងនេះទៀតនោះ, លោកប្រុសតូចអាយុទើបតែ៥ឆ្នាំសោះហ៊ានចាប់លេងតុកកែយ៉ាងស្និទ្ធស្នាល កាលអញអាយុប៉ុណ្ណឹង សូម្បីតែមើលក៏អញមិនហ៊ានផង។» ខ្ញុំរ៉ាយរ៉ាប់ប្រាប់សេចក្ដី តែចរណៃបែរជាធ្វើព្រងើយ។ មួយសន្ទុះក្រោយមកនាងតប ៖
«បើនាងឯងនៅកាន់តែយូរនឹងកាន់តែឆ្ងល់ជាងនេះទៅទៀត។ ស្រួលមិនស្រួលដឹងការពិតទាំងអស់នាងឯងប្រាកដជារត់ទៅផ្ទះវិញហើយ អញធានា។»
«ខ្លាចស្អីទេ ខ្នៃឯងនៅបានអញនៅមិនបាន?» ខ្ញុំតបទៅវិញទាំងទឹកមុខចង់ដឹង។ «ប្រាប់អញបន្តិចមើល មានរឿងអីកើតឡើងលើផ្ទះនេះមែនទេ បានជាលោកស្រី និងកូនប្រុសមានអក្បកិរិយាចម្លែកៗយ៉ាងនេះ? ហើយស្វាមីគាត់ក៏គ្មាន។»
«នាងឯងចង់ដឹងមែនហ្អែស?» ចរណៃងាកមុខមកខ្ញុំទាំងខ្សឹប។ «តែបើដឹងហើយធ្វើដូចជាមិនដឹងទៅ។»
«អើុ!អញមិនខ្លាចទេទៅ,» ខ្ញុំតបព្រោះចង់ដឹងពេក។
«គឺថានែក...នែកគឺ...នែក...គឺថាគឺ...ថានែក...» មើលទៅកញ្ញារួសរាយម្នាក់នេះមានរឿងរ៉ាវជាច្រើនដែលនាងចង់លាក់ព្រោះគ្រាន់តែចង់សម្ងំយកសុខ និងមិនចង់ឱ្យភាពរចេចរចូចមាត់អេចអូចបង្កឡើងជាបញ្ហា។
«ហើយអង្កាល់បានហងឯងនិយាយហ្អាស មីខ្នៃ?»
«អើុ! អញដូចជាញ័រយ៉ាងម៉េចទេឃ្លី! អញដូចរញ្ជួយបេះដូងស្លុតឱរ៉ាវាចាមិនចេញទុក្ខបុកម្នេញឱ្យគាំងអណ្ដាត សូមស្រីស្អាតឈប់ដេញដោល។» ចរណៃយកដៃខ្ទប់ដើមទ្រូង។ នាងនេះចូលចិត្តលេងសើចនិយាយក្នុងព្យាង្គកំណាព្យកាព្យឃ្លោង ហើយវាបែបដឹងរឿងខ្លះៗដែរ ទោះជាមិនដឹងទាំងស្រុង ហោចណាស់ប្រហែលអាចយកជាការឱ្យកាត់យល់ខ្លួនឯងបាន។
«ប្រាប់អញម៉ោ មានរឿងអីខ្លះអាថ៌កំបាំងក្នុងផ្ទះនេះ?» ខ្ញុំចាប់ផ្ដើមទាមទារព្រោះតម្រេកចង់ដឹងវាឡើងកញ្ជ្រោលដូចគ្រាប់បែកគេជាន់ផ្ទះ។
ចរណៃងក់ក្បាលព្រមប្រាប់ហើយងាកមើលឆ្វេងស្ដាំជុំវិញបន្ទាប់ពីប្រាកដថាគ្មានមនុស្សហើយទើបនាងបែរមកប្រាប់ខ្ញុំបន្ត៖
«គឺកាលពី៧ឆ្នាំមុន លោកស្រីធ្លាប់ជា...»
ប្រាវ....
ងឺត...
ឈឹប...
សំលេងអ្វីធ្ងន់ម្យ៉ាងទង្គិចនឹងចានក្នុងរាវបណ្ដាលឱ្យបែកខ្ទេចខ្ទីអស់។ យើងងាកមើលទៅតាមទឹសនៃប្រភពសំលេង ហើយអ្វីនៅនឹងមុខគឺលោកស្រីបានគប់កាំបិតប៉ាំងតោចូលមកពីមាត់ទ្វារផ្ទះបាយដើម្បីបំណងបង្អាក់សម្ដីចរណៃកុំឱ្យមានឱកាសនឹងនិយាយតទៅទៀត។
«អត់ការងារធ្វើទេអីយករឿងអាថ៌កំបាំងក្នុងផ្ទះមកនិយាយ?» លោកស្រីនិយាយតិចៗយ៉ាងស្រទន់តែស្ដាប់ទៅកាចសាហាវណាស់។ គាត់ថាតែប៉ុណ្ណេះហើយដើរឡើងទៅជាន់លើវិញយ៉ាងរំភើយ។ ខ្ញុំភ័យស្ទើតែបេះដូងលោតចេញមកក្រៅទ្រូងទៅហើយ។
មីងអូដើរចូលមកខណៈដែលខ្ញុំនៅគាំងស្រឡាំងកាំងព្រោះភ័យពេក។ តើគាត់ពិតជាចង់លាក់អាថ៌កំបាំងនោះមែនហ្អែស? មីងអូទម្លាក់ថង់សាច់ជ្រូកលើតុហើយនិយាយព្រមទាំងដើរចេញទៅ។
«ហាន់សាច់នេះជាដុំតូចៗប៉ុនៗមេដៃ។ លើកក្រោយទៅផ្សារទិញខ្លួនឯងទៅមិនបាច់អញប្រាប់ទេ។»
ខ្ញុំយកសាច់ជ្រូកមកហាន់ តែចិត្តនៅតែគិតលន្លង់លន្លោចពីរឿងរ៉ាវទាំងអស់ក្នុងផ្ទះនេះ។ មិនដឹងយ៉ាងម៉េច អារម្មណ៍ខ្ញុំភ័យតែមួយឆាវក៏រលាយបាត់ទៅវិញអស់ សម្រាប់ខ្ញុំគិតថាផ្ទះនេះមានសុវត្ថិភាពណាស់សម្រាប់មនុស្សធ្វើមិនដឹងមិនឮ តាេសម្រាប់មនុស្សប៉ិនស៊ើបផ្ដេសផ្ដាសដូចខ្ញុំ មិនអាចធានាបាននោះទេ។ អារម្មណ៍ចង់ដឹងនៅតែកញ្ជ្រោលរោលរែកក្នុងខួរនៅឡើយ។
«លោកស្រីទៅបាត់ហើយ,» ខ្ញុំងាកទៅនិយាយជាមួយចរណៃ តែនាងមិនដឹងជាទៅណាបាត់តាំងពីពេលណាមក។ ខ្ញុំឆ្ងល់ខ្លាំងណាស់ លោកស្រីអីក៏ឥតប្រយោជន៍ម៉្លេះដែលត្រូវយកសាច់ជ្រូកស្រស់ៗមកហាន់ហើយយកទៅចាក់ក្នុងអណ្ដូងចាស់ដែលមិនដែលប្រើការសោះ នៅមានយកមាន់ពីកសិដ្ឋានខាងក្រោយ មួយថ្ងៃមួយៗបោចស្អាតហើយយកទៅដាក់ក្នុងបន្ទប់ងងឹតមួយនៅក្រោមដី។ សង្ស័យតែកើតឆ្គួតប្រហារមាត់រាល់ថ្ងៃបែបមានគំនំអីជាមួយពួកវាហើយមើលទៅនោះ នេះបើមិនឆ្ងល់ទើបចម្លែក។ តើខ្ញុំកំពុងនៅក្នុងផ្ទះមេធ្មប់មែនទេ? ស្រីមេម៉ាយនេះជាមនុស្សឬជាធ្មប់? ឬមួយក៏លោកស្រីមានគោលការណ៍អីមួយប្រាកដ ក្នុងការធ្វើសកម្មភាពដដែលៗរាល់ថ្ងៃនេះ? ច្បាស់ណាស់ លោកស្រីល្អិតល្អន់យ៉ាងនេះគម្រឹះអាចម៌ក្ដាប់ បើមិនធ្វើអ្វីដែលផ្ដល់ប្រយោជន៍សម្រាប់គាត់ គឺគាត់មិនធ្វើទេ។ ហើយកូនគាត់អីក៏ប្លែកៗដល់ម្លឹង? មិនដែលឃើញញ៉ាំអីតែសាច់ឈាមស្រស់ថ្លាមានសុខភាពល្អ ហើយមិនចេះខ្លាចអីសោះ មិនថាជីងចក់ តុកកែ ពស់ ក៏វាហ៊ានចាប់ដែរ។ ក្រោយគេហស្ថានដ៏មហិមារនេះមានចិញ្ចឹមមាន់រាប់រយក្បាលតែមិនដែលឃើញលក់ម្ដងណាទេ ប្រហែលទ្រព្យហូរហៀរពេកមិនចង់បានលុយថែម។ តែមនុស្សនឹងលុយមិនដែលប្រឆាំងគ្នា? ពេលមាន់ពង, លោកស្រីតែងបង្គាប់ឱ្យមើលថែមេមាន់ឱ្យវាក្រាបពងឱ្យបានល្អ ហើយចុះចិញ្ចឹមរកងាប់ស្អីបើមិនលក់យកលុយ? បើតាមខ្ញុំ, ខ្ញុំស្មានថាប្ដីលោកស្រីបានស្លាប់ចោលគាត់ ហើយបានបន្សល់ទុកមរតកជាច្រើនល្មមលោកស្រី និងកូនអាចចាយយ៉ាងសប្បាយស្រួលមួយជីវិតបាន។ ម៉្លោះហើយទោះគាត់នៅផ្ទះដាច់ពីភូមិគេ ក៏គាត់មិនដែលព្រួយរឿងរកលុយ រឿងអត់បាយស៊ីដែរ ហើយអ្នកបម្រើទាំងបីនាក់ក៏ល្មមនឹងបម្រើបាយទឹកគាត់យ៉ាងស្រួល ដែលភាសាសាមញ្ញគេហៅថា “ខ្ញុំកញ្ជះ”។ រវល់តែគិតៗ មិនបានយកចិត្តទុកដាក់នឹងការងារ, មុខកាំបិតដ៏ស្រួចក៏មុតចង្អុលដៃខ្ញុំបណ្ដាលឱ្យហូរឈាមចេញមកក្រៅ ប្រឡាក់សាច់ជ្រូកខ្លះៗ បង្កជាការឈឺចាប់គ្រាន់បើដែរ។ ខ្ញុំរត់ទៅយកបង់បិតរបួសមកបិតភ្ជិតគ្រាន់កុំឱ្យហូរឈាមខ្លាំងពេក ហើយត្រលប់មកហាន់សាច់វិញ។ ដោយគិតថាសាច់ប្រុងនឹងយកទៅចាក់ចោលក្នុងអណ្ដូង ទើបមិនបានយកទៅលាងទឹកម្ដងទៀត មុននឹងយកទៅជូនលោកស្រី។ ប្រហែលជាការនេះមិនមានទោសពៃចាប់ថ្នាក់អ្វីឡើយ។ ខ្ញុំដើរឡើងជណ្ដើរឈើរលោងទៅជាន់លើ រួចសម្លឹងរកបន្ទប់លោកស្រី។
ងាប់ហើយ!!!! នេះជាវាំងស្ដេចឬយ៉ាងម៉េច ទើបបានជាបន្ទប់ច្រើនជាងសណ្ឋាគារផ្កាយប្រាំទៅទៀត។ អើយ!!!អានិតខ្លួនណាស់ តិចទៀតនេះហើយការងារខ្ញុំនឹងត្រូវបោសសម្អាតផ្ទះនេះទាំងមូល ងាប់ហើយគ្រាន់តែគិតក៏ហត់ដែរ មិនដឹងជាត្រូវប្រើកម្លាំងជើង កម្លាំងដៃប៉ុន្មានម៉ោងទេក្នុងមួយថ្ងៃ តែគេជួលមកគឺគេប្រើយើងហើយមិនដែលគេជួលមកដេកស៊ីទេ យកលុយគេត្រូវតែធ្វើការឱ្យគេ។ ហើយចុះបន្ទប់មួយណាជារបស់លោកស្រីទៅ? បន្ទប់នីមួយៗមានទ្វារឈើខ្មៅធំៗយ៉ាងរលោងស្អាត តែមើលទៅហាក់មិនសូវបានចូលជាយូរមកហើយ។ នៅខាងលើទ្វារគ្រប់បន្ទប់មានលេខរៀងៗគ្នា។ ខ្ញុំអានតិចៗ ៖
«បន្ទប់០១ បន្ទប់០២ បន្ទប់០៣ បន្ទប់...»
«ណាលី មករកអីនៅទីនេះ?» សំលេងលោកស្រីបន្លឺពីចម្ងាយក្រោយខ្នងខ្ញុំ។ វាជាសំលេងស្រទន់រួសរាយ ស្លូតគួរឱ្យគោរពកោតខ្លាច និងមានអំណាចអស់អ្នកទាំងពួង។ ខ្ញុំងាកទៅរកគាត់យ៉ាងរហ័សហើយតប៖
«ចាស លោកស្រី! ខ្ញុំយកសាច់មកឱ្យ។ ហាន់រួចហើយលោកស្រី។» ខ្ញុំនិយាយព្រមទាំងដើរទៅរកគាត់។ គាត់នៅពាក់អាវធំជិតហើយណាមួយមិនសូវមានពន្លឺផង ខ្ញុំមិនអាចឃើញមុខគាត់បានទេ។ គាត់ទទួលចានសាច់ជ្រូកហាន់មួយគីឡូនេះពីខ្ញុំហើយនិយាយ៖
«អរគុណហើយណាលី! បន្ទប់ខ្ញុំគឺនៅខាងណេះទេ ខាងណោះកុំទៅទៀតឱ្យសោះលើកក្រោយ ហើយក៏មិនបាច់ស៊ើបដែរ អ្វីដែលគេមិនចង់ឱ្យដឹង ព្រោះមិនចង់ឱ្យឯងមានបញ្ហា។» ថាហើយគាត់ក៏កាន់ចានសាច់ចុះទៅក្រោមដើម្បីយកទៅចាក់ក្នុងអណ្ដូង។
រាត្រីកាលបានចូលមកដល់។ ផ្ទះបុរាណដ៏សែនស្ងាត់ឈឹងនេះបានក្លាយទៅជាផ្ទះដ៏មានបង្កប់អាថ៌កំបាំងកាន់តែច្រើន។ សត្វប្រជៀវហើរច្រវែងច្រវាត់នៅខាងក្រៅផ្ទះ តាមទម្លាប់សត្វរកស៊ីយប់។ ពេលដែលស្ងាត់ឈឹងស្ងៀមបែបនេះ ផ្ទះដ៏គួរជាទីប្រាថ្នាចង់នៅ ប្រៀបបានទៅនឹងខ្ទមកញ្ចាស់គេបោះបង់ចោលនៅវាលរហោឋាន។
ខ្ញុំដេកគិតរសាប់រសល់ ផ្ទុយពីនាងចរណៃវាដេកលក់យ៉ាងរំភើយគ្មានខ្វល់ស្អីបន្តិច។ មីងអូគាត់សម្រាន្តនៅបន្ទប់មួយផ្សេងទៀត។ ខួរក្បាលខ្ញុំចេះតែឆ្ងល់ និងគិតដល់បន្ទប់ជាន់លើទាំងនោះ គាត់ធ្វើបន្ទប់អីក៏ច្រើនម៉្លេះ? ឬផ្ទះនេះកាលមុនធ្លាប់ជាសណ្ឋាគារបុរាណដែលសល់មកជាច្រើនឆ្នាំតកូនចៅ? កំពុងតែគិតស្រាប់តែឮសំលេង ទឹបៗៗ... ។
ខ្ញុំរន្ធត់បេះដូងញ័បញ័រយ៉ាងចម្លែកបណ្ដាលឱ្យញើសហូរចេញមកពីថ្ងាសទាំងអាកាសរងារសមដណ្ដប់ភួយ។ តើវាជាសម្រឹបជើងនរណា? យប់ពាក់កណ្ដាលអធ្រាតទៅហើយ មាននរណាធ្វើអីទៀតម៉េចក៏មិនប្រើខ្ញុំ? ខ្ញុំបើកទ្វារតិចៗហើយអើតក្បាលចេញពីបន្ទប់ដោយប្រុងប្រយ័ត្ន។ នៅពីចម្ងាយ, ខ្ញុំឃើញរាងកាយស្គមស្គាំងរបស់នរណាម្នាក់ដើរចូលបន្ទប់មួយយឺតៗ។ ខ្ញុំចេញពីបន្ទប់ហើយលបទៅមើលឱ្យជិត។ ក្រាក.... សំលេងបើកទ្វារអ្វីម៉្យាងបន្លឺឡើង។ រាងកាយស្គមកំប្រឹងនោះបើកទ្វារចុះទៅជាន់ខាងក្រោម។ គឺជាន់ក្រោមដី។
«កុំចង់ដឹង កុំចង់ស៊ើប កុំចង់ស្លាប់...»
សំលេងគ្រលរដូចជាមនុស្សចាស់ជរាជិតស្លាប់បានបន្លឺរណ្ដំ តិចៗមែនតែល្មមធ្វើឱ្យអ្នកដែលបានឮព្រឺខ្នង និងភិតភ័យ។...
(សូមអានបន្តភាគ២)
ចុច អានបន្ត
ផ្ទះម្ចាស់យាយ
Reviewed by Unknown
on
7:08 PM
Rating: