ផ្ទះម្ចាស់យាយ (ភាគ២)
ខ្ញុំប្រញាប់លបចូលក្នុងបន្ទប់វិញហើយទាញភួយគ្របសំងំដេកដោយខ្លាចរន្ធត់ជាមួយនឹងអារម្មណ៍ច្របូកច្របល់លាយឡំគ្នារកស្មានមិនត្រូវ។ ខ្ញុំប្រឹងធ្មេចភ្នែកដេកទាំងភ័យញ័រទទ្រើកដូចកណ្ដុរធ្លាក់ទឹក។ គិតទៅកាន់តែចង់ដឹងកាន់តែឆ្ងល់។ ខ្ញុំបង្កើតសំណួរសួរខ្លួនឯងជាច្រើន សេចក្ដីព្រួយចាប់ផ្ដើមកើតមានខ្លាំងទៅៗរហូតគិតថា តើខ្ញុំអាចរស់នៅក្នុងស្ថានភាពមិនដឹងបែបនេះយូរប៉ុណ្ណាទៀត?
---------------------------------------------
កាកគីងកងកឺត.... មាន់ក្រោយផ្ទះចាប់ផ្ដើមរងាវស្របពេលដែលសូរិយារះលឹមៗក្រោយព្រៃព្រឹក្សា។ ខ្ញុំពត់ខ្លួនសម្រួលកាយហើយរួសរាន់ងើបធ្វើការជាច្រើនទៀត។ គិតថាព្រឹកនេះងើបលឿនជាងរាល់ដងទៅហើយ តែនៅតែមិនទាន់ចរណៃ និងមីងអូ។
«ទៅមើលមាន់ទៅ!» មីងអូដេញឱ្យខ្ញុំទៅកសិដ្ឋាន ដូច្នេះខ្ញុំក៏ទៅយកចំនីមាន់ និងប្រុងចេញទៅទ្វារក្រោយ ស្រាប់តែឃើញលោកស្រីឈរនៅទីនោះនិងសម្លក់ថ្លែមករកខ្ញុំដូចជាមានគុំនុំរាប់រយជាតិមកអញ្ចឹង។ គាត់ដើរមកជិតខ្ញុំហើយនិយាយតិចៗបែបខឹងខ្លាំង៖
«នេះជាលើកទីមួយសម្រាប់នាងមែនទេក្នុងការហាន់សាច់?»
«លោ...លោកស្រីចង់មានន័យថាម៉េច?» ខ្ញុំនិយាយទាំងភ័យញ័រដោយមិនគិតថាគាត់អាចកាចដល់ម្លឹង។
«គឺសាច់ជ្រូកហាន់ពីម្សិលម៉ិញនេះ!» លោកស្រីទម្លាក់សំលេងបន្តិចដូចជាធូរខឹង។ «លើកក្រោយធ្វើអីកុំស្មោកគ្រោកពេក, មុនយកសាច់ទៅឱ្យខ្ញុំ សូមនាងលាងទឹកឱ្យបានច្រើនដងសិន។» ថាចប់គាត់ក៏ដើរឡើងទៅជាន់លើវិញយ៉ាងព្រងើយ។ មើលទៅគាត់ជាមនុស្សស្អាតបាត និងប្រឹតព្រៀងបំផុតកុំថាឡើយកំហុសធំដុំ។ ខ្ញុំនៅងឿងឆ្ងល់ថាខ្លួនឯងបានធ្វើអីខុសដាក់សាច់ជ្រូកនោះទើបគាត់ច្រឡោតម៉្លេះ? អ...នឹកឃើញហើយ គឺម្សិលម៉ិញមានប្រឡាក់ឈាមដែលខ្ញុំមុត គិតទៅប្រឡាក់តែបន្តិចសោះ ម៉េចក៏គាត់ដឹងច្បាស់ម៉្លេះណ៎? ឬមួយក៏គាត់យកវាទៅបរិភោគ? តែចរណៃប្រាប់ខ្ញុំថាគាត់យកទៅចាក់ចោលក្នុងអណ្ដូងទេតើ។ សង្ស័យតែគាត់យកទៅផ្សេងពីអណ្ដូងទេមើលទៅនោះ ពិតជាគួរឱ្យចង់ដឹងខ្លាំងមែនទែនហើយ ដូចខ្ញុំនិយាយដដែលៗចឹង កាន់តែដឹងកាន់តែមិនដឹង កាន់តែស៊ើបកាន់តែឆ្ងល់ តែខ្ញុំមកបម្រើផ្ទះបាយគេតើ មិនមែនមកស៊ើបការណ៍សម្ងាត់អីណា កុំគិតច្រើន។ ពាក្យកុំគិតច្រើននេះវាទ្រលាន់ណាស់សម្រាប់ខ្ញុំ ព្រោះទោះជាតាំងចិត្តថាមិនគិត បើខួរវាសួរវាឆ្ងល់ទៅហើយ ភ្នែកវាចេះតែឃើញនេះឃើញនោះបង្កជាការចេះដឹងរឿងគេយ៉ាងផ្ដេសផ្ដាស។
ចរណៃដើរចូលមកជាមួយបន្លែ ត្រី សាច់ជាច្រើនដូចរាល់ដង។ ឃើញទិញច្រើនបែបនេះ មិនមែនយកទៅស្លជាសម្លធម្មតាទាំងអស់ទេ គឺយកមួយភាគតូចស្លសម្រាប់កញ្ជះដាច់ថ្លៃបីនាក់យើងតែប៉ុណ្ណោះ សល់ពីនេះគឺយកទៅស្ងោលាយជាមួយឈាមមាន់ ចិញ្ច្រាំបន្លែចូលជាមួយសាច់ហើយរម្ងាស់ចូលគ្នាដូចសំណល់ទឹកលូគួរឱ្យចង់ក្អួត និងក្លិនវ៉ល់វួកអាក្រក់ក្រៃពុល។
«មីខ្នៃ! អញឆ្ងល់ហងឯងស្លអីច្រើនដល់ម្លឹង? ហើយកូឡើងវ៉ល់ប៉ប្លាក់ដូចអាចម៌កូនង៉ា អាណាស៊ីកើតហង?» ខ្ញុំសួរដោយឆ្ងល់ពិតៗ។
«អាឆ្នាំងធំនេះមិនមែនសម្រាប់យើងស៊ីទេនាង! សាបឈឹងគ្មានជាតិអំបិលស្ករទេ,» នាងតបមកវិញដោយមិនងាកមើលខ្ញុំអីសោះ។ «គឺសម្រាប់អ្នកនៅតាមបន្ទប់នីមួយៗនៃជាន់ខាងលើ។»
«អី? ក្នុងបន្ទប់នីមួយៗជាច្រើននោះមានមនុស្សនៅ?» ខ្ញុំសួរទៅវិញ។
គ្រឹកៗ... ចង្វាកបេះដូងខ្ញុំអង្រួនដូចជាញាប់ញ័រ។ ខណៈកាលហ្នឹង ខ្ញុំស្រាប់តែទទួលអារម្មណ៍ត្រជាក់រងារ ខ្យល់បក់មិនដឹងចេញពីទិសណា មកប៉ះនឹងសក់វែងខ្ញុំបណ្ដាលចិត្តឱ្យព្រឺព្រួចគ្មានហេតុផល។
«មែនហើយ,» ចរណៃឆ្លើយកំបុតទាំងមិនចង់។ ខ្ញុំមិនដេញដោលទៀត ក៏ឈោងយកកាំបិតហើយហាន់សាច់ជ្រូកដូចម្សិលម៉ិញទៀត តែលើកនេះត្រូវប្រុងប្រយ័ត្នខ្លាំងណាស់។ ចរណៃស្រាប់តែវិលមុខខ្យល់គហើយដួលស្រឹបសន្លប់ឈឹង។ ខ្ញុំរញីរញ័រស្រឡាំងកាំងព្រោះមិនដែលបានជួបប្រទះនរណាខ្យល់គរទេក្នុងមួយឆាកជីវិតស្រីស្អាតម្នាក់នេះ។
«ជួយផង...ចរណៃ...ចរណៃខ្យល់គ...» ខ្ញុំឆ្លេឆ្លាព្រោះមិនដឹងថាត្រូវធ្វើស្អី។ ក្នុងផ្ទះមានតែខ្ញុំ និងលោកស្រី រីឯមីងអូទៅទារលុយដែលគេជំពាក់លោកស្រីនៅក្រៅតាំងពីព្រលឹម។
«ជួយផង...» ខ្ញុំស្រែកឡេះឡះ មិនដឹងថាត្រូវធ្វើយ៉ាងណាដើម្បីសង្គ្រោះនាង។ «ចរណៃៗ ភ្ញាក់ឡើងៗ...»
«មានរឿងអីនឹង?» លោកស្រីសួរពីក្រោយ ហើយដើមកជិតយឺតៗ។...
គាត់យកដៃស្ទាបក្បាលចរណៃយ៉ាងយកចិត្តទុកដាក់។ ពេលនេះជាពេលដំបូងហើយដែលខ្ញុំឃើញថាដៃគាត់ស្គមកំប្រឹងសល់តែស្បែកដណ្ដប់ឆ្អឹង ជាមួយក្រចកវែងស្រួចគ្រប់ម្រាមឡើងខ្មៅដឹតដូចរោមក្អែក។ គាត់ចាប់ចរណៃលើកឡើងហើយគ្រាហ៍នាងទៅជាន់ក្រោមដីរួចដើរចូលបន្ទប់ងងឹតមួយហើយបិទទ្វារ។ មួយសន្ទុះខ្ញុំឃើញចរណៃដើរចេញមកវិញជាមួយភាពស្រស់ស្រាយគ្រាន់បើជាងមុន ឯលោកស្រីដើរពីក្រោយហើយឡើងទៅជាន់ខាងលើបាត់ដោយស្ងៀមស្ងាត់។ ខ្ញុំកេះចរណៃតិចៗហើយសួរ៖
«ណែ? ហើយលោកស្រីបានធ្វើអីដាក់ឯងខ្លះ?»
នាងបែរមកញញឹមដាក់ខ្ញុំហើយតប៖
«ម្ចាស់យាយជាអទិទេពរបស់យើងវ៉ើយ! ចាំទៅឱ្យចំណីមាន់ហើយយកមាន់បោចទៅឱ្យលោកស្រីផង អញអត់ទាន់ស្រួលខ្លួនទេ សុំទៅដេកបន្តិចហើយ។» ថាតែប៉ុណ្ណេះ នាងក៏ដើរទៅបន្ទប់បាត់ទៅ។ ម្ចាស់យាយ? ជាអ្វីឱ្យប្រាកដទៅ? ឬនាងចង់សម្ដៅទៅលោកស្រីជាម្ចាស់យាយ? គាត់មិនចាស់ដល់ថ្នាក់ហៅយាយទេ តែបែបមានអ្វីលាក់បាំងរនាំងឃាំងជិតហើយមើលទៅ យ៉ាងណាក៏ត្រូវតាំងចិត្តថា មិនដឹង មិនឮ មិនស៊ើប។
ខ្ញុំយកចំនីមាន់ទៅកសិដ្ឋានខាងក្រោយហើយបាចឱ្យមាន់ស៊ី។ មាន់ដណ្ដើមចំនីគ្នាយ៉ាងសប្បាយរីករាយដោយមិនដឹងឡើយថា ថ្ងៃស្អែកនេះ មិនដឹងអាមួយណាទេដែលត្រូវស្លាប់។ គិតទៅលោកសន្និវាសយើងមិនមានអ្វីជារញេរញៃដូចសង្គមដែលឃើញសុទ្ធតែសំរាម និងមនុស្សអាក្រក់ឡើយ។ ជីវិតប្រៀបដូចជាក្រដាសស យើងខ្លួនឯងទេជាអ្នកគូសវាសបង្កបញ្ហា បញ្ហាស្រាលអាចដោះបានប្រែជាប្រសើ បញ្ហាស្មុគស្មាញខ្លះដោះមិនបានប្រឡាក់ពេញក្រដាស។ ជីវិតខ្ញុំក៏មិនមែនល្អគ្រប់វិនាទីណាឡើយ គ្រាន់តែថា បានមកធ្វើការនៅទីនេះវាមិនសូវហត់ពិបាកដូចនៅស្រុកទេ ព្រោះជាចំណូលចិត្តផង។
«ពេលមេឃស្រទុំអូនយំស្រណោះ ដួងចិត្តក្រៀមក្រោះ អស់ហើយសេចក្ដីសង្ឃឹម ព្រឹលអស់កែវភ្នែក ដូចភ្លៀងរលឹម ចន្ទក៏លែងញញឹមដូចគ្នាដើម ទៀតហើយ។» ចម្រៀងសំឡេងស្រួយនេះ ខ្ញុំតែងឮនៅរៀងរាល់ពេលល្ងាចថ្ងៃជិតលិច ហើយបើតាមខ្ញុំស្មានមិនខុសទេ គឺជាសំឡេងលោកស្រី។ ពុទ្ធោអើយ, គាត់ស្អាត មានទ្រព្យហើយថែមទាំងច្រៀងពិរោះទៀត។ មានបទមិនតិចទេដែលខ្ញុំឮគាត់ច្រៀងរាល់ល្ងាច ដែលស្ដាប់ទៅដូចជាគាត់សោកសៅបរាជ័យស្នេហាឬយ៉ាងម៉េច។
«សម្ដី មានន័យពិរោះផ្អែមឆ្ងាញ់ ដូចសរបាញ់ចាក់បេះដូងឱរ៉ាស្រី សម្ដីយើងស្មោះគេទុកគ្មានន័យ ខ្លាចហើយប្រុសព្រានចង្រៃ គ្មានក្ដីមេត្តា។»
ប្រហែលគ្រាន់តែគាត់ចូលចិត្តច្រៀងបទមនោសញ្ចេតនាស្នេហាព្រាត់ប្រាស់ហើយមើលទៅ តែការដាក់អារម្មណ៍របស់គាត់ពិតជារំជួលចិត្តខ្លាំងណាស់ ពេលខ្លះខ្ញុំឮគាត់យំខ្សឹកខ្សួលទៀតផង។
ខ្ញុំអង្គុយជញ្ជឹងគិតមួយសន្ទុះហើយបាចចំណីឱ្យមាន់មួយក្ដាប់ទៀតរួចដើរចូលផ្ទះវិញ។ ការងារខ្ញុំនៅមិនទាន់រួចរាល់ទេ ដោយសារតែចរណៃមិនស្រួលខ្លួនទើបខ្ញុំត្រូវរ៉ាប់កិច្ចទាំងអស់។ បន្ទាប់ពីបោចរោមមាន់ហើយ យកមាន់ទាំងមូលដាក់ចានពងក្រពើសមួយរួចយកឡើងទៅឱ្យលោកស្រីនៅជាន់លើ។ ខ្ញុំគោះទ្វារតិចៗហើយដាក់មាន់លើតុមុខទ្វារបន្ទប់នេះរួចក៏ដើរចុះមកវិញ។
“នៅសល់ការងារអីទៀតទៅ?” ខ្ញុំអេះក្បាលព្រោះមិនដឹងត្រូវធ្វើអីទៀត។ មីងអូក៏ទៅទារលុយគេយូរ ចឹងហើយទើបខ្ញុំចូលទៅសួរចរណៃដែលកំពុងដេកគ្របភួយ។ ពេលបើកភួយឡើងខ្ញុំភ្ញាក់ស្រែកវ៉ាស ព្រោះភ្នែកនាងឡើងជាំខ្មៅហើយសាច់ឡើងស្លេក។
«នាងឯងរកស្អី?» ចរណៃសួរ។ «រំខានអញមែន។»
«អញមកសួរថាត្រូវធ្វើអីទៀត?» ខ្ញុំតបទៅនាងវិញ។
«អើុ! យកមាន់ឆៅឱ្យលោកស្រីហើយនៅ?» វាសួរ។
«យករួចហើយ,» ខ្ញុំតប។
«ហើយយកសម្លរឆ្នាំងធំដាក់ចានគម២៥ចានរួចយកទៅដាក់ក្នុងបន្ទប់ខាងលើគ្រប់បន្ទប់, ហើយយកសាច់ចាក់ចូលអណ្ដូងក្រោយផ្ទះ ពេលយប់ចាក់ចូលមួយគីឡូទៀត អូភ្លេចគិតថ្ងៃនេះពេញបូរមី ឯងត្រូវទៅផ្សារទិញមេមាន់ និងកូនជ្រូករស់ ហើយមេឃងងឹតយកមាន់រស់ និងកូនជ្រូករស់នឹង យកដាក់មុខបន្ទប់ក្រោមដីផង។ កុំភ្លេចដាំបបរសឱ្យអញស៊ីផង រួចនាងឯងរៀបបាយស៊ីជាមួយមីងអូទៅ អស់ហើយ...» ប្រាប់តែប៉ុណ្ណេះនាងក៏ដេកវិញយ៉ាងតត្រុន។ ពុទ្ធោអើយ! ផ្ទះនេះហេតុអីក៏ត្រូវធ្វើកិច្ចការអត់ប្រយោជន៍ទាំងនេះ? ហើយក្នុងបន្ទប់នីមួយៗនៅខាងលើមានអ្នកណានៅខ្លះទៅ? យី...ឆ្ងល់ដល់ហើយនៀក មនុស្សនៅផ្ទះជាមួយក្នាតែបែរជាមិនដែលបានឃើញសមាជិកក្នុងផ្ទះអស់។ ខ្ញុំដើរទៅផ្ទះបាយវិញទើបយកកាំបិតហាន់សាច់បន្តទៀត ហើយយកលាងទឹកបីដងមុននឹងយកទៅចាក់ក្នុងអណ្ដូងក្រោយផ្ទះ កុំឱ្យត្រូវមាត់ដូចលើកមុនទៀត។
អណ្ដូងនេះមានលក្ខណៈចាស់ហើយតែជ្រៅទៅក្រោមងងឹតឈឹង។ នៅមាត់អណ្ដូងមានស្បែកគោក្រៀមដាក់តម្រៀប ហើយមានទៀនដែលដោតទុកចោលជាច្រើនជុំវិញ។ ពេលចាក់សាច់ចូល ខ្ញុំឮដូចជាសំលេងសាច់ធ្លាក់ត្រូវអ្វីម្យ៉ាងដូចរបស់មានជីវិតនៅក្នុងនោះ។ សំឡេងទំពារត្របាក់ស៊ីសាច់ដោយក្ដីស្រេកឃ្លានក៏បន្លឺឡើងដែរ។
(សូមអានបន្តភាគទី៣)
ចុច អានបន្ត
ផ្ទះម្ចាស់យាយ (ភាគ២)
Reviewed by Unknown
on
7:44 PM
Rating: