ផ្ទះម្ចាស់យាយ (ភាគ៣)
នៅផ្សារមនុស្សអ៊ូរអរដូចរាល់ដង ពួកគេរកស៊ីចិញ្ចឹមជីវិតតាមរបៀបសុច្ចរឹតរៀងៗខ្លួន ថ្វីបើមិនបានជាស្លៀកពាក់ស្អាតធឺនុយសមសួនដូចអ្នកធ្វើការការិយាល័យ ក៏ពួកគេអាចរកចំណូលច្រើនរាល់ៗថ្ងៃតាមសមាជីវោរ។ ខ្ញុំសម្លឹងរកបន្លែត្រីសាច់សម្រាប់ម្ហូបល្ងាច ហើយពិសេសនោះគឺរកកូនជ្រូករស់។ មេមាន់ចាំទៅចាប់នៅកសិដ្ឋានក៏បានកុំឱ្យអស់លុយច្រើន។ គេលក់ផ្កា ចេក មៀន និងផ្លែឈើច្រើនព្រោងព្រាតដែលល្មមអាចឱ្យយើងដឹងថាវាជាថ្ងៃសីលដែលពុទ្ធិព្រាហ្មសាសនិកទាំងអស់តែងទិញវាដើម្បីអុចធូបសែនសុំសេចក្ដីសុខ។ តើឱ្យទិញកូនជ្រូករស់នៅឯណាទៅ? ងាប់ហើយ, នេះគ្មាននរណាគេដាក់លក់កូនជ្រូកដូចលក់ត្រីនោះទេ។ ក្រឡេកមួយសន្ទុះក៏ឃើញតូបលក់សាច់ជ្រូកមួយមានកូនជ្រូកចងជាប់នឹងតូប ចាំអង្កាល់ទៀត! ខ្ញុំដើរទៅរកស្ត្រីអ្នកម្ចាស់តូបហើយសួរទិញ។
«មីង! កូនជ្រូកនេះលក់មែនទេ?» សួរហើយ មីងនោះងើបមុខមើលខ្ញុំហើយគ្រវីក្បាលតប៖
«ខ្ញុំទុកលក់ឱ្យម៉ូយទេ។»
«អូយស្លាប់ហើយ! តើឱ្យខ្ញុំរកជ្រូកមកពីណាទៅណ៎?» ខ្ញុំរអ៊ូគិតតែឯង។ «ប្រហែលត្រូវដើរសុំទិញតាមផ្ទះហើយមើលទៅ។»
«ហើយឯងរកកូនជ្រូកទុកចិញ្ចឹមហ្អែស?»
«អត់ដឹងដែរមីង ប៉ុន្តែលោកស្រីខ្ញុំឱ្យទិញឱ្យគាត់រាល់ថ្ងៃសីល។» គ្រាន់តែខ្ញុំថាប៉ុណ្ណេះ មីងនោះបើកភ្នែកធំៗ។
«លោកស្រី ឈឿយ ភូមិគ្រឹះចុងភូមិនឹង?»
«ចា! នឹងហើយមីង!!» ខ្ញុំឆ្លើយតបដោយអំណរ។
«គាត់នឹងហើយជាម៉ូយរបស់មីង តែមីងមិនដែលបានជួបគាត់សោះ គេថាគាត់ចេញដើរតែពេលយប់ទេ បើពេលថ្ងៃ គាត់ចេញពេលណាមេឃស្រទុំហើយឃ្លុំជិតគ្មានចេញសាច់ឡើយ។»
«ចាស មែននឹងហើយ។» ខ្ញុំតបដោយមិនសូវពេញចិត្តនឹងការចេះដឹងរឿងគេរបស់មីងម្នាក់នេះសោះ។
«រាល់ដងស្រីណៃមកទិញ ក្មួយឯងមកនៅថ្មី?»
«មែនហើយមីង!»
«បើចឹងប្រយ័ត្នផង ចចាមអារាមល្បីថាផ្ទះនឹងពេលយប់មានហេតុចម្លែកៗគួរឱ្យខ្លាចណាស់។ ចាំមើលអ្នកណាខ្លាចច្បាស់ជារត់ប្រាស់អាយោសចោលផ្ទះនឹង មិនខាន។»
ខ្ញុំដកដង្ហើមធំចោលដើម្បីឌឺដងឱ្យគាត់យល់ថាទង្វើគាត់វាគួរឱ្យធុញ។ ទីបំផុតគាត់ក៏យល់ចរិតខ្លួនឯង។
«ហើយមីងសុំបន្ថែមបន្តិចទាក់ទងនឹងម្ចាស់គ្រូស្អីនោះ...»
«មិនបាច់បន្ថែមអីទេ ឥឡូវមីងសម្រេចថាលក់កូនជ្រូកនឹងឬអត់?» ខ្ញុំនិយាយដោយអាការៈធុញទ្រាន់នឹងភាពសាំតាប៉ែរបស់អ្នកលក់។ «មួយប៉ុន្មានដែរមីង?»
«ចា៎ តម្លៃនៅដដែល ដូចរាល់ដង!» គាត់ឆ្លើយព្រងើយ។
«រាល់ដងនឹងប៉ុន្មាន?»
«១៥០០០០៛...»
«ម៉េចក៏ថ្លៃម៉េះ?» ខ្ញុំនិយាយតិចៗតែឯង តែមីងនោះនៅតែស្ដាប់ឮទៀត។
«តម្លៃប៉ុណ្ណឹងរាល់តែដងហើយ!»
«ចាស ១២ម៉ឺនទៅចុះ!»
«មិនបានទេក្មួយ! ១៥បើមិនទិញក៏តាមចិត្ត,»
«ចឹងក៏ចឹង!»
ខ្ញុំហុចលុយទៅអ្នកលក់គ្រប់ចំនួនហើយទទួលកូនជ្រូករស់នេះចេញទៅ។ តែក្រោយមកក៏ស្ដាយក្រោយ បើសិននៅស្ដាប់មីងមាត់ដាចនេះនិយាយពីផ្ទះនោះ ប្រាកដជាអាចដឹងបានច្រើនខ្លះ ទោះជាវាជាចចាមអារាមក៏អាចពិតខ្លះៗក៏ថាបាន។ កូនជ្រូកនេះច្រមុះផ្កាឈូក ជើងខ្លី ខ្លួនខ្លីគួរឱ្យស្រលាញ់ណាស់ តែយប់នេះមិនដឹងវាសនាវាទៅជាយ៉ាងណានោះទេ។ រវល់តែឈ្ងោកមើលកូនជ្រូក, ខ្ញុំក៏ដើរបុកនរណាម្នាក់។ ងើបមុខឡើងឃើញថាគាត់គឺកម្លោះសង្ហារម្នាក់។
«សុំទោសណាអ្នកនាង! មានត្រូវអីកូនជ្រូកអត់?»
«ចាស កូនជ្រូកអត់អីទេ ត្រូវតែខ្ញុំ !!!»
«ចឹងសុំទោសអ្នកនាងផង!»
«នៅក្រមុំតើលោក!»
«ក្រមុំមែនហ្អី?»
«ឆ្គួតទេអី?»
«ចុះកញ្ញាកាន់កូនជ្រូកទៅណា?»
«ឱ្យលោកស្រីខ្ញុំ។»
«ពុទ្ធោ!!!!!!!!!!!!! កញ្ញាមកពីផ្ទះលោកស្រីឈឿយភូមិគ្រឹះចុងភូមិមែនទេ?»
«មែនហើយ...»
«ព្រះអើយ ប្រយ័ត្នគ្រោះថ្នាក់ដូចខ្ញុំ!»
«នេះលោកយ៉ាងម៉េចនឹង?» ខ្ញុំសួរដោយខឹងតិចៗហើយដើរចេញទៅ។ នៅតាមផ្លូវត្រលប់មកវិញនាងនឹកស្រម៉ៃដល់ពាក្យដែលមីងលក់ជ្រូកនោះប្រាប់។ បន្ទាប់មក, ស្រាប់តែមេឃចាប់ងងឹតបន្តិចម្ដងៗរហូតដល់ភ្លឹប ងងឹតឈឹងគ្មានពន្លឺសូម្បីតែបន្តិច។ ខ្ញុំខំបើកភ្នែកតែគ្មានអីក្រៅពីពណ៌ខ្មៅ និងភាពស្ងៀមស្ងាត់បូករួមនឹងសំលេង អ៊ិៗរបស់កូនជ្រូក។ ខ្ញុំដឹងថាពេលនេះខ្លួនឯងនៅចំកណ្ដាលថ្នល់ ដែលសងខាងថ្នល់ជាព្រៃដុះស៊ុបទទ្រុប។ ខ្ញុំចាប់ផ្ដើមមិនស្រួលចិត្តហើយអង្គុយ។
ទឺតៗ...................
រថយន្តដឹកសាំងធំមួយបរពីចំងាយមកដោយស៊ីផ្លេជាប់។ ខ្ញុំមិនដឹងថាត្រូវទៅខាងណាបើងងឹតស្អីយ៉ាងនេះក៏ក្រាបផ្ទាល់នឹងផ្លូវ។ សំលេងរថយន្តបើកក្នុងល្បឿនលឿន គេចទៅកៀនហើយស្រែកជេរ :
«ដើរកណ្ដាលថ្នល់ចំ កើតឆ្គួតទេអី? មានកូនជ្រូកក្នុងដៃផង បែបឆ្គួតមែនហើយ!!!» សំលេងស្រែកជេរនោះក៏ស្ងាត់ទៅវិញដោយចំងាយឆ្ងាយ។ អាប៉ិនឹងឆ្គួតទេអី? ងងឹតឈឹងបែបនេះវាស្រែកឱ្យបែបនេះ។ ហើយចុះ??? ម៉េចក៏ ក៏...ក៏វាដឹងថាខ្ញុំកាន់កូនជ្រូក? ម៉ិញនេះដូចមិនឃើញវាបើកភ្លើងទេ ហើយយ៉ាងម៉េចឱ្យប្រាកដនេះ? ខ្ញុំមិនយល់សោះ។
ខ្ញុំសសៀរទាំងងងឹតចូលកៀនថ្នល់ យូរៗម្ដង ខ្ញុំឮសំលេងម៉ូតូ ឡានបរកាត់ ជាមួយសំលេងខ្សឹបខ្សៀវគ្នាសើច។ ក្រោយពីអ្វីៗបានកន្លងអស់ជាច្រើនម៉ោង ខ្ញុំដឹងថាមេឃងងឹតហើយពេលនេះ ហើយស្រាប់តែ, សំលេងសម្រឹបជើងបានបន្លឺ។ សំលេងនោះដើរមកកាន់តែជិតខ្ញុំ ធ្វើឱ្យកើតអារម្មណ៍ព្រឺព្រួចយ៉ាងចម្លែក។ កាន់តែកៀក បេះដូងខ្ញុំកាន់តែញាប់ញ័រ។
«កញ្ញា?» វាគឺគឺសំលេងកំលោះណាម្នាក់ស្រែកហៅខ្ញុំ។
«ម៉េច?» ខ្ញុំឆ្លើយ។
«ហាស ហា...ហើយកញ្ញាមកអង្គុយឱបជ្រូកធ្វើអីនៅចិញ្ចើមផ្លូវនឹង?»
«លំហែរកាយ។»
«ហាសហាហាហា...»
«នេះនាយសើចស្អីនឹង?» ខ្ញុំស្រែកគំហ៊កព្រោះខ្មាស់ មិនដឹងថាខ្ញុំស្គាល់គេឬអត់ទេ តែមើលទៅគេដូចជាចូលចិត្តខ្ញុំណាស់ ចឹងហើយទើបខ្ញុំចេះតែឆ្លើយតបទៅ។
«ហើយកញ្ញាមើលខ្ញុំឃើញអត់?»
«ថីមិនឃើញ?»
«ខ្ញុំពាក់អាវពណ៌អី?»
«អឺ...» ពណ៌អីអញ្ចេះវ៉ី? ចេះតែឆ្លើយទៅក្រែងវាចេញ។ «ពណ៌ខ្មៅ!»
«ហាហាសហាហា...» គ្រាន់តែឆ្លើយភ្លាមអាងាប់នឹងសើចយ៉ាងសុខស្រួល។ «ប្រាកដអត់?»
«ខ្ញុំមិនខ្វាក់ទេលោក។» ខ្ញុំខំប្រកែកទាំងដែលភ្នែកមើលគ្មានឃើញស្អីសោះ។
«មិនខ្វាក់គ្រាន់តែងងឹត!»
«ចេញភ្លាមទៅអាងាប់!!!» ខឹងពេកខ្ញុំដាច់ចិត្តជេរបណ្ដោយទៅ។
«ថាប្រុងជូនទៅផ្ទះ បើជេរខ្ញុំហើយ អូខេ!!! នៅងងឹតទៀតចុះ!» ថាហើយសម្រឹបជើងក៏បន្លឺចេញទៅឆ្ងាយ ទុកឱ្យខ្ញុំនៅឱបជ្រូកម្នាក់ឯងបន្តទៀត។ អើយ!!!ភ្នែកខ្ញុំវាកើតស្អីអញ្ចេះនេះ? សាំមែនទែន ប្រហែលខ្វេះស្ប៊ុកស៊ីភ្នែកអស់ហើយមើលទៅទើបមើលស្អីក៏មិនឃើញ។
«អ៊ិៗៗ...»
«កុំយំអីអាកូនជ្រូក...» ខ្ញុំរាវទូរស័ព្ទពីក្នុងហោបៅហើយអូសបើកសោរ។ ខ្ញុំរាវដោយងងឹតងងុលសង្ឃឹមថានឹងចុចតេទៅចរណៃត្រូវ។ រាវៗស្រាប់តែឮសំលេងទឺត... ខ្ញុំញញឹមព្រោះតេចូលហើយតើនេះ។
«សេវាកម្មទូរស័ព្ទយើងខ្ញុំសូមស្វាគមន៍»
ឮភ្លាមខ្ញុំចុចបិទភ្លែត ចង្រៃមែន!!! រាវរកលេខទៀត ចេះតែរាវចុចទៅជាបើកចម្រៀងអីណាសាំមែនទែនតែម្ដងហើយនេះ។ ខ្ញុំរាវរកទៀតក៏ប៉ះលេខបងស្រីខ្ញុំដែលនៅឯស្រុក។
«អាឡូ?» បងខ្ញុំនិយាយ។
«អាឡូវបងឡី! សុំទោសណាខ្ញុំចុចច្រលំទេ។»
«អាឡូណាលី? ហែងមានការអីម៉េចក៏មិននិយាយ?» គាត់សួរ។
«ចា អត់មានការអីទេបង,» ខ្ញុំបញ្ជាក់។ «ខ្ញុំចុចច្រលំលេខនឹងណា។»
«ហើយម៉េចក៏ឯងមិននិយាយ?» បងខ្ញុំប្រហែលស្ដាប់មិនឮ។ «អញកំពុងរវល់លេងFacebookផង តេមកមិននិយាយស្អី រំខានមែន?»
«បងឡី? បងឯងអត់ឮខ្ញុំទេឬ?» ខ្ញុំសួរបញ្ជាក់។ ស្រាប់តែពេលនោះ ប្ដីគាត់ក៏និយាយជួស។
«អាឡូ ណាលីមែនទេ?» បងថ្លៃខ្ញុំនិយាយ។
«ចាបងថ្លៃ! ខ្ញុំណាលី ខ្ញុំស្មានតែទូរស័ព្ទខូច ទើបបងឡីស្ដាប់សំលេងខ្ញុំមិនឮ...» ខ្ញុំនិយាយដោយធូរទ្រូងបន្តិច។
«បងឯងតែងស្ដាប់មិនឮទេនៅរៀងរាល់ល្ងាចដល់យប់ពេញបូរមី។ បងមិនដឹងថាមូលហេតុអីទេ!»
«ហាក? ម៉េចចឹងណ៎?»
«ចុះឯងមានការអីដែរ?»
«ចាអត់អីទេអរគុណណា!» ខ្ញុំនិយាយព្រមទាំងរាវប៊ូតុងចុចបិទ។
ខ្ញុំនៅតែមើលមិនឃើញ។ ងងឹតស្អីក៏ងងឹតម៉្លេះ ភ្នែកខ្ញុំវាកើតឆ្គួតឡប់ស្អីចេះ? គេផ្សេងម៉ិចក៏មិនងងឹត មកងងឹតតែឯងមួយ យីចំជាវេទនាកម្មៈប្រែថាអំពើមែន។ តើវាជាកម្មអកុសល្យអីខ្ញុំណ៎? បានជាត្រូវងងឹតភ្នែកតាមផ្លូវទៅផ្ទះបែបនេះ? ចំមែន។ រំពេជនោះ, មានដៃមួយចាប់ស្មារខ្ញុំធ្វើឱ្យខ្ញុំភ័យរន្ធត់ឥតឧបមារ។...
(សូមអានបន្តភាគទី៤)
ចុច អានបន្ត
ផ្ទះម្ចាស់យាយ (ភាគ៣)
Reviewed by Unknown
on
8:00 PM
Rating: