ផ្ទះម្ចាស់យាយ (ភាគ៤)
មានដៃមួយមកចាប់ស្មាខ្ញុំធ្វើឱ្យខ្ញុំភ័យរន្ធត់ឥតឧបមា។
«ព្រះអើយចេញទៅ!!! ចេញទៅសូមអង្វរអានិតខ្ញុំផង...» ខ្ញុំស្រែកសំពះទាំងងងឹតមើលមិនឃើញ។ ក្នុងចិត្តភិតភ័យជាងស្លាប់ទៅទៀត។
«យើងនឹងយកជីវិតឯង...» សំលេងមនុស្សប្រុសគ្រលរនោះនិយាយធ្ងន់ៗមកខ្ញុំ។ «យើងនឹងសម្លាប់ឯង...»
«ទេ...ខ្ញុំនៅក្រមុំទេ...» ខ្ញុំប្រឹងអង្វរ។ «អានិតក្រមុំផង...»
«ហាសហាហា...» សំលេងសំណើចមនុស្សប្រុសបន្លឺឡើង។ វាដូចជាសើចក្នុងន័យចំអកឡកឡឺយយ៉ាងសុខ។ «គួរឱ្យអានិតណាស់តើ!!!»
ចង្រៃយក៍!!! តាមពិតគឺអាប៉ិម៉ិញនោះសោះ ស្មានតែវាទៅណាឆ្ងាយហើយ យី ប៉ិនេះចេះបន្លាចឯងឱ្យភ័យទៅកើត សំណាងហើយដែលមិនដល់ថ្នាក់លេចនោម កុំអីខ្មាសវាស្លាប់មិនខាន។
«ម៉េចចេះអង្វរហើយមែនទេ?» នាយនោះឌឺដង។ សំឡេងកម្លោះសង្ហាម្នាក់នេះគួរឱ្យស្អប់បំផុត, តែមិនដឹងសង្ហសាឬអត់ទេ ព្រោះមើលមិនឃើញ សង្ឃឹមថាសង្ហាទៅចុះ។
«ចេញឆ្ងាយទៅអាឆ្គួត!!!» ខ្ញុំស្រែកជេរទាំងខឹងផងអៀនផង។ «កុំថោកពេក!!! ខ្ញុំមិនស្គាល់ឯងទេ!!!»
«យី!!! ងងឹតភ្នែកហើយជេរអ្នកភ្នែកភ្លឺទៀត ចាប់ថើបឡូវនឹង!»
«ចេញភ្លាមទៅ!!!» ខ្ញុំស្រែក។
«ចាំខ្ញុំជូនទៅផ្ទះ!»
«មិនបាច់ទេ មិនត្រូវការ» ខ្ញុំបដិសេធយ៉ាងគំរោះគំរើយ ព្រោះចេតនាចង់ឱ្យវាចេញឆ្ងាយឱ្យស្រឡះពីមុខ។
«ចឹងដេកលើចិញ្ចើមផ្លូវនឹងទៅ មេឃងងឹតហើយ,» បុរសនោះនិយាយ។ «ខ្ញុំទៅវិញហើយ បាយបាយ ជុប ជុប!!!» ថាហើយក៏ឮសំឡេងសម្រឹបជើងចាកចេញឆ្ងាយ ធ្វើឱ្យខ្ញុំដកដង្ហើមធំចោលមួយដោយអាការៈធូរទ្រូង។ ងងឹតភ្នែកបែបនេះបើវាចាប់រំលោភខ្ញុំអីទៅ មិនដឹងស្រួលយ៉ាងណាទេ។ អា!!!! ច្រឡំមាត់យកចរិតពិតមកនិយាយ។
ក្រោយមក, អ្វីៗក៏ស្ងប់ស្ងាត់ឡើងវិញ។ សំលេងម៉ូតូឡានក៏បាត់អស់ទៅ ជំនួសឱ្យសំលេងចង្រឹតយំ និងឆ្កែលូបង្កអារម្មណ៍ឱ្យកាន់តែព្រឺព្រួចយ៉ាងខ្លាំង។
ខ្ញុំនៅអង្គុយងងឹតក្នុងបរិយាកាសធ្លាក់មកជាត្រជាក់ខ្យល់បក់ត្រសៀកៗអស់ពេលយ៉ាងយូរប្រហែលរាប់ម៉ោងហើយ ស្រាប់តែមានដៃមួយចាប់ស្មារខ្ញុំទៀត។
«ចេញឱ្យឆ្ងាយពីខ្ញុំបានទេ?» ខ្ញុំស្រែកឡើង។
«ចុម!កាចម៉េះចែ?» បុរសដដែលនោះនៅតែមកទៀត។ គួរឱ្យស្អប់មែនទែនតែម្ដង ខឹងខ្លាំងណាស់ បើខ្ញុំមើលឃើញច្បាស់ជាសំពងហែងបែកក្បាលហើយ។
«ចេញទៅ ខ្ញុំមិនចង់ឈ្លោះជាមួយលោកឯងទេ,» ខ្ញុំប្រឹងប្រើសំឡេងកាចជះទៅលើបុរសជម្លើយម្នាក់នេះកុំឱ្យវាសាំតាប៉ែពេក។
«ខ្ញុំគ្រាន់តែចង់ជូនអ្នកនាងទៅផ្ទះតើ!!!» សំលេងបុរសកម្លោះនោះនិយាយមកខ្ញុំ។
«បើចឹងជួយជូនទៅផង ស្គាល់ផ្ទះខ្ញុំទេ?»
«បាទ ស្គាល់តើ!!! ម៉េចដាច់ចិត្តសុំខ្ញុំឱ្យជូនហើយហ្អែស?» គាត់ឌឺ។ ចាប់ផ្ដើមចេញចរិតគួរឱ្យខ្នាញ់ហើយតើអាប៉ិនេះ តិចលោជាគូព្រេងខ្ញុំទេដឹង, យីដំណាក់កាលនេះហើយនៅចេញចរិតចើកមកទៀត យ៉ាប់មែនខ្ញុំ ខ្មាស់អ្នកអានដល់ហើយ។
«នេះសម្រេចថាព្រមជូនទៅឬអត់នឹង?» ខ្ញុំគំហ៊កបែបមិនទ្រអាណាម៉ារៀល តែក្នុងចិត្តចង់ទៅផ្ទះវិញស្ទើស្លាប់។
«ចែឯងកាចម៉េះចែ? តិចបានដេកព្រៃទៅ!»
«ខ្ញុំអត់ចង់ដេកទីនេះទេណា...» ខ្ញុំចាប់ផ្ដើមទម្លាក់សំលេងមកជាទន់វិញព្រោះចង់ទៅផ្ទះ។ កាលៈទេសៈតឹងតែងយ៉ាងនេះ អង្វរគាត់តិចក៏មិនខាតអីដែរ អាល័យតែធ្វើចរិតស្រីស្អាត ខ្លាចបានដេកព្រៃមែន។
«អូខេ ចឹងចាំបងជូនទៅ!»
គេហៅខ្លួនគេថា “បង” ខ្ញុំនេះសែនទ្រលាន់ ចង់ក្អួត ធ្វើដូចខ្លួនឯងជាសង្សារខ្ញុំចឹង ហ៊ើយណ្ហើយ លោមៗវាសិនទៅ ថ្ងៃស្អែកបើឃើញចាំជម្រះបញ្ជីម្ដង។ តែគិតទៅគេគ្មានបានធ្វើអីអាក្រក់មកលើយើងផង យើងទេតើឆ្នាស់ដាក់គេហួសហេតុនោះ។ គាត់ចាប់ដៃខ្ញុំហើយដឹកដៃដើរទៅមុខ។ ខ្ញុំឮសំលេងស្បែកជើងជាន់ស្លឹកឈើងាប់ៗលាន់ប្រោកៗគួរឱ្យព្រឺឆ្អឹងខ្នង។
យើងដើរបានមួយសន្ទុះខ្ញុំមានអារម្មណ៍ថាខ្យល់ត្រជាក់កំពុងបបោសរាងកាយខ្ញុំឱ្យព្រឺព្រួចគួចជាមួយសំលេងឆ្កែព្រៃលូល្វើយៗបង្កើតអារម្មណ៍ដូចជាខ្លួនឯងកំពុងតែឈរកណ្ដាលវាលរហោឋានល្ហល្ហេវមួយយ៉ាងចឹង។ ដើរមួយសន្ទុះធំហើយនៅមិនទាន់ដល់ផ្ទះទៀតលោកអើយលោក។
«ហ៊ើយ...»
ទឹបៗៗ...
«លោកឯងប្រាកដអត់ ថាស្គាល់ផ្ទះខ្ញុំ?» ខ្ញុំសួរព្រោះឆ្ងល់ពិត។
«ឈប់សិន!!!» កម្លោះនោះនិយាយព្រមទាំងឈប់ដើរ។ «ចែឯងទុកកូនជ្រូកនៅណា?»
«អូ...ខ្ញុំភ្លេចនៅចិញ្ចើមផ្លូវនោះបាត់ទៅហើយ។»
«បើចឹងចាំខ្ញុំទៅយក» អាប៉ិនេះចិត្តល្អដែរតើ! នេះបានគេហៅថាសុភាពបុរស ឃើញស្រីស្អាតនៅនឹងមុខហើយវាចេះឱ្យតម្លៃស្រីស្អាតម្នាក់នេះណាស់! និយាយមិនអួតទេ ខ្ញុំធ្វើកញ្ជះគេមែន តែបើថាសម្រស់វិញ បវរកញ្ញាពិភពលោកនៅមិនទាន់បានចំណិតក្រចកជើងខ្ញុំផង មិនអួតទេចា, តែពេលនេះមិនមែនជាពេលដែលខ្ញុំត្រូវអួតនោះទេ។
«ចាំនៅទីនេះហើយណាកុំដើរទៅមុខប្រយ័ត្នធ្លាក់ប្រឡាយ។» ថាហើយគាត់ក៏ដើរបកក្រោយវិញទុកឱ្យខ្ញុំនៅឈរនឹងថ្កល់តែម្នាក់ឯង។ ខ្យល់ធ្លាក់ត្រសៀកកាន់តែរងារ សំលេងឆ្កែលូ និងចង្រឹតយំក៏ស្ងាត់បាត់អស់ អ្វីៗគ្រប់ដណ្ដប់ដោយភាពស្ងាត់ឈឹង។ ដោយពាក្យមួយម៉ាត់ថា «ប្រយ័ត្នធ្លាក់ប្រឡាយ ដូចជាច្រវ៉ាក់ខ្ទាស់ជើងខ្ញុំឱ្យនៅស្ងៀម ព្រោះបើដើរទាំងងងឹតបែបនេះអាចនឹងដូចគាត់និយាយក៏ថាបានដែរ។
មួយសន្ទុះធំដែលខ្ញុំនៅស្ងៀម តែខួរក្បាលគិតពីនេះពីនោះមិនចេះចប់។ តើផ្ទះចង្រៃនោះពិតជាកំពុងផ្ដល់គុណវិបត្តិដល់ខ្ញុំឬ? តើការងងឹតភ្នែកនេះមានទាក់ទងជាមួយនឹងផ្ទះនោះដែរឬទេ? ហើយបើខ្ញុំងងឹតបែបនេះរហូត? ពេលនេះយល់អារម្មណ៍ជនពិការភ្នែកហើយថាលំបាកយ៉ាងណា។ ខ្ញុំនៅតែមិនហ៊ានផ្លាស់ទី ព្រោះពេលងងឹតបែបនេះចេះតែទទួលអារម្មណ៍ថា គ្រោះថ្នាក់ស្ថិតនៅជុំវិញខ្លួន ដូច្នេះត្រូវតែនៅរង់ចាំគេត្រឡប់ពីទៅយកកូនជ្រូកវិញសិនល្អជាង។
“ទឹប...ទឹប...”
“...”
“ទឹប...”
សំលេងស្បែកជើងផ្ទាត់វាយបាតជើងដើរមកបន្លឺឡើងពីចម្ងាយ។ ខ្ញុំផ្ទៀងស្ដាប់យ៉ាងរន្ធត់។ មួយសន្ទុះ វាមកក្បែរខ្ញុំ។
“ទឹប...ទឹប...ទឹប...”
ខ្ញុំខំអត់ដង្ហើមព្រោះខ្លាច “អ្វីម្យ៉ាង” នោះវាឮសំលេងខ្ញុំ។ ដោយភាពងងឹតសូន្យសុងបានបាំងបិទកែវនេត្រា ទើបខ្ញុំមិនយល់ថាជាអ្វីដើរមកឱ្យប្រាកដទេ ទទួលអារម្មណ៍ថាព្រឺអស់ឆ្អឹងខ្នង និងរងារ។ អារម្មណ៍ព្រឺព្រួចបែបនេះគ្មានងាយនរណាទទួលយល់ឡើយ ហើយនេះក៏ជាលើកទីមួយបំផុតសម្រាប់ខ្ញុំដែរ។
“ទឹប...ទឹប...ទឹប...ទឹប...”
ម្ដងនេះបែរជាឮឆ្ងាយពីទីនេះ តែមិនប៉ុន្មាន ក៏ឮក្បែរខ្ញុំនេះទៀត ហាក់ដូចជាអ្វីម្យ៉ាងនោះដើររកនរណាម្នាក់ទើបម្ដងឮជិតម្ដងមកឆ្ងាយ។ ខ្ញុំភ័យញ័រអស់សព្វសាច់ និងបន់ស្រន់ឱ្យបុរសសង្ហារនោះត្រលប់មកវិញឆាប់ តែរង់ចាំយូរប៉ុណ្ណាក៏គាត់មិនមកវិញសោះ។ ឬមួយក៏សំលេងនេះជាសំលេងជំហ៊ានជើងគាត់ ដែលមានបំណងចង់បន្លាចខ្ញុំ? តែស្ដាប់ទៅទុកតែជាងងឹតមើលមិនឃើញក៏ខ្ញុំជាក់ប្រាកដថា សំលេងនេះមិនមែនសំលេងគាត់ឡើយ ខ្ញុំដឹង។
“ទឹប ទឹប... ទឹប...”
ម្ដងនេះកៀកពីក្រោយខ្នងខ្ញុំតែម្ដង ខ្ញុំលស់ព្រលឹងភ័យរន្ធត់ស្ទើគាំងបេះដូង។ ចុះនរណាគេមករកស្អីយប់កណ្ដាលអធ្រាតបែបនេះ?
«បាន សម្រាកទៅ ខ្ញុំដឹងថាជាលោកឯងហើយប្រុសចម្គួត...» ខ្ញុំនិយាយសាក ហើយព្យាយាមស្ដាប់សង្ឃឹមថានឹងមានការឆ្លើយតប តែបែរជាស្ងាត់ឈឹង ស្ងាត់ទាំងសំលេងស្បែកជើងដើរ ស្ងាត់អស់សូន្យសុង។ អាកាសធាតុត្រជាក់ល្ហល្ហេវ ធ្វើឱ្យខ្ញុំលង់លក់។
មិនដឹងថាខ្ញុំដេកអស់យូរប៉ុណ្ណាទេ, តែពេលបើកភ្នែកឡើង សំលេងដែលឮមុនគេបំផុត គឺមាន់រងៀវជំទាលគ្មានខ្លាចឬទ្ធិអំណាចអ្នកណា ដាស់កាយាខ្ញុំដែលកំពុងតែលង់លក់ឱ្យដឹងជាក់ថាវាជាពេលព្រឹកហើយ។ ខ្ញុំបើកភ្នែកឡើង ពន្លឺព្រះអាទិត្យរះចាំងចិញ្ចែងចញ្ចាចរួមជាមួយនឹងសំលេងអ្នកស្រុកភូមិដាស់កូនចៅពីចម្ងាយ។ ខ្ញុំភ្ញាក់ព្រើតស្ទើអស់ស្មារតីព្រោះពេលនេះ ខ្ញុំកំពុងតែនៅពីលើផ្នូរខ្មោចនរណាម្នាក់ ហើយជុំវិញជាផ្នូរខ្មោចជាច្រើនទៀត មានដើមត្នោតច្រើនដើមដុះគម្លាតគ្នាផងដែរ។ តែយ៉ាងណា, ធូរទ្រូងពេលនេះជាពេលព្រឹកទៅហើយ អារម្មណ៍ខ្លាចក៏បាត់អស់។ ខ្ញុំសម្រួលអារម្មណ៍ដោយផ្អែកខ្នងទៅនឹងដើមត្នោតមួយនៅជាប់នឹងផ្នូរនេះហើយច្រត់ដៃទៅលើស្លឹកត្នោត។ ខ្ញុំទទួលអារម្មណ៍ភ្លាមៗថាបានប៉ះនឹងវត្ថុរាវម្យ៉ាងដែលវាដក់លើស្លឹកត្នោតងាប់។ ពុទ្ធោអើយ...វាគឺជាទឹកត្នោតហៀរពីបំពង់ដែលគេចងខាងលើ ស្រក់មកក្រោមប៉ះលេស្លឹកត្នោតងាប់ទេតើ អីចឹងតើបានជាយប់ម៉ិញឮដូចជាស្បែកជើងផ្ទាត់ ហើយឮម្ដងជិតម្ដងឆ្ងាយព្រោះតែម្ដងវាឮដើមនេះ ម្ដងដើមនោះសោះ ហ៊ើយឆ្គួតមែនខ្ញុំ ^_^។ ហើយចុះ, ហេតុអីបានអាប៉ិចង្រៃនោះយកខ្ញុំមកដាក់វាលកប់ខ្មោចធ្វើអី? ប្រហែលចង់ធ្វើបាបខ្ញុំប្រាកដតែម្ដង ហ៊ើយ បើជួបចង់ជម្រះបញ្ជីឱ្យដឹងគ្នា តែពិបាកត្រង់ខ្ញុំមើលមុខគេមិនឃើញផង, ធ្វើម៉េចទើបដឹងថាមួយណាជាគេទៅ?
ខ្ញុំមកដល់ផ្ទះវិញ, ដើរចូលបន្ទប់ទទួលភ្ញៀវទាំងគ្មានកម្លាំង។ ចរណៃវាងើបទទ្រុនពីបន្ទប់វាចេញមកហើយសួរសុខទុក្ខខ្ញុំដោយការបារម្ភពីមិត្តភក្ដិពិតៗ។
«អញវាភ្លេចប្រាប់ង៉ែងទៅ, ហើយយប់ម៉ិញដេកណា?»
«ដេកនៅវាលកប់ខ្មោច មីខ្ណៃអើយ,» ខ្ញុំត្អូញទាំងខឹងតិចៗ។ «ហើយចុះនាងឯងមិនទៅរកអញ?»
«មីឡប់? ឱ្យអញទៅរកយ៉ាងម៉េចបើអញងងឹតភ្នែកដូចហងឯងដែរនឹង!» ចរណៃនិយាយមុខស្មើដូចបានដឹងថាភ្នែកខ្ញុំពីម្សិលងងឹតសូន្យសុង។
«ហើយម៉េចបាននាងឯងដឹងថាអញងងឹតភ្នែក? ហើយនាងឯងម៉េចបានងងឹតភ្នែកដែរ?» ខ្ញុំសួរផ្ទួនៗដោយអាការៈចង់ដឹង។
«កាលហងដាក់ពាក្យចូលមកធ្វើកញ្ជះផ្ទះនេះ លោកស្រីបានសុំសក់ង៉ែងមួយសសៃត្រូវទេ?»
«មែ...មែនហើយ...» ខ្ញុំស្រម៉ៃទៅថ្ងៃដែលសុំចូលមកបម្រើ ដែលកាលនោះលោកស្រីបានសុំសសៃសក់ និងក្រចកដៃ ហើយខ្ញុំក៏មិនចាប់ភ្លឹកថាគាត់ត្រូវការយកធ្វើអីដែរ។ «ហើយចុះយកក្រចកដៃធ្វើអី?»
«គឺគាត់យកធ្វើអំពើ,» ចរណៃនិយាយយ៉ាងប្រាកដ។...
(សូមរង់ចាំអានភាគ៥នៅរាត្រីថ្ងៃព្រហស្បត្តិ៍ម៉ោង៨)
ផ្ទះម្ចាស់យាយ (ភាគ៤)
Reviewed by Unknown
on
6:07 PM
Rating: