យប់មួយ, ខ្ញុំនៅផ្ទះជាមួយបងប្រុសខ្ញុំ ហើយជួបនូវហេតុការណ៍ដ៏រន្ធត់
ខ្ញុំមានបងប្រុសម្នាក់ឈ្មោះសី, ដែលមានអាយុច្រើនជាងខ្ញុំ៤ឆ្នាំ។ យើងរស់នៅជាមួយប៉ាម៉ាក់យើងក្នុងផ្ទះល្វែងមួយកណ្ដាលទីក្រុង។ វាមិនសូវធំទូលាយនោះទេ, ដូច្នេះបងប្រុសខ្ញុំ និងខ្ញុំត្រូវនៅបន្ទប់ជាមួយគ្នា។ យើងមានគ្រែពីរជាន់។ ខ្ញុំដេកនៅគ្រែជាន់ក្រោម ហើយបងខ្ញុំដេកគ្រែជាន់លើ។
យប់មួយ, ប៉ាម៉ាក់ខ្ញុំបានទៅលេងបងប្អូនគាត់នៅឯជនបទ។ ខ្ញុំដើរលេងខាងក្រៅរហូតដល់យប់ជ្រៅជាមួយមិត្តភក្ដិរបស់ខ្ញុំ។ ពេលខ្ញុំមកដល់ផ្ទះ, វាយប់រំលងអធ្រាតទៅហើយ។ ខ្ញុំមិនចង់ឱ្យបងប្រុសខ្ញុំភ្ញាក់ទេ, ដូច្នេះខ្ញុំក៏មិនបានចុចបើកភ្លើងឡើយ។ ខ្ញុំក៏ផ្លាស់សម្លៀកបំពាក់នៅបន្ទប់ ហើយក៏ដើរចូលបន្ទប់ដេក។
ខណៈដែលខ្ញុំដើរទៅគ្រែ, ខ្ញុំឮបងប្រុសខ្ញុំគ្រហឹម ហើយសុំទឹកផឹក។ ខ្ញុំដើរទៅផ្ទះបាយ, ចាក់ទឹកមួយកែវ។ ពេលខ្ញុំត្រឡប់មកបន្ទប់ដេកយើងវិញ, ខ្ញុំអង្គុយនៅលើពូកនៃគ្រែក្រោម, ក្រេបទឹកបន្តិចហើយហុចវាឱ្យបងប្រុសខ្ញុំដែលដេកគ្រែលើ។ គាត់យកវាពីដៃខ្ញុំ។ «រាត្រីសួស្ដី,» ខ្ញុំនិយាយហើយឡើងគ្រែ។ ខ្ញុំក៏ដេកលក់មួយរំពេច។
ក្រោយមក, ខ្ញុំភ្ញាក់ដោយសំឡេងគោះទ្វារ។ ខ្ញុំបើកភ្នែកយ៉ាងពិបាក។ វានៅងងឹតនៅឡើយ។ ខ្ញុំមើលទៅនាឡិការ។ វាទើបតែម៉ោង៦ព្រឹក៚ តើអ្នកណាមករកអីព្រឹកព្រលឹមម៉្លេះ, ខ្ញុំគិត។ ខ្ញុំស្ងាប, ហើយងើបចេញពីគ្រែ ហើយដើរទៅបើកទ្វារ។ គឺបងប្រុសខ្ញុំឈរនៅទីនេះ។
«ទើបមកពីណា?» ខ្ញុំសួរ។
«បងទៅដេកផ្ទះសង្សារបង យប់ម៉ិញ,» គាត់តប។
រំពេជនោះ ខ្ញុំក៏យល់ន័យសម្ដីគាត់។ «បងឯងអត់ម៉ោផ្ទះទេមែនទេ កាលពីយប់ម៉ិញ?» ខ្ញុំសួរ។
«អត់បានម៉ោទេ,» គាត់តប។
ជាមួយនឹងបេះដូងលោតឌុកដាក់ៗ, ខ្ញុំដើរចូលទៅបន្ទប់ដេក ហើយបើកភ្លើង។ នៅគ្រែលើគឺទទេ ហើយនៅក្បែរខ្នើយ, មានកែវទទេមួយ៕
យប់មួយ, ខ្ញុំនៅផ្ទះជាមួយបងប្រុសខ្ញុំ ហើយជួបនូវហេតុការណ៍ដ៏រន្ធត់
Reviewed by Unknown
on
6:52 PM
Rating: